កាលពីឆ្នាំ២០០៤ ដោយសារតែបញ្ហាសុខភាព ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នរោត្តម សីហនុ បានដាក់រាជ្យសម្បត្តិ។ ការពិភាក្សាគ្នាលើការស្វែងរកអ្នកស្នងរាជ្យរបស់ព្រះអង្គ បានលេចឡើងនៅលើគ្រប់ទំព័រមុខនៃសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក។ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ បុត្រារបស់ព្រះមហាក្សត្រ នរោត្តម សីហនុ ជាមួយនឹងព្រះអគ្គមហេសី នរោត្តម មុនិនាថ សីហនុ ព្រះនាម នរោត្ត សីហមុនី ត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ឲ្យក្លាយជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។1
ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋអស់មួយជីវិត ប៉ុន្តែមិនកាន់អំណាចឡើយ។2 អំណាចទាំងអស់នៃរដ្ឋបាលត្រូវបានអនុវត្តដោយប្រជាពលរដ្ឋខ្មែរ តាមរយៈតំណាងរបស់ខ្លួននៅក្នុងសភា គណៈ រដ្ឋមន្ត្រី (អំណាចនីតិប្រិបត្តិ ) និង តុលាការ។3
របបរាជានិយមនៃប្រទេសកម្ពុជា គឺជារាជានិយមតាមបែបជ្រើសតាំងង។ នេះ មានន័យថា ព្រះមហាក្សត្រលែងតែងតាំងរាជទាយាទរបស់ព្រះអង្គទៀតហើយ ប៉ុន្តែព្រះមហាក្សត្រ ត្រូវបានជ្រើសតាំងដោយក្រុមប្រឹក្សាសម្បត្តិ។4 សមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ មាន ប្រធាន និងអនុប្រធាននៃសភា នាយករដ្ឋមន្ត្រី សម្តេចព្រះសង្ឃរាជទាំងពីរគណៈ គណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ នៃពុទ្ធសាសនា។5
លក្ខខណ្ឌ និងនីតិវិធីមួយចំនួន ត្រូវបំពេញ ដើម្បីអាចឈរឈ្មោះជាព្រះមហាក្សត្រ។ បេក្ខជន ត្រូវតែជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រ អង្គឌួង ឬព្រះមហាក្សត្រ នរោត្តម ឬព្រះមហាក្សត្រ សីសុវត្ថិ និងត្រូវមានព្រះជនយ៉ាងតិច ៣០ព្រះវស្សា។6 រហូតមកដល់សព្វថ្ងៃនេះ មានការកត់ត្រាតិចតួចណាស់អំពីព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រទាំងបី ហើយមានឯកសារតែមួយប៉ុណ្ណោះដែលត្រូវបានចងក្រងឡើងដោយរដ្ឋមន្ត្រីព្រះបរមរាជ្យវាំង សម្តេចចៅហ្វាវាំង ធន់ នៅក្នុងឆ្នាំ១៩២៣។7 ចំណែកឯនីតិវិធីលម្អិត សម្រាប់ការជ្រើសតាំងព្រះមហាក្សត្រ គឺត្រូវធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃក្រុមប្រឹក្សារាជសម្បត្តិ។8
បេក្ខជនជាព្រះមហាក្សត្រ ត្រូវស្នើឡើងដោយសមាជិក ៣រូប/អង្គយ៉ាងតិច នៃសមាជិក សរុប ៩រូប/អង្គ នៃក្រុមប្រឹក្សារាជសម្បត្តិ។9 សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាក្នុងការជ្រើស តាំងបេក្ខជនណាម្នាក់ជាព្រះមហាក្សត្រ ត្រូវធ្វើឡើងតាមវិធីបោះឆ្នោតជាសម្ងាត់ និង យកសំឡេងភាគច្រើនដាច់ខាត មានន័យថា ត្រូវមានសមាជិកក្រុមប្រឹក្សា ៥ រូប/អង្គយ៉ាងតិច គាំទ្រ។10 ការសម្រេចសេចក្តីរបស់ក្រុមប្រឹក្សាក្នុងការជ្រើសតាំងព្រះមហាក្សត្រថ្មី ត្រូវធ្វើឡើងនៅក្នុងរយៈពេល ៧ថ្ងៃ យ៉ាងយូរ បន្ទាប់ពីថ្ងៃចូលទីវង្គត ឬចូលនិវត្តន៍ ឬដាក់រាជ្យសម្បត្តិ របស់អតីតព្រះមហាក្សត្រ។11 សេចក្តីសម្រេចរបស់ក្រុមប្រឹក្សារាជសម្បត្តិ ស្តីពីការជ្រើសតាំងព្រះមហាក្សត្រថ្មី ត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ ដោយរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។
ទាក់ទងនឹងប្រមុខរដ្ឋ
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥
ឯកសារយោង
- 1. ព្រះករុណាព្រះមហាក្សត្រ នរោត្តម សីហមុនី. “គេហទំព័រផ្លូវការ៖ ជីវប្រវត្តិ”។ ចូលអាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥, http://norodomsihamoni.org/en/biography
- 2. ក្នុងករណីព្រះមហាក្សត្រទ្រង់អវត្តមាននៅក្នុងប្រទេស ប្រធាន និងអនុប្រធានសភា អាចបំពេញភារកិច្ចជាប្រមុខរដ្ឋស្តីទី ដោយយោងទៅតាមឋានានុក្រមពីខ្ពស់មកទាប។ រដ្ឋធម្មនុញ្ញ, មាត្រា៧ មាត្រា១១ និងមាត្រា ១១០ថ្មី។
- 3. រដ្ឋធម្មនុញ្ញ, មាត្រា៥១ថ្មី។
- 4. រដ្ឋធម្មនុញ្ញ, មាត្រា១០។
- 5. រដ្ឋធម្មនុញ្ញ, មាត្រា១៣ថ្មី។
- 6. រដ្ឋធម្មនុញ្ញ, មាត្រា១៤។
- 7. Julio A Jeldres. “រាជានិយមកម្ពុជា៖ ការស្វែងរកអ្នកស្នងរាជ្យ.” សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ១៩៩៩។ ចូលអាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥, http://www.phnompenhpost.com/national/cambodias-monarchy-search-successor
- 8. ច្បាប់ស្តីពីការរៀងចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រម លេខ នស/រកម/១០០៤/០០៣ ចុះថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០០៤។ អាចទាញយកបានពី រដ្ឋសភា. “បញ្ជីច្បាប់៖ ច្បាប់នៅនីតិកាលទី៣”។ ចូលអាននៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៥, http://www.national-assembly.org.kh/ViewLawFile.aspx?LawDID=39
- 9. ច្បាប់ស្តីពីការរៀងចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ, មាត្រា១២។
- 10. ដូចខាងដើម, មាត្រា៩។
- 11. ដូចខាងដើម, មាត្រា១៣។