ការអភិវឌ្ឍ និងជំនួយសម្រាប់កាត់បន្ថយភាពក្រីក្រ និងសន្តិសុខស្បៀង

កម្មវិធីប្រមូលផលរបស់ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា. កំពុងជួយកសិករកម្ពុជា។ រូបភាព ដោយទីភ្នាក់ងារ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ ស.រ.អា.​ បានថតនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៣។ ក្រោមអាជ្ញាប័ណ្ណ CC BY-ND 2.0

​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព​គួរ​ឱ្យ​កត់សម្គាល់​ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​ ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​នៅ​តែ​ជា​បញ្ហា​ប្រឈម​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួលស្គាល់​ថា​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​គឺ​ព​ន្លឿ​ន​វិស័យ​កសិកម្ម​ និង​ផ្តល់​អាហារ​មាន​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​។​1​ អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​ក្នុង​ការ​សម្រេច​បាន​នូវ​គោលដៅ​ជាតិ​របស់​ខ្លួន​គឺ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដូចដែល​បាន​បង្ហាញ​ដោយ​គោលនយោបាយ​សំខាន់ៗ​ដូច​ជា​ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ៤​ របស់​រាជរដ្ឋាភិបាលផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​ ២០១៩-២០២៣កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈយុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ ២០១៤-២០១៨​ និង​ ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​ ២០១៦-២០២៥​។​ល​។​ ដោយ​ក្តោប​យក​នូវ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០​ ថ្មី​ រាជរដ្ឋាភិបាល​បាន​បញ្ចា​ក់​អោយ​ឃើញ​ម្តងទៀត​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកំពស់​សន្តិសុខ​ស្បៀង​នៅ​ទូ​ទាំង​ប្រទេស​ដូចដែល​បាន​បង្ហាញ​នូវ​ក្នុង​ក្រប​ខណ្ឌ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​កម្ពុជា​ឆ្នាំ​២០១៦-២០៣០​ (​គ​.​អ​.​ច​.​ក​)​។​ រហូត​មក​ដល់​ពេល​នេះ​ រាជរដ្ឋាភិបាល​បាន​កាត់​បន្ថយ​សមាមាត្រ​ប្រជាជន​ដែល​រស់នៅ​ក្រោម​ខ្សែបន្ទាត់​ភាព​ក្រីក្រ​របស់​ជាតិ​បាន​ពាក់កណ្តាល​ដោយ​ជោគជ័យ​ក៏​ដូច​ជា​កាត់​បន្ថយ​សមាមាត្រ​ដែល​រស់នៅ​ក្នុង​ភាព​អត់ឃ្លាន​។​2

​ជំនួយ​សម្រាប់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​

​ក្រៅពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ ជំនួយ​អភិវឌ្ឍន៍​ពី​ដៃគូ​ផ្សេងៗ​ក៏​បាន​ចូលរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ដូច​គ្នា​ដែល​ភាគច្រើន​យក​តំបន់​ជនបទ​ជា​ចំណុច​ស្នូល​សម្រាប់​ដៃគូ​អភិវឌ្ឍន៍​ក្នុង​គម្រោងការ​ណ៏​នៃ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​3​ ដៃគូ​ទ្វេភាគី​ និង​ពហុភាគី​ភាគច្រើន​ក៏​ជួយ​ដល់​រាជរដ្ឋាភិបាល​ក្នុង​ការ​បំពេញ​គម្លាត​នៃ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដូច​ជា ​គម្លាត​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ធនធានមនុស្ស​ វិសមភាព​ប្រាក់​ចំណូល​ ហេដ្ឋារចនាសម្ព័ន្ធ​ជាដើម​។​4​ ក្នុង​ឆ្នាំ​២០០៧​ រដ្ឋាភិបាល​បាន​ណែនាំ​គំនិត​ផ្តួចផ្តើម​បង្កើត​ កម្មវិធី​អត្តសញ្ញាណបត្រ​គ្រួសារ​ក្រីក្រ​ (IDPoor​ Program)​ ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ Deutsche​ Gesellschaft​ für​ Internationale​ Zusammenarbeit​ (GIZ)​ រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​ និង​រដ្ឋាភិបាល​អូស្ត្រាលី​។​ កម្មវិធី​នេះ​មាន​ប្រយោជន៍​សម្រាប់​ដៃគូ​អភិវឌ្ឍន៍​ណា​ដែល​មាន​បំណង​ចង់​អនុវត្ត​កម្មវិធី​របស់​ពួក​គេ​ក្នុង​ចំណោម​ពលរដ្ឋ​​ក្រីក្រ​នៅ​កម្ពុជា​។​ បន្ថែម​ពីលើ​កម្មវិធី​របស់​រដ្ឋាភិបាល​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ ដៃគូ​អភិវឌ្ឍន៍​ដូច​ជា ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ (WFP)​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ​ (UNICEF)​ Deutsche​ Gesellschaft​ für​ Internationale​ Zusammenarbeit​ (GIZ)​ និង​សហភាព​អឺរ៉ុប​ (EU)​ ក៏​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​មូលនិធិ​ជំនួយ​ដល់​កម្មវិធី​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​ (​ដូច​ជា​សុខុមាលភាព​សង្គម​របស់​ជន​ងាយ​រង​គ្រោះ​ ប្រាក់​សោធន​និវត្តន៍​ ការ​ឆ្លើយ​តប​ជា​បន្ទាន់​ ការ​អភិវឌ្ឍន៍​មូលធន​មនុស្ស​)​ ផង​ដែរ​។​ ដៃគូ​អភិវឌ្ឍ​ក៏​បាន​ផ្តល់​មូលនិធិ​ជំនួយ​ដល់​សសរស្តម្ភ​សំខាន់​នៃ​កម្មវិធី​គាំពារ​សង្គម​ផ្សេង​ទៀត​របស់​ប្រទេស​កម្ពុជា​ដូច​ជា​អាហារូបករណ៍​ អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ​(TVET)​ និង​មូលនិធិ​សមធម៌​សុខភាព​ (HEF)​។​5​ ប៉ុន្តែ​ការ​លុប​បំបាត់​ភាព​ក្រីក្រ​គឺជា​ដំណើរការ​រយៈពេល​វែង​ ហើយ​ពាក់ព័ន្ធ​ស្ទើរតែ​គ្រប់​វិស័យ​ រួម​ទាំង​វិស័យ​សង្គម​ វិស័យសេដ្ឋកិច្ច​ និង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​។​ ជា​លទ្ធផល​ ដៃគូ​អភិវឌ្ឍន៍​បាន​អនុវត្ត​ជំនួយ​របស់​ពួក​គេ​ក្នុង​វិស័យ​ផ្សេងៗ​ក្នុង​គោលបំណង​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​។​6

​ក្រៅពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​វិស័យ​ ដៃគូ​អភិវឌ្ឍន៍​កំពុង​ជំរុញ​ការ​ចូលរួម​របស់​ពួក​គេ​នៅ​ក្នុង​ (​គ​.​អ​.​ច​.​ក​)​ ផង​ដែរ​។​ គិត​ត្រឹម​ថ្ងៃ​ទី​ ២៣​ ឆ្នាំ​២០២២​ មាន​គម្រោង​ចំនួន​ ១៣២​ ​ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ និង​ពហុភាគី​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ (​គ​.​អ​.​ច​.​ក​)​ ទី​ ១​ ពុំ​មាន​ភាព​ភាព​ក្រីក្រ​7

​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ធ្វើការ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​រួមចំណែក​ដល់​វឌ្ឍនភាព​របស់​ប្រទេស​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​ភាគច្រើន​ធ្វើ​ឡើង​តាម​រយៈ​គម្រោង​​ជួយ​គ្រួសារ​ក្រីក្រ​ និង​ការ​លើកកម្ពស់​ជីវភាព​របស់​ពួក​គេ​។​ ចាប់ពី​ឆ្នាំ​ ២០១៧​ ដល់​ឆ្នាំ​ ២០១៩​ មាន​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​ ២៨​ ដែល​ត្រូវ​បាន​កំណត់​ជា​អ្នក​ផ្តល់​វិភាគទាន​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​ មូលនិធិ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ អង្គការ​ទស្សនៈ​ពិភពលោក​ Save​ the​ Children​ International​ ជាដើម​។​ ប្រហែល​ ៨៥%​ នៃ​ធនធាន​ប្រតិបត្តិការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​សរុប​ត្រូវ​បាន​បែងចែក​ទៅ​ឱ្យ​វិស័យ​សុខាភិបាល​ ការ​អប់រំ​ ការ​អភិវឌ្ឍន៍ជនបទ​ សុខុមាលភាព​សហគមន៍​ និង​កសិកម្ម​។​8

​ភាព​ក្រីក្រ​ក្នុង​ទីក្រុង​

​ភាព​ក្រីក្រ​ក្នុង​ទីក្រុង​សំដៅ​ទៅ​លើ​ «​សំណុំ​នៃ​ការ​លំបាក​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទីក្រុង​ឧស្សាហកម្ម​ ហើយ​នោះ​គឺជា​លទ្ធផល​នៃ​ការ​រួម​បញ្ចូល​គ្នា​នៃ​ដំណើរការ​ដូច​ជា​៖​ ការ​បង្កើត​ស្តង់ដារ​រស់នៅ​ប្រកបដោយ​ផាសុកភាព​ ការ​កើនឡើង​នៃ​បុគ្គល​និយម​ ដំណើរការ​នៃ​ការ​បែងចែក​សង្គម​ និង​ការ​ធ្វើ​ឱ្យ​ទីផ្សារ​ការងារ​ទ្វេ​ ដែល​ប្រែ​ទៅ​ជា​ពីរ​ផ្នែក​សង្គម​។​»9​ ទោះបីជា​តំបន់​ទីក្រុង​មាន​កម្រិតជីវភាព​ និង​ប្រាក់​ចំណូល​កាន់តែ​ប្រសើរ​ឡើង​ក៏​ដោយ​ ក៏​ភាព​ក្រីក្រ​នៅ​តែ​មាន​ជា​ពិសេស​បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ អត្រា​នៃ​ភាព​ក្រីក្រ​បាន​ប្រែប្រួល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ​នៅ​ឆ្នាំ​ ២០១២​ វា​លើស​ពី​តំបន់​ផ្សេង​ទៀត​ជា​លើក​ដំបូង​។​10​ គិត​ត្រឹម​ខែមីនា​ ឆ្នាំ​២០២២​ មាន​គម្រោង​ចំនួន​ ៤១​ ដែល​កំពុង​ដំណើរការ​និង​បាន​បញ្ចប់​ក្នុង​ផ្នែក​រៀបចំ​ផែនការ​ទីក្រុង​និង​ការ​គ្រប់គ្រង​ដោយ​ដៃគូ​អភិវឌ្ឍន៍​ដូច​ជា​ធនាគារ​អភិវឌ្ឍ​អាស៊ី​ (ADB)​ គណៈកម្មការ​អឺរ៉ុប​ (EC)/​សហភាព​អឺរ៉ុប​ (EU)​ បារាំង​ ជប៉ុន​ និង​សាធារណរដ្ឋ​កូរ៉េ​ ដើម្បី​ជួយ​ទីក្រុង​ដោះស្រាយ​បញ្ហា​ប្រឈម​ក្រីក្រ​នៅ​ក្នុង​តំបន់​រាជធានី​។​11

​ជំនួយ​សន្តិសុខ​ស្បៀង​

​ខណៈ​ដែល​កម្ពុជា​កំពុង​ឆ្ពោះទៅ​រក​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ សន្តិសុខ​ និង​អាហារូបត្ថម្ភ​គឺជា​វិស័យ​សំខាន់​មួយ​ដែល​នឹង​ជួយ​ក្នុង​ការ​លុប​បំបាត់​ភាព​ក្រីក្រ​ និង​ធានា​មិន​មាន​ភាព​អត់ឃ្លានដូចដែលបានបង្ហាញក្នុង ​(គ​.​អ​.​ច​.​ក​)​ ទី​ ២​ គ្រោះ​អត់ឃ្លាន​ស្មើ​សូន្យ​ផង​ដែរ​។​​ ដើម្បី​បង្កើត​ប្រព័ន្ធ​អាហារ​រួម​បញ្ចូល​ដោយ​ជោគជ័យ​ កម្ពុជា​នៅ​តែ​បន្ត​បើកទ្វារ​សម្រាប់​អ្នក​ពាក់ព័ន្ធ​ និង​ដៃគូ​អភិវឌ្ឍន៍​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ដោយសារ​តែ​ធនធាន​ និង​សមត្ថភាព​នៃ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​នៅ​មាន​កំណត់​។​12

​នៅ​កម្ពុជា​ គ្រួសារ​ប្រហែល​ ១,៧២៦,០០០​ គឺជា​គ្រួសារ​កាន់កាប់​ផ្នែក​កសិកម្ម​ យោង​តាម​ការ​អង្កេត​កសិកម្ម​អន្តរ​ជំរឿន​កម្ពុជា​ឆ្នាំ​ ២០១៩​ (CIAS)​ ហើយ​វិស័យ​កសិកម្ម​មាន​ចំនួន​ ២២%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​(GDP)​ ខណៈ​ដែល​មាន​អ្នកធ្វើការ​ក្នុង​វិស័យ​នេះ​ប្រហែល​ ៣​ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០​។​ ទោះ​យ៉ាងណា​ក៏​ដោយ​ ប្រជាជន​ក្រីក្រ​នឹង​ប្រជាជន​នៅ​ជនបទ​នៅ​តែ​ប្រឈម​មុខ​នឹង​កង្វះ​អាហារូបត្ថម្ភ​មិន​គ្រប់គ្រាន់​។​ ជាង​នេះ​ទៅ​ទៀត​ ការ​ប្រែប្រួល​អាកាសធាតុ​ក៏​បាន​បង្ក​ជា​ការ​គំរាមកំហែង​ដល់​វិស័យ​កសិកម្ម​ និង​ប៉ះពាល់​ដល់​ផលិតផល​ក្នុងស្រុក​សរុប​ (GDP)​ របស់​កម្ពុជា​ផង​ដែរ​ដោយសារ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​ដែល​ងាយ​រង​គ្រោះ​បំផុត​ចំពោះ​អាកាសធាតុ​ខ្លាំង​លើស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​សកល​ (Global​ Climate​ Risk​ Index)​។​13​ អាស្រ័យ​ហេតុនេះ​ ជំនួយ​អភិវឌ្ឍន៍​ពី​ដៃគូ​ក៏​ជួយ​គាំទ្រ​ក្នុង​ការ​បន្ស៊ាំ​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សម្រាប់​កសិករ​ក្នុងស្រុក​ផង​ដែរ​។​ គិត​ត្រឹម​ឆ្នាំ​ ២០២១​ កម្ពុជា​បាន​ទទួល​គម្រោង​ចំនួន​ ៨៦​ ក្នុង​វិស័យ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​ពី​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន​ហើយ​ អង្គការ​ស្បៀងអាហារ​ និង​កសិកម្ម​ (FAO)​ នៅ​តែ​បន្ត​ជា​អ្នក​ផ្តល់​ជំនួយ​កំពូល​ក្នុង​វិស័យ​នេះ​។​14

​គិត​ត្រឹម​ថ្ងៃ​ទី​ ២៣​ ឆ្នាំ​២០២២​ មាន​គម្រោង​ចំនួន​ ១២០​ ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ដៃគូ​អភិវឌ្ឍន៍​ទ្វេភាគី​ និង​ពហុភាគី​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ (​គ​.​អ​.​ច​.​ក​)​ ទី ​២​ គ្រោះ​អត់ឃ្លាន​ស្មើ​សូន្យ​។​15

​ផែនការ​អនាគត​

​ដូចដែល​បាន​រៀបរាប់​ខាងលើ​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​គឺជា​អាទិភាព​ស្នូល​នៅ​ក្នុង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ហើយ​ជា​លទ្ធផល​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ ក្នុង​ឆ្នាំ​ ២០០៧​ អត្រា​នៃ​ភាព​ក្រីក្រ​មាន​ចំនួន​ ៤៧,៨%16​ និង​ ១៩%​ ក្នុង​ឆ្នាំ​ ២០១១17​ និង​បាន​ធ្លាក់​ចុះ​មក​ត្រឹម​ ១៣,៥%​ នៅ​ក្នុង​ឆ្នាំ​ ២០១៤​។​18​ ដោ​យសារ​បញ្ហា​កូ​វី​ដ​-១៩​ អត្រា​ភាព​ក្រីក្រ​បាន​កើន​ដល់​ ១៧,៨%​ ក្នុង​ឆ្នាំ​ ២០២០​។​19​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ការ​រក្សា​អត្រា​នេះ​បាន​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយសារ​ភាព​ក្រីក្រ​កាន់តែ​ពិបាកទៅ​ដល់​។​20​ សកម្មភាព​នា​ពេល​អនាគត​ដែល​អាច​ធ្វើ​ទៅ​បាន​របស់​រដ្ឋាភិបាល​កម្ពុជា​ គឺ​ការ​បង្កើន​ចំណែក​នៃ​ប្រាក់​ចំណូល​ដែល​ទទួល​បាន​ដោយ​អ្នក​ក្រីក្រ​បំផុត​ ២០%​ និង​កែ​លម្អ​អាហារូបត្ថម្ភ​។​ នេះ​តម្រូវ​ឱ្យប្រាក់​ចំណូល​របស់​ជន​ក្រីក្រ​កើនឡើង​តាម​សមាមាត្រ​ទៅ​នឹង​ក្រុម​ផ្សេង​ទៀត​ និង​ការ​អន្តរាគមន៍​បន្ថែម​ទៀត​ដើម្បី​គាំទ្រ​ដល់​ជំនួយ​សង្គម​ ការ​ផ្តល់​អាហារ​បន្ថែម​ វិធានការ​សុខភាព​សាធារណៈការ​ចិញ្ចឹម​សាលារៀន​។​ល​។​21

នៅ​ឆ្នាំ​ ២០២១​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញផ្សាយ​នូវ​ផែនទី​បង្ហាញផ្លូវ​របស់​កម្ពុជា​សម្រាប់​ប្រព័ន្ធ​ស្បៀងអាហារ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​ ២០៣០​ ដែល​ដាក់​ចេញ​នូវ​ទិដ្ឋភាព​សំខាន់ៗ​ចំនួន​បួន​ដូច​ជា​ របប​អាហារ​ដែល​មាន​សុខភាព​ល្អ​សម្រាប់​ទាំងអស់​គ្នា​ ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​យុវជន​ ស្ត្រី​ និង​ជន​ងាយ​រង​គ្រោះ​ ជីវភាព​រស់​រវើក​ និង​ប្រព័ន្ធ​អាហារ​ធន់​ និង​អភិបាលកិច្ច​សម្រាប់​។​ ប្រព័ន្ធ​អាហារ​ដែល​រួម​បញ្ចូល​កាន់តែ​ច្រើន​។​ ទន្ទឹម​នឹង​នោះ​ ពី​ភាគី​ដៃគូ​អភិវឌ្ឍន៍​មាន​គម្រោង​កើន​ឡើងជា​ច្រើន​ដែល​ត្រូវ​បាន​គ្រោងទុក​សម្រាប់​ឆ្នាំ​ខាង​មុខ​ ទាំង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​។​22

ទាក់ទងនឹងការ​អភិវឌ្ឍ​ និង​ជំនួយ​សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​សន្តិសុខ​ស្បៀង​

ឯកសារយោង

  1. 1. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​២០១៩-២០២៣,»​ ទំព័រ​ ២៧,​ ២០១៩,​ បាន​ចូល​អាន​ខែកុម្ភៈ​ ឆ្នាំ​២០២២​។​
  2. 2. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ (២០១៦-២០៣០),»​ ទំព័រ​ ១៦,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  3. 3. ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​ប្រតិបត្តិការ​និង​សន្តិភាព​,​ «​វិធីសាស្ត្រ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំពោះ​ការ​អភិវឌ្ឍ​សហគមន៍​នៅ​តាម​ជនបទ​កម្ពុជា​,»​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  4. 4. ​ធនាគារពិភពលោក​,​ «​កម្ពុជា​៖​ ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ការ​ចែករំលែក​វិបុលភាព​,»​ ថ្ងៃ​ទី​ ២៩​ ខែតុលា​ ឆ្នាំ​២០១៩,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  5. 5. ​អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​,​ «​ការ​ពិនិត្យ​ប្រព័ន្ធ​គាំពារ​សង្គម​កម្ពុជា​,»​ ទំព័រ​ ១២១,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  6. 6. គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «របាយការណ៏ស្តីពីប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏និងភាពជាដៃគូរនៅកម្ពុជា,» ទំព័រ ១៩, មីនា ២០២០, បានចូលអានខែមីនា ២០២២។
  7. 7. គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «របាយការណ៍មូលដ្ឋានទិន្នន័យ ODA កម្ពុជាឆ្នាំ២០២១,» បានចូលអានខែមីនា ឆ្នាំ២០២២។
  8. 8. គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «របាយការណ៏ស្តីពីប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៏និងភាពជាដៃគូរនៅកម្ពុជា,» ទំព័រ ២៨-២៩, មីនា ២០២០, បានចូលអានខែមីនា ២០២២។
  9. 9. ​ Ana​ Belén​ Cano-Hila,​ «​ភាព​ក្រីក្រ​ក្នុង​ទីក្រុង​,»​ ថ្ងៃ​ទី​ ១៥​ ខែតុលា​ ឆ្នាំ​២០២០,​ បាន​ចូល​អាន​ខែមេសា​ ឆ្នាំ​២០២២​។​
  10. 10. ​អង្គការ​សម្រាប់​ការ​អភិវឌ្ឍ​ និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច​,​ «​ការ​ពិនិត្យ​ប្រព័ន្ធ​ការពារ​សង្គម​កម្ពុជា​,»​ ទំព័រ​ ១២១,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  11. 11. ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​របាយការណ៍​មូលដ្ឋាន​ទិន្នន័យ​ ODA​ កម្ពុជា​ឆ្នាំ​ ២០២១,»​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  12. 12. ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​សង្ខេប​អំពី​ប្រទេស​កម្ពុជា​,»​ ទំព័រ​ ៥,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  13. 13. GermanWatch,​ «​ស​ន្ទ​ស្សន៍​ហានិភ័យ​នៃ​អាកាសធាតុ​សកល​ឆ្នាំ​២០២១៖​ តើ​អ្នក​ណាខ្លះ​ដែល​រង​គ្រោះ​បំផុត​ពី​ព្រឹត្តិការណ៍​អាកាសធាតុ​ខ្លាំង​បំផុត​?​ ព្រឹត្តិការណ៍​ការ​បាត់បង់​ដែល​ទាក់ទង​នឹង​អាកាសធាតុ​ក្នុង​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០០០​ ដល់​ឆ្នាំ​២០១៩,»​ ខែមករា​ ឆ្នាំ​២០២១,​ បាន​ចូល​អាន​ខែកុម្ភៈ​ ឆ្នាំ​២០២២​។​
  14. 14. ​គណៈកម្មាធិការ​នីតិសម្បទា​ និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​,​ «​របាយការណ៍​មូលដ្ឋាន​ទិន្នន័យ​ ODA​ កម្ពុជា​ឆ្នាំ​២០២១,»​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  15. 15. គណៈកម្មាធិការ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា, «របាយការណ៍មូលដ្ឋានទិន្នន័យ ODA កម្ពុជាឆ្នាំ២០២១,» បានចូលអានខែមីនា ឆ្នាំ២០២២។
  16. 16. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​របាយការណ៍​វឌ្ឍនភាព​ឆ្នាំ​២០១៩​នៃ​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ ២០១៦-២០៣០,»​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  17. 17. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៩-២០២៣,»​ បាន​ចូល​អាន​ខែកុម្ភៈ​ ឆ្នាំ​២០២២​។​
  18. 18. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​២០១៩-២០២៣,»​ ទំព័រ​ ១,​ បាន​ចូល​អាន​ខែកុម្ភៈ​ ឆ្នាំ​២០២២​។​
  19. 19. ​នៅ​ ស៊ី​វុ​ត្ថា​,​ «​ក្រសួងផែនការ​កែសម្រួល​តួលេខ​បន្ទាត់​ភាព​ក្រីក្រ​,»​ ភ្នំពេញ​ប៉ុ​ស្តិ៏​,​ បាន​ចូល​អាន​ខែមេសា​ ឆ្នាំ​២០២២​។​
  20. 20. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ (២០១៦-២០៣០),»​ ទំព័រ​ ១៦,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  21. 21. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ «​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​ (២០១៦-២០៣០),»​ ទំព័រ​ ២៧,​ បាន​ចូល​អាន​ខែមីនា​ ឆ្នាំ​២០២២​។​
  22. 22. គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, «របាយការណ៍មូលដ្ឋានទិន្នន័យ ODA កម្ពុជាឆ្នាំ២០២១,» បានចូលអានខែមីនា ឆ្នាំ២០២២។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

3eTFv
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!