គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការវិនិយោគ

សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ ទទួល​បាន​លទ្ធផល​ដ៏​គួរ​ឱ្យ​ជាទី​មោ​ទ​នៈ​ ដែល​ឆ្លុះ​បញ្ចាំង​ចេញពី​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គួរ​ឱ្យ​កត់សម្គាល់​។​ មួយ​ផ្នែក​នៃ​ជោគជ័យ​នេះ​ គឺជា​លទ្ធផល​នៃ​ការ​បើកចំហរ​របស់​កម្ពុជា​ឆ្ពោះទៅ​កាន់​វិនិយោគិន​បរទេស​។​1 ការ​វិនិយោគ​ក្នុងស្រុក​ក៏​មានការ​កើនឡើង​ផង​ដែរ​ បើ​ទោះបីជា​មាន​អត្រា​ទាប​ជាង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ និង​ប្រទេស​ផ្សេង​ទៀត​ដែល​មាន​កម្រិត​អភិវឌ្ឍន៍​ដូច​គ្នា​ក៏​ដោយ​។​2

​ប្រទេស​កម្ពុជា​បាន​ដាក់​គោលដៅ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ជាតិ​របស់​ខ្លួន​ ក្នុង​ការ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០​ និង​ទទួល​បាន​ឋានៈ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០​។​3 ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ​ និង​ផែនការ​ដទៃ​ទៀត​ ប្រទេស​កម្ពុជា​បាន​បន្ត​រក្សា​បើកចំហរ​សេដ្ឋកិច្ច​របស់​ខ្លួន​ ដោយ​ផ្តល់​ឱកាស​វិនិយោគ​ដែល​មាន​សក្តានុពល​ទៅ​ដល់​វិនិយោគិន​បរទេស​។​ គោលបំណង​ គឺ​ដើម្បី​បង្កើន​ពាណិជ្ជកម្ម​អន្តរជាតិ​ ការ​ផ្លាស់​ប្តូរ​ទំនិញ​ និង​សេវាកម្ម​ជាមួយ​ទីផ្សារ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​ដទៃ​ផ្សេង​ទៀត​។​ ការ​អនុវត្ត​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារសេរី​ និង​ស្ថេ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ ក៏​ផ្តល់​បរិយាកាស​វិនិយោគ​ដែល​មាន​ភាព​ទាក់ទាញ​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ​។​4

​រូបភាព​ទេសភាព​នៃ​ទីក្រុងភ្នំពេញ។​ រូបថត​ដោយ: អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ, ថតនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ អាជ្ញាប័ណ្ណ CC BY-SA 4.0.

​ប្រទេស​កម្ពុជា​ ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន​ពី​បរទេស​ ដោយសារ​ទំហំ​សេដ្ឋកិច្ច​របស់​ខ្លួន​ទោះបីជា​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​ នៅ​តែ​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​តែ​វិស័យ​មួយ​ចំនួន​ក៏​ដោយ​ ជា​ឧទាហរណ៍​គឺ​វិស័យ​វាយនភ័ណ្ឌ​។​ ដូច​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​ដែរ​ លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​ក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ បន្ទាប់​ពី​បាន​ចូលរួម​ជា​សមាជិក​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ ក្នុង​ឆ្នាំ​ ២០០៤​។​5

ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា

​យោង​ទៅ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (​ស៊ី​ឌី​ស៊ី​)​ ការ​បង្កើត​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​នានា​ដែល​គ្រប់គ្រង​លើ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​មាន​គោលបំណង​ជំរុញ​ដល់​ការ​វិនិយោគ​។​ ដូចដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ត្រូវ​បាន​បើកចំហរ​ ហើយ​ការ​វិនិយោគ​ត្រូវ​បាន​អនុញ្ញាត​នៅ​ក្នុង​វិស័យ​ជា​ច្រើន​ លើកលែងតែ​កម្មសិទ្ធិ​ដីធ្លី​។​ វិនិយោគិន​ក៏​មាន​សិទ្ធិ​ទទួល​បាន​នូវ​ការ​លើកទឹកចិត្ត​ផ្សេងៗ​ទៀត​ផង​ដែរ​។​6 ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​ដំបូង​បង្អស់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​ឆ្នាំ​១៩៩៤​។​ វា​មាន​ទាំងអស់​ ៩​ ជំពូក​ និង​ ២៦​ មាត្រា​ ដោយ​ផ្ដោត​សំខាន់​ក្នុង​ការ​ផ្ដល់​ភាព​ងាយស្រួល​ដល់​វិនិយោគិន​។7​ ច្បាប់​នេះ​បាន​ចែង​ពី​បទ​ប្បញ្ញត្តិ​ទូទៅ​ដូច​ជា​នីតិវិធី​សម្រាប់​ការ​វិនិយោគ​ និង​ការ​ទទួល​បាន​សិទ្ធិ​ព្រមទាំង​ការ​ធានា​សម្រាប់​វិនិយោគិន​។​ មិនតែប៉ុណ្ណោះ​ វា​ក៏​បាន​បង្ហាញ​ពី​វិស័យ​ដែល​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ​ផង​ដែរ​។​8

​នៅ​ឆ្នាំ​២០០៣​ ច្បាប់​ថ្មី​មួយ​ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​ទៅ​លើ​មាត្រា​ខ្លះៗ​នៃ​ច្បាប់​ស្ដី​ពី​ការ​វិនិយោគ​ឆ្នាំ​១៩៩៤​ ដោយ​បាន​កែប្រែ​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​ភាព​ច្បាស់លាស់​ និង​ទូលំទូលាយ​ជាង​មុន​។​9 ច្បាប់​ស្ដី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ បាន​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ជាង​មុន​ពី​វិសាលភាព​ នីតិវិធី​ និង​លក្ខណៈសម្បត្តិ​ដែល​អាច​វិនិយោគ​បាន​នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា​។​ ច្បាប់​នេះ​ក៏​មាន​គោលបំណង​ដើម្បី​ជំរុញ​ដល់​ការ​វិនិយោគ​បន្ថែម​ទៀត​ និង​បង្កើត​ឲ្យ​មាន​តុល្យភាព​ត្រឹមត្រូវ​សម្រាប់​របប​វិនិយោគ​នៅ​កម្ពុជា​។​10 បន្ថែម​ពីលើ​នេះ​ មានការ​លើកទឹកចិត្ត​បន្ថែម​ទៀត​សម្រាប់​វិនិយោគិន​ និង​យន្តការ​ដោះស្រាយ​វិវាទ​ផ្សេងៗ​ ជាក់ស្ដែង​ ទទួល​បានការ​មិនបាច់​បង់ពន្ធ​ក្នុង​រយៈពេល​កំណត់​ណាមួយ​ (automatic​ tax​ holiday)​ ការ​លើកលែង​ពន្ធ​លើ​ការ​នាំ​ចូល​១០០%​ ការ​ធានា​ប្រឆាំង​នឹង​ការ​ធ្វើ​ជាតូបនីយកម្ម​ កែប្រែ​ថ្មី​ឡើង​វិញ​លើ​កិច្ចសន្យាជួល​ដី​រហូត​ដល់​ ៩៩​ ឆ្នាំ​លើ​ដីស​ម្ប​-​ទាន​សម្រាប់​គោលបំណង​កសិកម្ម​ និង​មាន​ជា​ច្រើន​ទៀត​។​11

​ក្រោយមក​ នៅ​ឆ្នាំ​២០០៥​ អនុ​ក្រឹ​ត​លេខ​ ១១១​ ស្ដី​ពី​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្ដី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ប្រកាស​ឲ្យ​ប្រើប្រាស់​។​ ច្បាប់​នេះ​មាន​គោលបំណង​បំពេញបន្ថែម​ និង​អនុវត្ត​លើ​ច្បាប់​វិនិយោគ​ ដើម្បី​លើកកម្ពស់​បន្ថែម​ទៀត​លើ​ការ​វិនិយោគ​ក្នុង​ប្រទេស​ ពី​សំណាក់​វិនិយោគិន​ទាំង​ក្នុងស្រុក​ និង​បរទេស​។12​ អនុក្រឹត្យ​នេះ​ បាន​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​អំពី​ស្ថានភាព​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ (QIP)​ ដែល​វិនិយោគិន​ទាំងអស់​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ដើម្បី​ទទួល​បានការ​លើកទឹកចិត្ត​វិនិយោគ​។13​ យោង​ទៅ​តាម​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ស្ដី​ពី​ការ​វិនិយោគ​ឆ្នាំ​ ២០០៣​ ស៊ី​ឌី​ស៊ី​បាន​ដើរតួ​ជា​អង្គការ​សេវាកម្ម​ច្រក​ចេញចូល​តែ​មួយ​ ដែល​ទទួលខុសត្រូវ​ក្នុង​ការ​វាយតម្លៃ​ និង​ធ្វើការ​សម្រេចចិត្ត​លើ​ការ​វិនិយោគ​ និង​ការ​ស្តារ​នីតិសម្បទា​ ការ​អភិវឌ្ឍ​ និង​ការ​ត្រួតពិនិត្យ​សកម្មភាព​វិនិយោគ​។​ វិនិយោគិន​ត្រូវ​ដាក់​សំណើ​វិនិយោគ​របស់​ខ្លួន​ទៅ​ខាង​ស៊ី​ឌី​ស៊ី​ ឬ​អនុ​គណៈកម្មាធិការ​វិនិយោគ​ខេត្ត​-​ក្រុង​ ដើម្បី​ទទួល​បាន​ឋានៈ​ជា​គម្រោង​វិនិយោគ​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ (QIP)​ ដែល​អាស្រ័យ​ទៅ​លើ​កម្រិត​ដើមទុន​ និង​ទីតាំង​នៃ​ការ​វិនិយោគ​។​1415

​នៅ​ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២១​ ច្បាប់​ស្តី​ពី​វិនិយោគ​ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើ​ជំនួស​ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ​ ១៩៩៤​ និង​ ច្បាប់​ស្តី​ពី​វិសោធនកម្ម​នៃ​ច្បាប់​ស្តី​ពី​វិនិយោគ​ឆ្នាំ​ ២០០៣​ និង​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​បង្កើត​ក្របខ័ណ្ឌ​គតិ​យុ​ត្ត​ដែល​បើកចំហ​ មាន​តម្លាភាព​ អាច​ប៉ាន់​ប្រមាណ​ជា​មុន​បាន​ និង​មាន​អំណោយផល​ដើម្បី​លើកកម្ពស់​ និង​ទាក់ទាញ​ការ​វិនិយោគ​ប្រកបដោយ​គុណភាព​ ប្រសិទ្ធភាព​ និង​ប្រសិទ្ធ​ផល​ដោយ​វិនិយោគិន​ក្នុងស្រុក​ និង​អន្តរជាតិ​។​16 ច្បាប់​នេះ​មាន​ ១២​ ជំពូក​ និង​ ៤២​ មាត្រា​ដែល​ផ្តោត​លើ​កែ​លម្អ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា​ តាម​រយៈ​ការ​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ ការ​ធ្វើ​ទំនើប​កម្ម​ និង​ការ​បង្កើន​ផលិតភាព​នៃ​ឧស្សាហកម្ម​ក្នុងស្រុក​ ការ​បង្កើត​របប​លើកទឹកចិត្ត​វិនិយោគ​ និង​ការ​ផ្តល់​សិទ្ធិ​ និង​ការ​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នក​វិនិយោគ​។​17 ច្បាប់​នេះ​មាន​បំណង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​ទាក់ទាញ​តាម​រយៈ​ការ​ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ ការ​ធានា​ និង​ការ​ការពារ​បន្ថែម​ទៀត​សម្រាប់​អ្នក​វិនិយោគ​ក្នុងស្រុក​ និង​បរទេស​ស្រប​តាម​ច្បាប់​ និង​ស្តង់ដារ​អន្តរជាតិ​។​ ច្បាប់​វិនិយោគ​ថ្មី​ផង​ដែរ​ក៏​មាន​លក្ខណៈ​ពិសេស​សំខាន់ៗ​ចំនួន​ ៥​។​18

  1. អនុញ្ញាត​ឱ្យ​ចុះ​ឈ្មោះ​សម្រាប់​គម្រោង​វិនិយោគ​ថ្មី​ពីរ​ប្រភេទ​
  2. ​ការ​ធានា​និង​ការ​ការពារ​ការ​វិនិយោគ​
  3. ​ការ​លើកទឹកចិត្ត​សម្រាប់​វិស័យ​វិនិយោគ​ និង​សកម្មភាព​
  4. ​ការ​លើកទឹកចិត្ត​ក្នុង​ការ​វិនិយោគ​សម្រាប់​ គ​.​ល​.​គ​
  5. ​ការ​អនុម័ត​សម្រាប់​ការ​វិនិយោគឯកជន​ និង​ការ​ដោះស្រាយ​វិវាទ​

ការលើកទឹកចិត្តវិនិយោគ

ព័ត៌មាន​លម្អិត​បន្ថែម​លើ​ការ​លើកទឹកចិត្ត​វិនិយោគ

ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​

​ដូច​មាន​ចែង​តាំងពី​ដំណាក់កាល​ទី​ ១​ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន​ រាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​។​ រដ្ឋាភិបាល​បន្ត​ផ្តោត​លើ​ការ​ទាក់ទាញ​វិនិយោគិន​មក​លើ​វិស័យ​ឯកជន​ តាម​រយៈ​ការ​ពង្រីក​ទីផ្សារ​អន្តរជាតិ​ ការ​ផ្តល់​ការ​លើកលែង​ពន្ធ​ ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​ពង្រឹង​ក្របខ័ណ្ឌគតិយុត្តិ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​របស់​ឯកជន​នៅ​ក្នុង​វិស័យ​អាទិភាព​ដែល​មានការ​ប្រកួតប្រជែង​ប្រកបដោយ​យុត្តិធម៌​ភាព​ តម្លាភាព​ និង​គណនេយ្យ​ភាព​។19

​រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​សេវាកម្ម​ដើម្បី​សម្របសម្រួល​ដល់​ការ​វិនិយោគ​របស់​ខ្លួន​។​ នៅ​ក្នុង​ឆ្នាំ​ ២០០៥​ រដ្ឋាភិបាល​បាន​បង្កើត​ក្រុមប្រឹក្សាភិបាល​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ (SEZ)​ ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ក្នុង​គោលបំណង​លើកកម្ពស់​គម្រោង​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​។​ រដ្ឋបាល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្តល់​សិទ្ធិ​ដល់​តំបន់​សេដ្ឋកិច្ច​ពិសេស​ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ផ្តល់​សេវាកម្ម​ច្រក​ចេញចូល​តែ​មួយ​ទៅ​ដល់​វិនិយោគិន​ក្នុង​តំបន់​នេះ​ ចាប់ពី​ដំណើរការ​ចុះ​ឈ្មោះ​គម្រោង​វិនិយោគ​ រហូត​ដល់​ការ​អនុម័ត​ទៅ​លើ​ការ​នាំ​ចេញ​-​នាំ​ចូល​។​20

​ប្រទេស​កម្ពុជា​បាន​ធ្វើការ​ណែនាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​លើក​ដំបូង​បង្អស់​នៅ​ក្នុង​ខែធ្នូ​ ឆ្នាំ​២០០៥​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​សំដៅ​ទៅ​លើ​ការ​រៀបចំ​ច្បាប់​ ការ​ដឹក​ជ​ញ្ចូ​ន​ និង​ពន្ធដារ​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្នែក​ផលិតកម្ម​ ដែល​ផ្តោត​ទៅ​លើ​ការ​នាំ​ចេញ​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​បង្កើន​នូវ​សុវត្ថិភាព​សម្រាប់​ការ​វិនិយោគ​ កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម​ និង​បទ​ប្បញ្ញត្តិ​ ក៏​ដូច​ជា​ការ​រឹតត្បិត​ផ្នែក​ពាណិជ្ជកម្ម​ផ្សេងៗ​។​21 ភាព​ទាក់ទាញ​ទាំងនេះ​ ផ្តល់​នូវ​ការ​លើកទឹកចិត្ត​ទៅ​ដល់​វិនិយោគិន​ ដោយ​មានការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​ លើ​ការ​សម្របសម្រួល​ផ្នែក​ពាណិជ្ជកម្ម​ និង​រដ្ឋបាល​ក្នុង​ការ​នាំ​ចូល​-​នាំ​ចេញ​។22​ យោង​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ តំបន់​សេដ្ឋកិច្ច​ពិសេស​ដែល​កំពុង​ដំណើរការ​ចំនួន​ ២៤​ ដែល​គ្របដណ្តប់​គម្រោង​វិនិយោគ​ចំនួន​ ៥៦១​ និង​ការងារ​ជាង​ ១៦០,០០០​។​23

​ទោះបី​យ៉ាងណា​ក្ដី​ ប្រទេស​កម្ពុជា​នៅ​តែ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដើម្បី​ដោះស្រាយ​ ទោះបីជា​មាន​កំណើនសេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ និង​បរិយាកាស​វិនិយោគ​ដ៏​ទាក់ទាញ​ក៏​ដោយ​។​ ដូចដែល​បាន​បញ្ជាក់​ដោយ​ធនាគារពិភពលោក​ ប្រជាជន​ភាគច្រើន​នៅ​តែ​ “​មាន​ស្ថានភាព​ក្រីក្រ​”​ ហើយ​សេដ្ឋកិច្ច​នៅ​មាន​ភាព​ងាយ​រង​គ្រោះ​ ដោយសារ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ នៅ​តែ​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​តែ​មួយ​ចំនួន​ ជាក់ស្ដែង​ ការ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​ស្បែកជើង​។24​ លក្ខ​ណ្ឌ​នេះ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ងាយ​រង​គ្រោះ​ និង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​នៃ​ការ​ប្រកួតប្រជែង​ និង​ការ​បាត់បង់​នៃ​ការ​ចូល​ទៅ​កាន់​ទីផ្សារ​ដែល​មាន​ភាព​អនុគ្រោះ​។​ ជំនួយ​អភិវឌ្ឍន៍​ក្រៅប្រទេស​ (ODA)​ បាន​នឹង​កំពុង​ថយ​ចុះ​ដែល​ជា​ចំណែក​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ ដូច្នេះ​មូលធន​ឯកជន​កំពុង​តែ​មាន​សារៈសំខាន់​កើន​តែ​ខ្លាំង​ឡើង​សម្រាប់​សេដ្ឋកិច្ច​។​25

គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥​ (IDP​ 2015-2025)​ បាន​កំណត់​យ៉ាង​ច្បាស់​នូវ​បញ្ហា​ប្រឈម​ទាំងនេះ​ ហើយ​បង្ហាញ​ពី​ភាព​ចាំបាច់​ដើម្បី​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​ចៀសវាង​ការ​ពឹងផ្អែក​ខ្លាំង​ពេក​ទៅ​លើ​វិស័យ​វាយនភ័ណ្ឌ​។​26 ផែនការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ក៏​ត្រូវ​បាន​ដាក់​ចេញ​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ ផង​ដែរ​ ជាក់ស្ដែង​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​កាត់​បន្ថយ​ចំណាយ​ថ្លៃដើម​ និង​ពេលវេលា​ក្នុង​ការ​បង្កើត​អាជីវកម្ម​ ក៏​ដូច​ជា​លើកកម្ពស់​បរិយាកាស​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​ឲ្យ​កាន់តែ​ប្រសើរ​។27 ​​រដ្ឋាភិបាល​បាន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ថែរក្សា​ និង​លើកកម្ពស់​បរិយាកាស​វិនិយោគ​ប្រកបដោយ​ភាព​អំណោយផល​ ដោយ​ដាក់​ចេញ​នូវ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​រក្សា​អត្រា​អតិផរណា​ គ្រប់គ្រង​ស្ថេ​រ​ភាព​អត្រា​ប្តូរ​ប្រាក់​ និង​គោលនយោបាយ​ពាក់ព័ន្ធ​ដទៃ​ផ្សេង​ទៀត​ដូច​ជា​កំណែទម្រង់​ពន្ធដារ​គ្រប់​ជ្រុងជ្រោយ​។​28

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា

រូបភាពនៃគេហទំព័រក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២២។ អាជ្ញាបណ្ណមិនត្រូវ​បាន​កំណត់។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើរតួ​ជា​អង្គការ​សេវា​តែ​មួយ​ និង​ច្រក​ចេញចូល​តែ​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ត្រួតពិនិត្យ​ និង​គ្រប់គ្រង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ ការ​វិនិយោគឯកជន​ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​​29 ដើម្បី​សម្រេច​បាន​នូវ​បេសកកម្ម​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ផ្តល់​ព័ត៌មាន​ដល់​អ្នក​វិនិយោគ​ ពិនិត្យ​មើល​កម្មវិធី​វិនិយោគ​ និង​ផ្តល់​ការ​លើកទឹកចិត្ត​ តាមដាន​គម្រោង​វិនិយោគ​បន្ទាប់​ពី​ការ​អនុវត្ត​ ផ្តល់​សេវាកម្ម​ថែទាំ​ក្រោយ​ដល់​វិនិយោគិន​ និង​ផ្តល់​វេទិកា​សម្រាប់​វិស័យ​ឯកជន​។​30​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ និង​អនុប្រធាន​មួយ​រូប​ ឬ​ច្រើន​រូប​ និង​សមាជិក​ប្រសិនបើ​ចាំបាច់​ និង​មាន​រចនាសម្ព័ន្ធ​អង្គការ​សំខាន់ៗ​ចំនួន​បី​ ដែល​ត្រូវ​កំណត់​ដោយ​ព្រះរាជក្រឹត្យ​។​​31

  • ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​
  • ​គណៈកម្មាធិការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​កម្ពុជា​ (​គ​.​ស​.​អ​.​ក​)
  • ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ (​គ​.​វ​.​ក​)

ពាក់ព័ន្ធនឹងគោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ស្តីពីការ​វិនិយោគ​

ឯកសារយោង

  1. 1. ​OECD​ “​ការ​ពិនិត្យ​មើល​គោលនយោបាយ​វិនិយោគ​៖​ កម្ពុជា​ឆ្នាំ​ ២០១៨​ ការ​ត្រួតពិនិត្យ​គោលនយោបាយ​វិនិយោគ​”​ ឆ្នាំ​ ២០១៨​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០២១​។​
  2. 2. រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤”​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០២១​។​
  3. 3. ​ស​ន្និ​សិ​ទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​ (UNCTAD)​ “​មគ្គុទេសក៍​ការ​វិនិយោគ​សំរាប់​ប្រទេស​កម្ពុជា​៖​ ឱកាស​ និង​លក្ខខណ្ឌ​”​ ខែកញ្ញា​ ឆ្នាំ​២០០៣​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២១​។​
  4. 4. ដូច​ឯកសារយោង​ខាងលើ​។​
  5. 5. ​OECD​ “​ការ​ពិនិត្យ​មើល​គោលនយោបាយ​វិនិយោគ​៖​ កម្ពុជា​ឆ្នាំ​ ២០១៨​ ការ​ត្រួតពិនិត្យ​គោលនយោបាយ​វិនិយោគ​”​ ឆ្នាំ​ ២០១៨​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០២១​។​
  6. 6. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ «​គម្រោង​វិនិយោគ​៖​ នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​វិនិយោគ​»,​ ឆ្នាំ​ ២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​២០២១​។​
  7. 7. ​ក្រុមប្រឹក្សា​សម្រាប់​ការ​អភិវឌ្ឍ​កម្ពុជា​ “​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ឆ្នាំ​ ១៩៩៤“​ ថ្ងៃ​ទី​ ០៥​ ខែសីហា​ ឆ្នាំ​១៩៩៤​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២១​។​
  8. 8. ​ដូច​ឯកសារយោង​ខាងលើ​។​
  9. 9. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ “​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​វិនិយោគ​”​ ថ្ងៃ​ទី​ ២៨​ ខែកញ្ញា​ ឆ្នាំ​ ២០១២​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២១​។​
  10. 10. ​ស​ន្និ​សិ​ទ​អង្គការសហប្រជាជាតិ​ស្តី​ពី​ពាណិជ្ជកម្ម​ និង​ការ​អភិវឌ្ឍ​ (UNCTAD)​ “​មគ្គុទេសក៍​ការ​វិនិយោគ​សំរាប់​ប្រទេស​កម្ពុជា​៖​ ឱកាស​ និង​លក្ខខណ្ឌ​”​ ខែកញ្ញា​ ឆ្នាំ​២០០៣​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២១​។​
  11. 11. ​ដូច​ឯកសារយោង​ខាងលើ​។​
  12. 12. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ “​អនុក្រឹត្យ​លេខ​ ១១១​ ស្តី​ពី​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​វិនិយោគ​”​ ថ្ងៃ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​២០១១​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២១​។​
  13. 13. ​ដូច​ឯកសារយោង​ខាងលើ​។​
  14. 14. ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA)​ “​សៀវភៅ​ណែនាំ​វិនិយោគ​នៅ​កម្ពុជា​”​ ឆ្នាំ​ ២០១៣​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ ឆ្នាំ​២០២១​។​
  15. 15. ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ “​របាយការណ៍​ស្តី​ពី​បរិយាកាស​វិនិយោគ​ឆ្នាំ​ ២០២០៖​ កម្ពុជា​”​ ឆ្នាំ​ ២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០៥​ ខែមេសា​ ឆ្នាំ​២០២១​។​
  16. 16. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,»​ ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២១,​ ទំព័រ​ទី​ ១,​ បាន​ចូល​អាន​ខែឧសភា​ ឆ្នាំ​២០២២​។​
  17. 17. ដូច​ឯកសារយោង​ខាង​ដើម​។​
  18. 18. Siphana​ Sok​ និង​ Soromnear​ Sin,​ «​កម្ពុជា​អនុម័ត​ច្បាប់​ថ្មី​ស្តី​ពី​ការ​វិនិយោគ​,»​ SokSiphana&associates,​ ថ្ងៃ​ទី​ ៨​ ខែធ្នូ​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែឧសភា​ ឆ្នាំ​២០២២​។​ ឯកសារ​ជា​ភាសា​អង់គ្លេស​ ពុំ​មានការ​បកប្រែ​ជា​ភាសា​ខ្មែរ​។​
  19. 19. ការិយាល័យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ១”​ ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​២០១៧​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​២០២១​។​
  20. 20. ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ “​គ្រោង​ការណ៍​វិនិយោគ​៖​ នីតិវិធី​ស្នើ​សុំ​វិនិយោគ​”​ ឆ្នាំ​ ២០២០​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០១​ ខែមេសា​ ឆ្នាំ​២០២១​។​
  21. 21. ​Warr,​ P.​ &​ Menon,​ J.​ “​ធនាគារអភិវឌ្ឍន៍អាស៊ី​៖​ តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​កម្ពុជា​”,​ ខែតុលា​ ឆ្នាំ​ ២០១៥​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមេសា​ ឆ្នាំ​២០២១​។​
  22. 22. ​Export.gov​ “​ទិដ្ឋភាព​ទូទៅ​នៃ​ប្រទេស​កម្ពុជា​,​ រដ្ឋបាល​ពាណិជ្ជកម្ម​អន្តរជាតិ​”​ ថ្ងៃ​ទី​ ០៨​ ខែមិថុនា​ ឆ្នាំ​២០១៩​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមេសា​ ឆ្នាំ​២០២១​។​
  23. 23. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​តំបន់​សេដ្ឋកិច្ច​ពិសេស​,»​ បាន​ចូល​អាន​ខែឧសភា​ ឆ្នាំ​២០២២​។​
  24. 24. ធនាគារពិភពលោក​ “​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​កម្ពុជា​៖​ ការ​កែ​លម្អ​ម៉ាក្រូសេដ្ឋកិច្ច​និង​ភាព​ធន់​នឹង​ហិរញ្ញវត្ថុ​”​ ខែមេសា​ ឆ្នាំ​ ២០១៦​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ១០​ ខែមេសា​ ឆ្នាំ​២០២១​។​
  25. 25. OECD​ “​ការ​ពិនិត្យ​មើល​គោលនយោបាយ​វិនិយោគ​៖​ កម្ពុជា​ឆ្នាំ​ ២០១៨​ ការ​ត្រួតពិនិត្យ​គោលនយោបាយ​វិនិយោគ​”​ ឆ្នាំ​ ២០១៨​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០២១​។​
  26. 26. ដូច​ឯកសារយោង​ខាងលើ​។​
  27. 27. ​រាជរដ្ឋាភិបាល​កម្ពុជា​ “​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤”​ ខែកញ្ញា​ ឆ្នាំ​ ២០១៨​។​ បាន​ចូល​អាន​នៅ​ថ្ងៃ​ទី​ ០២​ ខែមេសា​ ឆ្នាំ​ ២០២១​។​
  28. 28. ​ដូច​ឯកសារយោង​ខាងលើ​។​
  29. 29. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,»​ ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២១,​ ទំព័រ​ទី​ ៣,​ បាន​ចូល​អាន​ខែឧសភា​ ឆ្នាំ​២០២២​។​
  30. 30. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​អ្វី​?,»​ បាន​ចូល​អាន​ខែឧសភា​ ឆ្នាំ​២០២២​។​
  31. 31. ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​ច្បាប់​ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,»​ ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២១,​ ទំព័រ​ទី​ ៣,​ បាន​ចូល​អាន​ខែឧសភា​ ឆ្នាំ​២០២២​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

CWLDX
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!