ព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាមរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ព្រះមហាក្សត្រ ជាព្រះប្រមុខរដ្ឋ ហើយនាយករដ្ឋមន្ត្រី ជាប្រមុខរាជរដ្ឋាភិបានៃព្រះរាជាណាចក្រកម្ពុជា។ ព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្ដម សីហមុនី1 ទ្រង់យាងឡើងសោយរាជ្យនៅឆ្នាំ២០០៤ ក្រោយពីព្រះបិតារបស់ព្រះអង្គ ព្រះបាទ នរោត្ដម សីហនុ2 ទ្រង់ដាក់រាជ្យសម្បត្តិ។ រីឯ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន3 បានកាន់តំណែងជានាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ។
នៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសកម្ពុជាបានអនុម័តទម្រង់រដ្ឋាភិបាល ថ្មីនេះ នៅឆ្នាំ១៩៩៣។4 តារាងខាងក្រោមនេះ បង្ហាញពីរបបនយោបាយផ្សេងៗគ្នានៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង ១៥០ឆ្នាំ កន្លងមកនេះ។
ឆ្នាំ១៩៩៣-បច្ចុប្បន្ន | ព្រះរាជាណាចក្រកម្ពុជា | រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស |
ឆ្នាំ១៩៩១-ឆ្នាំ១៩៩៣ | រដ្ឋកម្ពុជា | អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) |
ឆ្នាំ១៩៨៩-ឆ្នាំ១៩៩១ | សាធារណរដ្ឋកម្ពុជា | រដ្ឋាភិបាលនៃរដ្ឋកម្ពុជា |
ឆ្នាំ១៩៧៩-ឆ្នាំ១៩៨៩ | សាធារណរដ្ឋប្រជាមានិតកម្ពុជា | បន្ទាប់ពីការត្រួតត្រារបស់ប្រទេសវៀតណាម |
ឆ្នាំ១៩៧៥-ឆ្នាំ១៩៧៩ | កម្ពុជាប្រជាធិបតេយ្យ | សម័យខ្មែរក្រហម |
ឆ្នាំ១៩៧០-ឆ្នាំ១៩៧៥ | សាធារណរដ្ឋខ្មែរ | សង្គ្រាមសុីវិលបន្ទាប់ពីរដ្ឋប្រហារយោធា ដោយ លន់ នល់ |
ឆ្នាំ១៩៥៣-ឆ្នាំ១៩៧០ | ព្រះរាជាណាចក្រកម្ពុជា | រដ្ឋបាលរបស់ នរោត្តម សីហនុ |
ឆ្នាំ១៩៤១-ឆ្នាំ១៩៤៥ | ក្រោមការត្រួតត្រារបស់ប្រទេសជប៉ុន | អំឡុងសង្គ្រាមលោកលើកទី២ |
ឆ្នាំ១៨៦៣-ឆ្នាំ១៩៥៣ | អាណាព្យាបាលបារាំងនៃកម្ពុជា | ផ្នែកនៃសហព័ន្ធឥណ្ឌូចិនបារាំង |
យោងទៅតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អំណាចរដ្ឋាភិបាល ត្រូវបានបែងចែកដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិ អំណាចនីតិប្បញ្ញត្តិ និង អំណាចតុលាការ។ គណៈរដ្ឋមន្ត្រី មានអំណាច នីតិប្រតិបត្តិ រួមមាន នាយករដ្ឋមន្ត្រី និងគ្រប់ក្រសួងទាំងអស់។ សភា មានអំណាចនីតិប្បញ្ញត្តិ ខណៈដែលអំណាចតុលាការជារបស់តុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាជម្រះក្តីរាជធានី-ខេត្ត។ សភា ដែលកើតពីរដ្ឋសភា និងព្រឹទ្ធសភា ត្រូវបានដឹកនាំដោយប្រធានមួយរូប និងអនុប្រធាន២រូប ជ្រើសតាំងដោយការបោះឆ្នោតយកសំឡេងភាគច្រើនដាច់ខាត នៃសមាជិកសភា នៅមុនសម័យប្រជុំនៃនីតិកាលនីមួយៗ។
យោងទៅតាមគោលការណ៍នៃការបែងចែកអំណាច ដូចមានចែងក្នុងមាត្រា ៥១ថ្មី នៃរដ្ឋធម្មនុញ្ញ អំណាចនីមួយៗ នៃរដ្ឋាភិបាល ត្រូវឯករាជ្យពីគ្នា ដើម្បីធានាថា ស្ថាប័នមួយ មិនអាចអនុវត្តអំណាចដាច់ខាតលើច្បាប់។ យ៉ាងណាក៏ដោយ ការបែងចែកអំណាចនេះ ស្ថិតនៅជាមួយនឹង “ប្រព័ន្ធនៃការពិនិត្យនិងតុល្យភាព” ដូចដែលមានតម្រូវដោយរដ្ឋធម្មនុញ្ញ (មាត្រា ៧៨ និងមាត្រា ៩៨) ដែលជាហេតុធ្វើឲ្យអំណាចនីតិប្រតិបត្តិមានទំនាក់ទំនង ជិតស្និតជាមួយនឹងសភា។
ប្រទេសកម្ពុជា គឺជារដ្ឋមិនអាចបំបែកបាន មានន័យថា អធិបតេយ្យភាពនៃប្រទេស មិនស្ថិតនៅក្រោមប្រទេសណាផ្សេងទេ។ ខណៈដែលការគ្រប់គ្រង ប្រទេសនេះ ត្រូវបានបែងចែកជារាជធានី (ដែលមានរចនាសម្ព័ន្ធរដ្ឋបាល ដូចនឹងខេត្តដែរ) ខេត្ត ក្រុង ស្រុក/ខណ្ឌ និងឃុំ/សង្កាត់5 ការរៀបចំ និងការប្រព្រឹត្តទៅនៃរដ្ឋាភិបាលមូលដ្ឋាន នៅតែស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋាភិបាលថ្នាក់ជាតិ។ ស្វ័យភាពខាងរដ្ឋបាល និងហិរញ្ញវត្ថុ របស់រដ្ឋាភិបាលក្រោមជាតិ គឺអាស្រ័យទៅនឹងកម្រិតនៃការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ យល់ព្រមដោយគណៈរដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។6 ហេតុដូច្នេះ រដ្ឋបាលថ្នាក់ក្រោមជាតិ អនុវត្តសិទ្ធិអំណាច ក្នុងនាមរដ្ឋាភិបាលថ្នាក់ជាតិ។
គុណភាពនៃនិន្នាកាអភិបាលកិច្ច
សូចនាករអភិបាលកិច្ចទូទាំងពិភពលោក (WGI) ចេញផ្សាយដោយធនាគារពិភពលោក បង្ហាញថា ចំណាត់ថ្នាក់សម្រាប់រង្វាស់អភិបាលកិច្ចនយោបាយនៃប្រទេសកម្ពុជា នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ នៅក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ។7 រង្វាស់សម្រាប់ស្ថេរភាពនយោបាយ និងអវត្តមាននៃហិង្សា/ភេរវកម្ម គឺជារង្វាស់តែមួយគត់ ដែលបង្ហាញពីការធ្វើឲ្យប្រសើរឡើង ចាប់តាំងពីឆ្នាំ១៩៩៦។ នេះ ប្រហែលជាដោយសារការកាន់អំណាចយូរអង្វែង របស់គណបក្សកាន់អំណាច និងនាយករដ្ឋមន្ត្រី នាពេលបច្ចុប្បន្ន។
សំគាល់: ការប៉ាន់ប្រមាណពិន្ទុអភិបាលកិច្ចប្រែប្រួលរវាង-២.៥ (ខ្សោយ) ទៅ ២.៥ (ល្អខ្លាំង)។ សូចនាករអភិបាលកិច្ចទូទាំងពិភពលោក គឺជាសំណុំទិន្នន័យសិក្សាស្រាវជ្រាវ ដែលសង្ខេបពីមតិយោបល់លើគុណភាពអភិបាលកិច្ចផ្តល់ឱ្យដោយអ្នកឆ្លើយតបជាច្រើនជា សហគ្រាស ប្រជាពលរដ្ឋ និងអ្នកជំនាញ ក្នុងបណ្តាប្រទេសឧស្សាហកម្ម និងកំពុងអភិវឌ្ឍន៍.8 |
វិមជ្ឈការ
រាជរដ្ឋាភិបាល មានយុទ្ធសាស្ត្រវិមជ្ឈការសំខាន់មួយដែលកំពុងតែអនុវត្ត តាមរយៈកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅកម្រិតថ្នាក់ក្រោមជាតិឆ្នាំ២០១០-២០១៩។ កិច្ចខិតខំធ្វើកំណែទម្រង់រដ្ឋបាលមូលដ្ឋាន ផ្តោតលើការអភិវឌ្ឍសមត្ថភាពប្រតិបត្តិការរបស់ស្រុក ខណ្ឌ និងក្រុង នៅក្រោមក្របខណ្ឌនៃការត្រួតពិនិត្យ ដោយអាជ្ញាធរជាតិ ជាមួយនឹងសមត្ថភាពពង្រឹងរដ្ឋបាលដែនដីទាំងនោះ។9
រហូតមកដល់ឆ្នាំ ២០១៨ បានរាយការណ៍ថាមាន ២.៤ ពាន់លានដុល្លារអាមេរិកត្រូវបានផ្តល់ឱ្យដោយរដ្ឋបាលថ្នាក់កណ្តាលដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ 10ក្នុងនោះថវិកាប្រហែល ១៥២លានដុល្លារអាមេរិកត្រូវបានផ្តល់ឱ្យជាមូលនិធិក្រុង/ស្រុក/ខណ្ឌ (ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០១៨) ហើយថវិកាជាង ៧១៦លានដុល្លារអាមេរិកជាមូលនិធិឃុំ/សង្កាត់ (ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៨) និងថវិកា ១.៥ ពាន់លានដុល្លារអាមេរិកទៀត ជាមូលនិធិមូលធនសម្រាប់ខេត្ត/រាជធានី (ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៨) ។ 11
ភារកិច្ចសំខាន់ៗរបស់រដ្ឋាភិបាលកណ្តាល ព្រមជាមួយធនធាន (ចំណូល, បុគ្គលិក, កម្មសិទ្ធិ និងសមត្ថភាពគ្រប់គ្រង) អំណាច និង ការទទួលខុសត្រូវ នឹងត្រូវផ្ទេរទៅឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ។ ធនាគារអភិវឌ្ឍន៍អាស៊ី គាំទ្រគម្រោងសម្រាប់វិមជ្ឈការជាច្រើន (នៅក្នុងបណ្តាទិសដៅផ្សេងទៀត) ក្នុងគោលបំណងផ្តល់ឱ្យប្រជាជននៅជនបទ នូវលទ្ធភាពកាន់តែប្រសើរជាងមុនក្នុងការប្រើប្រាស់សេវាសាធារណៈ។12
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៩
ឯកសារយោង
- 1. ព្រះរាជខុទ្ទកាល័យ នៃព្រះរាជាណាចក្រកម្ពុជា. “ព្រះមហាក្សត្រ នរោត្ដម សីហមុនី”។ ចូលអាននៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥។ http://norodomsihamoni.org/en/
- 2. ព្រះរាជខុទ្ទកាល័យ នៃព្រះរាជាណាចក្រកម្ពុជា. “គេហទំព័រផ្លូវការរបស់ព្រះបាទ នរោត្ដម សីហនុ ព្រះវររាជ្យបិតា នៃព្រះរាជាណាចក្រកម្ពុជា”។ ចូលអាននៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥។ http://www.norodomsihanouk.info/
- 3. កម្ពុជាទស្សនៈថ្មី. “សម្តេច ហ៊ុន សែន”។ ចូលអាននៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ២០១៥។ http://cnv.org.kh/samdech-hun-sen/
- 4. “កិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមនៃជម្លោះនៅកម្ពុជា” ត្រូវបានចុះហត្ថលេខានៅទីក្រុងប៉ារីស នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ១៩៩៣ ដោយតំណាងមកពី ១៩ ប្រទេស និង អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ជម្លោះ ២០ឆ្នាំ នៅប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានគេស្គាល់ថាជា “កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស” ។ អាចចូលមើលបាននៅ https://peacemaker.un.org/cambodiaparisagreement91
- 5. មាត្រា ១៤៦ ថ្មី (១) នៃ រដ្ឋធម្មនុញ្ញ (ឆ្នាំ១៩៩៣ ហើយត្រូវបានធ្វើវិសោធនកម្មចុងក្រោយឆ្នាំ២០១៤)។
- 6. ច្បាប់ស្តីពីរដ្ឋបាលឃុំ-សង្កាត់ និង ច្បាប់ស្តីពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ http://www.cdc-crdb.gov.kh/cdc/twg_network/country_systems_cambodia/strengthening_national_systems/documents_for_reform/sndd/organic_law_2008_en.pdf ។ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្រ្តី (ឆ្នាំ១៩៩៤ ហើយត្រូវធ្វើវិសោធនកម្មចុងក្រោយឆ្នាំ២០១៣)។
- 7. ធនាគារពិភពលោក. “សូចនាករអភិបាលកិច្ចទូទាំងពិភពលោក”។ ចូលអាន នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥។ http://info.worldbank.org/governance/wgi/index.aspx#reports
- 8. ធនាគារពិភពលោក. “សូចនាករអភិបាលកិច្ចទូទាំងពិភពលោក”. ចូលអាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩. http://bit.ly/1JzSmiJ
- 9. រាជរដ្ឋាភិបាលកម្ពុជា. “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨.” ចូលអាននៅថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ២០១៥. http://ncdd.gov.kh/images/National_Program/NP-SNDD%20Final%2028-05-2010%20_En_.pdf
- 10. ក្រសួងព័ត៌មាន. “ថវិកាជាតិ ២ ពាន់លានដុល្លារជាងត្រូវបានបែងចែងសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ”, ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨។ ចូលអានថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩។ https://information.gov.kh/detail/252342
- 11. ដូចឯកសារយោងខាងដើម។
- 12. ធនាគារអភិវឌ្ឍន៍អាស៊ី. “កម្ពុជា៖ វិមជ្ឈការសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុ SP2 (វិមជ្ឈការហេដ្ឋារចនាសម្ព័ន្ធជនបទ).” ចូលអាននៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០១៥. http://www.adb.org/projects/41392-023/main