ប្រជាជនកម្ពុជាមើលការប្រណាំងទូកនៅតាមបណ្តោយមាត់ទន្លេចតុមុខក្នុងទីក្រុងភ្នំពេញ នៅក្នុងអំឡុងពិធីបុណ្យអុំទូក។ រូបថត បានពី Patrik M. Loeff ថត ២៤ វិច្ឆិកា ២០០៧។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0។
ប្រជាជន
ជាមួយនឹងអត្រាកំណើន ១.៤៦ ភាគរយ ក្នុងមួយឆ្នាំ វិទ្យាស្ថានជាតិស្ថិតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបនៅព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៤.៦៨ លាននាក់ ក្នុងឆ្នាំ២០១៣។1 អង្គការសហប្រជាតិ ប៉ាន់ប្រមាណថា ចំនួនប្រជាជនសរុបមានចំនួន ១៥.៥៨ លាននាក់ នៅឆ្នាំ២០១៥។2 ជំរឿនប្រជានជនផ្លូវការចុងក្រោយធ្វើឡើងនៅឆ្នាំ២០០៨។
ស្ថិតិសំខាន់ៗមួយចំនួន៖3
- ប្រជាជន៧៨ ភាគរយ រស់នៅទីជនបទ។
- ប្រជាជន២/៣ ស្ថិតក្នុងវ័យប្រកបការងារ(១៥-៦៤ឆ្នាំ) ប្រហែល២៩ ភាគរយ មាន អាយុក្រោម១៥ឆ្នាំ និងប្រហែល៥ ភាគរយ មានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។
- អាយុពេលរៀបការជាមធ្យមគឺ២៣.៧ឆ្នាំសម្រាប់ស្ត្រី និង២៦.២ឆ្នាំសម្រាប់បុរស។4 បុគ្គលទាំងពីរភេទ សុទ្ធតែក្ររៀបការជាងឆ្នាំមុនៗ។
- អាយុកាលជាមធ្យម (ចំនួនឆ្នាំដែលមនុស្សអាចរស់បាន)គឺ ៦៧ឆ្នាំ សម្រាប់បុរស និង ៧១ឆ្នាំ សម្រាប់ស្ត្រី។
ជំរឿន
ជំរឿនមានបីប្រភេទ ដែលបានរៀបចំធ្វើដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ សហការជាមួយនឹងស្ថាប័នពាក់ព័ន្ធជាច្រើន៖5
- ជំរឿនប្រជាជន កត់ត្រាអំពីប្រជាជនទូទាំងប្រទេស
- ជំរឿនកសិកម្ម កត់ត្រាអំពីទិន្នន័យស្ថិតិកសិកម្មក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
- ជំរឿនសេដ្ឋកិច្ចកត់ត្រាអំពី ការបង្កើតមុខរបរនិងសហគ្រាស នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជាទាំងមូល។
ច្បាប់ស្ដីពីស្ថិតិរបស់កម្ពុជាកំណត់វិធានគ្រប់បែបយ៉ាងក្នុងការធ្វើជំរឿន។ ជំរឿនត្រូវធ្វើឡើងយ៉ាងតិចមួយដងក្នុងរយៈពេល១០ឆ្នាំ ហើយមានការស្ទង់មតិអន្តរជំរឿនដើម្បីសម្រួលដល់ការធ្វើបច្ចុប្បន្នភាពទិន្នន័យជំរឿនប្រចាំឆ្នាំ។ ការងារទាំងអស់នេះផ្ដល់ទិន្នន័យស្ថិតិផ្នែកសេដ្ឋកិច្ចនិងសង្គម ដែលជាក់លាក់ និងអាចជឿទុកចិត្តបានសម្រាប់ការបង្កើតគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការប្រើប្រាស់ដទៃទៀត។
និន្នាការចំនួនប្រជាជន
ជំរឿនប្រជាជនទូទៅនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឡើងក្នុងឆ្នាំ១៩៩៨6 និង២០០៨ ដោយមានជំនួយបច្ចេកទេស និងហិរញ្ញវត្ថុពីមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ (UNFPA) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។7 ជំរឿនទាំងនេះបានកត់ត្រា៖
- ចំនួនប្រជាជនសរុប
- អត្រាកំណើន
- ដង់ស៊ីតេប្រជាជន
- កំណើតសរុប
- អត្រាមរណៈមាតានិងទារក
- អត្រាអក្ខរភាព
- ទម្រង់អាយុ
- ភាសាកំណើត
- ក្រុមជនជាតិ
- សាសនា
- ជនមានកាយសម្បទាមិនគ្រប់គ្រាន់
- ទិន្នន័យផ្សេងៗ
ជំរឿនធ្វើឡើងដោយការចុះសួរពីផ្ទះមួយទៅផ្ទះមួយក្នុងរយៈពេល១០ថ្ងៃ។ មន្រ្តីជំរឿនរាប់ចំនួនមនុស្សទាំងអស់ដែលកំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងពេលជំរឿន រួមទាំងជនបរទេស តែមិនរាប់ភ្នាក់ងារទូតបរទេស និងក្រុមគ្រួសារទូតឡើយ។
លទ្ធផលជំរឿនបោះពុម្ពជាសៀវភៅផង និងនៅលើគេហទំព័ររបស់វិទ្យាស្ថានជាតិស្តិតិផង។
ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតផងដែរ កំណើនប្រជាជនដែលកំពុងលូតលាស់របស់ប្រទេសកម្ពុជា បង្កើតតម្រូវការបន្ថែមទៀតទៅលើតម្រូវការដែលមានស្រាប់លើហេដ្ឋារចនាសម្ព័ន្ធចាស់ និង/ឬមិនគ្រប់គ្រាន់ និងបន្ថែមសម្ពាធទៅលើបញ្ហាដីធ្លី។ លើសពីនេះទៀត ទោះបីជាប្រជាជនភាគច្រើនរស់នៅទីជនបទក៏ដោយ និន្នាចំណាកស្រុកទៅកាន់ទីក្រុងមានការកើនឡើង ខណៈពេលដែលប្រទេសកម្ពុជាកំពុងឆ្ពោះទៅរកនគរូបនីយកម្មដែលផ្លាស់ប្តូរបែបផែនសេដ្ឋកិច្ច ពីសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម ទៅកាន់សេដ្ឋកិច្ចពឹងផ្អែកលើសេវាកម្ម និងផលិតកម្ម។
អ្នកធ្វើចំណាកស្រុកក្នុងប្រទេស គិតជាភាគរយ បែងចែកតាមប្រភេទចំណាកស្រុក
ប្រភេទចំណាកស្រុក8 | អ្នកធ្វើចំណាកស្រុក គិតជាភាគរយ |
ពីទីជនបទ ទៅកាន់ទីជនបទ | ៥៨.៤% |
ពីទីជនបទ ទៅកាន់ទីក្រុង | ២៤.៥% |
ពីទីក្រុង ទៅកាន់ទីជនបទ | ៥.១% |
ពីទីក្រុង ទៅកាន់ទីក្រុង | ១២.០% |
ប្រជាជននៅទីក្រុង និងទីជនបទ ឆ្នាំ ២០០៨-២០១៣
| ១៩៨៨9 | ២០០៨ | ២០១៣ |
សរុប | ១១,៤៣៧,៦៥៦ | ១៣,៣៩៥,៦៨២ | ១៤,៦៧៦,៥៩១ |
ទីក្រុង | ១,៧៩៥,៥៧៥ | ២,៦១៤,០២៧ | ៣,១៤៦,២១៣ |
ទីជនបទ | ៩,៦៤២,០៨១ | ១០,៧៨១,៦៥៥ | ១១,៥៣០,៣៧៨ |
បន្ទាប់ពីមានសង្គ្រាមស៊ីវិលជាច្រើនឆ្នាំ កំណត់ត្រាស្តិតិប្រជាសាស្រ្តបានចាប់ផ្តើមជាថ្មីម្តងទៀតនៅក្នុងឆ្នាំ១៩៩០។ ស្តិតិនេះបង្ហាញថា ខណៈពេលដែលប្រទេសកម្ពុជាមានប្រជាជនវ័យក្មេងគួរឱ្យកត់សម្គាល់ ទិន្នន័យបង្ហាញពីកំណើនអាយុកាលផងដែរ ដែលគួរតែបន្តលើកកំពល់អាយុជាមធ្យមនៃចំនួនប្រជាជន។
លទ្ធផលនៃការធ្វើជំរឿន
លទ្ធផលនៃការធ្វើជំរឿន | ១៩៩៨* | ២០០៨10 | ២០១៣ |
អាយុកាលនាកំណើត |
| ៦២.៤ | ៦៨.៩ |
អត្រាស្លាប់របស់ទារកក្នុងកំណើតរស់ 1,000 នាក់ |
| ៦០ | ៣៣ |
អាយុមេដ្យាន | ១៦.៨ | ២១.០ | ២៤.៥ |
* ជំរឿនប្រជាជនឆ្នាំ១៩៩៨ មិនបានរាយការណ៍អំពីអាយុកាលអត្រាស្លាប់របស់ទារក ឬអាយុកាលជាមធ្យម ទោះជាការគណនាអាយុជាមធ្យមសម្រាប់ឆ្នាំ១៩៩៨ ត្រូវបានគេរាយការណ៍នៅទំព័រទី៣៦ នៃរបាយការណ៍ជំរឿនប្រជាជនឆ្នាំ២០០៨។
ទាក់ទងនឹងប្រជាជន និងជំរឿន
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ២២ កញ្ញា ២០១៥
ឯកសារយោង
- 1. វិទ្យាស្ថានជាតិស្តិតិ, ក្រសួងផែនការ. “ការស្ទង់មតិអន្តរជំរឿននៅកម្ពុជា ២០១៣”. អាន ៨ មករា ២០១៥. [អង់គ្លេស] www.nis.gov.kh/nis/CSES/Final Report CSES 2013.pdf
- 2. អង្គការសហប្រជាជាតិ, នាយកដ្ឋានកិច្ចការសង្គមនិងសេដ្ឋកិច្ច, ផ្នែកប្រជាជន (2015). «ទស្សនៈវិស័យចំនួនប្រជាជនពិភពលោក៖ ការពិនិត្យឡើងវិញឆ្នាំ ២០១៥». ចូលអាន ២២ កញ្ញា ២០១៥. ទទួលទិន្នន័យបានតាមរយៈ [ភាសាអង់គ្លេស] http://esa.un.org/unpd/wpp/DataQuery/.
- 3. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិឆ្នាំ២០១៤-២០១៨”.
- 4. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ការស្ទង់មតិ សេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/CSES/Final Report CSES 2013.pdf
- 5. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ការស្ទង់មតិ សេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/CSES/Final_Report_CSES_2013.pdf
- 6. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ ១៩៩៨ លទ្ធផលជំរឿនចុងក្រោយ (បោះពុម្ពលើកទី 2)”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/uploadFile/pdf/CensusResult98.pdf.
- 7. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. ២០០៦. “ផែនការជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០០៨.” អាន ៨ មករា ២០១៥. http://www.stat.go.jp/info/meetings/cambodia/pdf/workplan.pdf.
- 8. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “អន្តរជំរឿនប្រជាជនកម្ពុជា ឆ្នាំ២០១៣ របាយការណ៍ចុងក្រោយ.” អាន ៨ មករា ២០១៥ [ភាសាអង់គ្លេស]. http://countryoffice.unfpa.org/cambodia/drive/CIPS_Report_English_Final.pdf
- 9. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ ១៩៩៨ លទ្ធផលជំរឿនចុងក្រោយ (បោះពុម្ពលើកទី 2)”. អាន ៨ មករា ២០១៥. http://www.nis.gov.kh/nis/uploadFile/pdf/CensusResult98.pdf. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ការស្ទង់មតិ សេដ្ឋកិច្ច-សង្គម ក្នុងប្រទេសកម្ពុជាឆ្នាំ ២០១៣”. អាន ៨ មករា ២០១៥.
- 10. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ ២០០៨៖ តួលេខបឋមនៃលទ្ធផលចុងក្រោយ នៃជំរឿន.” អាន ២២ កញ្ញា ២០១៥. http://www.nis.gov.kh/nis/census2008/Census.pdf. វិទ្យាស្ថានជាតិស្ថិតិ, ក្រសួងផែនការ. “ជំរឿនប្រជាជនកម្ពុជាឆ្នាំ 2008៖ របាយការណ៍ជាតិ លើលទ្ធផលចុងក្រោយនៃជំរឿន.” អាន ២២ កញ្ញា ២០១៥. http://camnut.weebly.com/uploads/2/0/3/8/20389289/2009_census_2008.pdf.