ផលិតកម្មថាមពលកើតឡើងវិញ

Solar panel power. Photo by Karl Baron, taken on 11 May 2013. Licensed under Creative Commons Attribution 2.0 Generic.

បន្ទះសូឡាតាមផ្ទះ។ រូបភាព ថតដោយ Karl Baron, ១១ ឧសភា ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

ថាមពល​កកើត​ឡើង​វិញ​ គឺជា​ថាមពល​ដែល​ទាញ​មក​ពី​ប្រភព​នានា​ដែល​អាច​ជំនួស​បាន​ ដូច​ជា​​ដើម​ឈើ​​ និង​ផ្នែក​នានា​នៃ​ដើម​រុក្ខជាតិ​ ព្រះអាទិត្យ​ ឬ​ខ្យល់​។​ វា​មិន​រាប់​ប​ញ្ជូ​ល​ប្រេងឥន្ធនៈ​នោះ​ទេ​។​

​ជីវៈឧស្ម័ន​

រោងចក្រជីវៈឧស្ម័ននឹង​ត្រូវ​បានតំឡើង​នៅទូទាំង​ប្រទេស​កម្ពុជា​ដើម្បី​ផ្តល់​ថាមពលអគ្គីសនី​ដល់​តំបន់​ជន​បទ​ យោង​​តាម​សេច​ក្តី​រាយការណ៍ របស់​សារព័ត៌​មានភ្នំពេញប៉ុស្តិ៍។ គម្រោង​ដែលមានរយៈពេល ១៥ ឆ្នាំនេះ​ ត្រូវ​​បាន​ដឹកនាំ​ដោយ ​អង្គការ​អភិវឌ្ឍឧស្សាហកម្មសហប្រជាជាតិ និង​ទទួលបាន​មូលនិធិពី​មូល​និធិ​បរិស្ថាន​ពិភពលោក។ គម្រោង​នេះ ​នឹង​ផលិត​ថាមពល​អគ្គីសនីបាន​ប្រមាណ ១.៥ មេហ្កាវ៉ាត់​ក្នុង​​ដំណាក់កាល​ដំបូង។1

ជីវៈឥន្ធនៈ

ប្រទេសកម្ពុជា​ ផលិតអង្កាម​បាន​ប្រមាណ ​១.៦ លានតោន​ក្នុងមួយឆ្នាំ ហើយ​អង្កាម​​​​ ២៥ ភាគរយ ត្រូវ​បាន​ប្រើប្រាស់​ជា​ជីវៈម៉ាសឥន្ធនៈ។2 អង្កាមប្រមាណ ១ លាន​តោន ត្រូវ​បាន​​ប៉ាន់ប្រមាណថា  អាច​ផលិត​ថាមពល​​បាន ៦០ មេហ្កាវ៉ាត់។3 ក្រៅពីនេះ កម្ពុជា​មាន​សក្តានុពល​ក្នុងការ​ប្រើប្រាស់​ដើមកៅស៊ូ​ចាស់ៗ ​ប្រមាណ​ ២៥,០០០​ តោន​ សម្រាប់​ជា​ឈើឥន្ធនៈក្នុងមួយ​ឆ្នាំ ទៀត​ផង។4

កាល​ពី​ខែ​ កញ្ញា​ ឆ្នាំ ២០១៤ ក្រុមហ៊ុនម៉ាឡេស៊ី​ឈ្មោះ PMTI Energy (Cambodia) បាន​ចុះហត្ថ​លេខា​​រួម​លើ​កិច្ច​ព្រមព្រៀង​រយៈពេល ១០ ឆ្នាំស្តីពី​ការផ្គត់ផ្គង់​ថាមពល​ប្រមាណ ៤៨,០០០ មេហ្កាវ៉ាត់​ ដែលផលិតចេញ​ពីអង្កាម​ដល់ ​អគ្គីសនី​កម្ពុជា ក្នុង​តម្លៃ​ ០.០៩ ដុល្លាអាមេរិកក្នុងមួយគីឡូវ៉ាត់។5 កម្ពុជា​មាន​សក្តានុពល​ក្នុងការផលិត​ជីវៈឥន្ធនៈ​ពី​ ល្ហុងខ្វង​ប្រមាណ ១,០០០ ហិចតា​ ដូងប្រេង​ប្រមាណ ៤,០០០-១០,០០០ ហិចតា និង​អំពៅប្រមាណ​​ ២០,០០០ ហិចតា។6

ជីវៈម៉ាស

យោង​តាម​ របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អាជ្ញាធរ​អគ្គីសនី​កម្ពុជា ស្តីពី​វិស័យ​ថាមពល​ឆ្នាំ២០១៤ ក្រុម​ហ៊ុន Angkor Bio Cogen Co. Ltd. ក្រុមហ៊ុន Phnom Penh Sugar Co. Ltd. ក្រុមហ៊ុន IED Invest (Cambodia) និងក្រុមហ៊ុន Cam Chilbo Electric Power Co. Ltd. បាន​ប្រើប្រាស់​អុស និង​ផលិតផល ឬកាកសំណល់​កសិកម្ម​ ជា​ថាមពល​សម្រាប់​ផលិត​អគ្គីសនី​ក្នុងប្រទេសកម្ពុជា។7 គិត​ត្រឹម​ឆ្នាំ២០១៤នេះ ការផ្គត់ផ្គង់ថាមពលអគ្គីសនី​ដោយ​ជីវៈម៉ាស​ មានកំណើន​គួរ​ឱ្យ​កត់​សម្គាល់​ ដោយសារ​តែ​ការ​សាងសង់​រោងចក្រជីវៈម៉ាស​បន្ថែម មាន​ការ​កើ​នឡើង​។ ចាប់​ពី​ឆ្នាំ២០១៣ ដល់​ ឆ្នាំ២០១៤ ថាមពល​អគ្គីសនី​ដែល​ផលិតចេញ​ពីជីវៈម៉ាស បាន​កើនឡើង​ពី ៦.៦៨ លានគីឡូវ៉ាត់ម៉ោង ទៅដល់ ១៦.៧៩ លានគីឡូវ៉ាត់ម៉ោង​។8 

រោងចក្រ​កិន​អំពៅ​របស់​ចិន​ដែល​មាន​តម្លៃ​ ៣៦០​ លាន​ដុល្លារ​ ដែល​បាន​ដំណើរការ​នៅ​ក្នុង​ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​ ក្នុង​ខេត្តព្រះវិហារ​ បាន​បន្ថែម​ការ​ផលិត​ស្ករ​របស់​ខ្លួន​ ដែល​សមត្ថភាព​ផលិត​អេតាណុល​បាន​ ៥០,០០០​ លី​ត្រ​ក្នុង​មួយ​ឆ្នាំ​ និង​ថាមពល​អគ្គិសនី​ដែល​លើស​បាន​ ៩​ ម៉េ​ហ្គា​វ៉ា​ត់​ផង​ដែរ​។9​ 

កំដៅក្នុង​ដី​

មិនទាន់មានការប៉ាន់ប្រមាណ​ពីថាមពល​នេះ​នៅកម្ពុជាឡើយ។ ប្រទេស​កម្ពុជា​មាន​តំបន់​តូច​មួយ​ដែល​មាន​សកម្មភាព​ថាមពល​កម្តៅ​ដី​នៅ​លើ​ផ្ទៃដី​ដែល​អាច​មើល​ឃើញនឹងភ្នែក​បាន​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ​។​

ថាមពល​ព្រះអាទិត្យ​

ថាមពល​ព្រះអាទិត្យ​ ឬសូឡា កំពុងត្រូវបាន​​ប្រើប្រាស់​កាន់តែ​ច្រើន​ នៅតាម​តំបន់ជនបទក្នុងប្រទេសកម្ពុជា។ ប្រព័ន្ធ​ថាមពល​​ព្រះអាទិត្យ ឬសូឡាតាម​ផ្ទះ ​ចំនួន ១២,០០០ បន្ទះ ត្រូវ​បាន​បំពាក់​ក្នុង​តំបន់ជនបទ​ចាប់តាំង​ពីឆ្នាំ​ ២០១២ មកម៉្លេះ តាម​រយៈមូលនិធិ​អគ្គីសនី​ភាវូបនីយកម្មជនបទ ដោយទទួលបាន​ជំនួយពីអង្គការ​មិនមែនរដ្ឋាភិបាល។10

យោងតាម​ក្រសួង​ពាណិជ្ជកម្ម ក្រុមហ៊ុន Willowbrook ដែល​ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ថាមពល​កើត​ឡើង​វិញមានមូលដ្ឋាននៅក្រុង​ញូវយ៉ក កំពុង​ស្វែង​រក​ការគាំទ្រ​ពីកម្ពុជា ដើម្បី​សាងសង់​រោងចក្រ​ថាមពលព្រះអាទិត្យ​មាន​កម្លាំង​ ២៥០ មេហ្កាវ៉ាត់ ​ដែល​អាច​ផលិត​ថាមពលអគ្គីសនី​បានដល់ ៣៩៤ លានគីឡូវ៉ាត់ម៉ោង​ ក្នុងមួយឆ្នាំ។11

បញ្ហា​ប្រឈម​មួយ​សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន​ដែល​ដំឡើង​បន្ទះ​សូ​ឡា​សម្រាប់​តម្រូវការ​ថាមពល​ផ្ទាល់ខ្លួន​របស់​ពួក​គេ​នោះ​ គឺ​មិន​មាន​តារាង​តម្លៃ​លក់​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​នាំ​ចេញ​ថាមពល​អគ្គិសនី​ដែល​ផលិត​លើស​នោះ​ទៅ​កាន់​បណ្តាញ​ជាតិ​នោះ​ទេ​។​ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​នៅ​ក្នុង​ខេត្តសៀមរាប​ ដែល​បាន​ដំឡើង​ប្រព័ន្ធ​ថាមពល​សូ​ឡា​ចំនួន​ ២៨០​ បន្ទះ​នៅ​រោងចក្រ​របស់​ខ្លួន​ មិន​អាច​ទទួល​បាន​តម្លៃ​ពេញ​ត្រលប់​ពី​ការ​វិនិយោគ​របស់​ពួក​គេ​ទៅ​លើ​ថាមពលព្រះអាទិត្យ​នោះ​ទេ​ ដោយសារ​តែ​រោងចក្រ​នេះ​មិន​អាច​លក់​ថាមពល​អគ្គិសនី​ដែល​បាន​ផលិត​នៅ​ពេល​ដែល​រោច​ក្រ​មិន​ដំណើរការ​។​12

ថាមពល​ទឹកជោរ

មិនទាន់​មានការ​ប៉ាន់ប្រមាណពី​ថាមពល​ទឹកជោរនៅកម្ពុជាឡើយ។

ថាមពល​ខ្យល់

សៀវភៅផែនទី​ (Atlas) ក្នុង​តំបន់អាស៊ីអាគ្នេយ៍​ បាន​ប៉ាន់ប្រមាណ​ពីសក្តានុពល​ថាមពល​ខ្យល់​សរុប​នៅ​កម្ពុជាថាមាន​ប្រមាណ ១,៣៨០ មេហ្កាវ៉ាត់។ គម្រោ​ងថាមពលខ្យល់​ ៧០០ គីឡូវ៉ាត់​ កំពុងត្រូវ​បានអនុវត្ត​​ក្នុង​ខេត្ត​ព្រៃវែង ដើម្បី​ធ្វើការបូមទឹក។13

បានធ្វើបច្ចុប្បន្នភាព៖ ២៧ កុម្ភៈ ២០១៧

ទាក់ទងនឹងផលិតកម្មថាមពលកើតឡើងវិញ

ឯកសារយោង

  • 1. Baliga, Ananth និង សុធារី ប៉ិច. “ជីវៈឧស្ម័ន​សម្រាប់ផ្តល់​ថាមពល​ដល់​តំបន់ជនបទ.” កាសែតភ្នំពេញប៉ុស្តិ៍. ៧ កក្កដា ២០១៥, ផ្នែក​សេដ្ឋកិច្ច. ដកស្រង់​ ៧ កក្កដា ២០១៥.​ https://www.phnompenhpost.com/business/biogas-power-rural-areas
  • 2. SNV “ការ​ប្រើប្រាស់​កាកសំណល់ ដើម្បី​ផលិតថាមពល​សម្រាប់​​វិស័យ​កិនស្រូវ​នៅកម្ពុជា​ (W2E).” ដកស្រង់​ ៥ សីហា ២០១៤. http://www.snvworld.org/en/cambodia/our-work/energy/W2E.
  • 3. “កម្ពុជា.” ​ទិន្នន័យគម្រោង​ជីវៈឥន្ធនៈក្នុង​បណ្តាប្រទេស​នៅអាស៊ីអាគ្នេយ៍. ដកស្រង់ ២១ កញ្ញា ​២០១៤. http://www.asiabiomass.jp/biofuelDB/about/index.htm.
  • 4. Poch, K. (២០១៣), “ការ​អភិវឌ្ឍ​ថាមពលកើតឡើងវិញ​នៅ​កម្ពុជា៖ ស្ថានភាព ទិសដៅ​អនាគត និងគោលនយោបាយ” ក្នុង​ Kimura, S., H. Phoumin និង B. Jacobs (eds.), សមាហរណកម្ម​ទីផ្សារថាមពល​ក្នុង​តំបន់អាស៊ី​បូព៌ា៖ ថាមពល​កើត​ឡើងវិញ និង​ការ​អភិវឌ្ឍ​វិស័យនេះ​ទៅក្នុង​ប្រព័ន្ធថាមពល, របាយការណ៍​គម្រោងស្រាវជ្រាវ ERIA ឆ្នាំ២០១២-២០២៦, ទីក្រុង​ហ្សាកាតា: ERIA. ទំព័រ ២២៧-២៦៦. http://www.eria.org/RPR_FY2012_No.26_chapter_7.pdf.
  • 5. មុយហុង, ចាន់. “អង្កាម​ដើម្បី​បង្កើត​ថាមពល​សម្រាប់​ផ្គត់ផ្គង់.” កាសែតភ្នំពេញប៉ុស្តិ៍. ១០ កញ្ញា ​២០១៤. ដកស្រង់ ១៣ ​ កញ្ញា ២០១៤. https://opendevelopmentcambodia.net/news/rice-husks-to-pump-energy-to-the-grid/
  • 6. សិក្ខាសាលា​ស្តីពី​ថាមពល​កើតឡើងវិញនៅអាស៊ី ឆ្នាំ២០១៣៖ ថាមពល​កើតឡើងវិញ​របស់កម្ពុជា​ ធ្វើ​បទ​បង្ហាញដោយ លោក ស៊ីន សំណាង (នាយកដ្ឋាន​បច្ចេកទេស​ថាមពល​នៃ ​ក្រសួងឧស្សាហកម្ម រ៉ែ និង​ថាមពល).
  • 7. អាជ្ញាធរ​អគ្គីសនីកម្ពុជា.​ ២០១៥. របាយការណ៍​ប្រចាំ​ឆ្នាំស្តីពី​វិស័យ​ថាមពល​ឆ្នាំ​២០១៤. ​ភ្នំពេញ៖ ​អាជ្ញាធរ​អគ្គីសនី​កម្ពុជា​.
  • 8. ដូចលេខ​យោង​ខាងលើ
  • 9. សរ ចាន់ដារ៉ា.​ “រោងក្រកិនអំពៅដ៏ធំនឹងពង្រីកបន្ថែម.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦. http://www.phnompenhpost.com/business/massive-sugar-mill-poised-expand
  • 10. នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ. “របាយការណ៍ស្តីពី​សកម្មភាព​របស់​នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទសម្រាប់​ឆ្នាំ​២០១៣.” http://ref.gov.kh/page/admin/public/filedownload/pro_ref%20report%202013_eg.pdf.
  • 11. “អ្នកអភិវឌ្ឍ​វិស័យ​ថាមពល​កើតឡើងវិញ​របស់អាមេរិក​សំឡឹងមើល​ឱកាស​វិនិយោគនៅកម្ពុជា​” កាសែត Xinhua. ២២ សីហា ២០១៤. ដកស្រង់ ១ កក្កដា ២០១៥. http://news.xinhuanet.com/english/business/2014-08/22/c_133576584.htm.
  • 12. Kali​ Kotoski.​ “វិស័យ​ឯកជន​នៅ​តែ​ប្រឈម​នឹង​តម្លៃ​អគ្គិសនី​ខ្ពស់”,​ កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧.​ http://www.phnompenhpost.com/business/industry-leaders-voice-concern-over-sky-high-cost-electricity
  • 13. M. Sarraf et al. ឯកសារ​ពិនិត្យឡើងវិញលើថាមពល​កើតឡើងវិញ និង​​ប្រកបដោយ​និរន្តរភាព (Renewable and Sustainable Energy Reviews. 22 ) (២០១៣) ២២៣–២២៩.
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

t3Paa
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!