វិស័យកសិកម្មនៅតែបន្ដដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនិងសង្គមកម្ពុជាដោយបានរួមចំណែក ២២ ភាគរយដល់ផលិតផលក្នុងស្រុក ហើយជួយដល់ ៧៦,២ ភាគរយនៃប្រជាជននៅតាមជនបទ និងផ្ដល់ការងារដល់ ៣៧ ភាគរយនៃប្រជាជនសរុប។1 2 3
តួអង្គសំខាន់ៗ
ក្រសួងរដ្ឋាភិបាល ម្ចាស់ជំនួយទាំងក្នុងស្រុក និងក្រៅស្រុកបានដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម ការបង្កើតគោលនយោបាយ ការអនុវត្ត និងការសម្របសម្រួល។ ស្ថាប័នរដ្ឋាភិបាលដែលមានទំនួលខុសត្រូវពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កសិកម្មមានចំនួន ៤ ហើយក៏មានតួនាទីត្រួតស៊ីគ្នាផងដែរ។
- ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្តោតលើសន្តិសុខស្បៀង ការស្រាវជ្រាវកសិកម្ម ការចូលទៅកាន់ទីផ្សារ កំណែទម្រង់ដីធ្លី និងជលផល ព្រមទាំងព្រៃឈើប្រកបដោយនិរន្តរភាព។
- ក្រសួងធនធានទឹក និងឧតុនិយម សង្កត់ធ្ងន់លើការគ្រប់គ្រងធនធានទឹក ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និរន្តរភាពទឹក និងការគ្រប់គ្រងព័ត៌មាន។
- ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើការលើការលើកកម្ពស់វិស័យកសិកម្ម ការកាត់បន្ថយភាពក្រីក្រ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទោះបីជាមានការខ្វះគោលនយោបាយទូលំទូលាយក៏ដោយ។
- ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងផ្នែកកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដោយផ្តោតលើសន្តិសុខស្បៀង ផលិតភាពកសិកម្ម កម្មវិធីអភិវឌ្ឍន៍ជនបទ និងការចូលរួមពីសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។4
ដៃគូអភិវឌ្ឍន៍ រួមទាំងម្ចាស់ជំនួយជាង ២០ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរបស់កម្ពុជា។ តួអង្គរួមចំណែកសំខាន់ៗរួមមានទីភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការស្បៀង និងកសិកម្ម មូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក។ ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាម្ចាស់ជំនួយធំជាងគេដោយផ្តោតលើទឹក ប្រព័ន្ធធារាសាស្ត្រ ការអភិវឌ្ឍន៍ជនបទ និងសន្តិសុខស្បៀង។ សហភាពអឺរ៉ុប និងរដ្ឋជាសមាជិករបស់ខ្លួន រួមជាមួយនឹងប្រទេសដូចជាអូស្ត្រាលី និងជប៉ុនក៏បានផ្តល់ការគាំទ្រយ៉ាងសំខាន់ផងដែរ ជាពិសេសលើវិស័យធនធានធម្មជាតិ ជីវភាពរស់នៅ និងការគ្រប់គ្រងទឹក។5
និន្នាការគោលនយោបាយ
បើតាមនីតិកាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៩៣ ដែលរាប់បញ្ចូលទាំងគោលនយោបាយ និងផែនការជាតិមួយចំនួន នីតិកាលនេះមានគោលបំណងលើកប្រទេសចេញពីភាពក្រីក្រ និងដាក់ឱ្យដំណើរការលើមាគ៌ានៃកំណើនប្រកបដោយចីរភាព។ ដោយមើលឃើញពីសក្ដានុពលនៃវិស័យកសិកម្មរបស់កម្ពុជា ការបង្កើនផលិតភាពនៃវិស័យនេះអាចបង្កើនទិន្នផលប្រកបដោយនិរន្តរភាពការងារ ព្រមទាំងប្រាក់ចំណូលដែលជួយកាត់បន្ថយភាពក្រីក្រ។ អាស្រ័យហេតុនេះគោលនយោបាយអភិវឌ្ឍន៍របស់រដ្ឋាភិបាលផ្តោតលើវិស័យកសិកម្ម និងការកាត់បន្ថយភាពក្រីក្រនៅតាមជនបទជាមួយនឹងការផ្លាស់ប្ដូរមួយចំនួនលើគោលនយោបាយអភិវឌ្ឍន៍កសិកម្ម និងជនបទនាពេលប៉ុន្មានឆ្នាំកន្លងមកនេះ។6
នៅអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ មានគោលនយោបាយចំនួនពីរបានអនុវត្ត៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំដំបូង (SEDP I) និងកម្មវិធីជាតិនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា។ គោលនយោបាយទាំងនេះផ្តោតលើការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធានធម្មជាតិ និងការលើកកម្ពស់វិស័យកសិកម្មចិញ្ចឹមជីវិតដើម្បីស្ថិរភាព និងការអភិវឌ្ឍសង្គមកម្ពុជា។7 ជាមួយនឹងសមិទ្ធិផលសន្តិភាព និងសន្តិសុខពេញលេញក្នុងឆ្នាំ១៩៩៩ រដ្ឋាភិបាលចាប់ផ្ដើមមានឱកាសក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការលើកកម្ពស់វិស័យសំខាន់ៗជាច្រើនដូចជា ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍។8
ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៥ គោលនយោបាយពីរបន្ថែមទៀតត្រូវបានបង្កើតឡើង៖ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលប្រាំឆ្នាំទីពីរ (SEDP II) និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រជាតិ (NPRS)។ នៅឆ្នាំ២០០៤ កម្ពុជាបានបង្កើតគោលនយោបាយដ៏ទូលំទូលាយមួយដែលត្រូវបានគេស្គាល់ថាជា យុទ្ធសាស្ដ្រចតុកោណដែលត្រូវបានរចនាឡើងដើម្បីលើកកម្ពស់កំណើនការងារ និងប្រសិទ្ធភាព។ យុទ្ធសាស្ដ្រចតុកោណនេះផ្ដោតលើ “អភិបាលកិច្ចល្អ” និងផ្តល់អាទិភាពដល់ការលើកកម្ពស់វិស័យកសិកម្ម។ គោលនយោបាយនេះបម្រើជាមូលដ្ឋានគ្រឹះសម្រាប់ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) ២០០៦-២០១០ និងផែនការដែលបានធ្វើបច្ចុប្បន្នភាពសម្រាប់ឆ្នាំ២០០៩-២០១៣។ នៅក្នុងឆ្នាំ២០១០ រដ្ឋាភិបាលបាននូវគោលនយោបាយមួយដើម្បីជំរុញផលិតកម្មស្រូវសម្រាប់ការនាំចេញដែលហៅថា “”ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ” ក្នុងគោលបំណងឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសនាំចេញអង្ករពិភពលោកដ៏សំខាន់មួយ។ គោលដៅនៃគោលនយោបាយនេះគឺដើម្បីធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដើម្បីធានាបាននូវភាពស្មើគ្នានៃអត្ថប្រយោជន៍សេដ្ឋកិច្ច និងជំរុញការនាំចេញផលិតផលកសិកម្មផ្សេងៗទៀត ដូចជាកៅស៊ូជាដើម។9
គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ត្រូវបានបង្កើតឡើងដោយផ្អែកលើនិន្នាការសកល តំបន់ និងមូលដ្ឋាននាពេលបច្ចុប្បន្នដែលដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅក្នុងវិស័យកសិកម្មក្នុងប្រទេសកម្ពុជា។ គោលនយោបាយមួយនេះមានគោលបំណងជំរុញកំណើនកសិកម្មរបស់កម្ពុជាជាមួយនឹងផលិតកម្មចំណីអាហារប្រកបដោយគុណភាពខ្ពស់ និងសុវត្ថិភាព រួមជាមួយនឹងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្ដរភាព ដូចជាធនធានដីធ្លី ព្រៃឈើ និងធនធានជលផលជាដើម។10
គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០
រដ្ឋាភិបាលជាតិមានគោលបំណងជាមួយនឹងគោលនយោបាយថ្មី ដើម្បីឲ្យកម្ពុជាក្លាយជាប្រទេសផលិតកសិកម្មកំពូលទាំងដប់របស់ពិភពលោកដើម្បីគាំទ្រគោលដៅរបស់ប្រទេសក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០។11 លើសពីនេះទៅទៀត គោលនយោបាយនេះក៏មានគោលបំណងបង្កើនតម្លៃនៃកសិកម្មបន្ថែម ៣ ភាគរយនៅក្នុងមួយឆ្នាំផងដែរ។12
ចក្ខុវិស័យសម្រាប់គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មគឺធ្វើឱ្យវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបជាមួយនឹងការប្រកួតប្រជែង បរិយាបន្ន ធន់ និងនិរន្តរភាពដើម្បីង្កើតប្រាក់ចំណូលបន្ថែមដល់កសិករ និងលើកកម្ពស់ភាពរុងរឿង និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាដោយផ្អែកលើប្រធានបទគោលនយោបាយសំខាន់ៗចំនួន ៤ រួមមាន (១) ទំនើបកម្ម ធ្វើពាណិជ្ជកម្មខ្សែសង្វាក់តម្លៃកសិកម្ម (២) ការវិនិយោគសាធារណៈ និងឯកជនលើវិស័យកសិកម្ម (៣) ការរីកលូតលាស់ប្រកបដោយនិរន្តរភាព និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ និង (៤) កំណែទម្រង់ស្ថាប័ន និងបញ្ហាឆ្លងកាត់។ គោលដៅយុទ្ធសាស្ដ្រចំនួន ៤ នេះជាប់ទាក់ទងគ្នា ដើម្បីដោះស្រាយប្រធានបទគោលនយោបាយសំខាន់ៗទាំងនេះ។ គោលនយោបាយនេះមានគោលដៅយុទ្ធសាស្ត្រចំនួន ៤ ដូចជា៖
- គោលដៅយុទ្ធសាស្ត្រទី១៖ លើកកម្ពស់ការប្រកួតប្រជែងនៃខ្សែសង្វាក់តម្លៃកសិកម្ម។
- គោលដៅយុទ្ធសាស្ត្រទី២៖ បង្កើនការគាំទ្រសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកសិកម្ម និងការសម្របសម្រួលអាជីវកម្មកសិ-ពាណិជ្ជកម្ម។
- គោលដៅយុទ្ធសាស្ត្រទី៣៖ លើកកម្ពស់ការគ្រប់គ្រងដីធ្លី ព្រៃឈើ និងធនធានជលផលប្រកបដោយនិរន្តរភាព។
- គោលដៅយុទ្ធសាស្ត្រទី៤៖ ពង្រឹងការគ្រប់គ្រងស្ថាប័ន និងកំណែទម្រង់បទប្បញ្ញត្តិ ការអភិវឌ្ឍន៍ធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតមាន។13
គោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧
ផលិតផលកសិកម្មរបស់កម្ពុជារួមទាំងគ្រាប់ស្វាយចន្ទីផងដែរ ជាទូទៅគឺត្រូវបាននាំចេញដោយមិនទាន់កែច្នៃ ជាហេតុដែលបណ្ដាលឱ្យមានតម្លៃទាបសម្រាប់កម្ពុជា។ បន្ទាប់មកផលិតផលទាំងនេះត្រូវបានកែច្នៃនៅប្រទេសផ្សេងទៀតមុននាំចេញសម្រាប់បរិភោគបាន។ ដូច្នេះគោលនយោបាយជាតិស្ដីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ត្រូវបានអនុវត្តក្នុងគោលបំណងលើកកម្ពស់កំណើននៃការទទួលបានទីផ្សារ ទាំងគុណភាព និងសុវត្ថិភាពចំណីអាហារ ផលិតភាព និងការធ្វើពិពិធកម្មដំណាំសក្ដានុពល។
ចក្ខុវិស័យនៃគោលនយោបាយជាតិគ្រាប់ស្វាយចន្ទី គឺដើម្បីអភិវឌ្ឍផលិតកម្មស្វាយចន្ទី ការកែច្នៃ និងទីផ្សារដើម្បីធានាបាននូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ចតាមរយៈការប្រកួតប្រជែងដោយបរិយាប័ន្ន។ គោលនយោបាយនេះមានគោលបំណងធ្វើឱ្យកម្ពុជាក្លាយជាអ្នកផលិត និងផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីនាំមុខគេសម្រាប់ទីផ្សារក្នុងស្រុក តំបន់ និងសកល។ គោលនយោបាយនេះបានកំណត់គោលដៅសំខាន់ៗចំនួន ៣ ដើម្បីសម្រេចបាននូវចក្ខុវិស័យ៖
- លើកកម្ពស់ផលិតកម្ម និងគុណភាពផលិតផល ដើម្បីរក្សាការប្រកួតប្រជែងនៅលើទីផ្សារ។
- ជម្រុញឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមនៃការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបាន ២៥ ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងហោចណាស់ ៥០ ភាគរយនៅឆ្នាំ២០៣២។
- បង្កើនការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការតភ្ជាប់ការនាំចេញអន្ដរវិស័យ ការសម្របសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើមផលិតកម្ម និងទាញយកអត្ថប្រយោជន៍ទីផ្សារ។14
ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ
ក្នុងឆ្នាំ២០១០ ជាមួយនឹងចក្ខុវិស័យប្រែក្លាយកម្ពុជាទៅជា “កន្ត្រកអង្ករ” និងជាអ្នកនាំចេញអង្ករធំទូទាំងសកលលោក រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយ “ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ” ដោយគិតត្រឹមឆ្នាំ២០១៥ ជាឆ្នាំគោលដៅសំដៅសម្រេចបាននូវអង្ករលើសពី ៤ លានតោន និងសម្រេចបាននូវការនាំចេញអង្កររបស់កម្ពុជាចំនួន ១ លានតោន។15
នៅក្នុងឆ្នាំ២០១៥ កម្ពុជាផលិតស្រូវបានចំនួន ៩.៣៣៤,៣ លានតោន កើនឡើងដល់ ១១,៦ លានតោននៅឆ្នាំ ២០២២។16 អង្ករកម្ពុជាត្រូវបានទទួលស្គាល់ជា”អង្ករល្អបំផុតរបស់ពិភពលោក” ចំនួន ៥ ដងលើប្រភេទពូជស្រូវផ្ការំដួលក្នុងវេទិកាស្រូវពិភពលោក និងប្រភេទពូជស្រូវសែនក្រអូបដែលបានឈ្នះមេដាយមាសក្នុងការប្រកួតប្រជែងអង្ករអន្តរជាតិនៅប្រទេសចិនផងដែរ។17
ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងកសិកម្ម
បានធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥
ឯកសារយោង
- 1. រាជរដ្ឋាភិបាលកម្ពុជា, “គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០,” ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
- 2. វ៉ាន់ សុជាតា, “ព្រះរាជាណាចក្រនៅតែជាប្រទេសផលិតអង្ករទី១០ធំជាងគេ,” ភ្នំពេញបុស្ដិ៍, ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
- 3. ធនាគារពិភពលោក, “ការងារក្នុងវិស័យកសិកម្ម (ភាគរយ នៃចំនួនការងារសរុប) (ការប៉ាន់ស្មានគំរូរបស់ ILO) - កម្ពុជា,” ឆ្នាំ២០២២។
- 4. Kem Sothorn, Chhim Chhun, Theng Vuthy និង So Sovannarith, “ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយក្នុងការអភិវឌ្ឍន៍កសិកម្ម និងជនបទ៖ កម្ពុជា,” វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១, បានចូលអាននៅខែកក្កដា ឆ្នាំ២០២៤។
- 5. ដូចឯកសារយោងខាងលើ។
- 6. Kem Sothorn, Chhim Chhun, Theng Vuthy និង So Sovannarith, “ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយក្នុងការអភិវឌ្ឍន៍កសិកម្ម និងជនបទ៖ កម្ពុជា,” វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា, ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១, បានចូលអាននៅខែកក្កដា ឆ្នាំ២០២៤។
- 7. ដូចឯកសារយោងខាងលើ។
- 8. ដូចឯកសារយោងខាងលើ។
- 9. ដូចឯកសារយោងខាងលើ។
- 10. រាជរដ្ឋាភិបាលកម្ពុជា, “គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០,” ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
- 11. Genevieve Donnellon-May, “តើកម្ពុជាជាមហាអំណាចកសិកម្មថ្មីឬ?,” សង្គមអាស៊ី, ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤, បានចូលអាននៅខែកក្កដា ឆ្នាំ២០២៤។
- 12. រាជរដ្ឋាភិបាលកម្ពុជា, “គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០,” ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។
- 13. ដូចឯកសារយោងខាងលើ។
- 14. រាជរដ្ឋាភិបាលកម្ពុជា, “គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២ - ២០២៧,” ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣, បានចូលអាននៅខែកក្កដា ឆ្នាំ២០២៤។
- 15. រាជរដ្ឋាភិបាលកម្ពុជា, “ការលើកកម្ពស់ផលិតកម្មស្រូវ និងការនាំចេញអង្ករ,” គោលនយោបាយ, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១០, បានចូលអាននៅខែកក្កដា ឆ្នាំ២០២៤។
- 16. EuroCham, “ប្រភពពីប្រទេសកម្ពុជា៖ ខិត្តប័ណ្ណអ្នកផ្គត់ផ្គង់ផលិតផលអង្ករ,” បានចូលអាននៅខែកក្កដា ឆ្នាំ២០២៤។
- 17. Chea Vanyuth, “ទីផ្សារនាំចេញអង្ករដែលឈ្នះពានរង្វាន់មាសរបស់កម្ពុជា,” ខ្មែរថាមស៍, ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣, បានចូលអាននៅខែកក្កដា ឆ្នាំ២០២៥។