ស្ទើតែពេញមួយសតវត្សរ៍ទី ២១ ប្រទេសកម្ពុជាមានការរីកចំរើនផ្នែកសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ ដោយបានផ្លាស់ប្តូរពីប្រទេសដែលមានភាពចលាចលនយោបាយ ទៅជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតមួយនៅលើពិភពលោក។ ប្រទេសកម្ពុជាបានក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ដែលភាគច្រើនជាលទ្ធផលនៃកំណែទម្រង់ទីផ្សារសេរី ការដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិសំខាន់ៗ ការកែលម្អបរិយាកាសធុរកិច្ច និងការបង្កើនតួនាទីរបស់ខ្លួនក្នុងពាណិជ្ជកម្មអន្តរជាតិតាមរយៈជាប្រទេសសមាជិករបស់អាស៊ាន។ ប្រទេសកម្ពុជាទទួលបានអត្រាកំណើនប្រចាំឆ្នាំជាមធ្យមប្រមាណ ៧ ភាគរយក្នុងចន្លោះឆ្នាំ ២០១៤ និង ២០១៨។1
ទោះបីប្រទេសកម្ពុជាមានរូបិយប័ណ្ណ (ប្រាក់រៀល) ផ្ទាល់ខ្លួនយ៉ាងណាក្តី សេដ្ឋកិច្ចរបស់កម្ពុជាមានលក្ខណៈដុល្លាររូបនីយកម្មខ្ពស់ ហើយរូបិយប័ណ្ណអាមេរិកនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស។ ដុល្លាររូបនីយកម្មនៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកើតឡើងបណ្តាលមកពីការថយចុះកម្រិតនៃការទុកចិត្តរបស់សាធារណជនចំពោះរូបិយប័ណ្ណក្នុងស្រុក និងគោលនយោបាយរបស់រដ្ឋាភិបាល។ សកម្មភាពសេដ្ឋកិច្ចនៅមានកម្រិតទាបកាលពីដើមទសវត្សឆ្នាំ ១៩៩០ រួមនឹងការរឹតត្បិតការគាំទ្រពីអន្តរជាតិក្នុងទម្រង់ជាការផ្តល់ជំនួយអន្តរជាតិទាបបានកំណត់លទ្ធភាពរបស់កម្ពុជា ក្នុងការអនុវត្តកំណែទម្រង់គោលនយោបាយសារពើពន្ធ និងរារាំងលទ្ធភាពរបស់ខ្លួនក្នុងការប្រមូលចំណូលពន្ធដែលនាំឲ្យមានហិរញ្ញប្បទានខ្ពស់តែពីធនាគារកណ្តាល។2 មុនទសវត្សឆ្នាំ ១៩៩០ ប្រទេសកម្ពុជាមានជម្លោះស៊ីវិលដែលបានរារាំងសមត្ថភាពរបស់កម្ពុជា ក្នុងការភ្ជាប់ទំនាក់ទំនងអន្តរជាតិ និងការទទួលបានការគាំទ្រជាសកលដើម្បីជំរុញការអភិវឌ្ឍន៍របស់ខ្លួន។ នៅទសវត្សទី៩០ អង្គការសហប្រជាជាតិបានដឹកនាំប្រទេសដទៃទៀតដើម្បីបញ្ចប់ជម្លោះស៊ីវិល ក្នុងនោះក៏មានការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាឡើងវិញផងដែរ។ បនា្ទប់មកទៀត ការផ្គត់ផ្គង់សាច់ប្រាក់នៅកម្ពុជាដំបូងបានកើនឡើង ២៤ ភាគរយ បន្ទាប់មកកើនឡើង ២៩ ភាគរយ និងកើនឡើងដល់ជាង ២០០ ភាគរយ ក្នុងរវាងឆ្នាំ ១៩៩០, ១៩៩១ និង ១៩៩២។3 ច្បាប់ស្តីពីមូលបត្ររដ្ឋ និងច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន បានធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវក្របខ័ណ្ឌបទប្បញ្ញត្តិនៃទីផ្សារមូលបត្រ ខណៈពេលដែលគោលបំណងរយៈពេលវែងដើម្បីពង្រឹងទៅលើទីផ្សារនេះ កំពុងត្រូវបានអនុវត្តតាមកិច្ចគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងក៏ដូចជាអាស៊ាន។4
ដោយទទួលស្គាល់ពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមានលក្ខណៈល្អប្រសើរ កម្ពុជាបានបន្តការពង្រីកសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព និងការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ព្រមទាំងវិស័យឯកជន។ អ្វីដែលកាន់តែពិសេសនោះ រដ្ឋាភិបាលកម្ពុជាបានអនុវត្តនូវយុទ្ធសាស្ត្រជាច្រើនដើម្បីរុញច្រានការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុដោយផ្អែកលើចក្ខុវិស័យ និងផែនការអភិវឌ្ឍហិរញ្ញវត្ថុឆ្នាំ (២០០១-២០១០)។5 ភាពចាំបាច់នានាដើម្បីជំនះទៅលើបញ្ហាផ្សេងៗដែលញាំញីកំណើនសេដ្ឋកិច្ចនៅកម្ពុជា បានរួមចំណែកជាកត្តាលីករដល់ការបង្កើតគណៈកម្មការមូលបត្រកម្ពុជា (SECC)។ គណៈកម្មការធ្វើនិយ័តកម្ម គ្រប់គ្រង និងអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា និងលើកទឹកចិត្តឲ្យមានការទិញនូវឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត។ អាជ្ញាធរនេះមានអាណត្តិក្នុងការគ្រប់គ្រងឧស្សាហកម្មមូលបត្រដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការកៀងគរមូលធនពីវិនិយោគិនដើម្បីផ្គត់ផ្គង់ការតម្រូវការហិរញ្ញប្បទានអាជីវកម្ម។6 គណៈកម្មការនេះក៏មានតួនាទីការពារសិទ្ធិរបស់វិនិយោគិន និងធានានូវការចេញ និងការជួញដូរមូលបត្រប្រកបដោយភាពត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់ ខណៈពេលដែលប្រឹងប្រែងពង្រឹងបទបញ្ញត្តិ និងការអភិវឌ្ឍទីផ្សារមូលបត្រប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។ គណៈកម្មការមូលបត្រអាចផ្តល់អាជ្ញាប័ណ្ណដល់អ្នកចូលរួមផ្សេងទៀតនៅក្នុងទីផ្សារមូលបត្រនេះ ព្រមទាំងដើរតួនាទីជាស្ថាប័នដែលផ្តល់នូវការត្រួតពិនិត្យ និងសម្រួលមូលប្បទានបត្រ។
ទោះជាយ៉ាងណា ធនាគារជាតិនៃកម្ពុជា (NBC) ក៏អាចធ្វើប្រតិបត្តិការទៅលើការត្រួតពិនិត្យ និងសម្រួលនៃការទូទាត់មូលប្បទានបត្រផ្សេងៗដោយមិនចាំបាច់មានអាជ្ញាប័ណ្ណពីគណៈកម្មការមូលបត្រនោះទេ។ ក្នុងករណីដែលការត្រួតពិនិត្យ និងការសម្រួលនៃការទូទាត់មូលប្បទានបត្រមិនត្រូវបានបង្កើតឡើងគ្រប់គ្រាន់ ប្រតិបត្តិករនៅក្នុងទីផ្សារមូលបត្រប្រហែលជាមិនត្រូវបានអនុញ្ញាតឡើយ។ ក្រុមហ៊ុនផ្សារមូលបត្រដូចជាភ្នាក់ងារធានាទិញ និងឈ្មួញមូលបត្រក៏អាចធ្វើប្រតិបត្តិការនៅក្នុងទីផ្សារមូលបត្រតាមរយៈការផ្តល់សិទ្ធិពីគណៈកម្មការមូលបត្រ7 ទោះបីជាក្រុមហ៊ុនចែកចាយមូលបត្រមួយចំនួន ដូចជាប្រតិបត្តិករធ្វើការពាក់ព័ន្ធនឹងការក្ស័យធនត្រូវបានលើកលែងនៅក្នុងលក្ខណ្ឌនេះក៏ដោយ។ ឈ្មួញមូលបត្រអាចប្រើគណនីរបស់ពួកគេបាននៅពេលជួញដូរមូលប័ត្រ និងប្រតិបត្តិការអាជីវកម្មឈ្មួញកម្រៃជើងសាមូលប័ត្រ និងអាជីវកម្មប្រឹក្សាយោបល់វិនិយោគ។ ក្រុមហ៊ុនប្រឹក្សាវិនិយោគបំពេញតួនាទីសំខាន់ក្នុងការផ្តល់ជាដំបូន្មាន និងពិគ្រោះយោបល់ដល់វិនិយោគិន។ ចាប់តាំងពីឆ្នាំ ២០១០ មកគណៈកម្មការមូលបត្របានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រឹក្សា និងវិនិយោគចំនួន ១៥។8
ក្នុងឆ្នាំ ២០១១ ផ្សារមូលបត្រកម្ពុជា (CSX) ត្រូវបានបង្កើតឡើងជាផ្សារភាគហ៊ុនជាតិរបស់ប្រទេស។ អាណត្តិរបស់ខ្លួនផ្តោតលើការលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការសម្របសម្រួលការវិនិយោគ ការពង្រីកវិស័យឯកជន និងលំហូរមូលធន។ ផ្សារមូលបត្រកម្ពុជាកើតឡើង គឺជាលទ្ធផលនៃកិច្ចព្រមព្រៀងដំបូងដែលបានចុះហត្ថលេខារវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងផ្សារមូលបត្រកូរ៉េ (KRX) ដើម្បីអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្នកាន់កាប់ភាគហ៊ុនចំនួន ៥៥ ភាគរយនៃមូលធនដែលបានចុះបញ្ជីក្រោមផ្សារមូលបត្រកម្ពុជា ខណៈដែលក្រុមហ៊ុនផ្សារមូលបត្រកូរ៉េកាន់កាប់ភាគហ៊ុនដែលនៅសេសសល់ ៤៥ ភាគរយ។9 រដ្ឋាភិបាលកម្ពុជាតាមរយៈទីភ្នាក់ងារ និងមន្ទីររដ្ឋាភិបាលផ្សេងៗរបស់ខ្លួន បានផ្តល់ការគាំទ្រចាំបាច់មួយចំនួនដល់ផ្សារមូលបត្រកម្ពុជា ដើម្បីបង្កើនការប្តេជ្ញាចិត្តរបស់ផ្សារមូលបត្រកម្ពុជាក្នុងការបង្កើតបរិយាកាសធុរកិច្ចមួយដែលងាយស្រួលសម្រាប់វិនិយោគិន និងការធ្វើឲ្យខ្លួនក្លាយទៅជាបណ្តាញហិរញ្ញប្បទានដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ គិតត្រឹមខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុននៅក្នុងផ្សារមូលបត្រកម្ពុជា រួមមានធនាគារអេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុនហ្គ្រេនធ្វីន (Grand Twins)អ៊ិនធឺណេសិនណល (ខេមបូឌា) ភីអិលស៊ី, ផេសតិច (Pestech) (ខេមបូឌា) ភីអិលស៊ី, កំពង់ផែស្វយ័តភ្នំពេញ, តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ, រដ្ឋាករទឹកស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ប្រទេសកម្ពុជាមានគោលនយោបាយស្តីពីការបោះផ្សាយលក់មូលបត្រ ដែលអនុញ្ញាតឲ្យមានការចេញមូលបត្រតាមរយៈទីភ្នាក់ងារឯកជន ឬសំណើលក់ដំបូងជាសាធារណៈ (IPO)។ ក្នុងនោះមានលក្ខខណ្ឌពីរនៅពេលការចេញមូលបត្រធ្វើឡើងពីទីភ្នាក់ងារឯកជន។ ទីមួយនោះគឺ ចំនួនមនុស្សដែលនឹងត្រូវបានផ្តល់ជូនមូលប័ត្រមិនត្រូវលើសពី ៣០ នាក់។ ទីពីរ មិនត្រូវមានការផ្សព្វផ្សាយជាសាធារណៈទាក់ទងនឹងការផ្តល់ជូននេះទេ។ ដូច្នេះរាល់ការផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ទាំងអស់ រួមទាំងការស្វែងរកការពិគ្រោះយោបល់លើការវិនិយោគលើមូលប័ត្រ ត្រូវបានហាមឃាត់នៅពេលចេញមូលបត្រតាមរយៈទីភ្នាក់ងារឯកជន។10 ទោះជាយ៉ាងណាក្តី វាមិនមានន័យថាគណៈកម្មការមូលបត្រមិនអនុញ្ញាតឲ្យទីភ្នាក់ងារដាក់ឯកជនចេញមូលបត្រឡើយ វាអាចធ្វើទៅបានឲ្យតែគោរពទៅតាមបទបញ្ជាកំណត់ទៅលើដែនអំណាចរបស់ទីភ្នាក់ងារឯកជនក្នុងវិស័យមូលបត្រនៅកម្ពុជា។ យ៉ាងណាម៉ិញ ប្រតិបត្តិការចេញមូលបត្រពីទីភ្នាក់ងារឯកជន និងលទ្ធផលផ្សេងៗត្រូវតែទាក់ទងទៅគណៈកម្មការមូលបត្រកម្ពុជា។ គណៈកម្មការមូលបត្រត្រូវផ្តល់សិទ្ធិឲ្យចេញ ឬជួញដូរមូលបត្រសាធារណៈស្របតាមលក្ខណ្ឌដែលបានបង្កើតឡើង។
នៅឆ្នាំ ២០១៥ គណៈកម្មការមូលបត្របានបង្កើតទីផ្សារថ្មីមួយហៅថាក្រុមប្រឹក្សាកំណើន (Growth Board)។ ភាពខុសគ្នាចម្បងរវាងក្រុមប្រឹក្សាកំណើនថ្មី និងក្រុមប្រឹក្សាភិបាលដែលមានស្រាប់ គឺទៅលើលក្ខណ្ឌនៃការចុះបញ្ជី។ ដូចបានកំណត់នៅក្នុងប្រកាសលេខ ០០៦/១៥ ស្តីពីការអនុវត្តវិធាននៃការចុះបញ្ជី (ឆ្នាំ ២០១៥) ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនដែលចាំបាច់ត្រូវចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាភិបាលគឺមានចំនួន ៣០ ពាន់លានរៀល និង ២ ពាន់លានរៀលសម្រាប់ក្រុមប្រឹក្សាកំណើនថ្មី។11 ដូច្នេះវាមានន័យថា ក្រុមប្រឹក្សាកំណើនថ្មីផ្តល់ឱកាសទៅដល់សហគ្រាសខ្នាតតូច និងមធ្យមដែលកំពុងស្វែងរកការរីកចម្រើក្នុងការចុះបញ្ជីលើវិស័យមូលបត្រនេះ។ ដើម្បីចាប់ផ្តើមដំណើរដាក់សំណើលក់មូលបត្រដំបូងជាសាធារណៈ អ្នកចេញមូលបត្រដំបូងឡើយត្រូវតែរៀបចំបរិយាយបណ្ណ និងបង្កើតចំនួនប្រាក់ទុន ក៏ដូចជាតម្លៃភាគហ៊ុនរបស់ខ្លួន។12 ជំហានបន្ទាប់ គឺការបំពេញពាក្យសុំទៅគណៈកម្មការមូលបត្រ ហើយនៅពេលដែលសិទ្ធិរបស់បេក្ខជនត្រូវបានបញ្ជាក់ បរិយាយបណ្ណចុងក្រោយមួយត្រូវតែផ្ញើទៅគណៈកម្មការមូលបត្រ។ មាត្រា និងលក្ខខណ្ឌកិច្ចព្រមព្រៀងត្រូវបានរៀបចំឡើងដោយអ្នកចេញមូលបត្រ បន្ទាប់ពីទទួលបានការយល់ព្រមសំណើលក់មូលបត្រដំបូងជាសាធារណៈ(IPO) ពីគណៈកម្មការមូលបត្រ។ បន្ទាប់ពីការអនុម័ត និងការចុះឈ្មោះបរិយាយបណ្ណពីគណៈកម្មការមូលបត្រហើយនោះ ភ្នាក់ងារធានាទិញមូលប័ត្រ អ្នកចែកចាយមូលបត្រ និងឈ្មួញកម្រៃជើងសាមូលបត្រអាចផ្តល់ជូននូវមូលបត្រដែលចេញថ្មីបាន។ នៅប្រទេសកម្ពុជា ២០ ភាគរយនៃមូលបត្រដែលទើបចេញថ្មីត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋកម្ពុជា ខណៈ ៨០ ភាគរយទៀតគឺបើកចំហសម្រាប់វិនិយោគិនទូទៅ។
កំណែទម្រង់នាពេលថ្មីៗទៅលើទីផ្សារប្តូរប្រាក់បានធ្វើឲ្យមានភាពប្រសើរឡើងនូវទីផ្សារមូលប័ត្រ និងការពង្រឹងបានទៅលើការវិនិយោគ ព្រមទាំងការពង្រីកសកម្មភាពសេដ្ឋកិច្ច។ ទាំងគណៈកម្មការមូលបត្រ (SECC) និងផ្សារមូលបត្រកម្ពុជា (CSX) សុទ្ធតែមានតួនាទីសំខាន់ក្នុងការធានានូវប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពទៅលើទីផ្សារ និងបទប្បញ្ញត្តិផ្សារមូលបត្រនៅកម្ពុជា។ យ៉ាងណាម៉ិញ ទោះបីជាមានការរីកចម្រើនលើវិស័យនេះក៏ដោយ ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងភាពមានកម្រិតយ៉ាងធ្ងន់ធ្ងរនៅក្នុងបទប្បញ្ញត្តិនៃផ្សារមូលបត្ររបស់ខ្លួន និងតម្រូវការដើម្បីពង្រីកខ្លួនជាមួយនឹងការចុះបញ្ជីក្រុមហ៊ុនជាច្រើនទៀតនៅថ្ងៃខាងមុខ។
ទាក់ទងនឹងគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ
ឯកសារយោង
- 1. ធនាគារពិភពលោក, «ការវិវឌ្ឍន៍ និងទស្សនវិស័យសេដ្ឋកិច្ចនាពេលថ្មីៗ៖ ការវិនិយោគលើអនាគតរបស់ប្រទេសកម្ពុជា - ផ្នែកសុខភាព និងអាហារូបត្ថម្ភសម្រាប់កុមារតូចៗ» ខែ ឧសភា ឆ្នាំ ២០១៩។ ចូលអាននៅខែ កញ្ញា ឆ្នាំ ២០២០។
- 2. ឈីវ សុខថេត, «ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា» ខែ វិច្ឆិកា ឆ្នាំ ២០១៣។ ចូលអាននៅខែ កញ្ញា ឆ្នាំ ២០២០។
- 3. ដូចឯកសារយោងខាងដើម
- 4. ធនាគារអភិវឌ្ឍន៍អាស៊ី, «មគ្គុទេសក៍ទីផ្សារមូលបត្រអាស៊ាន+៣៖ ផ្សារមូលបត្រនៅកម្ពុជា» ឆ្នាំ ២០១៨។ ចូលអាននៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០។
- 5. ដូចឯកសារយោងខាងដើម
- 6. ឈីវ សុខថេត, «ការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា» ខែ វិច្ឆិកា ឆ្នាំ ២០១៣។ ចូលអាននៅខែ កញ្ញា ឆ្នាំ ២០២០។
- 7. DFDL, «មគ្គុទេសក៍ការវិនិយោគនៅកម្ពុជា៖ ទីផ្សារមូលបត្រ» ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧។ ចូលអាននៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០។
- 8. ដូចឯកសារយោងខាងដើម
- 9. OECD, «កិច្ចប្រជុំលើកទី ៤ នៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសាជីវកម្មនៅអាស៊ីអាគ្នេយ៍» ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៧។ ចូលអាននៅខែ សីហា ឆ្នាំ ២០២០។
- 10. DFDL, «មគ្គុទេសក៍ការវិនិយោគនៅកម្ពុជា៖ ទីផ្សារមូលបត្រ» ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧។ ចូលអាននៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២០។
- 11. ដូចឯកសារយោងខាងដើម
- 12. ដូចឯកសារយោងខាងដើម