
រាជធានីភ្នំពេញ ប្រទេសកម្ពុជា. រូបភាព ថតដោយ B2B Cambodia
កម្ពុជាបានបង្ហាញពីដំណើរការដ៏រឹងមាំនៃសេដ្ឋកិច្ចដែលត្រូវបានកត់សម្គាល់ដោយកំណើនយ៉ាងឆាប់រហ័ស និងការថយចុះនៃភាពក្រីក្រ។ យ៉ាងណាក្ដី ភាពជោគជ័យនេះពឹងផ្អែកភាគច្រើនលើក្រុមហ៊ុនមួយចំនួនតូច ដែលភាគច្រើនជាវិនិយោគិនបរទេស ប្រមូលផ្តុំនៅក្នុងវិស័យមួយចំនួនតែប៉ុណ្ណោះ។ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងបរិយាបន្ន កម្ពុជាត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតលើការធ្វើពិពិធកម្មលើប្រភព និងលើវិស័យនៃការវិនិយោគពីបរទេស ជំរុញការវិនិយោគក្នុងស្រុក ដើម្បីជួយសម្រួលដល់ “អវត្តមាន” នៃសហគ្រាសធុនមធ្យម1
គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តការវិនិយោគចំនួន ៣១ និងការពង្រីកផលិតកម្មថ្មីចំនួន ៣១ ដែលមានដើមទុនសរុបលើសពី ២២៦ លានដុល្លារអាមេរិក ដោយក្នុងនោះមានវិនិយោគិនក្នុងស្រុកចំនួន ២៩,៤៧ ភាគរយ2 គួរកត់សម្គាល់ថា រដ្ឋាភិបាលក៏បានលើកទឹកចិត្តដល់សហគ្រិនភាពកម្ពុជា តាមរយៈគម្រោងហិរញ្ញប្បទានផ្ទាល់ និងសហហិរញ្ញប្បទាន ដើម្បីពង្រឹងភាពធន់នឹងសេដ្ឋកិច្ច លើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាបន្ន3 ក៏ដូចជាការដាក់ឱ្យប្រើប្រាស់ ច្បាប់វិនិយោគថ្មី ដែលធ្វើឱ្យកម្ពុជាកាន់តែមានភាពទាក់ទាញតាមរយៈការផ្តល់នូវការលើកទឹកចិត្ត ការធានា និងការការពារបន្ថែមទៀតសម្រាប់អ្នកវិនិយោគក្នុងស្រុកស្របតាមច្បាប់ និងស្តង់ដារអន្តរជាតិ។4
ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
កម្ពុជារក្សាជំហរស្របច្បាប់សម្រាប់ការវិនិយោគ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់និងបទប្បញ្ញត្តិត្រូវបានបង្កើតឡើងដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធិភាព និងស័ក្ដសិទ្ធិភាព។ នៅកម្ពុជា ច្បាប់វិនិយោគដំបូង ត្រូវបានអនុម័តនៅឆ្នាំ១៩៩៤5 ដែលត្រូវបានកំណត់ដើម្បីគ្រប់គ្រងគម្រោងវិនិយោគទាំងអស់ដោយអ្នកវិនិយោគដែលជាពលរដ្ឋខ្មែរ និង/ឬជនបរទេសនៅកម្ពុជា។ ក្រៅពីនេះ វាក៏បានជំរុញឲ្យមានការវិនិយោគលើវិស័យសំខាន់ៗចំនួន ៩ ផងដែរ។
នៅក្នុងឆ្នាំ២០០៣ ច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើវិសោធនកម្មលើមាត្រាមួយចំនួនដែលមាននៅក្នុងច្បាប់វិនិយោគឆ្នាំ១៩៩៤ ដើម្បីឱ្យមានអត្ថន័យកាន់តែច្បាស់ និងទូលំទូលាយជាងមុន។ លើសពីនេះ ច្បាប់នេះក៏ត្រូវបានបង្កើតឡើងដើម្បីលើកទឹកចិត្តឱ្យមានការវិនិយោគកាន់តែច្រើន និងបង្កើតតុល្យភាពកាន់តែត្រឹមត្រូវសម្រាប់ការវិនិយោគនៅកម្ពុជា។6
គួរកត់សំគាល់ថា អនុក្រឹត្យលេខ ១១១ ស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាបានចូលជាធរមាននៅឆ្នាំ២០០៥។ អនុក្រឹត្យនេះមានគោលបំណងបំពេញបន្ថែម និងគ្រប់គ្រងច្បាប់វិនិយោគ ដើម្បីជំរុញការវិនិយោគនៅកម្ពុជាបន្ថែមទៀតពីសំណាក់អ្នកវិនិយោគក្នុងស្រុក និងបរទេស។ អនុក្រឹត្យនេះក៏បានកំណត់ជាផ្លូវការថា “អ្នកវិនិយោគកម្ពុជា” ជាអ្នកវិនិយោគដែលមានសញ្ជាតិខ្មែរ ឬជាអង្គភាពកម្ពុជា។7 លើសពីនេះ អនុក្រឹត្យនេះក៏ត្រូវបានបញ្ជាក់ផងដែរថា គ្រប់គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលវិនិយោគិនទាំងអស់ត្រូវអនុវត្តដើម្បីទទួលបានការលើកទឹកចិត្តក្នុងការវិនិយោគ។8
នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ច្បាប់ស្តីពីការវិនិយោគ ត្រូវបានបង្កើតឡើងដើម្បីជំនួសច្បាប់ឆ្នាំ១៩៩៤ និងវិសោធនកម្មឆ្នាំ២០០៣ ក៏ដូចជាដើម្បីបង្កើតក្របខ័ណ្ឌច្បាប់បើកចំហ តម្លាភាព និងអាចព្យាករណ៍បាន ដើម្បីទាក់ទាញ និងលើកកម្ពស់ការវិនិយោគប្រកបដោយគុណភាព ប្រសិទ្ធភាព និងស័ក្ដសិទ្ធិភាពទាំងអ្នកវិនិយោគក្នុងស្រុក និងបរទេសនៅកម្ពុជា។9 ច្បាប់នេះមាន ១២ ជំពូក និង ៤២ មាត្រាដែលមានគោលបំណង (១) ការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា (២) ការធ្វើទំនើបកម្ម និងការបង្កើនផលិតភាពនៃឧស្សាហកម្មក្នុងស្រុក និងការពង្រឹងការតភ្ជាប់ជាមួយនឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោកតាមរយៈការជំរុញលំហូរទុនកើនឡើង (៣) ការបង្កើតរបបដែលលើកទឹកចិត្តវិនិយោគដែលមានលក្ខណ:តម្លាភាព អាចព្យាករណ៍បាន មិនរើសអើង និងប្រកួតប្រជែង ដែលគាំទ្រគោលនយោបាយសេដ្ឋកិច្ចសង្គម រួមទាំង (៤) ការផ្តល់ការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់សម្រាប់អ្នកវិនិយោគ តាមរយៈការបង្កើតក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយ និងសមធម៌ ស្របតាមផលប្រយោជន៍ជាតិ។10 លើសពីនេះទៅទៀត ច្បាប់វិនិយោគថ្មីនេះក៏មានលក្ខណៈពិសេសសំខាន់ៗចំនួនប្រាំដូចជា៖11
- អនុញ្ញាតឱ្យចុះឈ្មោះសម្រាប់គម្រោងវិនិយោគថ្មីពីរប្រភេទ៖ EQIP (គម្រោងពង្រីកវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់) និង GIP (គម្រោងវិនិយោគដែលធានា)
- ការធានានិងការការពារការវិនិយោគ
- ការលើកទឹកចិត្តសម្រាប់វិស័យវិនិយោគ និងសកម្មភាពនានា
- ការលើកទឹកចិត្តក្នុងការវិនិយោគសម្រាប់ QIP (គម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់)
- ការអនុម័តលើការវិនិយោគឯកជន និងការដោះស្រាយវិវាទ
អនុក្រឹត្យលេខ ១២៤ ស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ដែលចូលជាធរមានចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ មានគោលបំណងជំរុញសហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាពចំនួន ៦ រាប់បញ្ចូលទាំងផលិតផលកសិ-វប្បធម៌ ដល់សេវាព័ត៌មានវិទ្យា និងតំបន់ដែលស្ថិតនៅក្នុងចង្កោមសហគ្រាសធុនតូច និងមធ្យម រួមទាំងសហគ្រាសដែលកំពុងដំណើរការអភិវឌ្ឍតំបន់ចង្កោម។12 ការលើកទឹកចិត្តរួមមានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេល ៣ ឆ្នាំសម្រាប់សហគ្រាសដែលបានចុះបញ្ជីថ្មី និង ៥ ឆ្នាំ ប្រសិនបើតម្រូវការបន្ថែមត្រូវបានបំពេញ។ ដើម្បីជួយដល់ការអនុវត្ត ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសលេខ ១៥៩ ក្នុងឆ្នាំ២០២០ ដោយកំណត់នូវការណែនាំ លក្ខខណ្ឌ និងនីតិវិធីក្នុងការស្នើសុំការលើកទឹកចិត្តពន្ធ។13 វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា សហគ្រាសធុនតូច និងមធ្យមភាគច្រើនជាការវិនិយោគក្នុងស្រុក និងផ្តោតលើការប្រើប្រាស់ក្នុងស្រុក ខណៈដែលសហគ្រាសធំៗ ឬឧស្សាហកម្មធុនធ្ងន់គឺភាគច្រើនជាការវិនិយោគបរទេស។14
ការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការវិនិយោគក្នុងស្រុក
ផ្អែកលើ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជាផ្តោតលើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេលវែងដើម្បីធ្វើឱ្យកម្ពុជាទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ គោលដៅយុទ្ធសាស្ត្រមួយក្នុងចំណោមគោលដៅទាំងប្រាំគឺ ពង្រឹងអភិបាលកិច្ចវិស័យឯកជន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគ។15 ជាលទ្ធផល ប្រព័ន្ធអេកូនៃការវិនិយោគរបស់កម្ពុជាបានពង្រីងបន្ថែមពីលើក្របខណ្ឌច្បាប់ ជាមួយនឹងយន្តការគាំទ្រវិស័យសាធារណៈ និងឯកជនជាច្រើនដែលត្រូវបានបង្កើតឡើងដើម្បីជួយអ្នកវិនិយោគក្នុងស្រុក។
គួរកត់សម្គាល់ថា ធនាគារ សហគ្រាសធុនតូច និងមធ្យម កម្ពុជា គឺជាស្ថាប័នគ្រប់គ្រងដោយរដ្ឋ ដែលត្រូវបានបង្កើតឡើង ដើម្បីលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យអាទិភាព ហើយក៏ដើម្បីផ្តល់នូវគម្រោងហិរញ្ញប្បទានប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដែលគាំទ្រដល់ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម លើកកម្ពស់ពិពិធកម្មសេដ្ឋកិច្ច និងជំរុញការនាំចេញ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល16 ខណៈពេលដែលវិស័យឯកជនក៏ត្រូវបានលើកទឹកចិត្តឱ្យវិនិយោគ17 ធនាគារមួយនេះក៏ដើរតួយ៉ាងសំខាន់ក្នុងការសម្រួលដល់ការវិនិយោគក្នុងស្រុក។ ក្នុងឆ្នាំ២០២៣ ធនាគារបានបញ្ចេញប្រាក់កម្ចីប្រហែល ៤៩០ លានដុល្លារអាមេរិកដល់សហគ្រាសជាង ៣.២០០ កន្លែង18
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ក៏ជាសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៤០ ANKR.BK ក្នុងឆ្នាំ ២០២០ ដើម្បីកែលម្អការដាក់បញ្ចូលហិរញ្ញវត្ថុ និងអភិវឌ្ឍកំណើននៃសហគ្រាសធុនតូច និងមធ្យម។19 សាជីវកម្មនេះក៏កាត់បន្ថយហានិភ័យនៃការផ្តល់ប្រាក់កម្ចីតាមរយៈគម្រោងការធានាសហហិរញ្ញប្បទាន (CFGS) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមក្នុងការបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីជាផ្លូវការសម្រាប់ទាំងដើមទុនធ្វើការ និងការវិនិយោគ ឬការពង្រីកអាជីវកម្ម។20
កម្ពុជាបានណែនាំ តំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្នុងឆ្នាំ ២០០៥ តាមរយៈអនុក្រឹត្យលេខ ១៤៨ អនក្រ.បក ស្តីពីការបង្កើត និងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។21 SEZs ត្រូវបានរៀបចំឡើងដើម្បីលើកទឹកចិត្តដល់ការវិនិយោគ និងជំរុញការផលិតដែលផ្តោតលើការនាំចេញ ដោយផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗ ដូចជាការលើកលែងពន្ធ និងការគាំទ្រផ្នែកដឹកជញ្ជូនដែលប្រសើរឡើង។ ទោះបីជាគោលបំណងចម្បងនៃតំបន់ទាំងនេះគឺដើម្បីទាក់ទាញការវិនិយោគពីបរទេសក៏ដោយ ក៏រដ្ឋាភិបាលគាំទ្រការអភិវឌ្ឍន៍តាមរយៈការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ការបែងចែកដីធ្លី និងការបង្កើតបរិយាកាសបទប្បញ្ញត្តិអំណោយផលដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក។22 តំបន់សេដ្ឋកិច្ចពិសេសមានបីប្រភេទ ដូចជាតំបន់កែច្នៃនាំចេញ (EPZs) តំបន់សេដ្ឋកិច្ចពិសេស (SEZs) និងសួនឧស្សាហកម្ម។23 កម្ពុជាមាន SEZ ចំនួន ៦៩ ប៉ុន្តែមានតែ ២៩ ប៉ុណ្ណោះដែលកំពុងដំណើរការយ៉ាងសកម្ម ដែលភាគច្រើនមានមូលដ្ឋាននៅទីក្រុងធំៗចំនួន ៤ ដូចជា ក្រុងភ្នំពេញ បាវិត ព្រះសីហនុ និងប៉ោយប៉ែត។24
វិស័យឈានមុខ
ការវិនិយោគក្នុងវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ដោយវិស័យសំខាន់ៗទាក់ទាញការវិនិយោគរួមមាន វិស័យផលិតកម្ម វិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ25 លើសពីនេះ រដ្ឋាភិបាលបានកំណត់វិស័យអាទិភាពចំនួនបីសម្រាប់គម្រោងភាពជាដៃគូសាធារណៈ និងឯកជន (PPP) ពីឆ្នាំ២០២៥ ដល់ឆ្នាំ ២០៣៥ គឺការដឹកជញ្ជូន និងភស្ដុភារកម្ម ថាមពល និងសេវាសាធារណៈ (ការផ្គត់ផ្គង់ទឹកស្អាត និងការគ្រប់គ្រងកាកសំណល់) ដែលទាំងអស់នេះត្រូវបានគេរំពឹងថានឹងទាក់ទាញការវិនិយោគពីវិស័យឯកជនយ៉ាងច្រើន។26
វិស័យផលិតកម្មបានជួបប្រទះនឹងកំណើនដ៏លេចធ្លោរក្នុងឆ្នាំ២០២៤ ដោយឈានដល់កម្រិតខ្ពស់ថ្មីនៃការកើនឡើងនៃរោងចក្រចំនួន ២.៣១៦ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាជាមួយនឹងកំណើនដែលបានប៉ាន់ស្មានចំនួន ៩,៧ ភាគរយ។27 លើសពីនេះ មានការកើនឡើងនៃផលិតផលកាត់ដេរ ៨,៦ ភាគរយ និងផលិតផលមិនមែនកាត់ដេរ ១០,៨ ភាគរយ ដែលគាំទ្រដោយតម្រូវការ និងការវិនិយោគពីខាងក្រៅ28
លើសពីនេះ វិស័យទេសចរណ៍ក៏ជំរុញការវិនិយោគ និងកែលម្អបរិយាកាសធុរកិច្ចនៅកម្ពុជា29 ក្នុងឆ្នាំ ២០២៤ វិស័យទេសចរណ៍បានរួមចំណែកប្រហែល ៩,៤ ភាគរយដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ហើយទទួលបានប្រាក់ចំណូលសរុបចំនួន ៣,៦៣ ពាន់លានដុល្លារអាមេរិកផងដែរ។30 ថ្មីៗនេះ រដ្ឋាភិបាល តាមរយៈគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ (NTDC) ក៏បានប្រកាសពីការបង្កើតគោលនយោបាយ “ទេសចរណ៍ពិសិដ្ឋ ២០២៥-២០៣៥” ដើម្បីទាក់ទាញអ្នកវិនិយោគ និងដាក់ឱ្យប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ពិភពលោកឈានមុខគេ។31
វិនិយោគិនក្នុងស្រុកដើរតួយ៉ាងសំខាន់ក្នុងការវិនិយោគឡើងវិញក្នុងវិស័យអចលនទ្រព្យ។32 រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការយុទ្ធសាស្ត្រដើម្បីគាំទ្រការស្ទុះងើបឡើងវិញនៃទីផ្សារលំនៅដ្ឋាន រួមទាំងការលើកលែងពន្ធលើការចុះបញ្ជីសម្រាប់អ្នកទិញផ្ទះលើកដំបូងដែលទិញផ្ទះតម្លៃក្រោម ៧០.០០០ ដុល្លារអាមេរិក។ គោលនយោបាយនេះមានគោលបំណងជំរុញការវិនិយោគក្នុងស្រុកកាន់តែច្រើនតាមរយៈការជំរុញតម្រូវការនៅក្នុងផ្នែកដែលមានប្រាក់ចំណូលទាបដល់ពាក់កណ្តាល ដោយលើកទឹកចិត្តប្រជាជនកម្ពុជាកាន់តែច្រើនក្នុងការវិនិយោគអចលនទ្រព្យដំបូងរបស់ពួកគេ។33 នៅឆ្នាំ២០២៤ កម្ពុជាទទួលបានការវិនិយោគជិត ៧ ពាន់លានដុល្លារអាមេរិក ពីអ្នកវិនិយោគក្នុងស្រុក និងបរទេសលើគម្រោងវិនិយោគចំនួន ៤១៤ ដោយអ្នកវិនិយោគក្នុងស្រុកបានវិនិយោគជាបន្តបន្ទាប់លើវិស័យអចលនទ្រព្យ និងអភិវឌ្ឍវិស័យលំនៅដ្ឋានរបស់ពួកខ្លួន។34
ទាក់ទងនឹងវិនិយោគិនក្នុងស្រុក
ឯកសារយោង
- 1. អង្គការ OECD, “ការត្រួតពិនិត្យគោលនយោបាយវិនិយោគរបស់អង្គការ OECD៖ កម្ពុជា ឆ្នាំ២០១៨,” ២០១៨, បានចូលអាននៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥។
- 2. Fibre2Fashion, “កម្ពុជាអនុម័តការវិនិយោគ ៣១ គម្រោងពង្រីកផលិតកម្មក្នុងខែតុលា,” ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤, បានចូលអាននៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។
- 3. ម៉ៃ គុណមករា, “ធនាគារ SME ពង្រីកការគាំទ្រជាមួយ ១០០លានដុល្លារអាមេរិកសម្រាប់កំណើនសហគ្រាសក្នុងស្រុក,” ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, បានចូលអាននៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥។
- 4. ការិយាល័យមេធាវី សុក ស៊ីផាន់ណា និងសហការី, “កម្ពុជាអនុម័តច្បាប់ថ្មីស្តីពីការវិនិយោគ,” ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥។
- 5. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, “ច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា,” ថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៩៤, បានចូលអាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
- 6. សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍, “ការណែនាំអំពីការវិនិយោគនៅកម្ពុជា៖ ឱកាស និងលក្ខខណ្ឌ,” ខែកញ្ញា ឆ្នាំ២០០៣, បានចូលអាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
- 7. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), “អនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា លេខ ១១១ ANK/BNK ចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០០៥,” បានចូលអាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
- 8. ដូចឯកសារយោងខាងដើម។
- 9. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), “ច្បាប់ស្តីពីការវិនិយោគ,” បានចូលអាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
- 10. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), “ច្បាប់ស្តីពីការវិនិយោគ,” បានចូលអាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
- 11. សុក ស៊ីផាន់ណា និង ស៊ីន សុរម្យនា, “កម្ពុជាអនុម័តច្បាប់វិនិយោគថ្មី,” ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។
- 12. ក្រុមហ៊ុនសិក្សាផ្នែកច្បាប់ DFDL, “បច្ចុប្បន្នភាពពន្ធកម្ពុជា៖ ការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យមត្រូវបានប្រកាស,” ឆ្នាំ២០១៨, បានចូលអាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
- 13. ក្រុមហ៊ុន KPMG Cambodia Ltd, “សេចក្តីណែនាំស្តីពីការអនុវត្តការលើកទឹកចិត្តផ្នែកពន្ធសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs),” ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។
- 14. រាជរដ្ឋាភិបាលកម្ពុជា, “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥ - ២០២៥,” ឆ្នាំ២០១៥, បានចូលអាននៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥។
- 15. ដូចឯកសារយោងខាងដើម។
- 16. ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, “អំពីយើងខ្ញុំ,” បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 17. B២B, “គម្រោងសហហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម ជំហានទី១,” ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 18. ភ្នំពេញប៉ុស្តិ៍, “ធនាគារ SME ពង្រីកការគាំទ្រជាមួយ $១០០ លានដុល្លារសម្រាប់កំណើនសហគ្រាសក្នុងស្រុក,” ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 19. សាជីវកម្មធានាឥណទានកម្ពុជា, “អំពីយើងខ្ញុំ,” បានចូលអាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 20. សាជីវកម្មធានាឥណទានកម្ពុជា, “គ្រោងការណ៍ការធានាសហហិរញ្ញប្បទាន (CFGS),” ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 21. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, “អនុក្រឹត្យលេខ ១៤៨ ស្តីពីការបង្កើត និងការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស,” ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 22. EMERHUB, “ការណែនាំអំពីតំបន់សេដ្ឋកិច្ចពិសេស (SEZs) នៅកម្ពុជា,” ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 23. B២B, “តួនាទីតំបន់សេដ្ឋកិច្ចពិសេសកម្ពុជាក្នុងការនាំចេញនិងការវិនិយោគឆ្នាំ២០២៥,” ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 24. ដូចឯកសារយោងខាងដើម។
- 25. សង្ខេបអាស៊ាន, “ទស្សនវិស័យសេដ្ឋកិច្ចឆ្នាំ ២០២៥ និងឱកាសវិនិយោគរបស់កម្ពុជាសម្រាប់វិនិយោគិនបរទេស” ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥, បានចូលអាន ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 26. ដូចឯកសារយោងខាងដើម។
- 27. ខ្មែរថាមស៍, “ព្រះរាជាណាចក្រកម្ពុជាមើលឃើញកំណើន ១០ ភាគរយនៅក្នុងវិស័យផលិតកម្ម,” ថ្ងៃទី២៥ ខែកុម្ភះ ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
- 28. ដូចឯកសារយោងខាងដើម។
- 29. គីរីផូស, “វិស័យទេសចរណ៍បន្ថែម ៣.៦ ពាន់លានដុល្លារដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៤” ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
- 30. Xinhua, “ទេសចរណ៍កម្ពុជារកចំណូលបាន ៣,៦៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤,” ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
- 31. Cambodia Investment Review, “កម្ពុជាដាក់ចេញនូវគោលនយោបាយ “ទេសចរណ៍ពិសិដ្ឋ ២០២៥-២០៣៥” ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងការវិនិយោគគុណភាពខ្ពស់,” ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
- 32. Camness, “កំណើនតិចតួចបំផុតសម្រាប់អចលនទ្រព្យ,” ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
- 33. PropertyGuru, “ពីគោលនយោបាយមួយទៅអចលនទ្រព្យ៖ របៀបដែលទីផ្សារអចលនទ្រព្យរបស់កម្ពុជាកំពុងដំណើរការកាន់តែប្រសើរឡើង,” ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។
- 34. Harbor Property, “វិស័យអចលនទ្រព្យកម្ពុជាប្រឈមនឹងកំណើនយឺត បើទោះបីមានការរីកចម្រើននៅឆ្នាំ២០២៥,” ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥, បានចូលអាននៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥។