កិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា ដែលជាទូទៅសំដៅទៅលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានចាត់ទុកជាការចាប់ផ្តើមនៃជំនួយបរទេសមកដល់ប្រទេសមួយ ដែលបច្ចុប្បន្ននេះ ពួកយើងទាំងអស់គ្នាស្គាល់ថាជា ប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានសម្គាល់ថាជាការចាប់ផ្តើមនៃការធ្វើនិយតកម្មទំនាក់ទំនងអន្តរជាតិរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសនៅលើពិភពលោក។ ដៃគូផ្តល់ជំនួយទ្វេភាគីដ៏ធំជាងគេរបស់ប្រទេសកម្ពុជា រួមមានប្រទេសជប៉ុន1 និងសហរដ្ឋអាមេរិក បានចាប់ផ្តើមទំនាក់ទំនងអន្តរជាតិជាធម្មតាឡើងវិញនៅឆ្នាំ ១៩៩៣(ហើយនៅពេលនោះ គេហៅថាជាការផ្តល់ជំនួយ)។2
ជំនួយបរទេសឱ្យមកកាន់កម្ពុជាមានច្រើនទម្រង់ដូចជា៖ ពហុភាគី (តាមរយៈអង្គការអន្តរជាតិដែលមានប្រទេសច្រើនជាសមាជិក ឧទាហរណ៍៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក), ទ្វេភាគី (ជំនួយប្រទេសមួយឱ្យទៅកាន់ប្រទេសមួយ) និងជំនួយតាមរយៈជំនួយអង្គការមិនមែនរដ្ឋាភិបាល (អង្គការឯករាជ្យ ដែលទទួលបានមូលនិធិពីប្រទេសជាម្ចាស់ជំនួយ និងទីភ្នាក់ងារពហុភាគី)។ ប្រទេសកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងទៅលើជំនួយបរទេស - ចន្លោះពី ៣០ ទៅ ៤០ភាគរយ នៃកញ្ចប់ថវិការបស់រដ្ឋាភិបាលកណ្តាល អាស្រ័យលើថវិកាជំនួយបរទេស។3
នៅឆ្នាំដំបូងនៃជំនួយបរទេស ប្រទេសកម្ពុជាបានយល់ព្រមគាំទ្រស្តង់ដារអន្តរជាតិជាច្រើនសម្រាប់អ្នកទទួលជំនួយ។ នៅពេលថ្មីៗនេះ សេចក្តីប្រកាសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០០០។ កិច្ចព្រមព្រៀងនេះបង្កើតនូវទិសដៅនិងគោលដៅដែលមានពេលវេលាកំណត់ និងវាស់វែងបាន សម្រាប់ប្រយុទ្ធប្រឆាំងនឹងភាពក្រីក្របំផុត ភាពអត់ឃ្លាន ជម្ងឺដង្កាត់ អនក្ខរកម្ម ការសឹករិចរិលនៃបរិស្ថាន និងការរើសអើងចំពោះស្ត្រី4ហើយចំពោះករណីប្រទេសកម្ពុជា មានបន្ថែមនូវគោលដៅបោសសម្អាតមីនផងដែរ។ នៅពាក់កណ្តាលឆ្នាំ ២០១៥ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ត្រូវបានចាប់ផ្តើមជំនួសដោយគោលដៅអភិវឌ្ឍន៍ដោយចីរភាព (មើលក្នុងជំនួយអង្គការសហប្រជាជាតិ) ជាគោលការណ៍ណែនាំ និងទិសដៅថ្មី សម្រាប់ប្រទេសសមាជិកអង្គការសហប្រជាជាតិអនុវត្ត។ គោលដៅអភិវឌ្ឍន៍នេះនឹងក្លាយជាប្រធានបទនៃគម្រោង និងកម្មវិធីជំនួយនៅកម្ពុជា។
ក្របខណ្ឌគតិយុត្តិ និងគោលដៅអភិវឌ្ឍន៍
ខណៈដែលក្របខណ្ឌច្បាប់សម្រាប់គ្រប់គ្រងជំនួយអភិវឌ្ឍន៍នៅមានតិចតួចនៅឡើង នៅកម្ពុជាគោលដៅ និងយន្តការអភិវឌ្ឍន៍នានាក្នុងវិស័យនេះមានភាពច្បាស់លាស់។ ក្រៅពីកង្វះខាតច្បាប់ជាក់លាក់ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា (CRDB) ដែលស្ថិតក្រោម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងជំនួយ។ រាល់ជំនួយបរទេសទ្វេភាគី និងពហុភាគី ត្រូវបានប្រគល់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បន្ទាប់មកត្រូវបានផ្តល់ឱ្យទៅគម្រោងគោលដៅ ឬតាមគោលបំណងនៃជំនួយនោះ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចាំបាច់ត្រូវតែអនុម័តរាល់គម្រោងនានាដែលឧបត្ថម្ភដោយភាគីណាមួយ ជៀសជាងដោយរាជរដ្ឋាភិបាល។ នៅពេលដែលកិច្ចការនេះត្រូវបានបញ្ចប់ គម្រោងទាំងនេះត្រូវហៅថា គម្រោងវិនិយោគប្រកបដោយគុណវឌ្ឍន៍គ្រប់គ្រាន់ (QIP)។ បន្ទាប់មក គម្រោងវិនិយោគប្រកបដោយគុណវឌ្ឍន៍គ្រប់គ្រាន់នេះ អាចស្នើរសុំ និងទទួលយកមូលនិធិ។ រាជរដ្ឋាភិបាលផ្សព្វផ្សាយបង្ហាញ និងចេញសេចក្តីប្រកាសព័ត៌មានសម្រាប់ដៃគូអភិវឌ្ឍន៍ស្ទើរតែទាំងអស់របស់ខ្លួន5 ដើម្បីធ្វើឱ្យដំណើរការនេះកាន់តែមានតម្លាភាពដែលតម្រូវដោយកិច្ចព្រមព្រៀងនិងវេទិការជំនួយទ្វេភាគី និងពហុភាគី ភាគច្រើន។
ដើម្បីសម្រេចបានគោលដៅដែលបានដាក់ចេញ រាជរដ្ឋាភិបាលបានអនុម័ត “យុទ្ធសាស្ត្រចតុកោណ”។ យុទ្ធសាស្ត្រនេះត្រូវបានពណ៌នាថាជា “ រចនាសម្ព័ន្ធរួមបញ្ជូលគ្នានៃមុំបួនប្រទាក់ក្រឡាគ្នា”។6
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣។7 ដំណាក់កាលទី៣ ត្រូវបានបង្កើតឡើងនៅលើយុទ្ធសាស្ត្រចតុកោណចាស់ និង ដំណាក់កាលទី២ ដែលបានផ្តល់ជាមគ្គុទេសតម្រង់ទិសអភិវឌ្ឍជាតិនៅចន្លោះឆ្នាំ ២០០៤-២០០៨ និង ២០០៩-២០១៣។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៤-២០១៨) គឺជាក្របខណ្ឌគ្រប់គ្រងនិងអភិវឌ្ឍន៍ដែលនឹងត្រូវបានរៀបចំនៅក្នុងដំណាក់កាលទី៣ នៃយុទ្ធសាស្ត្រចតុកោណនេះ។ សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (SIDA) បានព្រមព្រៀងគ្នាដើម្បីផ្តល់ជំនួយឥតសំណង ៣៣.១ លានអឺរ៉ូ ដើម្បីជួយគាំទ្រដល់កម្មវិធីកំណែទម្រង់ដំណាក់កាលទី៣នេះ។8
នៅក្នុងដំណាក់កាលនេះ កម្ពុជាបម្រុងនឹងងាកចេញពីភាពជាដៃគូលក្ខណៈប្រពៃណីសម្រាប់ការអភិវឌ្ឍ ទៅរកលក្ខណៈថ្នាក់តំបន់ និង ទិសដៅ “ខាងត្បូង-ខាងត្បូង” ឬអាស៊ី។ ការងាកចេញនេះអាចនឹងត្រូវបានឃើញតាមរយៈប្រាក់ជំនួយក្នុងចំនួនដ៏ច្រើន ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី បានមកពីប្រភពនៅទ្វីបអាស៊ី (មើលក្នុងទិន្នន័យជំនួយអភិវឌ្ឍផ្លូវការនៅកម្ពុជា)។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបីនេះ ក៏ស្វះស្វែងរក “ការពង្រឹងភាពជាដៃគូនានា ការសម្រេចបានជាលទ្ធផល និងការអភិវឌ្ឍន៍សមត្ថភាពប្រកបដោយចីរភាព ដោយផ្សារភ្ជាប់ទៅនឹងផែនការជាតិ ថវិកា និងក្របខណ្ឌត្រួតពិនិត្យ ខណៈដែលជំនួយអភិវឌ្ឍន៍ផ្លូវការ កាន់តែត្រូវបានបញ្ជ្រាបបញ្ចូលទៅក្នុងកម្មវិធីកំណែទម្រង់របស់រដ្ឋាភិបាលដើម្បីកសាងស្ថាប័នប្រកបដោយប្រសិទ្ធិភាព”។9
ឱកាស និងការប្រឈម
កាលពីមុន កម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជា “ប្រទេសមានសេដ្ឋកិច្ចចំណូលទាប” (ដែលត្រូវបានកំណត់ថា រាល់បណ្តាប្រទេសមានកំណើនជាតិសរុប (GNI) សម្រាប់ប្រជាជនម្នាក់ ១,០៤៥ ដុល្លារ នៅក្នុងឆ្នាំ ២០១៤)10- ជាមួយនឹងកម្រិត កំណើនជាតិសរុប (GNI) សម្រាប់ប្រជាជនម្នាក់ៗ ១,០២០ ដុល្លារ ដែលធ្វើឱ្យប្រទេសនេះមានអាទិភាពខ្ពស់ក្នុងការទទួលបានជំនួយពីបរទេស។ យ៉ាងណាមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៦ ថា ចំណូលសម្រាប់ប្រជាជនម្នាក់ៗនៅក្នុងប្រទេសកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ១,៣០១ ដុល្លារ នៅចុងឆ្នាំនេះ។11 តួរលេខនេះត្រូវបានអះអាងដោយរបាយការណ៍ផ្ទៀងផ្ទាត់របស់ធនាគារពិភពលោក ឆ្នាំ២០១៦ ដែលបានប្តូរប្រទេសកម្ពុជាឡើងទៅកាន់ “ប្រទេសមានសេដ្ឋកិច្ចចំណូលមធ្យមទាប” ដែលត្រូវបានកំណត់ជាបណ្តាប្រទេសដែលមានកំណើនជាតិសរុប (GNI) ក្នុងប្រជាជនម្នាក់ៗ ច្រើនជាង ១,០៤៥ ដុល្លារ ប៉ុន្តែតិចជាង ១២,៧៣៦ ដុល្លារ នៅក្នុងឆ្នាំ ២០១៤។12 ស្តង់ដារនេះគឺត្រូវបានគណនាសារឡើងវិញនៅរៀងរាល់ខែកក្កដា។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា គឺជាប្រទេសសេដ្ឋកិច្ចមធ្យមទាប ដូច្នេះទំហំជំនួយបរទេសត្រូវបានរំពឹងថានឹងថយចុះ។
ការចាត់ថ្នាក់ថ្មីសម្រាប់ប្រទេសកម្ពុជា គឺជាសញ្ញាបង្ហាញពីការរីកចម្រើនសម្រាប់ប្រទេសនេះ ប៉ុន្តែក៏ចោទជាបញ្ហាប្រឈមផងដែរ។ សព្វថ្ងៃនេះ ប្រទេសកម្ពុជាគឺជាប្រទេសដែលមានសេដ្ឋកិច្ចចំណូលមធ្យមទាប ដែលជាកត្តាមួយធ្វើឲ្យជំនួយអន្តរជាតិនឹងត្រូវបាត់បង់ក្នុងទំហំមួយ។ ទំហំជំនួយបានធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែការធ្លាក់ចុះនេះនឹងកាន់តែកើនឡើងខ្លាំងឡើងនាពេលអនាគត។ ហេតុការណ៍នេះនឹងបណ្តាលឱ្យមានបញ្ហាប្រឈមមួយចំនួន ដោយសារថា ៣០ ទៅ ៤០ភាគរយនៃថវិកាជាតិសរុបបានមកពីមូលនិធិបរទេស។ ជំនួយអភិវឌ្ឍន៍ផ្លូវការនៃប្រទេសកម្ពុជា បើគិតជាភាគរយនៃខ្ទង់ចំណាយរបស់ខ្លួនបាននិងបន្តធ្លាក់ចុះនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ ស្ថានភាពនេះបង្ហាញថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) គឺកំពុងកើនឡើង ខណៈដែល ជំនួយអភិវឌ្ឍន៍ផ្លូវការកំពុងតែចូលរួមទៅក្នុងជំនួយបរទេស កាន់តែតិចទៅៗ។
បច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦
ទាក់ទងនឹងគោលនយោបាយអភិវឌ្ឍន៍និងការគ្រប់គ្រង
-
ឯកសារយោង
- 1. វិទ្យាស្ថានសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ. ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន. ការសិក្សាលើបណ្តាប្រទេសអនុវត្តគម្រោងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនសម្រាប់ជំនួយអភិវឌ្ឍផ្លូវការរបស់ជប៉ុន៖ ព្រះរាជាណាចក្រកម្ពុជា- ពីការកសាងឡើងវិញរហូតដល់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តភាព-ខែមីនា ឆ្នាំ២០០២។
- 2. ក្រសួងការបរទេសសហរដ្ឋអាមេរិក. “កំណត់ត្រាតថភាពនៃប្រទេស៖ ទំនាក់ទំនងសហរដ្ឋអាមេរិកជាមួយកម្ពុជា.” ចូលអានថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦។ https://www.state.gov/u-s-relations-with-cambodia/
- 3. ដូចឯកសារយោងខាងដើម។
- 4. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា. ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាពនៅកម្ពុជា. “គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍.” ចូលអានថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៦។ http://www.cdc-crdb.gov.kh/cdc/cmdgs_en.pdf
- 5. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC). អ្នកឧបត្ថម្ភកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍. http://www.cdc-crdb.gov.kh/cdc/donor_country_pro.htm
- 6. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC). ការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធិភាពនៅកម្ពុជា. “យុទ្ធសាស្ត្រចតុកោណ.” ចូលអានថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៦។ . http://www.cdc-crdb.gov.kh/cdc/documents/RGC_Rectangular_Strategy_2004.pdf
- 7. ដំណាក់កាលទី៣ នៃយុទ្ធសាស្ត្រចតុកោណ។ http://www.cdc-crdb.gov.kh/cdc/documents/Rectangular_Strategy_Phase_III.pdf
- 8. Post Staff. “សហភាពអឺរ៉ុប, ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែដ (SIDA) ផ្តល់ជំនួយឥតសំណង ៣៣.១ លានអឺរ៉ូសម្រាប់កញ្ចប់ថវិកាកំណែទម្រង់.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០១៦។ http://www.phnompenhpost.com/business/eu-sida-offer-eu331m-grant-budget-reform?utm_source=The%20Phnom%20Penh%20Post%20News%20Brief&utm_campaign=32cb5ed37c-atphga&utm_medium=email&utm_term=0_53e48d7faf-32cb5ed37c-315019025
- 9. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (២០១៤-២០១៨). ទំព័រ ១២១។ . http://www.cdc-crdb.gov.kh/cdc/documents/NSDP_2014-2018.pdf
- 10. ទិន្នន័យធនាគារពិភពលោក. “ប្រទេសធនាគារពិភពលោក និងក្រុមផ្តល់ប្រាក់កម្ចី.” ចូលអានថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ https://datahelpdesk.worldbank.org/knowledgebase/articles/906519
- 11. Post Staff. “នាយករដ្ឋមន្ត្រី ហ៊ុន សែន ឃើញពីសញ្ញាណនៃសេដ្ឋកិច្ចរឹងមាំ.” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦។ http://www.phnompenhpost.com/business/hun-sen-sees-signs-strong-economy
- 12. ទិន្នន័យធនាគារពិភពលោក. “ប្រទេសធនាគារពិភពលោក និងក្រុមផ្តល់ប្រាក់កម្ចី.” ចូលអានថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦។ https://datahelpdesk.worldbank.org/knowledgebase/articles/906519