គោលនយោបាយ និងសិទ្ធិជនជាតិភាគតិច និងជនជាតិដើមភាគតិច

​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​ភាព​សម្បូរ​បែប​នៃ​វប្បធម៌​ រួម​ទាំង​ជនជាតិភាគតិច​ និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ នៅ​ពេល​ដែល​ប្រទេស​រីក​ចម្រើន​ ការ​ខិតខំ​ប្រឹងប្រែង​បាន​ធ្វើ​ឡើង​ដើម្បី​ទទួលស្គាល់​ និង​ការពារ​សិទ្ធិ​របស់​ក្រុម​ទាំងនេះ​ តាម​រយៈ​គោលនយោបាយ​ និង​គំនិត​ផ្តួចផ្តើម​នានា​ក្នុង​ការ​លើកកម្ពស់​បរិ​យា​បន្ន​ ការ​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ និង​ការ​ដោះស្រាយ​បញ្ហា​ដូច​ជា​សិទ្ធិ​ដីធ្លី​ជាដើម​។​

“​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ គឺជា​ក្រុម​មនុស្ស​ដែល​រស់នៅ​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សមាជិក​ទាំងអស់​បង្ហាញ​នូវ​ការ​ឯកភាព​នៃ​ជាតិពន្ធុ​ សង្គម​វប្បធម៌​ និង​សេដ្ឋកិច្ច​ ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី​ និង​ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​ទៅ​តាម​ក្បួនខ្នាត​ទំនៀមទំលាប់​នៃ​ការ​ប្រើប្រាស់​ជា​សមូហភាព​”​ ផ្នែក​ទី​២​ អំពី​អចលវត្ថុ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ មាត្រា​ ២៣​ នៃ​ច្បាប់​ភូមិបាល​ឆ្នាំ​២០០១​។​1

 

គោលនយោបាយ​ និង​បញ្ញត្តិពាក់ព័ន្ធនឹងជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​នៅកម្ពុជា។ ផលិតដោយអង្គការអូឌីស៊ី ឆ្នាំ២០២៤។ ក្រោមអាជ្ញាប័ណ្ណ CC BY SA 4.0

រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ​១៩៩៣

រដ្ឋធម្មនុញ្ញ​បាន​ទទួលស្គាល់​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​របស់​ប្រទេស​កម្ពុជា​។​ មាត្រា​ ៣១​ បាន​លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់​ មាន​សិទ្ធិ​សេរីភាព​ និង​ករណី​កិច្ច​ដូច​គ្នា​ទាំងអស់​ ដោយ​ឥត​ប្រកាន់ពូជសាសន៍​ ពណ៌​សម្បុរ​ ភេទ​ ភាសា​ ជំនឿ​សាសនា​ និន្នាការ​នយោបាយ​ ដើម​កំណើត​ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ស្ថានភាព​ឯទៀត​ឡើយ​។​ រដ្ឋធម្មនុញ្ញ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​គោលនយោបាយ​ការពារ​ និង​លើកកម្ពស់​សិទ្ធិ​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​។​ រដ្ឋធម្មនុញ្ញ​កំណត់​គោលការណ៍​ជា​មូលដ្ឋាន​ការពារ​សិទ្ធិ​របស់​បុគ្គល​ រួម​បញ្ចូល​ការ​មិន​រើសអើង​ សេរីភាព​ក្នុង​ការ​បង្កើត​សមាគម​ សិទ្ធិ​ទទួល​បាន​កម្មសិទ្ធិ​អចលនទ្រព្យ​ ការ​អនុវត្ត​សេរីភាព​នៃ​ជំនឿ​ និង​ការ​ផ្តល់​ដំណោះស្រាយ​ផ្លូវច្បាប់​ក្នុង​ករណី​មានការ​រំលោភសិទ្ធិ​។​2

​ច្បាប់​ភូមិបាល​ ឆ្នាំ​២០០១

​ច្បាប់​ភូមិបាល​ និង​ច្បាប់​ពាក់ព័ន្ធ​មាន​បទ​ប្បញ្ញត្តិ​ដែល​ទាក់ទង​នឹង​ការ​កាន់កាប់​ និង​សិទ្ធិ​ដីធ្លី​ ដោយ​បង្ហាញ​លើ​ការ​ធានា​ដី​សម្រាប់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ ការ​ធានា​បាន​នូវ​សិទ្ធិ​ទទួល​បាន​ដោយ​សមធម៌​ និង​កម្មសិទ្ធិ​លើ​ដី​នៅ​តែ​ជា​ធាតុ​ផ្សំ​សំខាន់​នៃ​គោលនយោបាយ​ការពារ​ជីវភាព​រស់នៅ​របស់​សហគមន៍​ទាំងនេះ​។​ ច្បាប់​កំណត់​យ៉ាង​ជាក់លាក់​នូវ​ជនជាតិ​ដើម​ភាគតិច​ ការ​ការពារ​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​គ្រប់គ្រង​ដីធ្លី​របស់​ពួក​គេ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ និង​កំណត់​គោល​គំនិត​នៃ​ “​សិទ្ធិ​ដី​សមូហភាព​”​ ។​ យោង​តាម​មាត្រា​ ២៥​ ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គឺជា​ដី​ទាំងអស់​ដែល​សហគមន៍​បាន​រៀបចំ​និវេសនដ្ឋាន​ និង​ប្រកប​របរ​កសិកម្ម​ប្រពៃណី​ រួម​ទាំង​ការ​ដូរ​វេន​ដំណាំ​ដែល​បាន​ទទួលស្គាល់​ដោយ​អាជ្ញាធរ​រដ្ឋបាល​។​ មាត្រា​ ២៦​ ចែង​ថា​រដ្ឋ​ជា​អ្នក​ដែល​អាច​ផ្តល់​ជូន​កម្មសិទ្ធិ​សមូហភាព​ទៅ​សហគមន៍​ ប៉ុន្តែ​សហគមន៍​ គ្មាន​សិទ្ធិ​ចាត់ចែង​នូវ​ចំណែក​ណាមួយ​នៃ​កម្មសិទ្ធិ​ទៅ​ឱ្យ​បុគ្គល​ឬ​ក្រុម​ណាមួយ​បាន​ឡើយ​។​3

ដើម្បី​គាំទ្រ​ និង​លម្អិត​ដំណើរការ​នៃ​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ រដ្ឋាភិបាល​បាន​អនុម័ត​គោលនយោបាយ​មួយ​ស្តី​ពី​ការ​ចុះបញ្ជី​និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​ អនុក្រឹត្យ​លេខ​ ៨៣​ ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​។​4

ច្បាប់​ស្តី​ពី​ព្រៃឈើ​ ឆ្នាំ​២០០២

ច្បាប់​នេះ​ផ្តល់​នូវ​ក្របខ័ណ្ឌ​សម្រាប់​ការ​គ្រប់គ្រង​ព្រៃឈើ​ ការ​ប្រមូល​ផល​ ការ​ប្រើប្រាស់​ ការ​អភិវឌ្ឍ​ និង​ការ​អភិរក្ស​។​ គួរ​កត់​សម្គាល់ថា​ ច្បាប់​នេះ​រួម​បញ្ចូល​បទ​ប្បញ្ញត្តិ​ជាក់លាក់​ដែល​គ្រប់គ្រង​ការ​ប្រើប្រាស់​ព្រៃឈើ​ដោយ​ជនជាតិ​ដើម​ភាគតិច​ដែល​ត្រូវ​បាន​ចុះបញ្ជី​ក្រោម​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។​5

​សេចក្តី​ប្រកាស​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ឆ្នាំ២០០៧

​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចូលរួម​បោះ​ឆ្នោត​គាំទ្រ​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ក្នុង​ឆ្នាំ​២០០៧​។​ សេចក្តី​ប្រកាស​នេះ​ជា​ឯកសារ​អន្តរជាតិ​ដ៏​ទូលំទូលាយ​បំផុត​ដែល​បង្ហាញ​ពី​សិទ្ធិ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ វា​បង្កើត​ស្តង់ដារ​អប្បបរមា​សម្រាប់​ការ​ទទួលស្គាល់​ ការ​ការពារ​ និង​ការ​លើកកម្ពស់​សិទ្ធិ​ទាំងនេះ​ ដោយ​បង្ហាញ​ពី​ក្របខ័ណ្ឌ​មួយ​ដែល​គ្របដណ្តប់​ទាំង​សិទ្ធិ​បុគ្គល​ និង​សមូហភាព​។​ សេចក្តី​ប្រកាស​គ្របដណ្តប់​លើ​ប្រធានបទ​ដូច​ជា​អត្តសញ្ញាណ​វប្បធម៌​ ការ​អប់រំ​ សុខភាព​ ការងារ​ និង​សិទ្ធិ​ភាសា​។​ សេចក្តី​ប្រកាស​នេះ​ហាមប្រាម​ការ​រើសអើង​ ហើយ​តស៊ូ​មតិ​សម្រាប់​ការ​ចូលរួម​យ៉ាង​ពេញលេញ​របស់​ជនជាតិ​ដើម​ភាគតិច​ក្នុង​នយោបាយ​ សេដ្ឋកិច្ច​ សង្គម​ និង​វប្បធម៌​។​ សេចក្តី​ប្រកាស​នេះ​ការពារ​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​រក្សា​ភាព​ខុស​ប្លែក​គ្នា​ ខណៈ​ពេល​ដែល​បន្ត​ស្វែងរក​អាទិភាព​នៃ​ការ​អភិវឌ្ឍ​។​6

ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ ឆ្នាំ​២០០៨

ច្បាប់​នេះ​បង្កើត​ក្របខ័ណ្ឌ​ដ៏​ទូលំទូលាយ​មួយ​សម្រាប់​ការ​គ្រប់គ្រង​ ការ​អភិរក្ស​ និង​ការ​អភិវឌ្ឍ​តំបន់​ការពារ​ ជាមួយនឹង​គោលដៅ​ចម្បង​នៃ​ការ​ធានា​ការ​គ្រប់គ្រង​ជីវចម្រុះ​ ការ​អភិរក្ស​ និង​ការ​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​នៃ​ធនធានធម្មជាតិ​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​។​ ជំពូក​ទី​៦​ រៀបរាប់​អំពី​ការ​ចូលរួម​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ និង​សិទ្ធិ​ចូល​ប្រើប្រាស់​នៅ​ក្នុង​តំបន់​ការពារ​។​7

​នៅ​ឆ្នាំ​២០២២​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​វិសោធនកម្ម​ច្បាប់​ផ្សេងៗ​ រួម​ទាំង​ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ផង​ដែរ​។​ ច្បាប់​បច្ចុប្បន្ន​ទទួលស្គាល់​ និង​ធានា​ការ​ចូល​ប្រើប្រាស់​តាម​ប្រពៃណី​ ទំនៀមទម្លាប់​ ជំនឿ​ និង​សាសនា​របស់​ជនជាតិ​ដើម​ភាគតិច​ដែល​រស់នៅ​ក្នុង​ និង​នៅ​ជាប់​តំបន់​ការពារ​។​ ច្បាប់​ក៏​ធានា​នូវ​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ការ​សម្រេចចិត្ត​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ប្រកបដោយ​និរន្តរភាព​ និង​ការ​អភិរក្ស​ជីវៈចម្រុះ​។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ វិសោធនកម្ម​ដែល​បាន​ស្នើរ​សុំ​បាន​ដក​ចេញ​នូវ​ឯកសារយោង​ជាក់លាក់​ចំពោះ​ជនជាតិ​ដើម​ភាគតិច​ ដោយ​ជំនួស​ពួក​គេ​ដោយ​ “​សហគមន៍​មូលដ្ឋាន​”​ ដែល​អាច​នឹង​មាន​ផល​ប៉ះពាល់​លើ​សិទ្ធិ​របស់​ពួក​គេ​ ដូច​មាន​ចែង​នៅ​ក្នុង​សេចក្តី​ប្រកាស​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។​8

​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ ឆ្នាំ២០០៩

​គោលនយោបាយ​នេះ​បំពេញបន្ថែម​លើ​ច្បាប់​ភូមិបាល​ជាមួយនឹង​គោលដៅ​ចម្បង​នៃ​ការ​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​យ៉ាង​ទូលំទូលាយ​ រួម​ទាំង​ការ​ទទួលស្គាល់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​កាន់កាប់​កម្មសិទ្ធិ​សមូហភាព​។​ គោលនយោបាយ​ រៀបរាប់​លម្អិត​អំពី​ជំហាន​ដែល​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ត្រូវធ្វើ​ដើម្បី​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​។​ ​លើស​ពី​នេះ​ គោលនយោបាយ​មាន​គោលបំណង​លើកកម្ពស់​គុណភាព​ជីវិត​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដោយ​កាត់​បន្ថយ​ភាព​អត់ឃ្លាន​ និង​ភាព​ក្រីក្រ​ និង​ធានា​ឱ្យ​មានការ​អប់រំ​ផ្លូវការ​ វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​សេវា​ថែទាំ​សុខភាព​យ៉ាងតិច​ប្រាំបួន​ឆ្នាំ​។​ គោលនយោបាយ​នេះ​ក៏​ការពារ​ និង​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ផង​ដែរ​។9

គោលនយោបាយ​ស្តី​ពី​ការ​ចុះបញ្ជី​ដី​និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ២០០៩

នៅ​ឆ្នាំ​២០០៩​ រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ​ស្តី​ពី​ការ​ចុះបញ្ជី​ដី​និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​គាំទ្រ​ការ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា​។​ គោលនយោបាយ​នេះ​មាន​គោលបំណង​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ ដើម្បី​ធានា​ការ​កាន់កាប់​ដីធ្លី​ កាត់​បន្ថយ​ភាព​ក្រីក្រ​ លើកកម្ពស់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ លុប​បំបាត់​ការ​កាប់​រាន​ព្រៃឈើ​ខុសច្បាប់​ និង​ការ​ទន្ទ្រាន​យក​ដី​ និង​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។10

​អនុក្រឹត្យ​លេខ​ ៨៣​ ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ឆ្នាំ​២០០៩

​រដ្ឋាភិបាល​បាន​អនុម័ត​ជា​ផ្លូវការ​នូវ​អនុក្រឹត្យ​លេខ​ ៨៣​ ដែល​គូសបញ្ជាក់​អំពី​ក្របខ័ណ្ឌ​នីតិវិធី​សម្រាប់​ការ​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​ក្នុង​ឆ្នាំ​២០០៩​។​ អនុក្រឹត្យ​នេះ​ពិពណ៌នា​យ៉ាង​ច្បាស់លាស់​អំពី​ដំណើរការ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទទួល​បាន​ប័ណ្ណកម្មសិទ្ធិ​សមូហភាព​។​11

ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេង​ទៀត​

ទាក់ទងនឹងគោលនយោបាយ​ និង​សិទ្ធិ​ជនជាតិភាគតិច​ និង​ជនជាតិ​ដើម​ភាគតិច​

ឯកសារយោង

  1. 1. ច្បាប់ភូមិបាលឆ្នាំ២០០១, មាត្រា ២៣។
  2. 2. រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នាំ២០០៨, មាត្រា ៣១។
  3. 3. ច្បាប់ភូមិបាលឆ្នាំ២០០១, មាត្រា ២៦។
  4. 4. ដូចឯកសារយោងខាងលើ។
  5. 5. ច្បាប់​ស្តី​ពី​ព្រៃឈើ​ ឆ្នាំ​២០០២។
  6. 6. ​សេចក្តី​ប្រកាស​អង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ ឆ្នាំ២០០៧។
  7. 7. ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ​ ឆ្នាំ​២០០៨, ជំពូកទី៦។
  8. 8. ក្រុមការងារអន្តរជាតិស្តីពីកិច្ចការជនជាតិដើមភាគតិច (IWGIA), “ពិភពលោកជនជាតិដើមភាគតិច ២០២៣៖ កម្ពុជា,” ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានចូលអាននៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
  9. 9. គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ ឆ្នាំ២០០៩។
  10. 10. គោលនយោបាយ​ស្តី​ពី​ការ​ចុះបញ្ជី​ដី​និង​សិទ្ធិ​ប្រើប្រាស់​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ឆ្នាំ២០០៩។
  11. 11. អនុក្រឹត្យ​លេខ​ ៨៣​ ស្តី​ពី​នីតិវិធី​នៃ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ឆ្នាំ​២០០៩។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

eZJz2
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!