ជំនួយផ្នែកច្បាប់ត្រូវបានផ្តល់ជូនដោយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលដែលទទួលមូលនិធិអន្តរជាតិ និងក្រុមមេធាវីការពារប្រយោជន៍សាធារណៈ។ ក្រុមមេធាវីពិសេសក្រោមការត្រួតពិនិត្យរបស់នាយករដ្ឋមន្ត្រី មានគោលបំណងជួយស្ត្រីក្រីក្រ ជាពិសេសអ្នកជាប់ពន្ធនាគារនិងកម្មករកាត់ដេរនឹងត្រូវរាប់បញ្ជូលក្នុងបញ្ជីអ្នកផ្តល់ជំនួយផ្នែកច្បាប់នាពេលអនាគតដែលគ្មានកំណត់។1
ជំនួយផ្នែកច្បាប់ដែលផ្តល់ជូនអាចខុសគ្នាអាស្រ័យលើអ្នកផ្តល់សេវា។ ឧទាហរណ៍ អ្នកផ្តល់សេវាខ្លះអាចផ្តល់តែការការពារក្តីព្រហ្មទណ្ឌ ឬបណ្តឹងរដ្ឋប្បវេណីប៉ុណ្ណោះ។ នាយកដ្ឋានជំនួយផ្នែកច្បាប់នៃគណៈមេធាវី ផ្តល់នូវជំនួយផ្នែកច្បាប់សម្រាប់តែបុគ្គលណាដែលបានដាក់ញត្តិស្នើសុំជំនួយទៅប្រធានតុលាការដោយជោគជ័យប៉ុណ្ណោះ។ ដូច្នេះជំនួយផ្នែកច្បាប់របស់គណៈមេធាវីត្រូវបានកំណត់ជាទូទៅចំពោះករណីការពារក្តីព្រហ្មទណ្ឌ។2 ជាលទ្ធផលបទល្មើសមជ្ឈឹមមិនមាននៅក្នុងសេវាកម្មផ្តល់ជំនួយផ្នែកច្បាប់របស់គណៈមេធាវីនោះទេ។ លើសពីនេះទៅទៀតនាយកដ្ឋានជំនួយផ្នែកច្បាប់នៃគណៈមេធាវីត្រូវបានផ្តល់មូលនិធិជាចំបងដោយការចូលរួមវិភាគទានពីក្រសួងយុត្តិធម៌។ ទោះបីមានការបង្កើនថវិកាថ្មីៗជាច្រើនដោយក្រសួងយុត្តិធម៌ក៏ដោយ វានៅតែមិនគ្រប់គ្រាន់ដើម្បីផ្តល់សេវាជំនួយផ្នែកច្បាប់ស្របតាមតម្រូវការទូទាំងប្រទេស។ ដូច្នេះប្រជាពលរដ្ឋពឹងផ្អែកយ៉ាងខ្លាំងទៅលើក្រុមមេធាវីដែលជួយគាំទ្រដោយអង្គការមិនមែនរដ្ឋាភិបាល ក្រុមមេធាវីគិតគូរពីផលប្រយោជន៍សាធារណៈ និងមេធាវីឯកជន និងផ្តល់ជំនួយផ្នែកច្បាប់។
អង្គការមិនមែនរដ្ឋាភិបាលមានភាពបត់បែនចំពោះអតិថិជន ដែលពួកគេអាចជ្រើសរើសជាតំណាងឱ្យពលរដ្ឋនៅក្នុងបណ្តឹងរដ្ឋប្បវេណី ឬមេធាវីការពារក្តីព្រហ្មទណ្ឌ។ យ៉ាងណាមិញ អង្គការមិនមែនរដ្ឋាភិបាលជាទូទៅជាតំណាងអតិថិជន ដោយអនុលោមតាមបេសកកម្ម ឬគោលបំណងរបស់ស្ថាប័នខ្លួន។ នេះមានន័យថា អង្គការមិនមែនរដ្ឋាភិបាលនឹងជាតំណាងអោយអតិថិជន ដែលមានប្រជាសាស្ត្រជាក់លាក់ ឬជួយដោះស្រាយតែជំលោះជាក់លាក់តែប៉ុណ្ណោះ។ ឧទាហរណ៍៖ អង្គការមិនមែនរដ្ឋាភិបាលដែលផ្តល់ជំនួយផ្នែកច្បាប់មួយចំនួនអាចតំណាងឱ្យតែស្ត្រីនិងកុមារ ឬគ្រាន់តែជាអ្នកប្រឹក្សាយោបល់អំពីសិទ្ធិដីធ្លីប៉ុណ្ណោះ។3 ក្នុងឆ្នាំ ២០១៧ មេធាវីជំនួយផ្នែកច្បាប់ចំនួន ៣៧នាក់ បានបម្រើការអោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ១៥ ដែលមានចំនួនតិចជាងឆ្នាំ ២០០៦ ចំនួន ៥៣ភាគរយ។4 និន្នាការនេះអាចត្រូវបានដើរបញ្ច្រាសពីសេចក្តីប្រកាសថ្មីរបស់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួននៃការបង្កើតក្រុមជំនួយផ្នែកច្បាប់ថ្មី។5
ជាប្រពៃណី ក្រុមមេធាវីឯកជនត្រូវលះបង់ចំណែកខ្លះនៃពេលវេលារបស់ពួកគេដើម្បីផ្តល់សេវាកម្មគាំទ្រផ្នែកច្បាប់ដល់អ្នកដែលមិនមានលទ្ធភាព ឬហៅថា Pro-bono ដូច្នេះពួកគេអាចជួយដល់អតិថិជនដោយឥតគិតថ្លៃ។ ក្រុមមេធាវីធំៗនៅកម្ពុជាផ្តល់ជូននូវសេវាកម្មគាំទ្រឥតគិតថ្លៃ Pro bono។ វាខុសគ្នាពីក្រុមមេធាវីការពារប្រយោជន៍សាធារណៈ ដែលជួលមេធាវីរកកម្រៃដើម្បីជួយចម្បងដល់បុគ្គលដែលមិនមានភាពជាតំណាង ឬបុគ្គលដែលបាត់បង់ឱកាស។6 ទោះបីពួកគេមិនបានទទួលថវិកាច្រើនពីម្ចាស់ជំនួយក៏ដោយ ពួកគេច្រើនតែចែករំលែកគោលដៅស្រដៀងគ្នាជាមួយអង្គការមិនមែនរដ្ឋាភិបាលផ្សេងទៀត។ ការបង្កើតរបស់ពួកគេ គឺជាអ្វីដែលថ្មី និងមិនទាន់មានការអភិវឌ្ឍខ្លាំងនៅឡើយទេ មានតែក្រុមមេធាវីចំនួនពីរប៉ុណ្ណោះដែលត្រូវបានគេស្គាល់ច្បាស់គឺ ក្រុមមេធាវីសំរឹទ្ធ ដែលបានបង្កើតក្នុងឆ្នាំ ២០០៨ និងក្រុមមេធាវីវិស្ណុ បង្កើតឡើងនៅក្នុងឆ្នាំ ២០១២។ ខុសគ្នាពីអង្គការមិនមែនរដ្ឋាភិបាល មេធាវីការពារប្រយោជន៍សាធារណៈអាចជ្រើសរើសដោយខ្លួនឯងនូវរឿងក្តី និងអតិថិជនដែលពួកគេជឿជាក់ថានឹងអាចផ្តល់យុត្តិធម៌បន្ថែម និងមិនត្រូវបានរារាំងដោយសេចក្តីថ្លែងការណ៍បេសកកម្ម ឬក្រុមប្រឹក្សាភិបាលឡើយ។ ដូចនេះក្រុមមេធាវីការពារប្រយោជន៍សាធារណៈក៏អាចជួយការពារក្តីព្រហ្មទណ្ឌ ឬវិវាទស៊ីវិលផងដែរ អាស្រ័យលើចំណាប់អារម្មណ៍របស់មេធាវី។ ហើយពួកគេនឹងអនុវត្តតាមរបៀបវារៈរបស់ពួកគេដោយផ្តោតលើកម្រិតនៃករណី ពីមធ្យមទៅធំ ដូចជាវិវាទដីធ្លី និងការការពារបរិស្ថាន។7
“ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន” ជាក្រុមជំនួយផ្នែកច្បាប់ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ដែលមានមេធាវីស្ម័គ្រចិត្តមិនគិតថ្លៃសេវា (Pro-bono) ចំនួន ៦៧នាក់ ដឹកនាំដោយលោក គី តិច ប្រធានមេធាវីរដ្ឋាភិបាល។8 នៅលើមូលដ្ឋានបុគ្គល ក្រុមមេធាវីស្ម័គ្រចិត្តនេះត្រូវបានផ្តល់ជំនួយហិរញ្ញវត្ថុដោយមូលនិធិឯកជនរបស់នាយករដ្ឋមន្ត្រី។ យ៉ាងណាមិញ មេធាវីរដ្ឋាភិបាលត្រូវបានចាត់តាំងដោយនាយករដ្ឋមន្ត្រីដើម្បីទទួលភារកិច្ចក្នុងការបង្កើតក្រុមមេធាវីស្ម័គ្រចិត្តនេះ។ ក្រុមការងារនេះនឹងជួយដល់ស្ត្រីក្រីក្រនិងងាយរងគ្រោះ ដូចជាស្ត្រីមេម៉ាយ និងស្ត្រីដែលជាប់ពន្ធនាគារ ជាពិសេសនៅតំបន់ជនបទ កម្មករកាត់ដេរ និងតាមដានករណីដែលស្ត្រីងាយរងគ្រោះបានពាក់ព័ន្ធ។ ក្រុមអ្នកសិទ្ធិមនុស្សក៏បានលើកឡើងពីការព្រួយបារម្ភខ្លះៗអំពីឥទ្ធិពលនៃទំនាក់ទំនងយ៉ាងជិតស្និតរបស់ក្រុមមេធាវីស្ម័គ្រចិត្តនេះជាមួយរដ្ឋាភិបាលទៅលើចៅក្រម និងការរក្សាឯករាជ្យភាពរបស់តុលាការ។9
| នាយកដ្ឋានការពារក្តីជូនជនក្រីក្រនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា | អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្តល់ជំនួយផ្នែកច្បាប់ | ក្រុមមេធាវីឯកជន | ក្រុមមេធាវីការពារប្រយោជន៍សាធារណៈ | ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន |
ការផ្តល់មូលនិធិរបស់ស្ថាប័ន | មូលនិធិផ្តល់ដោយក្រសួងយុត្តិធម៌ និងវិភាគទាន ដោយសមាជិកនៃគណៈមេធាវី | មូលនិធិអន្តរជាតិ | កម្រៃបានពីសេវាកម្មអតិថិជន | បានពីថ្លៃសេវាកម្មអតិថិជន និងមូលនិធិអន្តរជាតិ | ឯកជន (ថវិកាផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីនិងម្ចាស់ជំនួយ) |
ប្រភេទនៃការផ្តល់ជំនួយផ្នែកច្បាប់ | ជំនួយផ្នែកយុត្តិធម៌ និងការប្រឹក្សាយោបល់ | ជំនួយផ្នែកយុត្តិធម៌ និងការប្រឹក្សាយោបល់ការបណ្តុះបណ្តាលផ្នែកច្បាប់ និងការផ្សព្វផ្សាយ | ជំនួយផ្នែកយុត្តិធម៌ និងការប្រឹក្សាយោបល់ | ជំនួយផ្នែកយុត្តិធម៌ និងការប្រឹក្សាយោបល់ | ជំនួយផ្នែកយុត្តិធម៌ និងការប្រឹក្សាយោបល់ |
ការជ្រើសរើសតាមប្រភេទនៃករណី | ផ្តោតតែបទល្មើសធំៗ៖ ឧក្រិដ្ឋកម្ម | គ្រប់ប្រភេទ។ អង្គការមិនមែនរដ្ឋាភិបាលខ្លះមានជំនាញក្នុងករណីមួយចំនួនដូចជាវិវាទដីធ្លី ឬអំពើហឹង្សាយេនឌ័រ។ | ឆន្ទានុសិទ្ធិ | ករណីវិវាទដីធ្លីមធ្យម និងធំបញ្ហាបរិស្ថានសិទ្ធិមនុស្ស។ | កម្មកររោងចក្រកាត់ដេរ អ្នកទោសស្រី |
ការជ្រើសរើសករណីទាក់ទងនឹងជនត្រូវចោទ | កម្រិតនៃភាពក្រីក្រដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងតាមដានការស៊ើបអង្កេតនៅនឹងកន្លែងពីប្រធានចៅក្រមនៃតុលាការ10 | ពលរដ្ឋងាយរងគ្រោះ៖ ស្ត្រីកុមារ អ្នកស្រឡាញ់ភេទដូចគ្នា ជនជាតិភាគតិច (សហគមន៍ជនជាតិដើម) | ឆន្ទានុសិទ្ធិ | ឆន្ទានុសិទ្ធិ | ស្ត្រីក្រីក្ រនិងងាយរងគ្រោះ (ស្ត្រីមេម៉ាយនិងស្ត្រីដែលជាប់ពន្ធនាគារ) ជាពិសេសនៅតំបន់ជនបទ កម្មករកាត់ដេរ |
ទាក់ទងនឹងអ្នកផ្តល់ជំនួយផ្នែកច្បាប់
- ច្បាប់ និងប្រព័ន្ធតុលាការ
- គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
- គណៈមេធាវី និងសេវាកម្មជំនួយផ្នែកច្បាប់
- អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្តល់ជំនួយផ្នែកច្បាប់
ឯកសារយោង
- 1. ខន សាវិ, “លោកនាយករដ្ឋមន្រ្តីហ៊ុនសែនប្រកាសផ្តល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃដល់កម្មករកាត់ដេរ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។
- 2. បទបញ្ជាផ្ទៃក្នុងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ២០១៦, មាត្រា ៦។
- 3. ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងតុលាការ. “សេវាកម្មជំនួយផ្នែកច្បាប់៖ បញ្ជីរាយឈ្មោះសេវាកម្មនិងឯកទេសទូទាំងប្រទេស”, ២០០៨។
- 4. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), អង្គការគោលដៅយុត្តិធម៌ (DJ), សមាគមការពារសិទ្ធិមនុស្សនិងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក), “សិទ្ធិទទួលបានយុត្តិធម៌នៅកម្ពុជា”, ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨។ បានចូលអានខែកញ្ញា ឆ្នាំ២០២០។
- 5. នៀម ឆេង, “គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងបង្កើតក្រុមជំនួយផ្នែកច្បាប់”។ កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩។ ចូលអានខែកញ្ញា ឆ្នាំ២០២០។
- 6. សាលាច្បាប់យ៉ាល, “ក្រុមមេធាវីការពារប្រយោជន៍សាធារណៈ”, ខែកក្កដា ឆ្នាំ ២០១៧។
- 7. Phil Jacobsen, “ក្រុមមេធាវីបង្ហាញផ្លូវថ្មី”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១០។ ចូលអានថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
- 8. ខន សាវិ, “លោកនាយករដ្ឋមន្រ្តីហ៊ុនសែនប្រកាសផ្តល់ជំនួយផ្នែកច្បាប់ឥតគិតថ្លៃដល់កម្មករកាត់ដេរ”, កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។ ចូលអានខែកញ្ញា ឆ្នាំ២០២០។
- 9. ឡុង គីមម៉ារីតា, “ជំនួបក្រុមជំនួយផ្នែកច្បាប់របស់រដ្ឋាភិបាល”។ ចុះថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩។ ចូលអានខែកញ្ញា ឆ្នាំ២០២០។
- 10. ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ឆ្នាំ១៩៩៥ , មាត្រា ៣០។