គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ សំដៅស្វែងរក “ការបញ្ចប់ការអត់ឃ្លាន សម្រេចឱ្យបានសន្តិសុខស្បៀង ធ្វើឱ្យប្រសើរឡើងស្ថានភាពអាហារូបត្ថម្ភ និងលើកកម្ពស់កសិកម្មប្រកបដោយចីរភាព” ដោយធានានូវការទទួលបានស្បៀងអាហារប្រកបដោយសុវត្ថិភាព និងអាហារគ្រប់គ្រាន់សម្រាប់មនុស្សគ្រប់គ្នាគ្រប់ពេលវេលា។ ដូចគ្នានេះដែរ វាផ្តល់នូវវិធីសាស្ត្រទូលំទូលាយបន្ថែមទៀតទៅនឹងបញ្ហានៃភាពអត់ឃ្លាន ការគូសបញ្ជាក់ពីការប្រែប្រួលអាកាសធាតុ ជម្លោះ និងអស្ថិរភាពនយោបាយ ការប្រែប្រួលតម្លៃអាហារ និងថាមពលក្នុងចំណោមកត្តាសំខាន់ៗដែលរាំងស្ទះដល់វឌ្ឍនភាព។1
ខណៈពេលដែលភាពអត់ឃ្លានកំពុងតែស្ថិតនៅលើរបៀបវារៈអភិវឌ្ឍន៍អន្ដរជាតិ និងមានការរីកចម្រើនគួរឱ្យកត់សម្គាល់នាប៉ុន្មានឆ្នាំថ្មីៗនេះ ការងារជាច្រើននៅតែចាំប៉ាច់។ របៀបវារៈឆ្នាំ២០១៥ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (គ.អ.ស.) បានធ្វើឱ្យភាពអត់ឃ្លាន និងកង្វះអាហារូបត្ថម្ភមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែវាមិនបានបំពេញគោលដៅនៃការកាត់បន្ថយសមាមាត្រនៃអ្នកគ្មានអាហារបរិភោគឱ្យតិចជាង ១២ ភាគរយ ទេ។2 សព្វថ្ងៃនេះ មនុស្ស ៨១៥ លាននាក់នៅជុំវិញពិភពលោកនៅតែទទួលរងនូវភាពអត់ឃ្លាន។ ដូច្នេះហើយ សហគមន៍អន្តរជាតិបានលើកយកបញ្ហានេះជាបញ្ហាចម្បងក្នុងរបៀបវារៈឆ្នាំ២០៣០ ហើយជំរុញបណ្តាប្រទេសទាំងឡាយឱ្យមានសកម្មភាពបន្ថែមទៀត។3
គោលដៅនេះមានចំណុចដៅដែលជាប់ទាក់ទងគ្នាចំនួន៨ដូចខាងក្រោម 4៖
ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ នៅក្នុងប្រទេសកម្ពុជា
ភាពអត់ឃ្លានត្រូវបានលើកឡើងនៅក្នុងគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី ១ (គ.អ.ស. ទី១) ដែលភាពអត់ឃ្លានភាគច្រើនគឺពាក់ព័ន្ធនឹងភាពក្រីក្រ។ ក្នុងចំណុចដៅ៣នៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី១ មានតែមួយភាគបីនៃចំណុចដៅប៉ុណ្ណោះ ដែលផ្តោតជាពិសេសលើភាពអត់ឃ្លាន ដូចជា A) កាត់បន្ថយភាគរយនៃប្រជាជនដែលមានចំណូលប្រចាំថ្ងៃតិចជាង ១,២៥ ដុល្លារ។ B) ដើម្បីទទួលបានការងារពេញលេញ និងមានផលិតភាពក៏ដូចជាការងារសមរម្យសម្រាប់មនុស្សគ្រប់រូប រួមទាំងយុវវ័យ និងស្ត្រី។ C) កាត់បន្ថយ សមាមាត្រនៃមនុស្សដែលទទួលរងពីភាពអត់ឃ្លានរវាងឆ្នាំ ១៩៩០ និង ២០១៥។5
មូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាទី១ (គ.អ.ស. ទី១) មានចំណុចដៅចំនួន២ដែលដោះស្រាយលើភាពអត់ឃ្លាន៖
- ចំណុចដៅ B៖ កាត់បន្ថយសមាមាត្រនៃប្រជាជនដែលកំពុងរស់នៅក្នុងភាពអត់ឃ្លានឱ្យតិចជាង ១០ ភាគរយនៃចំនួនប្រជាជន។
- គោលដៅ D៖ លើកកម្ពស់អាហារូបត្ថម្ភ និងបញ្ឈប់ភាពក្រិន ដោយផ្តោតជាពិសេសលើស្ត្រី និងកុមារ។
វឌ្ឍនភាពគឺមានភាពមិនស្មើគ្នារវាងប្រទេស តំបន់ និងក្រុមប្រជាជន។ លទ្ធផលគឺស្រដៀងគ្នានៅកម្រិតប្រទេសសម្រាប់កម្ពុជា។ ការពិនិត្យឡើងវិញនៃគោលដៅអភិវឌ្ឍន៍សហសវត្សរ៍កម្ពុជា បានឆ្លុះបញ្ចាំងពីការរីកចំរើនមិនស្មើគ្នាយ៉ាងខ្ពស់ នៅថ្នាក់ក្រោមជាតិ និងនៅទូទាំងក្រុមប្រជាជន។ ខណៈដែលគោលដៅ B ត្រូវបានបំពេញយ៉ាងពេញលេញ គោលដៅ D បានបង្ហាញពីដំណើរការមិនល្អ6
ការផ្លាស់ប្តូរពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ទៅកាន់គោលដៅអភិវឌ្ឍប្រកបដោយចីរភាព កំពុងឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរដ៏សំខាន់នៃវិធីសាស្ត្រចំនួន២។ ជាដំបូង របៀបវារៈថ្មីឆ្នាំ២០៣០ ធ្វើឱ្យមានភាពខុសគ្នាយ៉ាងច្បាស់រវាងភាពក្រីក្រ និងភាពអត់ឃ្លាន ដោយការបង្កើតគោលដៅតែមួយសម្រាប់ការផ្លាស់ប្តូរនេះ។ ទី២ វិធីសាស្ត្រទូលំទូលាយជាងមុនត្រូវបានអនុម័ត។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ គូសបញ្ជាក់កត្តាមួយចំនួនទៀតដែលរារាំងដល់វឌ្ឍនភាពនេះ ដូចជាវិបត្តិហិរញ្ញវត្ថុ និងសេដ្ឋកិច្ច សង្គ្រាម និងការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានស្ថានការណ៍អស្ថេរភាព បំផ្លាញផលដំណាំ និងនាំមកនូវការកើនឡើងនៃតម្លៃស្បៀងអាហារ និងទំនិញផ្សេងៗទៀត។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ អំពាវនាវឱ្យមានការផ្លាស់ប្តូរនៃប្រព័ន្ធស្បៀងអាហារ និងកសិកម្មសកល ដើម្បីផ្តល់អាហារូបត្ថម្ភដល់មនុស្សគ្រប់រូប និងបង្កើតប្រាក់ចំណូលសមរម្យ។ វាពាក់ព័ន្ធនឹងការលើកកម្ពស់ប្រព័ន្ធផលិតកម្មស្បៀងអាហារ ដែលប្រកបដោយចីរភាព តាមរយៈការអនុវត្តកសិកម្មប្រកបដោយភាពធន់ ការគាំទ្រដល់ការប្រើប្រាស់ដីស្មើគ្នា និងផ្តល់សិទ្ធិដល់កសិករខ្នាតតូច ដើម្បីបង្កើនផលិតភាពកសិកម្ម ការបែងចែកដីធ្លី និងលទ្ធភាពទទួលបានស្បៀងដោយស្មើភាព និងតម្លៃសមរម្យ។ វាក៏ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីណែនាំពីបច្ចេកវិទ្យាថ្មីៗ ដែលមានប្រសិទ្ធភាព និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ។7
ផ្ទុយពីគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ របៀបវារៈឆ្នាំ២០៣០ មានធម្មជាតិរួមបញ្ចូលគ្នា និងមិនអាចបំបែកពីគ្នាបានទេ ពីព្រោះគោលដៅទាំងនោះ គឺមានបំណងបំពេញបន្ថែម និងពង្រឹងគ្នាទៅវិញទៅមក។ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ មានតំណភ្ជាប់យ៉ាងរឹងមាំជាមួយគោលដៅទី១ គ្មានភាពក្រីក្រ គោលដៅទី៣ សុខភាពល្អ និងសុខុមាលភាព គោលដៅទី៦ ទឹកស្អាត និងអនាម័យ និងគោលដៅទី៨ កំណើនការងារ និងសេដ្ឋកិច្ច។ គោលដៅនេះបានរំលឹកពីតម្រូវការក្នុងការផ្តោតលើកុមារ និងស្ត្រី។ ក្រៅពីនេះវាកត់សម្គាល់ថា ការប្រយុទ្ធប្រឆាំងនឹងភាពអត់ឃ្លាន គឺអាស្រ័យលើហេដ្ឋារចនាសម្ព័ន្ធ ការកាន់កាប់ដីធ្លី ការថែទាំសុខភាព និងសមត្ថភាពគ្រប់គ្រងធនធានធម្មជាតិ និងការកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសនីមួយៗ។
ការធ្វើមូលដ្ឋានីយកម្មគោលដៅទី២ នៅក្នុងប្រទេសកម្ពុជា
បើទោះបីជាមានកំណើនសេដ្ឋកិច្ចខ្ពស់និងការកាត់បន្ថយភាពក្រីក្រជាបន្តបន្ទាប់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយក៏ដោយ សន្ដិសុខស្បៀងអាហារ និងកង្វះអាហាររូបត្ថម្ភនៅតែជាបញ្ហាសុខភាពសាធារណៈដ៏ធំនៅកម្ពុជា។ គោលដៅជាតិសម្រាប់ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាទី១ មិនត្រូវបានបំពេញទេ ហើយតួលេខនៃកង្វះអាហារូបត្ថម្ភនៅតែខ្ពស់ជាងបណ្តាប្រទេសភាគច្រើននៅក្នុងតំបន់។ នៅក្នុងសន្ទស្សន៍ភាពអត់ឃ្លានពិភពលោកឆ្នាំ២០១៨ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ៧៨ ក្នុងចំណោមប្រទេសចំនួន ១១៩ ដែលត្រូវបានវាយតម្លៃ ហើយចំណាត់ថ្នាក់នេះគឺទាបជាងប្រទេសថៃ (ទី ៤៤) វៀតណាម (ទី ៦៤) និងមីយ៉ាន់ម៉ា (ទី ៦៨) តែល្អជាងប្រទេសឡាវ (ទី ៨៣) តែបន្តិចទេ។8
មូលដ្ឋានីយកម្មនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី២ មិនបានរាប់បញ្ចូលចំណុចដៅ និងសូចនាករមួយចំនួននៃ គោលដៅអភិវឌ្ឍប្រកបដោយចីរភាពសកលទេ តែវាបញ្ចូល ចំណុចដៅចំនួន ៥ និង សូចនាករចំនួន ៧។
ចំណុចដៅនៃគ.អ.ច.ក | សូចនាករនៃ គ.អ.ច.ក | ឯកតា | ឆ្នាំគោល(២០១៥) | ២០២០ | ២០២៥ | ២០៣០ |
២.២ ត្រឹមឆ្នាំ២០៣០ បញ្ចប់គ្រប់ទម្រង់នៃកង្វះអាហារូបត្ថម្ភរួមទាំងការសម្រេចបាននៅឆ្នាំ២០២៥នូវចំណុចដៅដែលបានឯកភាពក្នុងកម្រិតអន្តរជាតិស្តីពីភាពក្រិន និងភាពស្គមស្គាំងរបស់កុមារអាយុក្រោមអាយុ៥ឆ្នាំ និងដោះស្រាយនូវតម្រូវការអាហារូបត្ថម្ភរបស់កុមារីវ័យជំទង់ ស្ត្រីមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅដោះកូន និងស្ត្រីវ័យចាស់។ | ២.២.១ ប្រេវ៉ាឡង់នៃភាពក្រិន (កម្ពស់ធៀបនឹងអាយុមានកម្រិតទាបជាងបទដ្ឋានរីកលូតលាស់មធ្យមរបស់កុមារ របស់អង្គការសុខភាពពិភពលោក) ក្នុងចំណោមកុមារអាយុក្រោមអាយុ៥ឆ្នាំ។ | % | ៣២,៤ | ២៥,០ | ២០,០ | ១៥,០ |
២.២.២ ប្រេវ៉ាឡង់នៃភាពក្រិន (កម្ពស់ធៀបនឹងអាយុមានកម្រិតទាបជាងបទដ្ឋានរីកលូតលាស់មធ្យមរបស់កុមារ របស់អង្គការសុខភាពពិភពលោក) ក្នុងចំណោមកុមារអាយុក្រោមអាយុ៥ឆ្នាំ។ | % | ៦,០ | <៥,០ | <៥,០ | ||
២.៣ ត្រឹមឆ្នាំ២០៣០ ទទួលបានកំណើនទ្វេដងនៃផលិតភាពក្នុងវិស័យកសិកម្ម និងចំណូលរបស់ផលិតករធុនតូច ជាពិសេសស្ត្រីក្នុងគ្រួសារទុរគត គ្រូសារកសិករ អ្នកគង្វាល និងអ្នកនេសាទ រួមទាំងតាមរតៈការធានា និងការទទួលបានស្មើភាពគ្នានូវដីធ្លី ធនធាន ផលិតកម្មផ្សេងទៀត និងធាតុចូល ចំណេះដឹង សេវាហិរញ្ញវត្ថុ ទីផ្សារ និងកាលានុវត្តភាពសម្រាប់តម្លៃបន្ថែម និងការងារក្នុងផ្នែកមិនមែនកសិកម្ម។ | ២.៣.១ ទំហំផលិតកម្មកសិកម្មក្នុងកសិករម្នាក់ដែលប្រកបរបរកសិកម្ម (ស្រែចម្ការ ការចិញ្ចឹមសត្វ និងជលផល)។ | $/កសិករម្នាក់ | ១ ៥៥៥ (២០១៦) | ២ ០០០ | ២ ៧៤១ | ៣ ៧៥៥ |
២.៤ ត្រឹមឆ្នាំ២០៣០ ធានានូវប្រព័ន្ធផលិតកម្មស្បៀងអាហារដែលមានចីរភាព អនុវត្តសកម្មភាពកសិកម្មដោយមានការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជួយឱ្យមានការកើនឡើងនូវផលិតកម្ម និងផលិតផល ជួយថែរក្សាប្រព័ន្ធអេកូឡូស៊ី ជួយពង្រឹងសមត្ថភាពសម្រាប់ធន់នឹងការប្រែប្រួលអាកាសធាតុអាក្រក់ ភាពរាំងស្ងួត ទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងទៀត និងធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់គុណភាពដី។ | ២.៤.១ ផលិតភាពនៃដីកសិកម្មដែលបាន និងកំពុងប្រើប្រាស់ដើម្បីធ្វើកសិកម្មប្រកបដោយចីរភាព។ | $/ហិកតា | ១ ៥៤៨ (២០១៦) | ១ ៨០៤ | ២ ១៨៤ | ២ ៦៤៥ |
២.៥ ត្រឹមឆ្នាំ២០២០ រក្សាការធ្វើពិពិធកម្មហ្សែននៃគ្រាប់ពូជការធ្វើកសិកម្ម និងចំការ ការផ្សាំពូជសត្វ និងប្រភេទសត្វព្រៃដែលពាក់ព័ន្ធ រួមទាំងតាមរយៈការគ្រប់គ្រងសមស្រប ការធ្វើពិពិធកម្ម និងរក្សាគ្រាប់ពូជ នៅកម្រិតជាតិ តំបន់ និងអន្តរជាតិ និងលើកកម្ពស់ការទទួលបានចំណែកប្រកបដោយយុត្តិធម៌ និងសមធម៌នៃផលប្រយោជន៍ពីការប្រើប្រាស់ធនធានហ្សែន និងចំណេះដឹងប្រពៃណីយ៍ដែលពាក់ព័ន្ធ ដូចការឯកភាពជាអន្តរជាតិ។ | ២.៥.១ ចំនួនធនធានពន្ធុរុក្ខជាតិសម្រាប់ស្បៀងអាហារ និងកសិកម្មបានធានាក្នុងគោលនយោបាយយុទ្ធសាស្ត្រ និងទីកន្លែងអភិរក្សរយៈពេលមធ្យម ឬរយៈពេលវែង។ | ចំនួនប្រភេទ | ៩៥ (២០១៦) | ១០៥ | ១២៤ | ១៥០ |
២.៥.២ ចំនួនគ្រួសារក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលត្រូវបានលើកកម្ពស់កម្រិតជីវភាពតាមរយៈការទទួលបានផលប្រយោជន៍ពី NTFP ការបញ្ចូលក្នុងវិស័យកសិកម្ម ទេសចរណ៍ធម្មជាតិ នៅក្នងតំបន់ការពារ។ | % | ៧,០ (២០១៧) | ១២,០ | ២៩,០ | ||
២.a បង្កើនការវិនិយោគ រួមទាំងតាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងផ្នែក ហេដ្ឋារចនាសម្ព័ន្ធជនបទ ការស្រាវជ្រាវ និងសេវាផ្សព្វផ្សាយកសិកម្ម ការអភិវឌ្ឍបច្ចេកវិជ្ជា និងធនាគារហ្សែនរុក្ខជាតិ និងសត្វ ដើម្បីលើកកម្ពស់សមត្ថភាពផលិតក្នុង ប្រទេសកម្ពុជា។ | ២.a.១ លំហូរនៃហិរញ្ញប្បទានសរុប (ហិរញ្ញប្បទានសហប្រតិបត្តិការនិងលំហូរផ្សេងទៀត) ដល់វិស័យកសិកម្ម ធៀបនឹង ផ.ស.ស.។ | % នៃ ផ.ស.ស. | ០,៧១ (២០១៦) | ០,៥៤ | ០,៤០ | ០,២៩ |
នៅក្នុងក្របខ័ណ្ឌនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាឆ្នាំ ២០១៦-២០៣០ ដែលបានចេញផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជា ការកែលម្អអាហារូបត្ថម្ភ និងការកាត់បន្ថយភាពក្រិនគឺជាអាទិភាពកំពូល។ ការពង្រីកនៃអន្តរាគមន៍នឹងពង្រឹងរបៀបវារៈឆ្នាំ២០៣០ ដែលរួមមានជំនួយសង្គម ការផ្តល់អាហារូបត្ថម្ភបន្ថែម ការផ្តល់អាហារនៅសាលា ការវាស់វែងសុខភាពសាធារណៈ និងការទំនាក់ទំនងសម្រាប់ការអភិវឌ្ឍ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពជាក់លាក់សម្រាប់ការអន្តរាគមន៍ទាំងនេះ មិនត្រូវបានរៀបរាប់លម្អិតនៅក្នុងឯកសារនោះទេ។9
កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ បានធ្វើការវាយតម្លៃរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័ស (RIA) ទៅលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ទៅលើចំណុចដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការវាយតម្លៃរួមបញ្ចូលគ្នាបង្ហាញថា គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ ជាការបំពេញបន្ថែមដោយផ្ទាល់ទៅនឹងអាទិភាពចម្បង២ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP)៖ ទី១ កាត់បន្ថយភាពក្រីក្រនិងកំណើនរួម និង ទី២ ពង្រីកកសិកម្ម។10 លើសពីនេះទៅទៀត គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី២ បានគូសបញ្ជាក់ពីមូលហេតុជាច្រើននៃភាពអត់ឃ្លាន ដែលបញ្ហាមួយចំនួនត្រូវបានដោះស្រាយដោយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨។11៖
- ការទទួលបានសេវាសារធារណៈដែលមានគុណភាពខ្ពស់នៅមានកម្រិត ដូចជាការអប់រំ និងសុខភាព។ សេវាបែបនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការកើនឡើងនៃសុខភាព និងចំណេះដឹង ដែលទាក់ទងនឹងការអនុវត្តន៍ចំណីអាហារ និងអាហារូបត្ថម្ភ។
- ភាពរ៉ាំរ៉ៃនៃភាពក្រីក្រនៅទីជនបទ និងភាពងាយរងគ្រោះនៃប្រជាជនដ៏ច្រើន ដែលជីវភាពរបស់ពួកគេពឹងផ្អែកលើសកម្មភាពកសិកម្មខ្នាតតូច។ ស្ទើរតែ ៨០ ភាគរយ នៃប្រជាជនកម្ពុជារស់នៅក្នុងតំបន់ជនបទ ហើយប្រហែល ៥០ ភាគរយ នៃកម្លាំងពលកម្មរបស់ប្រទេសនេះសិ្ថតក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ។ ការលើកកម្ពស់វិស័យកសិកម្ម គឺមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ព្រោះវិស័យនេះមានចំនួនជាង ៣៦ ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP)។12
- ភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ។ នេះធ្វើឱ្យមានការខូចខាតផលដំណាំ កាត់បន្ថយស្បៀងអាហារ និងការកើនឡើងតម្លៃ ដោយសារគ្រោះរាំងស្ងួត និងទឹកជំនន់ដោយមិនបានព្រៀងទុក។
លើសពីនេះទៅទៀត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ក៏តាមដានអត្រានៃភាពក្រីក្រចំពោះចំណីអាហារ ភាពក្រិនរបស់កុមារ កុមារខ្វះទម្ងន់ និង ស្ត្រី និងកុមារដែលមានភាពស្លេកសាំង ដែលពាក់ព័ន្ធយ៉ាងខ្លាំងសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី២។ គោលបំណងផ្សេងទៀតនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺលើកកម្ពស់ផលិតកម្ម និងផលិតភាពកសិកម្ម។ ទោះបីជាក្របខ័ណ្ឌនេះ មានចំណុចដៅ និងសកម្មភាពច្បាស់លាស់ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារ និងមាតា តែវាមានការយកចិត្តទុកដាក់តិចតួចទៅលើតម្រូវការអាហារូបត្ថម្ភរបស់ក្មេងស្រីជំទង់ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់។13
មធ្យោបាយនៃការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ នៅក្នុងប្រទេសកម្ពុជា
ថ្វីបើការអនុវត្តផ្នែកសេដ្ឋកិច្ច និងសារពើពន្ធរបស់ប្រទេសកម្ពុជាមានភាពរឹងមាំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ក៏ប្រទេសនេះនៅតែប្រឈមនឹងបញ្ហាហិរញ្ញវត្ថុជាច្រើន។ ចំណូលក្នុងស្រុកកំពុងកើនឡើងយ៉ាងខ្លាំង រួមនឹងចំណូលរដ្ឋាភិបាល ដែលត្រូវបានគេរំពឹងថានឹងដើរតាមនិន្នាការនេះ ដោយសារសេដ្ឋកិច្ចបន្តរីកលូតលាស់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលប្រទេសកម្ពុជារីកចម្រើនជាប្រទេសមានប្រាក់ចំណូលមធ្យម ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA)និងលំហូរអង្គការមិនមែនរដ្ឋាភិបាលនឹងថយចុះ ហើយដូច្នេះ ប្រទេសកម្ពុជាត្រូវតែស្វែងរកប្រភពជំនួសផ្សេងទៀត ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។14
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាច្រើន និងស្ថាប័នអភិវឌ្ឍន៍នានា កំពុងធ្វើការលើភាពអត់ឃ្លាន និងអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា ដែលមួយចំនួនបានធ្វើការនៅក្នុងប្រទេសនេះអស់រយៈពេលជាយូរមកហើយ។ ពួកគេធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលក្នុងការកំណត់អាទិភាព និងអនុវត្តកម្មវិធីនៅទូទាំងប្រទេស។ ស្ថាប័នទាំងនេះរួមមាន ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) កម្មវិធីស្បៀងអាហារពិភពលោក (WFP) អង្គការយូនីសេហ្វ អង្គការសុខភាពពិភពលោក និងសម្ព័ន្ធអង្គការសង្គមស៊ីវិល ដើម្បីអាហារូបត្ថម្ភកម្ពុជា (SUN-CSA-CAM)។15
ការត្រួតពិនិត្យគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី២ នៅក្នុងប្រទេសកម្ពុជា
ការសម្របសម្រួលនៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី២ ត្រូវបានចាត់តាំងទៅក្រសួង និងស្ថាប័នរដ្ឋាភិបាលនានា។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ (CARD) ទទួលខុសត្រូវលើសូចនាករ ២.២.១ ដែលទាក់ទងទៅនឹងការរីករាលដាលនៃភាពក្រិន។ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទរួមជាមួយក្រសួងសុខាភិបាល និងក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលខុសត្រូវចំពោះសូចនាករ ២.២.២ ដែលផ្តោតលើការរីករាលដាលនៃកង្វះអាហារូបត្ថម្ភ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) ទទួលខុសត្រូវលើសូចនាករ ២.៣.១ និង២.៤.១ ដែលបន្តបង្កើនផលិតភាពកសិកម្ម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន (MoE) នឹងធ្វើការសម្របសម្រួលលើសូចនាករ ២.៥.១ ស្តីពីធនធានពន្ធុរុក្ខជាតិ។ ក្រសួងបរិស្ថានក៏ត្រូវបានចាត់តាំងនូវសូចនាករ ២.៥.២ ស្តីពីការកែលម្អជីវភាពរស់នៅផងដែរ។ ជាចុងក្រោយ គណៈកមា្មធិការនីតិសម្បទា និងអភិវឌ្ឍន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB / CDC) ទទួលបន្ទុកលើសូចនាករ ២.a.១ ដែលតាមដានលំហូរកសិកម្មផ្លូវការ។16
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់គោលបំណងដូចខាងក្រោមសម្រាប់គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី២ ដែលនឹងត្រូវបានសម្រេចនៅឆ្នាំ២០៣០17៖
- កាត់បន្ថយអត្រានៃជម្ងឺក្រិនក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ពី ៣២,៤ ភាគរយ ក្នុងឆ្នាំ ២០១៥ ទៅ ១៥ ភាគរយ។
- កាត់បន្ថយអត្រានៃជម្ងឺកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ ពី ៦ ភាគរយនាពេលបច្ចុប្បន្ននេះ ដល់ក្រោម ៥ ភាគរយ ។
- ច្រើនជាងពីរដងនៃតម្លៃផលិតកម្មកសិកម្មបច្ចុប្បន្នក្នុងមួយឯកតានៃកម្លាំងពលកម្ម ដែលចូលរួមក្នុងវិស័យកសិកម្ម ដើម្បីទទួលបាន ៣.៧៦៦ ដុល្លារ ក្នុងកសិករម្នាក់។
- បង្កើនផលិតភាពកសិកម្មប្រកបដោយចីរភាពចាប់ពី ១.៥៤៨ ដុល្លារ ក្នុងមួយហិកតានៅឆ្នាំ ២០១៦ ដល់ ២.៦៤៥ ដុល្លារ។
- បង្កើនពី ៩៥ ទៅ ១៥០ ចំនួនធនធានពន្ធុរុក្ខជាតិសម្រាប់ស្បៀងអាហារ និងកសិកម្មបានធានាក្នុងគោលនយោបាយយុទ្ធសាស្ត្រ និងទីកន្លែងអភិរក្សរយៈពេលមធ្យម ឬរយៈពេលវែង។
- បង្កើនពី ៧ ភាគរយ ទៅ ២៩ ភាគរយ នៃចំនួនគ្រួសារក្នុងសហគមន៍តំបន់ការពារធម្មជាតិ ដែលត្រូវបានលើកកម្ពស់កម្រិតជីវភាព តាមរយៈការទទួលបានផលប្រយោជន៍ពី NTFP ការបញ្ចូលក្នុងវិស័យកសិកម្ម ទេសចរណ៍ធម្មជាតិ នៅក្នុងតំបន់ការពារ។
- ចំណុចដៅសម្រាប់លំហូរនៃហិរញ្ញប្បទានសរុបដល់វិស័យកសិកម្ម ដែលត្រូវបានគេរំពឹងថា នឹងថយចុះពី ០,៧១ ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅក្នុងឆ្នាំ២០១៦ ទៅ ០,២៩ ភាគរយ នៅក្នុងឆ្នាំ២០៣០។
គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជាទី២ នឹងត្រូវបានត្រួតពិនិត្យជាទៀងទាត់រៀងរាល់៣ ឬ៥ឆ្នាំម្តងអាស្រ័យលើសូចនាករ។ ការប្រមូលទិន្នន័យចាំបាច់ទាំងអស់ តម្រូវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងភាគីពាក់ព័ន្ធជាច្រើន។ ក្រសួងសុខាភិបាល ក្រសួងផែនការ និងក្រសួងបរិស្ថាន នឹងប្រមូលទិន្នន័យពីការរីករាលដាលនៃ ជំងឺក្រិន ការខ្ជះខ្ជាយ និងការលើសទម្ងន់ ធនធានពន្ធុរុក្ខជាតិ និងគ្រួសារក្នុងសហគមន៍តំបន់ការពារ។ ទិន្នន័យផ្នែករដ្ឋបាលនឹងត្រូវប្រើដើម្បីតាមដានផលិតកម្ម និងផលិតភាពកសិកម្ម។ លំហូរជាផ្លូវការនឹងត្រូវបានត្រួតពិនិត្យដោយប្រើប្រាស់ទិន្នន័យពីគណៈកមា្មធិការនីតិសម្បទា និងអភិវឌ្ឍន៍ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CRDB / CDC)។ លើសពីនេះទៀត ការអនុវត្តន៍របស់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូ នឹងអនុវត្តការវាយតម្លៃរៀងៗខ្លួនលើគម្រោងរបស់ពួកគេ ដែលអាច់ផ្តល់ព័ត៌មានបន្ថែមយ៉ាងលម្អិត។18
ប្រធានបទពាក់ព័ន្ធ
ឯកសារយោង
- 1. អង្គការសហប្រជាជាតិ។ «គោលដៅអភិវឌ្ឍប្រកបដោយចីរភាព»។ ចូលអានថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
- 2. អង្គការសហប្រជាជាតិ ឆ្នាំ២០១៥។ «របាយការណ៍គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ឆ្នាំ ២០១៥“»។ ចូលអានថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
- 3. FAO, IFAD, UNICEF, WFP និង WHO ឆ្នាំ២០១៧។ «ស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅលើពិភពលោក ឆ្នាំ២០១៧។ ការកសាងភាពធន់សម្រាប់សន្តិភាព និងសន្តិសុខស្បៀង»។ ចូលអានថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។
- 4. គោលដៅសកល។ «ធនធាន»។ ចូលអានថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។
- 5. MDG Monitor ឆ្នាំ២០១៧។ «គោលដៅអភិវឌ្ឍន៍សហសវត្សរ៍ទី ១៖ លុបបំបាត់ភាពក្រីក្រ និងភាពអត់ឃ្លានធ្ងន់ធ្ងរ»។ ចូលអានថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
- 6. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៨ «អសន្ដិសុខស្បៀងនៅអាស៊ី»។ ចូលអានថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។
- 7. អង្គការសហប្រជាជាតិ។ «គោលដៅទី២៖ គ្រោះអត់ឃ្លានស្មើសូន្យ»។ ចូលអានថ្ងៃទី ២៥ ខែ មីនា ឆ្នាំ២០១៩។
- 8. សន្ទស្សន៍ភាពអត់ឃ្លានសកល ឆ្នាំ២០១៩ ។ «ប្រទេសកម្ពុជា» ។ ចូលអានថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
- 9. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៨។ «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព ២០១៦-២០៣០»។ ចូលអានថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
- 10. កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ «ការវាយតម្លៃរួមបញ្ចូលគ្នាឆាប់រហ័ស - គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា» ។ ចូលអានថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។
- 11. រាជរដ្ឋាភិបាលកម្ពុជា។ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨»។ ចូលអានថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
- 12. អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ។ «ប្រទេសកម្ពុជា» ។ ចូលអានថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
- 13. កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)។ «ការវាយតម្លៃរួមបញ្ចូលគ្នាឆាប់រហ័ស - គោលដៅអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា»។ ចូលអានថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។
- 14. រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៨។ «ក្របខ័ណ្ឌគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព ២០១៦-២០៣០» ។ ចូលអានថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។
- 15. ដូចឯកសារយោងខាងលើ
- 16. ដូចឯកសារយោងខាងលើ
- 17. ដូចឯកសារយោងខាងលើ
- 18. ដូចឯកសារយោងខាងលើ