គោលនយោបាយសាធារណៈ គឺជាប្រព័ន្ធនៃច្បាប់ វិធានការប្បញ្ញត្តិ និងផែនការសកម្មភាពដែលបានអនុវត្តដោយរដ្ឋាភិបាល ដើម្បីធានាថាមុខងាររបស់ខ្លួនត្រូវបានអនុវត្តតាមការរំពឹងទុក និងសង្គតភាព។1 គោលនយោបាយទាំងនេះជាទូទៅគូសបញ្ជាក់ពីគោលការណ៍ណែនាំនៃប្រតិបត្តិការ ទន្ទឹមនឹងនេះ បទប្បញ្ញត្តិនានាកំណត់ការរំពឹងទុកដែលត្រឹមត្រូវតាមនីតិវិធី។ បច្ចុប្បន្ននេះមិនមានគោលនយោបាយសាធារណៈផ្លូវការណាដែលគ្របដណ្តប់លើការទទួលបានជំនួយផ្នែកច្បាប់នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។2 ខណៈដែលជំនួយផ្នែកច្បាប់សម្រាប់ជនក្រីក្រត្រូវបានលើកឡើងនៅក្នុងច្បាប់ខ្លះរបស់កម្ពុជា ដូចជាក្រមនីតិវិធីព្រហ្មទណ្ឌយ៉ាងណាក៏ដោយចុះ ក៏គេពុំទាន់ឃើញមានគោលនយោបាយ ឬគោលការណ៍ណែនាំណាស្តីពីរបៀបដែលជំនួយផ្នែកច្បាប់កំណត់ដោយរដ្ឋាភិបាលគួរតែត្រូវបានទទួល ឬត្រួតពិនិត្យនោះទេយ៉ាងដូចម្តេចនោះទេ។
យ៉ាងណាមិញ ឃើញថានៅឆ្នាំ២០១៩ ក៏មានផែនការក្នុងការធ្វើពង្រាងគោលនយោបាយស្តីពីជំនួយផ្នែកច្បាប់នេះផងដែរ។ គោលនយោបាយដែលនឹងធ្វើពង្រាងដោយក្រសួងយុត្តិធម៌រួមជាមួយការពិគ្រោះយោបល់ដោយស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) មានគោលបំណងដើម្បីធានាថា ជំនួយផ្នែកច្បាប់ត្រូវបានផ្តល់ជាប្រព័ន្ធដល់អ្នកដែលត្រូវការ។3 ក្រសួងយុត្តិធម៌បានប្រមូលអ្នកជំនាញមកពីស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានានៅប្រទេសដើម្បីរៀបចំក្របខ័ណ្ឌគតិយុត្តិសម្រាប់គោលនយោបាយជំនួយផ្នែកច្បាប់កាលពីក្នុងអំឡុងខែមីនា ឆ្នាំ ២០១៩។4 ស្របគ្នានេះដែរ លោកនាយករដ្ឋមន្ត្រីបានផ្តួចផ្តើមបង្កើតក្រុមមេធាវីស្ម័គ្រចិត្ត មានសមាជិកពី ៣០ ទៅ ៥០ នាក់នឹងផ្តល់សេវាដោយឥតគិតថ្លៃ។ ក្រុមមេធាវីស្ម័គ្រចិត្តនេះនឹងជួយស្ត្រីក្រីក្រ និងក្រុមងាយរងគ្រោះ ដូចជាស្ត្រីមេម៉ាយ និងស្ត្រីដែលជាប់ពន្ធនាគារជាពិសេសនៅតាមតំបន់ជនបទ កម្មករកាត់ដេរ និងជាអ្នកតាមដានករណីដែលជាប់ពាក់ព័ន្ធនឹងក្រុមស្ត្រីងាយរងគ្រោះ។5
នាពេលបច្ចុប្បន្ននេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាស្ថាប័នមិនមែនរដ្ឋាភិបាលមួយដែលតំណាងឱ្យក្រុមមេធាវីនៅកម្ពុជា ខណៈដែលគោលនយោបាយសាធារណៈគ្រប់គ្រងជំនួយផ្នែកច្បាប់ បទបញ្ជាផ្ទៃក្នុង និងច្បាប់ពាក់ដែលពាក់ព័ន្ធនានាសម្រាប់គណៈមេធាវីពុំទាន់មាននៅឡើយ។ ដើម្បីអនុវត្តច្បាប់ និងផ្តល់ជំនួយនៅក្នុងតុលាការកម្ពុជាបាន មេធាវីម្នាក់ត្រូវតែជាសមាជិកនៃគណៈមេធាវី។ ដូច្នេះគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គឺជាអង្គភាពដាច់ដោយឡែកមួយពីរដ្ឋាភិបាលប៉ុន្តែមានទំនាក់ទំនាក់យ៉ាងជិតស្និទ្ធទៅនឹងប្រព័ន្ធយុត្តិធម៌របស់ប្រទេសកម្ពុជា។6 ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី ដែលកំណត់តម្រូវការសម្រាប់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឱ្យគណៈមេធាវីផ្តល់ជំនួយផ្នែកច្បាប់ដល់ជនក្រីក្រក្នុងស្ថានភាពជាក់លាក់។ ទន្ទឹមនឹងនេះបទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បង្ហាញពីដំណើរការជំនួយផ្នែកច្បាប់របស់ខ្លួនឱ្យកាន់តែលម្អិត។
ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវីបានកំណត់នូវស្តង់ដារនៃការគាំពារផ្នែកច្បាប់ដែលត្រូវផ្តល់ជូនអតិថិជនក៏ដូចជាពលរដ្ឋណាដែលមានសិទ្ធិទទួលបានជំនួយផ្នែកច្បាប់។ មាត្រា ២៩ នៃច្បាប់ស្តីពីលក្ខនិ្តកៈមេធាវីបានចែងថា មេធាវីទាំងអស់មានកាតព្វកិច្ចការពារជួយជនក្រីក្រតាមបែបបទនៃបទបញ្ជាផ្ទៃក្នុង ហើយឱ្យដូចជាជួយការពារអតិថិជនបង់ប្រាក់របស់ខ្លួន។7 លើសពីនេះទៀតមាត្រា ៣០ លម្អិតដែលថា “ជនដែលគ្មានទ្រព្យសម្បត្តិ គ្មានប្រាក់ចំណូល ឬដែលមានប្រាក់ចំណូលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាព” អាចដាក់ញត្តិសុំជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃដល់ប្រធានតុលាការ និងក្រឡាបញ្ជីនាយក។ ជាលទ្ធផលប្រធានតុលាការនឹងកំណត់ថា តើអ្នកដាក់ញត្តិមានភាពក្រីក្រគ្រប់គ្រាន់ដែរឬទេ បន្ទាប់ពីធ្វើការស៊ើបអង្កេតដល់មូលដ្ឋាន។8
ជំពូកទី ៦ នៃបទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់នូវសេចក្តីលម្អិតនៃនីតិវិធីនៃការតែងតាំងមេធាវីផ្តល់ជំនួយសង្គ្រោះតាមផ្លូវតុលាការដល់អតិថិជន។ ប្រសិនបើពលរដ្ឋណាម្នាក់ត្រូវបានរកឃើញថា មានគុណវិបត្តិចាំបាច់ដោយប្រធានចៅក្រមនៃតុលាការ នោះមេធាវីម្នាក់របស់គណៈមេធាវីនឹងត្រូវបានចាត់តាំងឱ្យធ្វើជាតំណាងឱ្យពលរដ្ឋម្នាក់នោះនៅក្នុងតុលាការ។ នៅពេលទទួលបានសំណើរដែលបានយល់ព្រមសម្រាប់ជំនួយផ្នែកច្បាប់ ប្រធានគណៈមេធាវី មានរយៈពេល ០៧ថ្ងៃ ដើម្បីចាត់តាំងមេធាវីម្នាក់ក្នុងករណីរបស់ពួកគេ។9
ប្រសិនបើជំនួយផ្នែកច្បាប់មិនត្រូវបានផ្តល់ការអនុញ្ញាតពីតុលាការ បុគ្គលគ្រប់រូបអាចស្វែងរកជំនួយផ្នែកច្បាប់ពីអង្គការមិនមែនរដ្ឋាភិបាលបាន បើទោះបីជាញឹកញាប់ពួកគេទទួលយកការសាកសួរជាជាងការទទួលយកធនធាននានា។ ទោះយ៉ាងណាក៏ដោយអង្គការមិនមែនរដ្ឋាភិបាលធំៗមួយចំនួនមានគោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួនអំពីរបៀបបែងចែកមូលនិធិរបស់ម្ចាស់ជំនួយ ហើយតើប្រជាសាស្ត្រណាខ្លះដែលមានសិទ្ធិទទួលបានសេវាកម្មរបស់ពួកគេ។
ទាក់ទងនឹងគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីជំនួយផ្នែកច្បាប់
ឯកសារយោង
- 1. Dean G. Kilpatrick, “និយមន័យនៃគោលនយោបាយសាធារណៈនិងច្បាប់”។ សាកលវិទ្យាល័យវេជ្ជសាស្ត្រនៃរដ្ឋ South Carolina, ឆ្នាំ ២០០០។ ចូលអានខែតុលា ឆ្នាំ២០២០។
- 2. វិទ្យាស្ថានសភាកម្ពុជា, “តួនាទីនិងភារកិច្ចរបស់មេធាវីកម្ពុជា (២០១៧)”។ ចូលអានខែតុលា ឆ្នាំ២០២០។
- 3. ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ, តួនាទីនិងសមិទ្ធិផលរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាតិទទួលបន្ទុកសិទ្ធិមនុស្សក្នុងការជួយរដ្ឋាភិបាលនិងប្រជាជនកម្ពុជាក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស, (២០១៨), ទំព័រ ៤។
- 4. វន ដារ៉ា, “សិក្ខាសាលាអប់រំអំពីជំនួយផ្នែកច្បាប់,” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩។ ចូលអានខែតុលា ឆ្នាំ២០២០។
- 5. ខន សាវិ, “លោកនាយករដ្ឋមន្រ្តីហ៊ុនសែនប្រកាសផ្តល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃដល់កម្មករកាត់ដេរ,” កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ចូលអានខែតុលា ឆ្នាំ២០២០។
- 6. ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី, មាត្រា ១។
- 7. ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី, មាត្រា ២៩។
- 8. ច្បាប់ស្តីពីលក្ខនិ្តកៈមេធាវី, មាត្រា ៣០។
- 9. បទបញ្ជាផ្ទៃក្នុងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ជំពូក ៦។