បន្ទាប់​ពី​របប​ខ្មែរក្រហម​ត្រូវ​បាន​បញ្ចប់​ វិស័យ​សុខាភិបាល​ទាំងមូល​របស់​ប្រទេស​កម្ពុជា​ រួម​មាន​ប្រព័ន្ធ​សុខាភិបាល​ មណ្ឌល​សុខភាព​ និង​ឧបករណ៍​វិ​ជ្ជ​សាស្ត្រ​នានា​ត្រូវ​បាន​បំផ្លាញ​ស្វើ​រទាំង​ស្រុង​។​1​ ចាប់តាំងពី​ទស​វត្ស​ឆ្នាំ​ ១៩៩០​ មក​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​ស្តារ​ និង​កែ​លំអ​វិស័យ​សុខាភិបាល​របស់​ប្រទេស​។​ នៅ​ប្រទេស​កម្ពុជា​ ប្រជាជន​ប្រមាណ​ ២​ លាន​នាក់​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ ហើយ​ប្រជាជន​ប្រមាណ​ ៤.៥​ លាន​នាក់​ទៀត​មាន​ជីវភាព​ជិត​បន្ទាត់​ក្រីក្រ​នៅឡើយ​ ហើយ​ក្នុង​នោះ​ប្រជាជន​ដែល​មាន​ជីវភាព​ក្រីក្រ​ប្រហែល​ ៩០​ % ​ រស់នៅ​តាម​ទី​ជនបទ​។​2​ សេវាកម្ម​ និង​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព​ល្អ​ប្រសើរ​ គឺជា​ភាព​ចាំបាច់​យ៉ាង​ខ្លាំង​ ដោយ​មិន​ត្រឹមតែ​ អាច​ធានា​សុខុមាលភាព​របស់​ពួក​គេ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អាច​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​សមភាព​សង្គម​នៅ​ក្នុង​ប្រទេស​ទៀត​ផង​។​3

​នៅ​ក្នុង​ប្រទេស​ ក្រសួងសុខាភិបាល​គឺជា​ស្ថាប័ន​តែ​មួយ​គត់​ដែល​ទទួលខុសត្រូវ​រាល់​បញ្ហា​ទាក់ទង​នឹង​វិស័យ​សុខាភិបាល​ទាំងអស់​។​4​ ក្រសួង​នេះ​ មាន​ភារកិច្ច​លើកកម្ពស់​សុខភាព​ និង​សុខុមាលភាព​របស់​ប្រជាជន​នៅ​ទូ​ទាំង​ប្រទេស​តាម​រយៈ​បណ្តាញ​នានា​នៅ​តាម​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​។​5 ​ដូច​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​ត្រូវ​បាន​កំណត់​ដោយ​អ្នក​ផ្តល់​សេវា​ពីរ​ប្រភេទ​ធំៗ​គឺ​ សាធារណៈ​និង​ឯកជន​។​ សេវា​សុខភាព​សាធារណៈ​សំដៅ​ទៅ​លើ​មន្ទីរពេទ្យ​ មណ្ឌល​សុខភាព​ និង​សេវាកម្ម​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល ​ក្រោម​ថវិកា​សុខាភិបាល​ថ្នាក់​ជាតិ​។​6 ចំណែក​សេវាកម្ម​ថែទាំ​សុខភាព​ឯកជន​ចែក​ចេញ​ជា​សេវា​សុខាភិបាល​ ឯកជន​ និង​អង្គការ​សុខាភិបាល​មិន​គិត​ប្រាក់​ចំណេញ​។​7

មណ្ឌលសុខភាព​ប្រាសាទបាគង​ក្នុង​ខេត្ត​សៀមរាប​ឆ្នាំ​២០១៨។ រូបភាព​ ដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ​។​ ក្រោម​អាជ្ញាបណ្ណ​ CC BY-SA 4.0.

​មណ្ឌល​ថែទាំ​សុខភាព​សាធារណៈ​ដូច​ជា​ មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​ត្រូវ​បាន​គេ​ឃើញ​ថា​មានការ​រីក​ចំរើន​ក្នុង​ល្បឿន​មួយ​គួរ​អោយ​កត់សំគាល់​ ជា​ពិសេស​នៅ​តាម​ទីប្រជុំជន​ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​។ គិត​ត្រឹម​ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​មាន​ មន្ទីរពេទ្យ​បង្អែក​ទាំងអស់​ចំនួន​ ១០២​ ដែល​ក្នុង​នោះ​ មាន​មន្ទីរពេទ្យ​ជាតិ​ ៩​ មន្ទីរពេទ្យ​បង្អែក​រាជធានី​ ២៥​ និង​ មន្ទីរពេទ្យ​បង្អែក​ស្រុក​ ៦៨​។​8 គេ​ក៏​ឃើញ​មាន​ មណ្ឌល​សុខភាព​ចំនួន​ ១.១៤១​ និង​ប៉ុស្តិ​សុខភាព​ ១០៧​។​​9​​ ចំនែកឯ ក្រុម​គ្រូពេទ្យ​ និង​អ្នកជំនាញ​សុខភាព​ក៏​មានការ​កើនឡើង​ខ្លាំង​ដែរ​ នៅ​ក្នុង​វិស័យ​ផ្សេងៗ​គ្នា​។​ បើ​និយាយ​ពី​វិស័យ​ឯកជន​វិញ​ គ្លីនិក​ និង​ឱសថ​ទំហំ​តូច​ និង​មធ្យម​ក៏​មានការ​រីក​ចម្រើន​នៅ​ក្នុង​ទីក្រុង​និង​ខេត្ត​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ​។​ ​ប្រព័ន្ធមណ្ឌល​ថែទាំ​សុខភាព​សាធារណៈ​នៅ​ប្រទេស​កម្ពុជា​មាន​បំរើសេវា​ថែទាំ​សុខភាព​ផ្សេងៗ​គ្នា​រួម​មាន​ ការ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ការ​ព្យាបាល​ជំងឺ​ទូទៅ​ ជំងឺមហារីក​ ការព្យាបាល​បន្ទាន់​ ការ​ព្យាបាល​ដោយ​ប្រើ​ឱសថ​ ការ​ព្យាបាល និងថែទាំ​សុខភាព​ផ្លូវចិត្ត​ ការ​ព្យាបាលជំងឺមាត់ធ្មេញ​ ការ​ស្តារ​នីតិសម្បទា​ និង​ការ​ថែទាំ​រយៈពេល​វែង​។​​10

តារាង៖ ស្ថិតិសេវាសុខាភិបាលឯកជនតាមប្រភេទសេវាពីឆ្នាំ ២០០៩ ដល់ ២០១៥

ប្រភព៖ របាយការណ៍សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ ២០១៥ (ក្រសួងសុខាភិបាល)។ ទាញចេញពី ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០.
​ប្រភេទ​សេវា​២០០៩២០១០២០១១២០១២២០១៣២០១៤២០១៥
​បន្ទប់​ថែទាំ​ជំងឺ​7581,2521,5041,7331,6301,7453,392
​បន្ទប់​ពិនិត្យ​ស្រ្តី​មាន​គភ៌​2423314274855205061,030
​បន្ទប់​ព្យាបាល​ដោយ​ចលនា​5121921222013
​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​2,2682,5162,4732,6402,7682,7322,891
​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ282313318368411419758
​មន្ទីរ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ​29263336393841
​មជ្ឈ​មណ្ឌល​កែ​សម្ជស្ស​-26681012
​មន្ទីរ​ពិសោធន៏​វេជ្ជ​សាស្ត្រ​29262023272738
​មន្ទីរ​សម្ភព​87777811
​មន្ទីរ​សំរាក​ព្យាបាល​95102110130156181244
​មន្ទីរ​ពហុ​ព្យាបាល​37364148485147

យោង​តាម​ក្រសួងសុខាភិបាល​ មាន​មណ្ឌល​សុខភាព​ និង​ផ្តល់​សេវា​សុខាភិបាល​ឯកជន​ ចំនួន​ ៨ ៤៨៨​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៥​។11 គេ​ក៏​ឃើញ​មាន​ ឱសថស្ថាន​ប្រហែល​ ២ ១៥៦​ កន្លែង​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទូ​ទាំង​ប្រទេស​។​ ជា​ទូទៅ​ មណ្ឌល​សុខភាព​ឯកជន​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ក្នុង​តំបន់​ទីក្រុង​ដែល​មាន​ប្រជាជន​ច្រើន​ ហើយ​អាច​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​អាជីវកម្ម​របស់​ពួក​គេ​បាន​។​12​​ ​សេវា​សុខាភិបាល​ឯកជន​បែងចែក​ជា​ប្រភេទ​ផ្សេង​គ្នា​រួម​មាន​ ការ​ថែទាំ​សុខភាព​ទូទៅ​ គ្លីនិក​ ពហុ​ព្យាបាល​ មន្ទីរពេទ្យ​ និង​សម្ភព​។​ អង្គការ​ក្នុងស្រុក​ និង​អន្តរជាតិ​ជា​ច្រើន​ក៏​បាន​ដើរតួ​យ៉ាង​សំខាន់​ ចូលរួម​ចំណែក​នៅ​ក្នុង​វិស័យ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​ផង​ដែរ​ ដោយ​ការ​បង្កើត​នូវ​ មណ្ឌល​សុខភាព​ព្យាបាល​ជំងឺ​មិន​គិតថ្លៃ​នៅ​ថ្នាក់​ស្រុក​ និង​សហគមន៍​ដើម្បី​គាំទ្រ​ជន​ក្រីក្រ​នៅ​តាម​ជនបទ​។​ ក្នុង​ឆ្នាំ​ ២០១៥​ មាន​អង្គការក្រៅរដ្ឋាភិបាល​ជាង​ ១៨០​ កំពុងធ្វើការ​ក្នុង​វិស័យ​សុខាភិបាល​។​​13

រូបភាព១៖ ថ្នាក់ទាំងបីនៃប្រព័ន្ធសុខាភិបាលសាធារណៈ។ ប្រភព៖ ផែនការយុទ្ធសាស្ត្រសុខាភិបាល ២០១៦-២០២០

​ប្រព័ន្ធ​សុខភាព​សាធារណៈ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​បែងចែក​ជា​បី​កម្រិត​14​​៖

  • ​កម្រិត​ថ្នាក់​ជាតិ​ ឬ​ថ្នាក់​កណ្តាល​ (ថ្នាក់ទី​៣)​ 
  • ​កម្រិត​ថ្នាក់​​រាជធានី​/ខេត្ត​ ​(ថ្នាក់​ទី​២)
  • កម្រិត​ថ្នាក់​ស្រុក​​ប្រតិបត្តិ​ (ថ្នាក់​ទី​១​) ។​

​កម្រិត​នីមួយៗ​មាន​ទំនួល​ខុស​ត្រូវ​ខុសៗ​គ្នា​ និង​ត្រូវ​បាន​ចាត់​ថ្នាក់​តាម​លក្ខណៈ​វិនិច្ឆ័យ​ផ្សេងៗ​គ្នា​រួម​មាន​ ចំនួន​ប្រជាជន​ ភាព​ងាយស្រួល​ និង​កម្រិត​ដង់ស៊ីតេ​ប្រជាជន​នៅ​ក្នុង​តំបន់​។​

តារាង៖ លក្ខណវិនិច្ឆ័យសម្រាប់បង្កើតមូលដ្ឋានសុខាភិបាល

មូលដ្ឋានសុខាភិបាលចំនួនប្រជាជន​ (នាក់)លទ្ធភាពទទួលបានសេវា
មណ្ឌលសុខភាពចំនួនសមស្រប៖ ១០.០០០
ប្រែប្រួលពី៖ ៨.០០០ ទៅ ១២.០០០
ក្នុងរង្វង់ ១០គ.ម ឬធ្វើដំណើរជាអតិបរមា ២ម៉ោង​ ដោយថ្មើរជើង​ក្នុងតំបន់​ទទួលខុសត្រូវរបស់មណ្ឌលសុខភាព។
មន្ទីរពេទ្យបង្អែកចំនួន​សមស្រប៖​ ១០០.០០០
ប្រែប្រួលពី​ ៦០.០០០ ទៅ​ ២០០.០០០+
ក្នុងតំបន់​មានប្រជាជន​រស់នៅ​ច្រើន​៖​ ធ្វើ​ដំណើរ​ ២​ម៉ោង​ដោយ​រថយន្ត​ ឬកាណូត​។​ ក្នុង​តំបន់​ជនបទ​៖​ ធ្វើ​ដំណើរ​មិន​លើស​ពី​ ៣​ម៉ោង​ដោយ​រថយន្ត​ ឬកាណូត​។​
ប៉ុស្តិសុខភាពប្រែប្រួល​ពី​ ២.០០០ ទៅ ៣.០០០ចំងាយ​ពី​ឃុំ​/​ភូមិ​ទៅមណ្ឌល​សុខភាព​ជិត​បំផុត​លើស​ពី​ ១៥​គ.ម​ ហើយ​មាន​របាំង​ភូមិ​សាស្ត្រ​ (ទន្លេ​ ភ្នំ ឬ​ស្ថាន​ភាព​ផ្លូវ​ពិបាក​)។​

ផែនទីអន្តរកម្មនៃមូលដ្ឋានសុខាភិបាលឆ្នាំ ២០១០

​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​គាំពារ​សុខភាព​សង្គម​ផ្សេងៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​រួម​មាន​ មូលនិធិ​សមធម៌​សុខភាព​ គម្រោង​សុខភាព​សំរាប់​មន្ត្រីរាជការ​ និង​ ស៊ី​វិល​ និង​បេឡា​ជាតិ​សន្តិសុខ​សង្គម​។​15 គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៦​ មូលនិធិ​សមធម៌​សុខភាព​ បាន​ផ្តល់​សេវា​ឥត​គិតថ្លៃ​ក្នុង​ការ​ទទួល​ថែទាំ​សេវា​សុខភាព​ជូន​ប្រជាជន​ក្រីក្រ​ដោយ​ដោយ​ទទួល​បានការ​ព្យាបាល​នៅ​ក្រៅ​មន្ទីរពេទ្យ​ប្រមាណ​ ២,៦​ លាន​នាក់​ និង​ការ​ព្យាបាល​ដោយ​សំរាក​ក្នុង​មន្ទីរពេទ្យ​ចំនួន​ ១៩០ ០០០​ នាក់​ជា​រៀង​រាល់​ឆ្នាំ​។16​ បេឡា​ជាតិ​សន្តិសុខ​សង្គម​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១៦​ គឺជា​កម្មវិធី​ធានា​រ៉ាប់រង​សុខភាព​សង្គម​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​ ដើម្បី​ការពារ​ និង​បម្រើ​គម្រោង​រង​របួស​ការងារ​ជូន​ចំពោះ​កម្មករ​ និង​និយោជិត​។17​ កម្មវិធី​នេះ​មាន​គោលបំណង​ កាត់​បន្ថយ​បន្ទុក​សង្គម​ និង​លើកកម្ពស់​ស្ថេ​រ​ភាព​សង្គម​។18​​ គម្រោង​ថែទាំ​សុខភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​រួម​មាន​ សេវា​ថែទាំ​ ថ្នាំពេទ្យ​ វេជ្ជសាស្ត្រ​ និង​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នកជំងឺ​ដែល​អវត្តមាន​ពី​ការងារ​ ដោយសារ​តែ​ការ​រង​របួស​ និង​ការ​ឈប់​សំរាក​ពេល​សំរាលកូន​។​19

ផែន​ទី​មូល​ដ្ឋាន​សុខាភិបាល​ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្រាប់​ហានិភ័យ​ការងារ​ និង​របបថែទាំសុខភាព​ (​ប​.​ស​.​ស​)

​ក្នុង​ចំណោម​ប្រជាជន​ចំនួន​ ១៧​ លាន​នាក់​ ៣០%​ ប្រើប្រាស់​សេវា​សុខភាព​សាធារណៈ​ ខណៈ​ពេល​ដែល​នៅ​សេសសល់​ជ្រើសរើស​យក​សេវា​ឯកជន​។​20 ។ កត្តា​នេះ​នាំ​ឱ្យ​មានការ​ចំណាយ​ដោយ​ប្រើប្រាស់​លុយ​ក្នុង​ហោប៉ៅ​យ៉ាងច្រើន​សម្រាប់​សេវា​សុខភាព​ក្នុង​ឆ្នាំ​ ២០១៧​ ដែល​មាន​ប្រមាណ​ ៦០%​ នៃ​ចំណាយ​សុខាភិបាល​សរុប​។21 ខណៈ​ដែល​ការ​ចំណាយ​សុខាភិបាល​សរុប​គឺ​ ៥,៩%22 នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​ ការ​ចំណាយ​សម្រាប់​មនុស្ស​ម្នាក់​គឺ​ប្រហែល​ ៨២​ ដុល្លារ​លើ​វិស័យ​ខាងលើ​។23 ដង់ស៊ីតេគ្រែនៅមន្ទីរពេទ្យដែលជាសូចនាករមួយ ដើម្បីវាស់ស្ទង់ភាពទូលំទូលាយនៃការទទួលសេវាកម្មព្យាបាលអ្នកជំងឺ គឺ ១,៩ គ្រែក្នុងចំណោមប្រជាជន ១០០០ នាក់នៅឆ្នាំ ២០១៨។24

​យោង​តាម​របាយការណ៍​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ ប្រទេស​កម្ពុជា​ទទួល​បាន​ ពិន្ទុ​ ០,៥៨១​ ក្នុង​ស​ន្ទ​ស្សន៍​អភិវឌ្ឍន៍​មនុស្ស​ (HDI)​ ហើយ​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ប្រទេស​អភិវឌ្ឍន៍​មនុស្ស​កំរិត​មធ្យម​ និង​ជាប់​ចំណាត់ថ្នាក់​លេខ​ ១៤៦​ ក្នុង​ចំណោម​ ១៨៩​ ប្រទេស​។​25 ស្ថិតិ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​ ៥១,៤​ ភាគរយ​ចាប់តាំងពី​ឆ្នាំ​ ១៩៩០​។​ អាយុកាល​មធ្យម​ មាន​អាយុ​ ៦៩,៦​ ឆ្នាំ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ១៩៩០​ គឺ​កើនឡើង​ ១៦​ ឆ្នាំ​។​ អត្រា​មរណភាព​គឺ​ ៧,៣​ នាក់​ក្នុង​ចំណោម​ប្រជាជន​ ១០០០​ នាក់​នៅ​ឆ្នាំ​ ២០២០​។​26 នេះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​នៅ​ក្នុង​វិស័យ​សុខាភិបាល​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។​27

បុគ្គលិកពេទ្យកំពុងស្ដាប់ចង្វាក់បេះដូងទារក នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ ប្រទេសកម្ពុជា. រូបភាព ថតដោយ ធនាគារពិភពលោក, ៣០ មករា ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

​ទោះបី​មានការ​រីក​ចម្រើន​ខ្លាំង​ក៏​ដោយ​ក៏​ប្រទេស​កម្ពុជា​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ជា​ច្រើន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ការពារ​ជំងឺឆ្លង​ និង​មិន​ឆ្លង​ រួម​មាន​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដ​ស៏​យូរអង្វែង​ ជំងឺគ្រុនចាញ់​ ជំងឺរបេង​ គ្រុនឈាម​ និង​ការ​ទទួល​បាន​ទឹក​ស្អាត​។28 អត្រា​មរណភាព​មាតា​ និង​កុមារ​ កង្វះ​អាហារូបត្ថម្ភ​ ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ដែល​មាន​ជំងឺផ្លូវចិត្ត​ និង​បញ្ហា​សុខភាព​ដែល​អាច​កើត​មាន​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ គឺជា​ការ​គំរាមកំហែង​មួយ​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​កម្ពុជា​។​29

​លើកកម្ពស់​សេវា​សុខភាព​សាធារណៈ​គឺ​ចាំបាច់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​ ដោយ​ដឹង​ពី​បញ្ហា​នេះ​ ប្រទេស​កម្ពុជា​បាន​អនុវត្ត​កំណែទម្រង់​ផ្សេងៗ​ក្រោម​យុទ្ធសាស្ត្រ​ និង​ក្របខ័ណ្ឌ​គោលនយោបាយ​ផ្សេងៗ​គ្នា​ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សុខភាព​សាធារណៈ​បឋម​ប្រកបដោយ​គុណភាព​។​ សុខភាព​សាធារណៈ​ ស្ថិត​ក្នុង​ចំណោម​វិស័យ​អាទិភាព​សម្រាប់​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ របស់​រដ្ឋាភិបាល​កម្ពុជា​។​ ក្នុង​ឆ្នាំ​ ២០១៨​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បែងចែក​ថវិកា​ប្រមាណ​ ៤៨៥​ លាន​ដុល្លារនៅក្នុងថវិការជាតិសរុប​លើ​វិស័យ​សុខាភិបាល​។​ 30

ទំព័រពាក់ព័ន្ធ​នឹង​មណ្ឌល​សុខភាព​៖

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

y3LcU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!