គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ មានគោលបំណងចាត់វិធានការជាបន្ទាន់ ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយអភិវឌ្ឍសមត្ថភាពរបស់ប្រទេសនីមួយៗ ដើម្បីកាត់បន្ថយហានិភ័យអាកាសធាតុ និងការបន្ស៊ាំ។ ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋដែនកោះតូចៗ ត្រូវបានទទួលស្គាល់ដោយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពថាត្រូវការ ការគាំទ្រដើម្បីដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។ ជារឿយៗ ពួកគេមានសមត្ថភាពតិចតួចណាស់ក្នុងការបន្ស៊ាំខ្លួន និងទទួលរងផលប៉ះពាល់ច្រើន។1
ចំណុចដៅនីមួយៗ នៃគោលដៅទី ១៣ ត្រូវបានបង្កើតឡើង ដើម្បីជម្រុញសកម្មភាពរួមគ្នា ដើម្បីកម្រិតសីតុណ្ហភាពមធ្យមលើពិភពលោក ដែលកើនឡើងដល់ ២℃ លើសពីកម្រិតនៅក្នុងសម័យមុនបដិវត្តឧស្សាហកម្ម។ វិធីសាស្ត្រសកលរួម គឺមានសារៈសំខាន់ណាស់ ដោយសារតែផលប៉ះពាល់នៃការផ្លាស់ប្តូរអាកាសធាតុ មានហួសពីកម្រិតព្រំដែនប្រទេសនីមួយៗ ដែលភាគច្រើនបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរ។ វាក៏កំណត់នូវសមត្ថភាពរបស់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងៗទៀតឱ្យទទួលបានការជោគជ័យផងដែរ។2
ចំណុចដៅចំនួន បី ដំបូងបង្អស់នៃគោលដៅទី ១៣ មានគោលបំណងពង្រឹងភាពធន់ និងសមត្ថភាពបន្ស៊ាំ ដាក់បញ្ចូលសកម្មភាពការប្រែប្រួលអាកាសធាតុ ទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រ និងបង្កើនការយល់ដឹង។ ចំណែកឯចំណុចដៅចំនួន ២ ចុងក្រោយ គឺជាមធ្យោបាយនៃការអភិវឌ្ឍដែលត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ស្របតាមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។3
ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅកាន់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ នៅក្នុងប្រទេសកម្ពុជា
ការប្រែប្រួលអាកាសធាតុមិនត្រូវបានលើកឡើងជាក់លាក់ ថាជាផ្នែកណាមួយនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs) នោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ សូចនាករចំនួន បី ដំបូង របស់ចំណុចដៅ ៧.B នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលរួមចំណែកដល់ការប្រែប្រួលអាកាសធាតុ4 ដូចជាគម្របព្រៃឈើ (សូចនាករ ៧.១) ការបំភាយឧស្ម័នកាបូនិច (សូចនាករ ៧.២) និងការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូសូន (សូចនាករ ៧.៣)។
ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូសូន ត្រូវបានកាត់បន្ថយរហូតដល់ ៩០,៤ ភាគរយ រវាងឆ្នាំ ២០០២ និងឆ្នាំ ២០០៨ នៅក្នុងប្រទេសកម្ពុជា 5 ទោះជាយ៉ាងណាក៏ដោយ មានសូចនាករផ្សេងៗទៀត ដែលជាអាទិភាពទាបសម្រាប់ប្រទេសកម្ពុជា ជាជាងគោលដៅការកាត់បន្ថយភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច។ នេះរួមបញ្ចូលទាំងការបំភាយឧស្ម័នកាបូនិច ដែលកើនឡើងពី ០,១៦ ទៅ ០,៤៣៨ Metric តោន សម្រាប់មនុស្សម្នាក់ៗ6 និងគម្របព្រៃឈើ ដែលតួលេខធ្លាក់ចុះជាផ្លូវការគឺ ៥៣ ភាគរយ នៅក្នុងឆ្នាំ ២០១៥។7 ប្រភពមួយចំនួនទៀត ដែលប្រើការវិភាគដោយកម្មវិធីជីអាយអេស បានបង្ហាញថា គម្របព្រៃឈើមានចំនួនទាប ដែលនៅសេសសល់ត្រឹមតែ ៤៨ ភាគរយ ប៉ុណ្ណោះ។8 សូចនាករប្រយោលមួយ ដែលជម្រុញការពឹងផ្អែកលើឈើឥន្ធនៈឱ្យកើនឡើងដល់ ៥២ ភាគរយ ក៏មិនអាចសម្រេចបានផងដែរ ដោយការដុតអុស និងធ្យូងនៅតែមានកម្រិតខ្ពស់រហូតដល់ ៧៣,៩ ភាគរយ និង ៨,១ ភាគរយ។9
ចំណុចដៅនៃគោលដៅទី ១៣ ត្រូវបានរៀបចំឡើងខុសៗគ្នា។ កត្តាដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ ត្រូវបានទុកនៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផ្សេងៗទៀត។ ផ្ទុយទៅវិញ ការផ្តោតលើការបង្កើតបរិយាកាសសមស្រប ដើម្បីបង្កើតឱ្យមានការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈគោលនយោបាយជាតិ ដែលលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេស សហគមន៍អ្នកទន់ខ្សោយ ក្នុងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។10
ការធ្វើមូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ នៅក្នុងប្រទេសកម្ពុជា
ប្រទេសកម្ពុជា បានរួមចំណែកតិចតួចណាស់ ចំពោះកត្តានាំឱ្យមានការប្រែប្រួលអាកាសធាតុ ទោះបីជា កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានភាពងាយរងគ្រោះបំផុតក៏ដោយ11 ទាំងនៅក្នុងហានិភ័យនៃជីវិតមនុស្ស និងសេដ្ឋកិច្ច។12
ជាឧទាហរណ៍៖ ប្រទេសកម្ពុជា តែងតែទទួលរងនូវគ្រោះទឹកជំនន់ និងភាពរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដោយមួយភាគធំនៃកម្លាំងពលកម្ម (៥៨ ភាគរយ ក្នុងឆ្នាំ ២០១៣) ប្រកបការងារក្នុងវិស័យកសិកម្ម ហើយស្ទើរតែ ៨០ ភាគរយ អាស្រ័យលើរបរកសិកម្មពឹងទឹកភ្លៀង។13 ការផ្លាស់ប្តូរដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ មានដូចជាកម្រិតទឹកភ្លៀង សីតុណ្ហភាព និងកម្រិតទឹកសមុទ្រ។ ការប្រែប្រួលទាំងនេះអាចនឹងមានផលប៉ះពាល់ដូចជា ការកាត់បន្ថយទិន្នផលកសិកម្ម ការរងខូចខាតផ្នែករចនាសម្ព័ន្ធ និងការជន់លិចនៃតំបន់ទំនាបឆ្នេរធំៗ នៅភាគខាងត្បូងនៃប្រទេសកម្ពុជា។
មានចំនួនរហូតដល់ ៤៣ ភាគរយ នៃឃុំទាំងអស់ នៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចាត់ថ្នាក់ថា មានភាពងាយរងគ្រោះបំផុត ចំពោះការប្រែប្រួលអាកាសធាតុ និងមានតួលេខខ្ពស់នៃចំនួនប្រជាជនដែលរស់នៅមិនឆ្ងាយពីខ្សែបន្ទាត់នៃភាពក្រីក្រ។ ការប្រែប្រួលអាកាសធាតុ ត្រូវបានគេកំណត់ថា នឹងមានឥទ្ធិពលកាន់តែខ្លាំងឡើងទៅលើស្ត្រី ដោយសារតែពួកគាត់មានការពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម និងធនធានធម្មជាតិ។14
ខណៈដែលការវាយតម្លៃរួមបញ្ចូលគ្នាឆាប់រហ័សនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ដែលបានដាក់ចេញក្នុងឆ្នាំ ២០១៦ បានកំណត់ថា ប្រទេសកម្ពុជាបានបញ្ចូលចំណុចដៅនៃគោលដៅទី ១៣ បានល្អរួចជាស្រេចនោះ15 ការធ្វើមូលដ្ឋានីយកម្មលើចំណុចដៅ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៣ ត្រូវតែពិនិត្យមើលបរិបទថ្នាក់ជាតិទាំងនេះ។
អាទិភាពក្នុងស្រុករបស់ចំណុចដៅ ១៣.១ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ត្រូវបានដើរស្របគ្នាទៅនឹងគោលដៅអាទិភាពទាំង បួន របស់ក្របខ័ណ្ឌសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (SFDRR)។16 ប៉ុន្តែ ការងារនៅតែតម្រូវឱ្យមាន៖
- ទិន្នន័យមិនទាន់ត្រូវបានគេបែងចែកដើម្បីកំណត់ពីផលប៉ះពាល់នៃគ្រោះមហន្តរាយ ដែលទាក់ទងនឹងអាកាសធាតុទៅលើមនុស្សចាស់ និងកុមារ ជនពិការ និងអ្នកដែលមានប្រាក់ចំណូលទាប។
- ការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារការខូចខាតលំនៅដ្ឋាន ទ្រព្យសម្បត្តិសម្រាប់ធ្វើកសិកម្ម និងធនធានធម្មជាតិដូចជា ព្រៃឈើ និងជលផល នាពេលបច្ចុប្បន្ន គឺមិនត្រូវបានត្រួតពិនិត្យនោះទេ។
- ការគ្របដណ្តប់ផ្នែកការត្រួតពិនិត្យ ប្រព័ន្ធប្រកាសអាសន្ន និងផែនការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ មិនបានពង្រីកដល់គ្រប់តំបន់ដែលងាយរងគ្រោះនោះទេ។17
ការអភិវឌ្ឍនៃក្របខ័ណ្ឌត្រួតពិនិត្យ និងការវាយតម្លៃថ្មី សម្រាប់ការប្រែប្រួលអាកាសធាតុ ដើម្បីដោះស្រាយបញ្ហាខ្វះខាតទាំងនេះ18 នឹងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ដើម្បីកំណត់ឱ្យបានច្បាស់លាស់ នូវការទទួលខុសត្រូវរបស់ស្ថាប័ន និងក្របខ័ណ្ឌអភិបាលកិច្ច ជាពិសេស នៅតាមថ្នាក់មូលដ្ឋាន តាមរយៈការបញ្ចប់ច្បាប់គ្រប់គ្រងគ្រោះមហន្តរាយជាតិ។19
ការវិនិយោគ និងជំនួយអភិវឌ្ឍន៍ ក៏ផ្តោតសំខាន់លើការប្រែប្រួលអាកាសធាតុផងដែរ នៅក្នុងប្រទេសកម្ពុជា។ ជាឧទាហរណ៍៖ ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ឆ្នាំ ២០១៤-២០១៨ ដែលមានតម្លៃ $១៦៦ លានដុល្លារអាមេរិក20 គឺផ្តោតទៅលើការកាត់បន្ថយការខាតបង់ផ្នែកសេដ្ឋកិច្ច លើការខូតខាតលំនៅដ្ឋាន ជីវភាពរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ បច្ចុប្បន្ន នៅក្នុងតំបន់ទាំងនេះ ពុំមានផែនការតាមមូលដ្ឋាន ឬលទ្ធភាពទទួលបានព័ត៌មានអំពីការបាត់បង់មហន្តរាយឡើយ។ នេះត្រូវបានគេរំពឹងទុកថា នឹងអាចសន្សំថវិកាបានចំនួន ១,៧ ពាន់លានដុល្លារអាមេរិក ពីការបញ្ច្រាសផលប៉ះពាល់នៃគ្រោះមហន្តរាយ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខទៀត។21
ចំពោះចំណុចដៅ ១៣.២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ប្រទេសកម្ពុជាបានតម្រង់ជំហររបស់ខ្លួន ស្តីពីការរួមបញ្ចូលការប្រែប្រួលអាកាសធាតុ ជាមួយនឹងផែនការ និងគោលនយោបាយជាតិ ជាមួយបណ្តាប្រទេសអភិវឌ្ឍន៍តិចតួច និងក្រុមប្រទេស G៧៧ និងចិន។22
ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងហានិភ័យគ្រោះមហន្ដរាយ និងយេនឌ័រ ជាបញ្ហាដែលមានទំនាក់ទំនងគ្នា។23 ផែនការយុទ្ឋសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា (CCCSP) ឆ្នាំ ២០១៤-២០២៣ គឺជាផែនការដ៏ក្បោះក្បាយមួយ ដែលជម្រុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យផ្សេងៗ នៅក្នុងប្រទេសកម្ពុជា ឱ្យសម្រេចតាមចំណុចដៅ ១៣.២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ផែនការនេះត្រូវបានគាំទ្រ ដោយផែនការសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុថ្នាក់ជាតិ ដើម្បីជួយប្រមូលធនធាន សម្រាប់ការចាត់វិធានការលើការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត ផែនការយុទ្ឋសាស្ត្រជាតិស្តីពីការអភិវឌ្ឍបៃតង (២០១៣-២០៣០)24 ត្រូវបានបង្កើតឡើង ដើម្បីគាំទ្រកំណើនការបំភាយឧស្ម័នផ្ទះកញ្ចក់កម្រិតទាប នៅក្នុងប្រទេសកម្ពុជា។25
ការដាក់ស្នើគោលនយោបាយចូលរួមចំណែករបស់កម្ពុជា ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (INDC) ទៅកាន់លេខធិការដ្ឋានសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បានកែសម្រួលបន្ថែមទៀតលើចំណុចដៅ ១៣.២ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីឱ្យសមស្របនឹងបរិបទកម្ពុជា។26 គោលដៅបំភាយឧស្ម័នដោយស្ម័គ្រចិត្តរបស់កម្ពុជារួមមាន៖
- ការកាត់បន្ថយចំនួន ២៧ ភាគរយ (ឬស្មើនឹង ៣១០០ Gg CO2eq) នៃការគ្រោងទុកឆ្នាំ ២០៣០ នៃ ១១.៦០០ Gg CO2eq នៅក្នុងវិស័យថាមពល ការផលិត និងដឹកជញ្ជូន។
- ការរក្សាគម្របព្រៃឈើឱ្យឈានដល់ចំនួន ៦០ភាគរយ នៃផ្ទៃដីសរុប ដោយត្រូវបានព្យាករណ៍ថា នឹងកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤.៧ tCO2eq/ហិកតា ក្នុងមួយឆ្នាំបើប្រៀបធៀបទៅនឹងករណីដែលនឹងកើតឡើង ប្រសិនបើមានការកាប់បំផ្លាញព្រៃឈើកាន់តែច្រើន។
- កំណត់ការកាត់បន្ថយនូវបរិមាណបំភាយឧស្ម័ន នៅកម្ពុជា ក្នុងបរិមាណអប្បបរមា ៧.៨៩៧ GgCO2 ក្នុងឆ្នាំ ២០៣០ បើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណនៃសក្កានុពលនៃការស្រូបទុកកាបូនចំនួន ១៨,៤៩២ GgCO2 នៅក្នុងឆ្នាំ ២០១០។
ផែនការដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងសមត្ថភាពរបស់ស្ថាប័ន ដែលធ្វើការទាក់ទងទៅនឹងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការបន្ស៊ាំខ្លួន ការកាត់បន្ថយផលប៉ះពាល់ (ចំណុចដៅ ១៣.៣ របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព) ក៏មានរួមបញ្ចូលទាំងកម្មវីធីសកម្មភាពជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (២០០៦)ផងដែរ។27
យ៉ាងណាក៏ដោយ នៅក្នុងបរិបទនៃប្រទេសកម្ពុជា ភាពជោគជ័យនៃផែនការទាំងនេះ ជារឿយៗ អាចត្រូវបានរារាំង ដោយសមត្ថភាពនៃស្ថាប័នដែលចូលរួម និង/ឬ ដោយសារអភិបាលកិច្ចទន់ខ្សោយ ជាពិសេសនៅតាមថ្នាក់មូលដ្ឋាន។28 ការទទួលបានព័ត៌មានប្រកបដោយតម្លាភាព គាំទ្រដោយធនធានគ្រប់គ្រាន់ និងកិច្ចសហប្រតិបត្តិការពីថ្នាក់មូលដ្ឋាន ជាកត្តាចាំបាច់ ដើម្បីឆ្លើយតបទៅនឹងចំណុចដៅ ១៣.៣។29
វីដេអូបង្ហាញអំពីការសិក្សាស្វែងយល់ទស្សនៈសាធារណជនចំពោះការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដែលផលិតឡើងដោយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន
មធ្យោបាយនៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ នៅក្នុងប្រទេសកម្ពុជា
ចំណុចដៅ ១៣.A ត្រូវបានផ្សាភ្ជាប់ទៅនឹងការប្តេជ្ញាចិត្តជាសកល របស់បណ្តាប្រទេសអភិវឌ្ឍន៍ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្តល់យ៉ាងហោចណាស់ ១០០ ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជួយដល់ផែនការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅត្រឹមឆ្នាំ ២០២០។30 ជោគជ័យរបស់ប្រទេសកម្ពុជានឹងពឹងផ្អែកយ៉ាងខ្លាំង លើការប្រើប្រាស់ធនធានហិរញ្ញវត្ថុខាងក្រៅដូចជា មូលនិធិអាកាសធាតុបៃតង ដែលបានបង្កើតឡើងថ្មីៗនេះ ដោយសារតែថវិកាជាតិមិនគ្រប់គ្រាន់។31 ដើម្បីធ្វើឱ្យមានភាពងាយស្រួល កម្ពុជាបានផ្តល់អាទិភាពដល់សកម្មភាព ការប្រែប្រួលអាកាសធាតុចំនួន ៤០ ផ្សេងៗគ្នា តាមរយៈផែនការសកម្មភាពជាតិថ្មីសម្រាប់ការប្រែប្រួលអាកាសធាតុ។32
ប្រទេសកម្ពុជា មានគោលបំណងដើម្បីបង្ហាញថា ខ្លួនបានរៀបចំផែនការសកម្មភាព ដោយពឹងផ្អែកលើការកាត់បន្ថយផលប៉ះពាល់ដែលអាចវាស់វែងបាន និងផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលងាយទទួលរងផលប៉ះពាល់ទាំងនេះ។ ឧទាហរណ៍ ការវាយតម្លៃការកាត់បន្ថយភាពងាយរងគ្រោះ (VRA) ដែលបានធ្វើឡើងនៅក្នុងប្រទេសកម្ពុជាបានបង្ហាញថា ស្ត្រីនៅក្នុងក្រុមសហគមន៍ទន់ខ្សោយ ងាយទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ ខណៈពេលដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការវាយតម្លៃផលប៉ះពាល់សង្គម ដោយសារការប្រែប្រួលអាកាសធាតុ។33
ផែនការសកម្មភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ (GCCAP) ចំនួនពីរ នឹងត្រូវបានផលិតឡើងជាផ្នែកមួយនៃដំណើរការផែនការជាតិ និងថ្នាក់ក្រោមជាតិរបស់ CCCSP (២០១៤-២០២៣) ដើម្បីបង្កើនការចូលរួមរបស់ស្ត្រី និងយុវវ័យថ្នាក់មូលដ្ឋាន។ GCCAP (២០១៤-២០១៨) មានយុទ្ធសាស្ត្រសំខាន់ៗចំនួន បី រួមមាន៖
- ជំរុញការចូលរួមកាន់តែច្រើនក្នុងការធ្វើសេចក្តីសម្រេចចិត្ត អំពីការប្រែប្រួលអាកាសធាតុ ជាពិសេសនៅថ្នាក់ក្រោមជាតិ តាមរយៈវិធីសាស្ត្រឆ្លើយតបយេនឌ័រ ដូចជាថវិកាផ្អែកលើយេនឌ័រ ជាដើម។
- ការទទួលបានព័ត៌មានល្អៗ អំពីផលប៉ះពាល់ខុសៗគ្នា នៃការប្រែប្រួលអាកាសធាតុទៅលើស្ត្រី និងបុរស ក៏ដូចជាតួនាទីផ្សេងៗគ្នា ក្នុងការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។
- ការអភិវឌ្ឍគម្រោង ដែលទាក់ទងនឹងយេនឌ័រ និងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយ ជាមួយស្ត្រីជួបការលំបាក និងក្រុមដទៃទៀត។34
ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលដែលការកាត់បន្ថយភាពងាយរងគ្រោះ ផ្នែកយេនឌ័រទៅនឹងការប្រែប្រួលអាកាសធាតុ គឺជាគោលដៅដ៏សំខាន់មួយនៃ CCCSP (២០១៤-២០២៣)35 កម្ពុជា មិនស្ថិតនៅក្នុងចំណោម ៤០ ភាគរយ នៃប្រទេសដែលបានលើកឡើងពីស្ត្រី និង/ឬ យេនឌ័រ នៅក្នុងបរិបទនៃ INDC និងអាទិភាព រួមទាំងការប្ដេជ្ញា របស់បណ្ដាប្រទេសនោះ សម្រាប់ការកាត់បន្ថយការបំភាយឧស្ម័នឡើយ។36
ការត្រួតពិនិត្យលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣ នៅក្នុងប្រទេសកម្ពុជា
ភាគច្រើននៃសូចនាករ របស់គោលដៅទី ១៣ ត្រូវបានគេវាស់វែង នៅកម្រិតជាសកល។ ប្រទេសអភិវឌ្ឍន៍នឹងគាំទ្រដល់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសគ្មានព្រំដែនជាប់សមុទ្រ រដ្ឋដែនកោះតូចៗ ដើម្បីឆ្លើយតបនឹងសមូហភាព ជាជាងចំណុចដៅជាក់លាក់របស់ប្រទេសណាមួយ។ លើសពីនេះទៅទៀត សូចនាករជាច្រើនត្រូវបានគេតាមដាន ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងចូលជាធរមាននៅឆ្នាំ ២០២០ ដោយផ្អែកលើការចូលរួមវិភាគទានដែលបានឯកភាពពីមុន។
ព័ត៌មាននៃការបាត់បង់គ្រោះមហន្តរាយ សម្រាប់សូចនាករ ១៣.១.១ ត្រូវបានប្រមូលដាក់ចូលទៅក្នុងបណ្ដុំទិន្នន័យមួយ ដែលគ្រប់គ្រងដោយ UNISDR។37 សូចនាករសម្រាប់គោលដៅ ១៣.១ ទាំងមូល ត្រូវបានតម្រឹមជាមួយនឹងគោលដៅចំនួន ប្រាំពីរ របស់ SFDRR ហើយការត្រៀមរៀបចំនាពេលបច្ចុប្បន្ននេះ កំពុងត្រូវបានអនុវត្ត ដើម្បីកែលម្អការប្រមូលទិន្នន័យ នៅក្នុងប្រទេសកម្ពុជា រួមទាំងការបែងចែកព័ត៌មាន ដែលទាក់ទងទៅនឹងសហគមន៍ដែលងាយរងគ្រោះ។38 លទ្ធផលនៅកំឡុងឆ្នាំ ២០០៥ និងឆ្នាំ ២០១៥ នឹងត្រូវបានប្រៀបធៀប ជាមួយរបៀបវារៈនៃការអភិវឌ្ឍប្រកបដោយចីរភាព (២០២០-២០៣០) រយៈពេល ១០ ឆ្នាំចុងក្រោយ។39 យើងអាចរកបាននូវព័ត៌មានបន្ថែម ដែលទាក់ទងនឹងសូចនាករ របស់គោលដៅទី ១៣ នៅពេលដែលគោលដៅនេះត្រូវបានពិនិត្យឡើងវិញ នៅវេទិកានយោបាយជាន់ខ្ពស់នៅឆ្នាំ ២០១៩។40
ប្រធានបទពាក់ព័ន្ធ
ឯកសារយោង
- 1. «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣៖ ចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា,» វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Knowledge Platform), ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 2. «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣៖ ចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា,» SDG Compass, ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 3. «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣៖ ចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា,» វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Knowledge Platform), ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 4. «ចំណុចដៅ និងសូចនាករ នៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍,» UN NGLS, ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 5. «ការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូសូន (ODS),» United Nations Statistics Division, ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 6. «ការបញ្ចេញឧស្ម័នកាបូនិច (Metric តោន សម្រាប់មនុស្សម្នាក់),» ធនាគារពិភពលោក, ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 7. «តំបន់ព្រៃឈើ (% នៃផ្ទៃដី),» ធនាគារពិភពលោក, ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 8. «គម្របព្រៃឈើ,» អង្គការទិន្នន័យអំពីការអភិវឌ្ឍ, ចូលអានខែឧសភា ឆ្នាំ២០១៨។
- 9. វិទ្យាស្ថានស្ថិតិជាតិ, របាយការណ៍សេដ្ឋកិច្ចសង្គមនៅកម្ពុជា ឆ្នាំ២០១៥ (ភ្នំពេញ ២០១៦), ១៤។
- 10. «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣៖ ចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា,» វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Knowledge Platform), ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 11. ក្រសួងបរិស្ថាន (នាយកដ្ឋានការប្រែប្រួលអាកាសធាតុ), របាយការណ៍ជាតិលើកទី២ស្តីពី ការប្រែប្រួលអាកាសធាតុដែលបានដាក់ជូនអគ្គលេខាធិការដ្ឋានអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (ភ្នំពេញ, ២០១៥), ៣។
- 12. David Eckstein, Vera Künzel, Laura Schäfer, សន្ទស្សន៍អាកាសធាតុពិភពលោក ២០១៨៖ តើអ្នកណាដែលទទួលរងផលប៉ះពាល់ខ្លាំងដោយសារបាតុភូតអាកាសធាតុអាក្រក់? ការបាត់បង់ដោយសារបាតុភូតធាតុអាក្រក់ ឆ្នាំ២០១៦ និងពីឆ្នាំ ១៩៩៧ ដល់ ២០១៦ (Germanwatch e.V., ២០១៧), ៣១។
- 13. គណៈកម្មាធិការជាតិគ្រប់គ្រងការប្រែប្រួលអាកាសធាតុ, ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣ (ភ្នំពេញ, ២០១៣), ៧។
- 14. ដូចឯកសារយោងខាងលើ។
- 15. អង្គការសហប្រជាជាតិប្រចាំកម្ពុជា, ការវាយតម្លៃរួមបញ្ចូលគ្នាឆាប់រហ័ស៖ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា, ២៤-២៧។
- 16. អង្គការសហប្រជាជាតិ, កែសម្រួលដោយ អគ្គលេខាធិការដ្ឋានគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០១៥-២០៣០ (លេខាធិការដ្ឋាន នៃយុទ្ធសាស្ត្រអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ សហប្រជាជាតិ (UNISDR), ២០១៥), ១៩។
- 17. រាជរដ្ឋាភិបាលកម្ពុជា, កម្ពុជា៖ ការពិនិត្យលើភាពរួចរាល់របស់ទិន្នន័យនៃក្របខ័ណ្ឌការងារសេនដាយ (២០១៧), ៥៦-៥៨។
- 18. នាយកដ្ឋានប្រែប្រួលអាកាសធាតុ, ក្របខ័ណ្ឌជាតិសម្រាប់ត្រួតពិនិត្យនិងវាយតម្លៃការប្រែប្រួលអាកាសធាតុ (ភ្នំពេញ, ២០១៦)។
- 19. រាជរដ្ឋាភិបាលកម្ពុជា, ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (ភ្នំពេញ, ២០១៥)។
- 20. រាជរដ្ឋាភិបាលកម្ពុជា, ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ឆ្នាំ២០១៤-២០១៨ (ភ្នំពេញ, ២០១៣)។
- 21. ដូចឯកសារយោងខាងលើ។
- 22. ច័ន្ទសទ្ធា ម៉ា, «គោលនយោបាយ និងយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ នៅកម្ពុជា» (បទបង្ហាញ នៅទីក្រុងម៉ានីឡា, ប្រទេសហ្វីលីពីន, ថ្ងៃទី ២០-២១ ខែឧសភា ឆ្នាំ២០១៥)។
- 23. ដូចឯកសារយោងខាងលើ។
- 24. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង, ផែនការយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍបៃតង ឆ្នាំ ២០១៣-២០៣០ (ភ្នំពេញ, ២០១៣)។
- 25. សេរី ដាញ់, «អភិវឌ្ឍន៍បៃតងនៅក្នុងប្រទេសកម្ពុជា» (បទបង្ហាញ នៅទីក្រុងប៊ូហ្គួរ (Bogor), ប្រទេសឥណ្ឌូនេស៊ី, ថ្ងៃទី ០៣-០៤, ខែមិថុនា ឆ្នាំ២០១៣)។
- 26. «ប្រទេសកម្ពុជាដាក់ផែនការសកម្មភាពអាកាសធាតុរបស់ខ្លួន មុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ ២០១៥,» United Nations Climate Change, ចូលអានខែ មិថុនា ឆ្នាំ ២០១៨។
- 27. រាជរដ្ឋាភិបាលកម្ពុជា, កម្មវីធីសកម្មភាពជាតិបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ (ភ្នំពេញ, ២០០៦), ៤។
- 28. ដានី វ៉ា, Kathryn J. Bowen និង Fiona Miller, «វាយតម្លៃសមត្ថភាពស្ថាប័នក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៖ គម្រោងសិក្សាមួយ ស្ដីពីវិស័យសុខភាព និងទឹកនៅកម្ពុជា,» គោលនយោបាយអាកាសធាតុ (Climate Policy) ១៥, ល.៣ (២០១៥): ៣៨៨-៤០៩, doi: ១០.១០៨០/១៤៦៩៣០៦២.២០១៤.៩៣៧៣៨៥។
- 29. ស៊ុនថារ័ត្ន អ៊ុក និង Alessandro Marazzi Sassoon, «សាលារាជធានីភ្នំពេញបង្ហាញពីផែនការត្រៀមបម្រុងឆ្លើយតបគ្រោះអាសន្ន។» ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០១៨។
- 30. «កម្ពុជាត្រូវឆ្លៀតចាប់យកឱកាសក្នុងហិរញ្ញប្បទានវិស័យអាកាសធាតុ,» យូអិនឌីភី ប្រចាំកម្ពុជា (UNDP Cambodia), ចូលអានខែមិថុនា ឆ្នាំ២០១៨។
- 31. «គម្រោង ADB នៅប្រទេសកម្ពុជា ម៉ុងហ្គោលី តាជីគីស្ថាន ទទួលបានមូលនិធិ GCF,» ធនាគារអភិវឌ្ឍន៍អាស៊ី, ចូលអានខែមិថុនា ឆ្នាំ២០១៨។
- 32. អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ផែនការសកម្មភាពជាតិកម្ពុជា ក្របខ័ណ្ឌហិរញ្ញប្បទាន និងផែនការអនុវត្ត (ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ឆ្នាំ២០១៧)។
- 33. «ស្ត្រីនៅក្នុងការប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ៖ កម្លាំងជម្រុញសម្រាប់ដំណោះស្រាយណាមួយ,» យូអិនឌីភី ប្រចាំកម្ពុជា (UNDP Cambodia), ចូលអានខែឧសភា ឆ្នាំ២០១៨។
- 34. គណៈកម្មាធិការយេនឌ័រ និងការប្រែប្រួលអាកាសធាតុ (GCCC) និងក្រសួងកិច្ចការនារី, ផែនការសកម្មភាពយេនឌ័រ និងការប្រែប្រួលអាកាសធាតុ (GCCAP) ឆ្នាំ២០១៤-២០១៨ (ភ្នំពេញ, ២០១៤), ៩។
- 35. អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ, របាយការណ៍ត្រៀមចូលរួមចំណែករបស់កម្ពុជាក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC), ២០១៥), ១៣។
- 36. ធនាគារអភិវឌ្ឍន៍អាស៊ី, ការបញ្ជ្រាបយេនឌ័រទៅក្នុងសកម្មភាពកាត់បន្ថយការប្រែប្រួលអាកាសធាតុ (ទីក្រុងម៉ានដាលូយ៉ុង (Mandaluyong)៖ ធនាគារអភិវឌ្ឍន៍អាស៊ី, ២០១៦)។
- 37. «ទិន្នន័យការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយនៅសម្រាប់ព្រះរាជាណាចក្រកម្ពុជា,» ប្រព័ន្ធគ្រប់គ្រងទិន្នន័យការបាត់បង់ និងការខូចខាតដោយគ្រោះមហន្តរាយនៅកម្ពុជា (CamDi), ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។
- 38. រាជរដ្ឋាភិបាលកម្ពុជា, កម្ពុជា៖ ការពិនិត្យលើភាពរួចរាល់របស់ទិន្នន័យនៃក្របខ័ណ្ឌការងារសេនដាយ (២០១៧)។
- 39. អង្គការសហប្រជាជាតិ, កែសម្រួលដោយ អគ្គលេខាធិការដ្ឋានគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្របខ័ណ្ឌការងារសេនដាយសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៥-២០៣០ (លេខាធិការដ្ឋាន នៃយុទ្ធសាស្ត្រអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយ សហប្រជាជាតិ UNISDR, ២០១៥), ១៥។
- 40. «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី១៣៖ ចាត់វិធានការជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់របស់វា,» វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Knowledge Platform), ចូលអានថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨។