ទឹក​ក្រោម​ដី

ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើធនធានទឹកក្រោមដីរបស់ខ្លួន ដើម្បីទប់ទល់នឹងបញ្ហាខ្វះខាតទឹកក្នុងអំឡុងរដូវប្រាំង។ ប្រជាជនច្រើនជាងពាក់កណ្តាល អាស្រ័យលើទឹកក្រោមដី នៅពេលដែលទឹកលើដីមិនមានគ្រប់គ្រាន់។ នៅជម្រៅជាក់លាក់មួយ ដីត្រូវបានឆ្អែតដោយទឹក ហើយផ្ទៃខាងលើនៃតំបន់ឆ្អែតទឹកត្រូវបានហៅថា នីវ៉ូទឹកក្រោមដី។ ស្រទាប់ទឹកក្រោមដី គឺជាទឹកដែលស្ថិតក្រោមនីវ៉ូទឹកក្រោមដី។ ទឹកត្រូវបានផ្ទុកនៅរន្ធតូចៗ ចន្លោះថ្ម និងល្បាប់ហ្មត់ ហើយវាអាចហូរ អាស្រ័យនឹងទំហំនៃចន្លោះថ្ម។ ទឹកក្រោមដី សំដៅទៅលើទឹកទាំងឡាយណាដែលស្ថិតនៅក្រោមនីវ៉ូទឹកក្រោមដី ឬជាទឹកទាំងស្រុងនៃស្រទាប់ទឹកក្រោម។1

សាលារៀនក្នុងភូមិនៅប្រទេសកម្ពុជា។ រូបថត ដោយ Bryon Lippincott, ថតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0

បច្ចុប្បន្ននេះ នៅកម្ពុជា ព័ត៌មានអំពីទឹកក្រោមដីហាក់ដូចជាមិនមានច្រើននោះទេ។ គម្រោងស្រាវជ្រាវធំៗចំនួនពីរ ទើបត្រូវបានធ្វើឡើងក្នុងរយៈពេល ២០ឆ្នាំនេះ ទោះបីជាវាមិនធ្លាប់មានផែនការជាតិ ឬការស្រាវជ្រាវរួមគ្នាពីមុនមកក៏ដោយ។ ការប្រមូលទិន្នន័យចុងក្រោយបង្អស់ត្រូវបានដឹកនាំធ្វើឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅក្នុងឆ្នាំ ២០០២ និងដោយសហគ្រិនអភិវឌ្ឍន៍អន្តរជាតិ នៅឆ្នាំ ២០០៨។2 លទ្ធផល គឺហាក់មានភាពខុសគ្នាយ៉ាងខ្លាំងពីការសិក្សាមួយទៅការសិក្សាមួយ ព្រោះថាការស្រាវជ្រាវ គឺភាគច្រើនផ្អែកលើឧបករណ៍ម៉ូដែល។ ការសិក្សានៅនឹងទីកន្លែង គឺមិនអាចទៅរួចនោះទេ នៅពេលឈានមកដល់ប្រធានបទទឹកក្រោមដី។

និរន្តភាពនៃប្រភពទឹកក្រោមដី គឺជាការព្រួយបារម្ភដ៏ចម្បងសម្រាប់ការស្រាវជ្រាវនាពេលអនាគត ជាពិសេស ដោយសារតែអណ្តូងថ្មីៗត្រូវបានសាងសង់ជារៀងរាល់ឆ្នាំ នៅខណៈពេលដែលទឹកកំពុងត្រូវបានបូមពីក្នុងដីកាន់តែជ្រៅទៅៗ។ ការកកើតឡើងវិញ អាស្រ័យលើកត្តាជាច្រើន ដែលរួមមាន អត្រាភ្លៀងធ្លាក់ ជំរាលដី ភាពស្ពោតរបស់ដី អាកាសធាតុ រំហួតបរិយាកាស និងការលូតលាស់នៃរុក្ខជាតិ នៅក្នុងចំណោមកត្តាផ្សេងៗទៀត។ វាមានភាពខុសគ្នាខ្លាំងនៅទូទាំងប្រទេសកម្ពុជា ជាពិសេសដោយសារតែល្បាយនៃទឹកភ្លៀងធ្លាក់មិនឯកសណ្ឋាន ហើយប្រែប្រួលពី កម្រិត ១,០០០ មីលីម៉ែត្រក្នុងមួយឆ្នាំ រហូតដល់ ៣,០០០ មីលីម៉ែត្រក្នុងមួយឆ្នាំ អាស្រ័យតាមតំបន់។3 វាមានការប្រែប្រួលយ៉ាងរហ័សក្នុងការរុករកក្រោមដីដែលវាកំពុងគំរាមកំហែងដល់និរន្តភាពប្រភព។ ជារួម អត្រាដែលកកើតឡើងវិញ គឺមានសភាពយឺត។4

ការទាញយកទឹកក្រោមដីនៅកម្ពុជា

ទឹកក្រោមដី គឺភាគច្រើនត្រូវបានប្រើប្រាស់នៅតាមទីជនបទនៃប្រទេសកម្ពុជា។ ទឹកក្រោមដីជាទូទៅត្រូវបានបំពុលតិចតួចជាងទឹកលើផ្ទៃដី ហើយវាផ្តល់នូវធនធានដ៏មានសារៈសំខាន់នៅពេលដែលទឹកលើផ្ទៃដីជួបការខ្វះខាត។ នៅកម្ពុជា វាត្រូវបានសម្គាល់ថា ទឹកលើផ្ទៃដីដែលមិនបានធ្វើប្រព្រឹត្តិកម្មសម្អាតភាគច្រើន គឺងាយនឹងរងការបំពុលខ្ពស់។5 ច្រើនជាងពាក់កណ្តាលនៃទឹកផឹកសរុបបានមកពីទឹកក្រោមដីក្នុងអំឡុងពេលនៃរដូវប្រាំង។6

វិធីពីរយ៉ាងត្រូវបានយកមកប្រើសម្រាប់ទាញយកទឹកក្រោមដី៖ អណ្តូងជីក (ជម្រៅ ៣-១៥ ម៉ែត្រ) និងអណ្តូងស្នប់ (ជម្រៅ ១៥-១០០ ម៉ែត្រ)។ អណ្តូងស្នប់ភាគច្រើនត្រូវបានប្រើប្រាស់នៅក្នុងខេត្តព្រៃវែង និងស្វាយរៀង (ភាគអាគ្នេយ៍នៃប្រទេសកម្ពុជា)។ អណ្តូងជីកជាធម្មតាត្រូវបានរកឃើញនៅក្នុងខេត្តកំពង់ធំ ក៏ដូចជាក្នុងភាគកណ្តាល និងភាគនិរតីនៃប្រទេសកម្ពុជា។7 ហេដ្ឋារចនាសម្ព័ន្ធអណ្តូងទឹកអាស្រ័យលើជម្រៅដែលទឹកអាចនឹងត្រូវបានរកឃើញនៅក្រោមដី។

តម្លៃនៅតែថ្លៃសម្រាប់សហគមន៍។ ខណៈដែលអណ្តូងដែលមានជម្រៅ ៣០ ម៉ែត្រអាចនឹងត្រូវចំនាយថវិកា ៥០០ ដុល្លារដើម្បីជីក អណ្តូងជម្រៅ ១០០ ម៉ែត្រអាចនឹងត្រូវចំនាយថវិកា ៧,០០០ដុល្លារ ឬច្រើនជាងនេះ។ បច្ចុប្បន្ននេះ អណ្តូងស្នប់នៅក្នុងប្រទេសកម្ពុជា មានប្រមាណ ២៧០,០០០ អណ្តូង ដែលភាគច្រើននៃអណ្តូងទាំងនោះត្រូវបានដំណើរការបូមដោយប្រើដៃសប់។8 សព្វថ្ងៃនេះ ទឹកក្រោមដី គឺភាគច្រើនត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាលក្ខណៈគ្រួសារ ការរស់នៅប្រចាំថ្ងៃ ការស្រោចស្រពដំណាំ និងឧស្សាហកម្មធុនស្រាល។

កសិករជាច្រើនកំពុងស្វែងរកការគ្រប់គ្រងដោយផ្ទាល់ទៅលើការប្រើប្រាស់ទឹក។9 ទឹកក្រោមដីត្រូវបានប្រើប្រាស់ជាចម្បងដើម្បីផ្តល់ជាការស្រោចស្រពដោយផ្នែកនៅអំឡុងពេលដែលរដូវប្រាំងមានរយៈពេលយូរ ហើយសម្រាប់ការស្រោចស្រពរួមផ្សំសម្រាប់ដំណាំស្រូវនារដូវវស្សា។10 នៅផ្នែកខ្លះនៃប្រទេសដែលនៅឆ្ងាយពីប្រភពទឹក និងប្រព័ន្ធធារាសាស្ត្រ ប្រជាជនពឹងផ្អែកយ៉ាងខ្លាំងលើទឹកក្រោមដីសម្រាប់ស្រោចស្រពផ្ទៃដីដាំដុះរបស់ពួកគេ។

ក្រៅពីការប្រើប្រាស់ទឹកក្រោមដីសម្រាប់ការប្រើប្រាស់តាមផ្ទះ និងការដាំដុះ ទឹកក្រោមដី កាន់តែច្រើនឡើង ត្រូវបានយកមកប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម។ ជាមួយនឹងតម្រូវការប្រើប្រាស់ដ៏ខ្ពស់នៃទឹកក្រោមដីសម្រាប់កសិឧស្សាហកម្ម និរន្តភាពនៃធនធាននេះអាចនឹងត្រូវបានគំរាមកំហែង ដោយសារតែការទាញយកហួសកម្រិត។11

បញ្ហាជាច្រើនចោទមាននៅជុំវិញការថយចុះនៃទឹកក្រោមដី ការធ្លាក់ចុះនៃគុណភាពទឹក និងការចំណាយខ្ពស់សម្រាប់ទឹកស្រោចស្រពដំណាំ។

ការគំរាមកំហែង និងការប្រឈម

ដោយយោងតាមបណ្តាញគ្រប់គ្រងទឹកក្រោមដីសកល សេចក្តីសម្រេចចិត្តលើការគ្រប់គ្រងទឹក ពឹងផ្អែកខ្លាំងលើទិន្នន័យដែលអាចរកបាន និងគុណភាពនៃពិនិត្យតាមដានទិន្នន័យ។12 ការសិក្សាមួយរបស់សាកលវិទ្យាល័យ Stanford13 ចេញផ្សាយនៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៦ បានរកឃើញថា ការប្រើប្រាស់ទឹកក្រោមដីនៅក្នុងប្រទេសកម្ពុជា គឺកំពុងកើនឡើង ១០ភាគរយជារៀងរាល់ឆ្នាំ។ ការសិក្សានេះ បានរកឃើញថា កំណើននៃការពឹងផ្អែកលើទឹកក្រោមដីអាចនឹងធ្វើឱ្យនីវ៉ូទឹកក្រោមដីធ្លាក់ចុះក្រោមកម្រិតដែលម៉ាស៊ីនប៉ូមទឹកធម្មតាអាចបូមបាន នៅក្នុងរយៈពេល ១៥ ឆ្នាំខាងមុខ។

អង្គការស្បៀង និងកសិកម្មពិភពលោក នៃអង្គការសហប្រជាជាតិ ហៅកាត់ (FAO) ប៉ាន់ប្រមាណថា ការកកើតឡើងវិញនៃស្រទាប់ទឹកក្រោមដីជាមធ្យមអាចកើនបាន ១៧.៦ គីឡូម៉ែត្រគូបក្នុងមួយឆ្នាំ ដែលស្មើនឹង៥ភាគរយ នៃទឹកភ្លៀងធ្លាក់ប្រចាំឆ្នាំរបស់ប្រទេសនេះ។ ការធ្លាក់ចុះនៃកម្រិតទឹកក្រោមដីទើបតែត្រូវបានរាយការណ៍នាពេលថ្មីៗនេះ ហើយនិរន្តភាពនៃធនធាននេះគឺស្ថិតក្នុងភាពមិនច្បាស់លាស់។

ទោះបីជាមានការព្រួយបារម្ភច្រើនអំពីនិរន្តភាពនៃការប្រើប្រាស់ក៏ដោយ ក៏ព័ត៌មានជាសកលទាក់ទឹងនឹងធនធានទឹកក្រោមដី នៅតែខ្វះខាតនៅឡើយ។ នៅក្នុងឆ្នាំ ២០០៤ តាមការសិក្សាមួយរបស់ FAO ដែលបានកត់ត្រាថា បរិមាណនៃធនធានទឹកក្រោមដីមាន ១៧.៦ ពាន់លានម៉ែត្រគូប។ ចាប់តាំងពីពេលនោះមក ការសិក្សាស្រាវជ្រាវភាគច្រើននៃទឹកក្រោមដីនៅកម្ពុជាត្រូវបានដំណើរការដោយផ្អែកលើទិន្នន័យអណ្តូងរបស់ប្រទេសកម្ពុជា។

WSP Program. “Wells with undrinkable water”

WSP Program. “អណ្តូងទឹកដែលមិនអាចផឹកបាន ដោយសារតែការបំពុលនៃជាតិអាសេនិច”

គុណភាពទឹក គឺស្ថិតនៅក្នុងហានិភ័យ ដោយសារការពង្រីកតំបន់ឧស្សាហកម្ម និងការបញ្ចេញនូវកាកសំណល់ឧស្សាហកម្មដែលមិនបានធ្វើប្រព្រឹត្តកម្ម ចេះតែកើនឡើង។ កម្រិតខ្ពស់នៃជាតិដែកត្រូវបានរកឃើញនៅក្នុងអណ្តូងស្នប់ ប្រមាណ ជា១០ភាគរយ ជាពិសេសនៅខេត្តកណ្តាល។ ដានស្នាមនៃអាសេនិច និងម៉ង់ហ្គាណែស ក៏ត្រូវបានរាយការណ៍ផងដែរ។14 ការកើនឡើងនៃកំហាប់អំបិល ក៏ត្រូវបានរកឃើញនៅក្នុងខេត្តដែលមានការជ្រាបចូលនៃទឹកសមុទ្រផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតស្តង់ដាទឹកផឹកកម្ពុជា (CDWS) ក្នុងគោលដៅដើម្បីពង្រឹងគុណភាពទឹក។15 យ៉ាងណាមិញ ទិន្នន័យបច្ចុប្បន្នបង្ហាញពីវត្តមាននៃធាតុដែលអាចបង្ករគ្រោះថ្នាក់ នៅក្នុងសំណាកវិភាគ។ ការបំពុលទឹក នៅតែជាបញ្ហានៅកម្ពុជា។ ការសិក្សាថ្មីមួយក៏បានបង្ហាញពីគ្រោះថ្នាក់នៃស្រូវដែលត្រូវបានបំពុលដោយទឹកដែលមានផ្ទុកសារធាតុអាសេនិច។16

ការឆ្លើយតបខាងគោលនយោបាយ និងទស្សនៈនាពេលអនាគត

ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកឆ្នាំ ២០០៧ មានពីរមាត្រា17ប្បញ្ញត្តិអំពីទឹកក្រោមដី។ វាគឺជាការចាំបាច់ណាស់ ក្នុងការរាយការណ៍ទៅកាន់ក្រសួងធនធានទឹក និងឧតុនិយម នៅពេលដែលទឹកក្រោមដីត្រូវបានរកឃើញនៅក្នុងសកម្មភាពរុករករ៉ែ ខួង ឬក្នុងសកម្មភាពផ្សេងទៀត។ ការទាញយកទឹកក្រោមដីលើពីបរិមាណជាក់លាក់មួយ  គឺចាំបាច់ត្រូវស្នើសុំអាជ្ញាប័ណ្ណ។

ការស៊ើបអង្កេតទៅក្នុងការអភិវឌ្ឍយុទ្ធសាស្ត្រទាក់ទងនឹងជាតិអាសេនិច ត្រូវបានដឹកនាំដោយក្រសួងអភិវឌ្ឍន៍ជនបទ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីបង្ការបញ្ហាសុខភាពនានាពីការប្រើប្រាស់ទឹកដែលបានបំពុលដោយជាតិអាសេនិច។ ការធ្វើផែនទីលើគុណភាពទឹកក្រោមដី គឺកំពុងស្ថិតក្នុងដំណើរការ ស្របទៅតាមស្តង់ដាតម្រូវដោយអង្គការសុខភាពពិភពលោក18 តាមរយៈកម្មវិធីរួមគ្នាមួយក្នុងចំណោមដៃគូពាក់ព័ន្ធសំខាន់ៗ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងធនាគារពិភពលោក។ យោងទៅតាមក្រសួងធនធានទឹក និងឧតុនិយម ការសិក្សាទឹកក្រោមដីមួយ គឺកំពុងតែដំណើរការទៅមុខ ហើយខេត្តចំនួន ៧ ក្នុងចំណោមខេត្តទាំង ២៤ ត្រូវបានធ្វើការសិក្សា។19

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៦

ទាក់ទងនឹង ទឹកក្រោមដី

ឯកសារយោង

  1. 1. USGS, វិទ្យាសាស្ត្រអំពីទឹកសម្រាប់សាលា, ស្រទាប់ទឹកក្រោមដី. ចូលអានថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦។ http://water.usgs.gov/edu/earthgwaquifer.html
  2. 2. ការចងក្រងបឋមនិងពិនិត្យឡើងវិញនៃព័ត៌មានបច្ចុប្បន្ននៅលើការតាមដាន និងធនធានទឹកក្រោមដីនៅតំបន់អាងទន្លេមេគង្គក្រោម. July 2011. ទីភ្នាក់ងារផ្នែកវិទ្យាសាស្រ្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក U.S. Geological Survey.
  3. 3. គណៈកម្មការទន្លេមេគង្គ. (២០១១). “កម្មវិធីគ្រប់គ្រង និងកាត់បន្ថយគ្រោះទឹកជំនន់”. របាយការណ៍ប្រចាំឆ្នាំស្តីពីគ្រោះទឹកជំនន់ទន្លេមេគង្គ។ ចូលអានថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០១៦។ http://www.mrcmekong.org/mekong-basin/climate/
  4. 4. សុខ ចំរើន, ឈួប សុគន្ធារ៉ា. បញ្ហាទឹកក្រោមដី និងការស្ទាបស្ទង់ជលធរណីវិទ្យានៃអាងទន្លេមេគង្គនៅកម្ពុជា. អង្គការ IUCN.
  5. 5. Ben Paviour. ២០១៦. ‘ការសិក្សានិយាយថា ទឹកផឹក្នុងខេត្តកណ្តាលត្រូវបានបំពុលដោយសារធាតុលាមក’. កាសែតឌឹខេមបូឌាដេលី, ចុះថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ២០១៦។ https://www.cambodiadaily.com/news/kandal-drinking-water-contaminated-with-fecal-matter-study-115337/
  6. 6. វិទ្យាស្ថានជាតិស្ថិតិ, 2008.
  7. 7. អង្គការ RDI ប្រចាំនៅកម្ពុជា. កម្មវិធីឃ្លាំមើលគុណភាពទឹកក្រោមដី។
  8. 8. R. Johnston, M. Roberts, T. Try, S. Silva. មិថុនា ២០១៣. ‘ការប្រើប្រាស់ទឹកក្រោមដីសម្រាប់ការស្រោចស្រពនៅកម្ពុជា’. http://www.iwmi.cgiar.org/Publications/issue_briefs/cambodia/issue_brief_03-groundwater_for_irrigation_in_cambodia.pdf
  9. 9. ដូចឯកសារយោងខាងដើម។
  10. 10. ដូចឯកសារយោងខាងដើម។
  11. 11. ដូចឯកសារយោងខាងដើម។
  12. 12. បណ្តាញសកលគ្រប់គ្រងទឹកក្រោមដី, ខិតបណ្ណផ្សព្វផ្សាយ ២០១៦។
  13. 13. Laura E Erban និង Steven M Gorelick, ២០១៦. ‘ការបាត់បង់ការប្រព័ន្ធធារាសាស្ដ្រនាំឱ្យមានឱនភាពដល់កម្ពុជា: ផលប៉ះពាល់សម្រាប់ផលប៉ះពាល់ឆ្លងព្រំដែននៅលើទឹកក្រោមដី និងលំហូរទន្លេមេគង្គ’. ទិនានុប្បវត្តិអំពីជលវិទ្យា, ខែមេសា ឆ្នាំ ២០១៦។
  14. 14. ដូចឯកសារយោងខាងដើម។
  15. 15. ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល. មករា ២០០៤. “ស្តង់ដាគុណភាពទឹកផឹក”។ http://rdic.org/wp-content/uploads/2014/12/MIME-Drinking-Water-Quality-Standards-2004-en.pdf
  16. 16. Gillian Mohney. ២០១៦. ‘ការសិក្សារកឃើញថា កុមារបរិភោគបាយកាន់តែច្រើន កម្រិតជាតិអាសេនិចក្នុងខ្លួនពួកគេកាន់តែខ្ពស់’. ព័ត៌មាន ABC, ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០១៦។ http://abcnews.go.com/Health/rice-infants-eat-higher-arsenic-levels-study-finds/story?id=38658414
  17. 17. ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក, មាត្រាទី ២០ និង ២១។
  18. 18. ដៃគូអភិវឌ្ឍន៍បរិស្ថានទឹកអាស៊ី. ប្រទេសដែលមានបញ្ហាបរិស្ថានទឹក. “ធនធានទឹកក្រោមដី”។ http://www.wepa-db.net/policies/state/cambodia/groundwater.htm
  19. 19. K. Ha, N. Nguyen Thi Minh, E. Lee, R. Jayakumar. ២០១៥. ‘ស្ថានភាពបច្ចុប្បន្ន និងបញ្ហាទឹកក្រោមដីនៅទន្លេមេគង្គ’, វិទ្យាស្ថានវិទ្យាសាស្ត្រដី និងធនធានរ៉ែកូរ៉េ, CCOP, UNESCO។ http://unesdoc.unesco.org/images/0024/002436/243616E.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rsXsN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!