តំបន់សេដ្ឋកិច្ចពិសេស

8759176354_1a7fe9de2e_k

តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ. រូបថត បានពី ធនាគារពិភពលោក ថត ១៩ កុម្ភៈ ២០១៣. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

តំបន់សេដ្ឋកិច្ចពិសេស (SEZ) គឺជាតំបន់កំណត់មួយដែលត្រូវអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិទាក់ទងជាច្រើន បើធៀបទៅនឹងតំបន់ផ្សេងទៀតក្នុងប្រទេសកម្ពុជា។ តំបន់ឧស្សាហកម្មដ៏ទូលំទូលាយទាំងនេះបានផ្តល់ ការលើកទឹកចិត្តអនុគ្រោះទៅកាន់វិនិយោគិននិងការគាំទ្រផ្នែករដ្ឋបាលសម្រាប់ការនាំចេញ-នាំចូល ដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ ការបង្កើតតំបន់ទាំងនេះនាំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយ៉ាងគួរឱ្យកត់សម្គាល់ជាច្រើន ហើយតំបន់ទាំងនេះត្រូវបានបង្កើតឡើងដើម្បីទាក់ទាញវិនិយោគទុនបរទេស ពង្រីកការប្រកួតប្រជែងជាសកល និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ មានភាពមិនប្រាកដប្រជាជុំវិញតួរលេខនៃតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា។ ក្រសួងការបរទេសអាមេរិកបានធ្វើកំណត់ត្រាតំបន់សេដ្ឋកិច្ចពិសេសដែលត្រូវបានចុះបញ្ជីចំនួន ៣៦ ក្នុងឆ្នាំ២០១៥។ 1 ខណៈអង្គការទិន្នន័យអំពីការអភិវឌ្ឍបានកំណត់ត្រាតំបន់សេដ្ឋកិច្ចពិសេសចំនួន ៤៦ ត្រឹមខែ កញ្ញា ឆ្នាំ ២០២០។ (សូមចូលទៅកាន់ទិន្នន័យក្រុមហ៊ុនក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅត្រង់នេះ)។

គោលនយោបាយ

ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ រដ្ឋាភិបាលកម្ពុជាមានគោលបំណង “កៀរគរធនធានមនុស្ស ហិរញ្ញវត្ថុ និងស្ថាប័នធនធានដើម្បីជួយដល់ការបង្កើតឧស្សាហកម្មថ្មី”។ការកំណត់នេះនាំឱ្យមានការបង្កើតនិងការពង្រឹងតំបន់សេដ្ឋកិច្ចពិសេសដើម្បីទាក់ទាញវិនិយោគទុនបរទេស ជំរុញការផ្ទេរបច្ចេកវិទ្យានិងពង្រីកទីផ្សារនាំចេញ។2ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានគម្រោងពង្រឹងការអនុវត្តតំបន់សេដ្ឋកិច្ចពិសេសនិងធានាថាទីតាំងរបស់តំបន់ទាំងនេះមានលក្ខណៈសមស្រប “សម្រាប់ការបង្កើនសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ជាអតិប្បរមា”។3របាយការណ៍រដ្ឋាភិបាលឆ្នាំ ២០១២ស្តីអំពីគោលនយោបាយដីធ្លី បានណែនាំថា ការអភិវឌ្ឍនៃតំបន់សេដ្ឋកិច្ចពិសេសគួរផ្សារភ្ជាប់ទៅនឹងគោលនយោបាយលំនៅដ្ឋានដើម្បីបញ្ចៀសការធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើ និងធានារបាយផលប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌ ក្នុងចំណោម ទីតាំងភូមិសាស្ត្រក្នុងតំបន់។4

ក្របខណ្ឌគតិយុត្តិ

តំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅក្រោមវិសាលភាពនៃច្បាប់វិនិយោគ និងត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ២០០៥ ដោយអនុក្រឹត្យលេខ១៤៨ ស្តីពីការបង្កើតនិងគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស។ តំបន់ទាំងនេះមានគោលបំណងកែលម្អបរិយាកាសវិនិយោគនៅកម្ពុជាដើម្បីពង្រឹង “ផលិតភាព ភាពប្រកួតប្រជែង កំណើនសេដ្ឋកិច្ចជាតិ ជំរុញការនាំចេញ ការបង្កើតការងារដើម្បីកាត់បន្ថយភាពក្រីក្រ”។5

តំបន់សេដ្ឋកិច្ចពិសេសគឺជាគម្រោងវិនិយោគមានគុណវឌ្ឍន៍ (QIP) ដែលជាគម្រោងដែលទទួលបានវិញ្ញាបនបត្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងទទួលបានផលប្រយោជន៍ពីការលើកទឹកចិត្តហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាល។6អ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិនិយោគិនទទួលបានការលើកទឹកចិត្តអនុគ្រោះ ដូចជាការលើកលែងពន្ធប្រាក់ចំណូលសម្រាប់រយៈពេល ៩ ឆ្នាំការលើកលែងពន្ធនាំចូលសម្រាប់គ្រឿងបរិក្ខាសម្រាប់សាងសង់តំបន់ ការលើកលែងពន្ធតម្លៃបន្ថែម គ្មានការរិតត្បិតលើរូបិយប័ណ្ណ និងការធានាចំពោះជាតូបនីយកម្ម និងការគ្រប់គ្រងថ្លៃ។ ខណៈដែលគម្រោង QIPs ក្នុងតំបន់សេដ្ឋកិច្ចពិសេសទទួលបានការលើកទឹកចិត្តហិរញ្ញវត្ថុដូចគ្នានឹងគម្រោង QIPs នៅក្រៅតំបន់សេដ្ឋកិច្ចពិសេស តំបន់សេដ្ឋកិច្ចពិសេសទទួលបានផលប្រយោជន៍ពីយន្តការ “សេវានៅនឹងកន្លែង” ដែលជំរុញដំណើរការនាំចេញ-នាំចូល។7

ស្ថិតក្រោមបទប្បញ្ញត្តិនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមប្រឹក្សាតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា (CSEZB) គឺជានិយ័តករចម្បងនៃតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមប្រឹក្សានេះទទួលខុសត្រូវលើការអភិវឌ្ឍ គ្រប់គ្រង និងត្រួតពិនិត្យដំណើការរបស់តំបន់សេដ្ឋកិច្ចពិសេស និងកំណត់ការលើកទឹកចិត្តអនុគ្រោះដែលមានសម្រាប់តំបន់សេដ្ឋកិច្ចពិសេស។ តំបន់សេដ្ឋកិច្ចពិសេសនីមួយៗមានរការិយាល័យរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសនៅនឹងកន្លែង ដែលមានតួនាទីជាយន្តការ “សេវានៅនឹងកន្លែង” ដើម្បីសម្រួលដំណាក់ការពន្ធគយនិងជំរុញដំណើរការនាំចេញ-នាំចូល។ បន្ថែមពីនេះ គណៈកម្មាធិការកំណត់បញ្ហាតំបន់សេដ្ឋកិច្ចពិសេស (SEZ TSC) ទទួលបណ្តឹងពីអ្នកអភិវឌ្ឍ និងវិនិយោគិន និងមានតួនាទីដោះស្រាយបញ្ហា។8

តំបន់សេដ្ឋកិច្ចពិសេសត្រូវបានបង្កើត និងសាងសង់ដោយអ្នកអភិវឌ្ឍតំបន់ ដែលទទួលឲ្យវិនិយោគិនជួលទីតាំងក្នុងតំបន់។ អ្នកអភិវឌ្ឍតំបន់ទទួលខុសត្រូវលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ដែលត្រូវរួមបញ្ចូលការគ្រប់គ្រងអគារការិយាល័យ ការិយាល័យរដ្ឋបាលតំបន់ ផ្លូវថ្នូល់ ទឹកស្អាតនិងប្រព័ន្ធលូ ការចោលកាកសំណល់ ការផ្គត់ផ្គង់អគ្គីសនី និងបណ្តាញទូរគមនាគមន៍ ការការពារអគ្គីភ័យ និងប្រព័ន្ធសន្តិសុខ។9អ្នកអភិវឌ្ឍន៍ត្រូវបំពេញតាមលក្ខខណ្ឌជាក់លាក់ដើម្បីធានាថា ពួកគេមានសមត្ថភាពក្នុងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ និងសេវាទូលំទូលាយនេះ ដូចជា ការមានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ដីធ្លី។10 អ្នកអភិវឌ្ឍតំបន់ទទួលខុសត្រូវលើការបង្កើតវិធានសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ដោយផ្តល់សន្តិសុខ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ក្នុងចំណោមកាតព្វកិច្ចផ្សេងទៀត។11

អ្នកអភិវឌ្ឍតំបន់អាចទទួលបានដីសម្រាប់ប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស តាមវិធីមួយក្នុងចំណោមវិធីពីរយ៉ាង។ ជនជាតិ និងនីតិបុគ្គលកម្ពុជាអាចកាន់កាប់ដីធ្លីដើម្បីប្រតិបត្តិការតំបន់សេដ្ឋកិច្ចពិសេស ឬពួកគេអាចជួលដីតាមរយៈសម្បទាន។12ច្បាប់ដីធ្លីមិនអនុញ្ញាតិឱ្យជនជាតិបរទេសឬនីតិបុគ្គលបរទេសកាន់កាប់ដីធ្លីបានឡើយ។13អាស្រ័យហេតុនេះជនជាតិ ឬនីតិបុគ្គលបរទេសត្រូវជួលដី ឬទទួលបានសម្បទានដើម្បីអនុវត្តគម្រោងតំបន់សេដ្ឋកិច្ចពិសេស។14

វិនិយោគិននិងម្ចាស់ពាណិជ្ជកម្មដែលជួលដីក្នុងតំបន់សេដ្ឋកិច្ចពិសេសទទួលបានអត្ថប្រយោជន៍ដូចជា ហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ សង្វាក់ការដឹកជញ្ជូនទំនិញមានប្រសិទ្ធភាពជាងមុននិងលក្ខខណ្ឌសេដ្ឋកិច្ច ដែលមានលក្ខណៈសេរីជាងតំបន់ផ្សេងទៀតក្នុងប្រទេស។ គោលនយោបាយអនុគ្រោះ និងការលើកទឹកចិត្តមានលក្ខខណ្ឌដូចគ្នាសម្រាប់គម្រោងវិនិយោគមានគុណវឌ្ឍន៍ (QIP) ទាំងនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស។យ៉ាងណាមិញ តំបន់សេដ្ឋកិច្ចពិសេសទទួលបានជំនួយពីរដ្ឋាភិបាល ជាពិសេសតាមរយៈ “សេវានៅនឹងកន្លែង”។ ក្រៅពីនេះ ពួកគេអាចទទួលបានជំនួយពីអ្នកអភិវឌ្ឍតំបន់ ដែលទទួលខុសត្រូវលើការងារគាំពារទូទៅ និងដើរតួនាទីជា បណ្តាញទំនាក់ទំនងជាមួយរដ្ឋាភិបាល។ អ្នកអភិវឌ្ឍអាចផ្តល់ការបណ្តុះបណ្តាលទៅលើកម្លាំងពលកម្ម និងការអភិវឌ្ឍជំនាញផងដែរ។15

តំបន់សេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា

អ្នកវិនិយោគភាគច្រើនមកពីប្រទេសកម្ពុជា ជប៉ុន ចិន ថៃនិងតំបន់តៃវ៉ាន់។16សកម្មភាពសេដ្ឋកិច្ចដែលមានលក្ខណៈរួមគឺឧស្សាហកម្មធនស្រាល ដែលត្រូវបានកំណត់ថា ជាសកម្មភាពពលកម្មសកម្មជាមួយគ្រឿងចក្រស្វ័យប្រវត្តិនិងម៉ាស៊ីន ប្រព័ន្ធអេឡិចត្រូនិកនិងគ្រឿងអេឡិចត្រូនិក និងសកម្មភាពជួបប្រជុំជាច្រើនផ្សេងៗទៀត។17ក្នុងឆ្នាំ២០១៤ មានវិនិយោគិនច្រើនជាងពាក់កណ្តាលដែលធ្វើការផលិតឧស្សាហកម្មធនស្រាលសម្រាប់ការនាំចេញ ដែលក្នុងនោះ មួយភាគប្រាំជាផលិតកម្មវាយនភណ្ឌ។18

តំបន់សេដ្ឋកិច្ចពិសេសកំពូលទាំងប្រាំនៅក្នុងប្រទេសកម្ពុជា

ក្នុងចំណោមតំបន់សេដ្ឋកិច្ចទាំង ៤៦ ដែលមានក្នុងទិន្នន័យរបស់អង្គការទិន្នន័យអំពីការអភិវឌ្ឍ(ODC) មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥ ដែលបានធ្វើប្រតិបត្តិការនៅលើផ្ទៃដីទំហំប្រមាណ ៤,៤០០ហិកតា និងអះអាងថាមានទុនវិនិយោគច្រើនជាង១០០លានដុល្លារសម្រាប់តំបន់សេដ្ឋកិច្ចពិសេសនីមួយៗ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ១ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ២ និងតំបន់សេដ្ឋកិច្ចពិសេសកំពង់សោម មានទុនវិនិយោគគិតបញ្ជូលគ្នាសរុបចំនួន ៦១០លានដុល្លារ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុដែលជាខេត្តជាប់ឆ្នេរ និងមានកំពង់ផែធំជាងគេក្នុងប្រទេសកម្ពុជា។

តំបន់​សេដ្ឋកិច្ច​ពិសេស​ធំ​ជាងគេ​គឺ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ)​ ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៨​។​ វា​គ្របដណ្តប់​លើ​ផ្ទែ​ដី​ ៥២៥​ ហិ​កតា​ នៅ​ក្នុង​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍ​។​ មាន​ជនជាតិ​ចិន​ប្រហែលជា​ ១១០​ នាក់​ដែល​បាន​នឹង​កំពុង​ស្នាក់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។​ មាន​រោងចក្រ​ចំនួន​ ៩៣​ កំពុង​ដំណើរការ​ ហើយ​ផ្តល់​ជា​ការងារ​ដល់​មនុស្ស​ចំនួន​ ១៦.០០០​ នាក់​។​ ក្រុមហ៊ុន​បាន​និយាយ​កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០១៧​ ថា​ខ្លួន​កំពុងធ្វើការ​ដើម្បី​អភិវឌ្ឍ​តំបន់​ដែល​មាន​ទំហំ​ ៦០០​ ហិ​កតា​នៅ​តំបន់​នោះ​។​ ការ​អភិវឌ្ឍ​នេះ​មាន​គោលបំណង​ដើម្បី​បង្កើត​ជា​កន្លែង​អាជីវកម្ម​ចំនួន​ ៣០០​ ដែល​នឹង​ប្រើប្រាស់​និ​យោ​ជិ​ក​សរុប​យ៉ាងតិច​ ៧​ ម៉ឺន​នាក់​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​។​​19 

តំបន់សេដ្ឋកិច្ចពិសេសចំនួន២ក្នុងខេត្តកោះកុង គឺតំបន់សេដ្ឋកិច្ចពិសេសរតនា និងតំបន់សេដ្ឋកិច្ចពិសេសកោះកុងគីរីសាគរ មានទុនវិនិយោគគិតបញ្ជូលគ្នាសរុបជិត១៧៣លានដុល្លារនិង១១១លានដុល្លារ បន្តបន្ទាប់គ្នា។ វិនិយោគិនភាគច្រើនក្នុងតំបន់សេដ្ឋកិច្ចពិសេសគឺជាក្រុមហ៊ុនមកពីអាស៊ី និងមានក្រុមហ៊ុនមួយចំនួនតូចផ្សេងទៀតមកពីប្រទេសអូស្ត្រាលី ប៊ែលហ្សិកនិងអាមេរិក។ បញ្ហាប្រឈមធំជាងគេសម្រាប់តំបន់សេដ្ឋកិច្ចពិសេសដែលគ្របដណ្តបប្រមាណ ៨៥ ភាគរយនៃផ្ទៃដីនេះគឺតម្លៃអគ្គិសនីខ្ពស់និងការចាយវាយមិនផ្លូវការ។

បញ្ហាប្រឈម និងទិសដៅអនាគត

តំបន់សេដ្ឋកិច្ចពិសេសត្រូវបានប្រមូលផ្តុំនៅតាមតំបន់មួយចំនួនតែប៉ុណ្ណោះនៅក្នុងប្រទេស។ ជានិច្ចកាល តំបន់ទាំងនេះទទួលបាន សេវាដឹកជញ្ជូននិងទូរគមនាគមន៍ដែលជាហេដ្ឋារចនាសម្ព័ន្ធមានការខ្វះខាតនៅតំបន់ផ្សេងទៀតនៃប្រទេស។ពេលខ្លះ តំបន់ទាំងនេះមានព្រំដែនរួមជាមួយប្រទេសវៀតណាមនិងថៃ។តំបន់សេដ្ឋកិច្ចពិសេសបានជួយសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិនិងកាត់បន្ថយថ្លៃឈ្នួលសម្រាប់ការដឹកជញ្ជូននិងថ្លៃឈ្នួលបរិក្ខារ។

យ៉ាងណាមិញ ដោយសារគោលនយោបាយរដ្ឋាភិបាលមានគោលបំណងបញ្ចៀសការធ្វើចំណាកស្រុក ដើម្បីស្វែងរក ការងារនិងចែករំលែក“ភាគលាភនៃផលប្រយោជន៍នៃការអភិវឌ្ឍប្រកបដោយសមភាព”ទៅកាន់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់មានការរីកចម្រើនតិចតួចនៅក្នុងប្រទេសកម្ពុជា កត្តាប្រឈមនៃការប្រមូលផ្តុំនេះនៅតែកើតមានដដែល។20

ខណៈតម្លៃអគ្គីសនីខ្ពស់ធ្វើឲ្យមានកំណើនដើមទុនផលិតកម្មដែលធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា មានភាព ប្រកួតប្រជែងតិចជាងបណ្តាប្រទេសជិតខាង ការដាច់ភ្លើងនៅតែកើតមានឡើងជារឿយៗ ដែលនេះបានបង្កើត ជាផលលំបាកបន្ថែម។លើសពីនេះ ការចំណាយក្រៅផ្លូវការដែលនឹកស្មានមិនដល់ មិនត្រឹមតែបង្កើនដើមទុនផលិតកម្មនោះទេ កត្តានេះថែមទាំងនាំឱ្យអ្នកវិនិយោគប្រព្រឹត្តទង្វើមិនស្មោះត្រង់ដែលពាក់ព័ន្ធនឹង”ការប្រកួតប្រជែងមិនសុក្រឹត្យ”ទៀតផង។ឧទាហរណ៍ ប្រធានមន្ត្រីប្រតិបត្តិការនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបានរាយការណ៍ថា ទឹកប្រាក់បន្តិចបន្តួចត្រូវបានបញ្ចូលទៅក្នុងវិក្កយប័ត្រក្រៅផ្លូវការ។21

តំបន់សេដ្ឋកិច្ចពិសេសមានសក្តានុពលគួរឱ្យកត់សម្គាល់ក្នុងការទាក់ទាញវិនិយោគទុនបរទេស។ យោងតាមធនាគារអភិវឌ្ឍអាស៊ី មានតំបន់សេដ្ឋកិច្ចពិសេសចំនួន៩ដែលបានចូលរួមក្នុងការស្ទាបស្ទង់មតិ។ការងារស្រាវជ្រាវនេះបានរកឃើញថា តំបន់ទាំងនេះបានបង្កើតការងារចំនួន៦៨,០០០កន្លែងក្នុងឆ្នាំ២០១៤។22 យ៉ាងណាមិញ តំបន់សេដ្ឋកិច្ចពិសេសទាំងនេះមានសមត្ថភាពក្នុងការបង្កើតមុខរបរបានច្រើនជាងនេះ។ជាតួយ៉ាង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញតែមួយកន្លែងប៉ុណ្ណោះអាចមានសមត្ថភាពក្នុងការបង្កើតការងារចំនួន៨០,០០០កន្លែងក្នុងរោងចក្រចំនួន២០០។23ក៏ប៉ុន្តែ ត្រឹមខែមេសាឆ្នាំ២០១៦ មានពលករចំនួន១៩៨៣៧នាក់តែប៉ុណ្ណោះនៅក្នុងតំបន់នេះ។24

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ៣០ កញ្ញា ២០២០

ពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេស

ឯកសារយោង

  1. 1. ក្រសួងការបរទេសអាមេរិក «របាយការណ៍បរិយាកាសវិនិយោគនៅកម្ពុជា​» ឆ្នាំ ២០១៥។
  2. 2. ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨, ទំព័រ៩៦
  3. 3. ដូចឯកសារយោងខាងលើ, ១៦៤
  4. 4. របាយការណ៍រដ្ឋាភិបាលស្តីពីគោលនយោបាយដីធ្លីឆ្នាំ ២០១២ ទំព័រ ២៩
  5. 5. អនុក្រឹត្យលេខ ១៤៨ មាត្រា ១
  6. 6. ក្រសួងពាណិជ្ជកម្មកម្ពុជា “យុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មវិនិច្ឆ័យកម្ពុជាឆ្នាំ ២០១៤-២០១៨”, ឆ្នាំ ២០១៤។
  7. 7. អនុក្រឹត្យលេខ ១៤៨ មាត្រា ៦-៧
  8. 8. ដូចឯកសារយោងខាងលើ,មាត្រា៤
  9. 9. ដូចលេខយោងខាងលើ មាត្រា ៣
  10. 10. ដូចឯកសារយោងខាងលើ មាត្រា ៤
  11. 11. ដូចឯកសារយោងខាងលើ
  12. 12. ច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៣ មាត្រា ១៦
  13. 13. ច្បាប់ភូមិបាលឆ្នាំ ២០០១ មាត្រា ៨
  14. 14. ច្បាប់ស្តីពីវិសោធនកម្មច្បាប់វិនិយោគរបស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០០៣ មាត្រា ១៦
  15. 15. ក្រសួងពាណិជ្ជកម្ម “យុទ្ធសាស្ត្រវិនិច្ឆ័យសមាហរនកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ ២០១៤-២០១៨” ឆ្នាំ​ ២០១៤។ ចូលអាននៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦
  16. 16. ដូចឯកសារយោងខាងលើ
  17. 17. ដូចឯកសារយោងខាងលើ, ២១៩.
  18. 18. ដូចឯកសារយោងខាងលើ,២៣៧.
  19. 19. Cam McGrath, “តំបន់សេដ្ឋកិច្ចពិសេសដែលធំជាងគេនៅកម្ពុជានឹងមានទំហំកាន់តែធំជាងមុន“, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១៧។ ចូលអាននៅថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៧។
  20. 20. Whitehead, James “សក្តានុពលការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ”  ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៥។
  21. 21. Rollet, Charles “មជ្ឈមណ្ឌលជំនួញនឹងដោះស្រាយបញ្ហាប្រឈមចម្បងៗ មុនពេលចុះបញ្ជី” ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៥។
  22. 22. Peter Warr និង Jayant Menon “តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងប្រទេសកម្ពុជា” ឆ្នាំ ២០១៥។ ចូលអាននៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៦។
  23. 23. Whitehead, James “សក្តានុពលការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្អែកលើហេដ្ឋារចនាសម្ព័ន្ធ” ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៥។
  24. 24. សុវណ្ណ ដេត “តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ៖ មានក្រុមហ៊ុនវិនិយោគចុះបញ្ជីចំនួន ៨៤” ថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦។ ចូលអាននៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៦។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4dL5h
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!