សង្គមស៊ីវិល តំណាងឱ្យចំនាប់អារម្មណ៍នានាដែលផុសចេញពីពលរដ្ឋ ដែលជាផ្នែកមួយនៃសង្គម មិនមានពាក់ព័ន្ធនឹងរដ្ឋាភិបាល ឬពាណិជ្ជកម្ម។ អង្គការសង្គមស៊ីវិលនានានៅក្នុងប្រទេសកម្ពុជា រួមមាន អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នពុទ្ធសាសនា សហភាពពាណិជ្ជកម្ម និងសមាគមផ្សព្វផ្សាយនានា។
អង្គការប្រភេទនេះមានច្រើនណាស់។ នៅក្នុងខែមិថុនា ឆ្នាំ២០១៦ លោក ណី សំអុល តំណាងអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិនៅក្នុងទីក្រុងសឺណេវ ត្រូវបានរាយការណ៍ថា លោកមានប្រសាសថាអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងប្រទេសកម្ពុជាមានចំនួន ៤.៦៣៧។1
នៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ អង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីចំនួន ១៨ ទៀត បានចងសម្ព័ន្ធរបស់ពួកគេ ដើម្បីលើកកម្ពស់ និងលើកទឹកចិត្តដល់ការគោរព និងការអនុវត្តសិទ្ធិមនុស្ស និងមូលដ្ឋានគ្រឹះនៃសេរីភាពនៅក្នុងប្រទេសកម្ពុជា ដោយបានផ្សារភ្ជាប់ខ្លួនទៅនឹងបរិធានអន្តរជាតិ ជាពិសេស ដើម្បីជៀសវាងការកើតឡើងជាថ្មីម្តងទៀតនៃការរំលោភបំពានសិទ្ធិមនុស្ស។2
ចាប់តាំងពីពេលនោះមក សិទ្ធិសេរីសំខាន់ៗជាច្រើនត្រូវបានដាក់ចូលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅក្នុងច្បាប់ផ្សេងៗជាច្រើនទៀត។
អង្គការមិនមែនរដ្ឋាភិបាលទាំងក្នុងស្រុក និងអន្តរជាតិ បានដើរតួយ៉ាងសំខាន់នៅក្នុងការរៀបចំ និងការអភិវឌ្ឍឡើងវិញនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីការលេចរូបរាងជាថ្មីរបស់ពួកគេនៅឆ្នាំ ១៩៨៩ ក្នុងប្រទេសនេះ។ នៅលើលិខិតស្នាមនានា មានយន្តការជាច្រើនដែលអង្គការមិនមែនរដ្ឋាភិបាលនានាអាចបញ្ចេញសម្លេងរបស់ពួកគេនៅក្នុងបញ្ហានានានៃការអភិវឌ្ឍ។ យ៉ាងណាមិញ វាមានទស្សនៈទូលំទូលាយមួយ ដែលជាក់ស្តែងនៃការដាក់បញ្ជូលក្រុមអ្នកតំណាងឱ្យសង្គមស៊ីវិលនៅក្នុងគោលនយោបាយ និងទិសដៅរបស់រដ្ឋាភិបាលពិតជានៅមានកម្រិតនៅឡើយ។3
ច្បាប់មួយចំនួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានដាក់ចេញនៅការរឹតបន្តឹងថ្មីលើសហគមន៍អង្គការ។ ក្រុមសកម្មជនមួយចំនួនត្រូវបានគេសម្លាប់ដោយគ្មានការផ្តន្ទាទោសពីបទឧក្រិដ្ឋនោះទេ និងមួយចំនួនទៀតត្រូវបានដាក់ពន្ធនាគារ ឬគម្រាមកំហែងចាប់ដាក់ពន្ធនាគារ។
ការទទួលស្គាល់សិទ្ធិស៊ីវិលដោយរដ្ឋធម្មនុញ្ញ និងស្របច្បាប់
សិទ្ធិ និងសេរីភាពជាមូលដ្ឋានជាច្រើនរបស់ពលរដ្ឋខ្មែរ និងសង្គមស៊ីវិល ត្រូវបានដាក់ចេញនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា4៖
- មាត្រា ៣៥៖ ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមយ៉ាងសកម្មនៅក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
- មាត្រា ៣៧៖ អនុញ្ញាតឱ្យមានបាតុកម្មដោយសន្តិវិធីនៅក្នុងក្របខ័ណ្ឌនៃច្បាប់។
- មាត្រា ៤១៖ និយាយពីសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ សេរីភាពក្នុងការជួបប្រជុំគ្នា។
- មាត្រា ៤២៖ ផ្តល់សិទ្ធិដល់ប្រជាពលរដ្ឋក្នុងការបង្កើតសមាគម និងគណបក្សនយោបាយ។ ប្រជាពលរដ្ឋខ្មែរទាំងឡាយ អាចចូលរួមក្នុងអង្គការមហាជន ជួយគ្នាទៅវិញទៅមកការពារសមិទ្ធផលជាតិ និងសណ្តាប់ធ្នាប់សង្គម។
ប្រព័ន្ធច្បាប់ និងច្បាប់បុគ្គលជាច្រើនទាក់ទងនឹងក្រុមសង្គមស៊ីវិល។ ក្រមរដ្ឋប្បវេណី ត្រូវបានអនុម័តនៅក្នុងឆ្នាំ ២០០៧ ទទួលស្គាល់អង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជី ជាស្ថាប័នស្របច្បាប់ និងធ្វើឱ្យអង្គការទាំងនោះឆ្ពោះទៅរកសកម្មភាពប្រតិបត្តិការណ៍របស់ខ្លួន។
យោងតាមច្បាប់ស្តីពី សារពើពន្ធ ឆ្នាំ ១៩៩៧ (មាត្រា ៩) អង្គការមិនមែនរដ្ឋាភិបាលត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល ប្រសិនបើអង្គការរបស់ពួកគេត្រូវបានដំណើរការសម្រាប់គោលដៅខាងសាសនា សប្បុរសធម៌ វិទ្យាសាស្ត្រ អក្សរសាស្ត្រ ឬអប់រំ។
នៅក្នុងលក្ខខណ្ឌជាក់លាក់មួយចំនួននៃសិទ្ធិ និងសេរីភាព ត្រូវបានគ្របដណ្តប់ដោយច្បាប់ដាច់ដោយឡែកពីគ្នា។ ជាបញ្ញត្តិទូទៅមួយ សិទ្ធិសេរីភាពនៃការប្រមូលផ្តុំគ្នា គឺត្រូវបានស្ថិតនៅក្រោមច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលត្រូវបានប្រកាសឱ្យប្រើនៅចុងឆ្នាំ ២០០៩។
ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ច្បាប់មួយនៃច្បាប់សំខាន់ៗដែលគ្រប់គ្រងលើវិស័យសង្គមស៊ីវិល គឺច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល (LANGO) ដែលបានចូលជាធរមាននៅក្នុងឆ្នាំ ២០១៥។5 ច្បាប់នេះត្រូវបានស្ថិតក្រោមទំនួលខុសត្រូវនៃក្រសួងមហាផ្ទៃ។ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវតែចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកណាដែលមិនបានចុះបញ្ជី មិនត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាឡើយ។
សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលមានបំណងធ្វើសកម្មភាពក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចុះបញ្ជីនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោមទម្រង់ជាការចុះអនុស្សរណៈយោគយល់។
ប្រសិនបើ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ដែលមានបំណងអនុវត្តគម្រោងរយៈពេលខ្លី ត្រូវសុំការអនុញ្ញាតពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដោយផ្ទាល់ ឬតាមរយៈដៃគូក្នុងស្រុក។
សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានា ត្រូវប្រកាន់ជំហអព្យាក្រឹត្យចំពោះគ្រប់គណបក្សនយោបាយនៅព្រះរាជាណាចក្រកម្ពុជា។ ពួកគេអាចនឹងត្រូវសម្រេចលុបចេញពីបញ្ជី ប្រសិនបើពួកគេ “ធ្វើសកម្មភាពប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កនូវភាពអន្តរាយដល់សន្តិសុខជាតិ ឯកភាពជាតិ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អរបស់សង្គមជាតិកម្ពុជា …”6
ការរិតបន្តឹងលើសកម្មភាពនយោបាយ ក៏ត្រូវបានរកឃើញនៅក្នុងច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានដាក់ចេញនៅក្នុងខែមិនា ឆ្នាំ ២០១៥។ ច្បាប់នេះ ហាមប្រាមដល់អង្គការសង្គមស៊ីវិលនានាពីការពាក់ព័ន្ធក្នុងដំណើរការនៃការបោះឆ្នោត រួមទាំងមុន និងក្រោយយុទ្ធនាការឃោសនាបោះឆ្នោត។
កាលពីខែតុលា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំថ្មីមួយ ស្តីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលសេចក្តីណែនាំនេះបានបញ្ជាក់ថា ទាំងសមាគម និង អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបើកសាខាប្រតិបត្តិការ ឬ អនុវត្តសកម្មភាពរបស់ខ្លួននៅរាជធានីខេត្តនោះ អាចជូនដំណឹងដោយផ្ទាល់ទៅរដ្ឋបាលរាជធានីខេត្តក្នុងរយៈពេល ៣ ថ្ងៃមុនចាប់ផ្តើម អនុវត្តសកម្មភាពរបស់ខ្លួន។7 ក្រៅពីនោះ ក្រសួងក៏បានណែនាំឱ្យរដ្ឋបាលរាជធានីខេត្ត និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់ចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកទាំងឡាយណាដែលធ្វើសកម្មភាពដោយពុំបានចុះបញ្ជីនៅក្រសួងមហាផ្ទៃស្របតាមច្បាប់កំណត់និងចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលត្រូវបានក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះចេញពីបញ្ជី ឬផ្អាកសកម្មភាពហើយនៅតែបន្តធ្វើសកម្មភាពទៀត។8
ច្បាប់ស្តីពីសហជីព
នៅក្នុងខែមេសា ឆ្នាំ២០១៦ ច្បាប់មួយស្តីពីសហជីព ត្រូវបានអនុម័ត ដែលបានដាក់ចេញនូវការផ្តល់សិទ្ធិ និងសេរីភាពដល់ជនទាំងឡាយណាក្នុងការបង្កើត និងការចូលរួមនៅក្នុងសហជីព។ ច្បាប់នេះក៏បានផ្តល់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនូវការគ្រប់គ្រងមួយចំនួនលើសហជីព រួមមានសិទ្ធិក្នុងការត្រួតពិនិត្យហិរញ្ញវត្ថុសហជីព និង ពិនិត្យយ៉ាងហ្មត់ចត់លើជំនួយគាំទ្រពីអន្តរជាតិ។ ច្បាប់នេះ ត្រូវបានរិះគន់ដោយក្រុមសហជីព ប៉ុន្តែយ៉ាងណាមិញវាត្រូវបានគាំទ្រដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ សមាគម GMAC បាននិយាយថា នៅក្នុងឆ្នាំ ២០១៥ មានរោងចក្រនាំចេញសំលៀកបំពាក់ និងវាយនភ័ណ្ឌចំនួន ៥៥៧ និង រោងចក្រស្បែកជើង ចំនួន ៥៨ ប៉ុន្តែសហជីពមានចំនួនតែ ៣.១៦៦ ប៉ុណ្ណោះ។9
មាត្រាទី ១៣ នៃច្បាប់នេះ និយាយថា សហជីពមួយត្រូវកំណត់ចំនួនកូរ៉ុមប្រជុំចំនួនភាគច្រើនដាច់ខាត ពីចំនួនយ៉ាងតិច ៥០ ភាគរយបូក១ នៃសមាជិកសហជីពសរុបសម្រាប់រាល់កិច្ចប្រជុំសម្រេចធ្វើកូដកម្ម។ សហជីពមួយចំនួនអាចនឹងមានការលំបាកក្នុងការអនុវត្តន៍ដើម្បីសម្រេចបាននៅលក្ខខណ្ឌនេះ។
នៅក្នុងមាត្រា ១៥ ក្រសួងការងារមានចំណាត់ការទៅលើការចេញសេចក្តីណែនាំ (ប្រកាស) ដែលអនុញ្ញាតអោយក្រសួងធ្វើសេចក្តីសម្រេចថាតើគួរ ឬមិនគួរដើម្បីការអនុញ្ញាតដល់សហជីពមួយអាចដាក់ពាក្យសុំចុះបញ្ជី។10
កំណើន និងការអភិវឌ្ឍ
កំណើន និងការអភិវឌ្ឍនៃសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា បានទទួលការគាំទ្រពីប្រភពធនធានជាច្រើន ជាពិសេសពីម្ចាស់ជំនួយអន្តរជាតិ។
ឧទាហរណ៍ នៅក្នុងខែមករា ឆ្នាំ២០១៦ សហភាពអឺរ៉ុប បានផ្តល់ថវិកាជាង ៨,២ លានអឺរ៉ូ សម្រាប់ជំនួយឥតសំណងថ្មីចំនួន ១១ ដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ដើម្បីពង្រឹងអង្គការសង្គមស៊ីវិល និងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស (នយោបាយ ជនស៊ីវិល សេដ្ឋកិច្ច សង្គម និង សិទ្ធិវប្បធម៌) ដែលបានកំណត់ ក្នុងគណនេយ្យភាព អភិបាលកិច្ចល្អ និងប្រជាធិបតេយ្យនីយកម្ម។11
នៅក្នុងខែកក្កដា ឆ្នាំ ២០១៦ ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបើកប្រកាសផ្តល់ជំនួយ ៩ លានដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលកម្ពុជា រយៈពេល ៥ ឆ្នាំ។ ការងារនៃគម្រោងនេះ នឹងជួយដល់ការអភិវឌ្ឍនៃរចនាសម្ព័ន្ធគ្រប់គ្រងនានា ដូចជា នាយកក្រុមប្រឹក្សាភិបាល បណ្តាញទំនាក់ទំនង នីតិវិធីប្រតិបត្តិការស្ដង់ដារ និងផ្នែកគ្រប់គ្រងធនធានមនុស្ស។
ការគម្រាមកំហែងសុវត្ថិភាពរាងកាយ
សុវត្ថិភាពនៃសកម្មជនសង្គមស៊ីវិល ត្រូវបានគម្រាមកំហែងជាច្រើនដង ហើយសកម្មជនជាច្រើនត្រូវបានសម្លាប់នៅរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ នៅក្នុងខែកក្កដា ឆ្នាំ២០១៦ អ្នកវិភាគនយោបាយ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងរាជធានីភ្នំពេញ។ អង្គការមិនមែនរដ្ឋាភិបាលចំនួន ៧០ បានចេញសេចក្តីថ្លែងការណ៍ដើម្បីថ្កោលទោសការសម្លាប់នេះ និងដើម្បីស្នើឱ្យអ្នកវិភាគអាចបន្តការងាររបស់ពួកគេដោយ “គ្មានការប្រើអំពើហឹង្សា បំភិតបំភ័យ និងការភ័យខ្លាច”។12
សកម្មជនសិទ្ធិមនុស្សសង្គមស៊ីវិលជាច្រើន ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារលើបទចោទប្រកាន់ផ្សេងៗនៅក្នុងឆ្នាំ ២០១៥ និង ២០១៦។ អ្នកតំណាងក្រុមសង្គមស៊ីវិលប្រាំពីរនាក់ ត្រូវបាននាំខ្លួនទៅស៊ើបសួរនៅការិយាល័យនៃអង្គភាពប្រឆាំងអំពើពុករលួយ។
នៅក្នុងខែឧសភា ឆ្នាំ២០១៦ អ្នករាយការណ៍អង្គការសហប្រជាជាតិ ៤ នាក់ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ឈប់គោលដៅលើសង្គមស៊ីវិល៖ “ការកើនឡើងនៃបទចោទប្រកាន់ព្រហ្មទណ្ឌ ការស៊ើបសួរ នីតិវិធីតុលាការ និងសេចក្តីថ្លែងការណ៍សាធារណៈប្រឆាំងទៅកាន់ពួកគេត្រូវតែបញ្ឈប់។13 យើងចម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាធានាដល់សុវត្ថិភាព និងបង្កបរិយាកាសដល់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល ដែលដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាល និងនាំមកនូវគុណប្រយោជន៍សិទ្ធិមនុស្សដល់សង្គមកម្ពុជាទាំងមូល។14
ព្រះពុទ្ធសាសនា និងសង្គមស៊ីវិល
ស្ថិតក្រោមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនា គឺជាសាសនារបស់រដ្ឋ។ ព្រះភិក្ខុសង្ឃ ដើរតួយ៉ាងសំខាន់នៅក្នុងពិធីបុណ្យប្រពៃណី និងសាសនាដូចជា អាពាហ៍ពិពាហ៍ និងបុណ្យសព ហើយបន្តជំនឿវប្បធម៌នានា។ នៅក្នុងសង្គមស៊ិវិល អង្គភាពពុទ្ធសាសនិក បានដើរតួនាទីក្នុងការអភិវឌ្ឍអត្តសញ្ញាណជាតិខ្មែរ នៅក្នុងសតវត្សរ៍ទី ២០ នេះ រួមទាំងចលនាដើម្បីឯករាជ្យភាពរបស់ប្រទេសកម្ពុជា។ នៅក្នុងសតវត្សរ៍ទី ២១ នេះ ព្រះសង្ឃមួយចំនួន (លោកនេន) បានចូលរួមនៅក្នុងការតវ៉ានានា ខណៈបព្វជិតជាន់ខ្ពស់ជាច្រើន ទំនងហាក់ដូចជា ស្មោះស្ម័គ្រនឹងរដ្ឋាភិបាល។
បានធ្វើបច្ចុប្បន្នភាព៖ ៣១ តុលា ២០១៧
ឯកសារយោង
- 1. Ben Paviour, “សង្គមស៊ីវិលរិះគន់ការឆ្លើយតបរបស់ឯកអគ្គរដ្ឋទូតចំពោះមន្ត្រីអង្គការសហប្រជាជាតិ”, កាសែតខេមបូឌា ដេលី, ចុះថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦។ http://bit.ly/2lcjlQB
- 2. ចក់ សុភាព. “ក្រោកឈរជាមួយសង្គមស៊ីវិលនៅកម្ពុជា”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦. http://www.phnompenhpost.com/analysis-and-op-ed/standing-civil-society-cambodia
- 3. មជ្ឈមណ្ឌលអន្តរជាតិច្បាប់មិនសម្រាប់ប្រាក់ចំណេញ, ចេញផ្សាយថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦។ ចូលអានថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ http://www.icnl.org/research/monitor/cambodia.html
- 4. “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” ចូលអានថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។ https://data.opendevelopmentmekong.net/km/laws_record/the-constitution-of-united-kingdom-of-cambodia
- 5. “ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល,” ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស, ចូលអានថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦, http://cambodia.ohchr.org/~cambodiaohchr/sites/default/files/Unofficial_Translation_of_5th_LANGO_ENG.pdf
- 6. ដូចឯកសារយោងខាងដើម, មាត្រាទី ៣០។
- 7. ម៉ិច ដារ៉ា, “ក្រសួងចេញសេចក្តីណែនាំមួយ មានលក្ខណៈរឹតត្បិតការជួបជុំរបស់អង្គការក្នុងស្រុក,” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧។ ចូលអានថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០១៧។ http://www.phnompenhpost.com/national/ministry-ups-scrutiny-ngos
- 8. អង្គការទិន្នន័យអំពីការអភិវឌ្ឍ, “ក្រសួងមហាផ្ទៃ ណែនាំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ស្តីពីការធ្វើសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក,” ចេញថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៧។ https://opendevelopmentcambodia.net/km/announcements/interior-ministry-instructs-provincial-officials-to-urgently-report-any-instances-in-which-activities-carried-out-by-any-ngos-or-grassroots-associations-without-prior-notification/
- 9. ឌី ខាំបូលី, “ក្រុមសហជីព និងក្រុមនិយោជកខ្វែងគំនិតគ្នាយ៉ាងខ្លាំងជុំវិញច្បាប់ស្តីពីសហជីពនៅកម្ពុជា”, សារព័ត៌មានវីអូអេខ្មែរ, ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៦។ http://bit.ly/2kDC1K5
- 10. ដូចឯកសារយោងខាងដើម។
- 11. សហភាពអឺរ៉ុប”សហភាពអឺរ៉ុបគាំទ្រអង្គការសង្គមស៊ីវិលជាមួយនឹងថវិកា ៨,២ លានអឺរ៉ូ ដើម្បីបំពេញគម្លាតអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា (១៨/០១/២០១៦),” គេហទំព័រ Reliefweb (២០១៦). ចូលអានថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦។ http://reliefweb.int/report/cambodia/eu-supports-civil-society-organisation-82-million-euros-fill-development-gap
- 12. Jack Davies និង មាស សុជា, “នៅមិនទាន់ចោទជនបាញ់សម្លាប់លោក កែម ឡី ខណៈមានការបារម្ភចំពោះការបោះឆ្នោតដោយសេរី”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។ http://bit.ly/2m3q1i5
- 13. ប៊ុន សេងគង់, “USAID បើកកម្មវិធីកញ្ចប់ថវិកាថ្មី ៩ លានដុល្លារដើម្បីគាំទ្រដល់សង្គមស៊ីវិល”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦។ http://www.phnompenhpost.com/national/usaid-launches-new-9m-program-benefit-civil-society
- 14. អង្គការសហប្រជាជាតិ,ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស, ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦, ចូលអានថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៦។ http://www.ohchr.org/EN/NewsEvents/Pages/DisplayNews.aspx?NewsID=19954&LangID=E