សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ទទួលបានលទ្ធផលដ៏គួរឱ្យជាទីមោទនៈ ដែលឆ្លុះបញ្ចាំងចេញពីកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងការកាត់បន្ថយភាពក្រីក្រគួរឱ្យកត់សម្គាល់។ មួយផ្នែកនៃជោគជ័យនេះ គឺជាលទ្ធផលនៃការបើកចំហររបស់កម្ពុជាឆ្ពោះទៅកាន់វិនិយោគិនបរទេស។1 ការវិនិយោគក្នុងស្រុកក៏មានការកើនឡើងផងដែរ បើទោះបីជាមានអត្រាទាបជាងប្រទេសដទៃទៀតនៅក្នុងតំបន់ និងប្រទេសផ្សេងទៀតដែលមានកម្រិតអភិវឌ្ឍន៍ដូចគ្នាក៏ដោយ។2
ប្រទេសកម្ពុជាបានដាក់គោលដៅនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០ និងទទួលបានឋានៈជាប្រទេសមានប្រាក់ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។3 ដើម្បីសម្រេចបាននូវគោលដៅនេះ និងផែនការដទៃទៀត ប្រទេសកម្ពុជាបានបន្តរក្សាបើកចំហរសេដ្ឋកិច្ចរបស់ខ្លួន ដោយផ្តល់ឱកាសវិនិយោគដែលមានសក្តានុពលទៅដល់វិនិយោគិនបរទេស។ គោលបំណង គឺដើម្បីបង្កើនពាណិជ្ជកម្មអន្តរជាតិ ការផ្លាស់ប្តូរទំនិញ និងសេវាកម្មជាមួយទីផ្សារនៅក្នុងតំបន់ និងពិភពលោកដទៃផ្សេងទៀត។ ការអនុវត្តគោលការណ៍សេដ្ឋកិច្ចទីផ្សារសេរី និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ផ្តល់បរិយាកាសវិនិយោគដែលមានភាពទាក់ទាញសម្រាប់ប្រទេសកម្ពុជាផងដែរ។4
ប្រទេសកម្ពុជា ទទួលបានលទ្ធផលល្អក្នុងការទាក់ទាញវិនិយោគិនពីបរទេស ដោយសារទំហំសេដ្ឋកិច្ចរបស់ខ្លួនទោះបីជាការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែផ្តោតសំខាន់ខ្លាំងទៅលើតែវិស័យមួយចំនួនក៏ដោយ ជាឧទាហរណ៍គឺវិស័យវាយនភ័ណ្ឌ។ ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ដែរ លំហូរវិនិយោគផ្ទាល់ពីបរទេសមកក្នុងប្រទេសកម្ពុជា បានកើនឡើងគួរឱ្យកត់សម្គាល់ បន្ទាប់ពីបានចូលរួមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងឆ្នាំ ២០០៤។5
ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
យោងទៅតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ស៊ីឌីស៊ី) ការបង្កើតច្បាប់ និងបទប្បញ្ញត្តិនានាដែលគ្រប់គ្រងលើការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាមានគោលបំណងជំរុញដល់ការវិនិយោគ។ ដូចដែលបានចែងនៅក្នុងច្បាប់ស្តីពីការវិនិយោគ ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជាត្រូវបានបើកចំហរ ហើយការវិនិយោគត្រូវបានអនុញ្ញាតនៅក្នុងវិស័យជាច្រើន លើកលែងតែកម្មសិទ្ធិដីធ្លី។ វិនិយោគិនក៏មានសិទ្ធិទទួលបាននូវការលើកទឹកចិត្តផ្សេងៗទៀតផងដែរ។6 ច្បាប់ស្ដីពីការវិនិយោគដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានតាក់តែងឡើងក្នុងឆ្នាំ១៩៩៤។ វាមានទាំងអស់ ៩ ជំពូក និង ២៦ មាត្រា ដោយផ្ដោតសំខាន់ក្នុងការផ្ដល់ភាពងាយស្រួលដល់វិនិយោគិន។7 ច្បាប់នេះបានចែងពីបទប្បញ្ញត្តិទូទៅដូចជានីតិវិធីសម្រាប់ការវិនិយោគ និងការទទួលបានសិទ្ធិព្រមទាំងការធានាសម្រាប់វិនិយោគិន។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញពីវិស័យដែលរដ្ឋាភិបាលបានលើកទឹកចិត្តឲ្យមានការវិនិយោគផងដែរ។8
នៅឆ្នាំ២០០៣ ច្បាប់ថ្មីមួយត្រូវបានធ្វើវិសោធនកម្មទៅលើមាត្រាខ្លះៗនៃច្បាប់ស្ដីពីការវិនិយោគឆ្នាំ១៩៩៤ ដោយបានកែប្រែធ្វើឲ្យវាកាន់តែមានភាពច្បាស់លាស់ និងទូលំទូលាយជាងមុន។9 ច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់ជាងមុនពីវិសាលភាព នីតិវិធី និងលក្ខណៈសម្បត្តិដែលអាចវិនិយោគបាននៅលើទឹកដីប្រទេសកម្ពុជា។ ច្បាប់នេះក៏មានគោលបំណងដើម្បីជំរុញដល់ការវិនិយោគបន្ថែមទៀត និងបង្កើតឲ្យមានតុល្យភាពត្រឹមត្រូវសម្រាប់របបវិនិយោគនៅកម្ពុជា។10 បន្ថែមពីលើនេះ មានការលើកទឹកចិត្តបន្ថែមទៀតសម្រាប់វិនិយោគិន និងយន្តការដោះស្រាយវិវាទផ្សេងៗ ជាក់ស្ដែង ទទួលបានការមិនបាច់បង់ពន្ធក្នុងរយៈពេលកំណត់ណាមួយ (automatic tax holiday) ការលើកលែងពន្ធលើការនាំចូល១០០% ការធានាប្រឆាំងនឹងការធ្វើជាតូបនីយកម្ម កែប្រែថ្មីឡើងវិញលើកិច្ចសន្យាជួលដីរហូតដល់ ៩៩ ឆ្នាំលើដីសម្ប-ទានសម្រាប់គោលបំណងកសិកម្ម និងមានជាច្រើនទៀត។11
ក្រោយមក នៅឆ្នាំ២០០៥ អនុក្រឹតលេខ ១១១ ស្ដីពីច្បាប់ស្ដីពីវិសោធនកម្មនៃច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឲ្យប្រើប្រាស់។ ច្បាប់នេះមានគោលបំណងបំពេញបន្ថែម និងអនុវត្តលើច្បាប់វិនិយោគ ដើម្បីលើកកម្ពស់បន្ថែមទៀតលើការវិនិយោគក្នុងប្រទេស ពីសំណាក់វិនិយោគិនទាំងក្នុងស្រុក និងបរទេស។12 អនុក្រឹត្យនេះ បានបញ្ជាក់ឲ្យកាន់តែច្បាស់អំពីស្ថានភាពគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលវិនិយោគិនទាំងអស់ត្រូវដាក់ពាក្យស្នើសុំដើម្បីទទួលបានការលើកទឹកចិត្តវិនិយោគ។13 យោងទៅតាមច្បាប់ស្តីពីវិសោធនកម្មស្ដីពីការវិនិយោគឆ្នាំ ២០០៣ ស៊ីឌីស៊ីបានដើរតួជាអង្គការសេវាកម្មច្រកចេញចូលតែមួយ ដែលទទួលខុសត្រូវក្នុងការវាយតម្លៃ និងធ្វើការសម្រេចចិត្តលើការវិនិយោគ និងការស្តារនីតិសម្បទា ការអភិវឌ្ឍ និងការត្រួតពិនិត្យសកម្មភាពវិនិយោគ។ វិនិយោគិនត្រូវដាក់សំណើវិនិយោគរបស់ខ្លួនទៅខាងស៊ីឌីស៊ី ឬអនុគណៈកម្មាធិការវិនិយោគខេត្ត-ក្រុង ដើម្បីទទួលបានឋានៈជាគម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលអាស្រ័យទៅលើកម្រិតដើមទុន និងទីតាំងនៃការវិនិយោគ។1415
នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ ច្បាប់ស្តីពីវិនិយោគត្រូវបានអនុម័តឱ្យប្រើជំនួសច្បាប់ស្តីពីវិនិយោគឆ្នាំ ១៩៩៤ និង ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគឆ្នាំ ២០០៣ និងសម្រាប់ប្រទេសកម្ពុជាដើម្បីបង្កើតក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណជាមុនបាន និងមានអំណោយផលដើម្បីលើកកម្ពស់ និងទាក់ទាញការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលដោយវិនិយោគិនក្នុងស្រុក និងអន្តរជាតិ។16 ច្បាប់នេះមាន ១២ ជំពូក និង ៤២ មាត្រាដែលផ្តោតលើកែលម្អការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា តាមរយៈការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ការធ្វើទំនើបកម្ម និងការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក ការបង្កើតរបបលើកទឹកចិត្តវិនិយោគ និងការផ្តល់សិទ្ធិ និងការការពារផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ។17 ច្បាប់នេះមានបំណងធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានភាពទាក់ទាញតាមរយៈការផ្តល់នូវការលើកទឹកចិត្ត ការធានា និងការការពារបន្ថែមទៀតសម្រាប់អ្នកវិនិយោគក្នុងស្រុក និងបរទេសស្របតាមច្បាប់ និងស្តង់ដារអន្តរជាតិ។ ច្បាប់វិនិយោគថ្មីផងដែរក៏មានលក្ខណៈពិសេសសំខាន់ៗចំនួន ៥។18
- អនុញ្ញាតឱ្យចុះឈ្មោះសម្រាប់គម្រោងវិនិយោគថ្មីពីរប្រភេទ
- ការធានានិងការការពារការវិនិយោគ
- ការលើកទឹកចិត្តសម្រាប់វិស័យវិនិយោគ និងសកម្មភាព
- ការលើកទឹកចិត្តក្នុងការវិនិយោគសម្រាប់ គ.ល.គ
- ការអនុម័តសម្រាប់ការវិនិយោគឯកជន និងការដោះស្រាយវិវាទ
ការលើកទឹកចិត្តវិនិយោគ
ព័ត៌មានលម្អិតបន្ថែមលើការលើកទឹកចិត្តវិនិយោគ
ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការបង្កើនការវិនិយោគ
ដូចមានចែងតាំងពីដំណាក់កាលទី ១ នៃយុទ្ធសាស្ត្រចតុកោណរបស់ខ្លួន រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច។ រដ្ឋាភិបាលបន្តផ្តោតលើការទាក់ទាញវិនិយោគិនមកលើវិស័យឯកជន តាមរយៈការពង្រីកទីផ្សារអន្តរជាតិ ការផ្តល់ការលើកលែងពន្ធ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងក្របខ័ណ្ឌគតិយុត្តិ ដើម្បីជួយសម្រួលដល់ការវិនិយោគរបស់ឯកជននៅក្នុងវិស័យអាទិភាពដែលមានការប្រកួតប្រជែងប្រកបដោយយុត្តិធម៌ភាព តម្លាភាព និងគណនេយ្យភាព។19
រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងធ្វើឱ្យមានភាពប្រសើរឡើងនូវសេវាកម្មដើម្បីសម្របសម្រួលដល់ការវិនិយោគរបស់ខ្លួន។ នៅក្នុងឆ្នាំ ២០០៥ រដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (SEZ) ក្រោមការត្រួតពិនិត្យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងគោលបំណងលើកកម្ពស់គម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។ រដ្ឋបាលរបស់តំបន់សេដ្ឋកិច្ចពិសេស ក៏ត្រូវបានបង្កើតឡើងដើម្បីផ្តល់សិទ្ធិដល់តំបន់សេដ្ឋកិច្ចពិសេស ហើយត្រូវបានគេរំពឹងថានឹងផ្តល់សេវាកម្មច្រកចេញចូលតែមួយទៅដល់វិនិយោគិនក្នុងតំបន់នេះ ចាប់ពីដំណើរការចុះឈ្មោះគម្រោងវិនិយោគ រហូតដល់ការអនុម័តទៅលើការនាំចេញ-នាំចូល។20
ប្រទេសកម្ពុជាបានធ្វើការណែនាំតំបន់សេដ្ឋកិច្ចពិសេសជាលើកដំបូងបង្អស់នៅក្នុងខែធ្នូ ឆ្នាំ២០០៥។ តំបន់សេដ្ឋកិច្ចពិសេសសំដៅទៅលើការរៀបចំច្បាប់ ការដឹកជញ្ចូន និងពន្ធដារ ដើម្បីទាក់ទាញការវិនិយោគផ្នែកផលិតកម្ម ដែលផ្តោតទៅលើការនាំចេញ។ តំបន់សេដ្ឋកិច្ចពិសេសបង្កើននូវសុវត្ថិភាពសម្រាប់ការវិនិយោគ កាត់បន្ថយថ្លៃដើមផលិតកម្ម និងបទប្បញ្ញត្តិ ក៏ដូចជាការរឹតត្បិតផ្នែកពាណិជ្ជកម្មផ្សេងៗ។21 ភាពទាក់ទាញទាំងនេះ ផ្តល់នូវការលើកទឹកចិត្តទៅដល់វិនិយោគិន ដោយមានការគាំទ្រពីសំណាក់រដ្ឋាភិបាល លើការសម្របសម្រួលផ្នែកពាណិជ្ជកម្ម និងរដ្ឋបាលក្នុងការនាំចូល-នាំចេញ។22 យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការចំនួន ២៤ ដែលគ្របដណ្តប់គម្រោងវិនិយោគចំនួន ៥៦១ និងការងារជាង ១៦០,០០០។23
ទោះបីយ៉ាងណាក្ដី ប្រទេសកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដើម្បីដោះស្រាយ ទោះបីជាមានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងបរិយាកាសវិនិយោគដ៏ទាក់ទាញក៏ដោយ។ ដូចដែលបានបញ្ជាក់ដោយធនាគារពិភពលោក ប្រជាជនភាគច្រើននៅតែ “មានស្ថានភាពក្រីក្រ” ហើយសេដ្ឋកិច្ចនៅមានភាពងាយរងគ្រោះ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យតែមួយចំនួន ជាក់ស្ដែង ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង។24 លក្ខណ្ឌនេះធ្វើឱ្យប្រទេសកម្ពុជាងាយរងគ្រោះ និងប្រឈមនឹងការធ្លាក់ចុះនៃការប្រកួតប្រជែង និងការបាត់បង់នៃការចូលទៅកាន់ទីផ្សារដែលមានភាពអនុគ្រោះ។ ជំនួយអភិវឌ្ឍន៍ក្រៅប្រទេស (ODA) បាននឹងកំពុងថយចុះដែលជាចំណែកនៃផលិតផលក្នុងស្រុកសរុប ដូច្នេះមូលធនឯកជនកំពុងតែមានសារៈសំខាន់កើនតែខ្លាំងឡើងសម្រាប់សេដ្ឋកិច្ច។25
គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ (IDP 2015-2025) បានកំណត់យ៉ាងច្បាស់នូវបញ្ហាប្រឈមទាំងនេះ ហើយបង្ហាញពីភាពចាំបាច់ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងចៀសវាងការពឹងផ្អែកខ្លាំងពេកទៅលើវិស័យវាយនភ័ណ្ឌ។26 ផែនការធ្វើពិពិធកម្មសេដ្ឋកិច្ច ក៏ត្រូវបានដាក់ចេញនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ផងដែរ ជាក់ស្ដែងតាមរយៈការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយចំណាយថ្លៃដើម និងពេលវេលាក្នុងការបង្កើតអាជីវកម្ម ក៏ដូចជាលើកកម្ពស់បរិយាកាសពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែប្រសើរ។27 រដ្ឋាភិបាលបានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សា និងលើកកម្ពស់បរិយាកាសវិនិយោគប្រកបដោយភាពអំណោយផល ដោយដាក់ចេញនូវគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយការប្រុងប្រយ័ត្ន ដើម្បីរក្សាអត្រាអតិផរណា គ្រប់គ្រងស្ថេរភាពអត្រាប្តូរប្រាក់ និងគោលនយោបាយពាក់ព័ន្ធដទៃផ្សេងទៀតដូចជាកំណែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ។28
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើរតួជាអង្គការសេវាតែមួយ និងច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកត្រួតពិនិត្យ និងគ្រប់គ្រងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស។29 ដើម្បីសម្រេចបាននូវបេសកកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្តល់ព័ត៌មានដល់អ្នកវិនិយោគ ពិនិត្យមើលកម្មវិធីវិនិយោគ និងផ្តល់ការលើកទឹកចិត្ត តាមដានគម្រោងវិនិយោគបន្ទាប់ពីការអនុវត្ត ផ្តល់សេវាកម្មថែទាំក្រោយដល់វិនិយោគិន និងផ្តល់វេទិកាសម្រាប់វិស័យឯកជន។30 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រី និងអនុប្រធានមួយរូប ឬច្រើនរូប និងសមាជិកប្រសិនបើចាំបាច់ និងមានរចនាសម្ព័ន្ធអង្គការសំខាន់ៗចំនួនបី ដែលត្រូវកំណត់ដោយព្រះរាជក្រឹត្យ។31
- អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក)
- គណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក)
ពាក់ព័ន្ធនឹងគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ
- សេដ្ឋកិច្ច និងពាណិជ្ជកម្ម
- រដ្ឋាភិបាល
- ការវិនិយោគ
- គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច
- តំបន់សេដ្ឋកិច្ចពិសេស
ឯកសារយោង
- 1. OECD “ការពិនិត្យមើលគោលនយោបាយវិនិយោគ៖ កម្ពុជាឆ្នាំ ២០១៨ ការត្រួតពិនិត្យគោលនយោបាយវិនិយោគ” ឆ្នាំ ២០១៨។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។
- 2. រាជរដ្ឋាភិបាលកម្ពុជា “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤” ខែកញ្ញា ឆ្នាំ ២០១៨។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។
- 3. សន្និសិទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) “មគ្គុទេសក៍ការវិនិយោគសំរាប់ប្រទេសកម្ពុជា៖ ឱកាស និងលក្ខខណ្ឌ” ខែកញ្ញា ឆ្នាំ២០០៣។ បានចូលអាននៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។
- 4. ដូចឯកសារយោងខាងលើ។
- 5. OECD “ការពិនិត្យមើលគោលនយោបាយវិនិយោគ៖ កម្ពុជាឆ្នាំ ២០១៨ ការត្រួតពិនិត្យគោលនយោបាយវិនិយោគ” ឆ្នាំ ២០១៨។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។
- 6. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា «គម្រោងវិនិយោគ៖ នីតិវិធីនៃការដាក់ពាក្យស្នើសុំវិនិយោគ», ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១។
- 7. ក្រុមប្រឹក្សាសម្រាប់ការអភិវឌ្ឍកម្ពុជា “ច្បាប់ស្តីពីការវិនិយោគឆ្នាំ ១៩៩៤“ ថ្ងៃទី ០៥ ខែសីហា ឆ្នាំ១៩៩៤។ បានចូលអាននៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។
- 8. ដូចឯកសារយោងខាងលើ។
- 9. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគ” ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១២។ បានចូលអាននៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។
- 10. សន្និសិទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD) “មគ្គុទេសក៍ការវិនិយោគសំរាប់ប្រទេសកម្ពុជា៖ ឱកាស និងលក្ខខណ្ឌ” ខែកញ្ញា ឆ្នាំ២០០៣។ បានចូលអាននៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។
- 11. ដូចឯកសារយោងខាងលើ។
- 12. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “អនុក្រឹត្យលេខ ១១១ ស្តីពីច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគ” ថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១១។ បានចូលអាននៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។
- 13. ដូចឯកសារយោងខាងលើ។
- 14. ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) “សៀវភៅណែនាំវិនិយោគនៅកម្ពុជា” ឆ្នាំ ២០១៣។ បានចូលអាននៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១។
- 15. ក្រសួងការបរទេសសហរដ្ឋអាមេរិក “របាយការណ៍ស្តីពីបរិយាកាសវិនិយោគឆ្នាំ ២០២០៖ កម្ពុជា” ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២១។
- 16. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,» ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១, ទំព័រទី ១, បានចូលអានខែឧសភា ឆ្នាំ២០២២។
- 17. ដូចឯកសារយោងខាងដើម។
- 18. Siphana Sok និង Soromnear Sin, «កម្ពុជាអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ,» SokSiphana&associates, ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២១, បានចូលអានខែឧសភា ឆ្នាំ២០២២។ ឯកសារជាភាសាអង់គ្លេស ពុំមានការបកប្រែជាភាសាខ្មែរ។
- 19. ការិយាល័យទីស្តីការគណៈរដ្ឋមន្ត្រី “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ១” ថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៧។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១។
- 20. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “គ្រោងការណ៍វិនិយោគ៖ នីតិវិធីស្នើសុំវិនិយោគ” ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២១។
- 21. Warr, P. & Menon, J. “ធនាគារអភិវឌ្ឍន៍អាស៊ី៖ តំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា”, ខែតុលា ឆ្នាំ ២០១៥។ បានចូលអាននៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។
- 22. Export.gov “ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជា, រដ្ឋបាលពាណិជ្ជកម្មអន្តរជាតិ” ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។
- 23. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «តំបន់សេដ្ឋកិច្ចពិសេស,» បានចូលអានខែឧសភា ឆ្នាំ២០២២។
- 24. ធនាគារពិភពលោក “បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា៖ ការកែលម្អម៉ាក្រូសេដ្ឋកិច្ចនិងភាពធន់នឹងហិរញ្ញវត្ថុ” ខែមេសា ឆ្នាំ ២០១៦។ បានចូលអាននៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១។
- 25. OECD “ការពិនិត្យមើលគោលនយោបាយវិនិយោគ៖ កម្ពុជាឆ្នាំ ២០១៨ ការត្រួតពិនិត្យគោលនយោបាយវិនិយោគ” ឆ្នាំ ២០១៨។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។
- 26. ដូចឯកសារយោងខាងលើ។
- 27. រាជរដ្ឋាភិបាលកម្ពុជា “យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤” ខែកញ្ញា ឆ្នាំ ២០១៨។ បានចូលអាននៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១។
- 28. ដូចឯកសារយោងខាងលើ។
- 29. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,» ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១, ទំព័រទី ៣, បានចូលអានខែឧសភា ឆ្នាំ២០២២។
- 30. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាអ្វី?,» បានចូលអានខែឧសភា ឆ្នាំ២០២២។
- 31. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,» ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១, ទំព័រទី ៣, បានចូលអានខែឧសភា ឆ្នាំ២០២២។