នៅកម្ពុជា កំណើនប្រជាជន និងការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស កំពុងបង្កឱ្យមានការបំពុល បរិស្ថាន។ សកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ច បានបង្កើតជាផលវិបាកផ្នែកបរិស្ថានសំខាន់ៗ រួមទាំងការបំពុល ខ្យល់ ការបំពុលទឹក ការបំពុលសំលេង និងបញ្ហាសំណល់រឹង។ ឧស្សាហកម្ម គឺជាវិស័យមួយដ៏សំខាន់ក្នុង ចំណោមវិស័យដទៃទៀតចំពោះសេដ្ឋកិច្ចកម្ពុជា។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកបរិស្ថានបានបង្ហាញ សកម្មភាពឧស្សាហកម្មចម្បង ៤ ដែលបណ្តាលឱ្យមានការបំពុលបរិស្ថាន ដូចជា ឧស្សាហកម្មកាត់ដេរ, ឡឥដ្ឋ, រោងម៉ាស៊ីនកិនស្រូវ និង ឧស្សាហកម្មកែច្នៃកៅស៊ូ។1
ការបំពុលខ្យល់ គឺជាបញ្ហាគ្រោះថ្នាក់មួយ ដែលខ្យល់មិនបរិសុទ្ធ និងមានសារធាតុពុល គំរាមកំហែងដល់ជីវិតមនុស្ស។ យោងតាម សន្ទស្សន៍ការអនុវត្តបរិស្ថាន ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៦២ លើ ១៧៨ ប្រទេស ផ្អែកលើគុណភាពខ្យល់ នៅក្នុងឆ្នាំ២០១៤។2
ការបំពុលទឹក ធ្វើឱ្យមានការប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ហើយវាក៏ប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលដល់មនុស្សនិងសត្វផងដែរ។ ការប្រើប្រាស់ទឹកស្អាត និងប្រកបដោយនិរន្តរភាព នៅតែជាបញ្ហាប្រឈមមួយ ជាពិសេសគ្រួសារនៅតាមជនបទ។ គួរឱ្យកត់សម្គាល់ផងដែរ ទឹកទន្លេ ដែលរងការបំពុល នៅតែជាប្រភពទឹកសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន ដោយហេតុថា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាទឹក នៅមានកម្រិតនៅឡើយ។ ទឹកកខ្វក់ ឬរងការបំពុល ជាលទ្ធផលបណ្តាលមកពី ឧស្សាហកម្មរ៉ែ និងសកម្មភាពឧស្សាហកម្មផ្សេងៗទៀត ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។3
នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត បញ្ហាបរិស្ថានចម្បងមួយទៀតនោះគឺ ការចោល និងការគ្រប់គ្រងសំណល់រឹង។ ការបញ្ចេញសំណល់ មានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងកំណើនប្រជាជន ដែលវានាំឱ្យមានការព្រួយបារម្ភពីបញ្ហាបរិស្ថាន និងសុខភាពមនុស្ស។ ដោយសារកង្វះខាតនៃការអនុវត្តការគ្រប់គ្រងសំណល់ឱ្យបានត្រឹមត្រូវ និងការយល់ដឹងជាសាធារណៈ នៅមានកម្រិត បញ្ហាសំណល់រឹងនៅតែជាសម្ពាធបរិស្ថានមួយដ៏ធំ។4
ក្រសួងបរិស្ថាន ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ទទួលបន្ទុកលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើផែនការបរិស្ថាន ការគ្រប់គ្រងនិងការអភិរក្សធនធានធម្មជាតិ ច្បាប់បរិស្ថាន និងការអប់រំបរិស្ថាន ជាដើម។5 ការបង្កើតក្រសួងបរិស្ថាន ឡើងនេះ គឺជាជំហានដំបូងយ៉ាងសំខាន់ ឆ្ពោះទៅរកការគ្រប់គ្រងបរិស្ថាន នៅកម្ពុជា។ ទន្ទឹមនឹងនេះដែរ ច្បាប់ពីកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ឆ្នាំ១៩៩៦ ក៏បាន បង្កើតនិងកំណត់ស្តង់ដារមូលដ្ឋានសម្រាប់ការបំពុលខ្យល់។6ការគ្រប់គ្រងបញ្ហាការបំពុល និងសំណល់រឹង គឺស្ថិតក្រោម អនុក្រឹត្យស្តីពីកិច្ចដំណើរការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្នាំ ១៩៩៩ អនុក្រឹត្យស្តីពីការគ្រប់គ្រងសំណល់រឹងឆ្នាំ១៩៩៩ អនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលខ្យល់និងនៅលើសម្លេងឆ្នាំ២០០០ និងអនុក្រឹត្យស្តីពីការត្រួតពិនិត្យការបំពុលទឹកឆ្នាំ១៩៩៩។
មកដល់ពេលនេះ ក្រសួងបរិស្ថាន បានបង្កើតផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍបៃតងថ្នាក់ជាតិ ក្នុងគោល បំណងរាប់បញ្ចូលការអភិវឌ្ឍ បៃតងចូលទៅក្នុងការអភិវឌ្ឍយុទ្ធសាស្រ្តជាតិ។7 នៅក្នុងឆ្នាំ២០១៣ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគោលនយោបាយជាតិ និងផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍបៃតង សម្រាប់ឆ្នាំ២០១៣-២០៣០ ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង តាមរយៈការធ្វើចីរភាពបរិស្ថាន ការងារបៃតង បច្ចេកវិទ្យាបៃតង ហិរញ្ញវត្ថុបៃតង ឥណទានបៃតង និងវិនិយោគទុន បៃតង។8
នៅក្នុង ខែវិច្ឆិកា ឆ្នាំ២០១៥ អនុក្រឹត្យថ្មីស្តីពីការគ្រប់គ្រងកាកសំណល់ ត្រូវបានបង្កើត និងដាក់ឱ្យអនុវត្ត។ អាជីវកម្ម សហគ្រាស និងប្រជាពលរដ្ឋ នឹងត្រូវពិន័យជាប្រាក់ពី ១០,០០០ ទៅ ២០០,០០០ រៀល (ប្រហែល ២,៥០ ទៅ ៥០ ដុល្លារអាមេរិក) ប្រសិនបើមានការបោះចោល ឬដុតសម្រាម នៅតាមទីសាធារណៈ និងមិនអនុវត្តន៍តាមគោលការណ៍ណែនាំអំពីការបែងចែក និងទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ។9
បានធ្វើបច្ចុប្បន្នភាព៖ ១៧ វិច្ឆិកា ២០១៥
ទាក់ទងនឹងការបំពុលបរិស្ថាន និងកាកសំណល់
ឯកសារយោង
- 1. The Mirror. “ការបំពុលបរិស្ថានត្រូវតែកាត់បន្ថយនៅវិស័យឧស្សាហកម្មគោលដៅចំនួនបួន.” Expat Advisory Services. ២៣ កុម្ភះ ២០១០. ដកស្រង់ ១៨ ឧសភា ២០១៥. http://www.expat-advisory.com/articles/southeast-asia/cambodia/environmental-pollution-has-be-reduced-four-industrial-target-areas.
- 2. មជ្ឈមណ្ឌលយែលសម្រាប់ច្បាប់និងគោលនយោបាយបរិស្ថាន. សន្ទស្សន៍ការអនុវត្តបរិស្ថាន. ២០១៤. ដកស្រង់ ១៧ ឧសភា ២០១៥. http://epi.yale.edu/epi/issue-ranking/air-quality.
- 3. ប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា. កម្រងព័ត៌មានបរិស្ថាននៅកម្ពុជា. ២០១២. ដកស្រង់ ១៧ ឧសភា ២០១៥. https://europa.eu/capacity4dev/public-environment-climate/documents/country-environmental-profile-cambodia
- 4. ដូចលេខយោងខាងលើ
- 5. ច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន. ១៩៩៣.
- 6. រាជរដ្ឋាភិបាលកម្ពុជា. “ច្បាប់ស្តីពីកិច្ចការពារបរិស្ថាន និងការ គ្រប់គ្រងធនធានធម្មជាតិ. ឆ្នាំ១៩៩៦” ចូលមើលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥។http://bit.ly/1HHmZrL.
- 7. ក្រសួងបរិស្ថាន. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង. ភ្នំពេញ៖ ២០១៣.
- 8. “កម្ពុជាបង្កើតផែនការអភិវឌ្ឍន៍បៃតង ២០១៣-២០៣០.” Xinhua. ១ មិនា ២០១៣. ដកស្រង់ ១៨ ឧសភា ២០១៥. http://news.xinhuanet.com/english/world/2013-03/01/c_132201617.htm
- 9. ឃុត សុភចរិយា. “ប្រកាសថ្មីពីការពិន័យជាប្រាក់ចំពោះការល្មើសលើកូដការចោលសំរាម។.” កាសែត ឌឹ ភ្នំពេញ ប៉ុស្តិ៍, ចុះផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ ចូលមើលនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.phnompenhpost.com/national/new-fines-announced-trash-code-violators