ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន

​តម្រូវការ​ផ្នែក​ច្បាប់​បឋម​សម្រាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចែង​ក្នុង​មាតិកា​ទី​២​ គ​ន្ថី​ទី​៥​ នៃ​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​។​1​ ជំពូក​ទី​ ៣​ នៃ​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ឆ្នាំ​១៩៩៦2​ និង​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (១៩៩៩)​។​3

​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ចែង​ក្នុង​មាត្រា​ ៥៩​ ថា​៖

“​រដ្ឋ​ត្រូវ​រក្សា​ការពារ​បរិស្ថាន​ និង​តុល្យភាព​នៃ​ភោគទ្រព្យ​ធម្មជាតិ​ហើយ​ត្រូវ​ចាត់ចែងឱ្យមាន​ផែនការ​ច្បាស់លាស់​ក្នុង​ការ​គ្រប់គ្រង​ មាន​ជា​អាទិ៍​ ដីធ្លី​ ទឹក​ អាកាស​ ខ្យល់​ ភូគព្ភសាស្ត្រ​ ប្រព័ន្ធ​អេកូឡូស៊ី​ រ៉ែ​ ថាមពល​ ប្រេងកាត​ និង​ឧស្ម័ន​ ថ្ម​ និង​ខ្សាច់​ ត្បូង​ថ្ម​ ព្រៃឈើ​ និង​អនុ​ផល​ព្រៃឈើ​ពពួកសត្វ​ព្រៃ​ មច្ឆា​ជាតិ​ ធនធាន​ជលផល​។​”4

Environment minister Say Sam Al delivered a speech at the national consultation workshop on the draft EIA law. Photo by ODC, taken on 17 March 2015.

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ ឯកឧត្តម​ សាយ​ សំ​អាល់​ បាន​ថ្លែង​សុន្ទរកថា​ នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ ស្តី​ពី​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ រូបភាព​ដោយ​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ​ ថត​នៅ​ថ្ងៃ​ទី​ ១៧​ ខែមីនា​ ឆ្នាំ​ ២០១៥​។​ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0

​យោង​តាម​អនុក្រឹត្យ​ គម្រោង​ទាំងអស់​ត្រូវ​តែ​ឆ្លងកាត់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ (IEIA)​ ដើម្បី​កំណត់​ថា​តើ​គម្រោង​នេះ​ត្រូវ​បានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ​ឬ​អត់​។​ ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​ជំហាន​ដូច​ខាងក្រោម​ក្នុង​ដំណើរការ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​/​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​៖

  1. ​​ការ​ត្រួតពិនិត្យ​គម្រោង​
  2. ការ​ធ្វើ​វិសាលភាព​គម្រោង
  3. ​ការ​រៀបចំ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ផែនការ​គ្រប់គ្រង​បរិស្ថាន​ (EMP)
  4. ​ការ​ពិនិត្យ​ និង​វាយតម្លៃ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​
  5. ​ការ​យល់ព្រម​ឬ​ការ​បដិសេធ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​
  6. ​សំណង់​ប្រតិបត្តិការ​
  7. ​ការ​ត្រួតពិនិត្យ​តាមដាន​ការ​អនុវត្ត​ និង​ការ​អនុវត្ត​គម្រោង​។​

​យោង​តាម​ក្របខ័ណ្ឌ​ច្បាប់​ស្តី​ពី​កិច្ចការពារបរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ឆ្នាំ​១៩៩៦​ រាល់​ការ​អនុវត្ត​គម្រោង​វិនិយោគ​ និង​គម្រោង​ទាំងអស់​ដែល​ស្នើ​ដោយ​រដ្ឋ​ ត្រូវ​តែ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ (IEIA)​ របាយការណ៍​នៃ​ការ​សិក្សា​អំពី​លទ្ធភាព​ជា​មុន​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​កិច្ចការពារបរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ ​(​មាត្រា​៦​ និង​មាត្រា​៧)​។​5​ ឯកសារ​ថតចម្លង​មួយ​ច្បាប់​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​/​ស្ថាប័ន​ដែល​អនុម័ត​គម្រោង​ និង​ក្រសួងបរិស្ថាន​។​

​អនុក្រឹត្យ​ស្តី​លេខ​ ៧២​ ពី​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (១៩៩៩)​ តម្រូវ​ឱ្យ​មានការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​មួយ​រាល់​គ្រប់​គម្រោង​សាធារណៈ​ឬ​ឯកជន​ ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​ដែល​មាន​ចែង​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​នៃ​អនុក្រឹត្យ​នេះ​។​ សកម្មភាព​ទាំងនោះ​រួម​មាន​ គម្រោង​ក​សិ​-​ឧស្សាហកម្ម​ រោងចក្រ​ផ្នែក​ផលិតផល​ពី​ឈើ​ និង​ក្រដាស​ ការ​រុករក​រ៉ែ​ រោងចក្រ​សារធាតុ​គីមី​ វាយនភ័ណ្ឌ​ រោងចក្រ​ថាមពល​ ទេសចរណ៍​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​ ទោះជា​យ៉ាងណា​ អនុក្រឹត្យ​នេះ​មានការ​លើកលែង​លើ​ «​គម្រោង​ទាំងឡាយ​ណា​ដែល​មាន​លក្ខណៈ​ពិសេស​ និង​មាន​សារៈសំខាន់​ខ្លាំង​ ដែល​សម្រេច​ដោយ​រាជរដ្ឋាភិបាល​»​ (​មាត្រា​ ២​ និង​ឧ​ប​សម្ព័ន្ធ​)​។​6

​ផែនការ​ជាតិ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​ឆ្នាំ​ ២០១៦-២០២៣7​ ត្រូវ​បាន​អនុម័ត​ដោយ​រាជរដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៧​ ស្រប​តាម​មាត្រា​៥៩​នៃ​រដ្ឋធម្មនុញ្ញ​ “​ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ស្ថាប័ន​ និង​អ្នក​ពាក់ព័ន្ធ​ដែល​ទទួលខុសត្រូវ​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ដោយសារ​បញ្ហា​បរិស្ថាន​ គឺជា​បញ្ហា​អន្តរ​វិស័យ​”​។​ ផែនការ​ជាតិ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​ គឺជា​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​ ចក្ខុវិស័យ​របស់​ផែនការ​ជាតិ​ និង​ផែនការ​សកម្មភាព​បរិស្ថាន​គឺ​ដើម្បី​ “​ពង្រឹង​លក្ខន្តិកៈ​ និង​អានុភាព​សម្រាប់​បរិស្ថាន​ និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ និង​ការ​អភិរក្ស​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ប្រកបដោយ​ចីរភាព​ និង​ស្ថេ​រ​ភាព​នៅ​កម្ពុជា​”​ ។​

ផែនការ​យុទ្ធសាស្ត្រ​ការ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​២០១៤-២០២៣8​ បាន​កំណត់​ការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ច្បាប់​ស្តី​ពី​បរិស្ថាន​ និង​ច្បាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ដែល​ជា​វិស័យ​អាទិភាព​ក្នុង​ការ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​នៃ​ប្រទេស​កម្ពុជា​។​ ច្បាប់​នេះ​តម្រូវ​ឱ្យ​មានការ​រួម​បញ្ចូល​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ទៅ​ក្នុង​គម្រោង​ទាំងអស់​។​ ការ​ដាក់​បញ្ចូល​ការ​ពិចារណា​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ទៅ​ក្នុង​ក្របខ័ណ្ឌ​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​យុទ្ធសាស្ត្រ​អាទិភាព​ (៥.៣​ គោលដៅ​ និង​យុទ្ធសាស្ត្រ​)​ ។​

នៅ​ថ្ងៃ​ទី​០៣​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ ក្រសួងបរិស្ថាន​បាន​ចេញ​ប្រកាស​លេខ​ ០២១​ ស្តី​ពី​ការ​ចាត់​ថ្នាក់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ ដែល​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​បន្ថែម​លើ​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ចុះ​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​១៩៩៩​ និង​ប្រកាស​រួម​លេខ​ ១៤២៨​ ស្តី​ពី​ថ្លៃ​សេវា​សាធារណៈ​ចុះ​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​ ដែល​ចេញ​ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ប្រកាស​លេខ​ ០២១​ មាន​គោលបំណង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ គឺ​ដើម្បី​ចាត់​ថ្នាក់​គម្រោង​វិនិយោគ​ណា​ដែល​ជា​កម្មវត្ថុ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ​ ដោយ​ផ្អែក​លើ​លក្ខណៈ​និង​/​ឬ​ទំហំ​នៃ​គម្រោង​។​ គួរ​កត់សម្គាល់​ផង​ដែរ​ថា​ ក្នុង​ប្រកាស​លេខ​០២១​ សំណួរ​ថា​តើ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ​ត្រូវ​បាន​ទាមទារ​សម្រាប់​គម្រោង​ជាក់លាក់​ណាមួយ​ ដែល​សំណួរ​នេះ​ពិបាក​សម្រេច​ ហើយ​ជា​ទូទៅ​ត្រូវ​មានការ​បញ្ជាក់​ពី​ក្រសួងបរិស្ថាន​លើ​ករណី​នីមួយៗ​ដោយ​ផ្អែក​លើ​ករណី​នីមួយៗ​។​ គោលដៅ​នៃ​ប្រកាស​នេះ​គឺ​ ការ​ចាត់​ថ្នាក់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ដែល​តម្រូវ​ឱ្យ​មាន​កិច្ចសន្យា​ការពារ​បរិស្ថាន​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ​។​ ប្រកាស​នេះ​ត្រូវ​បាន​អនុវត្ត​ចំពោះ​រាល់​សំណើរ​នៃ​គម្រោង​អភិវឌ្ឍន៍​ដែល​រួម​មាន​គម្រោង​ដែល​មាន​ស្រាប់​ និង​កំពុង​បន្ត​របស់​បុគ្គល​ ឯកជន​ រឺ​ក្រុមហ៊ុន​ឯកជន​ ក្រុមហ៊ុន​បណ្តាក់ទុន​រួម​គ្នា​ ក្រុមហ៊ុន​សាធារណៈ​ ឬ​ក្រសួង​ ឬ​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​។​

ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​ នៅ​ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣​ ហើយ​ក្រម​នេះ​នឹង​ត្រូវ​បាន​យក​ទៅ​អនុវត្ត​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ក្រោយ​ការ​ចូល​ជា​ធរមាន​នៃ​ក្រម​នេះ​។​9​ ក្រម​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​ផ្អែក​លើ​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ក្នុង​វិស័យ​បរិស្ថាន​ និង​ធនធានធម្មជាតិ​ ដែល​ត្រូវ​បាន​ធ្វើ​សមាហរណកម្ម​ សុខដុម​នី​យ​កម្ម​ និង​ធ្វើ​ទំនើប​កម្ម​ ឱ្យ​ឆ្លើយ​តប​នឹង​និន្នាការ​វិវត្តន៍​នៃ​សង្គម​។​ ក្រម​ថ្មី​នេះ​ ក៏​ដូច​ជា​ច្បាប់​របស់​កម្ពុជា​ទាំងអស់​ គឺ​ត្រូវ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ ដែល​រួម​បញ្ចូល​តម្រូវការ​សម្រាប់​ការ​ការពារ​បរិស្ថាន​។​ គ​ន្លី​ទី​៥​ “​ការ​វាយតម្លៃ​បរិស្ថាន​”​ មាន​មាតិកា​ពីរ​គឺ​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ (SEA)​ និង​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ (EIA)​ ដែល​មាន​ ៨០​ មាត្រា​ (១១​ មាត្រា​នៃ​ SEA​ និង​ ៦៩​ មាត្រា​នៃ​ EIA)​។​ ការ​អនុវត្ត​ SEA​ អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​ពិចារណា​ជម្រើស​ដ៏​ទូលំទូលាយ​មួយ​ ដោយ​កាត់​បន្ថយ​បញ្ហា​ដែល​អាច​កើត​មាននៅ​ដំណាក់កាល​ដំបូង​។​

ដំណើរការ​របស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

​មាន​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ដើម្បី​រក​ប្រាក់​ចំណេញ​ជា​ច្រើន​ដែល​ផ្សាយពាណិជ្ជកម្ម​សេវាកម្ម​របស់​ពួក​គេ​ក្នុង​ការ​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ សេវាកម្ម​ទាំងនេះ​ធ្វើការ​ដោយ​ផ្ទាល់​សម្រាប់​ក្រុមហ៊ុន​គម្រោង​។​ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​ក្នុង​ក្រសួងបរិស្ថាន​ពិនិត្យ​មើល​របាយការណ៍​នេះ​ ប៉ុន្តែ​មិនមែន​ជា​អ្នក​ធ្វើ​របាយការណ៍​ដោយ​ខ្លួនឯង​ទេ​។​ ក្រៅពី​ម្ចាស់​គម្រោង​ អ្នក​ពិគ្រោះ​យោបល់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​អាជ្ញាធរ​បរិស្ថាន​ គឺជា​តួអង្គ​ពីរ​ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​គុណភាព​នៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​

​យោង​តាម​ប្រកាស​លេខ​ ៣៧៦​ ស្តី​ពី​ប្រកាស​ស្តី​ពី​គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ធ្វើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​និង​ពេញលេញ​10​ នៅ​ពេល​ដែល​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ​ត្រូវ​បាន​ដាក់​ជូន​ក្រសួង​ វា​ត្រូវ​តែ​វាយតម្លៃ​ក្នុង​រយៈពេល​ ៣០​ ថ្ងៃ​។​ ក្នុង​ពេលវេលា​នេះ​ គេ​តម្រូវ​ឱ្យ​មានការ​ចុះ​ពិនិត្យ​ទីតាំង​ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ដែល​រង​ផល​ប៉ះពាល់​គម្រោង​ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត​។​ មាត្រា​ ៩​ ចែង​ថា​មន្ទីរ​ជាតិ​ ឬ​ខេត្ត​ដែល​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ និង​ផ្តល់​យោបល់​លើ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ឬ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ​។​

បន្ទាប់​ពី​ការ​ត្រួតពិនិត្យ​បច្ចេកទេស​ គេ​នឹង​ធ្វើការ​ប្រជុំ​ពហុភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត​ ដែល​រួម​មាន​ក្រសួង​ផ្សេង​ទៀត​ និង​អ្នក​ពាក់ព័ន្ធ​ ដែល​ក្នុងអំឡុងពេល​នោះ​អនុសាសន៍​នឹង​ត្រូវ​បាន​ពិចារណា​។​ បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​ អនុសាសន៍​ចុង​ក្រោយ​ត្រូវ​បាន​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា​ តើ​ត្រូវ​យល់ព្រម​ ឬ​បដិសេធ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ដំបូង​ ឬ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ពេញលេញ​។​ ប្រសិនបើ​ត្រូវ​បាន​អនុម័ត​ វិ​ញ្ញាប​ន​ប័ត្រ​អនុម័ត​ ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិ​ស្ថា​ នឹង​ត្រូវ​បាន​ចេញ​រួម​គ្នា​ជាមួយនឹង​ល័ក្ខខ័ណ្ឌ​ណាមួយ​ដែល​ត្រូវ​បាន​ដាក់​លើ​គម្រោង​។​

កិច្ច​ដំណើរការ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ សម្រាប់​គម្រោង​ស្នើ​សុំ​ដែល​អនុម័ត​ដោយ​ស្ថាប័ន​អនុម័ត​គម្រោង​ ឬ​អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​ ពី​ប្រកាស​ស្តី​ពី​គោលការណ៍​ណែនាំ​ទូទៅ​ ឆ្នាំ​២០០៩​។

កិច្ច​ដំណើរការ​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ សម្រាប់​គម្រោង​ស្នើ​សុំ​ដែល​អនុម័ត​ដោយ​ស្ថាប័ន​អនុម័ត​គម្រោង​ ឬ​អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​ ពី​ប្រកាស​ស្តី​ពី​គោលការណ៍​ណែនាំ​ទូទៅ​ ឆ្នាំ​២០០៩​។

នៅ​ប្រទេស​កម្ពុជា​ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGOF)​ និង​បណ្តាញ​ EISEI​ របស់​អង្គការ​ការ​អភិវឌ្ឍន៍​ និង​ភាព​ជា​ដៃគូ​ក្នុង​សកម្មភាព​ (DPA)​ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល​ដល់​អង្គការ​សង្គម​ស៊ី​វិល​ក្នុង​ការ​ផ្តល់​មតិ​ទៅ​លើ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ បន្ទាប់​ពី​ពួក​គេ​ទទួល​បាន​សេចក្តី​ព្រាង​របាយការណ៍​ពី​ក្រសួងបរិស្ថាន​។​

ការ​ត្រួតពិនិត្យ​តាមដាន​

​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ផ្តល់​ការ​ទទួលខុសត្រូវ​ពេញលេញ​ដល់​ក្រសួងបរិស្ថាន​ ដើម្បី​អង្កេត​តាមដាន​គម្រោង​។​11​ ការ​អង្កេត​តាមដាន​ គួរ​ធ្វើ​ក្នុងអំឡុងពេល​នៃ​ការ​សាងសង់​ ការ​ប្រតិបត្តិការ​ និង​ការ​បញ្ចប់​គម្រោង​។​12​ នាយកដ្ឋាន​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គឺជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ពិនិត្យ​ និង​មាន​តួនាទី​ទៅ​លើ​ការ​ពិនិត្យ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​។​ ស្ថាប័ន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការ​អនុម័ត​គម្រោង​ អាច​ប្រព្រឹត្ត​ទៅ​បាន​បន្ទាប់​ពី​ការ​ពិចារណា​លើ​ការ​រក​ឃើញ​លទ្ធផល​ និង​អនុសាសន៍​ពី​ក្រសួងបរិស្ថាន​។​13

ទំនួល​ខុស​ត្រូវ​ក្នុង​ការ​តាមដាន​ ការ​អនុលោម​តាម​ និង​ការ​អនុវត្ត​ត្រូវ​បាន​បែងចែក​រវាង​ភាគី​នានា​ អាស្រ័យ​ទៅ​លើ​កម្រិត​នៃ​រដ្ឋាភិបាល​ (​ថ្នាក់​ជាតិ​ ឬ​ខេត្ត​)​ ដែល​ជា​ស្ថាប័ន​អនុម័ត​សម្រាប់​គម្រោង​នេះ​។​ បទ​ប្បញ្ញត្តិ​សម្រាប់​ការ​តាមដាន​ ការ​កត់ត្រា​រក្សា​ និង​ការ​ត្រួតពិនិត្យ​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ផង​ដែរ​។​14​ ក្នុង​ជំពូក​ ៦​ ក្រសួងបរិស្ថាន​គឺ​ត្រូវ​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ការ​តាមដាន​ កត់ត្រា​រក្សា​ និង​ត្រួតពិនិត្យ​ (​សូម​មើល​មាត្រា​ ១៤​ និង​ ១៥)​។​ ក្នុង​មាត្រា​ ១៥​ មាន​ចែង​ពី​កាតព្វកិច្ច​របស់​អ្នកត្រួតពិនិត្យ​ថា​ ត្រូវ​រាយការណ៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​អំពី​ការ​រំលោភ​ណាមួយ​ ដើម្បី​ចាត់វិធានការ​ស្រប​តាម​ច្បាប់​។​

បញ្ហា​ប្រឈម​

​ការ​ទទួល​បាន​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​មាន​កម្រិត​ គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​មួយ​សម្រាប់​សាធារណជន​ក្នុង​ការ​ផ្តល់​យោបល់​លើ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ និង​ធានា​ឱ្យ​មានការ​ពិគ្រោះ​យោបល់​ដែល​ប្រកបដោយ​អត្ថន័យ​។​ គិត​ត្រឹម​ឆ្នាំ​២០២០​ នៅ​ក្នុង​គេហទំព័រ​បើក​ទូលាយ​សម្រាប់​ឯកសារ​ទាក់ទង​នឹង​គម្រោងការ​ត្រួតពិនិត្យ​បរិស្ថាន​ដំបូង​ ឬ​របាយការណ៍​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​របស់​អ្នកចូលរួម​គម្រោង​ គឺ​មិន​អាច​ចូល​ទៅ​ប្រើប្រាស់​ដោយ​ងាយ​នោះ​ទេ​។​ បើ​ទោះបីជា​ក្រសួងបរិស្ថាន​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទាក់ទង​នឹង​គម្រោង​ក៏​ពិតមែន​ ប៉ុន្តែ​ជា​រឿយៗ​ នៅ​ពេល​មាន​តម្រូវការ​ ឥរិយាបថ​របស់​មន្ត្រី​ការ​ផ្តល់​ព័ត៌មាន​ហាក់ដូចជា​មានការ​ស្ទាក់ស្ទើរ​។​ ដោយ​សំអាង​ថា​ ការងារ​នេះ​ត្រូវ​ប្រើ​ពេលវេលា​យូរ​ និង​ការ​ទទួលយក​មតិយោបល់​ត្រលប់​ទៅ​វិញ​មាន​កម្រិត​ទាប​ វា​ត្រូវ​បាន​គេ​រំពឹង​ថា​មាន​ប្រជាជន​ក្នុងស្រុក​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​សុខចិត្ត​ឆ្លងកាត់​ដំណើរការ​លំបាក​ក្នុង​ការ​ទទួល​បាន​ឯកសារ​ ហើយ​ពួក​គេ​ប្រហែលជា​ពិបាក​យល់​ បើ​ទោះបីជា​គេ​អាច​ស្វែង​រកបាន​ឯកសារ​ក៏​ដោយ​។​

​វា​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា​ ក្រប​ខណ្ឌ​ច្បាប់​របស់​ប្រទេស​កម្ពុជា​ សម្រាប់​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ គឺ​មិន​មាន​លក្ខណៈ​ពេញលេញ​នោះ​ទេ​ ហើយ​ច្បាប់​ស្តី​ពី​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ក៏​កំពុង​ស្ថិត​ក្នុង​ដំណើរការ​ពង្រាង​។​ ប៉ុន្តែ​បញ្ហា​ប្រឈម​ជាក់ស្តែង​ នៅ​កើត​មាន​ក្នុង​ការ​ធានា​ថា​ សុចរិត​ភាព​នៃ​ដំណើរការ​របស់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​អនុលោម​តាម​។​ អ្នកសង្កេតការ​មួយ​រូប​ ពោល​ថា​ «​តម្រូវការ​សម្រាប់​ការ​វាយតម្លៃ​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ នៅ​តែ​ត្រូវ​បាន​គេ​ចាត់ទុកជា​ទូទៅ​ថា​ ជា​តម្រូវការ​បន្ទាប់បន្សំ​សម្រាប់​ការ​អភិវឌ្ឍ​។​ សារៈសំខាន់​នៃ​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ មិន​ទាន់​ត្រូវ​បាន​ទទួលស្គាល់​យ៉ាង​ពេញលេញ​ តួយ៉ាង​ក្រសួង​នានា​នៃ​រាជរដ្ឋាភិបាល​ ដែល​ទទួល​បន្ទុក​លើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ ឧស្សាហកម្ម​ និង​កសិកម្ម​»​។​15​ គម្រោង​មួយ​ចំនួន​បាន​ចាប់ផ្តើម​សកម្មភាព​ ខណៈ​ពេល​ដែល​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៅ​កំពុង​ដំណើរការ​ និង​គម្រោង​មួយ​ចំនួន​ទៀត​ បាន​ធ្វើការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​បង្ហាញ​ជា​សាធារណៈ​ឡើយ​។​

​តម្រូវការ​ថ្មី​សម្រាប់​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​ឆ្លង​ព្រំដែន​ ការ​វាយតម្លៃ​បរិស្ថាន​ជា​យុទ្ធសាស្ត្រ​ និង​ការ​ពិចារណា​លើ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​ដែល​មាន​ចែង​នៅ​ក្នុង​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​អាច​ប្រឈម​នឹង​បញ្ហា​ក្នុង​ការ​អនុវត្ត​នា​ពេល​អនាគត​។​

ទាក់ទង​នឹង​ការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​

បច្ចុប្បន្នភាពចុង​ក្រោយ​៖ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣

ឯកសារយោង

  1. 1. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ក្រម​បរិស្ថាន​ និង​ធនធានធម្មជាតិ​,”​ ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣
  2. 2. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​,”​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​១៩៩៦​ (​មាត្រា​ ៦​ និង​ ៧),​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  3. 3. ​រដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​ស្តី​ពី​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​,”​ ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​១៩៩៩​ បាន​ចូល​អាន​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  4. 4. “​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ឆ្នាំ​១៩៩៣​ (​មាត្រា​ ៥៩)​។​
  5. 5. ​ រាជរដ្ឋាភិបាល​កម្ពុជា​ “​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​,”​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​១៩៩៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  6. 6. ​ រាជរដ្ឋាភិបាល​កម្ពុជា​ “​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​,”​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​១៩៩៦​ (​មាត្រា​ ២​ និង​ឧ​ប​សម្ព័ន្ធ​),​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  7. 7. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ផែនការ​ជាតិ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ឆ្នាំ​ ២០១៦-២០២៣,”​ ឆ្នាំ​២០១៧,​ បាន​ចូល​អាន​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  8. 8. ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​ “​ផែនការ​យុទ្ធសាស្ត្រ​ការ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​២០១៤-២០២៣,”​ ឆ្នាំ​២០១៣,​ បាន​ចូល​អាន​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  9. 9. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ព្រះរាជក្រម​លេខ​ ន​ស​/​រកម​/០៦២៣/០០៧​ ស្តី​ពី​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ​,”​ ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០២៣,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  10. 10. ​ក្រសួងបរិស្ថាន​,​ “​ប្រកាស​លេខ​ ៣៧៦​ ស្តី​ពី​គោលការណ៍​ណែនាំ​ទូទៅ​សម្រាប់​ធ្វើ​របាយការណ៍​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ដំបូង​និង​ពេញលេញ​,”​ ថ្ងៃ​ទី​០២​ ខែកញ្ញា​ ឆ្នាំ​២០០៩,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  11. 11. Schulte,​ W.,​ Stetser,​ A,​ “​នៅ​លើ​មាគ៌ា​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​៖​ ការ​វាយតម្លៃ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​របស់​ប្រទេស​កម្ពុជា​,”​ ឆ្នាំ​២០១៤​ បាន​ចូល​អាន​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  12. 12. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ៧២​ ស្តី​ពី​កិច្ច​ដំណើរការ​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​,”​ ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​១៩៩៩​ (​មាត្រា​៣),​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  13. 13. ​ដូច​ឯកសារយោង​ខាង​ដើម​ (​មាត្រា​ ៤)​។​
  14. 14. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​ការពារ​បរិស្ថាន ​និង​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​,”​ ថ្ងៃ​ទី​២៤​ ខែធ្នូ​ ឆ្នាំ​១៩៩៦,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
  15. 15. ​សំ​ ចំរើន​,​ “​ការ​អភិវឌ្ឍ​ធនធានទឹក​កម្ពុជា​៖​ ការ​ពិនិត្យ​ឡើង​វិញ​នៃ​គោលនយោបាយ​ និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​,”​ ឆ្នាំ​២០០៧,​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​០៣​ ខែសីហា​ ឆ្នាំ​២០២៣​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3npFN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!