គោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

បន្ទាប់​ពី​ការ​បោះ​ឆ្នោតជាតិ​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៩៣​ រដ្ឋាភិបាល​បាន​រៀបចំ​ និង​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​មីក្រូ​ និង​ម៉ាក្រូសេដ្ឋកិច្ច​ ព្រមទាំង​កម្មវិធី​កំណែទម្រង់​រចនាសម្ព័ន្ធ​ដើម្បី​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​កម្ពុជា​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​ក៏​ដូច​ជា​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​។​1​ ក្នុង​រយៈពេល​ពីរ​ទស​វត្ស​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នោះ​ ប្រទេស​កម្ពុជា​ទទួល​បាន​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​គួរ​ឱ្យ​កត់សម្គាល់​ដោយ​ផលិតផល​ក្នុងស្រុក​សរុប​ (​ផសស​)​ របស់​ខ្លួន​បាន​កើន​ឡើងជា​មធ្យម​ ៧,៦%​ ក្នុង​មួយ​ឆ្នាំ​ចន្លោះ​ឆ្នាំ​ ១៩៩៥​ និង​២០១៤​។​2

​ជាក់ស្តែង​ទិស​ដៅ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ដឹកនាំ​ដោយ​ផែនការ​សេដ្ឋកិច្ចជាតិ​ និង​គោលដៅ​សេដ្ឋកិច្ច​សង្គម​។​ កម្មវិធី​សម្រាប់​ ៥​ ឆ្នាំ​ដំបូង​នៃ​ការ​ស្តារ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​គឺ​នៅ​ឆ្នាំ​ ១៩៨៦-១៩៩០​ ដែល​បាន​ផ្តល់​អាទិភាព​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការ​កសាង​ឡើង​វិញ​ផ្សេងៗ​។​3 កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​តាម​កម្មវិធី​ជាតិ​ឆ្នាំ​ ១៩៩៤​ ដើម្បី​ស្តារ​ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ​។​ វា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​កម្មវិធី​ជាតិ​ពេញលេញ​ដំបូង​គេ​បង្អស់​ ដែល​បាន​ផ្តល់​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​រយៈពេល​វែង​ ហើយ​វា​បាន​ក្លាយជា​ក្របខ័ណ្ឌ​សម្រាប់​ផែនការ​ជាតិ​ជា​បន្តបន្ទាប់​ទៀត​។​ ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​លើក​ទី​មួយ​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​ឆ្នាំ​ ១៩៩៦-២០០០​ ដែល​គាំទ្រ​ដោយ​កម្មវិធី​វិនិយោគសាធារណៈ​ដែល​ជា​កម្មវិធី​វិនិយោគ​រំកិល​ ៣​ ឆ្នាំ​។​4​ បន្ទាប់​ពី​កម្មវិធី​នេះ​ ចក្ខុវិស័យ​ និង​ផែនការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​លើក​ដំបូង​5​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត​តាម​ ក្នុង​នោះ​ក៏​រួម​មានការ​អនុម័ត​ទៅ​លើ​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ដែល​បាន​ចងក្រង​ឡើង​នៅ​ចុងឆ្នាំ​ ២០០២​ ផង​ដែរ​។​6

​រូបភាព​ទេសភាព​នៃ​ទីក្រុងភ្នំពេញ។​ រូបថត​ដោយ: អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍ, ថតនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ ២០២១ អាជ្ញាប័ណ្ណ CC BY-SA 4.0.

​ចាប់តាំងពី​ឆ្នាំ​ ២០០៤​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (NSDPs)​ ត្រូវ​បាន​អនុវត្ត​យោង​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​កំណើន​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​។​ យុទ្ធសាស្ត្រ​ចតុកោណ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជា​ទៀងទាត់​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​ជា​ក្របខ័ណ្ឌ​ណែនាំ​របស់​ជាតិ​។​ យុទ្ធសាស្ត្រ​ចតុកោណ​តំណាង​ឱ្យ​របៀបវារៈ​គោលនយោបាយ​សេដ្ឋកិច្ច​នៃ​វេទិកា​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្នែក​មួយ​នៃ​ក្រប​ខណ្ឌ​គោលនយោបាយ​ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ ស៊ីសង្វាក់​ និង​ប្រទាក់ក្រឡា​គ្នា​ទៅ​វិញ​ទៅ​មក​។​7 នៅ​ក្នុង​នេះ​ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បាន​សង្កត់ធ្ងន់​លើ​អភិបាលកិច្ច​ល្អ​ ដែល​ត្រូវ​បាន​ចាត់​ថា​ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ ក៏​ដូច​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អនុវត្ត​ផ្សេងៗ​ទៅ​លើ​សមតុល្យ​ម៉ាក្រូសេដ្ឋកិច្ច​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ ថវិកា​ និង​អតិផរណា​ ក៏​ដូច​ជា​ការ​ជំរុញ​កំណើន​ និង​ការ​ធ្វើ​ពិពិធ​កម្ម​។​8​ ក្នុង​នោះ​គោលបំណង​ចម្បង​គឺ​ដើម្បី​ធានា​បាន​នូវ​គុណភាព​ជីវិត​ល្អ​ប្រសើរ​សម្រាប់​ប្រជាជន​កម្ពុជា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ និង​ផ្អែក​លើ​ច្បាប់​។​9

​ជា​ការ​ពិត​ណាស់​ ប្រទេស​កម្ពុជា​ប្តេជ្ញា​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០​ និង​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​។​ ដូចនេះ​ គោលនយោបាយ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ចេញ​ ដើម្បី​ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ដែល​ស្ថិត​នៅ​ក្នុង​រង្វង់​កំណើនសេដ្ឋកិច្ច​ ៧%​ ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ពង្រីក​មូលដ្ឋាន​កំណើន​ និង​លើកកម្ពស់​ការ​ប្រកួតប្រជែង​ ខណៈ​ពេល​ដែល​រក្សា​សេ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​10​ និង​លើកកម្ពស់​ការ​បង្កើត​គោលនយោបាយ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ត្រឹមត្រូវ​។​11

​គោលនយោបាយ​សារពើពន្ធ​

​គោលនយោបាយ​សារពើពន្ធ​សំដៅ​ទៅ​លើ​ការ​ចាត់ចែង​លើ​ការ​ចំណាយ​ និង​ប្រមូល​ពន្ធ​របស់​រដ្ឋាភិបាល​សំដៅលើ​ការ​ដឹកនាំ​ចង្កូត​សេដ្ឋកិច្ចជាតិ​។​12 តួយ៉ាង​ ជា​ទូទៅ​រដ្ឋាភិបាល​ប្រើប្រាស់​គោលនយោបាយ​សារពើពន្ធ​នេះ​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​មាន​លក្ខណៈ​រឹង​មាំ​ និង​ចីរភាព​ ព្រមទាំង​កាត់​បន្ថយ​ភាព​ក្រីក្រ​។​ ជាក់ស្តែង​ នៅ​ប្រទេស​កម្ពុជា​គោលនយោបាយ​សារពើពន្ធ​គឺជា​ឧបករណ៍​គន្លឹះ​សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​ កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​ផ្តល់​នូវ​ការ​ជំរុញ​ខាង​ផ្នែក​តម្រូវការ​រយៈពេល​ខ្លី​ក្នុង​បរិបទ​សេដ្ឋកិច្ច​ដុល្លារ​រូប​នី​យ​កម្ម​ខ្ពស់​។​13​ លើស​ពី​នេះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ផ្តោត​សំខាន់​លើ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ប្រកបដោយ​មហិច្ឆតា​ (PFMRP)​ ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០០៤​។​  ក្នុង​នោះ​ ដំណាក់កាល​ដំបូង​ផ្តោត​ជា​ពិសេស​ទៅ​លើ​ការ​កសាង​ភាព​ជឿជាក់​លើ​ថវិកា​ និង​ដំណាក់កាល​បន្ទាប់​ផ្តោត​លើ​ការ​រៀបចំ​គណនេយ្យ​ភាព​ហិរញ្ញវត្ថុ​។​14

​ក្នុង​ការ​អនុវត្ត​កម្មវិធី​កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​នេះ​ គោលបំណង​ចំនួន​ពីរ​ត្រូវ​បាន​ដាក់​ចេញ​ ដូច​ជា​៖

  • ធ្វើ​ស​និទាន​កម្ម​ការ​ចំណាយ​ដោយ​ផ្អែក​លើ​គោលការណ៍​តម្លាភាព​ គណនេយ្យ​ភាព​ និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ និង​
  • ​ដើម្បី​កែ​លំអ​ការ​ធ្វើ​សវន​កម្ម​ និង​លទ្ធកម្ម​សាធារណៈ​ដោយ​ផ្តល់​អាទិភាព​ដល់​ការ​ចំណាយ​ផ្នែក​សេដ្ឋកិច្ច​ និង​សង្គម​ ព្រមទាំង​ការ​វិនិយោគសាធារណៈ​ ជា​ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត​។​15

​ទន្ទឹម​នេះ​ ប្រតិបត្តិការ​ថវិកា​ទាំង​ផ្នែក​ចំណូល​ និង​ចំណាយ​ត្រូវ​តែ​ប្រតិបត្តិ​ស្រប​តាម​បទដ្ឋាន​ និង​នីតិវិធី​ដែល​បាន​បង្កើត​ឡើង​។​16

​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​កែ​លំអ​ការ​ប្រមូល​ពន្ធ​ និង​ចំណូល​មិនមែន​ពន្ធ​រួម​មានការ​អនុវត្ត​យ៉ាង​តឹង​រឹង​នៃ​ច្បាប់​ស្តី​ពី​ពន្ធដារ​ ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ និង​ការ​គេចពន្ធ​ និង​ការ​រុះរើ​វប្បធម៌​លើកលែង​ពន្ធ​ដែល​មិន​ចាំបាច់​។​ ទន្ទឹម​នឹង​នេះ​រដ្ឋាភិបាល​បាន​ក៏​ប្តេជ្ញា​ចិត្ត​ពង្រីក​មូលដ្ឋាន​ពន្ធ​ ពង្រឹង​រដ្ឋបាល​ពន្ធគយ​ និង​ការ​គ្រប់គ្រង​តឹង​រឹង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​ រួម​មានទ្រព្យ​សម្បត្តិ​រូបី​ និង​អរូបី​ សហគ្រាស​រដ្ឋ​ និង​ការ​បណ្តាក់ទុន​រួម​គ្នា​ផ្សេងៗ​។​17

​ដោយសារ​ការ​ធ្វើ​កំណែទម្រង់រដ្ឋបាល​ពន្ធ​ជា​បន្តបន្ទាប់​ កម្ពុជា​អាច​ជំរុញ​ការ​ប្រមូល​ចំណូល​បាន​យ៉ាងច្រើន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​ ចាប់តាំងពី​ឆ្នាំ​ ២០០៨​ ក្នុង​ចំណោម​កំណែទម្រង់​ផ្សេង​ទៀត​ដែល​មាន​ អគ្គនាយកដ្ឋាន​ពន្ធគយ​ និង​រដ្ឋាករ​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​សម្រាប់​ទិន្នន័យ​ផ្ទាល់ខ្លួន​ (ASYCUDA)​ ក៏​ដូច​ជា​ការ​ពង្រឹង​វិធានការ​ប្រឆាំង​ការ​រត់ពន្ធ​ផ្សេងៗ​។​18​ ថ្មីៗ​នេះ​ដែរ​ នៅ​ក្នុង​បរិបទ​នៃ​យុទ្ធសាស្ត្រ​ជំរុញ​ការ​កៀរគរ​ចំណូល​សម្រាប់​ឆ្នាំ​ ២០១៤-២០១៨​ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ បាន​សង្កត់ធ្ងន់​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ឆ្ពោះទៅ​រក​របប​ពន្ធ​ពិត​ ហើយ​បាន​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សវន​កម្ម​ពន្ធ​ និង​សេវាកម្ម​ពន្ធ​ដែល​នាំ​ឱ្យ​មានការ​គោរព​តាម​បាន​ល្អ​ប្រសើរ​។​19

​គោលនយោបាយ​រូបិយ​វត្ថុ​

​គោលនយោបាយ​រូបិយ​វត្ថុ​នៅ​កម្ពុជា​ត្រូវ​បាន​កំណត់​ និង​អនុវត្ត​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​ជា​អាជ្ញាធរ​រូបិយ​វត្ថុ​របស់​ប្រទេស​។​ បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ គឺ​ដើម្បី​រក្សា​ស្ថេ​រ​ភាព​តម្លៃ​ និង​អភិវឌ្ឍ​ ព្រមទាំង​ទ្រទ្រង់​វិស័យ​ហិរញ្ញវត្ថុ​ឱ្យ​មាន​ស្ថេ​រ​ភាព​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ តាម​រយៈ​ការ​កៀរគរ​ធនធាន​ប្រកបដោយ​ប្រសិទ្ធភាព​ ការ​អភិវឌ្ឍ​វិស័យ​ឯកជន​ ការ​បង្កើត​ការងារ​ ក៏​ដូច​ជា​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ (FDI)​។​20

​តាម​រយៈ​ការ​បង្កើត​ឡើង​ដោយ​ប្រុង​ប្រយ័ត្ន​នៃ​គោលនយោបាយ​រូបិយ​វត្ថុ​ កម្រិត​អតិផរណា​ត្រូវ​បាន​គ្រប់គ្រង​ក្នុង​អត្រា​ទាប​ ជាមួយនឹង​អត្រា​ប្រចាំឆ្នាំ​តិច​ជាង​ ៥%​ ដែល​ជា​កម្រិត​ទូទៅ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​សម​ស្រប​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។​ ទោះជា​យ៉ាងណា​ក្តី​ នៅ​ក្នុង​បរិបទ​នៃ​សេដ្ឋកិច្ច​ដុល្លារ​រូប​នី​យ​កម្ម​ខ្ពស់​ ធនាគារជាតិ​នៃ​កម្ពុជា​មាន​ឧបសគ្គ​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​រូបិយ​វត្ថុ​ប្រកបដោយ​ប្រសិទ្ធភាព​។​2122​ បច្ចុប្បន្ន​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​សម្រេច​បាន​នូវ​ស្ថេ​រ​ភាព​តម្លៃ​ គឺ​ផ្អែក​លើ​ការ​កំណត់​អត្រា​ការ​ប្រាក់​បម្រុង​ និង​ការ​ធ្វើ​អន្តរាគមន៍​ប្តូរ​ប្រាក់​បរទេស​នៅ​ក្នុង​ទីផ្សារ​។​ ទន្ទឹម​នឹង​នេះ​ ធនាគារជាតិ​នៃ​កម្ពុជា​កំពុង​បង្កើត​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​បន្ថែម​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយ​វត្ថុ​ តាម​រយៈ​ការ​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ប្រាក់​បញ្ញើ​ដែល​អាច​ចរចា​បាន​ (NCDs)​ ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​ និង​ទីផ្សារ​រូបិយ​វត្ថុ​ និង​ការ​ជំរុញ​ការ​ប្រើប្រាស់​ក្រដាស់ប្រាក់​រៀល​ជាដើម​។​23

​គោលនយោបាយ​អត្រា​ប្តូរ​ប្រាក់​ក៏​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ឧបករណ៍​គន្លឹះ​មួយ​នៅ​ក្នុង​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​គោលបំណង​គឺ​ដើម្បី​សម្រេច​បាន​នូវ​ស្ថេ​រ​ភាព​តម្លៃ​។​ តាម​រយៈ​ការ​អនុវត្ត​របប​អណ្តែត​ទឹក​ដែល​បាន​គ្រប់គ្រង​ NBC​ មាន​សមត្ថភាព​ធ្វើ​អន្តរាគមន៍​ក្នុង​ទីផ្សារ​ប្តូរ​ប្រាក់​បរទេស​ដើម្បី​រក្សា​អត្រា​ប្តូរ​ប្រាក់​ស្រប​តាម​គោលដៅ​ដែល​បាន​កំណត់​។​24

​លើស​ពី​នេះ​ ប្រាក់​បម្រុង​កាត​ព្ច​កិច្ច​ក៏​ជា​ឧបករណ៍​គោលនយោបាយ​រូបិយ​វត្ថុ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​គ្រប់គ្រង​ល្បឿន​នៃ​កំណើន​ឥណទាន​។​ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស​ (​ដុល្លារ​អា​មេ​រិ​ក​)​ និង​រូបិយប័ណ្ណ​ក្នុងស្រុក​បច្ចុប្បន្ន​ត្រូវ​បាន​អនុវត្ត​ខុស​គ្នា​។​ អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច​សម្រាប់​រូបិយប័ណ្ណ​បរទេស​ និង​រូបិយប័ណ្ណ​ក្នុងស្រុក​ត្រូវ​បាន​កំណត់​ ១២,៥%​ និង​ ៨%​ រៀងៗ​ខ្លួន​។​ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តល់​អត្រា​ការ​ប្រាក់​លើ​ប្រាក់​បម្រុង​កាតព្វកិច្ច​ចំនួន​ ៤,៥%​ នៃ​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​បរទេស​ ខណៈ​ ៨%​ ដែល​នៅ​សល់​មិន​ត្រូវ​បាន​ផ្តល់​ជា​ការ​ប្រាក់​អ្វី​ឡើយ​ ហើយ​ខណៈ​ពេល​ដែល​ការ​ប្រាក់​មិន​ត្រូវ​បាន​ផ្តល់​ជូន​ផង​ដែរ​សម្រាប់​ប្រាក់​បម្រុង​កាតព្វកិច្ច​ជា​រូបិយប័ណ្ណ​រៀល​។​25

​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​

​កសិកម្ម​

​គោលនយោបាយ​កសិកម្ម​របស់​រដ្ឋាភិបាល​កម្ពុជា​ គឺ​ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម​ និង​ការ​ធ្វើ​ពិពិធ​កម្ម​ តាម​រយៈ​ធ្វើ​ឱ្យ​វិស័យ​កសិកម្ម​ដើរតួ​ជា​កម្លាំង​ជំរុញ​សម្រាប់​កំណើនសេដ្ឋកិច្ច​ និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​។​26 កសិកម្ម​គឺជា​វិស័យសេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ ហើយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​ទិន្នផល​ទៅ​លើ​វិស័យ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​កំណើន​បរិ​យា​បន្ន​សេដ្ឋកិច្ច​ ពីព្រោះ​ចំនួន​កម្លាំង​ពលកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ស្ថិត​នៅ​ក្នុង​វិស័យ​នេះ​។​27 ក្នុង​ន័យ​នេះ​ ការ​ផ្លាស់​ប្តូរ​ទិស​ដៅ​ពី​ការ​ពង្រីក​ដី​កសិកម្ម​ ឬ​វិបុល​វប្បកម្ម​ ទៅ​ជា​ការ​ពង្រីក​ផលិតភាព​កសិកម្ម​ ឬ​ប្រពលវប្បកម្ម​កសិកម្ម​ ជា​ពិសេស​ដោយ​ការ​បង្កើន​ទិន្នផល​ដោយ​ប្រើ​ដី​ដែល​មាន​ស្រាប់​តាម​រយៈ​ការ​ពង្រឹង​ឲ្យ​បាន​កាន់តែ​ខ្លាំង​ទៅ​លើ​ការ​ដាំ​ដុះ​ បាន​នឹង​កំពុង​ក្លាយជា​អាទិភាព​កំពូល​របស់​រដ្ឋាភិបាល​កម្ពុជា​។​28

ផែនទីប្រព័ន្ធអេកូឡូស៊ីស្រូវ និងដីដាំដំណាំនៅក្នុងប្រទេសកម្ពុជា

​កាលពី​ពេល​កន្លង​ទៅ​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ (MAFF)​ បាន​ដាក់​ចេញ​គោលនយោបាយ​ផ្សព្វផ្សាយ​កសិកម្ម​ ដើម្បី​ធានា​ថា​កសិករ​ និង​សហគមន៍​របស់​ពួក​គេ​អាច​ទទួល​បាន​នូវ​ចំណេះដឹង​ ជំនាញ​ និង​បច្ចេកទេស​កសិកម្ម​កាន់តែ​ប្រសើរ​ឡើង​។​ លើស​ពី​នេះ​រដ្ឋាភិបាល​ក៏​បាន​ណែនាំ​ផង​ដែរ​នូវ​ឯកសារ​គោលនយោបាយ​ស្តី​ពី​ការ​ជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការ​នាំ​ចេញ​អង្ករ​។​ ជា​លទ្ធផល​ បរិមាណ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​កើនឡើង​ប្រមាណ​ជា​ ៦៧%​ ក្នុង​រយៈពេល​ ៥​ ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​ ២០១៤​ ដល់​ឆ្នាំ​ ២០១៨​។​29

​ទេសចរណ៍​

​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទិស​ដៅ​ទេសចរណ៍វប្បធម៌​ និង​ធម្មជាតិ​ដ៏​ល្បីល្បាញ​មួយ​។​3031 វិស័យ​ទេសចរណ៍​មានការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ និង​បាន​រួមចំណែក​ដល់​ជាង​ ១០%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ជាតិ​ (​ផសស​)​ ក្នុង​ទស​វត្ស​ឆ្នាំ​ ២០០០​។​ ក្នុង​នោះ​ វា​ត្រូវ​បាន​កំណត់​ថា​ជា​វិស័យ​អាទិភាព​កំពូល​ ហើយ​ថែម​ទាំង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ “​មាស​បៃតង​”​ ពីព្រោះ​វា​មិន​ត្រឹមតែ​បង្កើត​ឱកាស​ការងារ​ លើកកម្ពស់​ជីវភាព​ប្រជាជន​ និង​បង្កើត​ប្រាក់​ចំណូល​ជាតិ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​បាន​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ក្នុងស្រុក​ និង​បរទេស​ ក៏​ដូច​ជា​លំហូរ​រូបិយប័ណ្ណ​អន្តរជាតិ​ផង​ដែរ​។​ទាំង​អស់នេះ​បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​កម្ពុជា​ទាំងមូល​។​3233

​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​អាទិភាព​ក្នុង​វិស័យ​នេះ​ ដូច​ជា​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ឆ្នាំ​ ២០១២-២០២០​ ជាដើម​។​ ផែនការ​នេះ​បាន​ដាក់​ចេញ​នូវ​ចក្ខុវិស័យ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ តាម​រយៈ​យុទ្ធសាស្ត្រ​ជា​ច្រើន​រួម​មានការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ ធ្វើ​ទីផ្សារ​ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ ការ​សម្រប​សម្រួលការ​ធ្វើ​ដំណើរ​ ការ​ដឹក​ជញ្ជូន​ ការ​គ្រប់គ្រង​ផល​ប៉ះពាល់​ទេសចរណ៍​ សុវត្ថិភាព​ បទ​ប្បញ្ញត្តិ​ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​។​34​ ក្រសួងទេសចរណ៍​ក៏​មាន​កាតព្វកិច្ច​អនុវត្ត​គោលនយោបាយ​ផ្សេង​ទៀត​ផង​ដែរ​ ក្នុង​ការ​ធានា​នូវ​កំណើន​ និង​និរន្តរភាព​នៃ​វិស័យ​ទេសចរណ៍​ ជំរុញ​ការ​វិនិយោគ​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែម​ទៀត​ ក៏​ដូច​ជា​លើកទឹកចិត្ត​ដល់​ចលនា​ប្រកួតប្រជែង​ ទីក្រុង​ស្អាត​ រមណីយដ្ឋាន​ស្អាត​ សេវាកម្ម​ល្អ​,​ បដិសណ្ឋារកិច្ច​ល្អ​ និង​ចលនា​កម្ពុជា​ស្អាត​រួម​គ្នា​ ជាមួយនឹង​ការ​ពង្រឹង​ឧស្សាហ​កម្មវិស័យ​ទេសចរណ៍​ផ្សេងៗ​ទៀត​ស្ថិត​នៅ​ក្រោម​ស្លាក​ សេវាកម្ម​មួយ​ ស្តង់ដារ​មួយ​។​3536

​ឧស្សាហកម្ម​

​នៅ​ចុង​ទស​វត្ស​ឆ្នាំ​ ១៩៩០​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ឧស្សាហកម្ម​ ឆ្នាំ​ ១៩៩៨-២០០៣​ ដែល​មាន​គោលដៅ​សំខាន់​ពីរ​ គឺ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​តម្រង់​ទិស​ដៅ​នាំ​ចេញ​ និង​ការ​អភិវឌ្ឍ​ផលិតកម្ម​ជំនួស​ការ​នាំ​ចូល​ទំនិញប្រើប្រាស់​ដែល​បាន​ជ្រើសរើស​។​ ផែនការ​ដាក់​ចេញ​ឡើង​ផ្អែក​លើ​ការ​ទទួលស្គាល់​ថា​ កត្តា​ជំរុញ​កំណើន​ដូច​ជា​កសិកម្ម​ ទេសចរណ៍​ ផលិតកម្ម​កាត់ដេរ​ និង​សំណង់​ នឹង​មិន​អាច​ធានា​បាន​នូវ​កំណើន​ខ្ពស់​ក្នុង​រយៈពេល​វែង​នោះ​ទេ​។​37

​ជាមួយ​គោលដៅ​ដូច​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​បាន​បន្ត​រដាក់​ចេញ​ផែនការអភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥​ ដើម្បី​រក្សា​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​និរន្តរភាព​ និង​បរិ​យា​បន្ន​ តាម​រយៈ​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​លើកកម្ពស់​ផលិតភាព​។​ គោលដៅ​នេះ​ធ្វើ​ឡើង​ផ្អែក​លើ​ការ​យល់​ដឹង​អំពី​ការ​ផ្លាស់​ប្តូរ​រចនាសម្ព័ន្ធ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្នុងស្រុក​ និង​ប្រជាសាស្ត្រ​ ក៏​ដូច​ជា​ការ​កើនឡើង​នៃ​ការ​ប្រកួតប្រជែង​ និង​ភាព​ងាយ​រង​គ្រោះ​របស់​កម្ពុជា​ទៅ​នឹង​វិបត្ដិ​ខាងក្រៅ​ផ្សេងៗ​។​38

​រដ្ឋាភិបាល​បាន​នឹង​កំពុង​កំណត់​ និង​គាំទ្រ​ប្រភព​សក្តានុពល​នៃ​កំណើន​ថ្មី​ទាំង​ផ្នែក​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​ និង​ថ្មី​ ដោយ​ផ្អែក​លើ​ការ​អនុវត្ត​ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​ឆ្នាំ​ ២០១៥-២០២៥​ នេះ​។​ ជាក់ស្តែង​ ផែនការ​អភិវឌ្ឍ​ឧស្សាហកម្ម​នេះ​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង​ ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រតិបត្តិការ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZs)​ រៀបចំ​ផែនការមេ​សម្រាប់​វិស័យ​ទេសចរណ៍​ អភិវឌ្ឍ​សេវាកម្ម​កម្សាន្ត​ និង​ជំរុញ​ការ​អភិវឌ្ឍ​លើ​ធនធានធម្មជាតិ​នៅ​ក្នុង​វិស័យ​ដូច​ជា​ឧស្សាហកម្ម​ប្រេង​ និង​ឧស្ម័ន​ជាដើម​។​39

ផែនទីទីតាំងតំបន់សេដ្ឋកិច្ចពិសេស និងប្លុកប្រែង និងឧស្ម័ននៅកម្ពុជា

​ក្នុង​នោះ​ដែរ​ ការ​លើកលែង​ពន្ធ​ត្រូវ​បាន​ផ្តល់​ជូន​លើ​ទំនិញ​អន្តរការី​នាំ​ចូល​ និង​លើ​ការ​នាំ​ចេញ​ទំនិញ​សម្រេច​។​40 ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​វិនិយោគ​ ក្នុង​គោលបំណង​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ ដោយ​បង្កើត​ភាព​បើកចំហ​ និង​បរិយាកាស​អំណោយផល​សម្រាប់​វិនិយោគិន​ ឧទាហរណ៍​ការ​ការពារ​ឯកសិទ្ធិ​ និង​ផលប្រយោជន៍​របស់​វិនិយោគិន​។​41

​ការ​គាំទ្រ​លើ​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​

​វិស័យ​ឯកជន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​ ហើយ​រដ្ឋាភិបាល​កម្ពុជា​បាន​ដើរតួ​នាទី​ជា​អ្នក​បង្កើត​យុទ្ធសាស្ត្រ​ តួយ៉ាង​ដូច​ជា​ការ​បង្កើត​បរិយាកាស​អំណោយផល​ដល់​សហគ្រាស​ឯកជន​ និង​លើកកម្ពស់​ដំណើរការ​អភិវឌ្ឍន៍​ផ្សេងៗ​ជាដើម​។​4243​ រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​យន្តការ​វេទិកា​រដ្ឋាភិបាល​ និង​វិស័យ​ឯកជន​ (Government-Private​ Sector​ Forum)​ ដើម្បី​បង្កើត​ជា​វេទិកា​សម្រាប់​វិស័យ​ឯកជន​ដើម្បី​ពិភាក្សា​ និង​លើក​ឡើង​នូវ​ក្តី​កង្វល់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការ​អភិវឌ្ឍ​របស់​ពួក​គេ​។​ គោលបំណង​នៃ​វេទិកា​គឺ​ដើម្បី​ពង្រឹង​ និង​ជួយ​ដល់​វិស័យ​ឯកជន​ឱ្យ​កាន់តែ​មាន​ផលិតភាព​ និង​បម្រើ​ជា​ក្បាលម៉ាស៊ីន​ សម្រាប់​កំណើនសេដ្ឋកិច្ច​។​ លើស​ពី​នេះ​ រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំទ្រ​ផ្សេង​ទៀត​ដូច​ជា​ការ​ធ្វើ​សមា​ហ​រ័​ណ​កម្ម​ចូល​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ និង​ពង្រឹង​ក្របខ័ណ្ឌ​ច្បាប់​សម្រាប់​សហគ្រាស​ឯកជន​។​ ជាក់ស្តែង​ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ បទ​ប្បញ្ញត្តិ​ និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ធុរកិច្ច​ ពាណិជ្ជកម្ម​ និង​ការ​វិនិយោគឯកជន​ ព្រមទាំង​ការ​លើកទឹកចិត្ត​ឱ្យ​មានការ​ប្រកួតប្រជែង​ដោយ​យុត្តិធម៌​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​ជា​ដៃគូ​ប្រកបដោយ​ផ្លែផ្កា​រវាង​វិស័យ​ឯកជន​ និង​វិស័យ​សាធារណៈ​។​44

​គោលនយោបាយ​សំខាន់​មួយទៀត​របស់​រដ្ឋាភិបាល​ គឺ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដើម្បី​លើកទឹកចិត្ត​ និង​ធ្វើ​ឱ្យ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​នៅ​កម្ពុជា​មានការ​ប្រកួតប្រជែង​ និង​ផលិតភាព​ខ្ពស់​ជាង​មុន​ ដើម្បី​ធ្វើ​សមាហរណកម្ម​ខ្សែ​សង្វា​ក់​តម្លៃ​ក្នុង​តំបន់​ និង​ពិភពលោក​ និង​ជា​ពិសេស​ការ​ធ្វើ​ឌី​ជី​ថ​ល​នី​យ​កម្ម​សហគ្រាស​នៅ​ក្នុង​យុគសម័យ​ឧស្សាហកម្ម​ ៤.០​។​45​ អនុក្រឹត្យ​លេខ​ ១២៤​ អន​ក្រ​ បក​ បាន​ណែនាំ​អំពី​ការ​លើកទឹកចិត្ត​ផ្នែក​ពន្ធដារ​សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ រួម​ទាំង​ការ​លើកលែង​ពន្ធ​លើ​ប្រាក់​ចំណូល​ចាប់ពី​ ៣​ឆ្នាំ​ ទៅ​ ៥​ឆ្នាំ​ សម្រាប់​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ថ្មី​46​ ក៏​ដូច​ជា​ការ​បង្កើត​ធនាគារ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​ (SME​ Bank)​ ដែល​មាន​គោលបំណង​ជួយ​សម្រួល​ដល់​លទ្ធភាព​ទទួល​បាន​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម​។​47

​ការ​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​

​ជា​កា​ពិត​ណាស់​ ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ និង​ពិភពលោក​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ផលប្រយោជន៍​គួរ​ឱ្យ​កត់សម្គាល់​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​អត្ថប្រយោជន៍​ នៃ​ការ​ហូរ​ចូល​នូវ​វិនិយោគ​បរទេស​ (FDI)​។​ កំណើនសេដ្ឋកិច្ច​នៅ​កម្ពុជា​ត្រូវ​បាន​សម្រេច​ តួយ៉ាង​ដោយ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារសេរី​ ជាមួយនឹង​ការ​បើកចំហ​ពាណិជ្ជកម្ម​ និង​លំហូរ​មូលធន​ដែល​គាំទ្រ​ដោយ​ជំនួយ​អភិវឌ្ឍន៍​នា​ន​ ការ​ចូល​ទៅ​កាន់​ទីផ្សារ​អនុគ្រោះ​ពន្ធ​នៃ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋអាមេរិក​48​ ក៏​ដូច​ជា​ការ​ហូរ​ចូល​នូវ​វិនិយោគ​បរទេស​ ខណៈ​ដែល​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​ត្រូវ​បាន​ប៉ាន់ស្មាន​ចំនួន​ ១៣%​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​ក្នុង​ឆ្នាំ​ ២០១៨​។​ ជាក់ស្តែង​ ចិន​បាន​ក្លាយជា​វិនិយោគិន​ធំ​ជាងគេ​តែ​មួយ​ ឧទាហរណ៍​នៅ​ឆ្នាំ​ ២០១៧​ និង​ ២០១៨​ ប្រទេស​ចិន​មាន​ទំហំ​វិនិយោគ​ចំនួន​ ២៣%​ ស្មើនឹង​ ២,៧​ ពាន់​លាន​ដុល្លារ​ និង​ទំហំ​វិនិយោគ​ឯទៀត​ក្រៅពី​ចិន​នៅ​កម្ពុជា​មាន​ទំហំ​ ២៦%​ ដែល​មាន​តម្លៃ​ស្មើនឹង​ ៣,១​ ពាន់​លាន​ដុល្លារ​។​ បន្ទាប់​មក​ទៀត​គឺ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ រួម​មាន​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែល​សរុប​ចូល​គ្នា​មាន​ទំហំ​ ២២%​ នៅ​ឆ្នាំ​ ២០១៧​ និង​ទំហំ​ ២៥%​ ក្នុង​ឆ្នាំ​២០១៨​។​49

​លើស​ពី​នេះ​ ប្រទេស​កម្ពុជា​ក្រោម​បរិ​ប័​ទ​ពាណិជ្ជកម្ម​សេរី​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​លើកកម្ពស់​កំរិតជីវភាព​រស់នៅ​របស់​ប្រជាជន​។​5051​ ចាប់តាំងពី​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​ ក្នុង​ឆ្នាំ​ ២០០៤​ និង​អាស៊ាន​នៅ​ឆ្នាំ​ ១៩៩៩​ ប្រទេស​កម្ពុជា​បាន​បន្ត​ធ្វើ​សេរីភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​ខ្លួន​ និង​ធានា​នូវ​លំហូរ​ទំនិញ​ និង​សេវាកម្ម​ដោយ​សេរី​នៅ​ក្នុង​ទីផ្សារ​ក្នុង​តំបន់​ និង​ពិភពលោក​។52​ ដូច​មាន​ចែង​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​ខ្លួន​ រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញា​អនុវត្ត​កាតព្វកិច្ច​របស់​ខ្លួន​យ៉ាង​ម៉ឺងម៉ាត់​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ និង​ប្រើប្រាស់​ឱកាស​នេះ​ដើម្បី​ធ្វើ​កំណែទម្រង់​លើ​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​53

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងសេដ្ឋកិច្ច

ឯកសារយោង

  1. 1. ឆែរ សុខទី និង អ៊ុង លុយណា «ប្រវត្តិសេដ្ឋកិច្ចនៃឧស្សាហូបនីយកម្មនៅកម្ពុជា» ខែកក្កដា ឆ្នាំ ២០១៦។ បានចូលអាននៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០។
  2. 2. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) «ការសិក្សាលើប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មក្រៅពីវិស័យសម្លៀកបំពាក់ និងទេសចរណ៍» ខែវិច្ឆិកា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  3. 3. ដូចឯកសារយោងខាងដើម។
  4. 4. ដូចឯកសារយោងខាងដើម។
  5. 5. ធនាគារជាតិនៃកម្ពុជា «ផែនការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥» ថ្ងៃទី ២១ ខែតុលាឆ្នាំ២០១៦។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  6. 6. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណសម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ ការប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃនីតិកាលទី ៣ នៃរដ្ឋសភាជាតិនៅទីស្តីការគណៈរដ្ឋមន្ត្រី» ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០។
  7. 7. ដូចឯកសារយោងខាងដើម។
  8. 8. រាជរដ្ឋាភិបាលកម្ពុជា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ (NSDP) ២០១៩-២០២៣» ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  9. 9. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) «ការសិក្សាលើប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មក្រៅពីវិស័យសម្លៀកបំពាក់ និងទេសចរណ៍» ខែវិច្ឆិកា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  10. 10. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  11. 11. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «កម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP)» ខែធ្នូ ឆ្នាំ២០០៤។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  12. 12. មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) «គោលនយោបាយសារពើពន្ធ៖ ការប្រមូលចំណូល និងការចំណាយ» ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  13. 13. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) «ការសិក្សាលើប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មក្រៅពីវិស័យសម្លៀកបំពាក់ និងទេសចរណ៍» ខែវិច្ឆិកា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  14. 14. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «របាយការណ៍នៃការវាយតម្លៃលើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជាឆ្នាំ ២០១៥ ដោយផ្អែកលើវិធីសាស្ត្រចំណាយសាធារណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ» ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  15. 15. ដូចឯកសារយោងខាងដើម។
  16. 16. ដូចឯកសារយោងខាងដើម។
  17. 17. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណសម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ ការប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃនីតិកាលទី ៣ នៃរដ្ឋសភាជាតិនៅទីស្តីការគណៈរដ្ឋមន្ត្រី» ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០។
  18. 18. ធនាគារពិភពលោក (WB) «ការកែលម្អប្រសិទ្ធភាពនៃហិរញ្ញវត្ថុសាធារណៈ៖ ការពិនិត្យឡើងវិញការចំណាយសាធារណៈនៅកម្ពុជា» ខែមិថុនា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  19. 19. រាជរដ្ឋាភិបាលកម្ពុជា «គណៈកម្មាធិការដឹកនាំនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៖ សេចក្តីព្រាងចុងក្រោយនៃរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ ២០១៨» ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  20. 20. ធនាគារជាតិនៃកម្ពុជា «គោលនយោបាយរូបិយវត្ថុ៖ ទិដ្ឋភាពទូទៅលើគោលនយោបាយ» ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០។
  21. 21. ធនាគារពិភពលោក (WB) «ការកែលម្អប្រសិទ្ធភាពនៃហិរញ្ញវត្ថុសាធារណៈ៖ ការពិនិត្យឡើងវិញការចំណាយសាធារណៈនៅកម្ពុជា» ខែមិថុនា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  22. 22. ធនាគារជាតិនៃកម្ពុជា «គោលនយោបាយរូបិយវត្ថុ៖ ទិដ្ឋភាពទូទៅលើគោលនយោបាយ» ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០។
  23. 23. ដូចឯកសារយោងខាងដើម។
  24. 24. ធនាគារជាតិនៃកម្ពុជា «គោលនយោបាយរូបិយវត្ថុ៖ គោលនយោបាយអត្រាប្តូរប្រាក់» ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០។
  25. 25. ធនាគារជាតិនៃកម្ពុជា «គោលនយោបាយរូបិយវត្ថុ៖ គោលនយោបាយតំរូវការបម្រុង» ឆ្នាំ ២០២០ បានចូលអាននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០។
  26. 26. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  27. 27. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) «ការសិក្សាលើប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មក្រៅពីវិស័យសម្លៀកបំពាក់ និងទេសចរណ៍» ខែវិច្ឆិកា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  28. 28. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  29. 29. រាជរដ្ឋាភិបាលកម្ពុជា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ (NSDP) ២០១៩-២០២៣» ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  30. 30. ដូចឯកសារយោងខាងដើម។
  31. 31. ឈាង វណ្ណារិទ្ធ «ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៖ ឱកាសសម្រាប់ក្រុមហ៊ុនជប៉ុន» មិនមានកាលបរិច្ឆេទ។ បានចូលអាននៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០។
  32. 32. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  33. 33. ឈាង វណ្ណារិទ្ធ «ការអភិវឌ្ឍវិស័យទេសចរណ៍នៅកម្ពុជា៖ ឱកាសសម្រាប់ក្រុមហ៊ុនជប៉ុន» មិនមានកាលបរិច្ឆេទ។ បានចូលអាននៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០។
  34. 34. គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (អាយស៊ីស៊ី-អង្គរ) «ផែនការគ្រប់គ្រងទេសចរណ៍តំបន់បេតិកភណ្ឌពិភពលោកអង្គរ» ខែធ្នូ ឆ្នាំ២០១២។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  35. 35. ក្រសួងទេសចរណ៍ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ឆ្នាំ ២០១២-២០២០» ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១២។ បានចូលអាននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០។
  36. 36. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  37. 37. ដូចឯកសារយោងខាងដើម។
  38. 38. រាជរដ្ឋាភិបាលកម្ពុជា «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» ថ្ងៃទី ០៦ ខែមីនា ឆ្នាំ២០១៥។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  39. 39. ដូចឯកសារយោងខាងដើម។
  40. 40. ឆែរ សុខទី និង អ៊ុង លុយណា «ប្រវត្តិសេដ្ឋកិច្ចនៃឧស្សាហូបនីយកម្មនៅកម្ពុជា» ខែកក្កដា ឆ្នាំ ២០១៦។ បានចូលអាននៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២០។
  41. 41. ស៊ន សារ៉ាត់ «ច្បាប់វិនិយោគថ្មីនឹងត្រូវបញ្ចប់នៅខែវិច្ឆិកា» ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  42. 42. រាជរដ្ឋាភិបាលកម្ពុជា «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ (NSDP) ២០១៩-២០២៣» ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  43. 43. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  44. 44. ដូចឯកសារយោងខាងដើម។
  45. 45. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  46. 46. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ «អនុក្រឹត្យលេខ ១២៤ ស្តីពីការលើកទឹកចិត្តពន្ធសម្រាប់សហគ្រាសខ្នាតតូច និងមធ្យមដែលប្រតិបត្តិការក្នុងវិស័យអាទិភាពដែលបានកំណត់» ថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  47. 47. ធូ វីរៈ «ធនាគារសហគ្រាសខ្នាតតូច និងមធ្យមបានបើកដំណើរការជាផ្លូវការ» ថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០។
  48. 48. ធនាគារអភិវឌ្ឍន៍អាស៊ី «កម្ពុជាសម្រាប់ឆ្នាំ ២០១៩-២០២៣៖ មាគ៌ាបរិយាបន្នឆ្ពោះទៅរកសេដ្ឋកិច្ចប្រកួតប្រជែង» ខែតុលា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  49. 49. ស៊ីម វីរៈ «ឌីណាមិកនៃការវិនិយោគចិននៅកម្ពុជា» ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  50. 50. អង្គការសហប្រជាជាតិ «ពាណិជ្ជកម្ម និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ (MDGs)៖ របៀបដែលពាណិជ្ជកម្មអាចជួយប្រទេសកំពុងអភិវឌ្ឍលុបបំបាត់ភាពក្រីក្រ» មិនមានកាលបរិច្ឆេទ។ បានចូលអាននៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០។
  51. 51. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា» ខែកញ្ញា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០។
  52. 52. ដូចឯកសារយោងខាងដើម។
  53. 53. រាជរដ្ឋាភិបាលកម្ពុជា «យុទ្ធសាស្ត្រចតុកោណសម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ ការប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃនីតិកាលទី ៣ នៃរដ្ឋសភាជាតិនៅទីស្តីការគណៈរដ្ឋមន្ត្រី» ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៤។ បានចូលអាននៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

pnLkU
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!