ការអប់រំ និងការបណ្តុះបណ្តាល

សាលាបឋម​សិក្សា​ជីផាត ខេត្ត​កោះកុង។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.

ការ​ទទួល​បានការ​អប់រំ​មួយ​ ដែល​មានគុណ​ភាព​ និង​ឥត​គិតថ្លៃ​ គឺជា​សិទ្ធិ​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

  • ​​មាត្រា​៦៥៖​ “​រដ្ឋ​ត្រូវ​ការពារ​ និង​ លើក​ស្ទួយ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ទទួល​បានការ​អប់រំ​មួយ​ប្រកបដោយ​គុណភាព​ នៅ​គ្រប់​កម្រិត​ និង​ ត្រូវ​ចាត់វិធានការ​គ្រប់​បែប​យ៉ាង​ ជា​ជំហានៗ​ ដើម្បី​ឱ្យ​ការ​អប់រំ​នេះ​បាន​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ …”​។​
  • ​មាត្រា​៦៦៖​ “​រដ្ឋ​កសាង​ប្រព័ន្ធ​អប់រំ​មួយ​ពេញលេញ​ និង​ ឯកភាព​នៅ​ទូ​ទាំង​ប្រទេស​ ដែល​ធានា​ឱ្យ​បាន​នូវ​គោលការណ៍​សេរីភាព​ខាង​សិក្សាធិការ​ និង​ គោលការណ៍​សមភាព​ក្នុង​ការ​អប់រំ​ …”​។​
  • មាត្រា​៦៧៖​ “…​ រដ្ឋ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ និង​ថ្នាក់​សិក្សា​សាធារណៈ​ និង​ឯកជន​នៅ​គ្រប់​ភូមិ​សិក្សា​”​។​
  • មាត្រា​៦៨៖​ “​រដ្ឋ​ផ្តល់​កិច្ចការ​អប់រំ​ផ្នែក​បឋម​ និង​ មធ្យមសិក្សា​នៅ​សាលារៀន​សាធារណៈ​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​រូប​ ដោយ​ឥត​បង់ថ្លៃ​។​ ប្រជាពលរដ្ឋ​ ត្រូវ​បាន​ទទួល​ការ​អប់រំ​យ៉ាងតិច​៩​ឆ្នាំ​ …”​។​ 1

អត្រា​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​កុមារ​នៅ​ថ្នាក់បឋមសិក្សា​ នៅ​ប្រទេស​កម្ពុជា​ កំពុង​តែ​កើនឡើង​ជិត​ដល់​១០០​%​។​ ចំណាយ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​អប់រំ​  បាន​កើន​ឡើងជា​បន្តបន្ទាប់​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ សាលារៀន​ថ្មីៗ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​អត្រា​អក្ខរកម្ម​ត្រូវ​បាន​លើកកម្ពស់​។​ ប៉ុន្តែ​ទោះបីជា​ផ្នែក​ខ្លះ​នៃ​វិស័យ​អប់រំ​បាន​អភិវឌ្ឍ​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​ក៏​ដោយ​ បញ្ហា​ប្រឈម​មួយ​ចំនួន​នៅ​តែ​កើត​មាន​ឡើង​។​

​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​ ២០១៤-២០១៨​ បាន​ដាក់​ចេញ​ជា​ភាសា​សាមញ្ញ​ថា​ “​វិស័យ​អប់រំ​មាន​ភាព​យឺតយ៉ាវ​ ដែល​តម្រូវ​ឱ្យ​មានការ​កែ​លម្អ​ ។​ បញ្ហា​ចម្បងៗ​រួម​មាន​ គុណភាព​សិក្សា​នៅ​មាន​កម្រិត​ កង្វះខាត​បរិក្ខារ​សិក្សា​ កង្វះខាត​គ្រូបង្រៀន​ដែល​មាន​សមត្ថភាព​ ភាព​ខ្វះចន្លោះ​នៃ​ការ​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព​សិក្សា​ និង​ចំនួន​តិចតួច​នៃ​គ្រឹះស្ថានឧត្តមសិក្សា​ដែល​មានគុណ​ភាព​”​។​2

​​បញ្ហា​ប្រឈម​មួយ​ចំនួន​គិត​ជាលេខ៖

  • ​​កម្ពុជា​ ជា​ប្រទេស​ដែល​មាន​ផលធៀប​សិស្ស​-​គ្រូ​ទាប​ជាងគេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​គ្រូបង្រៀន​ម្នាក់​ សម្រាប់​សិស្ស​ចំនួន​ ៤៣​នាក់​ ក្នុង​សាលា​បឋម​សិក្សា​។​3
  • ​ទោះបីជា​អត្រា​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ថ្នាក់បឋមសិក្សា​បាន​កើនឡើង​ជិត​ដល់​ ១០០%​ ក៏​ដោយ​ វត្តមាន​សិក្សា​ និង​ការ​បញ្ចប់​ការ​សិក្សា​ នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ទាប​គួរ​ឱ្យ​កត់សំគាល់​។​ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ មាន​តែ​ ៨១%​ នៃ​កុមារី​ និង​៨៣%​ នៃ​កុមា​រា​ ដែល​មាន​អាយុ​ចាប់ពី​ ៦​ ទៅ​ ១១​ឆ្នាំ​ បាន​កំពុង​សិក្សា​នៅ​ថ្នាក់បឋមសិក្សា​។​4​ តួលេខ​មួយ​ចំនួន​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​អប់រំ​ ដូច​ជា​ការ​បញ្ចប់​ការ​សិក្សា​នៅ​ថ្នាក់បឋមសិក្សា​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ៨០,៦%​ នៅ​ឆ្នាំ​ ២០១៥​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ​ ដែល​មាន​រហូត​ដល់​ ៨៤%​។​ ដូច​គ្នា​នេះ​ដែរ​ គេ​រក​ឃើញ​ថា​ ចំនួន​កុមារ​ ដែល​បាន​បញ្ចប់​ថ្នាក់បឋមសិក្សា​មាន​តិច​ជាង​ ៨០%​ នៅ​ស្រុក​ចំនួន​៩​ទៀត​។​5

​កម្មវិធី​អប់រំ​កុមារ​តូច

រាជរដ្ឋាភិបាល​បាន​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​កម្មវិធី​អប់រំ​កុមារ​តូច​ ដែល​មាន​អាយុ​ចាប់ពី​ ៣​ ទៅ​ ៥​ឆ្នាំ​។​ កុមារ​ដែល​មាន​អាយុ​ ៥​ឆ្នាំ​ មាន​អត្រា​ការ​ចូល​រៀន​ខ្ពស់​បំផុត​ ដោយ​កើនឡើង​ពី​ ៣៥%​ នៅ​ឆ្នាំ​ ២០០៨-២០០៩​ ទៅ​ ៦៤%​ នៅ​ឆ្នាំ​ ២០១៤-២០១៥​។​6​ យ៉ាងណា​ក៏​ដោយ​ មាន​តែ​កុមារ​ ១​នាក់​ ក្នុង​ចំណោម​ ៥​នាក់​ ដែល​មាន​អាយុ​បី​ឆ្នាំ​ និង​កុមារ​ ១​នាក់​ក្នុង​ចំណោម​ ៣​នាក់​ ដែល​មាន​អាយុ​៤​ឆ្នាំ​ បាន​ទទួល​កម្មវិធី​អប់រំ​កុមារ​តូច​។​ តួលេខ​នេះ​ មាន​កម្រិត​ទាប​ខ្លាំង​ ជា​ពិសេស​នៅ​តាម​តំបន់​ដាច់​ស្រយាល​ ដូច​ជា​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ​ ឬ​ជនជាតិ​ដើម​ភាគតិច​ និង​កុមារ​ពិការ​។​ 7​ នេះ​បង្ហាញ​ថា​ តិច​ជាង​ ១​ភាគ​៣​ នៃ​កុមារ​ដែល​មាន​អាយុ​ ៣​ ទៅ​ ៥​ឆ្នាំ​ បាន​ទទួល​ជំនាញ​ដែល​ពួក​គេ​គួរ​មាន​ ដូច​ជា​ការ​អាន​ និង​រាប់​លេខ​។​​

​ការ​អប់រំ​បឋម​សិក្សា​ និង​មធ្យមសិក្សា​

រាជរដ្ឋាភិបាល​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ឱ្យ​កុមារ​កម្ពុជា​ ទទួល​បានការ​អប់រំ​យ៉ាងតិច​ត្រឹម​ថ្នាក់​ទី​៩​ ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​។​  បើ​តាម​បច្ចេកទេស​ កុមារ​ម្នាក់​អាច​បញ្ចប់​ការ​សិក្សា​ រយៈពេល​១២​ឆ្នាំ​៖​ ក្នុង​នោះ​រួម​មាន​៦​ឆ្នាំ​ នៅ​កម្រិត​បឋម​សិក្សា​ (​ចាប់ពី​ថ្នាក់​ទី​១​ ដល់ទី​៦)​ ៣​ឆ្នាំ​ នៅ​កម្រិត​អនុ​វិទ្យាល័យ​ (​ចាប់ពី​ថ្នាក់​ទី​៧​ ដល់ទី​៩)​ និង​៣​ឆ្នាំ​ ទៀត​ សម្រាប់​កម្រិត​វិទ្យាល័យ​ (​ចាប់ពី​ថ្នាក់​ទី​១០​ ដល់ទី​១២)​។​

​អត្រា​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា​ ២០១៦-២០១៧​ មាន​ចំនួន​ ៩៣,៥%​សម្រាប់​បឋម​សិក្សា​ និង​៥៥,៧%​ សម្រាប់​អនុ​វិទ្យាល័យ​ និង​២៥,១%​ នៅ​វិទ្យាល័យ​។​8 

តួលេខ​របស់​រាជរដ្ឋាភិបាល​បាន​បង្ហាញ​ថា​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្នាក់បឋមសិក្សា​ មាន​សិស្ស​៦,៦%​  រៀន​ត្រួតថ្នាក់​ និង​សិស្ស​៤,៦%​ បោះបង់​ការ​សិក្សា​។​ ចំពោះ​កម្រិត​អនុ​វិទ្យាល័យ​វិញ​ មាន​សិស្ស​ ២,៨%​ រៀន​ត្រួតថ្នាក់​ជា​រៀង​រាល់​ឆ្នាំ​ និង​១៩,៤%​ បោះបង់​ការ​សិក្សា​ចោល​។​9

អត្រា​នៃ​សិស្ស​បញ្ចប់​ការ​សិក្សា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់​ ក្រោយ​កម្រិត​បឋម​សិក្សា​៖​ ចាប់ពី​ ៧៩,៩%​  នៅ​កម្រិត​បឋម​សិក្សា​ មក​ត្រឹម​ ៤២,៦%​ នៅ​កម្រិត​អនុ​វិទ្យាល័យ​ និង​បន្ត​ធ្លាក់​ចុះ​ត្រឹមតែ​ ២០,២%​ នៅ​កម្រិត​វិទ្យាល័យ​។​10​ នៅ​ទូ​ទាំង​ប្រទេស​ %​នៃ​ការ​បញ្ចប់​ការ​សិក្សា​នៅ​បឋម​សិក្សា​របស់​កុមារី​ មាន​%​ខ្ពស់​ជាង​កុមា​រា​ ពោល​គឺ​ ៨៣,២%​ ធៀប​នឹង​ ៧៦,១%​។​11​ អត្រា​នៃ​ការ​បញ្ចប់​សិក្សា​តាម​យេ​ន​ឌ័​រ​នេះ​ ក៏​មាន​ភាព​ខុស​គ្នា​នៅ​កម្រិត​វិទ្យាល័យ​ និង​អនុ​វិទ្យាល័យ​។

ការ​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១២​បាន​បង្ហាញ​ថា​ បើ​ទោះបីជា​សាលា​រដ្ឋ​ផ្តល់​ការ​សិក្សា​ដោយ​ឥត​បង់ថ្លៃ​ ដូច​ប្រទេស​ឯទៀត​ក៏​ដោយ​ អាណាព្យាបាល​ និង​សិស្ស​មួយ​ចំនួន​បាន​និយាយ​ថា​ ពួក​គេ​នៅ​តែ​បង់ថ្លៃ​សិក្សា​ដដែល​។​12​ គេ​ប៉ាន់​ស្មានថា​ សម្រាប់​សិស្ស​ម្នាក់ៗ​ ត្រូវ​ចំណាយ​ប្រហែលជា​ ១១៩​ ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​មួយ​ឆ្នាំ​ ដែល​វា​ជា​ចំនួន​ច្រើន​សម្រាប់​គ្រួសារ​មាន​ចំនូល​ទាប​ និង​គ្រួសារ​ដែល​មានកូន​ក្នុង​វ័យ​សិក្សា​ច្រើន​នាក់​។​ ការ​ចំណាយ​នេះ​ក៏​អាច​ជះ​ឥទ្ធិពល​លើ​ការ​បោះបង់​ការ​សិក្សា​ផង​ដែរ​។​

គ្រឹះស្ថាន​សិក្សា​ និង​ស្ថានភាព​របស់​សាលា​

ប្រទេស​កម្ពុជា​មាន​សាលារៀន​ចំនួន​ ១២​ ៨៨៩​  (​សាលា​បឋម​សិក្សា​មាន​ចំនួន​ ៧១៤៤)​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៦​ -២០១៧​។​13 បើ​ធៀប​នឹង​ឆ្នាំ​២០១៣​ មាន​សាលា​ចំនួន​ ១៥១៩​ កើនឡើង​។​14

ថ្វី​ត្បិត​តែ​មានការ​សាងសង់​បរិក្ខារ​ប្រើប្រាស់​ក្នុង​សាលារៀន​ទូ​ទាំង​ប្រទេស​ តែ​គុណភាព​នៅ​មាន​កម្រិត​។​ ជា​ឧទាហរណ៍​ ៤០,៩%​ នៃ​សាលា​បឋម​សិក្សា​ និង​ ៥៣,៧%​ នៃ​វិទ្យាល័យ​ ពុំ​មានទឹក​ប្រើប្រាស់​ទេ​។​15​ យោង​តាម​របាយការណ៍​ឆ្នាំ​២០១៧​ របស់​ក្រសួង​ អប់រំ​ យុវជន​ និង​កីឡា​ សាលា​បឋម​សិក្សា​ចំនួន​ ១៤,១%​ និង​វិទ្យាល័យ​ ៩%​ ពុំ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​នោះ​ទេ​។​16​ ស្ថានភាព​សាលារៀន​នៅ​តាម​ទីក្រុង​ និង​នៅ​ជនបទ​គឺ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​។​ វត្ត​អារាម​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​វិស័យ​អប់រំ​។​ ទិន្នន័យ​របស់​ក្រសួង​អប់រំ​បាន​បង្ហាញ​ថា​ មាន​សាលារៀន​ចំនួន​ ១០៣០​ ស្ថិត​នៅ​ក្នុង​បរិវេណ​វត្ត​អារាម​។​17

ថវិកា​សំរាប់​ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈ​​គ្រូបង្រៀន​

ដ្ឋមន្ត្រី​ ក្រសួង​អប់រំ​ លោក​ ហង់​ ជួនណា​រ៉ុ​ន​ បាន​មាន​ប្រសាសន៍​ថា​ ”​ការ​ជ្រើសរើស​គ្រូបង្រៀន​ឱ្យ​បាន​គ្រប់គ្រាន់​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ យើង​ត្រូវ​បង្កើន​ខ្ទង់ចំណាយ​ទៅ​លើ​ វិស័យ​អប់រំ​ ដើម្បី​ផ្តល់​ប្រាក់ខែ​សមរម្យ​ និង​រក្សា​បាន​នូវ​ចំនួន​គ្រូបង្រៀន​ដែល​មាន​សមត្ថភាព​ខ្ពស់​។​18

គ្រូបង្រៀន​ប្រមាណ​ ១៨​ ០០០​ នាក់​ បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​។​ គ្រូបង្រៀន​ ដែល​មាន​កម្រិតសិក្សា​ថ្នាក់​វិទ្យាល័យ​ មាន​ចំនួន​ ៥១​ ៨២០​ នាក់​ ឯ​គ្រូបង្រៀន​ ១៩​ ២៦៧​ នាក់​ទៀត​មាន​កម្រិតសិក្សា​ថ្នាក់​អនុ​វិទ្យាល័យ​ ហើយ​មាន​តែ​គ្រូបង្រៀន​ចំនួន​ ១​ ៧៧៩​ នាក់​ប៉ុណ្ណោះ​ដែល​បាន​សិក្សា​ត្រឹម​បឋម​សិក្សា​។​19 

​អង្គការ​យូ​ណេ​ស្កូ​ បាន​ផ្តល់​ជា​អនុសាសន៍​ទៅ​រាជរដ្ឋាភិបាល​ ឱ្យ​ចំណាយ​យ៉ាងតិច​ ២០%​នៃ​ថវិកាជាតិ​ទៅ​លើ​វិស័យ​អប់រំ​ ហើយ​ខ្ទង់ចំណាយ​របស់​ក្រសួង​អប់រំ​ ក៏​កំពុង​ឈាន​ទៅ​ដល់​តួលេខ​ដែល​បាន​ណែនាំ​នោះ​ដែរ​។​ នៅ​ក្នុង​ឆ្នាំ​២០១៤​ ការ​ចំណាយ​លើ​វិស័យ​អប់រំ​ មាន​ចំនួន​ ៣៣៥​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​មាន​ចំនួន​តិច​ជាង​ ១០%​ នៃ​ថវិកាជាតិ​។​ ចំនួន​ថវិកា​ដែល​បាន​ស្នើ​ សម្រាប់​វិស័យ​អប់រំ​ក្នុង​ឆ្នាំ​២០១៨​ គឺ​មាន​ចំនួន​ ៨៤៨​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ប្រហែលជា​ ១៤%​ នៃ​ថវិកាជាតិ​សរុប​។​20

​ប្រាក់បៀវត្ស​ន៍​របស់​គ្រូបង្រៀន​ បាន​កើនឡើង​គួរ​ឱ្យ​កត់សំគាល់​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុន្តែ​ចាប់ផ្តើម​ចេញពី​កម្រិត​ដំបូង​។​ នៅ​ដើមឆ្នាំ​២០១៤​ បៀរ​វត្ស​ទាប​បំផុត​សម្រាប់​គ្រូបង្រៀន​គឺ​ ៨០​ដុល្លារ​សហរដ្ឋអាមេរិក​ ក្នុង​មួយ​ខែ​។​21 នៅ​ខែមេសា​ ឆ្នាំ​ ២០១៧​  ប្រាក់​បៀរ​វត្ស​ន៍​បាន​កើន​ដល់​ ២៣០​ ដុល្លារ​សហរដ្ឋអាមេរិក​ (​មិន​ទាន់​រួម​បញ្ចូល​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ទៀត​)​។​22

នៅ​ឆ្នាំ​ ២០២០​ ក្រសួង​អប់រំ​ មាន​ផែនការ​ បង្កើន​កម្រិត​អប់រំ​របស់​គ្រួ​បង្រៀន​យ៉ាងតិច​ត្រឹម​ថ្នាក់​ទី​៩​ បូក​រួម​ទាំង​ការ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ២​ឆ្នាំ​ នៅ​ថ្នាក់​ខេត្ត​ រហូត​ដល់​ ថ្នាក់​ទី​១២​ រួម​ទាំង​៤​ឆ្នាំ​បន្ថែម​លើ​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​23

អក្ខរកម្ម​

អត្រា​អក្ខរកម្ម​ក្នុង​ចំណោម​យុវជន​ ដែល​មាន​អាយុ​ពី​១៥​ ទៅ​២៤​ឆ្នាំ​ មាន​ចំនួន​ ៩២,២%​ ក្នុង​ឆ្នាំ​២០១៥​ ដែល​កើនឡើង​ ៤%​ ធៀប​នឹង​ឆ្នាំ​២០០៨​។​24 

របាយការណ៍​ស្ទង់​មតិ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ នៅ​ឆ្នាំ​២០១៥​ បង្ហាញ​ថា​អត្រា​អក្ខរកម្ម​របស់​មនុស្ស​ពេញវ័យ​មាន​ចំនួន​ ៨០,៥%​ ។​25

អត្រា​ខ្ពស់​នៃ​ការ​ចំណាកស្រុក​ដោយសារ​ការ​ស្វែងរក​ការងារ​ បាន​ជះ​ឥទ្ធិពល​ដល់​ការ​ទទួល​បានការ​អប់រំ​របស់​យុវជន​។​ ប្រជាជន​មិន​ចេះអក្សរ​ភាគច្រើន​ ធ្វើការ​ក្នុង​រោងចក្រ​ ដែល​ជះ​ឥទ្ធិពល​ដល់​ការ​តាំងចិត្ត​ក្នុង​ការ​សិក្សា​ពេល​ល្ងាច​។​

ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​

​ចំណុចខ្សោយ​នៃ​វិស័យ​ឧត្តម​សិក្សា​ និង​បណ្តុះបណ្តាល​របស់​ប្រទេស​កម្ពុជា​ គឺ​ត្រូវ​បាន​មើលឃើញ​យ៉ាង​ច្បាស់​ ក្នុង​ស​ន្ទ​ស្សន៍​ប្រកួតប្រជែង​ពិភពលោក​ (GCI)​ ឆ្នាំ​២០១៧-២០១៨​ ដែល​ស្ថិត​ក្នុង​លំដាប់​ទី​១២៤​ ក្នុង​ចំណោម​ប្រទេស​១៣៧​។​26

​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ បាន​ចេញ​ឯកសារ​គោលនយោបាយ​ ស្តី​ពី​ចក្ខុវិស័យ​សម្រាប់​ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​ ឆ្នាំ​២០៣០​ នៅ​ក្នុង​ខែមេសា​២០១៤​។​27

ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​ មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​អភិវឌ្ឍ​ជាតិ​។​ ឯកសារ​គោលនយោបាយ​នេះ​ បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ និង​សកម្មភាព​ក្នុង​ការ​អនុវត្ត​គោលដៅ​នេះ​ ដែល​ផ្តោត​លើ​ការ​ទទួល​បាន​ និង​គុណភាព​នៃ​ការ​អប់រំ​  ព្រមទាំង​កម្មវិធី​សិក្សា​ដែល​បំពេញតម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​ការ​អភិវឌ្ឍ​។​​

បញ្ហា​ប្រឈម​ដ៏​សំខាន់​នៃ​ការ​អប់រំ​ថ្នាក់ឧត្តម​សិក្សា​ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ឯកសារ​នោះ​គឺ​ភាគច្រើន​សិស្ស​និយម​សិក្សា​មុខ​វិជ្ជា​ជំនួញ​ ហើយ​អ្នក​ដែល​ជ្រើសរើស​យកមុខ​ជំនាញ​មួយ​ចំនួន​ដូច​ជា​ វិទ្យាសាស្ត្រ​ វិស្វកម្ម​ និង​កសិកម្ម​ គឺ​មាន​តិចតួច​ណាស់​។​ ឯកសារ​នេះ​បាន​បញ្ជាក់​ថា​ មុខ​ជំនាញ​ដែល​គេ​មិនសូវ​ចាប់អារម្មណ៍​ទាំងនោះ​  គឺជា​ផ្នែក​មួយ​ដែល​ដើរតួ​សំខាន់​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​”​។​28

​ផែនការ​អនាគត​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​លទ្ធផល​ ដែល​បាន​រំពឹង​ទុក​នៅ​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០១៤-២០១៨​ តាម​រយៈ​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អប់រំ​ឆ្នាំ​ ២០១៤-២០១៨​។​29 សកម្មភាព​នេះ​បាន​បង្កើន​ការ​យកចិត្តទុកដាក់​ទៅ​លើ​ ការ​ពង្រីក​បន្ថែម​ការ​អប់រំ​កុមារ​តូច​ ការ​លើកកម្ពស់​លទ្ធភាព​ក្នុង​ការ​ទទួល​បានការ​អប់រំ​នៅ​មធ្យមសិក្សា​ និង​ក្រោយ​មធ្យមសិក្សា​ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ មាន​ដូច​ជា​ការ​អប់រំ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​មួយ​ ដែល​មានគុណ​ភាព​។​ វិធានការ​ជាក់លាក់​មួយ​ចំនួន​ នឹង​ត្រូវ​បាន​អនុវត្ត​ដើម្បី​ធានា​ថា​កុមារ​ និង​យុវជន​ដែល​ងាយ​រង​គ្រោះ​នឹង​ទទួល​បានការ​អប់រំ​ដូច​គ្នា​។​

​នៅ​ខែមករា​ ឆ្នាំ​២០១៦​ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​កុមារ​ ហើយនឹង​ត្រូវ​ត្រួតពិនិត្យ​ដោយ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​កុមារ​។​30​ គោល​នយោបាយ​ នេះ​មាន​គោល​បំណង​កាត់​បន្ថយ​អត្រា​បោះបង់​ចោល​ការ​សិក្សា​ និង​បង្កើន​ឱកាស​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ក្នុងចំណោមបញ្ហា​ជាច្រើនទៀត។

ធ្វើបច្ចុប្បន្នភាព៖ ០២ មេសា ២០១៨

ទាក់ទងនឹងការអប់​រំ និង​ការ​បណ្តុះ​បណ្តាល​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

snhdc
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!