មូលនិធិសម្រាប់គ្រោះមហន្តរាយ និងការឆ្លើយតបក្នុងគ្រាអាសន្ន

​ប្រទេស​កម្ពុជា​បាន​ចាប់ផ្តើម​បញ្ចូល​គោលដៅ​ភាព​ធន់​ទៅ​នឹង​គ្រោះ​មហន្តរាយ​ និង​អាកាសធាតុ​ ទៅ​ក្នុង​គោលនយោបាយ​ជាតិ​របស់​ខ្លួន​ ប៉ុន្តែ​ការ​អនុវត្ត​នៅ​តែ​មានការ​ពិបាក​។​ នៅ​ក្នុង​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្តរាយ​ ឆ្នាំ​២០១៤-២០១៨​ រដ្ឋាភិបាល​ផ្តល់​អាទិភាព​ដល់​គោលដៅ​ “​ការ​កសាង​ប្រទេស​ជាតិ​ និង​សហគមន៍​មូលដ្ឋាន​ដែល​មាន​ភាព​ធន់​ ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​។​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ មាន​ភារកិច្ច​គ្រប់គ្រង​ការ​ត្រៀម​បង្ការ​ និង​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​។​ ឧបសគ្គ​ជា​ច្រើន​ដូច​ជា​ សមត្ថភាព​មាន​កម្រិត​ កង្វះ​ហិរញ្ញវត្ថុ​ ការ​វិភាគ​មិន​គ្រប់គ្រាន់​ និង​ការ​ផ្តោតអារម្មណ៍​លើ​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ​ រារាំង​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ទាំងនេះ​។​ ការ​បញ្ជ្រាប​ការងារ​ដើម្បី​បង្កើត​ភាព​ធន់​នៅ​វិស័យ​ទាំងអស់​ ក៏​មិន​ត្រូវ​បាន​រៀបចំ​តាម​គ្រោង​ការណ៍​ដែរ​ ហើយ​ជំនាញ​បច្ចេកទេស​ និង​ការ​បែងចែក​ថវិកា​គ្រប់គ្រង​ហានិភ័យ​មហន្តរាយ​នៅ​មាន​កម្រិត​។​1

ប្រធាន UNISDR ចុះសួរសុខទុក្ខខេត្តដែលរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។ រូបភាព ដោយ UN DRR, ថតនៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១២។ ក្រោមអាជ្ញាបណ្ណ CC BY-NC-ND 2.0

​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ហិរញ្ញវត្ថុ​

​យោង​តាម​ផ្នែក​ទី​ ៧​ មាត្រា​ ៣៩​ នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ (២០១៥)​ រដ្ឋាភិបាល​កម្ពុជា​ “​ត្រូវ​មាន​ថវិកា​ និង​ធនធាន​បម្រុង​សម​ស្រប​ ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​”​ រួម​ទាំង​ការ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ និង​ការ​ស្តារ​ឡើង​វិញ​ផង​ដែរ​។​ ទោះ​យ៉ាងណា​ ថវិកា​មិន​មាន​ភាព​ច្បាស់លាស់​ដូចដែល​បាន​លើក​ឡើង​នៅ​ក្នុង​ការ​ឆ្លើយ​តប​ទូទៅ​ និង​បន្ទាន់​នោះ​ទេ​។​2

​រដ្ឋាភិបាល​មូលដ្ឋាន​បង្កើន​ប្រាក់​ចំណូល​មិន​គ្រប់គ្រាន់​ ដូចនេះ​ត្រូវ​ពឹងផ្អែក​លើ​ការ​ផ្ទេរ​ធនធាន​សាធារណៈ​របស់​រដ្ឋាភិបាល​កណ្តាល​។​ ជា​រឿយៗ​ ការ​ផ្ទេរ​ធនធាន​របស់​រដ្ឋាភិបាល​កណ្តាល​ក្នុង​ទម្រង់​នៃ​ប្រាក់​ឧបត្ថម្ភ​ មិន​ត្រូវ​បាន​គិត​ពី​ការងារ​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​ដែល​ទាមទារ​ដោយ​រដ្ឋាភិបាល​មូលដ្ឋាន​នោះ​ទេ​។​3​ ឧទាហរណ៍​ក្នុង​ឆ្នាំ​ ២០១០​ ការ​បែងចែក​មូលនិធិ​ឃុំ​សង្កាត់​ប្រចាំឆ្នាំ​ មិន​ត្រូវ​បាន​រាប់​បញ្ចូល​បន្ថែម​សម្រាប់​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង​កេ​ត​សា​ណា​កាលពី​ឆ្នាំ​មុន​នោះ​ឡើយ​។​4

​បច្ចុប្បន្ន​ ការ​ចូលរួម​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្នុង​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​មាន​កម្រិត​ទោះបីជា​បទ​ពិសោធន៍​នៅ​ទូ​ទាំង​ពិភពលោក​បង្ហាញ​ថា​ ស្ថាប័ន​រដ្ឋាភិបាល​ថ្នាក់ខ្ពស់​ត្រូវ​តែ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ធន់​ក៏​ដោយ​។​ ការ​រួមចំណែក​ និង​ភាព​ជា​អ្នកដឹកនាំ​របស់​ក្រសួង​ក្នុង​វិស័យ​សំខាន់ៗ​មាន​ដូច​ជា​ ការ​កោះ​ប្រជុំ​ក្រសួង​ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​ ការ​ផ្តល់​អាទិភាព​ដល់​ការ​វិនិយោគ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ ព្រមទាំង​យុទ្ធសាស្ត្រ​ក្នុង​ការ​បែងចែក​ធនធាន​ចាំបាច់​សម្រាប់​ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​មហន្តរាយ​ និង​ការ​គាំទ្រ​ឧបករណ៍​ហិរញ្ញវត្ថុ​ ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​បាន​មូលនិធិ​ភ្លាមៗ​ សម្រាប់​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​ និង​ការ​ស្តារ​ឡើង​វិញ​។​5

​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​គ្រោះ​មហន្តរាយ​ធម្មជាតិ​

​ក្នុង​រយៈពេល​ ៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​កម្ពុជា​បាន​ប្រមូល​ថវិកា​បាន​ប្រមាណ​ ១១៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ហើយ​អាច​ត្រូវ​បាន​ប្រើ​លើ​ការ​ចំណាយ​ដែល​មិន​អាច​ទាយ​ទុកជា​មុន​ដូច​ជា​ ការ​ចំណាយ​ក្រោយ​គ្រោះ​មហន្តរាយ​ជាដើម​។​ តិច​ជាង​ ១០%​ នៃ​ថវិកា​ត្រូវ​បាន​កំណត់​ និង​ចំណាយ​សម្រាប់​គ្រោះ​មហន្តរាយ​ក្នុង​ឆ្នាំ​តែ​មួយ​។​ ចំនួន​ថវិកា​ដែល​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​ និង​ការ​កសាង​ឡើង​វិញ​ក្រោយ​ពី​គ្រោះ​មហន្តរាយ​ គឺ​មិន​ច្បាស់លាស់​ និង​ពឹងផ្អែក​លើ​អថេរ​ផ្សេងៗ​។​ ជា​លទ្ធផល​ ការ​រៀបចំ​តិចតួច​បំផុត​ត្រូវ​បាន​ធ្វើ​ឡើង​ជុំវិញ​ថវិកា​ដែល​ត្រូវការ​សម្រាប់​ការ​ចំណាយ​ទាក់ទង​នឹង​គ្រោះ​មហន្តរាយ​។​

​ប្រព័ន្ធ​បម្រុង​ស្បៀងអាហារ​កម្ពុជា​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០១២​ ដោយ​រដ្ឋាភិបាល​ ដើម្បី​គាំទ្រ​ដល់​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​ តាម​រយៈ​ការ​បង្កើត​ទុនបម្រុង​​ដូច​ជា​ ស្បៀង​ និង​គ្រាប់ពូជ​ សម្រាប់​គ្រាអាសន្ន​។​ ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​មាន​ចំនួន​ ១៦.០០០​ តោន​ ក្នុង​នោះ​ ៦២,៥%​ ជា​ស្តុក​រូប​វន្ត​ និង​ ៣៧,៥%​ ជា​ទុនបម្រុង​​ហិរញ្ញវត្ថុ​។​ គ្រាប់ពូជ​ចំនួន​ ៣.០០០​ តោន​ និង​បន្លែ​ ៥០​ តោន​ ព្រមទាំង​គ្រាប់ពូជ​ដំណាំ​ដទៃ​ទៀត​នៅ​មាននៅ​ក្នុង​ស្តុក​គ្រាប់ពូជ​សរុប​ផង​ដែរ​។​ បច្ចុប្បន្ន​មិន​មាន​មូលនិធិ​គ្រោះ​មហន្តរាយ​បន្ថែម​ ឬ​យន្តការ​រក្សា​ហានិភ័យ​ពិសេស​នៅ​ក្នុង​រដ្ឋាភិបាល​រួម​គ្នា​នោះ​ទេ​។​6

​ថ្ងៃ​ទី​ ២៨​ ខែតុលា​ ឆ្នាំ​ ២០២០​ រដ្ឋាភិបាល​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​ជន​ងាយ​រង​គ្រោះ​ប្រហែល​ ៣៨៨.០០០​ នាក់​ (IDPoor)​ ដែល​ប៉ះពាល់​ដោយសារ​ការ​ជន់​លិច​ដោយ​ទឹកជំនន់​ និង​ត្រូវការ​ជំនួយ​មនុស្សធម៌​។​ រដ្ឋាភិបាល​បាន​ផ្តល់​ការ​ឆ្លើយ​តប​ជា​ជំនួយ​ស្បៀង​ដោយ​ផ្ទាល់​រួម​មាន​ អង្ករ​ចំនួន​ ១.២០០​ លាន​តោន​ ដល់​គ្រួសារ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​ និង​ការ​ផ្តល់​មូលនិធិ​ស្តារ​ឡើង​វិញ​។​7

​ឥណទាន​ធានា​រ៉ាប់រង​ អាច​ដើរតួ​ជា​ឧបករណ៍​ហិរញ្ញវត្ថុ​សម្រាប់​តម្រូវការ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ បន្ទាប់​ពី​គ្រោះ​មហន្តរាយ​។​ បច្ចុប្បន្ន​នេះ​ ប្រទេស​កម្ពុជា​មិន​មាន​គ្រឹះស្ថាន​ឥណទាន​បន្ទាន់​ ក្នុង​ករណី​មាន​គ្រោះ​មហន្តរាយ​នោះ​ទេ​។​ ធនាគារពិភពលោក​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ និង​ម្ចាស់បំណុល​ឯកជន​ផ្តល់​ហិរញ្ញប្បទាន​ឥត​ឈប់​ឈរ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​ និង​ការ​កសាង​ឡើង​វិញ​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​។​ នៅ​ពេល​បច្ចុប្បន្ន​ កម្ពុជា​មិន​ប្រើ​យន្តការ​ធានា​រ៉ាប់រង​ណាមួយ​ដូច​ជា​ ការ​ផ្ទេរ​ហានិភ័យ​ ដើម្បី​ការពារ​ថវិកា​របស់​ខ្លួន​ពី​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​នោះ​ទេ​។​ ទីភ្នាក់ងារ​រដ្ឋាភិបាល​នីមួយៗ​មាន​ជម្រើស​ធានា​រ៉ាប់រង​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​ពួក​គេ​ដែល​ជា​ទូទៅ​ពឹងផ្អែក​លើ​លទ្ធភាព​ថវិកា​។​8

​ទីភ្នាក់ងារ​រដ្ឋាភិបាល​ជា​ច្រើន​តែងតែ​ប្រើប្រាស់​ថវិកា​ទីភ្នាក់ងារ​ធម្មតា​ ជា​ពិសេស​ថវិកា​ថែទាំ​ ដើម្បី​ចំណាយ​តិចតួច​សម្រាប់​ការ​ស្តារ​គ្រោះ​មហន្តរាយ​។​ យុទ្ធសាស្ត្រ​នេះ​ត្រូវ​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បញ្ជាក់​ថា​ ទីភ្នាក់ងារ​នានា​គួរតែ​ប្រើប្រាស់​ធនធាន​បច្ចុប្បន្ន​ជា​មុន​សិន​ ដោយ​បែងចែក​ប្រាក់​នៅ​ក្នុង​ថវិកា​ឡើង​វិញ​មុន​នឹង​ស្នើ​សុំ​មូលនិធិ​ថ្មី​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ វា​មិន​ច្បាស់​ទេ​ថា​ តើ​ថវិកា​ប៉ុន្មាន​ត្រូវ​បាន​ផ្លាស់​ប្តូរ​។​9

​បំណុល​ខាងក្រៅ​សម្រាប់​ការ​ជួយ​សង្គ្រោះ​ផល​ប៉ះពាល់​នៃ​គ្រោះ​មហន្តរាយ​ មិន​ត្រូវ​បាន​បញ្ជាក់​ឱ្យ​ច្បាស់​ទេ​ទោះបីជា​វា​ត្រូវ​បាន​គេ​រំពឹង​ថា​ ប្រាក់​កម្ចី​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​នឹង​កើនឡើង​ដោយសារ​លទ្ធផល​នៃ​គ្រោះ​មហន្តរាយ​ក៏​ដោយ​។​10

​មិន​មានការ​កត់ត្រា​ការ​ប្រើប្រាស់​គោលនយោបាយ​ពន្ធ​ជា​ឧបករណ៍​ ដើម្បី​ប្រមូល​ចំណូល​បន្ថែម​នៅ​ពេល​មាន​មហន្តរាយ​ ឬ​ផ្តល់​ការ​បង់ពន្ធ​ជា​ការ​លើកទឹកចិត្ត​សម្រាប់​ការ​បរិច្ចាគ​ ដើម្បី​ជួយ​ដល់​មូលនិធិ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​នៅឡើយ​ទេ​។​11

​ជំនួយ​ពី​ម្ចាស់​ជំនួយ​

​ប្រទេស​កម្ពុជា​ទទួល​បាន​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​ប្រមាណ​ ៧៨៥​ លាន​ដុល្លារ​ ពី​ម្ចាស់​ជំនួយ​ចន្លោះ​ឆ្នាំ​ ១៩៩០​ ដល់​ឆ្នាំ​ ២០១០​។​ មូលនិធិ​នេះ​ត្រូវ​បាន​បែងចែក​ដូច​ជា​ ៥៥%​ សម្រាប់​ការ​ឆ្លើយ​តប​ និង​ការ​សង្គ្រោះ​បន្ទាន់​ ៣៥%​ សម្រាប់​ការ​កសាង​ឡើង​វិញ​ និង​ការ​ស្តារ​នីតិសម្បទា​ និង​ ១០%​ សម្រាប់​ការ​ត្រៀមខ្លួន​និង​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ការ​។​ ធនាគារពិភពលោក​គឺជា​អ្នក​រួមចំណែក​ដ៏​ធំ​បំផុត​ (២៥%)​ បន្ទាប់​មក​សហគមន៍​អឺរ៉ុប​ (១២%)​ មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​ (១០%)​ ជប៉ុន​ (៩%)​ ហូ​ឡង់​ (៨%)​ និង​ស៊ុ​យ​អែ​ត​ (៦%)​។​12

​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​តាម​រយៈ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ បាន​ផ្តល់​ជំនួយ​បន្ថែមចំនួន​ ៨៧៥.០០០​ ដុល្លារ​អា​មេ​រិ​ក​ ដល់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ នៅ​ខែមេសា​ ឆ្នាំ​ ២០២១​ ដើម្បី​ជំរុញ​ផែនការ​ និង​ការ​ឆ្លើយ​តប​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​។​13​ បន្ទាប់​ពី​មានការ​ស្នើ​សុំ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ បាន​ផ្តល់​នូវ​សម្ភារៈ​សង្គ្រោះ​បន្ទាន់​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ខែតុលា​ ឆ្នាំ​ ២០២០​។​ គ្រោះ​ទឹកជំនន់​នេះ​បាន​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​មនុស្ស​ និង​ទ្រព្យសម្បត្តិ​យ៉ាងធ្ងន់ធ្ងរ​រួម​មាន​ អ្នក​ស្លាប់​ ២៥​ នាក់​ ជម្លៀស​ខ្លួន​ ៣៧.៣៩៦​ នាក់​ ដួល​រលំ​ផ្ទះ​ ៥៦​ ខ្នង​ និង​ខូចខាត​ផ្ទះ​ ៧៣.៧២០​ ខ្នង​។​ ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​មាន​ដូច​ជា​ តង់​ ម៉ាស៊ីន​ចម្រោះ​ទឹក​ ភួយ​ ម៉ាស៊ីនភ្លើង​ បន្ទះ​ប្លា​ស្ទិ​ក​ កម្រាលពូក​ និង​ធុង​ជែ​រី​។​14​ មូលនិធិ​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ​ និង​ជំនួយ​សង្គ្រោះ​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​របស់​រដ្ឋាភិបាល​ខេត្ត​ សម្រាប់​ការ​ជួយ​ស្តារ​នីតិសម្បទា​ក្រោយ​ទឹកជំនន់​ ដោយ​ការ​ចែកចាយ​គ្រាប់ពូជ​បន្លែ​ អាហារ​ និង​ទឹក​ផឹក​អំឡុង​គ្រោះ​ទឹកជំនន់​ឆ្នាំ​ ២០១១​។​15

​នៅ​ដើមខែ​តុលា​ ឆ្នាំ​ ២០២០​ ប្រទេស​កម្ពុជា​បាន​ជួបនឹង​ជំនន់​ទឹកភ្លៀង​យ៉ាង​ខ្លាំង​ ដែល​នាំ​ឱ្យ​មានការ​ជន់​លិច​នៅ​ទូ​ទាំង​ខេត្ត​ចំនួន​ ១៩​។​ ទឹកជំនន់​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​ ៤២​ នាក់​ បាន​ស្លាប់​ និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួន​ ២​ លាន​នាក់​ ប្រឈម​នឹង​គ្រោះ​ទឹកជំនន់​ ដោយ​មនុស្ស​ចំនួន​ ៨​ សែន​នាក់​ បាន​រង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​។​ អង្ករ​ប្រមាណ​ ១.២០០​ លាន​តោន​ ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ ជា​ការ​ឆ្លើយ​តប​ក្នុង​រូបភាព​ជា​ជំនួយ​ស្បៀងអាហារ​។​ អ្នកឆ្លើយ​តប​ផ្សេង​ទៀត​រួម​មាន​ កាកបាទក្រហមកម្ពុជា​ក៏​ដូច​ជា​ អង្គការសហប្រជាជាតិ​ និង​ដៃគូ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ការ​គាំទ្រ​ដល់​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​គ្រោះ​មហន្តរាយ​។​

​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ កំពុង​ធ្វើ​ឱ្យ​ភាព​ងាយ​រង​គ្រោះ​ដែល​មាន​ស្រាប់​កាន់តែ​ធ្ងន់ធ្ងរ​ ដូច​បានឃើញ​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០២០​។​16

​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩

​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​គ្រប់គ្រង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ប្រទេស​ជា​ច្រើន​បាន​បរិច្ចាគ​វ៉ាក់សាំង​ ថវិកា​និង​​បរិក្ខារ​សុខា​ភិបាល​​​ដល់​កម្ពុជា​។​ ប្រទេស​កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ លើក​ដំបូង​នៅ​ថ្ងៃ​ទី​ ៧​ ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ ដែល​ជា​ការ​បរិច្ចាគ​ចំនួន​ ១.០០០.០០០​ ដូ​ស​ពី​ប្រទេស​ចិន​។​17​ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ចំនួន​ ៥០០.០០០​ ដូ​ស​បន្ថែម​ នៅ​ខែសីហា​ ឆ្នាំ​ ២០២១​។​18​ រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ COVAX​ បាន​បរិច្ចាគ​វ៉ាក់សាំង​ AstraZeneca​ កូ​វី​ដ​-១៩​ ចំនួន​ ១.០០០.០០០​ ដូ​ស​ ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន​ដល់​ប្រទេស​កម្ពុជា​។​19​ ចក្រភព​អង់គ្លេស​បាន​ផ្តល់​វ៉ាក់សាំង​ AstraZeneca​ ចំនួន​ ៤១៥.០០០​ ដូ​ស​ ដល់​ប្រទេស​កម្ពុជា​នៅ​ខែកក្កដា​ ឆ្នាំ​ ២០២១​។​20​ សហរដ្ឋអាមេរិក​បាន​ផ្តល់​វ៉ាក់សាំង​ច​ន​សុ​ន​ និង​ច​ន​សុ​ន​ កូ​វី​ដ​-១៩​ ចំនួន​ ១.០៦០.១០០​ ដូ​ស​ ដល់​ប្រទេស​កម្ពុជា​តាម​រយៈ​ COVAX​ ដែល​ដឹកនាំ​ដោយ​ អង្គការ​សុខភាព​ពិភពលោក​។​21​ នៅ​ថ្ងៃ​ទី​ ៩​ ខែសីហា​ ឆ្នាំ​ ២០២១​ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)​ បាន​ប្រកាស​ផ្តល់​ហិរញ្ញប្បទាន​បន្ថែមចំនួន​ ៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ បន្ថែម​ទៀត​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩​ នៅ​ប្រទេស​កម្ពុជា​។​22​ នៅ​ថ្ងៃ​ទី​ ២០​ ខែសីហា​ ឆ្នាំ​ ២០២១​ អង្គការ​សុខភាព​ពិភពលោក​ (WHO)​ បាន​ផ្តល់​ថវិកា​ជាង​ ៣២០.០០០​ ដុល្លារ​អា​មេ​រិ​ក​ ជា​សម្ភារៈ​ពេទ្យ​ដល់​ក្រសួងសុខាភិបាល​សម្រាប់​ប្រតិបត្តិការ​បង្ការ​ និង​ឆ្លើយ​តប​ជំងឺ​រាតត្បាត​។​23​ រដ្ឋាភិបាល​អូស្ត្រាលី​បាន​ប្រកាស​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ ថា​ខ្លួន​នឹង​បរិច្ចាគ​ប្រាក់​ចំនួន​ ២៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​អនុញ្ញាត​ឱ្យ​ប្រជាជន​កម្ពុជា​ចំនួន​ ១,៥​ នាក់​ អាច​ទទួល​បាន​វ៉ាក់សាំង​។​24​ រដ្ឋាភិបាល​ឥណ្ឌា​ក៏​បាន​ប្រកាស​នៅ​ខែកុម្ភៈ​ ឆ្នាំ​ ២០២១​ ថា​ខ្លួន​នឹង​បរិច្ចាគ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ចំនួន​ ១០០.០០០​ ដូ​ស​ដល់​កម្ពុជា​ផង​ដែរ​។​25

​ទាក់ទង​នឹង​មូលនិធិ​សម្រាប់​គ្រោះ​មហន្តរាយ​ និង​ការ​ឆ្លើយ​តប​ក្នុង​គ្រាអាសន្ន​

ឯកសារយោង

  1. 1. “​កំណត់​ត្រា​នៃ​ការ​វិនិច្ឆ័យ​ហិរញ្ញវត្ថុ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​,”​ ពង្រាង​,​ ខែឧសភា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  2. 2. ​រដ្ឋសភា​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​,”​ អូ​ ឌី​ ស៊ី​,​ ថ្ងៃ​ទី​ ១០​ ខែកក្កដា​ ឆ្នាំ​២០១៥,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  3. 4. “​កំណត់​ត្រា​នៃ​ការ​វិនិច្ឆ័យ​ហិរញ្ញវត្ថុ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​,”​ ពង្រាង​,​ ខែឧសភា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  4. 5. ​រដ្ឋាភិបាល​កម្ពុជា​,​ “​កម្ពុជា​៖​ ការ​វាយតម្លៃ​អំពី​គ្រោះ​មហន្តរាយ​ក្រោយ​ខ្យល់ព្យុះ​កេ​ត​សា​ណា​,”​ ខែមីនា​ ឆ្នាំ​២០១០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  5. 6. "​កំណត់​ត្រា​នៃ​ការ​វិនិច្ឆ័យ​ហិរញ្ញវត្ថុ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​,"​ ពង្រាង​,​ ខែឧសភា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  6. 7. ​វេទិកា​ឆ្លើយ​តប​មនុស្សធម៌​កម្ពុជា​,​ “​ផែនការ​ឆ្លើយ​តប​គ្រោះ​ទឹកជំនន់​នៅ​កម្ពុជា​ឆ្នាំ​ ២០២០​ (​សម្រាប់​ខែវិច្ឆិកា​ឆ្នាំ​ ២០២០​ -​ មេ​សា​ ២០២១),"​ ថ្ងៃ​ទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១៨​ ខែតុលា​ ឆ្នាំ​២០២១​។​
  7. 8. "​កំណត់​ត្រា​នៃ​ការ​វិនិច្ឆ័យ​ហិរញ្ញវត្ថុ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​,"​ ពង្រាង​,​ ខែឧសភា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  8. 9. ​ធនាគារពិភពលោក​ និង​មធ្យោបាយ​សកល​សម្រាប់​កាត់​បន្ថយ​ និង​ស្តារ​គ្រោះ​មហន្តរាយ​,​ “​ អាស៊ាន​៖​ ការ​ជម្រុញ​ការ​ផ្តល់​ហិរញ្ញប្បទាន​ និង​ការ​ធានា​រ៉ាប់រង​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​៖​ ក្របខ័ណ្ឌ​ និង​ជម្រើស​សម្រាប់​អនុវត្ត​,"​ ខែមេសា​ ឆ្នាំ​២០១២,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  9. 10. ​រដ្ឋាភិបាល​កម្ពុជា​,​ “​កម្ពុជា​៖​ ការ​វាយតម្លៃ​អំពី​គ្រោះ​មហន្តរាយ​ក្រោយ​ខ្យល់ព្យុះ​កេ​ត​សា​ណា​,"​ ខែមីនា​ ឆ្នាំ​២០១០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  10. 11. "​កំណត់​ត្រា​នៃ​ការ​វិនិច្ឆ័យ​ហិរញ្ញវត្ថុ​ហានិភ័យ​គ្រោះ​មហន្តរាយ​នៅ​កម្ពុជា​,"​ ពង្រាង​,​ ខែឧសភា​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  11. 12. ​ដូច​ឯកសារយោង​ខាងលើ
  12. 13. ​ឡាយ​ សា​មាន​,​ "​សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​សង្គ្រោះ​ទឹកជំនន់​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ១​ ខែមេសា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  13. 14. ​អង្គការ​ JICA,​ “​ជំនួយ​គ្រាអាសន្ន​មក​កម្ពុជា​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រោះ​មហន្តរាយ​ទឹកជំនន់​,"​ ថ្ងៃ​ទី​ ២៣​ ខែតុលា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  14. 15. ​ FIDR,​ “​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​ជន​រង​គ្រោះ​ដោយ​ទឹកជំនន់​,"​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  15. 16. ​វេទិកា​ឆ្លើយ​តប​មនុស្សធម៌​កម្ពុជា​,​ “​ផែនការ​ឆ្លើយ​តប​ទឹកជំនន់​នៅ​កម្ពុជា​,"​ ថ្ងៃ​ទី​ ០៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  16. 17. ​បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ “​វ៉ាក់សាំង​ Sinopharm​ ចំនួន​ ៣០០.០០០​ ដូ​សនឹង​មក​ដល់​នៅ​ថ្ងៃ​ទី​ ៣១​ ខែមីនា​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  17. 18. ​មុំ​ គ​ន្ធា​, “​ចិន​សន្យា​ផ្តល់​វ៉ាក់សាំង​ Sinopharm​ ចំនួន​ ៥០​ ម៉ឺន​ដូ​ស​ដល់​កម្ពុជា​,"​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ២០​ ខែសីហា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  18. 19. ​បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ “​ជប៉ុន​បាន​ផ្តល់​វ៉ាក់សាំង​ AstraZeneca​ ចំនួន​ ១​ លាន​ដូ​ស​ដល់​ប្រទេស​កម្ពុជា​,”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ១៣​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  19. 20. ​បុគ្គលិក​ខ្មែរ​ថា​ម​ស៍​,​ "​ចក្រភព​អង់គ្លេស​បរិច្ចាគ​វ៉ាក់សាំង​ AstraZeneca​ ចំនួន​ ៤១៥.០០០​ ដូ​ស​ដល់​ប្រទេស​កម្ពុជា​,"​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  20. 21. ​បុគ្គលិក​ភ្នំពេញ​ប៉ុស្ដិ៍​,​ “វ៉ាក់សាំង​ច​នសុ​ន​និង​ច​ន​សុ​ន​កូ​វី​ដ​-១៩​ផលិត​នៅ​អា​មេ​រិ​កបាន​មក​ដល់​,”​ ភ្នំពេញ​ប៉ុស្ដិ៍​,​ ថ្ងៃ​ទី​ ០២​ ខែសីហា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  21. 22. ​នៅ​ ស៊ី​វត្ថា​, “USAID​ បរិច្ចាគ​ប្រាក់​ចំនួន​ ៤​ លាន​ដុល្លារ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​នៅ​កម្ពុជា​,”​ ភ្នំពេញ​ប៉ុស្តិ៍​,​ ថ្ងៃ​ទី​ ០៩​ ខែសីហា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  22. 23. ​មុំ​ គ​ន្ធា​,​ "​អង្គការ​ WHO​ បរិច្ចាគ​រថយន្ត​ដឹក​វ៉ាក់សាំង​ត្រជាក់​ចំនួន​ ៣​ សម្រាប់​យុទ្ធនាការ​កូ​វី​ដ​,"​ ថ្ងៃ​ទី​ ២៤​ ខែសីហា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  23. 24. ​មុំ​ គ​ន្ធា​ និង​វ៉​ន​ ដា​រ៉ា​,​ "​កម្ពុជា​ទទួល​បាន​ជំនួយ​ ២៨​ លាន​ដុល្លារ​សម្រាប់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩,"​ ភ្នំពេញ​ប៉ុស្ដិ៍​,​ ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
  24. 25. Rhea​ Mae​ Soco,​ "​ឥណ្ឌា​ផ្គត់ផ្គង់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​ ដោយ​ឥត​គិតថ្លៃ​ ១០០.០០០​ ដូ​ស​”​ ខ្មែរ​ថា​ម​ស៍​,​ ថ្ងៃ​ទី​ ០៨​ ខែកុម្ភៈ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​ ឆ្នាំ​២០២១​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

kZ9Nw
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!