ប្រទេសកម្ពុជា បានប្រើប្រាស់ប្រេងជាប្រភពសំខាន់នៃថាមពលសម្រាប់ការដឹកជញ្ជូន ជាយូរណាស់មកហើយ។ ប្រេងឥន្ធនៈដែលប្រើសម្រាប់ការដឹកជញ្ជូន មានដូចជា ប្រេងសាំង ម៉ាស៊ូត និងប្រេងខ្មៅ ជាដើម។ នាពេលបច្ចុប្បន្ន ប្រទេសកម្ពុជា មានក្រុមហ៊ុនចែកចាយប្រេងធំៗចំនួន៨ ដូចជា ក្រុមហ៊ុនកាល់តិច, ក្រុមហ៊ុនសូគីម៉ិច គ្រុបខូអិលធីឌី, ក្រុមហ៊ុនកម្ពុជាតេលា, ក្រុមហ៊ុន ភីធីធី (ខេមបូឌា) លីមីតធីត, ក្រុមហ៊ុនតូតាល់កម្ពុជា, ក្រុមហ៊ុន ប្រាយវ៉ិចតូរីមេគង្គ, ក្រុមហ៊ុនសាវីម៉ិច, និង ក្រុមហ៊ុន LHR។
ប្រេងសាំង និងម៉ាស៊ូតនៅកម្ពុជា មានតម្លៃខ្ពស់ជាងប្រទេសជិតខាង។ យោងតាមធនាគារពិភពលោក ពីឆ្នាំ ២០១០ ដល់ ២០១៤ តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅកម្ពុជា គឺ ១.២៤ ដុល្លារក្នុងមួយលីត្រ រីឯតម្លៃមធ្យមនៅក្នុងប្រទេសថៃ ០.៩០ ដុល្លារប្រទេសវៀតណាម ០.៩១ ដុល្លារ និងប្រទេសឡាវ ១.០៨ ដុល្លារ តែប៉ុណ្ណោះ។1
នៅដើមឆ្នាំ២០១៥ កាសែតភ្នំពេញប៉ុស្តិ៍ បានចេញផ្សាយថា រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាលើច្បាប់ក្នុងការគ្រប់គ្រងលើតម្លៃប្រេងរបស់អ្នកប្រើប្រាស់ ជាកិច្ចប្រឹងប្រែងក្នុងការគ្រប់គ្រងការប្រែប្រួលទីផ្សារ។2
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានកំណត់គោលការណ៍ក្នុងការជួបប្រជុំជាមួយនឹងក្រុមហ៊ុនចែកចាយប្រេង រៀងរាល់១០ថ្ងៃម្តង ដើម្បីពិនិត្យមើលឡើងវិញនូវតម្លៃប្រេងបច្ចុប្បន្ន ហើយធានាថាតម្លៃប្រេងជាសកល ឆ្លុះបញ្ជាំងនឹងតម្លៃប្រេងនៅកម្ពុជា។ បន្ថែមទៀតនោះ ការជួបប្រជុំនេះ ក៏ពិភាក្សាពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនផងដែរ។
បន្ទាប់ពីមានការជម្រុញឱ្យក្រុមហ៊ុនចែកចាយប្រេងធ្វើការបញ្ចុះតម្លៃ នៅដើមឆ្នាំ ២០១៥ តម្លៃសាំងបានចុះថោកបំផុត ៣,៣០០ រៀល (០.៨១ ដុល្លារ) ក្នុងមួយលីត្រ ហើយតម្លៃសាំងដែលថ្លៃបំផុតគឺ ៤,០៥០ រៀល (១ ដុល្លារ) ក្នុងមួយលីត្រ។ រីឯ តម្លៃប្រេងម៉ាស៊ូតដែលមានតម្លៃថោកបំផុតគឺ ២,៨០០ រៀល (០.៦៩ ដុល្លារ) ក្នុងមួយលីត្រ និងមានតម្លៃថ្លៃបំផុត ៣,៩០០ រៀល (០.៩៦ ដុល្លារ) ក្នុងមួយលីត្រ។
ប្រេងបម្រុងនៅកម្ពុជា
ប្រេងកាតនៅក្នុងប្លុក A របស់កម្ពុជា ត្រូវបានរំពឹងទុកថានឹងផ្តល់ បរិមាណប្រេងប្រមាណ១០,០០០ បារ៉ែលក្នុងមួយថ្ងៃ។3
ក្រសួងរ៉ែ និងថាមពល កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ក្នុងការអភិវឌ្ឍក្រុមហ៊ុនប្រេងដែលគ្រប់គ្រងដោយរដ្ឋ យោងតាមសេចក្តីរាយការណ៍ របស់កាសែតខេមបូឌាដេលី។ ប្រសិនបើ ក្រុមហ៊ុនរដ្ឋនេះ ត្រូវបានបង្កើតឡើង តួនាទីរបស់ក្រុមហ៊ុននេះ នឹងវិនិយោគលុយនៅក្នុងវិស័យឧស្សាហកម្មប្រេង និងឧស្ម័ន។4
គួរឱ្យកត់សម្គាល់ផងដែរថា ច្បាប់ស្តីពីការគ្រប់គ្រងប្រេង កំពុងធ្វើពង្រាង។ ប្រសិនបើរដ្ឋាភិបាលសម្រេចបង្កើតក្រុមហ៊ុនប្រេងផ្ទាល់ខ្លួន ដូច្នេះតួនាទី និងភារកិច្ចរបស់ខ្លួន ត្រូវតែចែងបញ្ជាក់នៅក្នុងច្បាប់ប្រេងកាតថ្មី។5
ថាមពលដើរដោយព្រះអាទិត្យ
ក្រុមហ៊ុនថាមពលរបស់ប្រទេសអូស្ត្រាលី Star 8 កំពុងផលិតមធ្យោបាយដឹកជញ្ជូនដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន រ៉ឺម៉កកង់បី និងឡានក្រុង ដើរដោយថាមពលព្រះអាទិត្យ។6 ក្រុមហ៊ុននេះ បានចាប់ផ្តើមប្រតិបត្តិការរោងចក្រសូឡាដំបូងនៅរាជធានីភ្នំពេញ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៤ ហើយគ្រោងនឹងធ្វើការសាងសង់រោងចក្រសូឡាទីពីរ នៅឯកំពង់ផែស៊ូជីង ក្នុងខេត្តសៀមរាប។7
កាលពីឆ្នាំ២០១៤ ការវិនិយោគរួមគ្នារវាងក្រុមហ៊ុនស៊ូជីង និង Star8 បានប្រកាសថា នឹងគ្រោងធ្វើដាក់ដំណើរការរថយន្តក្រុងសូឡាចំនួន ៥០ គ្រឿង នៅខេត្តសៀមរាប។ រថយន្តក្រុងទាំងនោះ ត្រូវបានបំពាក់ជាមួយនឹងបន្ទះស្រូបពន្លឺព្រះអាទិត្យនៅលើដំបូល ដើម្បីសាកអាគុយ ដូច្នេះរថយន្តទាំងនោះ មិនចាំបាច់ចាក់សាំងទេ។ អាគុយដែលសាកពេញ អាចដំណើរការបានរយៈពេល ៦ទៅ៨ម៉ោង និងអាចរត់បាន ៩០ គីឡូម៉ែត្រ។ យោងតាម កាសែតភ្នំពេញប៉ុស្តិ៍ បានរាយការណ៍ថា រថយន្តក្រុងថ្មីនេះ មានតម្លៃ ២៣,០០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង។8
រ៉ឺម៉កកង់បីសូឡា របស់ក្រុមហ៊ុន Star 8 មានតម្លៃចន្លោះពី ២,០០០ ទៅ ៤,០០០ ដុល្លារអាមេរិក ក្នុងមួយគ្រឿង។9 កាលពីចុងឆ្នាំ២០១៤នេះ អង្គការ Aziza បានចាប់ផ្តើមប្រើរ៉ឺម៉កកង់បី ដើរដោយថាមពលព្រះអាទិត្យនេះ ជារទេះសម្រាប់លក់កាហ្វេ។10
បានធ្វើបច្ចុប្បន្នភាព៖ ៣០ កញ្ញា ២០១៥
ទាក់ទងនឹងថាមពលសម្រាប់ការដឹកជញ្ជូន
ឯកសារយោង
- 1. “តម្លៃប្រេងម៉ាស៊ូត (គិតជាដុល្លារអាមេរិក ក្នុងមួយលីត្រ).” ធនាគារពិភពលោក. ដកស្រង់ ២៧ កក្កដា ២០១៥. http://data.worldbank.org/indicator/EP.PMP.DESL.CD.
- 2. Morton, Eddie. “រដ្ឋាភិបាលគ្រោងធ្វើបទប្បញ្ញត្តិគ្រប់គ្រងទៅលើតម្លៃប្រេងនៅកម្ពុជា.” កាសែតភ្នំពេញប៉ុស្តិ៍, ២២ មករា ២០១៥. ដកស្រង់ ២៥ កក្កដា ២០១៥. http://bit.ly/1BgCdhm.
- 3. កង សុធា និង គ្រិស ម៉ូល្លឺរ. “រដ្ឋាភិបាលពិចារណាបង្កើតក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ.” ខេមបូឌា ដេលី, ១២ មិនា ២០១៥. ដកស្រង់ ២៧ កក្កដា ២០១៥. http://www.cambodiadailykhmer.com/news/23359/.
- 4. ដូចលេខយោងខាងលើ
- 5. ដូចលេខយោងខាងលើ
- 6. “រថយន្តសូឡា.” Star 8. ដកស្រង់ ២៧ កក្កដា ២០១៥. http://www.star8.com.au/
- 7. De Carteret, Daniel. “រថយន្តសូឡានៅអង្គរ.” កាសែតភ្នំពេញប៉ុស្តិ៍, ៦ កញ្ញា ២០១៤. ដកស្រង់ ២៧ កក្កដា ២០១៥. https://www.phnompenhpost.com/post-weekend/solar-buses-temples-angkor
- 8. ដូចលេខយោងខាងលើ
- 9. Vorajee, Ismail. “Star8 សំលឹងមើលអនាគតថាមពលសូឡា.” កាសែតខ្មែរថាម, ២៩ មករា ២០១៥. ដកស្រង់ ២៧ កក្កដា ២០១៥. http://www.khmertimeskh.com/news/8436/star8-looks-to-a-solar-future/.
- 10. Wright, Louisa. “រ៉ឺម៉កកង់បីសូឡាដំបូង ជួយស្ត្រីពីចាកចេញពីទីលានចាក់សម្រាម.” កាសែតភ្នំពេញប៉ុស្តិ៍, ២០ ធ្នូ ២០១៤. ដកស្រង់ ២៧ កក្កដា ២០១៥. https://www.phnompenhpost.com/post-weekend/first-solar-tuk-tuk-helps-women-get-dumps