អំបិល

Woman working the salt fields in Kampot.

​ស្ត្រី​កំពុងធ្វើការ​នៅ​ស្រែអំបិល​ក្នុង​ខេត្តកំពត​។ រូបភាព ថត​ដោយ douglasjonesjr, ថ្ងៃ​ទី​២៨​ មិ​នា​ ២០១៤​។​ ក្រោម​អាជ្ញាប័ណ្ណ CC BY 2.0.

អំបិល​ត្រូវ​បាន​ផលិត​នៅ​ក្នុង​ខេត្តកំពត​ និង​ខេត្ត​​កែប​ ជា​កន្លែង​ដែល​ទឹកសមុទ្រ​ត្រូវ​បាន​បង្ហូរ​ចូល​ក្នុង​ស្រែ​ហាល​ធំៗ​ ហើយ​បង្ហូរ​បន្ត​ទៅ​ក្នុង​វាលស្រែ​បណ្ដុះ​។​ នៅ​ពេល​ដែល​ទឹកសមុទ្រ​ហួត​អស់​ ក្រាម​អំបិល​ស្ដើងៗ​បាន​ដុះ​ពាសពេញ​ដីស្រែ​នោះ​ ហើយ​ត្រូវ​បាន​កម្មករ​គៀងគរ​ប្រមូល​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​។​ ទិន្នផល​ផលិតកម្ម​ពឹងផ្អែក​យ៉ាង​ខ្លាំង​ទៅ​នឹង​អាកាសធាតុ​ ប្រសិនបើ​រដូវប្រាំង​មាន​រយៈពេល​យូរ​ នោះ​ទិន្នផល​ប្រចាំឆ្នាំ​នឹង​កើនឡើង​ តែ​ផ្ទុយ​ទៅ​វិញ​ ទិន្នផល​នឹង​ថយ​ចុះ​បើសិនជា​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​ តម្រូវការ​ប្រើប្រាស់​អំបិល​​ក្នុងស្រុក​ មាន​ប្រហែល​ជាង​ ១០០.០០០​ តោន​ក្នុង​មួយ​ឆ្នាំ​។​1 មុន​ឆ្នាំ​ ២០១៧​ អំបិល​​កម្ពុជា​មិន​ត្រូវ​បាន​នាំ​ចេញ​ទេ​ ដោយសារ​ភាគច្រើន​មាន​បញ្ហា​គុណភាព​ មិន​សម​ស្រប​ទៅ​នឹង​ស្ដង់ដារ​អន្តរជាតិ​។​ យ៉ាងណាមិញ​ ក៏​មាន​គម្រោង​មួយ​បាន​ដំណើរការ​ដើម្បី​កែ​លម្អ​គុណភាព​ និង​ចាប់ផ្តើម​ឧស្សាហកម្ម​នាំ​ចេញ​អំបិល​។​2

​ផលិតកម្ម​អំបិល​បាន​ឈាន​ដល់​ ១៤៧.០០០​ តោន​ក្នុង​ឆ្នាំ​ ២០១៤​ ស្មើ​នឹង​ជិត​ពីរ​ដង​នៃ​ចំនួន​ ៨០.០០០​ តោន​ដែល​បាន​កត់ត្រា​ក្នុង​ឆ្នាំ​ ២០១៣​។3 នេះ​គឺ​ដោយសារ​តែ​រដូវ​ប្រមូល​ផល​ឆ្នាំ​ ២០១៣​ បាន​បញ្ចប់​នៅ​ខែមេសា​ ខណៈ​​ពេល​​ដែល​​​រដូវ​ប្រាំង​​ឆ្នាំ​​ ២០១៤​​​ ​បាន​បន្ត​រហូត​ទៅ​ដល់​ខែមិថុនា។​ ​យ៉ាង​ណា​មិញ​ ​​ផលិតកម្ម​អំបិល​បាន​ធ្លាក់​ចុះ​ពី​ ១៧០.០០០​ តោន​ក្នុង​ឆ្នាំ​ ២០១៥​ មក​ត្រឹម​ ១៤០.០០០​ តោន​ក្នុង​ឆ្នាំ​ ២០១៦​ ហើយ​បន្ត​ធ្លាក់​ចុះ​​ត្រឹម​​តែ​ ៣២.០០០​ តោន​​ប៉ុណ្ណោះ​ នៅ​ក្នុង​ឆ្នាំ​ ២០១៧​។​4

​សហគមន៍​អ្នក​ផលិត​អំបិលខេត្ត​កំពត​ និង​ខេត្ត​កែប​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ២០០៤ ហើយ​បច្ចុប្បន្ន​មាន​ផ្ទៃដី​ចំនួន ៤.៥៦៩​ ហិ​កតា5 ដែល​ចែក​ចេញ​ជា​ ៧​ មណ្ឌល​៖​ មណ្ឌល​បឹង​ទូក​ មណ្ឌល​ត្រើយ​កោះ​ មណ្ឌល​បឹង​រូង​ទី​១​ មណ្ឌល​បឹង​រូង​ទី​២​ មណ្ឌល​សេះស​ មណ្ឌល​កែប​ និង​មណ្ឌល​កំពង់ត្រាច​ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ​ ផ្ដើម​ចេញពី​ឃុំ​បឹង​ទូក​ ស្រុក​ទឹកឈូ​ ទៅ​ភូមិ​លក​ ឃុំ​ឫស្សីស្រុក​ខាងលិច​ ស្រុក​កំពង់ត្រាច​ ខេត្តកំពត​ ជាប់​ព្រំដែន​វៀតណាម​។6

តម្លៃ​អំបិល​កម្ពុជា​ប្រភេទ​ល្អ​លេខ​១​ លក់​បានតម្លៃ​ជា​មធ្យម​ ៣​ ដុល្លារក្នុង​​បាវ​ទម្ងន់​៥០​ គីឡូក្រាម ចំនែកឯអំបិល​លេខ​២​ លក់​បាន​ ២,៤​ ដុល្លារ​ និង​ចុះ​មក​ត្រឹម​ ២,២​ ដុល្លារ​សម្រាប់​អំបិល​ថ្នាក់​លេខ​ ៣​។7

បណ្តាក់ទុន​ផលិតកម្ម​ថ្មី

​គម្រោង​មួយ​ដែល​មាន​ជំនួយ​គាំទ្រ​បាន​បើក​ដំណើរការ​នៅ​ស្រុក​ទឹកឈូ​ ខេត្តកំពត​ កាលពី​ខែមេសា​ ឆ្នាំ​ ២០១៣​ មាន​គោលបំណង​ផលិត​អំបិល​សមុទ្រ​ដែល​មានគុណ​ភាព​អាច​នាំ​ចេញ​បាន​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​។8 ការ​បណ្តាក់ទុន​ចំនួន​ ២,៩​ លាន​ដុល្លារ​នេះ​ មាន​គោលដៅ​ផលិត​អំបិល​ ២០.០០០​ តោន​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ការ​នាំ​ចេញពី​កសិដ្ឋាន​ផលិត​អំបិល​ទំហំ​ ១០០​ ហិ​កតា​។​ គម្រោង​មួយ​នេះ​​​ នឹង​​សាង​សង់​រោង​ចក្រ​​​​​​​វេច​ខ្ចប់​​។​​9

​​ក្រុម​ហ៊ុន​អំបិល​អាស៊ី​កម្ពុជា​​ ​(​​ខេ​ម​​បូ​​ឌា​​)​​ ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុក​មួយ​ដែល​មាន​ទុន​រួម​គ្នា​រវាង​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​ EEE​ Korea​ និង​ក្រុមហ៊ុន​ InfraCo​ Asia​ Development​ Pte.​ Ltd​ ដែល​ទទួល​បាន​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​អង់គ្លេស​ ស្វ៊ី​ស​ និង​អូស្ត្រាលី​។​

​តាម​រយៈ​ការ​ណែនាំ​នូវ​ការ​អនុវត្ត​ល្អ​បំផុត​ក្នុង​ការ​ចម្រាញ់​យក​អំបិល​ចេញពី​ទឹក​ ដោយ​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ គម្រោង​នេះ​មាន​បំណង​ផលិត​អំបិល​ឱ្យ​សម​ស្រប​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​នៅ​កូរ៉េ​ខាងត្បូង​ និង​ជា​ពិសេស​​ប្រទេស​ជប៉ុន​។​

តម្លៃ​ដើមទុន​នៃ​គម្រោង​ដំណាក់កាល​ដំបូង​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ចំនួន​ ២,៩​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ដំណាក់កាល​ទី​ពីរ​ដែល​ត្រូវ​បាន​ប៉ាន់​ស្មានថា​មាន​ចំនួន​ ៧​ លាន​ដុល្លារ​អា​មេ​រិ​ក​ នឹង​អាច​បង្កើន​សមត្ថភាព​ផលិតកម្ម​ បង្កើត​រោងចក្រ​ចម្រាញ់​មួយ​ និង​អាច​នាំ​ចេញ​អំបិល​សមុទ្រ​ធម្មជាតិ​ដែល​មានគុណ​ភាព​ខ្ពស់​ទៅ​ទីផ្សារ​អន្ដរជាតិ​។​10

​​ប្រសិនបើ​ការ​ផលិត​អំបិល​កម្ពុជា​ទាំងអស់​មាន​ស្តង់ដារ​ខ្ពស់​ ស្រប​តាម​ការ​អនុវត្ត​ល្អ​បំផុត​របស់​អន្តរជាតិ​ នោះ​ការ​ព្យាករណ៍​នៃ​ឧស្សាហកម្ម​នាំ​ចេញ​ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ ១០០​ លាន​ដុល្លារ​អា​មេ​រិ​ក​ជា​រៀង​រាល់​ឆ្នាំ​នឹង​អាច​លេច​រូបរាង​ឡើង​។​11

ការ​នាំ​ចេញ​អំបិល​កម្ពុជា

​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ កម្ពុជា​បាន​នាំ​ចេញ​អំបិល​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ជា​បន្តបន្ទាប់​។​ នៅ​ដើមឆ្នាំ​ ២០១៧​ ខែកុម្ភៈ​ ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ​ Le​ Guerandais​ កម្ពុជា​បាន​នាំ​ចេញ​អំបិល​ចំនួន​ ២០​ តោន​ទៅ​កាន់​ទីផ្សារ​បារាំង​ ដែល​ជា​ការ​នាំ​ចេញ​លើក​ដំបូង​បង្អស់​ និង​លក់​បាន​ក្នុង​តម្លៃ​ ៥៨​ ដុល្លារ​ក្នុង​មួយ​តោន​។​12 យោង​តាម​​មូល​ដ្ឋាន​​ទិន្នន័យ​របស់​ United​ Nations​ Comtrade​ Database​ អំបិល​របស់​ប្រទេស​កម្ពុជា​បាន​នាំ​ចេញ​​ទៅលក់​ក្នុង​ទីផ្សារ​របស់​ប្រទេស​ ហូ​ឡង់​ ចំនួន​ប្រហែល​ ៩០០​ តោន​ ដែល​មាន​តម្លៃ​ស្មើរ​នឹង​ទឹកប្រាក់​ ៧៥០​.០០០​ ដុល្លារ​ នៅឆ្នាំ ២០១៦។13

​បាន​ធ្វើ​បច្ចុប្បន្នភាព​៖​  ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨

ទាក់ទងនឹង​អំបិល

ឯកសារយោង

  1. 1. ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​.​ (២០១៥).​ “​វេទិកា​សាធារណៈ​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​មូលដ្ឋាន​ខេត្តកំពត​ ជួប​សំណេះសំណាល​ ស្វែង​យល់​ពី​តម្រូវការ​ និង​សំណូមពរ​របស់​ក្រុម​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប​”​។ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨។ http://www.mih.gov.kh/File/UploadedFiles/6_10_2015_11_25_57_025-2015%20Public%20Forum%20at%20Salt%20Community.pdf
  2. 2. ជា​ វណ្ណៈ​.​ “​ផលិតកម្ម​អំបិល​នៅ​កម្ពុជា​ នៅ​តែ​ពឹងផ្អែក​លើ​អាកាសធាតុ​”​។​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ៣១​ ខែកក្កដា​ ឆ្នាំ​ ២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨។ http://www.khmertimeskh.com/5075584/salt-production-cambodia-still-seasonal
  3. 3. ហ៊​ គឹ​ម​សាយ​.​ “​អ្នក​ផលិត​អំបិល​ទទួល​បាន​ទិន្នផល​ខ្ពស់​”។​ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​,​ ចុះ​ថ្ងៃ​ទី​ ១២​ ខែមិថុនា​ ឆ្នាំ​២០១៤​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ http://www.phnompenhpost.com/business/salt-makers-shake-out-big-surplus
  4. 4. សុខ​ ចាន់​.​ “​ភ្លៀង​ធ្លាក់​បង្អាក់​ការ​ប្រមូល​ផល​របស់​កសិករ​ផលិត​អំបិល​ក្នុងស្រុក​”។ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ http://www.khmertimeskh.com/50101594/rain-keeping-local-salt-farmers-harvesting/
  5. 5. ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​.​ (២០១៥).​ “​វេទិការ​សាធារណៈ​ក្រុមការងារ​ថ្នាក់​ជាតិ​ ចុះ​មូលដ្ឋាន​ខេត្តកំពត​ ជួប​សំណេះសំណាល​ ស្វែង​យល់​ពី​តម្រូវការ​ និង​សំណូមពរ​របស់​ក្រុម​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប​”​។ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨។ http://www.mih.gov.kh/File/UploadedFiles/6_10_2015_11_25_57_025-2015%20Public%20Forum%20at%20Salt%20Community.pdf
  6. 6. ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​.​ (២០១៤).​ “​​ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ ចម​ ប្រសិទ្ធ​ អញ្ជើញ​ចុះ​ពិនិត្យ​ និង​ពង្រឹង​ការ​គ្រប់​គ្រប​សហគមន៍​អ្នក​ផលិត​អំបិល​ ខេត្តកំពត​ និង​ខេត្ត​កែប​​”​។ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨។http://www.mih.gov.kh/File/UploadedFiles/7_22_2014_7_30_56_027-2014%20Salt%20Community%20Meeting.pdf
  7. 7. សុខ​ ចាន់​.​ “​ភ្លៀង​ធ្លាក់​បង្អាក់​ការ​ប្រមូល​ផល​របស់​កសិករ​ផលិត​អំបិល​ក្នុងស្រុក​”.​ កាសែត​ខ្មែរ​ថា​ម​ស៍​,​ ចុះ​ថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​២០១៨​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ http://www.khmertimeskh.com/50101594/rain-keeping-local-salt-farmers-harvesting/
  8. 8. Simon​ Lewis.​ “​កសិដ្ឋាន​អំបិល​ថ្មី​នៅ​ខេត្តកំពត​មាន​មហិច្ឆតា​ធំ​ក្នុង​ការ​ផលិត​”.​ កាសែត​ខេ​ម​បូ​ឌា​ ដេ​លី​,​ ចុះ​ថ្ងៃ​ទី​ ២៩​ ខែមេសា​ ឆ្នាំ​២០១៣​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ https://www.cambodiadaily.com/archives/new-kampot-salt-farm-has-big-ambitions-20505/
  9. 9. ដូច​ឯកសារយោង​ខាង​ដើម​។​
  10. 10. ​ក្រុម​ហ៊ុន​ Private Infrastructure Development Group. (២០១២).​ “របាយការណ៍​ប្រចាំឆ្នាំ​របស់​ Private Infrastructure Development Group”។ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។ https://www.pidg.org/wp-content/uploads/2018/11/PIDG-Annual-Report-2012.pdf
  11. 11. ដូច​ឯកសារយោង​ខាង​ដើម​។​
  12. 12. ​ចេ​ង​ សុខ​ហ័​ង​.​ “​កម្ពុជា​នាំ​ចេញ​អំបិល​ជា​លើក​ដំបូង​ទៅ​បារាំង​”។​ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​,​ ចុះ​ថ្ងៃ​ទី​ ១៤​ កុម្ភៈ​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ http://www.phnompenhpost.com/business/first-salt-export-deal-crystallises
  13. 13. Robin​ Spiess,​ ចេ​ង​ សុខ​ហ័​ង​.​ “EU​ ស៊ើបអង្កេត​ការ​នាំ​ចេញ​ អាស៊ីត​ស៊ី​ទ្រិ​ច​ ពី​កម្ពុជា​”។​ កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​,​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ ឆ្នាំ​២០១៧​។​ ចូល​អាន​ថ្ងៃ​ទី​ ០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​ http://www.phnompenhpost.com/business/cambodias-citric-acid-exports-prompt-investigation-europe
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

U8XmN
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!