ការគ្រប់គ្រង

មជ្ឈមណ្ឌលសុខភាពចុងឃ្នាស ខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបថត ថតដោយ David Jones កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ Attribution-NonCommercial-NoDerivs 2.0 Generic

មជ្ឈមណ្ឌលសុខភាពចុងឃ្នាស ខេត្តសៀមរាប ប្រទេសកម្ពុជា។ រូបថត ថតដោយ David Jones កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​នៃ​ប្រទេស​កម្ពុជា​ ចែក​ជា​បី​ថ្នាក់​ រួម​មាន​ រាជធានី​/​ខេត្ត​,​ ក្រុង​/​ស្រុក​/​ខណ្ឌ​ និង​ ឃុំ​/​សង្កាត់​៖

  • រាជធានី​៖​ ភ្នំពេញ​ គឺជា​រាជធានី​នៃ​ប្រទេស​កម្ពុជា​។​ រាជធានី​ ត្រូវ​បាន​បែងចែក​ជា​ ខណ្ឌ​ ហើយ​ខណ្ឌ​ចែក​ចេញ​ជា​ សង្កាត់​។1​   
  • ខេត្ត​ ចែក​ចេញ​ជា​ក្រុង​ និង​ស្រុក​។​ ខណៈ​ដែល​ក្រុង​ត្រូវ​បាន​បែងចែក​ជា​សង្កាត់​ ស្រុក​ត្រូវ​ចែក​ចេញ​ជា​ ឃុំ​ និង​សង្កាត់​។2​  

បច្ចុប្បន្ន​នេះ​ ព្រះរាជាណាចក្រ​កម្ពុជា​ មាន​រាជធានី​មួយ​ ខេត្ត​២៤ ស្រុក​១៥៩​ ក្រុង​២៦​ ​ខណ្ឌ​១២​ ឃុំ​១៤០៦​ និង​សង្កាត់​ ២២៧​។3​   ខេត្ត​ដែល​ទើបនឹង​បង្កើត​ថ្មី​ គឺ​ខេត្ត​ត្បូងឃ្មុំ​ ដែល​ជា​តំបន់​បំបែក​ចេញពី​ខេត្តកំពង់ចាម​។​ ភូមិ​ មិនមែន​ជា​ផ្នែក​មួយ​នៃ​រដ្ឋបាល​ដែនដី​របស់​ប្រទេស​កម្ពុជា​ទេ​។​ បច្ចុប្បន្ន​នេះ​ ចំនួន​សរុប​ដែល​ត្រូវ​បាន​កត់ត្រា​ដោយ​ក្រសួងមហាផ្ទៃ​ មាន​ ១៤,១៦៨​ ភូមិ​។4​  

ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​រដ្ឋបាល​ដែនដី​ ត្រូវ​កំណត់​នៅ​ក្នុង​ច្បាប់រៀបចំអង្គការ​។​5   រដ្ឋបាល​ឃុំ​/​សង្កាត់​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ​  សង្កាត់​។​ រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​។​ វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ គឺជា​ប្រព័ន្ធ​រដ្ឋបាល​ដែល​អនុវត្ត​ទៅ​គ្រប់ការ​គ្រប់គ្រង​ថ្នាក់​ក្រោម​ជាតិ​។​

​ឃុំ​ សង្កាត់​ មាន​បុគ្គលភាព​គតិ​យុ​ត្ត​ឯករាជ្យ​ផ្សេង​ពីរដ្ឋាភិបាល​ជាតិ និង​រដ្ឋបាល​មូលដ្ឋាន​។6​   រដ្ឋបាល​ដែនដី​ថ្នាក់ទាប​បំផុត​នេះ​ មាន​ធនធាន​ហិរញ្ញវត្ថុ​ និង​ការ​គ្រប់គ្រង​ផ្ទាល់ខ្លួន​។​ ប្រភព​ចំណូល​ បាន​មក​ពី​ពន្ធ​ បន្ទុក​សេវាកម្ម​ វិភាគ​ពី​ចំណូល​ជាតិ​ និង​ការ​ផ្ទេរ​តម្លៃ​សម្រាប់​ការ​បំពេញ​មុខងារ​ជា​ភ្នាក់ងារ​ជំនួស​រាជរដ្ឋាភិបាល​ ក្រសួង​ និង​ស្ថាប័ន​ជាតិ​។​7  

​ឃុំ​/​សង្កាត់​នីមួយៗ​ មាន​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ដែល​ជា​ស្ថាប័ន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ ដើម្បី​បម្រើ​ប្រយោជន៍​ទូទៅ​របស់​ពួក​គេ​។8​  សមាសភាព​នៃ​ក្រុមប្រឹក្សា​ មាន​ប្រធាន​ក្រុមប្រឹក្សា​ ចៅសង្កាត់​រង​/​ជំទប់​ និង​សមាជិក​។​ ចំនួន​សមាជិក​របស់​ក្រុមប្រឹក្សា​ ប្រែប្រួល​ទៅ​តាម​ដង់ស៊ីតេ​ប្រជាជន​ក្នុង​តំបន់​នោះ​។​ តាម​រយៈ​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​ និង​បញ្ជី​ឈ្មោះ​បេក្ខជន​ គ្រប់​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​ផ្ទាល់​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​មូលដ្ឋាន​រស់នៅ​របស់​ពួក​គេ​ (​មើល​ ការ​បោះ​ឆ្នោត)​។​  

​ក្រុមប្រឹក្សា​ គឺជា​អង្គ​ប្បញ្ញត្តិ​ ខណៈ​ដែល​មេឃុំ​/​ចៅសង្កាត់​ តំណាង​ឱ្យ​អង្គ​ប្រតិបត្តិ​។​ ប្រធាន​ក្រុមប្រឹក្សា​ ដែល​ជា​មេឃុំ​/​ចៅសង្កាត់​ផង​ដែរ​នោះ​ ត្រូវ​បាន​ជ្រើសតាំង​ចេញពី​បេក្ខជន​នៃ​គណបក្ស​ដែល​ឈ្នះ​អាសនៈ​ភាគច្រើន​ដាច់​នៅ​ក្នុង​ក្រុមប្រឹក្សា​ និង​មាន​លំដាប់​ឈ្មោះ​លើ​គេ​នៃ​បញ្ជី​បេក្ខជន​គណបក្ស​។​ ភារកិច្ច​របស់​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ រួម​មាន​ សម្រេច​និង​អនុម័ត​លើ​ផែនការ​ថវិកា​ ផែនការអភិវឌ្ឍន៍​សហគមន៍​ និង​សន្តិសុខ​សណ្តាប់ធ្នាប់​ស​ធារ​ណៈ​ នៅ​ក្នុង​មូល​ដ្ឋា​គ្រប់គ្រង​របស់​ខ្លួន​ ដោយ​សេចក្តីសម្រេច​ ឬ​ដីកា​។​9 

រដ្ឋបាល​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ត្រូវ​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​ និង​គណៈ​អភិបាល​ នៅ​តាម​កម្រិត​នៃ​រដ្ឋបាល​មូលដ្ឋាន​នីមួយ​។​ ក្រុមប្រឹក្សា​ គឺជា​អង្គ​ប្បញ្ញត្តិ​ ខណៈ​ដែល​គណៈ​អភិបាល​ តំណាង​ឱ្យ​អង្គ​ប្រតិបត្តិ​។​ ចំនួន​សមាជិក​ក្រុមប្រឹក្សា​ ប្រែប្រួល​ទៅ​តាម​ដង់ស៊ីតេ​របស់​ប្រជាជន​។​10  តាម​រយៈ​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​ និង​បញ្ជី​បេក្ខជន​ គ្រប់​សមាជិក​នៃ​ក្រុមប្រឹក្សា​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ដោយ​មិន​ផ្ទាល់​ តាម​រយៈ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​។​ ក្រុមប្រឹក្សា​ សម្រេច​ និង​អនុម័ត​លើ​កម្មវិធី​វិនិយោគ​ ផែនការអភិវឌ្ឍន៍​ ថវិកា​ប្រចាំឆ្នាំ​ និង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ ដោយ​សេចក្តីសម្រេច​ ឬ​ដីកា​។​11 

​គណៈកម្មាធិការ​ពិសេស​ ដូច​ជា​គណៈកម្មាធិការ​កិច្ចការ​នារី​និង​កុមារ​ និង​ គណៈកម្មាធិការ​ លទ្ធកម្ម​ ចូលរួម​ជួយ​ដល់​ការងារ​របស់​ក្រុមប្រឹក្សា​ផង​ដែរ​។​ អាស្រ័យ​ទៅ​តាម​ភាព​ចាំបាច់​ គណៈកម្មាធិការ​ពិសេស​ផ្សេង​ទៀត​ អាច​ត្រូវ​បាន​បង្កើត​ឡើង​ សម្រាប់​វិស័យ​អប់រំ​ សេដ្ឋកិច្ច​ និង​ផែនការ​។​ គណៈកម្មាធិការ​លទ្ធកម្ម​ ទទួលខុសត្រូវ​ធានា​ថា​ គ្រប់​ដំណើរការ​ និង​ វិធី​ សាស្ត្រ​ដេញថ្លៃ​ទាំងអស់​ ធ្វើ​ឡើង​ស្រប​តាម​ច្បាប់​ និង​បទបញ្ជា​ ស្តី​ពី​លទ្ធកម្ម​សាធារណៈ​ (​មើល​ លទ្ធកម្ម)​។​ គណៈកម្មាធិការ​ពិសេស​ទាំងអស់​ តម្រូវ​ឱ្យ​រាយការណ៍​ជា​ប្រចាំ​អំពី​សកម្មភាព​របស់​ខ្លួន​ ទៅ​ក្រុមប្រឹក្សា​ និង​គណៈ​អភិបាល​។​12   

​គណៈ​អភិបាល​ រួម​មាន​ប្រធាន​គណៈ​អភិបាល​ ឬ​អភិបាល​ និង​អភិបាលរង​មួយ​ចំនួន​។​ ការ​តែង​តាំងរបស់​ពួក​គេ​ គឺ​អាស្រ័យ​ទៅ​តាម​សំណើ​របស់​ក្រសួងមហាផ្ទៃ​13​  គណៈ​អភិបាល​ ទទួល​បន្ទុក​អនុវត្ត​គោលនយោបាយ​ ផែនការ​សកម្មភាព​ សេចក្តីសម្រេច​ និង​ដីកា​ ដែល​ត្រូវ​បាន​សម្រេច​និង​ផ្តល់​ការ​យល់ព្រម​ដោយ​ក្រុមប្រឹក្សា​ ព្រមទាំង​ត្រូវ​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការ​អនុវត្ត​នោះ​ មក​ក្រុមប្រឹក្សា​វិញ​។14​  ជា​តំណាង​របស់​ អង្គ​នីតិប្រតិបត្តិ ផង​ដែរ​នោះ​ អភិបាល​គ្រប់គ្រង​ សម្របសម្រួល​ និង​ដឹកនាំ​គ្រប់​មន្ទីរ​ និង​អង្គភាព​នៃ​ក្រសួង​ និង​ស្ថាប័ន​រាជរដ្ឋាភិបាល​ ដែល​បំពេញភារកិច្ច​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​រដ្ឋបាល​រាជធានី​ និង​ខេត្ត​ (​មើល​ ក្រសួង​ និង​ស្ថាប័នរដ្ឋ)​។​15

ជាមួយនឹង​ការ​ធ្វើ​វិសោធនកម្ម​ថ្មីៗ​នេះ​ ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈរដ្ឋមន្ត្រី​ រដ្ឋបាល​មូលដ្ឋាន​គ្រប់​លំដាប់​ នឹង​មាន​សិទ្ធិ​អំណាច​កាន់តែ​ច្រើន​ជាង​មុន​ នៅ​ក្នុង​ការ​ដឹកនាំ​ និង​គ្រប់គ្រង​មន្ត្រីរាជការ​របស់​ក្រសួង​ និង​ស្ថាប័ន​ជាតិ​ ដែល​កំពុង​បំពេញការងារ​នៅ​ក្នុង​យុត្តាធិការ​ដែនដី​របស់​ពួក​គេ​។​ ទោះជា​យ៉ាងនេះ​ក្តី​ សិទ្ធិ​អំណាច​នេះ​មិន​ទាន់​ត្រូវ​បាន​អនុវត្ត​នៅឡើយ​ទេ​ ពីព្រោះ​បទ​ប្បញ្ញត្តិ​នេះ​ តម្រូវ​ឱ្យ​មានការ​ធ្វើ​ប្រតិភូកម្ម​អំណាច​ពី​រាជរដ្ឋាភិបាល​ ដោយ​អនុក្រឹត្យ​។​ 

ទាក់ទងនឹងការគ្រប់គ្រង

បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៥

ឯកសារយោង

  1. 1. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ឆ្នាំ២០០៨), មាត្រា៤។
  2. 2. ដូចខាងដើម, មាត្រា៥។
  3. 3. សម្រាប់ព័ត៌មានលម្អិតអំពីដែនរដ្ឋបាលនៃព្រះរាជាណាចក្រកម្ពុជា និងឯកសារច្បាប់ពាក់ព័ន្ធសម្រាប់ពិគ្រោះ សូមចូលទៅកាន់ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ. “មូលដ្ឋានទិន្នន័យឈ្មោះទីកន្លែងលើអ៊ីនធឺណេត’។ ចូលអាននៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥, http://db.ncdd.gov.kh/gazetteer/view/index.castle
  4. 4. ដូចខាងដើម។
  5. 5. រដ្ឋធម្មនុញ្ញ មាត្រា ១៤៦ថ្មី។
  6. 6. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ (ឆ្នាំ២០០១), មាត្រា៧៣។
  7. 7. ដូចខាងដើម មាត្រា ៧៤-៧៦។
  8. 8. ដូចខាងដើម មាត្រា៩។
  9. 9. សិទ្ធិអំណាចរបស់រដ្ឋបាលឃុំ សង្កាត់ ត្រូវបានរឹតត្បិតជាមួយនឹងវិស័យខ្លះ មានដូចជា ព្រៃឈើ ប្រៃសណីយ៍និងទូរគមនាគមន៍ ការពារជាតិ សន្តិសុខ រូបិយប័ណ្ណ នយោបាយអន្ដរជាតិនិងគោលនយោបាយសារពើពន្ធ។ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ (ឆ្នាំ២០០១), មាត្រា៤៥។
  10. 10. ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (ឆ្នាំ២០០៨), មាត្រា១៤០។
  11. 11. ដូចខាងដើម មាត្រា៣៦។
  12. 12. ដូចខាងដើម មាត្រា១១៩។
  13. 13. ដូចខាងដើម មាត្រា១៤១។
  14. 14. ដូចខាងដើម មាត្រា១៥៥ និង មាត្រា១៥៦។
  15. 15. ដូចខាងដើម មាត្រា១៥៤។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

AG3EJ
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!