ប្រព័ន្ធតុលាការ និងតុលាការ

​ប្រព័ន្ធ​តុលាការ គឺជា​អំណាច​មួយ​ក្នុង​ចំណោម​អំណាច​ទាំង​បី ​”រួមទាំងអង្គ​នីតិប្រតិបត្តិ​ (​រដ្ឋាភិបាល​)​ និង​អង្គនីតិប្បញ្ញត្តិ​ (​រដ្ឋសភា​ និង​ព្រឹទ្ធសភា​)​” ​ដែល​អាចបង្កើត​រដ្ឋ។​ ស្ថាប័ន​នេះ​មាន​តួនាទី​តាមដាន​ការ​អនុវត្ត​ច្បាប់​ និង​ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​រំលោភច្បាប់​។​1​ អំណាច​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យ​ចៅក្រម​ និង​រាជអាជ្ញា​ (​ពេល​ខ្លះ​នៅ​ក្នុង​កម្រិត​ទាប​ជាង​មុន​នៅ​ក្នុង​គណៈវិនិច្ឆ័យ​)​ ដែល​ពឹងផ្អែក​លើ​អត្ថបទ​ច្បាប់​ (​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​នីតិប្បញ្ញត្តិ​)​ ដើម្បី​ធ្វើការ​សម្រេចចិត្ត​។​2

​ពាក្យ​ថា​អំណាចតុលាការ​អាច​មាន​អត្ថន័យ​ពីរ​ផ្សេង​គ្នា​។​ វា​អាច​ត្រូវ​បាន​ប្រើ​នៅ​ពេល​និយាយ​ដល់​តុលាការ​ និង​សាលាក្តី​ ឬ​សំដៅលើ​អំណាច​ដែល​ពួក​គេ​មាន​ដើម្បី​ស​ម្រេច​ជម្លោះ​។​

តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយ ព្រំ ពន់វឌ្ឍន៍ ថតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0.

​រដ្ឋធម្មនុញ្ញ​​កម្ពុជា​ឆ្នាំ​១៩៩៣​ បាន​អនុម័ត​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​3​ និង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​តុលាការ​ពី​ស្ថាប័ន​ផ្សេង​ទៀត​។​ ឯករាជ្យ​ភាព​ និង​ភាព​មិន​លំអៀង​នៃ​ប្រព័ន្ធ​តុលាការ​ គឺជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​អត្ថិភាព​ នៃ​នីតិរដ្ឋ​នៅ​ក្នុង​ប្រទេស​នីមួយៗ​ ហើយ​ក៏​ត្រូវ​បាន​បញ្ចូល​ជា​ផ្នែក​មួយ​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ផង​ដែរ​។​4​ នីតិរដ្ឋ​ គឺជា​មូលដ្ឋាន​សម្រាប់​គោលការណ៍​សមភាព​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ចំពោះ​មុខ​ច្បាប់​ រួម​ទាំង​រដ្ឋ​ដែល​ត្រូវ​ទទួលខុសត្រូវ​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​តុលាការ​រាល់​ការ​រំលោភច្បាប់​។​5​ ចៅក្រម​មាន​សិទ្ធិ​អំណាច​ដែល​ផ្ដល់​ដោយ​រដ្ឋធម្មនុញ្ញ​ ក្នុង​ការ​វិនិច្ឆ័យ​សេចក្តីសម្រេច​តាម​បទបញ្ញត្តិ​ នៃ​ច្បាប់​ប្រកបដោយ​មនសិការ​ និង​ភាព​ស្មោះត្រង់​។​6​ យោង​តាម​មាត្រា​ ១២៨​ នៃ​រដ្ឋធម្មនុញ្ញ​ ​ ប្រព័ន្ធ​តុលាការ​ គឺជា​ស្ថាប័ន​ឯករាជ្យ​ដែល​ធានា​ និង​លើក​ស្ទួយ​អព្យាក្រឹតភាព​ និង​ការពារ​សិទ្ធិ​ និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​។​ យោង​តាម​មាត្រា​ ១៣២​ ព្រះមហាក្សត្រ​គឺជា​អ្នក​ធានា​ឯករាជ្យ​ភាព​ នៃ​ប្រព័ន្ធ​តុលាការ​។​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ជួយ​ព្រះមហាក្សត្រ​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​នេះ​។​7​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើរតួ​នាទី​ដោយ​ឯករាជ្យ​ពី​អំណាចនីតិប្រតិបត្តិ​ និង​ត្រួតពិនិត្យ​បញ្ហា​វិន័យ​ពាក់ព័ន្ធ​នឹង​ចៅក្រម​ និង​ព្រះរាជអាជ្ញា​។​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ក៏​អាច​ដាក់​សំណើ​ទៅ​ព្រះមហាក្សត្រ​ដើម្បី​តែងតាំង​ចៅក្រម​ផង​ដែរ​។​8

​សិទ្ធិ​ជា​មូលដ្ឋាន​នៃ​ការ​ជំនុំ​ជម្រះក្ដី​ដោយ​យុត្តិធម៌​ និង​ស្មើភាព​គ្នា​ ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​ច្បាប់​ និង​ក្រម​ ដូច​ជា​ក្រម​នីតិវិធី​រដ្ឋប្បវេណី​9​ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​10​ ដែល​គ្រប់គ្រង​លើ​វិធាន​នៃ​ភស្តុ​តាង​ ការ​ប្រព្រឹត្ត​ និង​មិន​លំអៀង​នៃ​ការ​ជំនុំជម្រះ​។​

​ទោះ​យ៉ាងណា​ក្ដី​ នីតិរដ្ឋ​មាន​វត្តមាន​តែ​នៅ​ពេល​ដែល​ប្រព័ន្ធ​តុលាការ​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ​ ហើយ​មានការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​។​11​ អង្គការ​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ បាន​និយាយ​ថា​គ្មាន​ឯករាជ្យ​ភាព​របស់​តុលាការ​នៅ​កម្ពុជា​ទេ​ ដូច្នេះ​គ្មាន​នីតិរដ្ឋ​នោះ​ទេ​។​12​ ផ្ទុយ​ពី​គោលការណ៍​នៃ​សមភាព​នៅ​ចំពោះ​មុខ​ច្បាប់​ អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ មានការ​អនុគ្រោះ​ក្ដី​កើតឡើង​តាម​រយៈ​វត្តមាន​នៃ​ទំនាក់ទំនង​ជាមួយនឹង​អំណាច​នយោបាយ​ ឬ​សេដ្ឋកិច្ច​។​13​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ១២៥​ ក្នុង​ចំណោម​ ១២៦​ នៅ​ក្នុង​ស​ន្ទ​ស្សន៍​នៃ​នីតិរដ្ឋ​ ដែល​បោះពុម្ពផ្សាយ​ដោយ​អង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក​នៅ​ឆ្នាំ​ ២០១៩​ និង​មាន​ចំណាត់ថ្នាក់​ក្រោម​គេ​ ផ្នែក​យុត្តិធម៌​ស៊ី​វិល​ និង​អំពើ​ពុក​រលួយ​ក្នុង​តំបន់​អាស៊ី​។​14​ ជា​លទ្ធផល​ ទំនុកចិត្ត​របស់​ពលរដ្ឋ​ និង​អាជីវកម្ម​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​មាន​កម្រិត​ទាប​។​ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ងាក​ទៅ​រក​វិធី​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​ប្រសិទ្ធភាព​ និង​មាន​យុត្តិធម៌​ជាង​។​15

​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​រៀបចំ​ឡើង​យោង​តាម​ប្រព័ន្ធ​បី​កម្រិត​​16

  • កម្រិត​ទី​មួយ​ គឺជា​សាលាដំបូង​ដែល​មាន​យុត្តាធិការ​លើ​វិវាទ​ទាំងអស់​ លើកលែងតែ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​យោធា​17​ និង​តុលាការយោធា​។​ សាលាដំបូង​មាន​ភូមិសាស្ត្រ​នៅ​ថ្នាក់​ខេត្ត​ និង​រាជធានី​ (​នៅ​ក្នុង​រាជធានី​ភ្នំពេញ​)​។​18​ សាលាដំបូង​មាន​តុលាការ​ដោះស្រាយ​ជម្លោះ​ប្រភេទ​ផ្សេងៗ​គ្នា​ដូច​ជា​៖​ តុលាការ​ព្រហ្មទណ្ឌ​ តុលាការស៊ីវិល​ តុលាការ​ពាណិជ្ជកម្ម​ តុលាការ​ការងារ​ និង​ការិយាល័យ​អយ្យការ​។​19​ គិត​ត្រឹម​ដើមឆ្នាំ​ ២០២១​ តុលាការ​ជំនាញ​ផ្នែក​ពាណិជ្ជកម្ម​ និង​ការងារ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ឡើង​នៅឡើយ​ទេ​ ហើយ​ការ​អនុវត្ត​បច្ចុប្បន្ន​នៅ​លើ​តុលាការ​ដែល​មាន​ស្រាប់​សម្រាប់​គ្រប់​ករណី​ទាំងអស់​។​
  • កម្រិត​ទី​ពីរ​ គឺជា​សាលាឧទ្ធរណ៍​ ដែល​នឹង​បើក​សវនាការ​ជំនុំជម្រះ​លើ​រឿង​ក្ដី​ ដែល​ត្រូវ​បាន​ជំទាស់​បដិសេធ​មិន​ទទួលយក​ការ​សម្រេចចិត្ត​ចេញពី​សាលាដំបូង​ដោយ​ភាគី​ម្ខាង​ណាមួយ​ ដោយ​សម្រេច​សា​ជា​ថ្មី​ផ្អែក​លើ​ច្បាប់​ និង​អង្គហេតុ​។​20​ សាលាឧទ្ធរណ៍​រួម​មាន​៖​ អង្គ​ជំនុំជម្រះ​ព្រហ្មទណ្ឌ​ អង្គ​ជំនុំជម្រះ​រដ្ឋប្បវេណី​ អង្គ​ជំនុំជម្រះ​ពាណិជ្ជកម្ម​ អង្គ​ជំនុំជម្រះ​ការងារ​ អង្គ​ជំនុំជម្រះ​របស់​ព្រះរាជអាជ្ញា​ និង​អង្គ​ជំនុំជម្រះ​រួម​ សម្រាប់​វិវាទ​ពាក់ព័ន្ធ​នឹង​អង្គ​ជំនុំជម្រះ​ច្រើន​។​21
  • កម្រិត​ទី​បី​ គឺជា​តុលាការ​កំពូល​ ដែល​នឹង​បើក​សវនាការ​លើ​បណ្តឹងឧទ្ធរណ៍​ដែល​ជំទាស់​ដោយ​ភាគី​ម្ខាង​ណាមួយ​ ហើយ​ផ្ទៀងផ្ទាត់​ការ​អនុវត្ត​ជាក់ស្តែង​នៃ​ច្បាប់​។​ តុលាការ​នេះ​មានការ​រៀបចំ​នៃ​អង្គ​ជំនុំជម្រះ​ដូច​គ្នា​ទៅ​នឹង​អង្គ​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ដែរ​។​22

​ក្រៅពី​កម្រិត​ទាំង​បី​នេះ​ ក្រុមប្រឹក្សាធម្មនុញ្ញ​ទទួលខុសត្រូវ​ ក្នុង​ការ​ផ្ទៀងផ្ទាត់​ការ​អនុលោម​ច្បាប់​ ជាមួយ​រដ្ឋធម្មនុញ្ញ​ ហើយ​អាច​ស្តាប់​បញ្ហា​ធម្មនុញ្ញភាព​ ដែល​អាច​កើតឡើង​ក្នុង​ពេល​ជំនុំ​ជម្រះក្តី​។​23​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ទទួលខុសត្រូវ​ក្នុង​ការ​ស៊ើបអង្កេត​ និង​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​សំខាន់ៗ​ ដោយ​មាន​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ និង​ស្រប​តាម​ស្តង់ដារ​យុត្តិធម៌​អន្តរជាតិ​។​24

​ទាក់ទង​នឹង​ប្រព័ន្ធ​តុលាការ​ និង​តុលាការ​

ឯកសារយោង

  1. 1. Montesquieu,​ “​វិញ្ញាណ​នៃ​ច្បាប់​,”​ ឆ្នាំ​១៧៧៧​។​
  2. 2. Peng,​ Hor,​ Kong​ Phallack​ និង​ Jorg​ Menzel,​ “​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​,”​ Konrad-Adenauer-Stiftung​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  3. 3. “​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ឆ្នាំ​២០១៨,​ មាត្រា​ ៥១,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  4. 4. ​ដូច​ឯកសារយោង​ខាងលើ​។
  5. 5. Konrad-Adenauer-Stiftung,​ “​និ​តិ​រដ្ឋ​,”​ ខែមករា​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  6. 6. “​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ឆ្នាំ​២០១៨,​ មាត្រា​ ១២៩,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  7. 7. “​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ឆ្នាំ​២០១៨,​ មាត្រា​ ១៣២,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  8. 8. “រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ឆ្នាំ​២០១៨,​ មាត្រា​ ១៣៤,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  9. 9. “​ក្រម​នីតិវិធី​រដ្ឋប្បវេណី​,”​ ឆ្នាំ​២០០៦,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  10. 10. “​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ខែមិថុនា​ ឆ្នាំ​២០០៧,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  11. 11. Konrad-Adenauer-Stiftung,​ “​និ​តិ​រដ្ឋ,”​ ខែមករា​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  12. 12. ​វិទ្យាស្ថាន​សិទ្ធិ​មនុស្ស​នៃ​សមាគម​មេធាវី​អន្តរជាតិ​,​ “​យុត្តិធម៌​ទល់​នឹង​អំពើ​ពុក​រលួយ​៖​ បញ្ហា​ប្រឈម​ចំពោះ​ឯករាជ្យ​ភាព​របស់​ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា​,”​ ខែកញ្ញា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  13. 13. ​គណៈកម្មការ​អ្នក​ច្បាប់​អន្តរជាតិ​,​ “​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​,”​ ការ​សិក្សា​មូលដ្ឋាន​,​ ខែតុលា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  14. 14. ​គម្រោង​យុត្តិធម៌​ពិភពលោក​,​ “​ស​ន្ទ​ស្សន៍​នីតិរដ្ឋ,”​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  15. 15. Gan​ Integrity,​ “​របាយការណ៍​អំពើ​ពុក​រលួយ​នៅ​កម្ពុជា​,”​ ខែសីហា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  16. 16. ​វិទ្យាស្ថាន​សភា​កម្ពុជា​,​ “​កំណែទម្រង់​ច្បាប់​និង​តុលាការ​នៅ​កម្ពុជា​,”​ ខែកុម្ភៈ​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  17. 17. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​,”​ ឆ្នាំ​២០១៤,​ មាត្រា​ ១២,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  18. 18. “ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​,”​ ឆ្នាំ​២០១៤,​ មាត្រា​ ១៩,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  19. 19. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​,”​ ឆ្នាំ​២០១៤,​ មាត្រា​ ១៤​ និង​ ២៩,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  20. 20. “ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​​,”​ ឆ្នាំ​២០១៤,​ មាត្រា​ ៤១​ និង​ ៤២,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  21. 21. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​​,”​ ឆ្នាំ​២០១៤,​ មាត្រា​ ៤៣​ ទៅ​៤៨,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  22. 22. “​ច្បាប់​ស្តី​ពី​ការ​រៀបចំ​តុលាការ​,”​ ឆ្នាំ​២០១៤,​ មាត្រា​ ៥៥​ ទៅ​ ៦៧,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  23. 23. Hor​ Peng,​ Kong​ Phallack,​ Jorg​ Menzel,​ “​សេចក្តីណែនាំ​អំពី​ច្បាប់​កម្ពុជា​,”​ Konrad-Adenauer-Stiftung,​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
  24. 24. Peng,​ Hor,​ Kong​ Phallack​ និង​ Jorg​ Menzel,​ “​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា​,”​ Konrad-Adenauer-Stiftung​ ឆ្នាំ​២០១៦,​ បាន​ចូល​អាន​នៅ​ខែសីហា​ ឆ្នាំ​២០១៩​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

DzGhh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!