ការបណ្តុះបណ្តាលវិជ្ជាជីវៈ

បើ​តាម​និយម​ន័យ​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សំដៅលើ​កម្មវិធី​សិក្សា​ដែល​អាច​ឱ្យ​មនុស្ស​ទទួល​បាន​នូវ​ជំនាញ​ដែល​អាច​ផ្ទេរ​បាន​ និង​អភិវឌ្ឍន៍​ខ្ពស់​។​ កម្មវិធី​នេះ​ថែម​ទាំង​ផ្តល់​ឱ្យ​មនុស្ស​នូវ​ជំនាញ​បច្ចេកទេស​ចាំបាច់​សម្រាប់​អាជីព​ដែល​ពួក​គេ​ចង់បាន​ផង​ដែរ​។​1​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​កំឡុង​ពេល​នៃ​ដំណើរ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​របស់​ប្រទេស​ និង​សមាហរណកម្ម​ក្នុង​តំបន់​អាស៊ាន​។​2​ ក្នុង​ដំណើរ​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឧស្សាហកម្ម​ និង​សេវាកម្ម​ គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVET)​ នឹង​រួមចំណែក​ដល់​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​ ការ​ធ្វើ​ពិពិធ​កម្ម​ និង​បង្កើន​ជំនាញ​កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់​។​3

សិស្សម្នាក់កំពុងជួសជុលម៉ាស៊ីន។ រូបភាពដោយ NPIC – វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។ ថតនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១។ អាជ្ញាប័ណ្ណមិនបានបញ្ជាក់។

​ចាប់តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ មក​ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ត្រូវ​បាន​ផ្តល់​អាទិភាព​ និង​ផ្តោត​សំខាន់​នៅ​ក្នុង​កម្រិត​ឧត្តម​សិក្សា​។​4​ ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាព​ប្រសើរ​ឡើង​ក្នុង​វិស័យ​នេះ​ ក្រុមប្រឹក្សា​បណ្តុះបណ្តាល​ជាតិ​ថ្មី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​ក្នុង​ឆ្នាំ​ ១៩៩៦​។​5​ ក្រុមប្រឹក្សាភិបាល​រួម​មាន​មន្ត្រី​រដ្ឋាភិបាល​ គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​និយោជក​។​6​ មុខងារ​ចម្បង​របស់​ក្រុមប្រឹក្សាភិបាល​គឺ​ បង្កើត​យុទ្ធសាស្ត្រ​ និង​កម្មវិធី​សិក្សា​ ដើម្បី​កែ​លម្អ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​ត្រួតពិនិត្យ​កា​រវិ​វត្ត​របស់​ពួក​គេ​។​7​ គិត​ត្រឹម​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ មាន​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សាធារណៈ​ចំនួន​ ៣៨ និង​ឯកជន​ចំនួន​ ៤៤​ កំពុង​ដំណើរការ​នៅ​ទូ​ទាំង​ប្រទេស​។​8​  ​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ របស់​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា​ (NPIC)​ វិទ្យាស្ថាន​ជាតិ​ពាណិជ្ជ​សាស្ត្រ​ (NIB)​ វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស​ (NTII)​ វិទ្យាស្ថាន​ពហុបច្ចេកទេស​ព្រះ​កុស​មៈ​ (PPI)​ និង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបាត់ដំបង​ (PIB)​។​ សិស្ស​ប្រមាណ​ ៤៣១៧១​ នាក់​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​គ្រឹះស្ថាន​​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សាធារណៈ​ និង​ ៦១៤១​ នៅ​គ្រឹះស្ថាន​ឯកជន​ក្នុង​ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ ។​ 9

​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ផ្លូវការ​ និង​ក្រៅ​ប្រ​ព​ន្ធ័​

​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​កម្ពុជា​ផ្តល់​ការ​អប់រំ​ពីរ​ប្រភេទ​គឺ​ ការ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ផ្លូវការ​ និង​ក្រៅ​ប្រព័ន្ធ​។​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្លូវការ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ផ្ទាល់​របស់​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​10​កម្មវិធី​សិក្សា​ចំនួន​បី​ត្រូវ​បាន​ផ្តល់​ជូន​ក្នុង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្លូវការ​ ដូច​ជា​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បរិញ្ញាបត្រ​វិជ្ជាជីវៈ​ និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្រិត​ឧត្តម​សិក្សា​។​11​ វគ្គ​សិក្សា​ទាំងនោះ​មាន​រយៈពេល​វែង​ (២-៤​ ឆ្នាំ​)​ ដែល​តម្រូវ​ឲ្យ​សិស្ស​មានកំ​វិត​សិក្សា​ផ្សេងៗ​គ្នា​។​ សម្រាប់​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ សិស្ស​ត្រូវការ​យ៉ាង​ហោច​ណាស់​ការ​បញ្ចប់​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​។​ ផ្នែក​ និង​មុខ​វិជ្ជា​ជា​ច្រើន​មាន​សម្រាប់​សិក្សា​គឺ​ យន្តការ​ទូទៅ​ យន្តការ​កសិកម្ម​ បច្ចេកវិទ្យា​កុំព្យូទ័រ​ អគ្គិសនី​ អេ​ឡិច​ត្រូ​និក​ និង​វិស្វកម្ម​សំណង់​ស៊ី​វិល​។​12

​ខណៈ​ដែល​តម្រូវការ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​វិជ្ជាជីវៈ​ គឺ​ការ​បញ្ចប់​ត្រឹម​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ​ទូទៅ​ ឬ​ មធ្យមសិក្សា​ទុតិយភូមិផ្នែកបណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​13​ បរិញ្ញាបត្រ​វិជ្ជាជីវៈ​ផ្តល់​នូវ​កម្មវិធី​សិក្សា​ដូច​គ្នា​ទៅ​នឹង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែរ​ ហើយ​បូក​រួម​ទាំង​មុខ​វិជ្ជា​នៅ​ក្នុង​ផ្នែក​អាជីវកម្ម​ដូច​ជា​ការ​លក់​ និង​គណនេយ្យ​។​ បន្ទាប់​ពី​បញ្ចប់​កម្មវិធី​សិក្សានេះ​ និស្សិត​អាច​ចូល​រៀន​កម្មវិធី​បរិញ្ញាបត្រ​វិជ្ជាជីវៈ​ ដើម្បី​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​បរិញ្ញាបត្រ​ដែល​ផ្តោត​លើ​បច្ចេកវិទ្យា​។​ ជា​ចុង​ក្រោយ​ កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​កម្រិត​ឧត្តម​សិក្សា​តម្រូវ​ឲ្យ​សិស្ស​យ៉ាង​ហើ​ច​ណាស់​មាន​សញ្ញាប័ត្រ​វិជ្ជាជីវៈ​ និង​មធ្យមសិក្សា​ទុតិយភូមិ​ទូទៅ​។​14​ ជំនាញ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ឧស្សាហកម្ម​ជា​ចំណុច​សំខាន់​នៅ​កម្រិត​អប់រំ​នេះ​។​ វិស្វកម្ម​ វិទ្យាសាស្ត្រ​អនុវត្ត​ វិទ្យាសាស្ត្រ​សុខាភិបាល​ និង​បច្ចេកវិទ្យា​ គឺជា​មុខ​វិជ្ជា​ និង​ជំនាញ​ដែល​ទំនប់​បម្រុង​សិស្ស​សម្រាប់​អាជីព​នា​ពេល​អនាគតនៅ​ក្នុង​ទីផ្សារ​ការងារ​។​

​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ក្រៅ​ប្រ​ព​ន្ធ័​ត្រូវ​បាន​ផ្តល់​ និង​គ្រប់គ្រង​ជា​ចម្បង​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ខេត្ត​ (PTCs)​ និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ (VICs)​។​15​ ស្ថាប័ន​ផ្សេង​ទៀត​ដែល​ផ្តល់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រៅ​ប្រ​ព​ន្ធ័​ គឺ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ (CLCs)​។​ វគ្គ​សិក្សា​ប្រភេទ​នេះ​មាន​រយៈពេល​ខ្លី​ ហើយ​ជា​រឿយៗ​មាន​រយៈពេល​ប្រហែល​ ១​ទៅ​ ៤​ ខែ​។​ ភាគច្រើន​ វគ្គ​បណ្តុះបណ្តាល​នេះ​ផ្តល់​ការ​បណ្តុះបណ្តាល​លើ​វិស័យ​កសិកម្ម​ សំណង់​ ជួសជុល​ម៉ូតូ​ កសិកម្ម​ ជំនាញ​វិជ្ជាជីវៈ​មូលដ្ឋាន​ និង​ផ្នែក​កែ​ច្នៃ​ចំណីអាហារ​ជា​មូលដ្ឋាន​។​ ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រៅ​ប្រ​ព​ន្ធ័​មិន​មាន​គោលការណ៍​ណែនាំ​ ឬ​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​ និង​ច្បាស់លាស់​ទេ​។​ គិត​ត្រឹម​ឆ្នាំ​ ២០២០​ មជ្ឈមណ្ឌល​សិក្សា​សហគមន៍​មាន​ចំនួន​ ១៥៧​ កំពុងធ្វើការ​ ដើម្បី​ជួយ​ផលិត​ធនធានមនុស្ស​តាម​រយៈ​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រៅ​ប្រ​ព​ន្ធ័​។​ 16​ កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រៅ​ប្រ​ព​ន្ធ័​ចំនួន​បួន​ដែល​ដំណើរការ​ក្រោម​មូលនិធិ​បណ្តុះបណ្តាល​ (២០០៩-២០១៩)​។​ កម្មវិធី​ទាំងនោះ​មាន​ដូច​ជា​ មូលនិធិ​បណ្តុះបណ្តាល​ជាតិ​ កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ប័ណ្ណ​ (VSTP)​ មូលនិធិ​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី​៖​ មូលនិធិ​ពិសេស​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ និង​កម្មវិធី​បច្ចេកវិទ្យា​ក្រោយ​ការ​ប្រមូល​ផល​ និង​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​ជំនាញ​បន្ថែម​។​17

ចំនួនចុះឈ្មោះចូលរៀនតាមមុខវិជ្ជាផ្សេងៗក្នុងកម្រិតបរិញ្ញាបត្រ

ប្រភព: ស្ថិតិអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០១៨, យកចេញពីស្តិតិ TVET ២០១៧-២០១៨.
​​ឈ្មោះមុខវិជ្ជាចំនួនវគ្គសិក្សាចំនួនចុះឈ្មោះ (សរុប)ចំនួនចុះឈ្មោះ (ភេទស្រី)
អគ្គិសនី៤១២១៤៧១៦៩
វិស្វកម្ម​សំណង់​ស៊ីវិល៣០១៦៩៦១៥៤
គណនេយ្យ និងហិរញ្ញវត្ថុ២៧១១០៧១០០៦
ការគ្រប់គ្រងពាណិជ្ជកម្ម១៩៥៧៩២៩៦
ធនាគារ និងហិរញ្ញវត្ថុ១៧៥៤៧៣៤៧
ព​ត៌​មាន​វិទ្យា២៣៥១១១២០
អេឡិចត្រូនិក១១៤៨៧៧៣
អូតូម៉ូបែល១៧៤៤៥
មេកានិក១០២៤០
គណនេយ្យ១០២២២១៩៥
ទីផ្សារ១៩៤៩៥
ស្ថាបត្យកម្ម១៩២៦៩
ភាសាអង់គ្លេស១២១៦៦១០៥
ទេសចរណ៍ និងបដិសណ្ឋារកិច្ច១០១៦៧
បច្ចេកវិទ្យាព័ត៌មានអាជីវកម្ម៩២១៩
ការផ្សារដែក៤៥៣៦
ម៉ាស៊ីនត្រជាក់២០
សរុប២៤៨៨៧៩១២៧៦៥

​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​របស់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ផ្សេងៗ​ជា​ច្រើន​ ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​ការងារ​ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន​ រួម​មាន​គម្លាត​ជំនាញ​ និង​ភាព​មិន​ស៊ីគ្នា​នៃ​ជំនាញ​។​18​ ធនធានមនុស្ស​ដែល​មាន​ជំនាញ​ដូច​គ្នា​ត្រូវ​បាន​បង្កើត​ជា​រៀង​រាល់​ឆ្នាំ​ដោយ​មិន​គិត​ពី​តម្រូវការ​ទីផ្សារ​ការងារ​ ដែល​ធ្វើ​ឲ្យ​កម្លាំង​ពលកម្ម​មាន​ភាព​មិន​ស៊ីសង្វាក់​គ្នា​រវាង​ផ្នែក​ផ្គត់ផ្គង់​ និង​តម្រូវការ​។​ គោលនយោបាយ​ទាំងនោះ​មាន​ដូច​ជា​ គោលនយោបាយជាតិ​អប់រំ​ និង​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​កម្ពុជា​ (TVET)​ ២០១៧-២០២៥គោលនយោបាយ​ជាតិមុខ​របរ​ និង​ការងារ(២០១៥-២០២៥)​ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ (២០១៥-២០២៥)​។​

​អនុវត្ត​ក្នុង​ឆ្នាំ​ ២០១៧​ គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ គឺជា​ក្រប​ខណ្ឌ​គោលនយោបាយ​ចម្បង​របស់​រដ្ឋាភិបាល​ដើម្បី​ដឹកនាំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជំនាញ​ និង​សម្របសម្រួល​គ្រប់​ភាគី​ពាក់ព័ន្ធ​។​ ដោយ​ធ្វើការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ដូច​ជា​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ គោលនយោបាយ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តាម​រយៈ​ដំណើរការ​ពិគ្រោះ​យោបល់​ជាមួយនឹង​គោលដៅ​នៃ​ការ​ផ្លាស់​ប្តូរ​ និង​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អភិវឌ្ឍន៍​ជំនាញ​របស់​កម្ពុជា​ ដើម្បី​បម្រើ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​នូវ​ការ​អភិវឌ្ឍន៍​នា​ពេល​អនាគត​របស់​កម្ពុជា​ ពង្រឹង​ជំនាញ​កម្មករ​ដែល​មាន​ស្រាប់​ និង​កម្លាំង​ពលកម្ម​ថ្មី​។​19​ យុទ្ធសាស្ត្រ​ និង​គោលដៅ​សំខាន់ៗ​ត្រូវ​បាន​កំណត់​ និង​អនុវត្ត​ ដើម្បី​ធានា​ថា​គោលដៅ​អាច​សម្រេច​បាន​ទាន់​ពេលវេលា​។​ ក្រុមប្រឹក្សា​បណ្តុះបណ្តាល​ជាតិ​នឹង​ដើរតួរ​ជា​លេខាធិការដ្ឋាន​ ដើម្បី​ត្រួតពិនិត្យ​កា​រវិ​វត្ត​នៃ​ក្របខ័ណ្ឌ​គោលនយោបាយ​។​ លេខាធិការដ្ឋាន​នឹង​បំពេញ​មុខងារ​ជា​អ្នកសម្របសម្រួល​ការ​អនុវត្ត​។​20

​គោលដៅ​សំខាន់​នៃ​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​គឺ​21

  • ​កែ​លម្អ​គុណភាព​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​
  • ​បង្កើន​លទ្ធភាព​ចូល​រៀន​ក្នុង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ប្រកបដោយ​សមធម៌​
  • ​លើកកម្ពស់​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ឯកជន​ (PPPs)​ និង​ធនធាន​របស់​ភាគី​ពាក់ព័ន្ធ​សរុប​ ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​
  • ​កែ​លម្អ​អភិបាលកិច្ច​នៃ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​។​

​ឯកសារ​សំខាន់​ពីរ​ផ្សេង​ទៀត​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​ឆ្នាំ​ ២០១៥​។​ គោលនយោបាយ​ជាតិ​ស្តី​ពី​មុខ​របរ​ និង​ការងារ​ (២០១៥-២០២៥)​ មានមុខ​ងារ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​គម្លាត​ជំនាញ​ និង​បញ្ហា​មិន​ស៊ីសង្វាក់គ្នា​នៃ​ជំនាញ​។​ គោលនយោបាយ​នេះ​ធានា​ឲ្យ​បាន​ថា​ធនធានមនុស្ស​នៅ​ក្នុង​ព្រះរាជាណាចក្រ​នឹង​អាច​បំពេញតម្រូវការ​ទីផ្សារ​ការងារ​បាន​។​ យុទ្ធសាស្ត្រ​នៃ​គោលនយោបាយ​ជាតិ​មុខរបរ​ និង​ការងារ​ (២០១៥-២០២៥)​ រួម​មានការ​ពង្រឹង​ទំនាក់ទំនង​រវាង​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ និង​វិស័យ​ឯកជន​ ដើម្បី​កាត់​បន្ថយ​គម្លាត​ជំនាញ​ និង​ភាព​មិន​ស៊ីសង្វាក់​គ្នា​ ការ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ក្នុង​ការ​ផ្តល់​នូវ​ការ​អភិវឌ្ឍន៍​ជំនាញ​ចាំបាច់​សម្រាប់​កម្លាំង​ពលកម្ម​ ការ​បង្កើត​ថ្មី​ និង​ការ​អភិវឌ្ឍ​យន្តការ​ដែល​មាន​ស្រាប់​សម្រាប់​ការ​សន្ទនា​កាន់តែ​ប្រសើរ​ឡើង​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ​ និង​ត្រួតពិនិត្យ​ទីផ្សារ​ការងារ​ក្នុង​តំបន់​។​22​ ដូច​គ្នា​នេះ​ដែរ​ គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កម្លាំង​ពលកម្ម​ជំនាញ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​។​ ទន្ទឹមនឹងនេះ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ក៏​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើក​ស្ទួយ​កម្លាំង​ពលកម្ម​ជំនាញ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស​។​ គោលនយោបាយ​នេះ​ គឺជា​ផែនទី​បង្ហាញផ្លូវ​ថ្នាក់ជាតិ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ធ្វើ​ទំនើប​កម្ម​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ និង​ប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​មូលដ្ឋាន​លើ​ឧស្សាហកម្ម​។​ ជំនាញ​ និង​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ត្រូវ​បាន​បញ្ចូល​ក្នុង​វិធានការ​គោលនយោបាយ​ និង​ផែនការ​សកម្មភាព​របស់​គោលនយោបាយ​នេះ​។​ តាម​រយៈ​ការ​លើកកម្ពស់​ការ​អប់រំ​គ្រប់​កម្រិត​ និង​ពង្រឹងសមត្ថភាព​បណ្តុះបណ្តាល​បច្ចេកទេស​ គោលនយោបាយ​នេះ​មាន​គោលបំណង​ផ្លាស់​ប្តូរ​ព្រះរាជាណាចក្រ​ទៅ​ជា​សង្គម​ផ្អែក​លើ​ចំណេះដឹង​។​

​បញ្ហា​ប្រឈម​ និងឱកាស

​បើ​ទោះបីជា​ការ​វិវត្តន៍​មាន​ភាព​ជាក់ស្តែង​ក៏​ដោយ​ ក៏​បញ្ហា​ប្រឈម​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​របស់​កម្ពុជា​នៅ​តែ​ជា​កង្វល់​ចម្បង​។​23​ ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​សម្រាប់​ប្រជាជន​កម្ពុជា​ទាមទារ​ការ​ចំណាយ​ដ៏​ច្រើន​ ដោយសារ​កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់​ស្ថិត​នៅកម្រិត​មូលដ្ឋាន​ទាប​នៅឡើយ។​24​ កង្វះ​ភាព​ជា​ដៃគូ​សាធារណៈ​ និង​ឯកជន​ (PPP)​ រួម​ផ្សំ​ជាមួយ​ហិរញ្ញវត្ថុនៃការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​របស់​រដ្ឋាភិបាលនៅ​មាន​កម្រិត​ ដូច្នេះ​ធ្វើ​ឲ្យ​ការ​ចូលរួម​ចំណែក​ពី​វិស័យ​ឯកជន​ និង​អ្នក​ពាក់ព័ន្ធ​ក្លាយជា​ដំណោះស្រាយ​ដ៏​សំខាន់​ចំពោះ​បញ្ហា​នេះ​។​25​ បញ្ហា​ប្រឈម​មួយទៀត​គឺ​អវត្តមាន​នៃ​យន្តការ​ និង​ភាព​អសមត្ថភាព​ក្នុង​ការ​ទាក់ទាញ​អ្នក​ដែល​ត្រូវការ​ការ​បណ្តុះបណ្តាល​ជំនាញ​ជាងគេ​ឲ្យ​បាន​ចំនួន​គ្រប់គ្រាន់​ ដែល​ក្នុង​នោះ​រួម​មាន​អ្នក​អត់​ការងារ​ធ្វើ​ អ្នក​ខ្វះ​ការងារ​ធ្វើ​ ជន​ក្រីក្រ​ និង​អ្នក​ដែល​បាន​បោះបង់​ការ​សិក្សា​ចោល​។​ គរុកោសល្យ​បណ្តុះបណ្តាល​ និង​ឧបករណ៍​សិក្សា​ក៏​ហួស​សម័យ​ដែរ​។​26​ មិន​តែ​បុ​ណ្ណោះ​ ហេដ្ឋារចនាសម្ព័ន្ធ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ក៏​នៅ​មាន​កម្រិត​ ហើយ​បុគ្គលិក​ដែល​មាន​សមត្ថភាព​មាន​ចំនួន​មិន​គ្រប់គ្រាន់​។​ ​យោង​តាម​របាយការណ៍​របស់​ ADB​ បញ្ហា​ក៏​ស្ថិត​នៅ​ជុំវិញ​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ការ​អប់រំ​វិជ្ជាជីវៈ​ផង​ដែរ​។​27​ យុវជន​ជំនាន់​ក្រោយ​នៅ​តែ​មាន​ផ្នត់គំនិត​ថា​ ការ​អប់រំ​ទូទៅ​ គឺជា​ជម្រើស​ទី​មួយ​ ខណៈ​ដែល​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​គឺជា​ជម្រើស​ទី​ពីរ​ និង​សម្រាប់​តែ​ជន​ក្រីក្រ​ ក្រុម​ងាយ​រង​គ្រោះ​ និង​អ្នក​បោះបង់​ការ​សិក្សា​តែ​បុ​ណ្ណោះ​។​ បញ្ហា​ផ្សេងៗ​ទៀត​ដែល​ពាក់​ព​ន្ធ័​នឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​កង្វះ​ជំនាញ​ទន់​ និង​មូលដ្ឋាន​ (​ការ​អាន​ ការ​សរសេរ​ ការ​ទំនាក់ទំនង​ ការ​ដោះស្រាយ​បញ្ហា​)​ នៅ​ក្នុង​កម្លាំង​ពលកម្ម​ ភាព​ជា​អ្នកដឹកនាំ​ និង​ការ​គ្រប់គ្រង​ខ្សោយ​ ការ​ទំនាក់ទំនង​ និង​ការ​ធ្វើ​ទីផ្សារ​មិនល្អ​។​28

បើ​យើង​គិត​ពី​ចំនុច​វិជ្ជមាន​វិញ​ អាហារូបករណ៍​ផ្នែក​អប់រំ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ត្រូវ​បាន​ផ្តល់​ជូន​ ជា​រៀង​រាល់​ឆ្នាំ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​បាន​មក​ពី​រាជរដ្ឋាភិបាល​ និង​ដៃគូ​អភិវឌ្ឍន៍​។​ ក្នុង​ឆ្នាំ​សិក្សា​ ២០២០-២០២១​ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​ផ្តល់​អាហារូបករណ៍​ការ​អប់រំ​​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ចំនួន​ ១៩១៧៩​ កន្លែង​លើ​ផ្នែក​វិស្វកម្ម​ និង​បច្ចេកវិទ្យា​។​29​ អាហារូបករណ៍​សិក្សា​ត្រូវ​បាន​ផ្តល់​ជូន​ទាំង​នៅ​ក្នុង​ស្ថាប័ន​អប់រំ​រដ្ឋ​ និង​ឯកជន​ទូ​ទាំង​ប្រទេស​ ហើយ​មាន​ទាំង​វគ្គ​សិក្សា​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​។​ លើស​ពី​នេះ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ដាក់​ឲ្យ​ដំនើរការ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ (TVETSDP)​ ក្នុង​ឆ្នាំ​ ២០១៥​។​​30​ កម្មវិធី​នេះ​ផ្តល់​ការ​គាំទ្រ​ផ្នែក​ថវិកា​ទាក់ទង​នឹង​សិទ្ធិ​គូរ​ពិសេស​ (SDR)​ ដែល​មាន​ទំហំ​ទឹកប្រាក់់​ប្រមាណ​ ៣០​ លាន​ដុល្លារ​អា​មេ​រិ​ក​។​31​ កម្មវិធី​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​ជម្រើស​នៃ​ប្រាក់​កម្ចី​ផ្អែក​លើ​គោលនយោបាយ​ និង​ប្រាក់​កម្ចី​គម្រោង​ដែល​មាន​តម្លៃ​ប្រហែល​ ៣០​ លាន​ដុល្លារ​។​ កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់រំ​ បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​នឹង​លើកកម្ពស់​សមធម៌​ និង​សមភាព​ ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​បានការ​អប់រំ​វិជ្ជាជីវៈ​រីក​លូតលាស់​ប្រកបដោយ​ជោគជ័យ​ ជា​ពិសេស​សម្រាប់​ស្ត្រី​ និង​ជន​ក្រីក្រ​។​ កម្មវិធី​នេះ​ក៏​បាន​ផ្តោត​ទៅ​លើ​ការ​រក្សា​កម្លាំង​ពលកម្ម​ដែល​ជំរុញ​ដោយ​តម្រូវការ​ទីផ្សារ​ និង​ការ​លើកកម្ពស់​ធនធានមនុស្ស​ផ្នែក​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ប្រកបដោយ​គុណភាព​ ដើម្បី​បំពេញ​តាម​ស្តង់ដារ​ក្នុង​តំបន់​។​32

ទាក់ទងនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកសារយោង

  1. 1. គណៈកម្មការអឺរ៉ុប, “តើការបណ្តុះបណ្តាលវិជ្ជាជីវៈជាអ្វី?,” សប្តាហ៍ជំនាញវិជ្ជាជីវៈអឺរ៉ុប, ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។
  2. 2. ចន័្ទរិទ្ធ ងីន, “តួនាទីរបស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច,” វេទិកាស្រាវជ្រាវអភិវឌ្ឍន៍, របាយការណ៍សំយោគលេខ ១, ឆ្នាំ ២០១៣, បានចូលអាននៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១។
  3. 3. ដូចឯកសារយោងខាងដើម។
  4. 4. ដូចឯកសារយោងខាងដើម។
  5. 5. ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ, “ប្រវត្តិរូប និងប្រវត្តិ,” បានចូលអាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១។
  6. 6. ដូចឯកសារយោងខាងដើម។
  7. 7. ចន័្ទរិទ្ធ ងីន, “តួនាទីរបស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច,” វេទិកាស្រាវជ្រាវអភិវឌ្ឍន៍, របាយការណ៍សំយោគលេខ ១, ឆ្នាំ ២០១៣, បានចូលអាននៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១។
  8. 8. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, “ស្ថិតិ ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ២០១៨-២០១៩ ពាក់កណ្តាលឆមាស,” ឆ្នាំ ២០១៩ បានចូលអាននៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១។
  9. 9. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, “ប្រព័ន្ធព័ត៌មានគ្រប់គ្រងការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​,” បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
  10. 10. UNESCO-UNEVOC មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, “ប្រវត្តិរូបនៃការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ៖ កម្ពុជា,” ២០២០, បានចូលអាននៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១។
  11. 11. ដូចឯកសារយោងខាងដើម។
  12. 12. ដូចឯកសារយោងខាងដើម។
  13. 13. UNESCO-UNEVOC មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, “មូលដ្ឋានទិន្នន័យ​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេសពិភពលោក: កម្ពុជា,” ឆ្នាំ​ ២០១៤, បានចូលអាននៅថ្ងៃទី ២៣​ ខែធ្នូ ឆ្នាំ២០២១។
  14. 14. ដូចឯកសារយោងខាងដើម។
  15. 15. UNESCO-UNEVOC មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, “ប្រវត្តិរូបនៃការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ៖ កម្ពុជា,” ២០២០, បានចូលអាននៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១។
  16. 16. ដូចឯកសារយោងខាងដើម។
  17. 17. ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ, "គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​," បានចូលអាននៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។
  18. 18. លឹម សុវណ្ណារ៉ា, វ៉ាន់ ណារី, Win Moh Moh Htay, “​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស៖ សមិទ្ធិផល និងបញ្ហាប្រឈម,” វិទ្យាស្ថានសភាកម្ពុជា,  ឆ្នាំ​ ២០១៦, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
  19. 19. ធនាគារអភិវឌ្ឍន៍អាស៊ី, “គោលនយោបាយអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្មីរបស់កម្ពុជា,” សេចក្តីសង្ខេបលេខ ៨៩ ​,​ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
  20. 20. ដូចឯកសារយោងខាងដើម។
  21. 21. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, "គោលនយោបាយជាតិនៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៧-២០២៥," ឆ្នាំ ២០១៧ បានចូលអាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។
  22. 22. រាជរដ្ឋាភិបាលកម្ពុជា, "គោលនយោបាយជាតិស្តីពីមុខ​របរ​ និង​ការងារ​ឆ្នាំ ២០១៥-២០២៥," ឆ្នាំ ២០១៥, បានចូលអាននៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១។
  23. 23. ធនាគារអភិវឌ្ឍន៍អាស៊ី, “គោលនយោបាយអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្មីរបស់កម្ពុជា,” សេចក្តីសង្ខេបលេខ ៨៩ ​,​ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
  24. 24. ដូចឯកសារយោងខាងដើម។
  25. 25. លឹម សុវណ្ណារ៉ា, វ៉ាន់ ណារី, Win Moh Moh Htay, “​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស៖ សមិទ្ធិផល និងបញ្ហាប្រឈម,” វិទ្យាស្ថានសភាកម្ពុជា,  ឆ្នាំ​ ២០១៦, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
  26. 26. SEAMEO VOCTECH, "ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា," ឆ្នាំ ២០១៥, បានចូលអាននៅថ្ងៃទី​២២ ខែធ្នូ ឆ្នាំ ២០២១។
  27. 27. ធនាគារអភិវឌ្ឍន៍អាស៊ី, “គោលនយោបាយអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្មីរបស់កម្ពុជា,” សេចក្តីសង្ខេបលេខ ៨៩ ​,​ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១
  28. 28. ដូចឯកសារយោងខាងដើម។
  29. 29. សុទ្ធ គឹមសឿន,"ក្រសួងការងារគ្រោងផ្តល់អាហារូបករណ៍វិជ្ជាជីវៈជាង ១៩ពាន់កន្លែង," កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ០៥​ ខែមករា ឆ្នាំ​២០២២។
  30. 30. កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, "ការពិពណ៌នាគម្រោង," បានចូលអាននៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២។
  31. 31. ដូចឯកសារយោងខាងដើម។
  32. 32. E-gens Consultants, "របាយការណ៍ TVETSDP ប្រចាំត្រីមាស", ថ្ងៃទី១០ ខែមករា ឆ្នាំ​ ២០១៧, បានចូលអាននៅថ្ងៃទី ០៦ ខែមករា ឆ្នាំ​២០២២។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

W3def
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!