
សភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតថៃ ប្រធានសភាពាណិជ្ជកម្មថៃ និងគណៈប្រតិភូមកពីវិស័យឯកជន និងសាធារណៈមួយចំនួន។ រូបថតដោយសភាពាណិជ្ជកម្មកម្ពុជា បានថតនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៣។
ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើន ហើយបានតាំងខ្លួនក្លាយជាគោលដៅអាជីវកម្មដែលងាយស្រួលមួយ ប្រទេសកម្ពុជាក៏បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិ។ នៅក្នុងឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជាសម្រេចបាននូវអត្រាកំណើនប្រមាណ៦ភាគរយ ជាមួយនឹងការព្យាករណ៍បង្ហាញថាមានកំណើន ៦.៣ភាគរយនៅឆ្នាំ ២០២៥។1 កម្ពុជាក៏បានបង្កើតកំណត់ត្រាថ្មីនៃការអនុម័តគម្រោងវិនិយោគសរុបចំនួន៤១៤ ជាមួយនឹងទុនវិនិយោគសរុបចំនួន ៦.៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។2 ជាមួយគ្នានេះ ដើម្បីជំរុញបរិយាកាសធុរកិច្ចកាន់តែអំណោយផលនៅក្នុងព្រះរាជាណាចក្រ សមាគមអាជីវកម្ម ព្រមទាំងសភាពាណិជ្ជកម្មជាច្រើនបានបង្កើតវត្តមានរបស់ខ្លួនឡើងដើម្បីរៀបចំបណ្តាញអាជីវកម្ម និងជួបជាមួយអ្នកជំនួញដែលមានគំនិតដូចគ្នានៅក្នុងឧស្សាហកម្មណាមួយនៅកម្ពុជា។
គោលដៅនៃសភាពាណិជ្ជកម្មភាគច្រើនគឺដើម្បីលើកកម្ពស់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ជួយសមាជិករបស់សភាក្នុងការរុករកភាពស្មុគស្មាញនៃការធ្វើអាជីវកម្ម និងផ្តល់អត្ថប្រយោជន៍ដល់អ្នកចាប់ផ្តើមអាជីវកម្ម និងគ្រប់គ្រងប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះទៀត ពួកគេក៏ដើរតួនាទីក្នុងការតភ្ជាប់អាជីវកម្ម លើកកម្ពស់ពាណិជ្ជកម្ម សម្របសម្រួលឱកាសបណ្តាញ និងរៀបចំកិច្ចប្រជុំ ឬព្រឹត្តិការណ៍ផ្សេងៗដែលជួយប្រមូលផ្តុំអ្នកជំនួញដែលជាសមាជិក។3
ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធគ្រប់គ្រងសភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មនៅកម្ពុជា
ច្បាប់ស្ដីពី សភាពាណិជ្ជកម្មត្រូវបានអនុម័តដោយរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ១៩៩៥ ក្នុងសម័យប្រជុំលើកទី៤ នៃនីតិកាលទី១។ ដូចដែលមានចែងក្នុងច្បាប់ សភាពាណិជ្ជកម្មគឺជាស្ថាប័នសាធារណៈក្រោមការឧបត្ថម្ភរបស់ក្រសួងពាណិជ្ជកម្ម ដែលអនុវត្តសកម្មភាពបម្រើផលប្រយោជន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម និងសេវាកម្មនៅក្នុងមណ្ឌលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ក៏បង្កើតឱ្យមានសភាណិជ្ជកម្មមួយតាមបណ្ដាលខេត្តនីមួយៗ។ យ៉ាងណាក៏ដោយ មណ្ឌលនៃសភាពាណិជ្ជកម្មនឹងអាចពង្រីកទៅតាមខេត្ត ឬក្រុងមួយចំនួននៅពេលដែលលក្ខខណ្ឌសេដ្ឋកិច្ចតម្រូវឱ្យមានការពន្យារបែបនេះ។4 បន្ថែមពីលើនេះ អនុក្រឹត្យលេខ ៦១ ស្តីពីការបង្កើតសភាពាណិជ្ជកម្មរាជធានីភ្នំពេញក្នុងឆ្នាំដដែល បានបញ្ជាក់ពីគោលបំណងបង្កើតសភារាជធានីភ្នំពេញ ជាពិសេសគ្រប់គ្រងសកម្មភាពពាណិជ្ជកម្មក្នុងរាជធានី។5 បន្ទាប់មក អនុក្រឹត្យលេខ ៨៩ ស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា ក៏បានអនុវត្តក្នុងឆ្នាំ២០០២ ដើម្បីបង្កើតសភាពាណិជ្ជកម្មកម្ពុជាក្នុងកម្រិតជាតិ ដើម្បីត្រួតពិនិត្យសកម្មភាពពាណិជ្ជកម្មនៅទូទាំងខេត្ត-ក្រុងនៃព្រះរាជាណាចក្រកម្ពុជា។6 ជាលទ្ធផល សភាពាណិជ្ជកម្មកម្ពុជាត្រូវបានបង្កើតឡើងជាផ្លូវការក្នុងឆ្នាំ ២០០៥។7
នៅឆ្នាំ២០០៧ រចនាសម្ព័ន្ធ និងប្រតិបត្តិការរបស់សភាពាណិជ្ជកម្មកម្ពុជាត្រូវបានកំណត់តាមអនុក្រឹត្យលេខ ០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្មកម្ពុជា។ អនុក្រឹត្យនេះបាននិយាយអំពីកាតព្វកិច្ច ការរៀបចំ និងការប្រព្រឹត្តទៅនៃនៃសភាពាណិជ្ជកម្មមួយនេះ។ ថ្មីៗនេះ ប្រកាសលេខ ៨៨ ស្តីពីការរក្សាលក្ខន្តិកៈសមាគមពាណិជ្ជកម្ម ដែលដាក់ឱ្យប្រើប្រាស់ក្នុងឆ្នាំ២០១៨ ដើម្បីណែនាំសម្រាប់ការថែរក្សាលក្ខន្តិកៈសមាគមអាជីវកម្ម (រួមទាំងសភាពាណិជ្ជកម្មបរទេសនៅកម្ពុជា) ដែលអនុវត្តសកម្មភាព ឬប្រតិបត្តិការរបស់ខ្លួន ដើម្បីបម្រើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មសម្រាប់គោលបំណងមិនស្វែងរកប្រាក់ចំណេញ។ ជាពិសេស វាក៏បានលើកឡើងផងដែរថា សមាគមអាជីវកម្មទាំងអស់ គឺត្រូវតែជាសមាគមដែលដំណើរការនៅក្រោមច្បាប់ ឬបទបញ្ញត្តិរបស់រដ្ឋ។
- ច្បាប់ស្ដីពី សភាពាណិជ្ជកម្ម
- អនុក្រឹត្យលេខ ៦១ ស្តីពីការបង្កើតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ
- អនុក្រឹត្យលេខ ៨៩ ស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា
- អនុក្រឹត្យលេខ ០៧ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃសភាពាណិជ្ជកម្មកម្ពុជា
- ប្រកាសលេខ ៨៨ ស្តីពីការរក្សាលក្ខន្តិកៈសមាគមពាណិជ្ជកម្ម
ប្រភេទនៃសភា និងសមាគមអាជីវកម្មនៅកម្ពុជា
នៅក្នុងប្រទេសកម្ពុជាមានសភាព និងសមាគមអាជីវកម្មជាច្រើនប្រភេទ ដូចជា សភាសហគម សភារដ្ឋ សភាក្រុង សភាជាតិ ឬអន្តរជាតិ ព្រមទាំងសមាគមអាជីវកម្មជាច្រើនផងដែរ។ លើសពីនេះ សភា ព្រមទាំងសមាគមទាំងនេះក៏អាចដំណើរការបានក្នុងថ្នាក់តំបន់ ថ្នាក់ជាតិ ឬសូម្បីតែថ្នាក់អន្ដរជាតិផងដែរ។ ក្រុមប្រឹក្សាភិបាលនៃសភា ឬសមាគមអាចរួមបញ្ចូលរវាង នាយកប្រតិបត្តិដែលមានប្រាក់ឈ្នួល អ្នកគ្រប់គ្រងប្រតិបត្តិការ មន្ដ្រីហិរញ្ញវត្ថុ មន្ដ្រីទំនាក់ទំនង និងមន្ដ្រីសមាជិកភាព។8
បើទោះបីជាមិនមានចំនួនជាក់លាក់អំពីចំនួនសមាគមអាជីវកម្ម ឬសភាពាណិជ្ជកម្មនៅកម្ពុជាក៏ដោយ ក៏នៅឆ្នាំ២០១៨ សភា និងសមាគមអាជីវកម្មចំនួន ២៦នៅកម្ពុជាបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) រួមគ្នាជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់សិទ្ធិចូលទៅកាន់សភាដើម្បីទទួលបានការឯកភាព និងតំណាងឱ្យសមាគមអាជីវកម្ម។9
សភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មនៅក្នុងប្រទេសកម្ពុជា
ជាទូទៅ សភាពាណិជ្ជកម្ម ក៏ដូចជាសមាគមអាជីវកម្មក្នុងប្រទេសកម្ពុជាមានភាពឯករាជ្យ និងមិនមែនសម្រាប់ការរកប្រាក់ចំណេញដែលមានកម្រិតខុសគ្នានៃការបង់ចូលជាសមាជិកភាព។10 តារាងខាងក្រោមបង្ហាញពីសមាគមអាជីវកម្ម និងសភាពាណិជ្ជកម្មសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលមានបង្ហាញព័ត៌មានពីឆ្នាំនៃគ្រឹះស្ថានរបស់ពួកគេ និងចំនួនសមាជិកនៅក្នុងអង្គភាព។
សមាគមអាជីវកម្ម/សភាពាណិជ្ជកម្ម | ឆ្នាំបង្កើត | ចំនួនសមាជិក |
សមាគមសហគ្រិនវ័យក្មេងកម្ពុជា | ២០០៩ | ៦០០11 |
សមាគមសហគ្រិនស្ដ្រីកម្ពុជា | ២០១២ | N/A |
សមាគមកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា | ១៩៩៦ | ៨៣៦12 |
សភាពាណិជ្ជកម្មកម្ពុជា | ២០០៥ | ១,៧៥០13 |
សភាពាណិជ្ជកម្មអឺរ៉ុប | ២០១១ | លើសពី ៤០០14 |
សភាពាណិជ្ជកម្មអាមេរិក | ១៩៩៦ | លើសពី ២៥០15 |
សភាពាណិជ្ជកម្មអន្ដរជាតិនៃកម្ពុជា | ១៩៩៣ | លើសពី ១២០16 |
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំងនៅកម្ពុជា | ១៩៩៨ | លើសពី ២៣០ 17 |
សមាគមធុរកិច្ចជប៉ុនកម្ពុជា | ១៩៩២ | ២៥៤18 |
សភាពាណិជ្ជកម្មអូស្ដ្រាលីនៅកម្ពុជា | នៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ | N/A |
សមាគមសហគ្រិនវ័យក្មេងកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ដោយក្រុមអ្នកដឹកនាំអាជីវកម្មដែលមានចំណង់ចំណូលចិត្តចង់បង្កើតជាអង្គការមិនស្វែងរកប្រាក់ចំណេញដោយស្ម័គ្រចិត្ត ជាមួយនឹងមហិច្ឆតាក្នុងការផ្តល់អំណាចដល់សហគ្រិនវ័យក្មេងមកពីវិស័យអាជីវកម្មផ្សេងៗ។ ចាប់តាំងពីពេលវាបានបង្កើតឡើងមក សមាគមនេះបាបគាំទ្រនូវសមាជិករបស់ខ្លួនតាមរយៈសកម្មភាពផ្សេងៗគ្នា រួមទាំងការបណ្តុះបណ្តាល ការធ្វើឌីជីថលូបនីយកម្ម ការផ្ដល់នូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ ការផ្គូផ្គងអាជីវកម្ម ការចូលរួមក្នុងការតស៊ូមតិគោលនយោបាយជាមួយរដ្ឋាភិបាល និងធ្វើតំណាងភាពឱ្យសំឡេងរបស់ពួកគេ។ លើសពីនេះទៀត មានអត្ថប្រយោជន៍សំខាន់ៗចំនួន៦ទៀត ដែលសមាគមកំពុងផ្តល់ជូនដូចជា ការទទួលបានមូលនិធិ សិក្ខាសាលា ការអភិវឌ្ឍន៍សមត្ថភាព បណ្តាញអាជីវកម្ម ឱកាសភាពជាអ្នកដឹកនាំ និងការណែនាំ ក៏ដូចជាការផ្ដល់ការប្រឹក្សាផងដែរ។19 ដើម្បីក្លាយជាសមាជិក YEAC សូមពិនិត្យមើលពាក្យសុំសមាជិកភាពនេះ ដើម្បីស្វែងយល់អំពីព័ត៌មាន និងតម្រូវការបន្ថែម។
សមាគមកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដោយសារតម្រូវការកើនឡើងនៃសំឡេងតំណាងឯកភាពមួយសម្រាប់ឧស្សាហកម្ម។ ជាហេតុដូច្នេះ សមាគមនេះបានក្លាយជាសមាគមអាជីវកម្មដ៏លេចធ្លោមួយ ដែលមានគោលបំណងផ្ដល់វេទិកាសម្រាប់ការពិគ្រោះ និងពិភាក្សាក្នុងចំណោមសមាជិក/ភាគីពាក់ព័ន្ធ ដែលភាគច្រើនមកពីឧស្សាហកម្មកាត់ដេរ។ សមាគមមួយនេះក៏លើកកម្ពស់ផលប្រយោជន៍រួម និងស្វែងរកការអនុម័តគោលនយោបាយត្រឹមត្រូវដែលអនុញ្ញាតឱ្យឧស្សាហកម្មកាន់តែរីកចម្រើន និងអភិវឌ្ឍបន្ថែមទៀត។20 សមាជិកភាពនៅសមាគមនេះមានពីរប្រភេទដូចជា ទូទៅ និងសមាគម។ ដើម្បីក្លាយជាសមាជិករបស់ TAFTAC សូមពិនិត្យមើលពាក្យសុំសមាជិកភាពនេះ ដើម្បីស្វែងយល់អំពីព័ត៌មាន និងតម្រូវការ។
សភាពាណិជ្ជកម្មកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥។ សភានេះធ្វើការជាមួយអាជីវកម្មស្របច្បាប់ខ្នាតធំ មធ្យម និងតូច ដើម្បីធានាថាសំឡេងរបស់ពួកគេត្រូវបានឮ និងរួមចំណែកដល់ប្រសិទ្ធភាពរបស់រដ្ឋាភិបាល ដើម្បីធ្វើឱ្យបរិយាកាសអាជីវកម្មកាន់តែងាយស្រួល។ បច្ចុប្បន្នសភាពាណិជ្ជកម្មខេត្ត-ក្រុង ចំនួន១៨ ក្រោមសភាពាណិជ្ជកម្មនេះដែល រួមមាន (១) សភាពាណិជ្ជកម្មរាជធានីភ្នំពេញ (២) សភាពាណិជ្ជកម្មពោធិ៍សាត់ (៣) សភាពាណិជ្ជកម្មព្រៃវែង (៤) សភាពាណិជ្ជកម្មកំពង់ស្ពឺ (៥) សភាពាណិជ្ជកម្មស្វាយរៀង (៦) សភាពាណិជ្ជកម្មព្រះសីហនុ (៧) សភាពាណិជ្ជកម្មបន្ទាយមានជ័យ (8) សភាពាណិជ្ជកម្មកោះកុង, (9) សភាពាណិជ្ជកម្មកំពង់ចាម, (10) សភាពាណិជ្ជកម្មកំពត-កែប, (11) សភាពាណិជ្ជកម្មបាត់ដំបង, (12) សភាពាណិជ្ជកម្មសៀមរាប-ឧត្ដរមានជ័យ, (13) សភាពាណិជ្ជកម្មកំពង់ធំ-ព្រះវិហារ, (14) សភាពាណិជ្ជកម្មកណ្តាល, (14) សភាពាណិជ្ជកម្មក្រចេះ-ស្ទឹងត្រែង-រតនគិរី, (១៦) សភាពាណិជ្ជកម្មតាកែវ, (១៧) សភាពាណិជ្ជកម្មត្បូងឃ្មុំ និង (១៨) សភាពាណិជ្ជកម្មប៉ៃលិន។ ដើម្បីក្លាយជាសមាជិកនៃ CCC សូមពិនិត្យមើលពាក្យសុំសមាជិកភាពនេះ ដើម្បីស្វែងយល់អំពីព័ត៌មាន និងតម្រូវការ។21
សភាពាណិជ្ជកម្មអឺរ៉ុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១១ ដោយសមាគមអាជីវកម្មបារាំង អាល្លឺម៉ង់ និងអង់គ្លេសដែលមានស្រាប់ ដើម្បីដើរតួជាសភាផ្លូវការមួយនៃសហគមអាជីវកម្មអឺរ៉ុបក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ននេះ វាមានក្រុមប្រឹក្សាជាតិចំនួន៧ ដូចជា ក្រុមអាជីវកម្មអាល្លឺម៉ង់ សភាពាណិជ្ជកម្មបារាំង-កម្ពុជា; សមាគមអាជីវកម្មអង់គ្លេសនៅកម្ពុជា; ក្រុមប្រឹក្សាជាតិ ណ័រឌីក; ក្រុមប្រឹក្សាជាតិ អ៊ីតាលី; ក្រុមប្រឹក្សាជាតិ បេណេលុច; និងសមាគមអាជីវកម្មអ៊ឺរ៉ុបកណ្តាលបូព៌ា ដែលប្រទេសទាំងអស់នោះមាន ២៣។ សកម្មភាពស្នូលរបស់ EuroCham គឺដើម្បីលើកកម្ពស់ គាំទ្រ និងតំណាងឱ្យសមាជិករបស់ខ្លួនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយអំណោយផល។ សមាជិកភាពមានប្រាំប្រភេទ រួមមានសមាជិកសាជីវកម្មធម្មតា ឬសហការី ឬសហគ្រាសធុនតូច និងមធ្យម អង្គការក្រៅរដ្ឋាភិបាល និងសមាជិកបុគ្គល ក៏ដូចជាសមាជិកជាធុរកិច្ចថ្មី។ ពិនិត្យមើលពាក្យសុំសមាជិកភាពនេះ ដើម្បីស្វែងយល់អំពីព័ត៌មាននៅក្នុងព័ត៌មានលម្អិត។ref]ដូចឯកសារយោងខាងដើម។[/ref]
សភាពាណិជ្ជកម្មអាមេរិក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ជាអង្គការសមាជិកភាពមិនរកប្រាក់ចំណេញ ដែលគាំទ្រដល់ក្រុមហ៊ុន និងបុគ្គលសហរដ្ឋអាមេរិក និងកម្ពុជាក្នុងការដំណើរការ និងពង្រីកអាជីវកម្មរបស់ពួកគេ តាមរយៈការចែករំលែកការអនុវត្តល្អបំផុតផ្នែកពាណិជ្ជកម្ម និងប្រតិបត្តិការ លើកកម្ពស់ស្តង់ដារពាណិជ្ជកម្ម និងការតស៊ូមតិជាមួយអ្នកបង្កើតគោលនយោបាយកម្ពុជា និងសហរដ្ឋអាមេរិក។ សភាពាណិជ្ជកម្មមួយនេះមានសកម្មភាពសំខាន់ៗចំនួនបួនដូចជា ការតស៊ូមតិ ការផ្សព្វផ្សាយពាណិជ្ជកម្ម ការតភ្ជាប់អាជីវកម្ម និងរៀបចំព្រឹត្តិការណ៍នានា។ AmCham មានសមាជិកប្រាំប្រភេទ។ ដើម្បីស្វែងយល់លម្អិតបន្ថែម សូមពិនិត្យមើលពាក្យសុំសមាជិកភាពនេះ។22
តួនាទីសំខាន់ៗរបស់សភាពាណិជ្ជកម្ម និងសមាគមអាជីវកម្ម
ខណៈពេលដែលសភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មផ្សេងៗគ្នាធ្វើការជាមួយក្រុមផ្សេងគ្នានៃសហគមន៍អាជីវកម្មពីវិស័យផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា យោងតាមអត្ថបទស្តីពីសភា និងសមាគមនៅកម្ពុជា៖២០២៣ ដោយ Aquarii BD (Cambodia) ខាងក្រោមនេះគឺជាឧទាហរណ៍មួយចំនួននៃតួនាទីសំខាន់ៗដែលសភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មទាំងនេះដើរតួក្នុងការជួយសមាជិករបស់ពួកគេ23៖
សភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មជាច្រើននៅក្នុងប្រទេសកម្ពុជាផ្តល់ឱកាសបណ្តាញសម្រាប់សមាជិករបស់ពួកគេ។ សភា និងសមាគមទាំងនេះក៏ផ្តល់វេទិកាសម្រាប់អាជីវកម្មដើម្បីភ្ជាប់ទំនាក់ទំនងគ្នាទៅវិញទៅមក ចែករំលែកគំនិត និងជំរុញឱកាសបណ្តាញ។ ជាឧទាហរណ៍ សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានរៀបចំព្រឹត្តិការណ៍ជាញឹកញាប់សម្រាប់សមាជិករបស់ខ្លួន រួមទាំង “ការប្រមូលផ្តុំសហគ្រិនវ័យក្មេងលើកទី ១ (YEG) ២០២៥” នាពេលថ្មីៗនេះ ដែលប្រមូលផ្តុំអ្នកដឹកនាំអាជីវកម្មដែលកំពុងលេចធ្លោ អ្នកពាក់ព័ន្ធក្នុងឧស្សាហកម្មសំខាន់ៗ និងអ្នកបង្កើតគោលនយោបាយ។24
តួនាទីសំខាន់មួយទៀតរបស់សភា និងសមាគមទាំងនេះគឺបម្រើជាសំឡេងតំណាង និងជាអ្នកតស៊ូមតិសម្រាប់អាជីវកម្ម។ សភា និងសមាគមតំណាងឱ្យផលប្រយោជន៍រួម និងកង្វល់រួមគ្នាក្នុងចំណោមសមាជិករបស់ពួកគេ ដើម្បីចែករំលែកវាទៅកាន់រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ និងអ្នកពាក់ព័ន្ធ។ ជាឧទាហរណ៍ សភាពាណិជ្ជកម្មអាមេរិកមានគណៈកម្មាធិការចំនួនប្រាំពីរផ្សេងគ្នាសម្រាប់សមាជិករបស់ខ្លួនមកពីវិស័យផ្សេងៗ រួមមានស្ត្រី ការអប់រំ អចលនទ្រព្យ និងសំណង់ ច្បាប់ បច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ពាណិជ្ជកម្មអន្តរជាតិ និងភស្តុភារ និងពន្ធ។ គណៈកម្មាធិការទាំងនេះធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា។25
ការផ្តល់សេវាព័ត៌មានក៏ជាសកម្មភាពសំខាន់មួយដែលសភាពាណិជ្ជកម្ម និងសមាគមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាមានបំណងផ្តល់ជូនផងដែរ។ សភា និងសមាគមទាំងនេះក៏ផ្តល់ប្រភពព័ត៌មានសំខាន់ៗសម្រាប់សមាជិករបស់ពួកគេ ដោយផ្តល់ជូននូវព័ត៌មានថ្មីៗអំពីនិន្នាការឧស្សាហកម្ម ការផ្លាស់ប្តូរបទប្បញ្ញត្តិ និងឱកាសវិនិយោគ។ ជាឧទាហរណ៍ សមាគមកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា បានបង្កើតការបោះពុម្ពផ្សាយ និងផ្តល់ព័ត៌មានថ្មីៗអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធសម្រាប់សមាជិករបស់ខ្លួនក្នុងវិស័យកាត់ដេរជាបីភាសាផ្សេងគ្នា (ខ្មែរ អង់គ្លេស និងចិន) ដូចជាការបោះពុម្ពផ្សាយសង្ខេបគោលនយោបាយស្តីពី “កម្មវិធីរោងចក្របៃតងគំរូ” នាពេលថ្មីៗនេះ។26
ក្រៅពីជាមជ្ឈមណ្ឌលចំណេះដឹង និងជាប្រភពព័ត៌មានសំខាន់ៗដល់សមាជិកសភា និងសមាគមនានាក្នុងប្រទេសកម្ពុជាក៏ផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងឱកាសណែនាំដើម្បីជួយសមាជិករបស់ពួកគេបង្កើនជំនាញរបស់ពួកគេ និងរក្សាការប្រកួតប្រជែងនៅក្នុងទីផ្សារ។ ឧទាហរណ៍ សភាពាណិជ្ជកម្មអឺរ៉ុបមានវគ្គបណ្តុះបណ្តាលស្តីពី “បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ក្នុងវិស័យកសិកម្ម” សម្រាប់សមាជិករបស់ខ្លួនក្នុងវិស័យកសិកម្មដើម្បីធ្វើសមាហរណកម្មការអនុវត្ត ESG ទៅក្នុងប្រតិបត្តិការរបស់ពួកគេ។27
ខណៈពេលដែលមិនមែនសមាគម ឬសភាពាណិជ្ជកម្មទាំងអស់ចូលរួមក្នុងសកម្មភាពទាំងនេះ ប៉ុន្ដែមួយចំនួនក៏ជួយសម្រួលដល់ការទទួលបានធនធានហិរញ្ញវត្ថុ។ ពួកគេអាចជួយសម្រួលដល់ការទទួលបានមូលនិធិ ដូចជាកម្ចី និងជំនួយ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ និងកំណើនអាជីវកម្ម។ ឧទាហរណ៍ សហគ្រិនខ្មែរ គឺជាទីភ្នាក់ងាររដ្ឋាភិបាលដែលផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងព្រះរាជាណាចក្រ ដើម្បីជួយពួកគេទទួលបានដើមទុនដែលពួកគេត្រូវការដើម្បីរីកចម្រើន។ ថ្មីៗនេះ ពួកគេបានផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ៣២ ដល់អាជីវកម្មចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមចំនួន ៣២ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ធ្វើអោយប្រសើរឡើងនូវការប្រកួតប្រជែង និងជំរុញសក្តានុពលនាំចេញ ពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនរបស់ប្រទេស៕28
ប្រធានបទពាក់ព័ន្ធនឹងសមាគមអាជីវកម្ម
ឯកសារយោង
- 1. បែន សុខហ៊ាន, “វិស័យសហគ្រាសធុនតូច និងមធ្យមបានពង្រីកចំពេលមានអត្រាកំណើនសេដ្ឋកិច្ច៦%,” ខ្មែរថាមស៍, ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 2. ហ៊ឹន ពិសី, “ចំណែករបស់ Lion នៃការវិនិយោគឆ្នាំ ២០២៤ នៅក្នុងឧស្សាហកម្ម ការផលិត,” ភ្នំពេញប៉ុស្តិ៍, ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 3. B2B Cambodia, “សភាពាណិជ្ជកម្មកំពូលនៅកម្ពុជា៖ ការជំរុញការតភ្ជាប់អាជីវកម្ម,” ឆ្នាំ២០២៤, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 4. អង្គការពាណិជ្ជកម្មពិភពលោក, “សេចក្តីសង្ខេបនៃច្បាប់កម្ពុជា ភាគ I,” ឆ្នាំ១៩៩៥, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 5. រាជរដ្ឋាភិបាលកម្ពុជា, “អនុក្រឹត្យស្តីពីការបង្កើតសភាពាណិជ្ជកម្មរាជធានីភ្នំពេញ,” ឆ្នាំ១៩៩៥, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 6. រាជរដ្ឋាភិបាលកម្ពុជា, “អនុក្រឹត្យលេខ ៨៩ ស្តីពីការបង្កើតសភាពាណិជ្ជកម្មកម្ពុជា,” ឆ្នាំ២០០២, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 7. សភាពាណិជ្ជកម្មកម្ពុជា, “ប្រវត្តិសភាពាណិជ្ជកម្មកម្ពុជា,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 8. Aquarii, “សភា និងសមាគមនៅកម្ពុជា៖ ២០២៣,” ឆ្នាំ ២០២៣, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 9. សភាពាណិជ្ជកម្មកម្ពុជា, “អំពីសភាពាណិជ្ជកម្មកម្ពុជា,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 10. ដូចឯកសារយោងខាងដើម។
- 11. សមាគមសហគ្រិនវ័យក្មេងកម្ពុជា, “អំពីសភាពាណិជ្ជកម្មកម្ពុជា។,” ឆ្នាំ២០២៥, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 12. TAFTAC, “TAFTAC ជាតូលេខ,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 13. ដូចឯកសារយោងខាងដើម។
- 14. EuroCham កម្ពុជា, “អំពី EuroCham,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 15. AmCham កម្ពុជា, “អំពីសមាជិកភាព,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 16. សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា, “សារពីប្រធាន,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 17. CCI France Cambodge, “ស្វែងយល់ពីឱកាសរបស់អ្នកនៅក្នុងប្រទេសកម្ពុជា,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 18. សមាគមធុរកិច្ចជប៉ុននៃកម្ពុជា, “របាយការណ៍ប្រចាំឆ្នាំ ២០២០,” ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១, បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 19. ដូចឯកសារយោងខាងដើម។
- 20. សភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា, “TAFTAC – សមាគមវាយនភ័ណ្ឌ សំលៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរនៅកម្ពុជា,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 21. ដូចឯកសារយោងខាងដើម។
- 22. AmCham កម្ពុជា, “អ្វីទៅជា AmCham?,” បានចូលអានថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥។
- 23. ដូចឯកសារយោងខាងដើម។
- 24. សមាគមសហគ្រិនវ័យក្មេងកម្ពុជា, “YEAC ធ្វើជាម្ចាស់ផ្ទះនៃការប្រមូលផ្តុំសហគ្រិនវ័យក្មេងលើកទី១ ឆ្នាំ២០២៥,” ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥, បានចូលអានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
- 25. AmCham កម្ពុជា, “អំពីគណៈកម្មាធិការតស៊ូមតិ,” បានចូលអានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
- 26. Switch Garment, “កម្មវិធីរោងចក្របៃតងគំរូនៅកម្ពុជា,” បានចូលអានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
- 27. EuroCham កម្ពុជា, “កម្មវិធីបណ្តុះបណ្តាលស្តីពី “បរិស្ថាន សង្គម និងអភិបាលកិច្ចក្នុងវិស័យកសិកម្ម,” ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤, បានចូលអានថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។