សម្បទាន

_HOR0877. Photograph by Oxfam GB Asia. Licensed under Creative Commons Attribution-NonCommercial-NoDerivs 2.0.

ដីសម្បទានគ្រប់គ្រងដោយ Vietnamese Rubber Group. រូបថត ដោយ Oxfam GB Asia ថតថ្ងៃទី ២២ ធ្នូ ២០១០. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

សម្បទានដីធ្លី គឹជាការផ្តល់សិទ្ធិកាន់កាប់លើទីតាំងដីណាមួយសម្រាប់គោលបំណងជាក់លាក់ ។ នៅកម្ពុជា សម្បទានដី ត្រូវបានផ្តល់ឱ្យក្នុងមុខងារផ្សេងៗ ដូចជា កសិអាជីវកម្ម និងការបែងចែកដីធ្លីឡើងវិញដល់ប្រជាជនដែលគ្មានដីធ្លី និងខ្វះខាតដី។1 អ្នករាយការណ៍ពិសេសស្តីពីបញ្ហាសិទិ្ធមនុស្ស របស់អង្គការសហប្រជាជាតិ បានកត់សម្គាល់ឃើញថា សម្បទានគឺជាប្រភពដ៏ចម្បងនៃជម្លោះដីធ្លី នៅ ពាសពេញប្រទេសកម្ពុជា ដោយសារតែជម្លោះនេះទៀតសោត កើតមានឡើងរវាងក្រុមហ៊ុនឯកជន ដែលទទួលបានសម្បទានលើដីដែលគ្រប់គ្រងដោយអ្នកស្រុក ។2

សម្បទានដី៖ មូលដ្ឋានគ្រឹះ

សម្បទានដីសេដ្ឋកិច្ច គឺជាការជួលដីរយៈពេលវែង ដែលអនុញ្ញាតឱ្យក្រុមហ៊ុនសម្បទានឈូសឆាយ ដីដើម្បីអភិវឌ្ឍកសិឧស្សាកម្ម និងអាចត្រូវបានផ្តល់ឱ្យសម្រាប់សកម្មភាពផ្សេងៗ ដូចជា ចម្ការខ្នាតធំ ការចិញ្ចឹមសត្វ និងការសាងសង់រោងចក្រ សម្រាប់កែច្នៃផលិតផលកសិកម្មជាដើម។3 សម្បទានដីសង្គមកិច្ចគឺជាសម្បទានដី ដែលបម្រើឱ្យផលប្រយោជន៍សង្គម ដែលអាចឱ្យអ្នកទទួលផល សាងសង់លំនៅដ្ឋាន ឬ ដាំដំណាំដើម្បីចិញ្ចឹមជីវិត។4 សម្បទាន ក៏មានទម្រង់ផ្សេងទៀតផងដែរ ដូចជា សម្បទានទេសចរណ៍ ប៉ុន្តែក្របខ័ណ្ឌគតិយុត្តិសម្រាប់សម្បទានទាំងនេះ មិនទាន់បានបង្កើតឡើងគ្រប់គ្រាន់នៅឡើយ ។

គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០០៩-២០១៣ បានផ្តោតសំខាន់លើការផ្តល់ដីសម្បទានសេដ្ឋកិច្ចដើម្បីអភិវឌ្ឍវិស័យកសិឧស្សាហកម្មសំដៅបង្កើន និងរក្សាកំណើនសេដ្ឋកិច្ច និងពន្លឿនការកាត់បន្ថយភាពក្រីក្រ។5 បន្ទាប់ពីការផ្អាកការផ្តល់ដីសម្បទានថ្មីៗ និងការពិនិត្យឡើងវិញលើដីសម្បទានសេដ្ឋកិច្ចមានស្រាប់កាលពីឆ្នាំ ២០១២ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ នឹងផ្តោតលើការបែងចែកដីធ្លីឡើងវិញដល់ប្រជាជនគ្មានដី និងខ្វះខាតដី តាមរយៈដីសម្បទានសង្គមកិច្ច ដោយដកហូតដីធ្លីពីដីសម្បទានសេដ្ឋកិច្ចដែលមិនគោរពកិច្ចសន្យា និងបទប្បញ្ញត្តិផ្លូវច្បាប់។ លើសពីនេះ រដ្ឋាភិបាលបានស្នើឱ្យបន្តជំរុញការចូលរួមពីវិស័យឯកជនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។6

ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ មក ដីសម្បទានត្រូវបានផ្តល់ឱ្យក្នុងប្រទេសកម្ពុជាសម្រាប់គោលបំណងជាច្រើន។ ច្បាប់ភូមិបាលឆ្នាំ ២០០១ បានបង្កើតជាមូលដ្ឋានផ្លូវច្បាប់សម្រាប់ការផ្តល់ដីសម្បទានសម្រាប់វិស័យកសិកម្ម និងសង្គមកិច្ច។ លើសពីនេះ ច្បាប់នេះចែងពីអត្ថិភាពនៃសម្បទានសម្រាប់ប្រើប្រាស់ ការអភិវឌ្ឍ និងការធ្វើអាជីវកម្មលើដីរដ្ឋ ដូចជា រ៉ែ កំពង់ផែ ព្រលានយន្តហោះ ការអភវិឌ្ឍឧស្សាហកម្ម និងសម្បទានផលនេសាទ។ យ៉ាងនេះក្តី ក្រៅពីសម្បទានដីសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ច្បាប់ភូមិបាលឆ្នាំ ២០០១ មិនបានផ្តោតលើសម្បទានផ្សេងទៀតឡើយ។ អនុក្រឹត្យលេខ ១៤៦ ស្តីពីសម្បទានដីសេដ្ឋកិច្ច និងអនុក្រឹត្យលេខ ១៩ ស្តីពីដីសម្បទានសង្គមកិច្ច បានកំណត់នីតិវិធីផ្លូវច្បាប់សម្រាប់សម្បទានដីសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច។

យោងតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលជាច្រើន ដីសម្បទានបានក្លាយជាប្រភពនៃជម្លោះដីធ្លីជាច្រើន ដូចជា ការទន្រ្ទានយកដី ការបណ្តេញចេញដោយបង្ខំ និងការធ្វើ អាជីវកម្មធនធានធម្មជាតិ7 ប្រជាជនកម្ពុជាជាច្រើនត្រូវប្រឈមនឹងហានិភ័យជាច្រើន ដោយសារតែភាគរយខ្ពស់បំផុតនៃកង្វះប័ណ្ណកម្មសិទ្ធិដីធ្លីផ្លូវការ កង្វះការចុះបញ្ជីដីធ្លី និងកង្វះការអនុវត្តច្បាប់។8 ដីធ្លីដែលមិនត្រូវបានចុះបញ្ជីជាដីឯកជនគឺជាដីឯកជនរបស់រដ្ឋ ដែលអាចត្រូវបានបែងចែកជាដីសម្បទាន។ ខណៈដែលរដ្ឋាភិបាលកម្ពុជាសម្រេចបានជោគជ័យក្នុងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនជាង ៣,៨ លាននាក់9 ប្រជាជនជាច្រើននៅមិនទាន់មានប័ណ្ណកម្មសិទ្ធិដីធ្លីឡើយ។10 ការបណ្តេញចេញដោយបង្ខំបានកើតមានជាលើកដំបូង បន្ទាប់ពីការផ្តល់សម្បទានដីសេដ្ឋកិច្ច និងតែងតែអាចផ្ទុះហិង្សា ដោយសារតែក្រុមហ៊ុនប្រើប្រាស់សន្តិសុខ ឬកងកម្លាំងសន្តិសុខជាតិដើម្បីការពារដីសម្បទានរបស់ខ្លួន។11 ប្រជាជន ទីក្រុង ជាពិសេសអ្នករស់នៅក្នុងតំបន់សំណង់អនាធិបតេយ្យ ក៏ប្រឈមនឹងហានិភ័យនៃការបណ្តេញចេញដោយបង្ខំ នៅពេលដែលតម្លៃដីឡើងខ្ពស់ផងដែរ។12

អ្នករាយការពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានអះអាង ថា ការបណ្តេញចេញដោយបង្ខំ អាចបង្កជាការបំពានលើសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដោយសារតែសហគមន៍ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន និងតាំងទីលំនៅថ្មីក្នុងសហគមន៍ដែលខ្វះខាត។13 ជាញឹកញាប់ ពួកគេប្រឈមនឹងភាពក្រីក្រកាន់តែខ្លាំងឡើង កង្វះលទ្ធភាពទទួលបានប្រាក់ចំណូល ជំពាក់បំណុលកាន់តែច្រើន បញ្ហាសុខភាព ការរំលោភសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ការមាក់ងាយក្នុងសង្គម និងផលប៉ះពាល់ដល់គ្រួសារ និងសហគមន៍។14 លើសពីនេះ រដ្ឋាភិបាល និងតុលាការតែងតែគ្មានឆន្ទៈ ឬមិនអាចគ្រប់គ្រងក្រុមហ៊ុនសម្បទាន និងមិនបានផ្តល់សំណងចំពោះការរំលោភបំពាន។15 សូម្បីតែដីសម្បទានសង្គមកិច្ចដែលសំដៅផ្តល់ប្រយោជន៍ដល់ប្រជាជនគ្មានដី ក៏អាចធ្វើឱ្យមានការបណ្តេញចេញអ្នករស់នៅពីមុនដែរ និងមានការរាយការណ៍ពីអំពើពុករលួយ ការគ្រប់គ្រងមិនបានល្អ និងបក្សពួកនិយមក្នុងប្រព័ន្ធសម្បទានដីសង្គមកិច្ច។16

ខណៈមានការទទួលស្គាល់ចំពោះការរំលោភសិទ្ធិដីធ្លីជាច្រើនទៅលើគ្រួសារដែលងាយរងគ្រោះដែលបានកត់ត្រាដោយអង្គការមិនមែនរដ្ឋាភិបាល មានការចង្អុលបង្ហាញថា គ្រួសារមួយចំនួនមិនមានការ ទាមទារតាមផ្លូវច្បាប់រឹងមាំដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិលើដីធ្លីឡើយ។ គ្រួសារទំាងនោះ ប្រហែលជា មិនអាចបំពេញតាមតម្រូវការសម្រាប់ការកាន់កាប់ស្របច្បាប់នៅក្រោមច្បាប់ភូមិបាលឆ្នាំ ២០០១ ឡើយ។17 ឧទាហរណ៍ ពួកគេបានចាប់ផ្តើមកាន់កាប់ដីធ្លីរបស់ពួកគេក្រោយឆ្នាំ ២០០១ ហេតុដូច្នេះ កម្មសិទ្ធិ របស់ពួកគេ អាចត្រូវបានរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ ។ ក្នុងករណីផ្សេងទៀត គ្រួសារទាំងនោះកាន់កាប់អចលនវត្ថុដែលត្រូវបានចុះបញ្ជីស្របច្បាប់ជាកម្មសិទ្ធិរបស់បុគ្គល ឬ អង្គភាពផ្សេងទៀត ។

ក្នុងករណីមួយចំនួន ខ្សែបន្ទាត់នៃភាពស្របច្បាប់អំពីសិទ្ធិកាន់កាប់របស់ក្រុមហ៊ុនសម្បទាន និងសហគមន៍ មានលក្ខណៈស្រពិចស្រពិល ។ អ្នកកាន់កាប់ដីសាធារណៈរបស់រដ្ឋដោយខុសច្បាប់ មួយចំនួន ដែលត្រូវបានបណ្តេញចេញ បានមើលឃើញថា អចលនវត្ថុរបស់ពួកគេ ត្រូវបានធ្វើអនុប្រ យោគដោយរដ្ឋាភិបាល និងត្រូវបានជួលជាសម្បទានទៅឱ្យក្រុមហ៊ុនឯកជនទៅវិញ ។ ប្រហែល ឧទាហរណ៍ល្អបំផុតដែលគេស្គាល់យ៉ាងច្បាស់គឺ ជម្លោះដីធ្លីនៅតំបន់បឹងកក់រាជធានីភ្នំពេញ ។ អាជ្ញាធរ បានអះអាងថា គ្រួសារដែលកំពុងរស់នៅក្នុងតំបន់បឹងកក់ បានរស់នៅលើដីសាធារណៈរបស់រដ្ឋ ដោយ ខុសច្បាប់ ហើយក៏ជាអ្នកកាន់កាប់ដោយខុសច្បាប់ផងដែរ ។ ទោះជាយ៉ាងនេះក្តី អ្នកធ្វើអត្ថាធិប្បាយ  រួមមាន អ្នកនិព្ធរបាយការណ៍អធិការកិច្ចរបស់ធនាគារពិភពលោក បានកត់សម្គាល់ឃើញថា មានគ្រួសារជាច្រើន រស់នៅក្នុងតំបន់ជុំវិញបឹង នៅលើដីឯកជនរបស់រដ្ឋ ហេតុដូច្នេះ មានគ្រួសារជាច្រើន មានសិទ្ធិទទួលបានប័ណ្ណកម្មសិទ្ធិ ។18 ទោះបីជាមានការអះអាងយ៉ាងខ្លាំងដូចនេះក្តី ក៏អាជ្ញាធរ បាន ជួលតំបន់ ដែលមានពលរដ្ឋជាង ៤០០០ គ្រួសាររស់នៅយូរមកហើយនោះ ទៅឲ្យក្រុមហ៊ុនអភិវឌ្ឍន៍មួយ ដែលអង្គការមិនមែនរដ្ឋាភិបាល បានអះអាងថា ជាទង្វើមួយល្មើសនឹងច្បាប់ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រង ដីសាធារណៈរបស់រដ្ឋ ។19 ជាការឆ្លើយតប អាជ្ញាធរបានធ្វើ អនុប្រយោគតំបន់នេះ ជាឯកជនរបស់រដ្ឋ ដើម្បីធ្វើឲ្យការជួលបានស្របច្បាប់ ទោះបីជារបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល ជំទាស់ នឹងសុពលភាពនៃការធ្វើឲ្យស្របច្បាប់ឡើងវិញក៏ដោយ។20 ក្រុមអ្នកសង្កេតការណ៍ បានកត់សម្គាល់ឃើញ ថា នៅពេលដែលដីនេះ ត្រូវបានធ្វើអនុប្រយោគតាមវិធីណាមួយ អ្នកស្រុក ដែលស្ថិតនៅពាសពេញ តំបន់តំបន់នោះ មិនថាស្ថិតនៅលើបឹង ឬ មិននៅលើបឹងទេ អាចទាមទារកម្មសិទ្ធិស្របច្បាប់បាន។21 ប្រជាជនភាគច្រើន ត្រូវបានរារាំងមិនឲ្យក្លាយជាម្ចាស់កម្មសិទ្ធិ ហើយក៏ត្រូវបានបណ្តេញចេញពីតំបន់នោះ ។

ក្រៅពីបញ្ហាសិទ្ធិដីធ្លី សម្បទានក៏បង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថានផងដែរ ហើយការប៉ះពាល់ខ្លាំងបំផុតគឺការកាប់បំផ្លាញព្រៃឈើដើម្បីយកដីធ្វើចម្ការកសិកម្ម នេះបើយោងតាមអ្នករាយការពិសេស។22 ការសិក្សានៅឆ្នាំ ២០១៣ ដោយសាកលវិទ្យាល័យ Maryland បានរាយការណ៍ពីការបាត់បង់គម្របព្រៃឈើប្រមាណ ៧% ក្នុងរយៈពេល ១២ ឆ្នាំ ដែលធ្វើឱ្យមានកំណើនទឹកជំនន់ និងការផ្លាស់ប្តូរជម្រកសត្វព្រៃ។23 ជាញឹកញាប់ ក្រុមហ៊ុន បានចាប់ផ្តើមកាប់ឆ្ការព្រៃ មុនពេលបញ្ចប់ដំណើរការផ្លូវច្បាប់ផ្លូវការពេញលេញសម្រាប់ការផ្តល់សម្បទាន។24 ក្រៅពីនេះ ភាពមិនស៊ីសង្វាក់គ្នាក្នុងដំណើរការបែងចែកតំបន់នៃតំបន់ការពារ បានធ្វើឱ្យមានការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ការពារ។25

សម្បទានដីសេដ្ឋកិច្ច

ក្រោយពីត្រូវបានកំណត់ជាផ្លូវការក្នុងច្បាប់ភូមិបាលឆ្នាំ ២០០១ សម្បទានដីសេដ្ឋកិច្ចគឺជាការជួលដីរយៈពេលវែងដែលអាចឱ្យក្រុមហ៊ុនសម្បទានកាប់ឆ្ការដីដើម្បីអភិវឌ្ឍកសិឧស្សាហកម្ម។

គោលនយោបាយ និងក្របខ័ណ្ឌគតិយុត្តិ

ដូចបានបញ្ជាក់នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) ឆ្នាំ ២០១៤-២០១៨ ទស្សនវិស័យរបស់រដ្ឋាភិបាលកម្ពុជាគឺការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា និងផ្លាស់ប្តូរវិស័យនេះដើម្បីប្រើប្រាស់បច្ចេកវិទ្យា និងបច្ចេកទេសថ្មី និងធ្វើពិពិធកម្មសកម្មភាពកសិកម្មតាមវិធីដែលធានានិរន្តរភាពបរិស្ថាន។26 គោលបំណងរួមនៃសម្បទានដីសេដ្ឋកិច្ច គឺសំដៅជម្រុញការវិនិយោគរយៈពេលវែងក្នុងសកម្មភាពកសិកម្ម-ឧស្សាហកម្មដែលមានមូលធនខ្ពស់ បង្កើនការងារនៅទីជនបទ និងឱកាសចិញ្ចឹមជីវិត ជំរុញការវិនិយោគក្នុងដីសម្បទានសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលរដ្ឋ។27

ក្របខ័ណ្ឌគតិយុត្តិចម្បងសម្រាប់ការផ្តល់ និងប្រើប្រាស់សម្បទានដីសេដ្ឋកិច្ចត្រូវបានកំណត់ក្នុងច្បាប់ភូមិបាលឆ្នាំ ២០០១ និងអនុក្រឹត្យលេខ ១៤៦ ស្តីពីដីសម្បទានសេដ្ឋកិច្ច។ ក្រោពីនេះ មានបទប្បញ្ញត្តិសំខាន់ៗក្នុងច្បាប់ស្តីពីបរិស្ថាន និងច្បាប់ស្តីពីព្រៃឈើ។ អាជ្ញាធរដែលទទួលខុសត្រូវលើការផ្តល់ដីសម្បទានសេដ្ឋកិច្ចគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ប៉ុន្ដែក្រសួងបរិស្ថាន (MoE) ក៏បានផ្តល់សម្បទានដីសេដ្ឋកិច្ចផងដែរ។

យោងតាមច្បាប់ភូមិបាលឆ្នាំ ២០០១ និងអនុក្រឹត្យលេខ ១៤៦ ដីសម្បទានសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យតាមផ្លូវច្បាប់តែលើដីឯកជនរដ្ឋប៉ុណ្ណោះ។28 ក្រៅពីនេះ ច្បាប់នេះបានចែងថា ដីសម្បទានសេដ្ឋកិច្ចមិនអាចលើសពីទំហំ ១០.០០០ ហិចតាឡើយ ហើយបុគ្គលម្នាក់ ឬនីតិបុគ្គលមួយមិនអាចកាន់កាប់ដីសម្បទានលើសពី ១០.០០០ ហិចតាបានឡើយ។29 សម្បទានដីសេដ្ឋកិច្ចអាចត្រូវបានផ្តល់ឱ្យសម្រាប់រយៈពេលមិនលើសពី ៩៩ ឆ្នាំ ហើយក្រុមហ៊ុនសម្បទានត្រូវចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេល ១ ឆ្នាំលើដីសម្បទាននោះ។30  ប្រសិនបើក្រុមហ៊ុនសម្បទានមិនអនុលោមតាមលក្ខខណ្ឌផ្លូវច្បាប់ នោះសម្បទាននឹងត្រូវបានលុបចោល។31

សម្បទានដីសេដ្ឋកិច្ចទាំងអស់ ត្រូវមានកិច្ចសន្យារវាងក្រុមហ៊ុនសម្បទាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយចែងពីគោលបំណងនៃសម្បទាន រយៈពេល និងផ្ទៃក្រឡា។32 ក្រុមហ៊ុនសម្បទានមិនអាចលក់ដីនោះ និងមិនអាចផ្ទេរដីនោះឱ្យអ្នកផ្សេងបានឡើយ លុះត្រាតែអាជ្ញាធរបានបង្កើតកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ចថ្មី។33  អនុក្រឹត្យលេខ ៤៦ ចែងលម្អិតពីដំណើរការសម្រាប់ការទទួលបានសម្បទានដីសេដ្ឋកិច្ច។ ដីនោះត្រូវចុះបញ្ជីជាមុនជាដីឯកជនរដ្ឋ និងមានផែនការប្រើប្រាស់ដីដែលយល់ព្រមដោយគណៈកម្មាធិការខេត្តគ្រប់គ្រងដីរដ្ឋ ហើយការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចត្រូវអនុលោមតាមផែនការប្រើប្រាស់ដីនោះ។34

មុនពេលដែលដីសម្បទានសេដ្ឋកិច្ចត្រូវបានអនុម័ត ការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមត្រូវធ្វើឡើងជាមុនដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិស្តីពីបរិស្ថាន។ ក្រៅពីនេះ ត្រូវមាន “ដំណោះស្រាយសម្រាប់បញ្ហាតាំងទីលំនៅថ្មី” ជាស្រេច។ យ៉ាងនេះក្តី អនុក្រឹត្យនេះបានបញ្ជាក់យ៉ាងច្បាស់ថា មិនអាចមានការតាំងទីលំនៅថ្មីដោយបង្ខំរបស់ម្ចាស់ដីស្របច្បាប់ឡើយ ហើយត្រូវមានការគោរពចំពោះលទ្ធភាពទទួលបានដីឯកជន។ ម្យ៉ាងវិញទៀត ត្រូវមានការពិគ្រោះយោបល់សាធារណៈជាមុនជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាជនរស់នៅក្នុងតំបន់នោះ។35

ភាពខុសគ្នានៃទិន្នន័យពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ច

វា គឺជាកិច្ចការលំបាកក្នុងការពិនិត្យថាតើមានសម្បទានដីសេដ្ឋកិច្ច ប៉ុន្មានហើយបានទទួលការយល់ព្រម សម្បទានណាខ្លះនៅមាន សកម្មភាព និងចំណូលរដ្ឋចំនួនប៉ុន្មានត្រូវបានប្រមូលពីក្នុងដំណើរការការងារនេះ។ យោងទៅតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅរវាងឆ្នាំ១៩៩៦ និងឆ្នាំ២០១២ ក្រសួងបានចុះហត្ថ លេខាលើកិច្ចសន្យាជាមួយ ១១៨ក្រុមហ៊ុន ដោយលាតសន្ធឹងលើ ទំហំផ្ទៃដីប្រមាណជា ១,២០៤,៧៥០ ហិកតា។36 យ៉ាងនេះក្តី របាយ ការណ៍អង្គការមិនមែនរដ្ឋាភិបាលខ្លះ បានអះអាងថា តួលេខពិតប្រាកដ គឺមានរហូតដល់ជិត ២លាន ហិកតា។37

របាយការណ៍រដ្ឋាភិបាល ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានកម្ពុជារបស់រដ្ឋ បានដាក់តួលេខមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន បញ្ចលគ្នាជាលើកទី១ កាលពីខែកញ្ញា ឆ្នាំ២០១៥។ យោងទៅតាមរបាយការណ៍របស់ សារព័ត៌មាន សម្បទានដីសេដ្ឋកិច្ចលើផ្ទៃដីសរុបចំនួន ១,៩៣៤,៨៩៦ ហិកតា ត្រូវបានផ្តល់ជូន ២៣០ ក្រុមហ៊ុន ក្នុងនោះ ១២២ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខណៈដែល ១៣៣ក្រុមហ៊ុន ទទួលបានអាជ្ញាប័ណ្ណពីក្រសួងបរិស្ថាន។38 តួលេខផ្ទៃដីសរុប គឺមិនខុសគ្នាឆ្ងាយពីអ្វីដែលអង្គការមិន មែនរដ្ឋាភិបាលបានរំពឹងទុកនោះទេ។ រដ្ឋាភិបាល រាយការណ៍ថាទទួលបានចំណូលពីសម្បទានដីសេដ្ឋកិច្ចចំនួន ៨០លានដុល្លារ ចាប់តាំងពីឆ្នាំ២០១២មក។39  

កង្វល់ពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អង្គការជាតិ អង្គការអន្តរជាតិ ស្ថាប័នអង្គការសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ បានបង្ហាញក្តីបារម្ភជាច្រើនពីផលប៉ះពាល់នៃដីសម្បទានសេដ្ឋកិច្ចលើសហគមន៍ និងបរិស្ថាន។ ជាញឹកញាប់ ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិបានរាយការណ៍ពីករណីដែលអ្នកភូមិបាត់បង់ដីដោយសារក្រុមហ៊ុនសម្បទាន។ អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ បានរាយការណ៍ ថា សហគមន៍ដែលរស់នៅលើដី ដែលត្រូវបានធ្វើសម្បទាន តែងតែប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ការតាំងទីលំនៅថ្មីដោយបង្ខំ ឬ ការផ្លាស់ទីលំនៅ ដោយមិនមានការរៀបចំត្រឹមត្រូវ។40 ហេតុការណ៍ នេះ អាចបង្កើនភាពក្រីក្រី ដោយសារកង្វះលទ្ធភាពបង្កើតប្រាក់ចំណូល កង្វះលទ្ធភាពទទួលបានទឹក និងអនាម័យ អគ្គីសនី សេវាសុខភាព និងការអប់រំ។41 ក្របខ័ណ្ឌច្បាប់ដើម្បីគ្រប់គ្រងការបណ្តេញចេញ ដោយបង្ខំដោយអង្គភាពឯកជន គឺមិនទាន់មាននៅឡើយនាពេលបច្ចុប្បន្ននេះ។42 ម្យ៉ាងវិញទៀត សម្បទានដីសេដ្ឋកិច្ចបានបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ ដោយសារតែផ្ទៃដីព្រៃដ៏ធំៗត្រូវបានកាប់ឆ្ការសម្រាប់ធ្វើចម្ការ។43

បញ្ហាកង្វល់មួយផ្សេងទៀតក្នុងចំណោមអង្គការមិនមែនរដ្ឋាភិបាលគឺ ការកាន់កាប់ដីធ្លីកាន់តែច្រើនដោយបុគ្គលមួយចំនួនតូច កំពុងធ្វើឱ្យមានកំណើនការបែងចែកដីធ្លីនៅកម្ពុជាដោយគ្មានសមភាព។ ភាពគ្មានដីធ្លីកើនឡើងដល់ ២០%  ហើយគ្រួសារ ៤០% មានដីកសិកម្មតិចជាង ០,៥ ហិចតា ជាលក្ខខណ្ឌទាបបំផុតក្នុងការធ្វើកសិកម្មចិញ្ចឹមជីវិត។44

ក្រៅពីនេះ អង្គការសហប្រជាជាតិ បានរាយការណ៍បន្ថែមថា ការរឹតបន្តឹងលើទំហំ និង កម្មសិទ្ធិនៃ សម្បទានដីសេដ្ឋកិច្ច មិនទាន់ត្រូវបានអនុវត្ត ឲ្យបានត្រឹមត្រូវ។ បុគ្គលមួយចំនួនកាន់កាប់ដីហួសពីទំហំកំណត់ចំនួន ១០,០០០ ហិកតា ជាអតិបរមា។45 អង្គការសហប្រជាជាតិបានរាយការណ៍ថា សម្បទាន ដីសេដ្ឋកិច្ចជាច្រើនត្រូវបានផ្តល់ឱ្យក្នុងព្រៃដែលត្រូវបានបម្លែងជាដីឯកជនរបស់រដ្ឋ សម្រាប់បែង ចែកសារ ឡើងវិញ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋអាចត្រូវបានបែងចែកឡើងវិញ ប្រសិនបើវាបាត់បង់ប្រយោជន៍សាធារណៈ។46 ក្រៅពីនេះ មានសម្បទានដីសេដ្ឋកិច្ចជាច្រើនដែលស្ថិតនៅក្នុងក្នុងតំបន់ការពារដែលត្រូវបានផ្តល់ឱ្យទៅក្រុមហ៊ុនបន្ទាប់ពីដីនោះបានឆ្លងកាត់ការបម្លែងជា “តំបន់ប្រើប្រាស់ប្រកបដោយនិរន្តរភាព”។47

ផលប៉ះពាល់នៃបទបញ្ជាលេខ ០១៖   ការផ្អាកផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី និងការពិនិត្យឡើងវិញលើសម្បទានដីដែលមានស្រាប់

នៅខែ ឧសភា ឆ្នាំ ២០១២ រាជរដ្ឋាភិបាល បានចេញបទបញ្ជាលេខ ០១ បប ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដែលកំណត់ផ្អាកការផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី និងការពិនិត្យឡើងវិញនូវសម្បទានដីសេដ្ឋកិច្ចដែលមានស្រាប់។48 បទបញ្ជានេះ មិនអនុវត្តទៅលើ សម្បទានដីសេដ្ឋកិច្ចដែលកំពុងឆ្លងកាត់ការអនុម័តមុនខែ ឧសភា ឆ្នាំ២០១២ នោះទេ។49  ជាលទ្ធផល សម្បទានដីសេដ្ឋកិច្ច យ៉ាងហោច ៣៣ ត្រូវបានផ្តល់ឲ្យ បន្ទាប់ការចេញបទបញ្ជាលេខ ០១។50 នៅខែ តុលា ឆ្នាំ ២០១៤ ក្រសួងបរិស្ថាន បានប្រកាសថា សម្បទានដីសេដ្ឋកិច្ចទាំងនេះ នឹងទទួលបានការ ជួលមិនលើសពី ៥០ ឆ្នាំឡើយ។51

យោងតាមបទបញ្ជាលេខ ០១ សម្បទានដីសេដ្ឋកិច្ចដែលមិនអនុលោមតាមច្បាប់នេះ នឹងលុប ចោលកិច្ចសន្យា។52 ជាជម្រើស សម្បទានដីសេដ្ឋកិច្ចដែលមិនគោរពច្បាប់ អាចនឹងកាត់បន្ថយផ្ទៃដី ព្រមទាំងកាត់បន្ថយរយៈពេលជួល។ កាលពីខែកក្កដា ឆ្២០១៥ ក្រសួងបរិស្ថាន បានប្រកាសថា ក្នុងចំណោមសម្បទានដីសេដ្ឋកិច្ច ១៦ ស្ថិតក្រោមការពិនិត្យឡើងវិញ សម្បទានដីសេដ្ឋកិច្ច ណាដែល មានរយៈពេលជួល លើសពី ៧០ ឆ្នាំ ត្រូវបានកាត់បន្ថយរយៈពេលជួលមកត្រឹម ៥០ ឆ្នាំ។53

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានចាប់ផ្តើមធ្វើរបាយការណ៍អំពីការកាត់បន្ថយ ផ្ទៃដីដែលកាត់ចេញពីសម្បទានដីសេដ្ឋកិច្ចនៅខែឧសភា ឆ្នាំ២០១៣54 ប៉ុន្តែគណៈកម្មាការដើម្បីវាយតម្លៃ សម្បទានដីសេដ្ឋកិច្ចត្រូវបានបង្កើតនៅខែសីហាឆ្នាំ ២០១៤។55  សម្បទានដីសេដ្ឋកិច្ចជាច្រើនត្រូវបាន លុបចោល ឬ ត្រូវបានកាត់បន្ថយទំហំដី។ ទោះបីជាប្រភពរដ្ឋាភិបាលជាមួយចំនួន បានរាយការណ៍ទៅលើទំហំផ្ទៃដី ដែលបានកាត់ចេញពីសម្បទានដីសេដ្ឋកិច្ច ក៏អង្គការទិន្នន័យអំពីការ អភិវឌ្ឍ ពុំមានព័ត៌មានអំពី បញ្ជីជាផ្លូវការ  ឬរបាយការណ៍លម្អិត អំពីសម្បទានដីសេដ្ឋកិច្ចដែលបានកាត់ បន្ថយ ឬលុបចោល ក្រោមបទបញ្ជា ០១។ របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល មួយដែលបាន ចេញផ្សាយនៅខែកក្កដា ឆ្នាំ ២០១៥ បានរកឃើញថា ការពិនិត្យឡើងវិញ និងការលុបចោល សម្បទានដី សេដ្ឋកិច្ច គ្រាន់តែផ្តោតលើសម្បទានដីសេដ្ឋកិច្ចអសកម្ម   ប៉ុន្តែ ជៀសវាងសម្បទានដី សេដ្ឋកិច្ចដែលពាក់ ព័ន្ធនឹងជម្លោះដីធ្លី និងសម្បទានដែលមានទំហំលើសពីទំហំកំណត់ខាងផ្លូវច្បាប់។56

លើសពីនេះទៀត បទបញ្ជា ០១ អំពាវនាងឲ្យមានការប្រកាន់ខ្ជាប់គោលនយោបាយស្បែកខ្លា ដែលបានចែងថា សម្បទានដីសេដ្ឋកិច្ចដែលកំពុងឆ្លងកាត់ការអនុម័ត មុនខែឧសភា ឆ្នាំ២០១២  គួរតែកំណត់ឱ្យជៀសវាងការទន្ទ្រាននៅលើដីដែលមានការកាន់កាប់ និងដីដែលមានការដាំដុះរួចហើយ57 ប្រកាសរួមមួយដែលបានចេញផ្សាយនៅឆ្នាំ ២០១៤ ទាមទារឱ្យសម្បទានដីសេដ្ឋកិច្ចដែលមានស្រាប់ គោរពតាមគោលនយោបាយនេះ។58 ប៉ុន្តែរបាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាលមួយទៀត ដែលចេញផ្សាយនៅក្នុងខែមិថុនា ឆ្នាំ ២០១៥ បានថ្លែងថា ប្រសិទ្ធភាពនៃគោលនយោបាយស្បែកខ្លា លើកម្មសិទ្ធិដីធ្លី នៅមានកំណត់។59 ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ រដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ដីដែលបានពីការលុបចោលដីសម្បទានសេដ្ឋកិច្ច ដើម្បីផ្តល់ជា សម្បទានដីសង្គមកិច្ច ជូនដល់គ្រួសារក្រីក្រ និងគ្រួសារដែលមានដីធ្លីតិចតួច60 ទោះជាយ៉ាងណា ដីដែល បានដកហូតពីសម្បទានដីសេដ្ឋកិច្ច នឹងត្រូវបានប្រើប្រាស់ដោយវិធីណានោះ គឹពុំច្បាស់លាស់នៅឡើយ។61

កំណត់សំគាល់៖ សំណុំទិន្នន័យនេះ មានទិន្នន័យអំពីសម្បទានដីសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ដែលមានកាលបរិច្ឆេទកិច្ចសន្យាចាប់ផ្តើមពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១២។សំណុំទិន្នន័យនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពនៅខែមិថុនាឆ្នាំ ២០១៥ ដើម្បីរួមបញ្ចូល ព័ត៌មានអំពីការកាត់បន្ថយទំហំដី និងការដកហូតអាជ្ញាប័ណ្ណ ដែលជាលទ្ធផលនៃការវាយតម្លៃសម្បទានដីសេដ្ឋកិច្ច នៃបទបញ្ជា ០១ ដែលបានចាប់ផ្តើមឡើងនៅឆ្នាំ២០១២ ។ ដោយសារតែកង្វះឯកសារស្តីពីសម្បទានដីសេដ្ឋកិច្ច សំណុំទិន្នន័យនេះ ពុំមានព័ត៌មានទាក់ទងនឹងការកាត់បន្ថយថេរវេលានៃកិច្ចសន្យា ដែលកើតចេញមកពីដំណើរការវាយតម្លៃសម្បទានដីសេដ្ឋកិច្ចក្នុងឆ្នាំ ២០១៥ ។ កំណត់ចំណាំ៖ ឯកសារស្តីពីការកាត់បន្ថយផ្ទៃដីចេញពីសម្បទានដីសេដ្ឋកិច្ចដែលមានជាសាធារណៈ ពុំមានភ្ជាប់ផែនទីមកជាមួយឡើយ។ ដូច្នេះអូឌីស៊ី មិនអាចបង្ហាញផ្ទៃដីដែលត្រូវបានកាត់ចេញនៅលើផែនទី។ សម្បទានដីសេដ្ឋកិច្ចនៅលើផែនទីអន្តរកម្ម បង្ហាញនូវទំហំផ្ទៃដីដើម។  សូមចុចទីនេះដើម្បីចូលទៅកាន់ទំព័រទិន្នន័យគម្រោងសម្បទានដីសេដ្ឋកិច្ចរបស់ អូឌីសីុ។

ទិសដៅអនាគត

កន្លងមក រដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាមួយចំនួនពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមាននៃសម្បទានដីសេដ្ឋកិច្ច។ យ៉ាងនេះក្តី ការផ្អាកថ្មីៗនេះចំពោះដីសម្បទានសេដ្ឋកិច្ចថ្មី បានធ្វើឱ្យរដ្ឋាភិបាលកត់សម្គាល់ថា មានបញ្ហាជាច្រើនក្នុងសម្បទានដីសេដ្ឋកិច្ច។ ទោះបីជាយុទ្ធនាការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីក្នុងបទបញ្ជាលេខ ០១ អាចនឹងបានដោះស្រាយជម្លោះមួយចំនួនរវាងប្រជាជនមូលដ្ឋាន និងក្រុមហ៊ុនសម្បទាន ប៉ុន្តែដំណើរការវាស់វែងដីធ្លីមិនបានគ្រប់ដណ្តប់លើដីសម្បទានសេដ្ឋកិច្ចទាំងអស់ឡើយ ហើយតំបន់ជាច្រើនដែលមានប្រវត្តិជម្លោះស្មុគស្មាញ ឬខ្លាំងក្លា មិនត្រូវបានដោះស្រាយឡើយ។62  ក្រៅពីនេះ គេនូវតែបន្តឃើញនូវផលប៉ះពាល់របស់យុទ្ធនានេះការលើផលិតភាពនៃសម្បទាន។ ផលប្រយោជន៍រំពឹងទុកនៃដីសម្បទានសេដ្ឋកិច្ចនឹងមិនបានពេញលេញឡើយ ប្រសិនបើការអនុវត្តកម្មវិធីនេះមិនមានភាពប្រសើរឡើង។

សម្បទានផ្សេងទៀត

ច្បាប់ភូមិបាលឆ្នាំ ២០០១ បានចែងពីសម្បទានដែលមិនមានគោលបំណងកសិឧស្សាហកម្ម ឬសង្គម។ សម្បទានទាំងនេះគឺសម្រាប់ការប្រើប្រាស់ ការអភិវឌ្ឍ និងការធ្វើអាជីវកម្ម (UDECs)។ យ៉ាងនេះក្តី ច្បាប់ភូមិបាលមិនបានគ្របដណ្តប់លើសម្បទានទាំងនេះឡើយ។63 ទោះបីជាមានសម្បទានផ្សេងទៀតទាំងនេះ និងត្រូវបានផ្តល់ឱ្យ ប៉ុន្តែក្របខ័ណ្ឌគតិយុត្តិពាក់ព័ន្ធ មិនទាន់ត្រូវបានតាក់តែងឡើងឡើយ។ ច្បាប់ស្តីពីសម្បទានឆ្នាំ ២០០៧ ត្រូវបានអនុម័តដើម្បីផ្តោតលើគម្រោងដែលផ្តល់ហេដ្ឋារចនាសម្ព័ន្ធដល់សាធារណជន តាមរយៈការវិនិយោគឯកជន។64 យ៉ាងណាក៏ដោយ ច្បាប់នេះតម្រូវឱ្យមានអនុក្រឹត្យមួយប្រកបដោយប្រសិទ្ធភាព65 ប៉ុន្តែអនុក្រឹត្យនោះមិនទាន់ត្រូវបានអនុម័តនៅឡើយ។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ១ វិច្ឆិកា ២០១៥

ពាក់ពន្ធ័នឹងដីសម្បទាន

ឯកសារយោង

  • 1. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៤៨-៥០
  • 2. Subedi, Surya P. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី ២១ ខែ កញ្ញា ឆ្នាំ ២០១២, ៥៣។ http://www.ohchr.org/Documents/HRBodies/HRCouncil/RegularSession/Session21/A.HRC.21.35_en.pdf
  • 3. អនុក្រឹត្យលេខ ១៤៦ ស្តីពីដីសម្បទានសេដ្ឋកិច្ច ឆ្នាំ ២០០៥.
  • 4. អនុក្រឹត្យលេខ ១៩ ស្តីពីដីសម្បទានសង្គមកិច្ច ឆ្នាំ ២០០៣. Http://www.cambodiainvestment.gov.kh/sub-decree-19-on-social-land-concessions_030319.html
  • 5. រាជរដ្ឋាភិបាលកម្ពុជា. ២០១០. “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិបច្ចុប្បន្នភាព ឆ្នាំ ២០០៩-២០១៣”  ៣០  មិថុនា៖ ១២១. http://www.ilo.org/wcmsp5/groups/public/—asia/—ro-bangkok/documents/publication/wcms_145085.pdf
  • 6. រាជរដ្ឋាភិបាលកម្ពុជា. ២០១៤. “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិបច្ចុប្បន្នភាព ឆ្នាំ ២០១៤-២០១៨” ១៧ កក្កដា៖ ៩៥. http://countryoffice.unfpa.org/cambodia/?publications=10711
  • 7. សូមមើលឧទាហរណ៍៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៣. “កម្ពុជា៖ ដីនៅក្នុងជម្លោះ – ទិដ្ឋភាពទូទៅនៃស្ថានភាពដី ” http://www.cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia%20Land%20in%20Conflict%20An%20Overview%20of%20the%20Land%20Situation%20ENG.pdf; ADHOC (2014). “ស្ថានភាពដីធ្លីនៅឆ្នាំ ២០១៣.” https://opendevelopmentcambodia.net/dataset/?id=land-situation-in-cambodia-2013-1
  • 8. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៣. “ជម្លោះដីធ្លីនៅប្រទេសកម្ពុជា៖ ខ្លឹមសារសង្ខេបនៃស្ថានភាពដីធ្លី” http://www.cchrcambodia.org/admin/media/report/report/english/CCHR%20Report%20%20Cambodia%20Land%20in%20Conflict%20An%20Overview%20of%20the%20Land%20Situation%20ENG.pdf
  • 9. Taing, Vida។ ២០១៥. “តួលេខប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានផ្សព្វផ្សាយ រងការជំទាស់” កាសែត ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយ ១ មករា ២០១៥. http://www.phnompenhpost.com/national/land-title-figures-released-disputed
  • 10. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៣. ទំព័រ ២៥
  • 11. ដូចឯកសារយោងខាងលើ
  • 12. ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR). ២០១២. “ការបណ្តេញចេញ និងការតាំងទីលំនៅថ្មីនៅកម្ពុជា៖ ធនធានមនុស្ស ផលប៉ះពាល់ និងដំណោះស្រាយ” អង្គការសហប្រជាជាតិ http://cambodia.ohchr.org/WebDOCs/DocProgrammes/Resettlement_Study-28_Feb_2012_Eng.pdf
  • 13. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៣. ទំព័រ ២៥; Subedi, Surya P. ២០១៤. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី ២៧. សីហា ២០១៤. ទំព័រ ១៣. http://cambodia.ohchr.org/WebDOCs/DocReports/3-SG-RA-Reports/A-HRC-27-70_en.pdf
  • 14. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា.២០១៣. ទំព័រ ៣២
  • 15. Subedi .២០១៤. ទំព័រ ១៧
  • 16. អង្គការ ADHOC (២០១៣). “ចំណុចរបត់៖ សិទ្ធិដីធ្លី លំនៅដ្ឋាន និងធនធានធម្មជាតិនៅកម្ពុជា ឆ្នាំ ២០១២”។ http://www.nachdenkseiten.de/upload/pdf/ADHOC-A_Turning_Point_Land_Housing_NRM_2012.pdf
  • 17. ច្បាប់ភូមិបាល. ២០១១. ជំពូកទី ៤.
  • 18. ក្រុមអធិការកិច្ចនៃធនាគារពិភពលោក. ឆ្នាំ២០១០. របាយការណ៍ស៊ើបអង្កេត នៅកម្ពុជា៖ គម្រោងគ្រប់គ្រងនិងរដ្ឋបាលដីធ្លី (កម្ចីលេខ ៣៦៥០-ឃេអេច). ចូលអាន ១១ តុលា ២០១៥. http://documents.worldbank.org/curated/en/183101468229739528/pdf/580160INVR0INS1se0only1910BOX353791.pdf
  • 19. M. Grimsditch and N. Henderson. ឆ្នាំ២០០៩. “គ្មានកម្មសិទ្ធិ៖ អសន្តិសុខ និងវិសមភាពនៃការកាន់កាប់ ក្នុងវិស័យដីធ្លីកម្ពុជា.” ចូលអាន ២ តុលា ២០១៥. www.babcambodia.org/untitled/untitled.pdf.
  • 20. ក្រុមអធិការកិច្ចធនាគារពិភពលោក. 2010. “ការស៊ើបអង្កេតកម្ពុជា៖ ការគ្រប់គ្រងដីធ្លីនិងគម្រោងរដ្ឋបាល” (Credit លេខ 3650 – KH). ចូលអាន ១១ តុលា ២០១៥ http://documents.worldbank.org/curated/en/183101468229739528/pdf/580160INVR0INS1se0only1910BOX353791.pdf
  • 21. M. Grimsditch និង N. Henderson. 2009. “មិនចុះបញ្ជី៖  អសន្តិសុខ និងវិសមភាពនៃសិទ្ធិកាន់កាប់ដីធ្លីនៅប្រទេសកម្ពុជា “។ ចូលអាន ២ តុលា ២០១៥ www.babcambodia.org/untitled/untitled.pdf.
  • 22. Subedi, Surya P. ២០១២. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី ២១ ខែ កញ្ញា ឆ្នាំ ២០១២, ៥៣. http://www.ohchr.org/Documents/HRBodies/HRCouncil/RegularSession/Session21/A.HRC.21.35_en.pdf
  • 23. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា. ២០១៣. ទំព័រ ៣៨
  • 24. ដូចលេខយោងខាងលើ
  • 25. Subedi. ២០១២. ទំព័រ ៥៣
  • 26. រាជរដ្ឋាភិបាលកម្ពុជា. ២០១៤. “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ៖ ឆ្នាំ ២០១៤-២០១៨” http://www.maff.gov.kh/គោលនយោបាយ/1240-nsdp-2014-2018-en.html
  • 27. អនុក្រឹត្យលេខ ១៤៦ ស្តីពីដីសម្បទានសេដ្ឋកិច្ច. មាត្រា ៣.  ២៧ ធ្នូ ២០០៥.
  • 28. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៨; អនុក្រឹត្យលេខ ១៤៦ (២០០៥), មាត្រា៤ (១)
  • 29. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៩
  • 30. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៦២
  • 31. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៨
  • 32. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៤
  • 33. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥៧
  • 34. អនុក្រឹត្យលេខ ១៤៦ (២០០៥), មាត្រា ៣
  • 35. ដូចឯកសារយោងខាងលើ
  • 36. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ. “សម្បទានដីសេដ្ឋកិច្ច៖ ខ្លឹមសារសង្ខេប” ដកស្រង់ ៣ កក្កដា ២០១៥. http://www.maff.gov.kh/elc/
  • 37. Subedi, Surya P. ២០១២. “របាយការណ៍របស់អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា” ក្រុមប្រឹក្សាសិទ្ធិមនុស្ស កិច្ចប្រជុំលើកទី ២១. ១៧ កញ្ញា៖ ៥៣. http://www.ohchr.org/Documents/HRBodies/HRCouncil/RegularSession/Session21/A.HRC.21.35_en.pdf
  • 38. ជា វណ្ណៈ. ឆ្នាំ២០១៥. “ក្រសួងកសិកម្មនឹងបញ្ចប់ការវាយតម្លៃលើសម្បទានដីសេដ្ឋកិច្ច.” ទីភ្នាក់ងារសារព័ត៌មានកម្ពុជារបស់រដ្ឋ. ៣០ កញ្ញា ២០១៥. ចូលអាន ៨ តុលា ២០១៥. https://web.archive.org/web/20151008052240/http://www.akp.gov.kh/?p=69494
  • 39. May, Kunmakara. ២០១៥. “ប្រាក់ចំណូលពីសម្បទានដីសេដ្ឋកិច្ចមានកម្រិតទាប”. កាសែតភ្នំពេញប៉ុស្តិ៍. ចេញផ្សាយ ២១ មេសា ២០១៥. http://www.phnompenhpost.com/business/elc-earnings-underwhelm
  • 40. Subedi . ២០១២. ទំព័រ ៤៩
  • 41. ដូចឯកសារយោងខាងលើ
  • 42. ដូចឯកសារយោងខាងលើ
  • 43. ដូចឯកសារយោងខាងលើ. ទំព័រ ៥៣
  • 44. Alfons Üllenberg. ២០០៩. “វិនិយោគផ្ទាល់ពីបរទេសលើវិស័យដីធ្លីនៅកម្ពុជា”.  អង្គការ GTZ. http://www2.gtz.de/dokumente/bib-2010/gtz2010-0061en-foreign-direct-investment-cambodia.pdf
  • 45. អ្នកតំណាងពិសេសរបស់អគ្គលេខាធិការសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា. ២០០៧. “ដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជា៖ ទស្សនៈ សិទ្ធមនុស្ស”. អង្គការសហប្រជាជាតិ. ការិយាល័យនៃឧត្តមស្នងការសិទិ្ធមនុស្សនៅប្រទេសកម្ពុជា. http://cambodia.ohchr.org/WebDOCs/DocReports/2-Thematic-Reports/Thematic_CMB12062007E.pdf
  • 46. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ១៦
  • 47. Surbedi. ២០១២. ទំព័រ ១៤
  • 48. អ៊ឹម ឈុនលឹម. ២០១២. “សុន្ទរកថារបស់ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី- រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាគោលនយោបាយដីធ្លី “. កិច្ចប្រជុំលើកទី ១៩ របស់គណៈកម្មាធិការសម្របសម្រួលរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ទីក្រុងភ្នំពេញ ២៦ កញ្ញា ២០១២. ចូលអាន មិថុនា ឆ្នាំ ២០១៥. http://www.cdc-crdb.gov.kh/cdc/gdcc/nineteenth/agenda5_gov_en.htm
  • 49. ADHOC. ២០១៤.
  • 50. ដូចឯកសារយោងខាងលើ
  • 51. Billy Otter. 2014. «ប្រតិកម្មចម្រុះបន្ទាប់ពីការដកហូតដីសម្បទាន”. កាសែត Khmer Times. 3 តុលា ២០១៤. www.khmertimeskh.com/news/4964/reactions-mixed-after-land-concessions-revoked/.
  • 52. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា. ២០១២. “បទបញ្ជា ០១ បប ស្តីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច (ELC)”
  • 53. តាំង វីដា. ២០១៥. “រដ្ឋាភិបាលកាត់បន្ថយអាយុរបស់សម្បទានដីសេដ្ឋកិច្ច”. កាសែត ភ្នំពេញប៉ុស្តិ៍ ចេញផ្សាយ ២៩ កក្កដា ២០១៥. http://www.phnompenhpost.com/national/lifespan-elcs-slashed-govt
  • 54. ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់. ២០១៣. “សេចក្តីជូនដំណឹង” ចុះ២១ ខែឧសភា ២០១៣.  http://bit.ly/1VyAdyf
  • 55. Grimsditch, Mark និង Laura Schoenberger (២០១៥). “សកម្មភាពថ្មី និងគោលនយោបាយចាស់៖ ការអនុវត្ត និងផលប៉ះពាល់នៃបទបញ្ជា ០១”. វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា៖ ៣៩. http://www.ngoforum.org.kh/NewActionsandExistingPoliciesImplementationandImpactsofDirective01_Eng.pdf ដោយលើកឡើងពីសេចក្តីសម្រេចលេខ ១២៥ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤. [សេចក្តីសង្ខេបនៃការស្រាវជ្រាវជាភាសារខ្មែរ៖ https://bit.ly/2SZFJx1]
  • 56. សមាគម អាដហុក. «ដីរបស់នរណា? របាយការណ៍ស្តីពីស្ថានភាពសិទិ្ធដីធ្លីនៅក្នុងប្រទេសកម្ពុជា៖ ឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥» http://www.adhoc-cambodia.org/wp-content/uploads/2015/07/20152107_Land-Report_FINAL.pdf
  • 57. រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា. ២០១២.
  • 58. Grimsditch. ២០១៥.
  • 59. ដូចឯកសារយោងខាងលើ
  • 60. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ. ២០១៤. ទំព័រ១៣២
  • 61. Grimsditch. ២០១៥.
  • 62. ក្រុមប្រឹក្សាគោលនយោបាយដីធ្លី សេចក្តីណែនាំលេខ ២០ ស្តីពីការអនុវត្តសារាចរណ៍ណែនាំលេខ ១ របស់រាជរដ្ឋាភិបាល (២០១២) ៖ ២៦។ http://www.mlmupc.gov.kh/mlm/imgs/20130213%20Manual%20for%20Implementing%20Govt%20Order%2001_ENG.pdf
  • 63. ច្បាប់ភូមិបាល ឆ្នាំ ២០០១ មាត្រា ៥០
  • 64. ច្បាប់ស្តីពីសម្បទាន ឆ្នាំ ២០០៧ មាត្រា ៥
  • 65. ច្បាប់ស្តីពីសម្បទាន ឆ្នាំ ២០០៧ មាត្រា ៧. http://www.cambodiainvestment.gov.kh/content/uploads/2011/09/Law-on-Concessions-Full-Text_071019.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PRdhn
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!