ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលមានទីស្នាក់ការនៅទីក្រុងម៉ានីឡា ហើយបច្ចុប្បន្ននេះមានសមាជិកចំនួន ៦៨ ស្ថិតក្រោមស្ថាប័នរបស់ខ្លួន។ ធនាគារអភិវឌ្ឍន៍អាស៊ីមានគោលបំណងជួយសមាជិក និងដៃគូដោយផ្តល់ឥណទានសម្បទាន ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងការវិនិយោគដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។1 ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជំនួយ និងជំនួយដល់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ១៩៩៦ ហើយជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏សំខាន់មួយសម្រាប់ព្រះរាជាណាចក្រ។ ធនាគារអភិវឌ្ឍន៍អាស៊ីជួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើអោយប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន ការបង្កើនការប្រកួតប្រជែង ការអភិវឌ្ឍន៍មូលធនមនុស្ស កំណើនបៃតង កំណើនប្រកបដោយបរិយាប័ន្ន ការកាត់បន្ថយភាពក្រីក្រ និងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព។2 កម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានគោលបំណងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។3 ធនាគារអភិវឌ្ឍន៍អាស៊ីមានគោលបំណងបន្តផ្តល់នូវលទ្ធផលល្អតាមរយៈការវិនិយោគជាយុទ្ធសាស្ត្រដើម្បីជួយដល់រាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅរបស់ប្រទេស។ ចាប់តាំងពីឆ្នាំ ១៩៩៦ មក ធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តល់ជូនប្រហែល ៤,៥ ពាន់លានដុល្លារដល់ប្រទេសកម្ពុជាដូចជាឥណទានសម្បទាន ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណងដែលក្នុងនោះ ៧៨២,៧ លានដុល្លារជាផ្នែកនៃសហហិរញ្ញប្បទាន។4 ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០២១ គម្រោង និងកម្មវិធីជំនួយបច្ចេកទេសប្រហែល ៤០៣ ត្រូវបានអនុវត្តដើម្បីជួយកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានារួមមានដូចជា5៖
- ផ្នែកអប់រំ
- ផ្នែកទឹក និងហេដ្ឋារចនាសម្ព័ន្ធទីក្រុង
- ផ្នែកថាមពល
- ផ្នែកដឹកជញ្ជូន
- ផ្នែកកសិកម្ម និងការអភិវឌ្ឍន៍ជនបទ
- ផ្នែកគ្រប់គ្រងវិស័យសាធារណៈ
- ផ្នែកហិរញ្ញវត្ថុ
- ផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម
- ផ្នែកសុខភាពជាដើម ល។
ជំនួយ និងគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា
ក្នុងវិស័យអប់រំ ធនាគារអភិវឌ្ឍន៍អាស៊ីបានគាំទ្រគម្រោងមួយចំនួនជាមួយក្រសួងអប់រំ យុវជន និងកីឡា ដូចជាកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំលើកទី ៣ (Third Education Sector Development Program) (២០១៣-២០១៨)6 គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិលើកទី ២ (Second Upper Secondary Education Sector Development Program) (២០១៨-២០២៥) 7 និងការពង្រឹងបច្ចេកទេស និងគម្រោងអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (Strengthening Technical and Vocational Education and Training Project) (២០០៩-២០១៥)។ បរិក្ខារអប់រំថ្មីៗ និងកែលម្អក៏ត្រូវបានសាងសង់នៅតាមតំបន់ជនបទ និងបានផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សប្រមាណ ៤០០,០០០ នាក់ដែលក្នុងនោះមាននិស្សិតស្រីចំនួន ១៨០,០០០ នាក់។8 ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានសង្កត់ធ្ងន់ផងដែរលើការលើកកម្ពស់ជំនាញ សមត្ថភាព និងចំណេះដឹងរបស់គ្រូបង្រៀននៅអនុវិទ្យាល័យ តាមរយៈគម្រោងលើកកម្ពស់គុណភាពអប់រំ (Enhancing Education Quality Project) ចំនួន ២៧ លានដុល្លារ។ (២០០៨-២០១៤)។9
ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងធនធានទឹក ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុវត្តការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទរួមមានគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅទន្លេសាប (Tonle Sap Rural Water Supply and Sanitation Sector Project) (២០០៦-២០១០)10 គម្រោងផ្គត់ផ្គង់ទឹក និងអនាម័យជនបទលើកទី ២ (Second Rural Water Supply and Sanitation Sector Project) (២០០៩-២០១៥)។ ធនាគារអភិវឌ្ឍន៍អាស៊ីបានជួយដល់គ្រួសារជនបទជាង ១០០,០០ ដើម្បីទទួលបានការផ្គត់ផ្គង់ទឹក ខណៈដែល ៥០,០០០ គ្រួសារបានដំឡើងអនាម័យថ្មី ឬធ្វើឱ្យប្រសើរឡើងរវាងឆ្នាំ២០១១ និង ២០១៧។11 ទន្ទឹមនឹងនោះ នៅឆ្នាំ២០១៩ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យាផ្តល់ប្រាក់កម្ចីបន្ថែមចំនួន ៤៩ លានដុល្លារនៅក្នុងគម្រោងកម្មវិធីអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទលើកទី ៣ (Third Rural Water Supply and Sanitation Services Sector Development Program) ដើម្បីគាំទ្រដល់រដ្ឋាភិបាលកម្ពុជាសម្រេចបាននូវគោលដៅនៃការផ្តល់ទឹកស្អាតនៅទីជនបទ។12
ដើម្បីរួមចំណែកដល់វិស័យកសិកម្មរបស់កម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីក៏បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនបទ វិនិយោគលើប្រព័ន្ធធារាសាស្ត្រ និងទឹក ដែលនាំមកនូវដំណាំដែលមានតម្លៃខ្ពស់ និងបច្ចេកទេសដាំដុះស្រូវដល់កសិករ។13កសិករច្រើនជាង ៤០០,០០០ នាក់បានទទួលការបណ្តុះបណ្តាលនៅក្នុងការអនុវត្តកសិកម្ម និងអាជីវកម្មល្អពីគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី និងពង្រីកការយល់ដឹងរបស់ពួកគេនៃឱកាសទីផ្សារ និងពត៍មាន។ លើសពីនេះធនាគារអភិវឌ្ឍន៍អាស៊ីបានផ្តួចផ្តើម និងអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទនៅតំបន់ទំនាបបឹងទន្លេសាប (Tonle Sap Lowlands Rural Development Project)14 និងគម្រោងកាត់បន្ថយភាពក្រីក្របឹងទន្លេសាប និងអភិវឌ្ឍន៍ខ្នាតតូច (Tonle Sap Poverty Reduction and Smallholder Development Project) ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងជំរុញកំណើនសេដ្ឋកិច្ចជនបទប្រកបដោយនិរន្តរភាព។15
ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលប្រកបដោយនិរន្តរភាពដែលទាមទារឱ្យមានការកែលម្អក្នុងវិស័យដឹកជញ្ជូន ធនាគារអភិវឌ្ឍន៍អាស៊ីបានកំណត់ថាការភ្ជាប់តំបន់ជនបទ និងទីក្រុងមានសារៈសំខាន់សម្រាប់ការកែលម្អការដឹកជញ្ជូន។ ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨ ធនាគារអភិវឌ្ឍន៍អាស៊ីបានបែងចែកប្រាក់កម្ចីជំនួយ និងសហហិរញ្ញប្បទានចំនួន ៦៩២,១៨ លានដុល្លារដែលស្មើនឹង ១៨% នៃជំនួយសរុបរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដល់កម្ពុជា។16 គម្រោងដូចជាគម្រោងកែលម្អផ្លូវជនបទ (Rural Road Improvement Project) (២០១១-២០១៥) និងគម្រោងកែលម្អផ្លូវខេត្ត (Provincial Roads Improvement Project) (២០១២-២០១៧)17 ត្រូវបានអនុវត្តដើម្បីស្តារឡើងវិញនូវផ្លូវថ្នល់ ផ្លូវដែក និងកំពង់ផែ។ ផ្លូវជនបទ និងផ្លូវខេត្តប្រមាណ ១,៧១០ គីឡូម៉ែត្រត្រូវបានស្តារឡើងវិញដើម្បីបង្កើនការតភ្ជាប់រវាងតំបន់ជនបទ និងទីក្រុង ខណៈពេលដែលផ្តល់ឱ្យអ្នកស្រុកនូវភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់មណ្ឌលសុខភាព កន្លែងធ្វើការ កន្លែងសិក្សារ និងផ្សារ។18 ប្រជាពលរដ្ឋប្រហែល ៣០០,០០០ នាក់នៅស្រុកមោងឬស្សី និងរុក្ខគិរីក្នុងខេត្តបាត់ដំបងមានសិទ្ធិចូលទៅកាន់ផ្លូវជាតិលេខ ៥ និងភ្នំពេញ និងប៉ោយប៉ែតនៅព្រំដែនថៃ ហើយប្រជាពលរដ្ឋ ៥០០,០០០ នាក់ផ្សេងទៀតនៅជុំវិញបឹងទន្លេសាបមានលទ្ធភាពប្រើប្រាស់ផ្លូវថ្នល់ដែលល្អជាងមុន។19
កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩
បញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកពីជំងឺរាតត្បាតកូវីដ-១៩ បានបណ្តាលឱ្យមានការបាត់បង់ការងារប្រមាណ ៣៩ ម៉ឺននាក់ក្នុងឆ្នាំ២០២០ ហើយបានរារាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជា បើធៀបនឹងការរីកចម្រើនកាលពីឆ្នាំមុនៗ។20 ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមបែបនេះ ធនាគារអភិវឌ្ឍន៍អាស៊ីបានអនុម័តប្រាក់កម្ចីចំនួន ២៥០ លានដុល្លារក្នុងឆ្នាំ២០២០21 ជាមួយនឹងទឹកប្រាក់បន្ថែមចំនួន ៣០ លានដុល្លារក្នុងឆ្នាំ២០២១ ដើម្បីជួយរាជរដ្ឋាភិបាលគ្រប់គ្រងប្រព័ន្ធថែទាំសុខភាព ផ្តល់កញ្ចប់ថវិការដល់អាជីវកម្ម និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។22
បញ្ហាប្រឈមក្នុងប្រតិបត្តិការ
ទោះបីជាសម្រេចបានលទ្ធផលជាទីគាប់ចិត្តលើគម្រោងភាគច្រើនក៏ដោយ របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបង្ហាញថាប្រតិបត្តិការនេះនៅតែប្រឈមមុខនឹងការខ្វះខាតមួយចំនួនដូចជាការពន្យារពេលគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ និងកម្រិតសមត្ថភាពនៃភ្នាក់ងារប្រតិបត្តិ។23 ដោយទទួលស្គាល់ពីតម្រូវការក្នុងការបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ធនាគារអភិវឌ្ឍន៍អាស៊ីសហការជាមួយរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងធនាគារពិភពលោកកំពុងអនុវត្តផែនការសកម្មភាពរួមគ្នាដើម្បីបង្កើនប្រសិទ្ធភាពនៃគម្រោងរបស់ខ្លួននៅកម្ពុជា។ លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ីក៏ចូលរួមជាមួយភ្នាក់ងាររបស់រដ្ឋាភិបាលដើម្បីធានាការប្រើប្រាស់ធនធានសម្រាប់ប្រតិបត្តិការ និងការថែទាំអោយមានប្រសិទ្ធភាព។24
ទាក់ទងនឹងធនាគារអភិវឌ្ឍន៍អាស៊ី
ឯកសារយោង
- 1. ធនាគារអភិវឌ្ឍន៍អាស៊ី, “អំពីធនាគារអភិវឌ្ឍន៍អាស៊ី,” បានចូលអានខែមករា ឆ្នាំ២០២២។
- 2. ធនាគារអភិវឌ្ឍន៍អាស៊ី, “ការងារធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា,” បានចូលអានខែវិច្ឆិកា ឆ្នាំ២០២១។
- 3. រាជរដ្ឋាភិបាលកម្ពុជា, “យុទ្ធសាស្ត្រចតុកោណសម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ ការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី ៤,” ទំព័រទី ០៩, ខែកញ្ញា, ឆ្នាំ២០១៨, បានចូលអានថ្ងៃទី ១១ ខែមករា ឆ្នាំ២០២២។
- 4. ធនាគារអភិវឌ្ឍន៍អាស៊ី, “ការងារធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជា,” បានចូលអានខែវិច្ឆិកា ឆ្នាំ២០២១។
- 5. ធនាគារអភិវឌ្ឍន៍អាស៊ី, “កម្ពុជា និងធនាគារអភិវឌ្ឍន៏អាស៊ី ភាពជាដែគូសម្រាប់កំណើនរួម,” ខែឧសភា ឆ្នាំ២០១៩, បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 6. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំទីបី," បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 7. ធនាគារអភិវឌ្ឍន៍អាស៊ី "កម្ពុជា៖ គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទីពីរ," បានចូលអានខែធ្នូ ឆ្នាំ ២០២១។
- 8. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ភាពជាដៃគូសម្រាប់កំណើនរួម," ខែឧសភា ២០១៩, បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 9. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖គម្រោងពង្រីកគុណភាពអប់រំ," បានចូលអានខែមករា ឆ្នាំ២០២១។
- 10. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទន្លេសាប," ខែធ្នូ ឆ្នាំ២០១១, បានចូលអានខែមករា ឆ្នាំ២០២២។
- 11. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា និងធនាគារអភិវឌ្ឍន៏អាស៊ី ភាពជាដែគូសម្រាប់កំណើនរួម," ខែឧសភា ឆ្នាំ២០១៩, បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 12. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖ កម្មវិធីអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកនិងអនាម័យជនបទលើកទី ៣," បានចូលអានខែមករា ឆ្នាំ២០២២។
- 13. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា និងធនាគារអភិវឌ្ឍន៏អាស៊ី ភាពជាដែគូសម្រាប់កំណើនរួម," ខែឧសភា ឆ្នាំ២០១៩, ចូលប្រើនៅថ្ងៃទី ខែធ្នូ ឆ្នាំ២០២១។
- 14. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖ គម្រោងអភិវឌ្ឍន៍ជនបទនៅតំបន់ទំនាបទន្លេសាប," បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 15. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖ គម្រោងកាត់បន្ថយភាពក្រីក្រនៅទន្លេសាប និងគម្រោងអភិវឌ្ឍន៍អ្នកតូចតាច," បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 16. ធនាគារអភិវឌ្ឍន៍អាស៊ី, "ការវាយតម្លៃវិស័យដឹកជញ្ជូនកម្ពុជា យុទ្ធសាស្ត្រ និងផែនទីចង្អុល," ខែកញ្ញា ឆ្នាំ២០១៩, បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 17. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា៖ គម្រោងកែលម្អផ្លូវខេត្ត," បានចូលអានខែមករា ឆ្នាំ២០២១។
- 18. ធនាគារអភិវឌ្ឍន៍អាស៊ី, "ធនាគារអភិវឌ្ឍន៍អាស៊ី និងកម្ពុជា៖ ព្រឺត្តិបត្រទិន្ន័យ," ខែមេសា ឆ្នាំ២០២១, បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 19. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា និងធនាគារអភិវឌ្ឍន៏អាស៊ី ភាពជាដែគូសម្រាប់កំណើនរួម," ខែឧសភា ឆ្នាំ២០១៩, បានចូលអានខែមករា ឆ្នាំ២០២២។
- 20. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់កម្ពុជា," ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ ២០២០, បានចូលអានខែមករា ឆ្នាំ ២០២២។
- 21. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្មវិធីគាំទ្រការចំណាយនិងឆ្លើយតបយ៉ាងសកម្មទៅនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា," បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 22. ធនាគារអភិវឌ្ឍន៍អាស៊ី, "ហិរញ្ញប្បទានចំនួន៣០លានដុល្លាររបស់ធនាគារអភិវឌ្ឍន៍អាស៊ីដើម្បីគាំទ្រការឆ្លើយតបនឹងកូវីដ-១៩ របស់កម្ពុជា," ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១, បានចូលអានខែធ្នូ ឆ្នាំ២០២១។
- 23. ធនាគារអភិវឌ្ឍន៍អាស៊ី, "កម្ពុជា និងធនាគារអភិវឌ្ឍន៏អាស៊ី ភាពជាដែគូសម្រាប់កំណើនរួម," ខែឧសភា ឆ្នាំ២០១៩, បានចូលអានខែមករា ឆ្នាំ២០២២។
- 24. ដូចឯកសារយោងខាងដើម។