ហេដ្ឋារចនាសម្ព័ន្ធ បរិយាយអំពីទ្រព្យបង្កើតឡើង ដែលអនុញ្ញាតឱ្យប្រទេសមួយ ដំណើរការ ដូចជាផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធគមនាគមន៍ អគ្គិសនី និងបណ្តាញចែកចាយទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ របស់ក្រសួងផែនការ គូសបញ្ជាក់ពីទ្រព្យ និងយុទ្ធសាស្ត្រហេដ្ឋារចនាសម័ន្ធ របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ 1 (សេចក្តីព្រាងនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០១៩-២០២៣ ត្រូវបានចេញផ្សាយ ខណៈពេលដែលកំណែចុងក្រោយបង្អស់នៅខែមេសា ឆ្នាំ ២០១៩ នៅមិនទាន់បោះពុម្ពផ្សាយនៅឡើយ) ក្រសួងសាធារណការ និងដឹកជញ្ជូន មានភារកិច្ចអនុវត្តន៍គោលនយោបាយជាតិ ដែលគ្របដណ្តប់លើការសាងសង់ក្នុងការងារសាធារណការ ដូចជា ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវដែក និងផ្លូវទឹក។
ខណៈពេលដែលសង្គ្រាមរាប់សិបឆ្នាំ និងភាពវិកវរដែលកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ២០០០ បាននាំមកនូវការខូចខាតសន្ធឹកសន្ធាប់ដល់ហេដ្ឋារចនាសម្ព័ន្ធប្រទេស យ៉ាងណាមិញការស្ដារឡើងវិញត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័សនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងករណីខ្លះ ការមិនមានហេដ្ឋារចនាសម្ព័ន្ធពីមុននៅសេសសល់ក៏អាចជាគុណសម្បត្តិមួយដែរ ព្រោះថាប្រទេសកម្ពុជាអាចលោតផ្លោះពីបច្ចេកវិទ្យាចាស់ៗទាំងនោះ។ ដូចប្រសាសន៍របស់លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា ដែលបានថ្លែងថា “ខុសពីបណ្តាប្រទេសអភិវឌ្ឍន៍ជភាគច្រើន កង្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់បានធ្វើអោយប្រទេសកម្ពុជាកាន់តែងាយស្រួល ក្នុងការទទួលយកលទ្ធភាពបច្ចេកវិទ្យាថ្មីៗចុងក្រោយដោយគ្មានអ្វីជាឧបសគ្គនោះទេ។” 2
ផ្លូវថ្នល់
ប្រវែងផ្លូវសរុបនៅកម្ពុជា មាន ៤៧,២៦៣ គីឡូម៉ែត្រ ក្នុងនោះ ៧៤% ជាផ្លូវខេត្តនៅទីជនបទ។ គិតមកត្រឹម ឆ្នាំ២០១៣ ផ្លូវជាតិនិងផ្លូវខេត្ត ប្រវែង ១២,២៣៩ គីឡូម៉ែត្រ ត្រូវបានត្រួសត្រាយ។3 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ បង្ហាញពីផែនការរបស់រដ្ឋាភិបាល ក្នុងការកែលម្អ និងជួសជុលផ្លូវជនបទបន្ថែម ប្រមាណជា ៥,១៥០ គីឡូ ម៉ែត្រ នៅត្រឹមឆ្នាំ២០១៨។
បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមិនមានផ្លូវល្បឿនលឿនទេ។ យ៉ាងណាមិញ ផ្លូវល្បឿនលឿនមួយខ្សែដែលនឹងភ្ជាប់ពីភ្នំពេញទៅព្រះសីហនុត្រូវបានគ្រោងទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាមួយគ្នានឹងគម្រោងមួយដែលមានការគាំទ្រពីប្រទេសកូរ៉េ ដែលបានប្រកាសកាលពីក្នុងឆ្នាំ២០១៥។ 4 គម្រោងនេះមិនបានចេញជាលទ្ធផលអ្វីនោះទេ។ នៅក្នុងខែមិនា ឆ្នាំ២០១៩ គម្រោងមួយដែលគាំទ្រដោយប្រទេសចិនត្រូវបានប្រកាស ធ្វើឡើងក្រោមទម្រង់កិច្ចសន្យាសាងសង់-ប្រតិបត្តិការ-ផ្ទេរ ដែលម្ចាស់គម្រោងនឹងត្រូវតែប្រគល់ហេដ្ឋារចនាសម្ព័ន្ធនោះទៅកាន់ប្រទេសកម្ពុជាវិញទៅតាមលក្ខខណ្ឌ។ 5 ផ្លូវល្បឿនលឿនដែលមានបួនទ្រូងផ្លូវត្រូវបានប៉ាន់ប្រមាណថានឹងត្រូវចំនាយថវិកាប្រមាណ ១,៩ ពាន់លានដុល្លារអាមេរិក។ 6 ក្រុមហ៊ុន China Road and Bridge Corporation (CRBC) គឺជាក្រុមហ៊ុនដែលទទួលខុសត្រូវសាងសង់គម្រោងមួយនេះ។7 ការទិញដីដែលត្រូវការសម្រាប់ស្ថាបនាផ្លូវមួយនេះកំពុងនៅបន្តធ្វើនៅឡើយនៅខែមិនា ឆ្នាំ២០១៩។ 8
អ្នកនាំពាក្យនៅក្នុងសន្និសីទមួយកាលពីខែធ្នូ ឆ្នាំ២០១៧ ដែលស្តីពីហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់បានរៀបរាប់ពីឧបសគ្គនានាទាក់ទងនឹងគុណភាពនៃការអភិវឌ្ឍផ្លូវនៅក្នុងព្រះរាជាណាចក្រកម្ពុជា។9 “ករណីភាគច្រើន គឺក្រុមអ្នកសាងសង់មិនមានបច្ចេកវិទ្យាទំនើប ហើយផ្លូវថ្នល់ជាញឹកញាប់ត្រូវបានសាងសង់ដោយក្រុមកម្មករមិនមានវិជ្ជាជីវៈ និងខ្វះការត្រួតពិនិត្យណែនាំ។” នៅក្នុងសន្និសីទនោះត្រូវបានគេរាយការណ៍ថា ផ្លូវថ្នល់កម្ពុជា ៧០% ត្រូវបានផ្តល់មូលនិធិដោយប្រទេសចិន ហើយជាញឹកញាប់គេប្រើប្រាស់វិធីសាស្ត្រសាងសង់ដែលមានតម្លៃទាប ដោយគ្រាន់តែក្រាលកំទេសថ្មស្តើងៗជាមួយនឹងកៅស៊ូនៅផ្នែកខាងលើ។
ផ្លូវដែក
ប្រទេសកម្ពុជា មានបណ្តាញផ្លូវដែកសំខាន់ៗ ២ ខ្សែ ដែលបណ្តាញផ្លូវនៅភាគខាងជើងប្រវែង ៣៨៦គីឡូម៉ែត្រ ភ្ជាប់រាជធានីភ្នំពេញ ជាមួយនឹងទីក្រុងប៉ោយប៉ែតដែលជាប់ព្រំប្រទល់នឹងប្រទេសថៃ តាមរយៈខេត្តពោធិសាត់ និងខេត្តបាត់ដំបង និងបណ្តាញផ្លូវនៅភាគខាងត្បូងប្រវែង ២៦៦ គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ។ ការប្រើប្រាស់ប្រព័ន្ធផ្លូវដែក បានកើនឡើងខ្ពស់ នៅឆ្នាំ១៩៧០10 ប៉ុន្តែ សង្គ្រាមស៊ីវិលដែលចេះតែបន្ត និងការមិនយកចិត្តទុកដាក់រាប់ទសវត្សរ៍ បានធ្វើឱ្យផ្លូវដែកស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម។ សេវាផ្លូវដែក បានចាប់ផ្តើមសារជាថ្មីឡើងវិញ នៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ ប៉ុន្តែសេវាសម្រាប់អ្នកធ្វើដំណើរបានបញ្ចប់ នៅត្រឹមឆ្នាំ២០០៨។
នៅឆ្នាំ២០០៦ គម្រោងស្តារផ្លូវដែកតម្លៃ ១៤៣លាន ដុល្លារអាមេរិក ត្រូវបានដាក់សម្ពោធដោយរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការគាំទ្រពីម្ចាស់ជំនួយក្រៅប្រទេសជាច្រើន។ គម្រោងខ្សែផ្លូវដែកភាគខាងត្បូង ត្រូវបានបញ្ចប់រួចរាល់ និងបើកបម្រើសម្រាប់ប្រតិបត្តិការដឹកជញ្ជូន នៅខែសីហា ឆ្នាំ២០១៣។11កាលពីដើមឆ្នាំ ២០១៦នេះ ខ្សែផ្លូវដែកភាគខាងត្បូងបានដាក់ឱ្យប្រើប្រាស់សម្រាប់ការដឹកជញ្ជូនប្រេងឥន្ធនៈ ធ្យូងថ្ម ស៊ីម៉ង់ត៍ និងកុងតឺន័រសម្រាប់ដឹកជញ្ជូនតាមកាប៉ាល់ ដោយឡែកសេវាសម្រាប់អ្នកដំណើរ ត្រូវបានប្រកាសឱ្យដំណើរការនៅក្នុងឆ្នាំតែមួយ។ 12
យ៉ាងនេះក្តី បញ្ហាតាំងទីលំនៅ 13 ការប្រឈមនឹងការចំណាយលើស ទឹកជំនន់ និងបញ្ហាគុណភាពសំណង់ បានបណ្តាលឱ្យគម្រោងផ្លូវដែកភាគខាងជើងត្រូវពន្យារ។ នៅក្នុងខែកក្កដា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានសម្រេចផ្តល់ទឹកប្រាក់បន្ថែមចំនួន ៣៣ លាន ដុល្លារអាមេរិក ដើម្បីឱ្យការជួសជុលខ្សែផ្លូវដែកភាគខាងជើងអាចបញ្ចប់នៅត្រឹមឆ្នាំ២០១៧ បន្ទាប់ពីធនាគារអភវិឌ្ឍន៍អាស៊ី និងទីភ្នាក់ងារជំនួយអភិវឌ្ឍន៍អូស្ត្រាលី ដែលជាដៃគូរគម្រោង បានច្រានចោលសំណើសុំផ្តល់មូលនិធិបន្ថែម។14
នៅក្នុងខែមេសា ឆ្នាំ២០១៩ ប្រព័ន្ធផ្លូវដែកប្រទេសកម្ពុជា និងប្រទេសថៃ ត្រូវបានតភ្ជាប់គ្នាឡើងវិញនៅក្បែរក្រុងប៉ោយប៉ែត បន្ទាប់ពីពីបានកាត់ផ្តាច់គ្នាកាលពីក្នុងឆ្នាំ ១៩៧៤។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានមានវត្តមាននៅក្នុងពិធីសម្ពោធ និងបានធ្វើដំណើរឆ្លងកាត់ព្រំប្រទល់តាមរយៈរថភ្លើងនោះជាមួយគ្នាផងដែរ។15
ក្រុមហ៊ុន Royal Railway ទទួលបានសម្បទានផ្តាច់មុខលើប្រតិបត្តិការផ្លូវដែកនៅកម្ពុជារយៈពេល ៣០ឆ្នាំ ប៉ុន្តែនៅខែមិនា ឆ្នាំ២០១៩ រដ្ឋាភិបាលបានដកហូតសម្បទាននោះមកវិញ។ 16 សេវានេះត្រូវបានដាក់ដំណើរការបណ្តោះអាសន្នដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ រដ្ឋាភិបាលជឿថា ក្រុមហ៊ុនមិនបានវិនិយោគលើផ្លូវរថ និងឧបករណ៍ដទៃទៀតឱ្យឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងនៅក្នុងប្រទេស។ 17
រដ្ឋាភិបាលនៃប្រទេសកម្ពុជា បានបង្ហាញចេតនាកសាងបណ្តាញផ្លូវដែកបន្ថែមទៀត ហើយប្រទេសថៃ ប្រទេសជប៉ុន និង ប្រទេសចិន បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងការធ្វើកិច្ចការលើគម្រោងទាំងនេះ សំដៅពង្រីកសេវាផ្លូវដែកឆ្លងកាត់តាមប្រទេសកម្ពុជា។18
ផ្លូវទឹក និងកំពង់ផែ
ប្រវែងផ្លូវទឹកនៃប្រទេសកម្ពុជា មានប្រមាណជា ១,៧៥០ គីឡូម៉ែត្រ ក្នុងនោះ ៨៥០គីឡូម៉ែត្រ អាចធ្វើចរាចរបាន នៅក្នុងរដូវប្រាំង។ 19
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាផែអន្តរជាតិសមុទ្រទឹកជ្រៅ និងជាកំពង់ផែពាណិជ្ជកម្មតែមួយគត់របស់ប្រទេសកម្ពុជា។ កំពង់ផែនេះគ្របដណ្ដប់នៅលើផ្ទៃដី ១២៥ ហិកតា។ អស់រយៈពេលប្រាំឆ្នាំ ពី២០១៤-២០១៨ ចំនួនកុងតឺន័រដែលផ្ទុកនៅកំពង់ផែនេះបានកើនឡើងជាមធ្យម ១១ % ក្នុងមួយឆ្នាំៗ។ 20
នៅដើមឆ្នាំ ២០១៩នេះ កំពង់ផែមានជម្រៅ ១១ ម៉ែត្រ ហើយអាចផ្ទុកបាន ៤,៥៦០ កុងតឺន័រ យ៉ាងណាមិញកំពង់ផែននេះក៏មានផែនការដើម្បីបង្កើនចំនួនផ្ទុកកុងទីន័ររបស់ខ្លួនបន្ថែមទៀតផងដែរ។21ការពង្រីកនេះនឹងផ្តល់នៅចំណតថ្មីមួយទៀត ដែលមានជម្រៅរហូតដល់ ១៤,៥ ម៉ែត្រជាមួយនឹងទំហំ៣៥០ ម៉ែត្រ ដែលអាចទទួលផ្ទុកកាប៉ាល់បានជាង ៩០%នៃកាប៉ាល់ទាំងឡាយនៅក្នុងតំបន់។ គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ ២០២៣។ គម្រោងនេះនឹងធ្វើអោយកំពង់ផែព្រះសីហនុ ក្លាយជាកំពង់ផែស្ដង់ដារមធ្យមជាមួយនឹងសមត្ថភាពផ្ទុកច្រើនជាង ១,២៩ លាន TEUs ក្នុងមួយឆ្នាំ។22 (នៅចុងឆ្នាំ ២០១៨ សមត្ថភាពផ្ទុកមានទំហំ ៥៣៧,១០៧ TEUs។)23
នៅក្នុងឆ្នាំ ២០១៨ ទំហំផ្ទុកសរុបនៃកំពង់ផែព្រះសីហុបានកើនឡើង រហូតដល់ ៥,១ លានតោន ស្មើនឹងកំណើន ១៨ % ដែលក្នុងនោះ ៣,៨ លានតោនជាទំហំទំនិញនាំចេញ ហើយ ១,៣ លានតោនជាទំហំទំនិញនាំចូល។24
មានការលើកឡើងថា កំពង់ផែសមុទ្រនៃប្រទេសកម្ពុជា គឺជាកំពង់ផែមានតម្លៃសេវាថ្លៃបំផុតនៅអាស៊ី។ 25នៅក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលកម្ពុជាបាននិយាយថា ខ្លួននឹងធ្វើការកាត់បន្ថយតម្លៃសេវាដើម្បីឱ្យកំពង់ផែព្រះសីហនុអាចប្រកួតប្រជែងនៅក្នុងទីផ្សារ។ 26
កំពង់ផែស្វយ័តភ្នំពេញរបស់រដ្ឋ នៅស្រុកកៀនស្វាយនៃទឹកដីខេត្តកណ្តាល ដែលមានចម្ងាយ ៣០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ គឺជាកំពង់ផែធំបង្អស់ទី២ របស់កម្ពុជា។ នៅខែមករា ឆ្នាំ២០១៣ កំពង់ផែ បានបើកឱ្យដំណើរការ ស្ថានីយកុងតឺន័រ តម្លៃ២៨លាន ដុល្លារអាមេរិក ក្រោមជំនួយថវិកាពីរដ្ឋាភិបាលនៃប្រទេសចិន។ ផលិតផលសម្លៀកបំពាក់ និងកសិកម្ម (ជាពិសេសស្រូវអង្ករ) គឺជាទំនិញនាំចេញឆ្លងកាត់កំពង់ផែនេះ ខណៈដែលសម្ភារៈសំណង់ គ្រឿងម៉ាស៊ីនប្រើក្នុងវិស័យកសិកម្ម វត្ថុធាតុដើមសម្រាប់ឧស្សហកម្មវាយនភ័ណ្ឌនិងសម្លៀកបំពាក់ និងទំនិញប្រើប្រាស់ គឺជាផលិតផលនាំចូលសំខាន់ៗ។ 27
ក្នុងរយៈពេល ៥ឆ្នាំ ចាប់ពីឆ្នាំ ២០១៣មក ចរាចរណ៍កុងតឺន័រឆ្លងកាត់កំពង់ផែភ្នំពេញបានកើនឡើងជាមធ្យម ១៤,៤ %ក្នុងមួយឆ្នាំ។ 28
នៅក្នុងដំណាក់កាលទី១ និងទី២ នៃការអភិវឌ្ឍ កំពង់ផែនេះបានបង្កើនសមត្ថភាពផ្ទុករបស់ខ្លួនបានរហូតដល់ ៣០០,០០០ TEUs ក្នុងរយៈពេលមួយឆ្នាំ។ 29 នៅដំណាក់កាលទី៣នៃការពង្រីកបន្ថែមនេះ មានគោលបំណងបង្កើនសមត្ថភាពផ្ទុកកុងតឺន័រឱ្យបានរហូតដល់ ៥០០,០០០ TEUs ក្នុងមួយឆ្នាំ។
កំពង់ផែស្ងួតភ្នំពេញ គឺជាកំពង់ផែទឹកទន្លេ ដែលមានចម្ងាយ ៣៣០គីឡូម៉ែត្រ ពីសមុទ្រ។ កប៉ាល់ផ្ទុកទំនិញនៅទីនេះ អាចបម្រើដល់គោលដៅអន្តរជាតិជាច្រើន ដូចជា ប្រទេសសិង្ហបុរី ជាដើម។ ផែសមុទ្រតូចៗ ដទៃទៀត នៅខេត្តកោះកុង និងខេត្តកំពត ត្រូវបានប្រើសម្រាប់កាប៉ាល់តូចៗ។ កំពង់ផែទន្លេ ដូចជានៅខេត្តកំពង់ចាម បម្រើឱ្យកាប៉ាល់ក្នុងស្រុកប៉ុណ្ណោះ។
ការដឹកជញ្ជូនតាមផ្លូវអាកាស
ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មានអាកាសយានដ្ឋានអន្តរជាតិ ៣កន្លែង នៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បើទោះបីជាអាកាសយានដ្ឋាននៅខេត្តព្រះសីហនុ ទទួលបានជើងហោះហើរអន្តរជាតិតិចតួច។ អាកាសយានដ្ឋានទាំងនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ដែលមានភាគហ៊ុន ៧០% កាន់កាប់ដោយក្រុមហ៊ុនបារាំង Vinci និងភាគហ៊ុន ៣០% ជារបស់ក្រុមហ៊ុនវិនិយោគរួមគ្នាម៉ាឡេស៊ី-កម្ពុជា Muhibbah Masteron Cambodia។
នៅខែតុលា ឆ្នាំ២០១៧ មានសេចក្តីរាយការណ៍មួយបានឱ្យដឹងថា ក្រុមហ៊ុនចិន Yunnan Investment Holding Ltd នឹងធ្វើការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅលើផ្ទៃដីទំហំ ៧០០ ហិកតាស្ថិតនៅក្នុងស្រុកសូត្រនិគម ចំហាយប្រមាណ ៥០គីឡូម៉ែត្រពីក្រុងសៀមរាប។ កិច្ចព្រមព្រៀងត្រូវបានធ្វើឡើងក្នុងទម្រង់សម្បទាន សាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT) រយៈពេល ៥៥ ឆ្នាំ។ 30
នៅខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មាធិការរដ្ឋាភិបាលត្រូវបានបង្កើតដើម្បីកំណត់ទីតាំងដើម្បីសាងសង់អាកាសយានដ្ឋានទីពីរនៅរាជធានីភ្នំពេញ។ 31គណៈកម្មាធិការនេះមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន និងមានសមាជិកចំនួន ២៣ រូបទៀតដែលមកពីក្រសួង និងស្ថាប័នរដ្ឋាភិបាលនានា។ ក្រសួងព័ត៌មានបានធ្វើការប៉ាន់ប្រមាណថា អាកាសយានដ្ឋានថ្មីនេះនឹងត្រូវចំនាយថវិកាប្រហែល ១,៥ ពាន់លានដុល្លារអាមេរិក ហើយការសាងសង់នឹងចំនាយដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd. ដោយមានការសហការរួមគ្នាជាមួយនឹងក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) និងរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលដែលជាស្ថាប័នរដ្ឋាភិបាល។
ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការងារកែលម្អសំខាន់ៗជាច្រើនត្រូវបានធ្វើឡើងនៅគ្រប់អាកាសយានដ្ឋានទាំងអស់។ ស្ថានីយអ្នកដំណើរនៅឯអាកាសយានដ្ឋានព្រះសីហនុត្រូវបានពង្រីករហូត ៨០% (សព្វថ្ងៃនេះវាមានទំហំ ៤,៨០០ ម៉ែត្រក្រឡា) និងត្រូវបានជួសជុលទាំងស្រុង។ ការងារបន្ទាប់នឹងរួមបញ្ជូលការពង្រីកផ្លូវរត់រហូតដល់ ៨០០ ម៉ែត្រ ដើម្បីអោយផ្លូវរត់នេះមានប្រវែងពេញលេញ ៣,៣ គីឡូម៉ែត្រ។ ការងារនេះនឹងអនុញ្ញាតឱ្យអាកាសយានដ្ឋានអាចនឹងទទួលបានជើងយន្តហោះពីខាងក្រៅ និងនៅតំបន់អាស៊ានបានកាន់តែច្រើនជាងមុន។32
ឆ្នាំ២០១៧ ជាឆ្នាំដែលត្រូវបានជាប់កំណត់ត្រាថាជាឆ្នាំដែលមានកំណើនអាកាសចរណ៍ប្រចាំឆ្នាំកើនខ្លាំងបំផុត ដែលចំនួនអ្នកធ្វើដំណើរបានឈានរហូតដល់ ៨,៧៨៦,៨០០នាក់ ដែលស្មើនឹងកំណើន ២៥ % បើធៀបទៅនឹងឆ្នាំ ២០១៦ ដែលមានចំនួនអ្នកធ្វើដំណើរ ៧,០២៣,៧៤០នាក់។ 33
គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ អ្នកធ្វើដំណើរមកដល់អាកាសយានដ្ឋានទាំងបីក្នុងរយៈពេលមួយឆ្នាំនេះ មានចំនួនរហូតដល់ ១០ លាននាក់។34
ការដឹកជញ្ជូនទំនិញតាមអាកាស មានកំណើន ៣៥ % ដែលកើនបាន ៦៥,០០០ តោននៅឆ្នាំ២០១៧ ហើយចរាចរណ៍ជើងហោះហើរវិញ មានកំណើន ២២% កើនបាន ៩០,២០០ជើង។ កំណើននៃចំនួនអ្នកធ្វើដំណើរនៅឯអាកាសយានដ្ឋានព្រះសីហនុបានកើនឡើងគួរឱ្យភា្ញក់ផ្អើល។ ការមកដល់នៃភ្ញៀវទេសចរណ៍បរទេសនៅក្នុងខែមិថុនា ឆ្នាំ២០១៦ មាន ៤៦១នាក់ សម្រាប់ឆ្នាំ ២០១៧ ខែដដែល មានចំនួន ៤,១៤១ នាក់ ហើយនីឆ្នាំ ២០១៨ មានចំនួន ១៤,១៣០ នាក់។35មានការប្រកួតប្រជែងខ្លាំងរវាងក្រុមហ៊ុនអាកាសចរណ៍ ក្នុងនោះមានក្រុមហ៊ុនចំនួន ៦ ដែលកំពុងបម្រើសេវាហោះហើរផ្លូវពីភ្នំពេញទៅកាន់ខេត្តសៀមរាប ក្រុមហ៊ុន ៥ សម្រាប់ការហោះហើរពីសៀមរាបទៅកាន់ខេត្តព្រះសីហនុ និង ក្រុមហ៊ុន ៦ ទៀតបម្រើសេវាហោះហើរពីភ្នំពេញទៅកាន់ខេត្តហ្គ័ងចូវ ប្រទេសចិន។
ប្រទេសកម្ពុជាមានក្រុមហ៊ុនអន្តរជាតិដែលផ្តល់សេវាហោះហើរចំនួន ៣០ ហើយក្នុងចំនោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនចំនួន ១០ ដែលជាក្រុមហ៊ុនមកពីប្រទេសចិន។36
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ទទួលខុសត្រូវគ្រប់គ្រង និងអភិវឌ្ឍអាកាសចរស៊ីវិល នៃប្រទេសកម្ពុជា។
គមនាគមន៍
អ៊ីនធឺណេត
ការប្រើប្រាស់អ៊ីនធឺណេតនៅក្នុងប្រទេសកម្ពុជាបានកើនឡើងទ្វេរដង ហើយអាចនឹងឡើងដល់បីដង ដោយគិតចាប់តាំងពីឆ្នាំ ២០០០។ នៅក្នុងឆ្នាំ ២០១៥ ប្រជាជនប្រមាណតែ ២៥ %ប៉ុណ្ណោះ ដែលត្រូវបានប៉ាន់ប្រមាណថាមានអ៊ីនធឺណេតប្រើប្រាស់37 បើធៀបទៅនឹងអត្រានៃអ្នកចូលទៅប្រើប្រាស់អ៊ីនធឺណេតរបស់សកលលោក មានចំនួន ៤២%។38 យ៉ាងណាមិញ គិតត្រឹមដើមឆ្នាំ ២០១៨ ចំនួនអ្នកចូលទៅប្រើប្រាស់អ៊ីនធឺណេតមានប្រមាណ ៥០ % ដែលចំនួនកើនឡើងជាងស្ថិតិអ្នកប្រើប្រាស់សកល ដែលកើនបានត្រឹម ៥៣ %។39
បណ្តាញផ្សព្វផ្សាយសង្គម Facebook បានបញ្ជាក់ថា ជាបណ្តាញដែលមានប្រជាប្រិយភាពជាងគេ ដែលបណ្តាញនេះមានអ្នកប្រើប្រាស់រហូតដល់ ៦,៨ លាននាក់នៅក្នុងឆ្នាំ ២០១៨ ដែលចំនួននេះស្មើនឹងចំនួនពាក់កណ្តាលនៃប្រជាជនសរុប ហើយក៏ជាកំណើនដ៏គួរឱ្យកត់សម្គាល់ ដែលកើនពីចំនួន ៤,៨ លាននាក់កាលពីនៅក្នុងឆ្នាំ ២០១៧។40
នៅខែមីនា ឆ្នាំ ២០១៦ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្បទាន ២៥ ឆ្នាំជាមួយនឹងបណ្តាញខ្សែកាប CFOCN ដើម្បីសាងសង់ស្ថានីយ៍មួយនៅខេត្តព្រះសីហនុ និងភ្ជាប់ខ្សែកាបអុបទិកបាតសមុទ្ររបស់ខ្លួនទៅក្នុងតំណ AAE-1 ដែលជាតំណមួយក្នុងចំនោមតំណភ្ជាប់ទិន្នន័យល្បឿនលឿនផ្សេងទៀតដែលត្រូវបានភ្ជាប់ដោយប្រទេសចិន វៀតណាម និងម៉ាឡេស៊ី។41កិច្ចព្រមព្រៀងសម្បទាននេះត្រូវបានផ្អែកលើគំរូផ្ទេរប្រតិបត្តិការស្ថាបនាផ្ទាល់។ ក្រុមហ៊ុន CFOCN ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បច្ចុប្បន្ននេះក្រុមហ៊ុននេះបានវិនិយោគខ្សែកាបអុបទិកសរុបប្រមាណ ៧,៦០០ គីឡូម៉ែត្ររួចទៅហើយនៅក្នុងប្រទេសកម្ពុជា។
លោក កាន ចាន់មេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានថ្លែងថា រដ្ឋាភិបាលបានរំពឹងទុកមុនថា ជិត ៨០%នៃប្រជាជនកម្ពុជាអាចប្រើប្រាស់អ៊ិនធឺណេតមុនឆ្នាំ ២០២០។42
ទូរស័ព្ទ
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរាយការណ៍ថា នៅឆ្នាំ ២០១៨ អ្នកប្រើប្រាស់បណ្តាញទូរស័ព្ទចល័តក្នុងព្រះរាជាណាចក្រកម្ពុជាមានចំនួន ១៩,៤ លានស៊ីមកាត ដែលជាកំណើន ៤,៥ %បើធៀបនឹងឆ្នាំកន្លងទៅ។43 ចំនួននេះស្មើនឹង ១២០ %នៃចំនួនប្រជាជនសរុបក្នុងប្រទេសកម្ពុជា។ នៅចុងឆ្នាំ ២០១៨ ប្រជាជន ៦,៤ លាននាក់ (៣០ %នៃអ្នកប្រើប្រាស់) មានស៊ីមកាត 2G ឯប្រជាជន ៤,៦ លាននាក់ទៀត(២៤ %) មានស៊ីមកាត 3G និង ៨,២ លាននាក់ (៤៣ %) មានស៊ីមកាត 4G។44
ចំនួននៃខ្សែទូរស័ព្ទអចល័តនៅកម្ពុជា គឺមានចំនួនតិចតួចណាស់។ ការជ្រៀតចូលក្នុងទីផ្សារ បានធ្លាក់ចុះពី ២.៣ % នៅក្នុងឆ្នាំ ២០១៤ ទៅ ១.៤ % នៅក្នុងឆ្នាំ ២០១៦ 45 ហើយបន្តនៅត្រឹម ០.៥ %នៅក្នុងឆ្នាំ ២០១៨។46
និយ័តករទូរគមនាគមន៍កម្ពុជា ត្រូវបានបង្កើតឡើងក្រោមព្រះរាជក្រមឆ្នាំ ២០១៥ និងអនុក្រឹត្យឆ្នាំ ២០១៦។ គោលដៅចម្បងនៃស្ថាប័ននេះ គឺ “ដើម្បីធ្វើនិយ័តកម្មពាក់ព័ន្ធនឹងកិច្ចប្រតិបត្តិការ និងការផ្តល់សេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព ប្រសិទ្ធិភាព និងតម្លាភាព។47
វិទ្យុ
នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា មានស្ថានីយ៍វិទ្យុចំនួន ៥១ ហើយការសិក្សានៅឆ្នាំ២០១០ បានរកឃើញ ថា ៤១% នៃគ្រួសារកម្ពុជា មានវិទ្យុ។48
ទូរទស្សន៍
យោងទៅតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅឆ្នាំ២០១៣ ប្រទេសកម្ពុជា មានស្ថានីយ៍ទូរទស្សន៍រដ្ឋចំនួន១ ស្ថានីយ៍ទូរទស្សន៍ខេត្តចំនួន៧ ស្ថានីយ៍ឯកជនចំនួន១២ និងសេវាទូរទស្សន៍ខ្សែកាបជិត ១០០។ ការសិក្សានៅឆ្នាំ២០១០ បានរកឃើញថា ៦៤%នៃគ្រួសារកម្ពុជា មានទូរទស្សន៍។49
អគ្គិសនី
ភ្នំពេញ ដែលជារាជធានីនៃប្រទេសកម្ពុជា ប្រើប្រាស់ប្រមាណជា ៩០% នៃអគ្គិសនីទូទាំងប្រទេស។ ការពង្រីក បណ្តាញចែកចាយថាមពល ទៅដល់តំបន់ជនបទ ដែលជាលំនៅដ្ឋានរបស់ប្រជាជនប្រមាណជា ៨០% នៅមានកម្រិតនៅឡើយ. 50 គិតមកត្រឹមឆ្នាំ២០១៣ គ្រួសារកម្ពុជា ២២.៥% ប៉ុណ្ណោះ មានអគ្គិសនីប្រើប្រាស់51 យ៉ាងណាមិញ នៅឆ្នាំ២០១៧ លំនៅដ្ឋាន ៦៨% បានទទួលនូវអគ្គិសនីប្រើប្រាស់តាមរយៈទម្រង់ផ្សេងៗ។52
នៅក្នុងឆ្នាំ ២០១៤ លោកនាយករដ្ឋមន្ត្រី បានប្រកាសការប្តេជ្ញាចិត្តធានាថា “នៅត្រឹមឆ្នាំ២០២០ គ្រប់ភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា នឹងមានអគ្គិសនីប្រើប្រាស់ ខណៈដែលគ្រួសារ ៧០% នឹងមានថាមពលនៅត្រឹមឆ្នាំ២០៣០”។53 គម្រោងធំៗសម្រាប់ពង្រីកបណ្តាញចែកចាយ កំពុងចាប់ផ្តើមអនុវត្តដើម្បីសម្រេចគោលដៅរបស់ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សំដៅបង្កើនបណ្តាញបញ្ជូនថាមពលប្រវែងជាង ១២,៨០០ គីឡូម៉ែត្រ ទៅនឹងបណ្តាញចែកចាយ នៅត្រឹមឆ្នាំ២០១៨។54
ទឹក
ខណៈដែលមានការចែកចាយទឹកចល័តនៅក្នុងរាជធានីភ្នំពេញ និងទីក្រុងដទៃទៀត ប្រជាជនកម្ពុជាប្រមាណជា ៤ លាននាក់ មិនមានទឹកប្រកបដោយសុវត្ថិភាពសម្រាប់ប្រើប្រាស់នៅឡើយទេ។ 55 ការបំពុលទឹកដោយសារធាតុអាសេនិក គឺជាហានិភ័យ ដែលមាននៅក្នុងការផ្គត់ផ្គង់ទឹកសម្រាប់ជិត ១,៦០០ ភូមិ និងផ្នែកផ្សេងទៀត នៅក្នុងរាជធានីភ្នំពេញ។ 56 ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨ បានកំណត់គោលដៅសម្រាប់ការទទួលបានទឹកផឹកកាន់តែប្រសើរឡើង សម្រាប់ប្រជាជននៅទីជនបទ ចាប់ពី ៤៤.២% នៅឆ្នាំ២០១៣ ទៅរហូតដល់ ៦០% នៅឆ្នាំ២០១៨។
នៅខែសីហា ឆ្នាំ២០១៧ រដ្ឋាករទឹកស្វយ័តភ្នំពេញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តារឡើងវិញមួយជាមួយនឹងក្រុមហ៊ុនបារាំង Vinci Constructions Grands Projects ដើម្បីធ្វើបច្ចុប្បន្នភាព និងពង្រីករោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅចំការមន ដើម្បីជម្រុញសមត្ថភាពផ្គត់ផ្គង់របស់ខ្លួនពី ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃទៅដល់ ៥២,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។57 ប្រហែល ៦០ %នៃមូលនិធិសម្រាប់គម្រោងដែលមានទំហំ ២៣.៥ លានដុល្លារ នឹងបានមកពីកម្ចីសម្បទាននានាផ្តល់ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។ រដ្ឋាករទឹកស្វយ័តសព្វថ្ងៃមានចំនួនអ្នកប្រើប្រាស់ ៣៣០,០០០នាក់។
នៅខែមីនា ឆ្នាំ ២០១៩ រដ្ឋាករទឹកស្វយ័តភ្នំពេញបានបើកការប្រកួតដេញថ្លៃសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតមួយដែលមានតម្លៃ ៣៥០ លានដុល្លារ។58 គម្រោងនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពផលិតទឹកស្អាតឱ្យបានរហូតដល់ ៤០០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់ប្រជាជនប្រមាណ ៥០,០០០ គ្រួសារ។ ជាមួយគ្នានេះផងដែរ នៅក្នុងខែដដែលនេះ ជំនួយរបស់ប្រទេសជប៉ុនមួយដែលមានទំហំ ៣០ លានដុល្លារអាមេរិកត្រូវបានប្រកាសដើម្បីផ្តល់ការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តកំពង់ធំ 59 ហើយផែនការសាងសង់បណ្តាញទុយោដើម្បីនាំទឹកទៅពីប្រទេសថៃមកកាន់ខេត្តកោះកុងក៏ត្រូវបានប្រកាសផងដែរ។60 លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្រុមហ៊ុនលីយ៉ុងផាត់ នឹងត្រូវបានផ្តល់ការសិទ្ធិអនុញ្ញាតដើម្បីសាងសង់បណ្តាញទុយោនេះ។61
អនាម័យ
ប្រជាជនប្រមាណជា ៩លាន នាក់ មិនទាន់ទទួលបានអនាម័យគ្រប់គ្រាន់។ 62 បញ្ហានេះ ផ្តល់ជាផលវិបាកធ្ងន់ធ្ងរ។ ឧទាហរណ៍ ក្មេងជាង ១,០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺរាគរូស ដែលបណ្តាលមកពីកង្វះអនាម័យ និងកង្វះទឹកស្អាត។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ កំណត់យកគោលដៅឱ្យមានកំណើនលើការទទួលបានសេវាអនាម័យ សម្រាប់ប្រជាជននៅទីជនបទ ពី ៣៧.៥% នៅឆ្នាំ២០១៣ ទៅ ៦០% នៅឆ្នាំ២០១៨។
នៅក្នុងសេចក្តីថ្លៃងការណ៍មួយបានចេញផ្សាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយក្រសួងអភិវឌ្ឍន៍ជនបទបានអោយដឹងថា ច្រើនជាងពាក់កណ្តាលនៃប្រជាជននៅទីជនបទឥឡូវនេះទទួលបានអនាម័យសមស្រប ដែលជាកំណើន ១១ %បើធៀបនៅក្នុងឆ្នាំ ១៩៩០។63រដ្ឋាភិបាលបានប្តេជ្ញាថានឹងលុបបំបាត់ការបន្ទោរបង់ពាសវាពាលកាលឱ្យបាននៅត្រឹមឆ្នាំ ២០២៥។64
ប្រព័ន្ធបណ្តាញរំដោះទឹក
នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៩ សាលារាជធានីភ្នំពេញបានប្រកាសថាខ្លួននឹងធ្វើការសាងសង់អាងស្តុកទឹកក្រោមដីថ្មីចំនួនពីរ ដើម្បីជួយដោះស្រាយបញ្ហាទឹកជំនន់។ អាងស្តុកទឹកមួយដែលនឹងធ្វើការសាងសង់នៅចំការមន អាចមានសមត្ថភាពផ្ទុកទឹកបានរហូត ៣,០០០ ម៉ែត្រគូប ហើយវានឹងត្រូវបានភ្ជាប់ទៅនឹងស្ថានីយ៍បូមទឹកដែលអាចនឹងរំដោះទឹកបាន ៣.៥ ម៉ែត្រគូបក្នុងមួយវិនាទី។ អាងទីពីរ នឹងស្ថិតនៅសង្កាត់ទន្លេបាសាក់ ហើយអាងនេះអាចផ្ទុកទឹកបានរហូត ១០០ ម៉ែត្រគូប ជាមួយនឹងសមត្ថភាពរំដោះទឹកជាមួយនឹងប្រព័ន្ធស្ថានីយ៍បូមបានរហូតដល់ ៥០០ម៉ែត្រគូបក្នុងមួយម៉ោង។65
ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ២៣ មេសា ២០១៩
ឯកសារយោង
- 1. ក្រសួងផែនការ. ” ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨.” ចូលអាន ១៦ កញ្ញា ២០១៥. https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
- 2. ជា សិរី ២០១៨.សុន្ទរកថា, ពិធីសម្ពោធសមាគម FinTech កម្ពុជា និងកម្មវិធីផ្លូវឆ្ពោះទៅកាន់អាស៊ានរបស់ FinTech សិង្ហបុរី, រាជធានីភ្នំពេញ, ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។https://www.nbc.org.kh/download_files/news_and_events/speeches_eng/Speech_by_Her_Excellency_CHEA_SEREY_Official.pdf
- 3. ក្រសួងផែនការ. “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨.” ចូលអាន ១៦ កញ្ញា ២០១៥. https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
- 4. សុខ ចាន់ ២០១៥. “ក្រុមហ៊ុនកូរ៉េគ្រោងនឹងសាងសង់ផ្លូវល្បឿនលឿនទៅកាន់ខេត្តព្រះសីហនុ”។ កាសែតខ្មែរថាមស៍. ចុះថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥។
- 5. ក្រសួងព័ត៌មាន, ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩. ពិធីសម្ពោធការសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់នៅកម្ពុជា។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.information.gov.kh/detail/282803
- 6. ក្រសួងព័ត៌មាន, ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩. ការសាងសង់ផ្លូវល្បឿនលឿនដំបូងបង្អស់នឹងចាប់ផ្តើមក្នុងខែនេះ។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.information.gov.kh/detail/275722
- 7. សមាគមអ្នកសាងសង់កម្ពុជា, ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩. ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុជាគម្រោងធំបំផុតរបស់ក្រុមហ៊ុន CRBC។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1715/
- 8. សមាគមអ្នកសាងសង់កម្ពុជា, ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩. ការទិញដីសម្រាប់ផ្លូវល្បឿនលឿនមិនមែនសម្រាប់អាណានិគមចិននោះទេ។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1718/
- 9. រូប៊ីន ស្ពីស ២០១៧. “ប្រទេសកម្ពុជាត្រូវប្រឈមនឹងបញ្ហាទ្វេដងស្តីពីផែនការស្ថាបនាផ្លូវថ្នល់”, កាសែតភ្នំពេញប៉ុស្តិ៍, ចេញផ្សាយថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។ ចូលអានថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧។ https://www.phnompenhpost.com/business/cambodia-facing-dilemma-plan-give-roads-facelift
- 10. ចាប ម៉ូលី. “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅកម្ពុជា: យុទ្ធសាស្ត្ររយៈពេលវែង.” ឯកសារពិភាក្សារបស់វិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ច លេខ ១៥០. វិទ្យាស្ថានអភិវឌ្ឍសេដ្ឋកិច្ច ឆ្នាំ២០០៨. អាចរកបាននៅ https://www.ide.go.jp/English/Publish/Download/Dp/150.html
- 11. ហ៊ គីមសាយ. “ផ្លូវដែកសម្រាប់ការនាំអង្ករចេញរួចរាល់.” កាសែត ភ្នំពេញប៉ុស្តិ៍. ចុះផ្សាយ ៩ សីហា ២០១៥. ចូលអាន ៥ វិច្ឆិកា ២០១៥. https://www.phnompenhpost.com/business/rail-gets-rice-exports-move
- 12. Peter Ford, “សេវារថភ្លើងកម្ពុជាពេញនិយមឡើងវិញចន្លោះផ្លូវពីភ្នំពេញ និងខេត្តព្រះសីហនុ”. កាសែត Guardian, ចុះថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០១៦។ ចូលអានថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ https://www.theguardihttps://www.theguardian.com/travel/2016/jun/05/trains-phnom-penh-sihanoukville-kampotan.com/travel/2016/jun/05/trains-phnom-penh-sihanoukville-kampot
- 13. អ៊ែន ប៊ូហ្គាលស្គ៊ី និងជេ មីដាលូ. “ផែនការបរាជ័យ៖ ការសិក្សាពីដំណើរការតាំងទីលំនៅជាថ្មី និងផលប៉ះពាល់ពីការស្តារផ្លូវដែកកម្ពុជា.” អង្គការស្ពានឆ្លងព្រំដែន (ប្រចាំប្រទេសកម្ពុជា) ឆ្នាំ២០១២. ចូលអាន ៥ វិច្ឆិកា ២០១៥. https://data.opendevelopmentcambodia.net/library_record/derailed-a-study-on-the-resettlement-process-and-impacts-of-the-rehabilitation-of-the-cambodian-rai
- 14. សំបូ ភីធឺ. “គ្មានការផ្តល់មូលនិធិបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីបញ្ចប់គម្រោងផ្លូវដែកជាប់គាំង.” កាសែត ខេមបូឌា ដេលី. ចេញផ្សាយ ២៧ កក្កដា ២០១៥. ចូលអាន ១៩ តុលា ២០១៥. https://www.cambodiadaily.com/news/no-more-adb-funding-to-finish-stalled-railway-project-79470/
- 15. ជា វណ្ណៈ, ខែមេសា ឆ្នាំ២០១៩. “ប្រទេសកម្ពុជា និងប្រទេសថៃភ្ជាប់បណ្តាញផ្លូវដែកជាមួយគ្នា”. កាសែតខ្មែរថាមស៍, ចំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។ https://www.khmertimeskh.com/50597004/cambodia-thailand-join-railroad-networks-open-cross-border-bridge/
- 16. ក្រសួងព័ត៌មាន ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩. រដ្ឋាភិបាលដកហូតការផ្តល់សេវាតាមផ្លូវរថភ្លើងពីក្រុមហ៊ុនរ៉ូយ៉ាល់មកវិញ។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.information.gov.kh/detail/284897
- 17. សមាគមអ្នកសាងសង់កម្ពុជា ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩. រដ្ឋាភិបាលនឹងដកហូតការផ្តល់សេវាតាមផ្លូវរថភ្លើងពីក្រុមហ៊ុនរ៉ូយ៉ាល់មកវិញ។ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1733/
- 18. ក្រសួងសាធារណការ និងដឹកជញ្ជូន. ទិដ្ឋភាពទូទៅនៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នៅព្រះរាជាណាចក្រកម្ពុជា បោះពុម្ពលើកទី៤. របាយការណ៍ប្រចាំឆ្នាំ. រាជធានីភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៣. https://data.opendevelopmentcambodia.net/km/library_record/overview-on-transport-infrastructure-sectors-in-the-kingdom-of-cambodia-4th-edition
- 19. ក្រសួងផែនការ. “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨។” ចូលអានទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
- 20. សមាគមអ្នកសាងសង់កម្ពុជា ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩. ប្រទេសជប៉ុននឹងផ្តល់កម្ចី ២០៩លានដុល្លារដើម្បីពង្រីកផែសមុទ្រទឹកជ្រៅក្រុងព្រះសីហនុ”។ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1691/
- 21. ដូចឯកសារយោងខាងដើម។
- 22. ដូចឯកសារយោងខាងដើម។
- 23. ជា វណ្ណៈ ២០១៩. ចរាចរណ៍កុងតឺន័រតាមផ្លូវសមុទ្រមានការកើនឡើងខ្លាំង។ កាសែតខ្មែរថាមស៍ ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។
- 24. ដូចឯកសារយោងខាងដើម។
- 25. វីលៀម ថត. ឆ្នាំ២០១៣. ទំនាក់ទំនងសហរដ្ឋអាមេរិក-កម្ពុជា៖ កិច្ចការនៅក្នុងវឌ្ឍនភាព. ទស្សនៈរបស់ឯកអគ្គរដ្ឋទូត. និទាឃរដូវ ឆ្នាំ២០១៣. ចូលអាន ២៧ វិច្ឆិកា ២០១៥. https://www.americanambassadors.org/publications/ambassadors-review/spring-2013/the-us-cambodia-relationship-a-work-in-progress
- 26. សមាគមអ្នកសាងសង់កម្ពុជា ថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៩។ដូចឯកសារយោងខាងលើ។
- 27. ហ៊ គីមសាយ. “បរិមាណទំនិញនៅ ផែស្ងួតភ្នំពេញ កើនឡើងជាង ៣០ %.” កាសែត ភ្នំពេញប៉ុស្តិ៍. ចុះផ្សាយ ១៨ មេសា ២០១៣. ចូលអាន ៥ វិច្ឆិកា ២០១៥. https://www.phnompenhpost.com/business/phnom-penh-port-volume-third
- 28. ហ៊ិន ពិសី ២០១៨. “ការពង្រីកកំពង់ផែភ្នំពេញដើម្បីជម្រុញការដឹកជញ្ជូនតាមផ្លូវទឹកនៅក្នុងប្រទេសកម្ពុជា។” កាសែតភ្នំពេញប៉ុស្តិ៍ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។ ចូលអានថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៩។ https://www.phnompenhpost.com/business/phnom-penh-port-expansion-set-boost-kingdoms-waterways-shipping
- 29. ដូចឯកសារយោងខាងដើម។
- 30. ជា វណ្ណៈ, ២០១៧. “លោកនាយករដ្ឋមន្ត្រីប្រកាសពីការសាងសង់អាកាសយានដ្ឋានថ្មីនៅខេត្តសៀមរាប”, កាសែតខ្មែរថាមស៍ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។ https://www.khmertimeskh.cohttps://www.khmertimeskh.com/84356/pm-announces-new-airport-siem-reap/m/5084356/pm-announces-new-airport-siem-reap/
- 31. ក្រសួងព័ត៌មាន ខែកុម្ភៈ ឆ្នាំ២០១៩។ គណៈកម្មាធិការសាងសង់អាកាសយាន្តដ្ឋានថ្មីត្រូវបានបង្កើត, ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។ ចូលអានថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ https://www.information.gov.kh/detail/272265
- 32. អាកាសយានដ្ឋានកម្ពុជា, ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨. “ចំណតអាកាសយានដ្ឋានថ្មីត្រូវបានដាក់ឱ្យដំណើរការនៅព្រលានយន្តហោះព្រះសីហនុដើម្បីគ្រប់គ្រងកំណើនចរាចរណ៍”។ ចូលអានថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ https://corp.cambodia-airports.aero/en/news/press-release
- 33. អាកាសយានដ្ឋានកម្ពុជា, ឆ្នាំ២០១៨. “ចរាចរកើនឡើងក្នុងអត្រាពីរខ្ទង់ខណៈកំណើនភ្ញៀវទេសចរនៅតែបន្ត”។
ព្រឹត្តិប័ត្រព័ត៌មានលេខ១ ចេញខែមេសា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។ https://corp.cambodia-airports.aero/news/traffic-rising-double-digit-rates-surge-tourists-continues - 34. ក្រុមហ៊ុន Vinci Airports ២០១៨. អាកាសយានដ្ឋានទាំងបីរបស់យើងបានបំបែកកំណត់ត្រាជាមួយនឹងអ្នកដំណើរចំនួន ១០លាននាក់. ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។ https://www.vinci-airports.com/en/news/10-million-passengers-our-3-cambodian-airports-hit-new-record
- 35. ក្រសួងទេសចរណ៍, ២០១៨. របាយការណ៍ស្ថិតិទេសចរណ៍ខែមិថុនា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨។ https://www.cambodiahotelassociation.com.kh/wp-content/uploads/2018/08/CAM-Tourism-Statistics-201806.pdf
- 36. មជ្ឈមណ្ឌលអាកាសចរណ៍ CAPA , ២០១៧។
- 37. អាណាន់ បាលីហ្គា. “ប្រជាជនកម្ពុជា នាំគ្នាមកប្រើអ៊ីនធឺណេត.” កាសែត ភ្នំពេញប៉ុស្តិ៍. ចុះផ្សាយ ១២ មីនា ២០១៥. ចូលអាន ៥ វិច្ឆិកា ២០១៥។ https://www.phnompenhpost.com/cambodians-flock-net
- 38. ដូចឯកសារយោងខាងដើម។
- 39. គេហទំព័រ Digital in Asia ២០១៨. ចូលអានថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។ https://digitalinasia.com/2018/01/31/latest-digital-in-2018-global-report/
- 40. Samantha Fuentes ២០១៨. “ស្ថិតិបណ្តាញសង្គម និងឌីជីថលកម្ពុជាឆ្នាំ ២០១៨”។ ចូលអានថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ http://geeksincambodia.com/cambodias-2018-social-media-digital-statistics/
- 41. សុខ ចាន់. “សេវាអ៊ីនធឺណេតទាបជាងមុននៅឆ្នាំក្រោយ”. កាសែតខ្មែរថាមស៍, ចុះថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៦។ https://www.khmertimeskh.com/7952/cheaper-internet-next-year/
- 42. ដូចឯកសារយោងខាងដើម។
- 43. ជា វណ្ណៈ ២០១៩. ប្រទេសកម្ពុជា៖ ចំនួនប្រើប្រាស់ទូរស័ព្ទដៃច្រើនជាងចំនួនប្រជាជ. កាសែតខ្មែរថាមស៍ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ ចូលអានថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ https://www.khmertimeskh.com/50594064/more-phones-than-folks/
- 44. ដូចឯកសារយោងខាងដើម។
- 45. Budde. “ប្រទេសកម្ពុជា- ស្ថិតិ និងការវិភាគពីទូរគមនាគមន៍, ទូរស័ព្ទចល៍ត, រលកអាកាស, និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល”. ចូលអានថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៦។ https://www.budde.com.au/Research/Cambodia-Telecoms-Mobile-Broadband-and-Digital-Media-Statistics-and-Analyses
- 46. ជា វណ្ណៈ, ដូចឯកសារយោងខាងដើម។
- 47. និយ័តករទូរគមនាគមន៍កម្ពុជា. 2016. ចូលអាននៅថ្ងៃទី១៤ ខែ ធ្នូ ឆ្នាំ ២០១៦។ https://www.trc.gov.kh/about-us/background/
- 48. ក្រសួងផែនការ. ” ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨.” ចូលអាន ១៦ កញ្ញា ២០១៥។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
- 49. ដូចយោងខាងដើម។
- 50. ម៉ាក ហ្គ្រីមដីឌ. ឆ្នាំ២០១២. “ទន្លេបីក្រោមការគំរាមកំហែង៖ ស្វែងយល់ពីការគំរាមកំហែង និងការប្រឈមថ្មី ពីការអភិវឌ្ឍវារីអគ្គិសនី ចំពោះជីវចំរុះ និងសិទ្ធិសហគមន៍ នៅអាងទន្លេបី.” បោះពុម្ពរួមគ្នា ដោយបណ្តាញការពារទន្លេបី និងអង្គការទន្លេអន្តរជាតិ។
- 51. ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា. ឆ្នាំ២០១៣. “សៀវភៅមគ្គុទេសក៍វិនិយោគនៅកម្ពុជា.” ចូលអាន ២៥ វច្ឆិកា ២០១៤. http://www.cambodiainvestment.gov.kh/#fragment-3-tab
- 52. ហ៊ គឹមសាយ, ២០១៨. “ព្រះរាជាណាចក្រកម្ពុជាកាន់តែឯករាជ្យលើវិស័យថាមពល”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨។ ចូលអានថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។ http://www.phnompenhpost.com/business/kingdom-more-energy-independent
- 53. “ហ៊ុន សែន និយាយថា នៅត្រឹមឆ្នាំ២០២០ គ្រប់ភូមិទាំងអស់នឹងមានអគ្គិសនីប្រើប្រាស់.” កាសែត ខេមបូឌា ហឺរ៉ល. ចេញផ្សាយ ២០ កុម្ភៈ ២០១៣. ចូលអាន ៥ វិច្ឆិកា ២០១៥. https://opendevelopmentcambodia.net/news/hun-sen-says-all-villages-to-have-electricity-by-2020/
- 54. ក្រសួងផែនការ. “ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៤-២០១៨.” ទំព័រ ៨. ចូលអាន ១៦ កញ្ញា ២០១៥។ https://opendevelopmentcambodia.net/dataset/?id=national-strategic-development-plan-2014-2018
- 55. អង្គការ វ៉តធ័រ អេត. “ប្រទេសកម្ពុជា.” ចូលអាន ៥ វិច្ឆិកា ២០១៥. http://www.wateraid.org/au/where-we-work/page/cambodia
- 56. អង្គការ យូនីសេហ្វ (ប្រចាំកម្ពុជា). “បង្កើនការផ្គត់ផ្គង់ទឹកកាន់តែប្រសើរ.” ចូលអាន ៥ វិច្ឆិកា ២០១៥. http://www.unicef.org/cambodia/19061_19073.html
- 57. ហ៊ គឹមសាយ ២០១៧. “ការកែលម្អរោងចក្រទឹកស្អាតត្រូវបានចុះហត្ថលេខា”, កាសែតភ្នំពេញប៉ុស្តិ៍, ចុះផ្សាយខែសីហា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។ https://www.phnompenhpost.com/business/water-utility-signs-deal-plant-facelift
- 58. សមាគមអ្នកសាងសង់កម្ពុជា ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩. “ការប្រកួតដេញថ្លៃសម្រាប់ការសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីត្រូវបានបើក”។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1713/
- 59. សមាគមអ្នកសាងសង់កម្ពុជា ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩. “ប្រទេសជប៉ុនផ្តល់ជំនួយ ៣០លានដុល្លារសម្រាប់សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត”។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1730/
- 60. ក្រសួងព័ត៌មាន ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩. “ប្រទេសកម្ពុជានឹងទិញទឹកពីប្រទេសថៃដើម្បីផ្គត់ផ្គង់ក្នុងខេត្តកោះកុង”។ ចូលអានថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៩។ https://www.information.gov.kh/detail/279093
- 61. ដូចឯកសារយោងខាងដើម។
- 62. អង្គការ វ៉តធ័រ អេត. “ប្រទេសកម្ពុជា.” ចូលអាន ៥ វិច្ឆិកា ២០១៥. http://www.wateraid.org/au/where-we-work/page/cambodia
- 63. សែន ដាវីត, ២០១៧. “គោលដៅស្វែងរកការផ្តល់បង្គន់អនាម័យដល់ប្រជាជនគ្រប់គ្នានៅត្រឹមឆ្នាំ ២០២៥”, កាសែតខ្មែរថាមស៍ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ចូលអានថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧។ http://www.khmertimeskh.com/5090752/target-seeks-provide-toilets-2025/
- 64. ដូចឯកសារយោងខាងដើម។
- 65. សមាគមអ្នកសាងសង់កម្ពុជា ២០១៩. “ហេដ្ឋារចនាសម្ព័ន្ធទឹក និងទឹកកខ្វក់ចំនួនបីនឹងត្រូវបានសាងសង់នៅភ្នំពេញ។” ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។ ចូលអានថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។ https://www.construction-property.com/read-news-1641/