
រូបភាពឌីជីថលនៃព្រលានយន្តហោះអន្តរជាតិមរតកតេជោ។ រូបភាពយកចេញពីវេបសាយOCIC។
អាកាសយានដ្ឋាន និងការធ្វើដំណើរតាមផ្លូវអាកាស
គិតត្រឹមឆ្នាំ ២០២៤ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ ដែលមានទីតាំងនៅភ្នំពេញ (អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ) សៀមរាប (SAI) និងខេត្តព្រះសីហនុ ដែលអាកាសយានដ្ឋានខេត្តព្រះសីហនុមានជើងហោះហើរអន្តរជាតិតិចជាងអាកាសយានដ្ឋានពីរដំបូង។ កម្ពុជាក៏មានអាកាសយានដ្ឋានក្នុងស្រុកចំនួន ៤ នៅក្នុងស្ថានភាពប្រតិបត្តិការផ្សេងៗគ្នាផងដែរ។1 អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងខេត្តកោះកុង កំពុងស្ថិតនៅក្នុងការបើកដំណើរការ និងមានជើងហោះហើរសាកល្បងលើកដំបូង និងសេវាកម្មក្នុងស្រុកនៅក្នុងខែសីហា ឆ្នាំ២០២៤ ហើយនឹងអាចដំណើរការបានសម្រាប់ជើងហោះហើរអន្តរជាតិនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។2 អាកាសយានដ្ឋានបាត់ដំបងត្រូវបានបិទនៅឆ្នាំ ១៩៩១ ប៉ុន្តែកំពុងត្រូវបានធ្វើការកែប្រែដើម្បីគ្រប់គ្រងជើងហោះហើរធំជាងមុន។3 អាកាសយានដ្ឋានស្ទឹងត្រែងស្ទើរតែត្រូវបានបិទទាំងស្រុងចាប់ពីឆ្នាំ ២០០៣ ដោយមានតែកន្លែងចតឧទ្ធម្ភាគចក្រប៉ុណ្ណោះដែលនៅដំណើរការ។4 មានគម្រោងក្នុងការពង្រីកព្រលានយន្តហោះ ប៉ុន្តែនៅតែមានតម្រូវការក្នុងការស្វែងរកមូលនិធិសម្រាប់គម្រោងនេះ។ អាកាសយានដ្ឋានកំពង់ឆ្នាំងត្រូវបានគេគ្រោងនឹងធ្វើឱ្យប្រសើរឡើង ប៉ុន្តែវាត្រូវបានពន្យារពេលនៅឆ្នាំ ២០០៥ ។ ប្រទេសកម្ពុជាក៏មានអាកាសយានដ្ឋានក្នុងស្រុកជាច្រើនទៀតដែលស្ថិតក្នុងដំណាក់កាលផ្សេងគ្នានៃដំណើរការរៀបចំផែនការ ឬគ្រាន់តែប្រើជាកន្លែងចុះចតសាធារណៈ។ អាកាសយានដ្ឋានទាំងនេះត្រូវបានរាយបញ្ជីខាងក្រោម ឬអាចចូលបានតាមរយៈផែនទីអន្តរកម្មរបស់យើង៖
- កោះរ៉ុង
- បាវិត (ក្រុងបាវិត)
- ប៉ោយប៉ែត (កូនដំរី)
- ព្រះវិហារថ្មី (ស្រះអ៊ាម)
- មណ្ឌលគិរីថ្មី (អូរាំង)
- រតនគិរីថ្មី (កាឡៃ)
- អាកាសយានដ្ឋានក្រគរ
- កំពង់ចាម
- អាកាសយានដ្ឋានកំពត
- អាកាសយានដ្ឋានក្រចេះ។
ផែនទីអាកាសយានដ្ឋាននៅកម្ពុជា
មុនពេលកូវីដ-១៩ ចំនួនអ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពូជាកើនឡើងជាលំដាប់ ដែលមានអ្នកដំណើរជាង ៤ លាននាក់ ធ្វើដំណើរតាមអាកាសយានដ្ឋានភ្នំពេញ និងអាកាសយានដ្ឋានសៀមរាប និងជាង ១០ លាននាក់នៅទូទាំងប្រទេស។5 ជំងឺរាតត្បាតកូវីដ-១៩ បានធ្វើឱ្យចំនួនអ្នកដំណើរថយចុះយ៉ាងខ្លាំង។ ចំនួននៃនកដំណើរមុនការរាតត្បាតមិនទាន់ត្រឡប់មកវិញ ដែលមានចំនួនត្រឹមតែ ៥ លាននាក់បុណ្ណោះ ប៉ុន្តែចំនួនអ្នកដំណើរមានការកើនឡើងវិញ បន្ទាប់ពីរយៈពេលនៃការជាសះស្បើយ។6
អាកាសយានដ្ឋានរបស់កម្ពុជាទទួលយកក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣១ ផ្សេងៗគ្នាសម្រាប់ជើងហោះហើរក្នុងស្រុក និងអន្តរជាតិ។7 ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ គីជាក្រុមហ៊ុនអាកាសចរណ៍កម្ពុជារួមមាន៖
- អ៊ែរខេមបូឌា ពីមុន ខេមបូឌា អង្គរអ៊ែរ (ក្រុមហ៊ុនអាកាសចរណ៍ជាតិ)
- ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines
- ក្រុមហ៊ុនអាកាសចរណ៍ បាសាកា
- ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ JC (Cambodia)
- ក្រុមហ៊ុនអាកាសចរណ៍ Lanmei
- ខេមបូឌា អ៊ែរវ៉េ
- ក្រុមហ៊ុនអាកាសចរណ៍ព្រីនអន្តរជាតិ។8
ផ្លូវរថភ្លើង
ប្រទេសកម្ពុជាមានផ្លូវរថភ្លើងសំខាន់ៗចំនួនពីរខ្សែ គឺខ្សែខាងជើងប្រវែង ៣៨៥គីឡូម៉ែត្រ តភ្ជាប់ពីភ្នំពេញទៅប៉ោយប៉ែត ជាប់ព្រំដែនថៃ ឆ្លងកាត់ពោធិ៍សាត់ និងបាត់ដំបង មាន ៥០ ស្ថានីយ និងខ្សែខាងត្បូងមានចំងាយ ២៥៧ គីឡូម៉ែត្រ ពីភ្នំពេញទៅព្រះសីហនុ មាន ២៨ ស្ថានីយ។ ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ការប្រើប្រាស់ផ្លូវដែកក្នុងប្រទេសកម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរស្ថានភាពជាបន្តបន្ទាប់។ នៅឆ្នាំ ១៩៧០ ការប្រើប្រាស់ផ្លូវដែកត្រូវបានឈានដល់កម្រិតកំពូល ដែលប្រើប្រាស់ជាចម្បងសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ។9 ប៉ុន្តែដោយសារតែជម្លោះអូសបន្លាយ និងការធ្វេសប្រហែសរាប់ទសវត្សរ៍បានធ្វើឱ្យវាស្ថិតក្នុងស្ថានភាពមិនល្អ។ សេវាកម្មផ្លូវដែកបានចាប់ផ្តើមម្តងទៀតនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ទោះបីជាយ៉ាងណាក៏ដោយ សេវាកម្មនេះបានពន្យារពេលក្នុងឆ្នាំ ២០០៨ ហើយនឹងមិនបើកឡើងវិញទេរហូតដល់ពាក់កណ្តាលឆ្នាំ២០១០។ ប្រព័ន្ធផ្លូវដែកត្រូវបានបិទម្តងទៀតក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ហើយទីបំផុតបានបើកឡើងវិញនៅខែតុលា ឆ្នាំ ២០២២។10
ផ្លូវរថភ្លើងនៅក្នុងប្រទេសកម្ពុជា
ក្នុងឆ្នាំ ២០០៦ គម្រោងស្តារនីតិសម្បទាមានទឹកប្រាក់ចំនួន ១៤៣ លានដុល្លារអាមេរិក ត្រូវបានចាប់ផ្តើមដោយរដ្ឋាភិបាលកម្ពុជា ដោយមានការគាំទ្រពីអ្នកផ្តល់មូលនិធិពីខាងក្រៅជាច្រើន។ គម្រោងខ្សែខាងត្បូងត្រូវបានបញ្ចប់ និងបើកដំណើរការដឹកជញ្ជូននៅខែសីហា ឆ្នាំ ២០១៣។11 នៅឆ្នាំ២០១៩ ខ្សែខាងជើងត្រូវបានបើកសម្រាប់រថភ្លើងដឹកទំនិញ។ ភាគច្រើននៃការដឹកជញ្ជូនរបស់វាគឺធុងនិងឥន្ធនៈដែលមានចំនួន ៩០% នៃសមាសភាព។ ខណៈពេលដែលខ្សែខាងត្បូងភាគច្រើនដឹកជញ្ជូនកុងតឺន័រ ខ្សែខាងជើងគឺភាគច្រើនសម្រាប់ការដឹកជញ្ជូនឥន្ធនៈ។12
ខ្សែទាំងពីរមានអត្រាកំណើនខ្ពស់ក្នុងសេវាកម្មដឹកជញ្ជូនបន្ទាប់ពីការបើកដំណើរការឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ចន្លោះឆ្នាំ២០១៩ និង ២០២១ ខ្សែបន្ទាត់ខាងត្បូងមានការថយចុះនៃបរិមាណសរុបរបស់វាពី ៧៩៦,៤២៨ទៅ ៧២៧,០៨៦តោន។ ខ្សែខាងជើងបានកើនឡើងពី ៥០,១៤៩ តោនដល់ ២៨៩,៣៨១ តោនក្នុងអំឡុងពេលដូចគ្នានេះ។ ផ្លូវដែកដែលដំណើរការតែមួយគត់គឺ ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ មានក្បាលរថភ្លើងប្រតិបត្តិការចំនួន១៨ ជាមួយនឹងរទេះចំនួន ៣០០ ដែលដំណើរការលើផ្លូវដែកកម្ពុជា។ ចន្លោះឆ្នាំ ២០១៩ និង ២០២២ ការប្រើប្រាស់សេវាផ្លូវដែកខ្សែខាងជើងមានអ្នកដំណើរកើនឡើងពី ២២១៤ ដល់ ៣០,៦៧៩ នាក់ ខណៈពេលដែលតម្រូវការនៅលើខ្សែខាងត្បូងក៏កើនឡើងផងដែរដែលឃើញការកើនឡើងនៃអ្នកដំណើរពី ១៩,៩៣៤ ដល់ ៤១,៨១៣។13
ផ្លូវ និងស្ពាន
គិតត្រឹមឆ្នាំ ២០២២ បណ្តាញផ្លូវថ្នល់របស់ប្រទេសកម្ពុជាមានប្រវែងប្រហែល ៦៧៩០២, ១៩ គីឡូម៉ែត្រ។ ផ្លូវទាំងនេះភាគច្រើនជាផ្លូវជនបទ ដែលមានប្ររែងសរុប ប្រមាណ ៤៧,៩១៩ គីឡូម៉ែត្រ ស្មើនឹងប្រហែល ៧០,៨% នៃប្រវែងផ្លូវសរុបរបស់ប្រទេស។ ប្រភេទផ្លូវធំទីពីរគឺផ្លូវតាមបណ្តាខេត្ត (PR) ដែលត្រូវបានចាត់ថ្នាក់ដោយលេខបី និងបួនខ្ទង់ (P3-4) ដែលត្រូវបានប្រើដើម្បីបែងចែកប្រភេទផ្លូវផ្សេងៗ។ ផ្លូវខេត្ត គឺជាបណ្តាញមូលដ្ឋាននៃផ្លូវក្នុងខេត្ត ដែលតភ្ជាប់រាជធានីខេត្ត និងទីរួមស្រុក។14 ផ្លូវខេត្តមានប្រវែង ១២,៣៨០គីឡូម៉ែត្រ (១៨.៣%) ។ ទាំងផ្លូវជាតិលេខមួយខ្ទង់ និងពីរខ្ទង់ (NR) មានភាពខុសប្លែកគ្នា ដោយសារផ្លូវជាតិលេខមួយខ្ទង់ (N1) តភ្ជាប់ទៅកាន់ប្រទេសជាប់ព្រំដែន ហើយត្រូវបានប្រើប្រាស់ក្នុងប្រព័ន្ធផ្លូវល្បឿនលឿនអន្តរជាតិ។ ផ្លូវជាតិលេខពីរខ្ទង់ (N2) គឺជាផ្លូវតភ្ជាប់ទូទៅជាងរវាងខេត្តផ្សេងៗគ្នា។15 ប្រវែងរួមរបស់ផ្លូវទាំង២ប្រភេទ គឺ ៧,៤១៦ គីឡូម៉ែត្រ (11.3%) ដែលសម្រាប់ផ្លូវជាតិលេខមួយខ្ទង់មានប្រវែងប្រហែល ២,២៥៤ គីឡូម៉ែត្រ ហើយផ្លូវលេខពីរខ្ទង់មានប្រវែងប្រហែល ៥,១៦១គីឡូម៉ែត្រ។ ប្រភេទផ្លូវចុងក្រោយគឺផ្លូវល្បឿនលឿន។ មានផ្លូវល្បឿនលឿនតែមួយគត់ (E4) ដែលមានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ (០.៣%) ដែលតភ្ជាប់ពីភ្នំពេញទៅខេត្តព្រះសីហនុ។16
កម្ពុជាដំណើរការផ្លូវអន្តរជាតិធំៗចំនួនបី ដែលសុទ្ធសឹងជាប្រព័ន្ធផ្លូវហាយវ៉េអាស៊ី (AH)។ ពួកគេគឺផ្លូវហាយវ៉េអាស៊ី១ ផ្លូវហាយវ៉េអាស៊ី១១ និងផ្លូវហាយវ៉េអាស៊ី២១។ ផ្លូវហាយវ៉េអាស៊ី១ ប្រើផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ១ ដែលមានប្រវែងសរុប៥៧៤.៣០ គីឡូម៉ែត្រ តភ្ជាប់ទៅប្រទេសវៀតណាម។ ផ្លូវហាយវ៉េអាស៊ី១១ ប្រើប្រាស់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៧ ដែលមានចម្ងាយសរុប ៧៥០.០៣ គីឡូម៉ែត្រ តភ្ជាប់ទៅប្រទេសឡាវ។ ជាចុងក្រោយផ្លូវហាយវ៉េអាស៊ី២១ ប្រើប្រាសផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៦២ ផ្លូវជាតិលេខ៦៤ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៧៨ សម្រាប់ចម្ងាយរួមបញ្ចូលគ្នា ៥១១.៩០ គីឡូម៉ែត្រ។ ផ្លូវហាយវ៉េអាស៊ី១១ តភ្ជាប់ទៅច្រករបៀងភាគខាងត្បូងក្នុងមហាអនុតំបន់មេគង្គ (GMS)។17
បើនិយាយពីស្ពានវិញ មានស្ពានសរុបចំនួន ៤,៣៤៧ នៅក្នុងប្រទេស ក្នុងនោះ ១,៩៤១ (៤៤.៦៥%) តភ្ជាប់ទៅផ្លូវជនបទ ១,១៨៣ (២៧.២១%) តភ្ជាប់ទៅផ្លូវខេត្ត, ៧៥២ (១៧.៣០%) ទៅជាផ្លូវជាតិលេខពីរខ្ទង់ និងស្ពានចំនួន ៤៧១ តទៅផ្លូវជាតិលេខមួយខ្ទង់ (១០.៨៤%) ។ ស្ពានសម្រាប់ផ្លូវធំដូចជាផ្លូវជាតិជាទូទៅមានប្រវែងវែងជាងស្ពានសម្រាប់ផ្លូវតូច ដូច្នេះប្រវែងស្ពានសរុបគឺស្រដៀងគ្នាខ្លាំងណាស់រវាងប្រភេទផ្លូវផ្សេងៗគ្នា។18
ផ្លូវទឹក និងកំពង់ផែ
ប្រទេសកម្ពុជាមានឆ្នេរសមុទ្រប្រវែង ៤៤៣ គីឡូម៉ែត្រ និងផ្លូវទឹកសរុប ១៧៥០ គីឡូម៉ែត្រ។19 កំពង់ផែសមុទ្រជ្រៅតែមួយគត់គឺកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាកំពង់ផែអន្តរជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងឆ្នាំ ២០២៣ កំពង់ផែបានទទួលទំនិញចំនួន ៧,៨៩៣,១៥៧ តោន ដែលបានកើនឡើង ៦២% ឬ ៦.២% ក្នុងមួយឆ្នាំចាប់តាំងពីឆ្នាំ ២០១៣។ ចន្លោះឆ្នាំ ២០១៧ និង២០១៩ PAS បានរក្សាបាននូវអត្រាកំណើនខ្ពស់នៅក្នុងផលិតផលសរុបប៉ុន្តែបានថយចុះយ៉ាងខ្លាំងក្នុងអំឡុងពេលជំងឺរាតត្បាត (កើនឡើង ២៥% ជារៀងរាល់ឆ្នាំ) ហើយទើបតែចាប់ផ្តើមកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងអត្រាកំណើន ១២.៧១% ចន្លោះឆ្នាំ ២០២២ និង២០២៣។ ការកើនឡើងនៃឯកតាសមមូលម្ភៃហ្វីត (TEU) ដែលជាឯកតារង្វាស់លើកុងតឺន័រ បានកើនឡើងពី ២៨៦៤៥០ យូនីត ដល់ ៧៩៧,៧៧៨ គ្រឿង ស្មើនឹង១៧៩%។20 កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏ជាកំពង់ផែកម្ពុជាតែមួយគត់នៅក្នុងសន្ទស្សន៍ការអនុវត្តកំពង់ផែកុងតឺន័រ (CPPI) ។ នៅឆ្នាំ ២០២៣ វាត្រូវបានជាប់ចំណាត់ថ្នាក់ ១៦៨ ដែលជាការប្រសើរឡើងពីឆ្នាំ២០២១ ដែលទទួលបានចំណាត់ថ្នាក់ទី ២៣០ ។ យោងតាមសន្ទស្សន៍នេះ មានកំពង់ផែចំនួន១៦ ផ្សេងទៀតនៅក្នុងរដ្ឋសមាជិកអាស៊ាន ដែលដំណើរការលើសកំពង់ផែស្វយ័តក្រុងព្រះសីហនុ។21
ទំនិញភាគច្រើន (៧៤%) ក្នុងឆ្នាំ ២០២៣ គឺជាទំនិញនាំចូលដែលមានទម្ងន់សរុប ៥,៨៤២,៩៨៩ ។ ទំនិញដែលបាននាំចេញមានបរិមាណតិចជាងនេះដែលមានទំនិញត្រឹមតែ ២.០៥០.១៦៨ តោន។ បើគិតជាភាគរយ ទំនិញនាំចេញបានកើនឡើងភាគរយខ្ពស់ជាងបើធៀបនឹងទំនិញនាំចូលដែលមាន១៤.៧៦% ធៀបនឹង ១២.២៨% ចាប់តាំងពីឆ្នាំ ២០២១។ ប៉ុន្តែនៅពេលនិយាយដល់ TEU តួលេខគឺស្រដៀងគ្នាជាមួយនឹង ៤០២,៦២២ TEU ត្រូវបាននាំចូល ខណៈដែល ៣៩៥,១៤៥ TEU ត្រូវបាននាំចេញ។22
នៅឆ្នាំ ២០១៧ កិច្ចព្រមព្រៀងប្រាក់កម្ចីត្រូវបានចុះហត្ថលេខារវាង PAS និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីបង្កើតស្ថានីយថ្មីសម្រាប់កំពង់ផែ។ វាមានប្រវែង ៣៥០ម៉ែត្រ និងជម្រៅ ១៤.៥ម៉ែត្រ និងអាចផ្ទុកបាន ១.២៥ លាន TEUs កំពង់ផែនេះមានទំហំធំជាងកំពង់ផែដែលមានស្រាប់ដែលអាចផ្ទុកបាន ៨០០០០០ ។ ការសាងសង់គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ប៉ុន្តែដោយសារជំងឺរាតត្បាតសកលកូវីត-១៩ ការសាងសង់ត្រូវបានពន្យារពេល ហើយពេលវេលាដែលរំពឹងទុកថ្មីនៃប្រតិបត្តិការគឺឆ្នាំ ២០២៧។23
កំពង់ផែធំទីពីរគឺកំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលគ្រប់គ្រងដោយក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)។ កំពង់ផែនេះពឹងផ្អែកលើកំពង់ផែវៀតណាម ដើម្បីអាចដំណើរការពាណិជ្ជកម្មអន្តរជាតិទ្រង់ទ្រាយធំ ដោយសារកំពង់ផែសមុទ្រទឹកជ្រៅរបស់កំពង់ផែវៀតណាមដូចជា Cai Mep ជាដើម។ ការពឹងផ្អែកនេះត្រូវបានគេរំពឹងថានឹងអាចទប់ទល់បានដោយការសាងសង់ប្រឡាយហ្វូណន-តេជោ ដែលជាប្រឡាយប្រវែង ១៨០ គីឡូម៉ែត្រ ដែលនឹងតភ្ជាប់រាជធានីភ្នំពេញទៅកាន់មហាសមុទ្រ ហើយសង្ឃឹមថានឹងអាចបង្កើនចរាចរណ៍ទៅកាន់កំពង់ផែ។ ប្រឡាយនេះត្រូវបានគេរំពឹងថានឹងបង្កើនប្រាក់ចំណូលយ៉ាងសំខាន់ កាត់បន្ថយការចំណាយសម្រាប់ការដឹកជញ្ជូន ហើយនឹងអាចគ្រប់គ្រងចរាចរណ៍ផ្លូវពីរបាន។24 ទន្លេមេគង្គមានដែនកំណត់ទំហំដែលមានន័យថាកបា់លដែលមានប្រវែងលើសពី ១១០ ម៉ែត្រមិនអាចឆ្លងកាត់បានទេ ហើយនៅពេលទឹកទន្លេទាបវាគាំទ្រត្រឹមតែ៣០០០ DWT និងជំនោរខ្ពស់៤០០០ DWT តែប៉ុណ្ណោះ ។ ការនាំចេញសំខាន់ៗចេញពី PPAP គឺសម្លៀកបំពាក់ប្រមាណ ៦៥% ហើយផលិតផលអេឡិចត្រូនិក ២១%។ ការនាំចូលសំខាន់នៅកំពង់ផែគឺសម្ភារៈសំណង់ ដែលមានប្រមាណ ៤៣% ជាមួយឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ ១២% វត្ថុធាតុដើមកាត់ដេរ ១១% និងអាហារ និងភេសជ្ជៈ ១០% ជាទំនិញនាំចូលច្រើនជាងគេផ្សេងទៀត។ ការនាំចេញពីកំពង់ផែភាគច្រើនទៅប្រទេសក្នុងទ្វីបអាស៊ី ដោយចំណែកតូចទៅអឺរ៉ុប ឬអាមេរិក។25
ប្រធានបទពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងមធ្យោបាយដទៃទៀត
ឯកសារយោង
- 1. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 2. ជា វណ្ណយុទ្ធ, “អាកាសយានដ្ឋានខេត្តកោះកុងនឹងដាក់ឱ្យដំណើរការសេវាកម្មក្នុងស្រុកក្នុងខែសីហា,” កាសែតខ្មែរថាមស៍, ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 3. សុក សិទ្ធិការ្យ, “អាកាសយានដ្ឋានបាត់ដំបងនឹងត្រូវដំឡើងជាប្រភេទ 4C,” កាសែតខ្មែរថាមស៍, ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 4. Skybrary, “អាកាសយានដ្ឋានស្ទឹងត្រែង,” បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 5. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 6. ម៉ៃ គុណមករា, “អាកាសចរណ៍ហក់ឡើងឆ្លងផុតការប្រឈមនឹងកូវីដនៅឆ្នាំ ២៣,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤, បានចូលអាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
- 7. ជា វណ្ណយុទ្ធ, “កម្ពុជារំពឹងភ្ជាប់ការតភ្ជាប់ជើងហោះហើរផ្លូវអាកាសបន្ថែមទៀត,” កាសែតខ្មែរថាមស៍, ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 8. B2B, “ក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា,” ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២០, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 9. Moly Chap, “ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា៖ យុទ្ធសាស្ត្ររយៈពេលវែង,” ឯកសារពិភាក្សា IDE លេខ១៥០,វិទ្យាស្ថានសេដ្ឋកិច្ចអភិវឌ្ឍន៍, ឆ្នាំ២០០៨។
- 10. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 11. ហ៊ គឹមសាយ, “ផ្លូវដែកទទួលបានការនាំចេញអង្ករ,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៥, បានចូលអាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។
- 12. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 13. ដូចឯកសារយោងខាងដើម។
- 14. ដូចឯកសារយោងខាងដើម។
- 15. Logisticscluster, “ការវាយតម្លៃផ្លូវនៅកម្ពុជា,” ខែកុម្ភៈ ឆ្នាំ២០២៤, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 16. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 17. ដូចឯកសារយោងខាងដើម។
- 18. ដូចឯកសារយោងខាងដើម។
- 19. រាជរដ្ឋាភិបាលកម្ពុជា, “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣,” ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤, បានចូលអាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
- 20. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 21. ធនាគារពិភពលោក, “សន្ទស្សន៍ការអនុវត្តច្រកកុងតឺន័រឆ្នាំ ២០២៣,” បានចូលអាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
- 22. កំពង់ផែស្វយ័តក្រុងព្រះសីហនុ, “របាយការណ៍ប្រចាំឆ្នាំ ២០២៣,” បានចូលអាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
- 23. ដូចឯកសារយើងខាងដើម។
- 24. សំណាង យ៉េន, “រុករកផលប្រយោជន៍ជាតិ៖ ស្វែងយល់ពីគម្រោងព្រែកជីកហ្វូណនតេជោនៅកម្ពុជា,” Modern Diplomacy, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
- 25. ក្រុមការងារបច្ចេកទេសសមាហរណកម្មតំបន់ និងហេដ្ឋារចនាសម្ព័ន្ធ, “ទិដ្ឋភាពទូទៅនៃវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងព្រះរាជាណាចក្រកម្ពុជា (បោះពុម្ពលើកទី៧),” ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣, បានចូលអាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។