ព្រៃឈើ និងរុក្ខាប្រមាញ់

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រៃឈើនៃប្រទេសកម្ពុជា ត្រូវបានមើលឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់ទៅលើគម្របព្រៃឈើសរុប និងគម្របព្រៃស្ដុក ដោយសារកំណើននៃចម្ការដំណាំជាពិសេសកៅស៊ូ ការបង្កើតព្រៃការពារ និងសហគមន៍ព្រៃឈើ និងបញ្ហាដែលកំពុងបន្តជាមួយនឹងការកាប់ឈើខុសច្បាប់។

8499155449_1235a88784_k

​ព្រៃឈើ​។ រូបភាព ថតដោយ Moyan Brenn, ១០ កុម្ភះ ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY 2.0

នៅឆ្នាំ១៩៧៣ ប្រទេសកម្ពុជា មានព្រៃឈើសរុបចំនួន ១៣,១៤លាន ហិកតា ដែលក្នុងនោះព្រៃស្ដុកមានចំនួន ៧,៦លាន ហិកតា។ គិតត្រឹមឆ្នាំ២០១៤ គម្របព្រៃឈើសរុប បានធ្លាក់ចុះដល់ ៨,៧លាន ហិកតា។ ជាលើកដំបូងក្នុងរយៈពេល ៤១ឆ្នាំ ដែលភាគរយនៃគម្របដីមិនមែនព្រៃ (៤៨,៤ ភាគរយ) មានទំហំធំជាងគម្របព្រៃឈើ (៤៧,៧ ភាគរយ)។ ព្រៃស្ដុក បានថយចុះសល់តែ ៣ លានហិកតា។1

លោកអ្នក អាចមើលឃើញអន្តរកម្មនៃការផ្លាស់ប្តូរគម្របព្រៃឈើ នៅទីនេះ

ដោយហេតុថា ៨០ ភាគរយ នៃចំនួនប្រជាជនសរុបរបស់កម្ពុជា រស់នៅតាមតំបន់ជនបទ ហេតុនេះព្រៃឈើ ដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅ ព្រោះវាជាប្រភពនៃអាហារ ឱសថ សម្ភារៈសំណង់ ហើយក៏ជាប្រភពនៃវត្ថុធាតុដើម និងទំនិញសម្រាប់ជំនួញខ្នាតតូច។ លើសពីការចិញ្ចឹមជីវិត ព្រៃឈើក៏មានប្រយោជន៍ផ្នែកបេតិកភ័ណ្ឌ និងវប្បធម៌ជាច្រើន សម្រាប់មនុស្ស។

រដ្ឋបាល និងការគ្រប់គ្រងព្រៃឈើ

ច្បាប់ស្តីពីព្រៃឈើ ឆ្នាំ២០០២ កំណត់ក្របខណ្ឌសម្រាប់ការគ្រប់គ្រង ការប្រមូលផល ការប្រើប្រាស់ ការអភិវឌ្ឍ និងការអភិរក្សព្រៃឈើ នៅក្នុងប្រទេសកម្ពុជា។2

ព្រៃឈើ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ ដែលជាផ្នែកមួយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

មធ្យោបាយដែលព្រៃឈើត្រូវបានគ្រប់គ្រង មានឥទ្ធិពលយ៉ាងខ្លាំងទៅលើផ្នែកជាច្រើននៃជីវិតដែលមានចែងនៅក្នុងឃ្លាបេសកកម្មនៃកម្មវិធីព្រៃឈើជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ ២០១០-២០២៩៖

«បេសកកម្មរួមរបស់យើង គឺដើម្បីជម្រុញការគ្រប់គ្រង និងការអភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព សម្រាប់ការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ធ្វើឱ្យជីវភាពប្រសើរឡើង មានកំណើនសេដ្ឋកិច្ច និងការការពារបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងបេតិកភ័ណ្ឌវប្បធម៌របស់យើង»។​ 3

កម្មវិធីព្រៃឈើជាតិ មានកម្មវិធីធំៗចំនួន៦ ដែលនឹងត្រូវអនុវត្ត និងត្រួតពិនិត្យតាមដាន ជាង ២០ឆ្នាំ៖

  • ការបោះបង្គោល ការចាត់ថ្នាក់ និងការចុះបញ្ជីព្រៃឈើ
  • ការអភិរក្ស និងការអភិវឌ្ឍធនធានព្រៃឈើ និងជីវៈចម្រុះ
  • ការ​ពង្រឹង​ច្បាប់​ និង​អភិបាលកិច្ច​ព្រៃឈើ​
  • សហគមន៍​ព្រៃឈើ​
  • ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ការ​ស្រាវជ្រាវ​
  • ការផ្តល់ហិរញ្ញប្បទានព្រៃឈើប្រកបដោយនិរន្តរភាព។4

ការការពារព្រៃឈើ

ហានិភ័យនៃការបាត់បង់ព្រៃឈើនៅកម្ពុជា ត្រូវបានទទួលស្គាល់ និងលើកឡើងជាយូរមកហើយ។ ឧទាហរណ៍ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់កម្ពុជា រួមមានចំណុចដៅជាក់លាក់ (ផ្នែកមួយនៃគោលដៅទី៧) ដែលកម្ពុជាគួររក្សាគម្របព្រៃឈើឱ្យបាន ៦០ ភាគរយនៅឆ្នាំ២០១៥5 ប៉ុន្តែ​គោលដៅ​នេះ​មិន​បាន​សម្រេច​ឡើយ​។​ ដូចដែល​បាន​កត់សម្គាល់​ខាងលើ​ គម្រប​ព្រៃឈើ​នា​ពេល​បច្ចុប្បន្ន​ គឺ​មាន​កម្រិត​ទាប​ជាង​នេះ​ ប្រមាណ​ ៤៨​ ភាគរយ​ប៉ុណ្ណោះ​។

តំបន់ព្រៃការពារ ជាទូទៅ ត្រូវបានបង្កើតឡើងនៅក្រោមអនុក្រឹត្យដាច់ដោយឡែក សម្រាប់គោលបំណង ការការពារ និងការអភិរក្សជីវៈចម្រុះ។ សំណុំទិន្នន័យអូឌីស៊ី បង្ហាញពីតំបន់ព្រៃការពារចំនួន ៩ កន្លែង ដែលមានទំហំចាប់ពី ២២៨៥ ហិកតា ក្នុងខេត្តតាកែវ រហូតដល់ ៤០១,៣១៣ ហិកតា នៃព្រៃការពារនៅតំបន់ជួរភ្នំក្រវាញភាគកណ្តាល។ ព្រៃឈើទាំងនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ និងពេលខ្លះទទួលជំនួយបច្ចេកទេសពីស្ថាប័ន ដូចជាអង្គការ WWF ផងដែរ។

សហគមន៍ព្រៃឈើ

សហគមន៍​ជនបទ​ជា​ច្រើន​ ពឹងផ្អែក​លើ​ព្រៃឈើ​ យ៉ាង​ហោច​ណាស់​ជា​ផ្នែក​មួយ​សម្រាប់​ជីវភាព​រស់នៅ​របស់​ពួក​គេ​ រួម​មាន​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ នៅ​ក្នុង​ខេត្តរតនគិរី​ មណ្ឌលគិរី​ និង​ខេត្ត​ផ្សេងៗ​ទៀត​។

ច្បាប់​ស្តី​ពី​ព្រៃឈើ​ ផ្តល់​នូវ​មូលដ្ឋាន​ច្បាប់​សម្រាប់​សហគមន៍​ជនបទ​ ក្នុង​ការ​ប្រើប្រាស់​ និង​ការ​ជួយ​គ្រប់គ្រង​ព្រៃឈើ​ តាម​រយៈ​សហគមន៍​ព្រៃឈើ​។​ អនុក្រឹត្យ​ឆ្នាំ​២០០៣​ ស្តី​ពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​ បាន​កំណត់​ច្បាប់​សម្រាប់​ការ​បង្កើត​ ការ​គ្រប់គ្រង​ និង​ការ​ប្រើប្រាស់​សហគមន៍​ព្រៃឈើ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ សំណុំ​ទិន្នន័យ​អូ​ឌី​ស៊ី​ បង្ហាញ​ពី​សហគមន៍​ព្រៃឈើ​ចំនួន​ ៣៣៧​ ដែល​មាន​ទំហំ​ចាប់ពី​ ១០​ ហិ​កតា​ ទៅ​ ៥,០០០​ ហិ​កតា។

គម្រោង​មួយ​ចំនួន​កំពុង​ជួយ​សហគមន៍​ ដើម្បី​ការពារ​ព្រៃឈើ​។​ ឧទាហរណ៍​ នៅ​ខែមីនា​ ឆ្នាំ​២០១៨​ គម្រោង​រយៈពេល​ ៥​ ឆ្នាំ​ ស្មើនឹង​ទឹកប្រាក់​ចំនួន​ ៣,៤​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ទទួល​បានការ​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប​ និង​អង្គការ​ WWF​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​សហគមន៍​ព្រៃឈើ​ នៅ​ក្នុង​ខេត្តមណ្ឌលគិរី​។​ គម្រោង​នេះ​មាន​គោលបំណង​ជួយ​ដល់​ ២០០០​ គ្រួសារ​ ដែល​រស់នៅ​ក្នុង​ ៣៤​ ភូមិ​ នៅ​ក្នុង​តំបន់​ការពារ​ចំនួន​ពីរ​ ដើម្បី​ការពារ​ព្រៃឈើ​របស់​ពួក​គាត់​ពី​សម្ពាធ​ខាងក្រៅ​។6

ផលិតផល និងឧស្សាហកម្មព្រៃឈើ

ផលិតផលព្រៃឈើ ចែកចេញជាពីរប្រភេទ៖ (១) ផលិតផល ដូចជា ជ័រទឹក អាហារ ចំណីសត្វ ក្រមួនឃ្មុំ និងសម្ភារៈសំណង់ ដែលប្រមូលក្នុងទ្រង់ទ្រាយខ្នាតតូច ជាលក្ខណៈបុគ្គល គ្រួសារ និងសហគមន៍ និង (២) ផលិតកម្មពាណិជ្ជកម្មខ្នាតធំ។

ប្រាក់​ចំណូល​ ដែល​បាន​ពី​ចម្ការ​រុក្ខា​សាស្ត្រ​ខ្នាត​ធំ​ មាន​ទំហំ​ ៣៩០​ លាន​ដុល្លារ​អា​មេ​រិ​ក​ នៅ​ក្នុង​ឆ្នាំ​ ២០១១7 ឬស្មើនឹង ៣,២ ភាគរយ នៃផ.ស.ស។ នៅក្នុងឆ្នាំ២០១១ កៅស៊ូ និងដូងប្រេងដែលជាផលិតផលរុក្ខាសាស្ត្រសំខាន់នៅកម្ពុជា គឺជាផលិតផលនាំចេញធំទីមួយ និងទីពីរ បើគិតលើទំហំតម្លៃ។8 ចាប់ទាំងពីដើមឆ្នាំ២០១១ បើទោះបីជាតម្លៃកៅស៊ូ បានធ្លាក់ចុះច្រើនជាងពាក់កណ្តាលក៏ដោយ តំបន់ដាំដុះកៅស៊ូនៅតែកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ច។ 9 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា កម្ពុជាមានចំការកៅស៊ូ ច្រើនជាង ៣២៥,៩០០ ហិកតា នៅក្នុងឆ្នាំ២០១៣។10 ទំហំនេះបានកើនឡើងដល់ ៤៣៣,៨២៧ ហិកតា នៅពាក់កណ្ដាលឆ្នាំ២០១៧។11

ការកាប់ឈើខុសច្បាប់

ជាញឹកញាប់ មានរបាយការណ៍ដែលនិយាយអំពីការកាប់ឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា និងការនាំចេញឈើខុសច្បាប់ ដែលពាក់ព័ន្ធទៅនឹងក្រុមមនុស្សគ្រប់កម្រិតទាំងអស់ក្នុងសង្គម។ មន្ត្រីរាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ខេត្ត ព្រមទាំងសមាជិកនៃកងកម្លាំងប្រដាប់អាវុធ និងនគរបាល ត្រូវបានធ្វើការស៊ើបអង្កេត ឬចាប់ខ្លួនជាច្រើនដង។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៥ អង្គការអន្តរជាតិ Global Witness បានចេញរបាយការណ៍មួយ ដែលបញ្ចេញឈ្មោះអ្នកជំនួញមួយរូបដ៏ល្បីល្បាញនៅកម្ពុជា ជាប់ទាក់ទងក្នុងការកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ ដោយមានការឃុបឃិតគ្នាជាផ្លូវការ។12 មានការកាប់ឈើដោយខុសច្បាប់ នៅក្នុងតំបន់ការពារ និងដែនជម្រកសត្វព្រៃ។ មិនទាន់មានទិន្នន័យជាក់លាក់ណាមួយដែលអាចជឿទុកចិត្តបាន ចំពោះតម្លៃនៃការកាប់ និងនាំចេញឈើប្រណីតខុសច្បាប់ មានទំហំប៉ុណ្ណានោះទេ ប៉ុន្តែវាទំនងជាមានទំហំធំ។13

នៅក្នុងខែមករា ឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យមានការបង្កើតគណៈកម្មការមួយ ដើម្បីលុបបំបាត់ការកាប់ព្រៃឈើខុសច្បាប់ ដោយអនុវត្តក្នុងខេត្តចំនួន៦ ជាគោលដៅជំហានដំបូង14 ក្រុមអ្នកអភិរក្សសំខាន់ៗ បានសាទរចំពោះសកម្មភាពនេះ ហើយពួកគេបានសន្យាថានឹងផ្តល់ការគាំទ្រ ប៉ុន្តែពួកគេក៏បានបង្ហាញនូវការព្រួយបារម្ភផងដែរថា ការបង្កើតគណៈកម្មការនេះអាចគ្រាន់តែសម្រាប់បង្ហាញឱ្យតែល្អមើល ឬយ៉ាងណា។15

របាយការណ៍ឆ្នាំ២០១៨ ចេញដោយទីភ្នាក់ងារស៊ើបអង្កេតបរិស្ថានបាននិយាយថា ការកាប់ឈើខុសច្បាប់កំពុងបន្តមាន ដោយឈើទាំងនោះនឹងដឹកចេញទៅប្រទេសវៀតណាម៖16

“ទីភ្នាក់ងារស៊ើបអង្កេតបរិស្ថាន (EIA) បានរកឃើញតំបន់សំខាន់ៗចំនួន ៣ នៅក្នុងប្រទេសកម្ពុជា ដែលមានការកាប់ឈើខុសច្បាប់ជាច្រើនកំពុងដំណើរការគឺ ឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងខេត្តរតនគិរី តំបន់ព្រៃដែលនៅព័ទ្ធជុំវិញទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង និងដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី។ EIA បានអង្កេតតាមដានកំណាត់ឈើពីកន្លែងទាំងនេះ ទៅដល់កន្លែងដែលគេដឹកចូលទៅប្រទេសវៀតណាម។”

បានធ្វើបច្ចុប្បន្នភាព៖ ៣០ ឧសភា ២០១៩

ទាក់ទងនឹងព្រៃឈើ និងរុក្ខាសាស្ត្រ

ឯកសារយោង

  1. 1. សូម​មើល​ទំព័រ​ប្រធានបទ​ “​គម្រប​ព្រៃឈើ​”​ សម្រាប់​ការ​ស្រាវជ្រាវ​លម្អិត​។​ https://opendevelopmentcambodia.net/km/topics/forest-cover
  2. 2. ច្បាប់​ស្តី​ពី​ព្រៃឈើ​ (​ឆ្នាំ​២០០២),​ មាត្រា​១​។​
  3. 3. ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ កម្មវិធី​ព្រៃឈើ​ជាតិ​ ឆ្នាំ​២០១០-២០២៩,​ ទំព័រ​ ១៥​។​ ភ្នំពេញ​,​ ២០១០​។​ http://www.cdc-crdb.gov.kh/cdc/documents/Sector_Strategy/6_Forestry_Reform/National_Forest_Programme_2010_2029_KH.pdf
  4. 4. ក្រសួងផែនការ​។​ ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ​ ឆ្នាំ​២០១៤-២០១៨,​ ទំព័រ​ ១៣៤​។​ ភ្នំពេញ,​ ២០១០​។​ https://opendevelopmentcambodia.net/km/dataset/?id=national-strategic-development-plan-2014-2018
  5. 5. អង្គការ​ស្បៀង​និង​កសិកម្ម​ នៃ​អង្គការសហប្រជាជាតិ​។​ ការ​សិក្សា​ទស្សនវិស័យ​ព្រៃឈើ​កម្ពុជា​។​ ភ្នំពេញ​,​ ២០១០​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​។​ http://www.fao.org/3/am627e/am627e00.pdf
  6. 6. សែន​ ដា​វីត​។​ “​ការ​បើក​ដំណើរការ​គម្រោង​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ​នៅ​ខេត្តមណ្ឌលគិរី​។​”​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​។​ https://www.khmertimeskh.com/269437/project-launched-to-conserve-natural-resources-in-mondulkiri/
  7. 7. “FAOSTAT​។​”​ គេហទំព័រ​ Faostat.fao.org​។​ ចូល​អាន​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​។​ http://faostat.fao.org/desktopdefault.aspx?pageid=342&lang=en&country=115,
  8. 8. ដូច​លេខ​យោង​ខាងលើ​។​
  9. 9. “​តម្លៃ​កៅស៊ូ​ប្រចាំ​ថ្ងៃ​”​ គេហទំព័រ​ Indexmundi.com​។​ ចូល​អាន​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​។​ http://www.indexmundi.com/commodities/?commodity=rubber&months=60,​
  10. 10. “​ការ​នាំ​ចេញ​កៅស៊ូ​កម្ពុជា​កើនឡើង​ក្នុង​រយៈពេល​ ៧​ខែ​ ដំបូង​នៃ​ឆ្នាំ​២០១៤​។​”​ ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា​,​ ចេញផ្សាយ​ថ្ងៃ​ទី​៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​។​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៨​។
  11. 11. កាសែត​ខ្មែរ​ថា​ម​ស៍​។ “​ប្រទេស​កម្ពុជា​៖​ ការ​នាំ​ចេញ​កៅស៊ូ​ធម្មជាតិ​ កើនឡើង​ទ្វេ​ដង​”​ គេហទំព័រ​ GRM​ Global​ Rubber​ Markets​,​ ចេញ​ផ្សាយ​​ថ្ងៃទី​១៩ ខែ​កក្កដា​ ឆ្នាំ២០១៧។ ចូល​អាន​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៧​។​ https://globalrubbermarkets.com/49977/cambodia-natural-rubber-exports-double.html
  12. 12. “​តម្លៃ​នៃ​ឈើប្រណិត​”,​ គេហទំព័រ​ Globalwitness.org​។​ ចូល​អាន​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៥​។ https://www.globalwitness.org/campaigns/forests/cost-of-luxury/
  13. 13. ដូច​លេខ​យោង​ខាងលើ​។
  14. 14. ប៉ិច​ សុធា​រី​។​ ”​សង្គម​ស៊ី​វិល​ស្នើ​ រដ្ឋាភិបាល​ បង្ហាញ​លទ្ធផល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​៣​ ខែមីនា​ ឆ្នាំ​២០១៦​។ https://opendevelopmentcambodia.net/km/news/ngo-backs-crackdown-on-logging-wants-more
  15. 15. ម៉ិច​ ដា​រ៉ា​ និង​ Charles​ Rollet​។​ ”​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​មន្ត្រី​យោធា​រួម​កម្លាំង​គ្នា​ក្នុង​ការ​បង្ក្រាប​ការ​កាប់​ព្រៃឈើ​។​”​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​,​ ចេញផ្សាយ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​។​ http://www.phnompenhpost.com/national/ngos-military-police-join-forces-logging-crackdown
  16. 16. ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន​។​ បទល្មើស​ជា​ប្រព័ន្ធ​៖​ ការ​បន្ត​នាំ​ឈើ​ប្រណីត​ខុសច្បាប់​ចូល​ទៅ​វៀតណាម​ពី​ប្រទេស​កម្ពុជា​។​ ទីក្រុង​ឡុ​ង​ដ៏​,​ ឆ្នាំ​២០១៨​។​ https://eia-international.org/wp-content/uploads/eia-serial-offender-web.pdf​ ចូល​អាន​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

4ReJh
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!