សម្បទានដីសេដ្ឋកិច្ច

អាជ្ញាប័ណ្ណ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ គឺជា​សិទ្ធិ​ជួល​រយៈពេល​វែង​លើ​ដី​រដ្ឋ​ផ្ទាល់​ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ស្ថាប័នឯកជន​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម​។​ អាជ្ញាប័ណ្ណ​ទាំងនេះ​អាច​ប្រើ​សម្រាប់​សកម្មភាព​ផ្សេងៗ​ មាន​ចាប់ពី​ចំការ​កសិកម្ម​ទំហំ​ធំ​ ការ​ចិញ្ចឹមសត្វ​ ដល់​ការ​សាងសង់​រោងចក្រ​ផលិតផល​កសិកម្ម​ជាដើម​។​ គេ​ក៏​បាន​ផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​សកម្មភាព​រ៉ែ​ កំពង់​ផែ​ និង​នេសាទ​ ក៏​ដូច​ជា​ផ្នែក​ទេសចរណ៍​ផង​ដែរ​។​ គោលដៅ​នៃ​អាជ្ញាប័ណ្ណ​ទាំងនេះ​គឺ​ដើម្បី​លើកកម្ពស់​ការ​វិនិយោគ​ បង្កើត​ការងារ​ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ ជា​ពិសេស​នៅ​តំបន់​ជនបទ​។​ ការ​ផ្តល់​អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច​ មាន​ចំណុច​លក្ខណៈ​មួយ​ចំនួន​សម្រាប់​ធានា​ថា​អាជ្ញាប័ណ្ណ​ទាំងនេះ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ និង​បរិស្ថាន​។​ លក្ខខណ្ឌ​ទាំងនោះ​រួម​មាន​ដី​ត្រូវជា​ដី​ដែល​បាន​ចុះបញ្ជី​ និង​ចែង​ថា​ជា​ដី​ឯកជន​របស់​រដ្ឋ​ ហើយ​ការ​ប្រើប្រាស់​ដី​ត្រូវ​ស្រប​នឹង​ផែនការ​ប្រើប្រាស់​ដី​ដែល​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ខេត្ត​-​ក្រុង​។​ តម្រូវការ​ផ្សេង​ទៀត​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ និង​ការ​ដោះស្រាយ​បញ្ហា​ការ​ផ្លាស់​ទី​របស់​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​។​ ហើយ​ក៏​មានការ​ផ្តល់​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​ក្នុង​ការ​ពិភាក្សា​សាធារណៈ​ផង​ដែរ​។​1​ ទោះ​យ៉ាងណា​ក៏​ដោយ​ អាជ្ញាប័ណ្ណ​សម្បទាន​ដី​សេដ្ឋកិច្ច​ក៏​បាន​ធ្វើ​ឱ្យ​មាន​បញ្ហា​សំខាន់ៗ​នៅ​ក្នុង​ការ​គ្រប់គ្រង​ និរន្តរភាព​បរិស្ថាន​ និង​សមភាព​សង្គម​ផង​ដែរ​។​

​ការ​អភិវឌ្ឍ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​

​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​ រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់ផ្ដើម​របៀបវារៈ​កំណែទម្រង់​មួយ​ ដើម្បី​លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ប្រកបដោយ​និរន្តរភាព​ ដោយ​ដាក់​ចេញ​នូវ​ការ​លើកទឹកចិត្ត​ជា​ច្រើន​ក្នុង​ការ​វិនិយោគ​។​ ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ត្រូវ​បាន​គេ​កំណត់​ថា​ជា​អាទិភាព​សំខាន់​ ក្នុង​គោលបំណង​ធានា​សន្តិសុខ​ស្បៀង​ គាំទ្រ​ដល់​កំណើន​ក្នុង​វិស័យ​ ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ឧស្សាហកម្ម​កែ​ច្នៃ​ ជំរុញ​ការ​នាំ​ចេញ​ និង​បង្កើត​ការងារ​។​ ការ​យកចិត្តទុកដាក់​នេះ​បាន​ទាក់ទាញ​ក្រុមហ៊ុន​ជា​ច្រើន​ដែល​កំពុង​ស្វែងរក​ដី​សម្បទាន​ព្រៃឈើ​ និង​ដី​ ដែល​បណ្តាល​ឱ្យ​មាន​តម្រូវការ​លើសលុប​ពី​ការ​ផ្គត់ផ្គង់​យ៉ាង​ឆាប់រហ័ស​។​ នៅ​ឆ្នាំ​១៩៩៤​ ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ត្រូវ​បាន​អនុម័ត​ ហើយ​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​បាន​អនុម័ត​ជា​បន្តបន្ទាប់​នូវ​គម្រោង​ចំនួន​ ៨៥​ ស្រប​តាម​មាត្រា​ ១៦​ ដែល​ចែង​ថា​ “​អ្នក​វិនិយោគ​អាច​ប្រើប្រាស់​ដីធ្លី​តាម​រយៈ​ការ​ជួល​សម្រាប់​រយៈពេល​វែង​រហូត​ដល់​ ៧០​ឆ្នាំ​ ហើយ​អាច​ស្នើ​សុំ​ជួល​បន្ត​”​។​2​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ក្តី​បារម្ភ​ទាក់ទង​នឹង​ហេតុ​ប៉ះពាល់​សង្គម​ និង​បរិស្ថាន​នៃ​សម្បទាន​ទាំងនេះ​បាន​ចាប់ផ្តើម​លេចឡើង​។​ អង្គការសិទ្ធិមនុស្ស​ចាប់ផ្ដើម​ទទួល​ពាក្យបណ្ដឹង​អំពី​ការ​រំលោភ​បំពាន​ដែល​កើតឡើង​លើ​ដី​សម្បទាន​។​ បន្ថែម​ពី​នេះ​ វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​កម្ពុជា​ បាន​ចងក្រង​ឯកសារ​អំពី​នីតិវិធី​នៃ​ការ​ផ្តល់​សម្បទាន​ដី​ដែល​មាននៅ​មុន​ការ​អនុម័ត​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ផង​ដែរ​។​ 3

ក្របខ័ណ្ឌ​ច្បាប់​

​សម្បទាន​ដី​សេដ្ឋកិច្ច​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​ ដែល​ផ្តល់​មូលដ្ឋាន​គ្រឹះ​ស្របច្បាប់​សម្រាប់​ការ​បែងចែក​ដី​រដ្ឋ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​។​ មាត្រា​ ២៩​ ចែង​ថា​ តំបន់​សម្បទាន​ដី​មិន​ត្រូវ​លើស​ពី​មួយ​ម៉ឺន​ហិ​កតា​ ហើយ​មាន​រយៈពេល​អតិបរមា​ ៩៩​ឆ្នាំ​។​4​ អនុក្រឹត្យ​លេខ​ ១៤៦​ ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​ ដែល​ចេញ​ក្នុង​ឆ្នាំ​២០០៥​ មាន​គោលបំណង​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ នីតិវិធី​ យន្តការ​ និង​ការ​រៀបចំ​ស្ថាប័ន​សម្រាប់​ការ​ផ្តួចផ្តើម​ និង​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​ ដែល​អនុលោម​តាម​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។​5​ ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​តម្រូវ​ឱ្យ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​សង្គម​ ការពិគ្រោះ​យោបល់​ជា​សាធារណៈ​ និង​ផែនការអភិវឌ្ឍន៍​ដែល​ត្រូវ​បាន​អនុម័ត​។​ ក្នុង​ឆ្នាំ​២០១២​ រដ្ឋាភិបាល​បាន​ប្រកាស​ផ្អាក​ និង​ពិនិត្យ​មើល​ឡើង​វិញ​នូវ​សម្បទាន​ដី​សេដ្ឋកិច្ច​ទាំងអស់​ ហើយ​ដី​សម្បទាន​ដែល​មិន​ស្រប​តាម​ច្បាប់​ត្រូវ​បាន​លុប​ចោល​ បន្ទាប់​ពី​មានការ​តវ៉ា​ និង​សម្ពាធ​ពី​ក្រុម​សិទ្ធិ​មនុស្ស​។​6​ ការ​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​ក្នុង​ឆ្នាំ​២០១៥​ បាន​បន្ទាប​រយៈពេល​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​មក​ត្រឹម​ ៥០​ឆ្នាំ​ នៃប្រតិបត្តិ​ការ​ដែល​ពី​មុន​ត្រូវ​បាន​ផ្តល់​ឱ្យ​ចន្លោះ​ពី​ ៧០​ ទៅ​ ៩៩​ឆ្នាំ​។​7​ ការ​ធ្វើ​បច្ចុប្បន្នភាព​គោលនយោបាយ​នឹង​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​សម្បទាន​បែប​នេះ​បាន​ប្រសើរ​ជាង​មុន​ ប៉ុន្តែ​ការ​អនុវត្ត​ច្បាប់​តឹងរ៉ឹង​ក៏​ចាំបាច់​ផង​ដែរ​។​8

​គម្រោង​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា​

​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដី​ជាង​ពីរ​លាន​ហិ​កតា​ជា​សម្បទាន​ដី​សេដ្ឋកិច្ច​ដល់​អ្នក​វិនិយោគ​។​ សម្បទាន​ដី​សេដ្ឋកិច្ច​បាន​ផ្តល់​ឱ្យ​គម្រោង​សរុប​ចំនួន​ ២៩០​ ក្នុង​នោះ​មាន​គម្រោង​ប្រមាណ​ ៣៣​ ត្រូវ​បាន​ដកហូត​ជា​បន្តបន្ទាប់​ដោយ​រដ្ឋាភិបាល​ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​។​9​ ចំណែក​ទិន្នន័យ​ពី​អង្គការ​លី​កាដូ​បាន​បង្ហាញ​ថា​ រដ្ឋាភិបាល​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ចំនួន​ ៣៣០​គម្រោង​។​10


​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដី​ដល់​វិនិយោគិន​ជាតិ​ និង​អន្តរជាតិ​។​ វិនិយោគិន​កម្ពុជា​បាន​ទទួល​គម្រោង​វិនិយោគ​សរុប​ប្រមាណ​ ១១២​។​ ក្នុង​ចំណោម​វិនិយោគិន​អន្តរជាតិ​ វៀតណាម​នាំមុខ​គេ​ដោយ​ទទួល​បាន​ ៤៧​គម្រោង​ បន្ទាប់​មក​ប្រទេស​ចិន​ទទួល​បាន​ ៣៧​គម្រោង​ កូរ៉េ​ខាងត្បូង​ទទួល​បាន​ ១០​គម្រោង​ ប្រទេស​ថៃ​ទទួល​បាន​ ៩​គម្រោង​ ម៉ា​ឡេ​ស៊ី​ទទួល​បាន​ ៧​គម្រោង​ និង​ប្រទេស​ផ្សេង​ទៀត​ដូចដែល​អ្នក​ឃើញ​ក្នុង​ក្រាហ្វិក​ខាងក្រោម​។​

​វិវាទ​ដីធ្លី​ដែល​កើត​ចេញពី​សម្បទាន​ដី​សេដ្ឋកិច្ច​

​សម្បទាន​ដី​សេដ្ឋកិច្ច​នៅ​កម្ពុជា​ គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ជម្លោះដីធ្លី​ ដែល​នាំ​ឱ្យ​មានការ​ផ្លាស់​ទីលំនៅ​យ៉ាងច្រើន​ ការ​រិច​រិល​បរិស្ថាន​ និង​ការ​រំខាន​ដល់​សង្គម​។​ ទោះបីជា​មានការ​ផ្អាក​ពី​រដ្ឋាភិបាល​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​ក្នុង​ឆ្នាំ​២០១២​ ក៏​ដោយ​ ការ​វិវឌ្ឍន៍​ថ្មីៗ​បង្ហាញ​ពី​ការ​ងើបឡើង​វិញ​នៃ​សម្បទាន​បែប​នេះ​ ដោយ​ធ្វើ​ឱ្យ​មាន​សម្ពាធ​កាន់តែ​ខ្លាំង​រវាង​សហគមន៍​មូលដ្ឋាន​ អាជ្ញាធរ​ និង​សហគ្រាស​ឯកជន​។​ ចន្លោះ​ឆ្នាំ​២០០៣​ ដល់​ឆ្នាំ​២០១២​ អង្គការសិទ្ធិមនុស្ស​បាន​ប៉ាន់​ប្រមាណ​ថា​ ប្រជាជន​កម្ពុជា​ប្រមាណ​ ៤០០.០០០​នាក់​ បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​រំលោភ​ដីធ្លី​ ដែល​ភាគច្រើន​មាន​ទំនាក់ទំនង​ជាមួយ​សម្បទាន​ដី​សេដ្ឋកិច្ច​។​ ចន្លោះ​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០២២​ ព្រៃឈើ​ជាង​ ៧៧៣.០០០​ហិ​កតា​ ត្រូវ​បាន​បាត់បង់​ក្នុង​រង្វង់​ផ្ទៃដី​ ២,២៥​លាន​ហិ​កតា​ ដែល​ត្រូវ​បាន​បែងចែក​សម្រាប់​សម្បទាន​ដី​សេដ្ឋកិច្ច​។​11​ ការ​ពង្រីក​សម្បទាន​ដី​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ត្រូវ​បាន​គេ​កំណត់​ថា​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​មាន​ចំនួន​ដោយ​ផ្ទាល់​ដល់​ទៅ​ ៤០​ភាគរយ​ នៃ​ការ​បាត់បង់​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាមួយនឹង​ផល​ប៉ះពាល់​ដោយ​ប្រយោល​បន្ថែម​ដែល​បណ្តាល​មក​ពី​ការ​ទន្ទ្រាន​យក​ដី​សហគមន៍​ផង​ដែរ​។​12

កាលពី​ខែមីនា​ ឆ្នាំ​២០២២​ រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​មួយ​លើ​ផ្ទៃដី​ព្រៃ​ជាង​ ៥.០០០​ហិ​កតា​ ក្នុង​ខេត្តស្ទឹងត្រែង​ ដល់​ក្រុមហ៊ុន​ Horizon​ Agriculture​ Development​ Co.,​ Ltd.​។​ សេចក្តីសម្រេច​នេះ​បាន​កត់​សម្គាល់ថា​ជា​ការ​អនុម័ត​ជា​លើក​ដំបូង​ក្នុង​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ជិត​មួយ​ទសវត្សរ៍​កន្លង​មក​ ដែល​ធ្វើ​ឱ្យ​មានការ​ព្រួយបារម្ភ​ក្នុង​ចំណោម​អង្គការ​សង្គម​ស៊ី​វិល​អំពី​សក្តានុពល​នៃ​ជម្លោះដីធ្លី​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ជា​ថ្មី​ម្តងទៀត​។​ ប្រជាពលរដ្ឋ​នៅ​តំបន់​រង​គ្រោះ​បាន​រាយការណ៍​ថា​ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​កាប់​បំផ្លាញ​ព្រៃឈើ​ដែល​នាំ​ឱ្យ​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ជាង​ ៦០​គ្រួសារ​ ដែល​ពឹងផ្អែក​លើ​ព្រៃឈើ​សម្រាប់​ចិញ្ចឹមជីវិត​។​[re]Jack​ Brook​ និង​ ស៊ន​ សា​រ៉ាត​,​ “​រដ្ឋាភិបាល​អនុម័ត​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ បើ​ទោះជា​មានការ​ផ្អាក​បណ្តោះអាសន្ន​,”​ ខេ​ម​បូ​ចា​,​ ថ្ងៃ​ទី​១៦​ ខែមេសា​ ឆ្នាំ​២០២៣​។​[/ref]​ ការ​ត្រលប់​មក​វិញ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​ក៏​នាំ​ឱ្យ​មានការ​កើនឡើង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ការ​រិច​រិល​បរិស្ថាន​ផង​ដែរ​។​ របាយការណ៍​ឆ្នាំ​២០២៣​ បាន​គូសបញ្ជាក់​ថា​ពី​ឆ្នាំ​២០០១​ ដល់​ឆ្នាំ​២០១៥​ ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​បឋម​មួយ​ភាគ​បី​ ដោយ​មាន​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​កត្តា​ជំរុញ​ដ៏​សំខាន់​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​។​ ការ​បន្ត​នៃ​សម្បទាន​បែប​នេះ​អាច​គំរាមកំហែង​ដល់​តំបន់​ព្រៃឈើ​ និង​ជីវចម្រុះ​ដែល​នៅ​សេសសល់​។​13​ ស្ថានភាព​នៅ​ក្នុង​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​ បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​មក​លើ​សហគមន៍​មូលដ្ឋាន​។​ ក្នុង​ឆ្នាំ​២០០៨​ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​ទំហំ​ ៣៦.០០០​ហិ​កតា​ នៅ​ក្នុង​ឧទ្យាន​ជាតិ​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ Union​ Development​ Group​ (UDG)​ ដែល​ជា​ក្រុមហ៊ុន​របស់​ប្រទេស​ចិន​ ហើយ​បាន​ផ្លាស់​ប្តូរ​ទីលំនៅ​ប្រជាពលរដ្ឋ​ប្រមាណ​ ១.៣៣៣​គ្រួសារ​។​ ទោះបីជា​មានការ​សន្យា​អំពី​ឱកាស​ការងារ​ និង​ការ​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ក៏​ដោយ​ ក៏​ប្រជាពលរដ្ឋ​មិន​ទាន់​ឃើញ​អត្ថប្រយោជន៍​ទាំងនេះ​កើតឡើង​នៅឡើយ​។​ ផ្ទុយ​ទៅ​វិញ​ ពួក​គេ​បាន​ប្រឈម​មុខ​នឹង​វិវាទ​ដីធ្លី​ដ៏​អូស​បន្លាយ​ និង​សំណង​មិន​គ្រប់គ្រាន់​ដែល​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​សេដ្ឋកិច្ច​ និង​សង្គម​យ៉ាងច្រើន​។​14

​អង្គការ​សង្គម​ស៊ី​វិល​អះអាង​ថា​ កង្វះ​តម្លាភាព​ និង​ការពិគ្រោះ​យោបល់​មិន​គ្រប់គ្រាន់​ជាមួយ​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​បាន​នាំ​ឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​រីក​រាលដាល​ និង​ប៉ះពាល់​ដល់​បរិស្ថាន​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​។​ អង្គការ​លី​កាដូ​ បាន​ចងក្រង​សំណុំរឿង​ជា​ច្រើន​ ដែល​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​បណ្តាល​ឱ្យ​មានការ​បណ្តេញចេញ​ដោយ​បង្ខំ​ បាត់បង់​ជីវភាព​រស់នៅ​ និង​ចលាចល​ក្នុង​សង្គម​។​15

ទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ច

ឯកសារយោង

  1. 1. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ១៤៦​ ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​,”​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០៥​។​
  2. 2. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ថ្ងៃ​ទី​៤​ ខែសីហា​ ឆ្នាំ​១៩៩៤​។​
  3. 3. ​ការិយាល័យ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​កម្ពុជា​នៃ​អង្គការសហប្រជាជាតិ​,​ “​សម្បទាន​ដី​សម្រាប់​គោលបំណង​សេដ្ឋកិច្ច​នៅ​កម្ពុជា​៖​ ទស្សនៈវិស័យ​សិទ្ធិ​មនុស្ស​,”​ ខែវិច្ឆិកា​ ឆ្នាំ​២០០៤​។​
  4. 4. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១,”​ ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០០១​។​
  5. 5. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ១៤៦​ ស្តី​ពី​សម្បទាន​ដី​សេដ្ឋកិច្ច​,”​ ថ្ងៃ​ទី​២៥​ ខែធ្នូ​ ឆ្នាំ​២០០៥​។​
  6. 6. Rina​ Chandran,​ “​ស្ត្រី​ដឹកនាំ​ការ​ប្រយុទ្ធ​នឹង​ស្ករ​ ខណៈ​កម្ពុជា​កំពុង​ពុះពារ​លើ​កិច្ចព្រមព្រៀង​ដីធ្លី​,”​ Reuters,​ ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​
  7. 7. ​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​,​ “​ផល​ប៉ះពាល់​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​លើ​សហគមន៍​គោលដៅ​គម្រោង​ ដែល​រស់នៅ​ក្បែរ​តំបន់​សម្បទាន​ក្នុង​ឧទ្យាន​ជាតិ​វី​រៈ​ជ័យ​ និង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ ខេត្តរតនគិរី​,”​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​
  8. 8. ​ហ៊ាន​ សុជាតា​,​ “​រដ្ឋាភិបាល​កាត់​បន្ថយ​ពេលវេលា​ជួល​លើ​ដី​សម្បទាន​,”​ វី​អូ​អេ​ ខេមរភាសា​,​ ថ្ងៃ​ទី​១៥​ ខែកញ្ញា​ ឆ្នាំ​២០១៥​។​
  9. 9. ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​,​ “​ផ្ទាំង​ព័ត៌មាន​ទិន្នន័យ​៖​ សម្បទាន​ដី​សេដ្ឋកិច្ច​,”​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​។​
  10. 10. ​អង្គការ​លី​កាដូ​ “​ដី​សម្បទាន​”​ បាន​ធ្វើ​បច្ចុប្បន្នភាព​នៅ​ថ្ងៃ​ទី​៣០​ ខែកក្កដា​ ឆ្នាំ​ ២០២៤​។​
  11. 11. Gerald​ Flynn,​ “​ការ​អំពាវនាវ​កើនឡើង​ ដើម្បី​យក​ដី​ដែល​ត្រូវ​គេ​រំលោភ​យក​មក​វិញ​ក្នុង​គោលនយោបាយ​សម្បទាន​របស់​កម្ពុជា​,”​ Mongabay,​ ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៣​។​
  12. 12. Pauly,​ M.,​ Crosse,​ W.​ &​ Tosteson,​ J.,​ “​ផ្លូវ​នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខ្ពស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ផ្លាស់​ប្តូរ​បន្តិច​ម្តងៗ​តាម​រយៈ​ការ​រឹត​បន្តឹង​សម្បទាន​ដី​សេដ្ឋកិច្ច​ និង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​តំបន់​ការពារ​ REDD+,”​ ឆ្នាំ​២០២២​។​
  13. 13. The​ Star,​ “​វិនាសកម្ម​ព្រៃឈើ​៖​ ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ផ្តល់​ដី​ថ្មី​របស់​កម្ពុជា​,”​ ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៣​។​
  14. 14. Gerald​ Flynn​ និង​ Meng​ Kroypunlok​ “​ក្រុមហ៊ុន​កម្ពុជា​បង្កជម្លោះ​នៅ​ឧទ្យាន​ជាតិ​បុ​ទុម​សាគរ​”​ Mongabay,​ ថ្ងៃ​ទី​២០​ ខែកក្កដា​ ឆ្នាំ​២០២៣​។​
  15. 15. ​អង្គការ​លី​កាដូ​ “​សេចក្តីថ្លែងការណ៍​៖​ ការចោទ​ជា​សំណួរ​អំពី​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​នាំ​ឱ្យ​មាន​ជម្លោះ​,”​ ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

hnUdW
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!