ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃប្រទេសកម្ពុជា។ រូបភាព ថតដោយវេទិកា សេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៥។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-SA 2.0
ក្រសួងពាណិជ្ជកម្ម ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ ដោយច្បាប់។1 ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានកំណត់ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។2 រដ្ឋមន្ត្រីទទួលបន្ទុកក្រសួងពាណិជ្ជកម្ម ត្រូវបានជ្រើសរើសដោយនាយករដ្ឋមន្ត្រី និង តែងតាំងដោយព្រះមហាក្សត្រ។ បន្ទាប់ពីបានទទួលសេចក្តីទុកចិត្តពីរដ្ឋសភា រដ្ឋមន្ត្រីត្រូវបានតែងតាំងជាមួយនឹងគណៈរដ្ឋមន្ត្រីទាំងមូល ដោយព្រះរាជក្រឹត្យ។3
ក្រសួងពាណិជ្ជកម្ម ទទួលខុសត្រូវបំពេញ និងចូលរួមចំណែកកសាងគោលនយោបាយ របស់រាជរដ្ឋាភិបាល។ រាប់បញ្ចូលទៅក្នុងសមត្ថកិច្ច និងការទទួលខុសត្រូវរបស់ក្រសួង រួមមាន ការរក្សាតម្លៃនៅលើទីផ្សារ និងការអន្តរាគមន៍លើទីផ្សារ ត្រួតពិនិត្យមើលពាណិជ្ជកម្មអន្តរជាតិ ស្វែងរកទីផ្សារក្រៅស្រុកសម្រាប់ផលិតផលនិងសេវាក្នុងស្រុក ចុះបញ្ជីក្រុមហ៊ុន និងចេញអាជ្ញាប័ណ្ណឱ្យក្រុមហ៊ុន ជាដើម។ ដើម្បីបំពេញភារកិច្ចនេះ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំជាអគ្គនាយកដ្ឋាន និងនាយកដ្ឋាន រាប់បញ្ចូលទាំង មន្ទីរពាណិជ្ជកម្មរាជធានី-ខេត្ត និងសាខាកាំកុងត្រូលរាជធានី-ខេត្ត។4
សម្រាប់ព័ត៌មានបន្ថែមស្តីពី៖
- ព័ត៌មានពាណិជ្ជកម្ម
- ព័ត៌មានសេវាពាណិជ្ជកម្ម
- ការលើកកម្ពស់ពាណិជ្ជកម្ម
- ការវិនិយោគបរទេសដោយផ្ទាល់
- គម្រោងរបស់ក្រសួង និងអង្គភាពទទួលបន្ទុក
- ឯកសារផ្លូវការ
ទំនាក់ទំនង:
- អាសយដ្ឋាន: ផ្ទះឡូលេខ១៩-៦១ ផ្លូវលេខ១១៣បេ ភូមិទឹកថ្លា សង្កាត់ទឹកល្អក់ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- អ៊ីម៉ែល: moc.gov.kh@gmail.com
- ទូរស័ព្ទ: (+៨៥៥) ២៣ ៨៦៦ ៤២៥
- ផែនទី: http://bit.ly/1TdaGGZ
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥
ឯកសារយោង
- 1. ច្បាប់ស្តីពីការបង្កើតក្រសួងពាណិជ្ជកម្ម ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១៦ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦
- 2. អនុក្រឹត្យលេខ១៣១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងពាណិជ្ជកម្ម ចុះថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៤
- 3. បច្ចុប្បន្ន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គឺ ឯកឧត្តម ស៊ុន ចាន់ថុល ។ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកម/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ២០១៣ ។
- 4. ក្រសួងពាណិជ្ជកម្ម “រចនាសម្ព័ន្ធនៃក្រសួងពាណិជ្ជកម្ម” ។ ចូលអាននៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥។ http://www.moc.gov.kh/en-us/organisatioin-structure/year/2014