ការបោះឆ្នោត

សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ Daniel Littlewood កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ Attribution 2.0 Generic

សន្លឹកឆ្នោត នៅប្រទេសកម្ពុជា។ រូបថត ថតដោយ ដានីញែល លីតថលវូត កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០០៤។ ក្រោមអាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​សវ​តា​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

ចាប់តាំងពី​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​មក​ ប្រទេស​កម្ពុជា​ បាន​ជួប​ប្រទះ​នឹង​សង្គ្រាមស៊ីវិល​ជា​បន្តបន្ទាប់​ អស់​រយៈពេល​ជាង​ម្ភៃ​ឆ្នាំ​កន្លង​ទៅ​នេះ​។​ នៅ​ឆ្នាំ​១៩៩១​ ភាគី​នៅ​ក្នុង​ជម្លោះ​បាន​ឈាន​ដល់​ការ​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ការ​ប្រយុទ្ធ​។​ ទោះបីជា​យ៉ាងណា​ គេ​ត្រូវ​រង់ចាំ​រហូត​ដក់​ឆ្នាំ​១៩៩៣​ ទើប​ការ​បោះ​ឆ្នោតជាតិ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​ ដោយ​ អាជ្ញាធរ​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ (​ហៅ​កាត់​ថា​ អ៊ុ​ន​តាក់​)​ ក្រោយ​កិច្ចសហការ​ជាមួយនឹង​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នៃ​កម្ពុជា​ (​ហៅ​កាត់​ថា​ អេស​អិន​ស៊ី​)​។​

ការ​បោះ​ឆ្នោតជាតិ​លើក​ទី​១​ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ២៣-២៨​ ខែឧសភា​ ឆ្នាំ​១៩៩៣​។​ បើ​ទោះជា​មាន​អ​ស្ថេ​រ​ភាព​នៅ​តាម​តំបន់​ខ្លះ​គ្រប់គ្រង​ដោយ​ខ្មែរក្រហម​ អ្នក​ទៅ​បោះ​ឆ្នោត​មាន​ចំនួន​ច្រើន​ ស្មើនឹង​ ៨៦.៧៨​ ភាគរយ​ នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សរុប​ជិត​ ៥​លាន​នាក់​។1​ គណបក្ស​នយោបាយ​ចំនួន​ ៤​ បាន​ឈ្នះ​អាសនៈ​នៅ​ក្នុង​សភាធម្មនុញ្ញ​ ប៉ុន្តែ​គ្មាន​គណបក្ស​ណា​ គ្រប់គ្រង​អាសនៈ​ភាគច្រើន​ដាច់ខាត​២/៣​ ដែល​ត្រូវការ​ចាំបាច់​ សម្រាប់​ប​ង្កើ​រដ្ឋាភិបាល​ថ្មី​នោះ​ទេ​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​រដ្ឋាភិបាលចម្រុះ​។​

​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៨​ សភា​មួយ​ថ្នាក់​ទៀត​ត្រូវ​បាន​បង្កើត​ឡើង​។​ ស្ថាប័ន​ព្រឹទ្ធសភា​ គឺជា​ផ្លែផ្កា​នៃ​ការ​មូលមតិ​គ្នា​ខាង​នយោបាយ​ សំដៅ​ដោះស្រាយ​ភាព​ជាប់​គាំង​ខាង​នយោបាយ​ ដែល​អង្គ​នីតិប្រតិបត្តិ​មិន​អាច​បង្កើត​បាន​ដោយសារ​លក្ខខណ្ឌ​សំឡេង​ភាគច្រើន​ដាច់ខាត​ ២/៣​ នៅ​ក្នុង​រដ្ឋសភា​។​ ចាប់តាំងពី​ឆ្នាំ​២០០៦​មក​ ស្ទើរតែ​ទាំងអស់​នៃ​សមាជិក​ព្រឹទ្ធសភា​ ត្រូវ​បាន​ជ្រើសតាំង​ដោយ​មិន​ផ្ទាល់​ ដោយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ ខណៈ​ពេល​ដែល​សមាជិក​ ៤​រូប​ ត្រូវ​បាន​តែងតាំង​ដោយ​ ព្រះមហាក្សត្រ​ និង​រដ្ឋសភា​។​

​នៅ​ឆ្នាំ​២០០២​ ការ​បោះ​ឆ្នោត​នៅ​រដ្ឋបាល​ក្រោម​ជាតិ​ ត្រូវ​បាន​ធ្វើ​ឡើងជា​សកល​ និង​ដោយ​ផ្ទាល់​ សម្រាប់​ឃុំ​ និង​សង្កាត់​។​ ក្រោយ​ពី​ការ​ប្រកាស​ឱ្យ​ប្រើ​ ច្បាប់​ស្តី​ពី​ការ​បោះ​ឆ្នោត​ ជ្រើសតាំង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ គ្រប់​សមាជិក​ក្រុមប្រឹក្សា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសតាំង​ ដោយ​ផ្ទាល់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ ស្រប​តាម​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​។​ ក្រុមប្រឹក្សា​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​នេះ​ នឹង​គ្រប់គ្រង​មូលនិធិ​ និង​ធនធាន​ផ្ទាល់ខ្លួន​ ព្រមទាំង​ដឹកនាំ​ចាត់ចែង​កិច្ចការ​ក្នុង​មូលដ្ឋាន​ខ្លួន​រាប់​បញ្ចូល​ទាំង​ការ​អភិវឌ្ឍ​ និង​ សន្តិសុខ​។​

​ប៉ុន្តែ​គេ​ត្រូវ​រង់ចាំ​រហូត​ដល់​ឆ្នាំ​២០០៩​ ទើប​រាជរដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​ ពង្រីក​ វិសាលភាព​នៃ​កំណែទម្រង់រដ្ឋបាល​របស់​ខ្លួន​ រហូត​ទៅ​ដល់​រដ្ឋបាល​ដែនដី​ថ្នាក់ខ្ពស់​។​ ជា​លទ្ធផល​នៃ​កំណែទម្រង់​វិមជ្ឈការ​ និង​វិ​សហ​មជ្ឈការ​ ការ​បោះ​ឆ្នោត​ ត្រូវ​បាន​រៀបចំ​ ឡើង​សម្រាប់​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ប៉ុន្តែ​ជា​ការ​បោះ​ឆ្នោត​អ​សកល​ និង​ មិន​ផ្ទាល់​។​

រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​ ការ​បោះ​ឆ្នោតជាតិ​សម្រាប់​រដ្ឋសភា​ ត្រូវ​បាន​រៀបចំ​ឡើង​ ចំនួន​ ៥​ដង​រួច​មក​ហើយ​ គឺ​នៅ​ឆ្នាំ​១៩៩៣​ ឆ្នាំ​១៩៩៨​ ឆ្នាំ​២០០៣​ ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០១៣​។​ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ ទើបតែ​ត្រូវ​បាន​ធ្វើ​ឡើង​ ចំនួន​ ២​លើក​ប៉ុណ្ណោះ​ គឺ​នៅ​ឆ្នាំ​២០០៦​ និង​ឆ្នាំ​២០០១២​ (​មើល​ សភា​)​។​ នៅ​ថ្នាក់​មូលដ្ឋាន​ ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​ ៣​លើក​ គឺ​នៅ​ឆ្នាំ​២០០២​ ឆ្នាំ​២០០៧​ និង​ឆ្នាំ​២០១២​ ខណៈ​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ទើប​មានការ​បោះ​ឆ្នោ​យ​ជ្រើសរើស​ ចំនួន​ ២​លើក​ គឺ​នៅ​ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១៤​ (​មើល​ ការ​គ្រប់គ្រង​,​ រដ្ឋបាល​មូលដ្ឋាន)​។​

ចាប់តាំងពី​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​១៩៩៣​មក​ ភាព​ជាប់​គាំង​ខាង​នយោបាយ​ បាន​ក្លាយ​ ទៅ​ជា​ប្រពៃណី​ទៅ​ហើយ​ នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។​ គណបក្ស​នយោបាយ​ខ្លះ​មិន​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ ដោយ​អះអាង​ពី​ភាព​មិន​ ប្រក្រតី​។​ គណបក្ស​ឈ្នះ​ឆ្នោត​ មិន​អាច​ឈាន​ទៅ​ដល់​ការ​បង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួន​ ឯង​។​ មាន​ន័យ​ថា​ ការ​បង្កើត​រដ្ឋាភិបាលចំរុះ​ មិន​អាច​ជៀស​ផុត​ ហើយ​ជា​វិបាក​ ការ​ធ្វើ​សម្បទាន​ខាង​នយោបាយ​ គឺ​មិន​អាច​ខ្វះ​បាន​។​

​កំណែទម្រង់​ជា​ច្រើន​ បាន​កើត​មាន​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ជា​ពិសេស​ ទាក់ទង​នឹង​សភា​ ច្បាប់បោះឆ្នោត​ និង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ ឆ្នោត​។​ យោង​ទៅ​តាម​កិច្ចព្រមព្រៀង​នយោបាយ​ ថៃ្ង​ទី​ ២៧​ ខែកក្កដា​ ឆ្នាំ​២០១៤​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ គណៈកម្មាធិការ​ពិសេស​ ត្រូវ​បាន​តម្លើង​ពី​ ៩​ គណៈកម្មាធិការ​ មក​ ១០​ គណៈកម្មាធិការ​ ហើយ​គណបក្ស​និ​មួយៗ​ ដឹកនាំ​ម្នាក់​ ៥​ គណៈកម្មាធិការ​។​2  លើស​ពី​នេះ​ ដោយសារ​មាន​គណបក្ស​តែ​ ពីរ​ប៉ុណ្ណោះ​នៅ​ក្នុង​រដ្ឋសភា​ ការ​សន្ទនា​គ្នា​តែង​ត្រូវធ្វើ​ឡើង​រវាង​មេដឹកនាំ​សំឡេង​ភាគ​ ច្រើន​ ជាមួយនឹង​មេដឹកនាំ​សំឡេង​ភាគតិច​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​សំខាន់ៗ​។3​ 

​ច្បាប់បោះឆ្នោត​ឆ្នាំ​១៩៩៧​ ត្រូវ​បាន​អនុវត្ត​រហូត​មក​ដល់​ការ​បោះ​ឆ្នោត​រដ្ឋសភា​ នៅ​ក្នុង​ ឆ្នាំ​២០១៣​។​ ច្បាប់​ថ្មី​ ស្តី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​រដ្ឋសភា​ ត្រូវ​បាន​ប្រកាស​ ឱ្យ​ប្រើ​នៅ​ឆ្នាំ​២០១៥​ ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ឆ្នាំ​១៩៩៧​។​ បទ​ប្បញ្ញត្តិ​គួរ​ជាទី​កត់​ សម្គាល់​ដែល​នាំ​យក​មក​ដោយ​ច្បាប់​ថ្មី​នេះ​ គឺ​ “​ការ​សន្មត់​ដោយ​សង្ងាត់ស្ងៀម​ពី​ការ​បោះបង់​ចោល​អាសនៈ​រដ្ឋសភា​”​ ដោយ​ការ​ធ្វើ​ពហិការ​របស់​គណបក្ស​នយោបាយ​ នៅ​ក្នុង​ សម័យប្រជុំ​ដំបូង​ សម័យប្រជុំ​លើក​ទី​១​ នៃ​រដ្ឋសភា​ និង​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​។​4    

​កំណែទម្រង់​សំខាន់​ចុង​ក្រោយ​មួយទៀត​ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ គឺ​ទាក់​ ទង​នឹង​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​និក​)​។​ ជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​ស្តារ​ឡើង​វិញ​ឱ្យ​ក្លាយទៅជា​ស្ថាប័ន​ មួយ​ក្នុង​ចំណោម​ស្ថាប័ន​កំពូល​របស់​ជាតិ​ ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ កម្ពុជា​ ត្រង់​ជំពូក​ទី​១៥​ថ្មី​ (​ពីរ​)​។​5  ការ​រៀបចំ​ និង​ការ​ប្រព្រឹត្តិ​ទៅ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​កំណត់​នៅ​ក្នុង​ច្បាប់​អង្គការ​មួយ​ដោយឡែក​ ជៀស​ជាង​ នៅ​ក្នុង​ច្បាប់បោះឆ្នោត​។​6

ដំណើរការ​បោះ​ឆ្នោត​ នៅ​កម្ពុជា​

ការ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​

​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​ ដែល​មាន​អាយុ​យ៉ាងតិច​ ១៨​ឆ្នាំ​ មាន​សិទ្ធិ​ចូលរួម​បោះ​ឆ្នោត​ និង​អាយុ​យ៉ាងតិច​ ២៥​ឆ្នាំ​ មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​ឱ្យ​គេ​បោះ​ឆ្នោត​។​7 សិទ្ធិ​ទាំងនេះ​ អាច​នឹង​ត្រូវ​ព្យួ​ក្នុង​រយៈពេល​ជាក់លាក់​ណាមួយ​ សម្រាប់​ទណ្ឌិត​។​

ចាប់តាំងពី​ ប្រទេស​កម្ពុជា​ទទួលយក​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​មក​អនុវត្ត8​ បេក្ខជន​ ឈរឈ្មោះ​ ត្រូវ​តែងតាំង​ដោយ​គណបក្ស​នយោបាយ​ដែល​បាន​ចុះ​ឈ្មោះ​ សម្រាប់​ការ​បោះ​ឆ្នោត​។9​ គណបក្ស​នយោបាយ​ ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​ក្រសួងមហាផ្ទៃ​ សម្រាប់​ ការ​បង្កើត​ និង​ បន្ទាប់​មក​ ជាមួយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ សម្រាប់​ ការ​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ នៅ​ក្នុង​មណ្ឌល​ជាក់លាក់​ ឬ​នៅ​ទូ​ទាំង​ ប្រទេស​។​

ចំនួន​ប្រជាពលរដ្ឋ​ដល់​អាយុ​បោះ​ឆ្នោត​ បាន​កើនឡើង​ទ្វេរ​ដង​នៅ​រវាង​ឆ្នាំ​១៩៩៣​ និង​ឆ្នាំ​២០១៣​ ពី​ប្រមាណ​ជា​៤.៦​លាន​នាក់​ ទៅ​ ៩.៥​លាន​នាក់​។​ ទោះបីជា​យ៉ាងណា​ ភាគរយ​នៃ​អ្នក​ទៅ​បោះ​ឆ្នោត​ បង្ហាញ​ពី​ទំនោរ​ធ្លាក់​ចុះ​ រវាង​ការ​បោះ​ឆ្នោត​ដំបូង​ និង​ ការ​បោះ​ឆ្នោត​នៅ​រយៈពេល​ចុង​ក្រោយ​នេះ​។​

ការ​រៀបចំ​ការ​បោះ​ឆ្នោត​

​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ ចំនួន​អាសនៈ​សម្រាប់​មណ្ឌលបោះឆ្នោត​នីមួយៗ​ ត្រូវ​បាន​ មក​កំណត់​។​ ទំហំ​មណ្ឌលបោះឆ្នោត​ មានការ​ប្រែរ​ប្រួល​អាស្រ័យ​ទៅ​តាម​ការ​បោះ​ឆ្នោតជាតិ​ ឬ​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​។​ មណ្ឌល​សម្រាប់​ការ​បោះ​ឆ្នោត​រដ្ឋសភា​ គឺជា​រាជធានី​ និង​ ខេត្ត​ទាំង​ ២៤10​ ហើយ​មណ្ឌលបោះឆ្នោត​របស់​ព្រឹទ្ធសភា​ គឺ​ផ្អែក​ទៅ​តាម​តំបន់​ទាំង​ ៨​។​11 ឃុំ​-​សង្កាត់​ ក្លាយទៅជា​មណ្ឌលបោះឆ្នោត​ផង​ដែរ​ នៅ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។​12

ជា​ធម្មតា​ ចំនួន​អាសនៈ​សម្រាប់​មណ្ឌលបោះឆ្នោត​នីមួយៗ​ ត្រូវ​កំណត់​ដោយ​ច្បាប់​។​ យោង​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ រដ្ឋសភា​ត្រូវ​មាន​ចំនួន​អាសនៈ​យ៉ាងតិច​ ១២០​ ខណៈ​ដែល​ ព្រឹទ្ធសភា​ មាន​អាសនៈ​តិច​ជាង​ពាក់កណ្តាល​នៃ​អាសនៈ​រដ្ឋសភា​សរុប​។​13 ពី​ឆ្នាំ​១៩៩៣​ មក​ឆ្នាំ​២០០៣​ រដ្ឋសភា​កើន​អាសនៈ​ពី​ ១២០​ មក​ ១២៣​។​ ចំនួន​នេះ​ នៅ​ថេរ​ដោយ​មិន​មាន​ប្រែរ​ប្រួល​រហូត​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ប៉ុន្តែ​នឹង​ត្រូវ​បង្កើន​ឡើង​រហូត​ដល់​ ១២៥​ អាសនៈ​ នៅ​ឆ្នាំ​២០១៨​។​14

​ប្រជាពលរដ្ឋ​ខ្មែរ​ អាច​បង្កើត​ និង​ចុះបញ្ជី​គណបក្ស​នយោបាយ​ ហើយ​កិច្ចការ​នេះ​ ជា​ធម្មតា​ កើត​មាន​ឡើង​នៅ​មុន​ឆ្នាំ​បោះ​ឆ្នោត​។​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​មាន​ អាយុ​មិន​ក្រោម​ ១៨​ ឆ្នាំ​ យ៉ាងតិច​ណាស់​៨០​នាក់​ និង​មាន​លំនៅ​ដ្ឋា​ន​អចិន្ត្រៃយ៍​ នៅ​ក្នុង​ ប្រទេស​កម្ពុជា​ គឺជា​លក្ខខណ្ឌ​តម្រូវ​ដើម្បី​សុំ​បង្កើត​គណបក្ស​នយោបាយ​ ដែល​អាច​ធ្វើ​ ឡើង​តាម​រយៈ​ លិខិត​ជា​លាយលក្ខណ៍អក្សរ​ផ្ញើរ​ទៅ​ ក្រសួងមហាផ្ទៃ។​ នៅ​មាន​លក្ខ​ ខណ្ឌ​បន្ថែម​ទៀត​សម្រាប់​សុពលភាព​នៃ​ការ​បង្កើត​គណបក្ស​ ដូច​ជា​ការ​ចុះបញ្ជី​ និង​ សមាជិកភាព​របស់​គណបក្ស​យ៉ាងតិច​ណាស់​ ៤,០០០​នាក់​ នៅ​ទូ​ទាំង​ប្រទេស​។​15  ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ បាន​កំណត់​ភាព​ខុស​គ្នា​រវាង​ការ​បង្កើត​គណបក្ស​នយោបាយ​ និង​ការ​ផ្តល់​សុពលភាព​នៃ​គណបក្ស​នយោបាយ​ ដែល​ត្រូវ​បាន​បង្កើត​នោះ​។​ មាន​ន័យ​ថា​ គណបក្ស​នយោបាយ​បង្កើត​រួច​ ប៉ុន្តែ​មិន​មាន​សុពលភាព​ មិន​អា​ចូលរួម​ ទៅ​ក្នុង​ការ​បោះ​ឆ្នោត​បាន​ទេ​។​ ការ​ចុះ​ឈ្មោះ​នៅ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គឺជា​លក្ខខណ្ឌ​សម្រាប់​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។​16 

​ចាប់តាំងពី​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ទី​១​មក​ ចំនួន​គណបក្ស​នយោ​បាយ​ បាន​ធ្លាក់​ចុះ​គួរ​កត់សម្គាល់​។​ ចំនួន​សរុប​ នៃ​គណបក្ស​នយោបាយ​ បាន​កើនឡើង​ជិត​ទ្វេ​ដង​ពី​ ២០​គណបក្ស​ នៅ​ក្នុង​ឆ្នាំ​១៩៩៣17​  រហូត​ទៅ​ដល់​ ៣៩​គណបក្ស​ នៅ​ឆ្នាំ​១៩៩៨18​  ប៉ុន្តែ​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​មក​នៅ​ត្រឹមតែ​ ៨​គណបក្ស​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ចុង​ក្រោយ​ឆ្នាំ​២០១៣​19 នេះ​។​ គណបក្ស​ឈ្នះ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ក៏​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ ៤​គណបក្ស​ នៅ​ឆ្នាំ​១៩៩៣​20   មក​នៅ​ត្រឹមតែ​ ២​គណបក្ស​ នៅ​ឆ្នាំ​២០១៣​21 ។​ ដោយហេតុ​នេះ​ វា​អាច​មាន​ច​ម្ង​ល់​ថា​ តើ​ប្រព័ន្ធ​បោះ​ឆ្នោត​សមាមាត្រ​របស់​ប្រទេស​កម្ពុជា​ពិតជា​គាំទ្រ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ពេញលេញ​ដែរ​ ឬទេ​?​22 

នៅ​ក្នុង​របាយការណ៍​ឆ្នាំ​២០១៣​ គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ (​ខុមហ្វ្រែល​)​ បាន​លើក​ជា​យោបល់​ថា​ កំណែទម្រង់​ក្រប​ខណ្ឌ​ ស្ថាប័ន​ ប្រព័ន្ធ​បោះ​ឆ្នោត​ ការ​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ ប្រព័ន្ធ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ យុទ្ធនាការ​បោះ​ឆ្នោត​ និង​នីតិវិធី​ដោះស្រាយ​ជម្លោះ​ គឺ​ចាំបាច់​សម្រាប់​ការ​បោះ​ឆ្នោត​ នៅ​ ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ខាង​មុខ​។​23  អង្គការ​មិនមែន​រដ្ឋាភិបាល​ខ្លះ​ ដូច​ជា​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅ​តែ​បារម្ភ​អំពី​កង្វះខាត​នៃ​ភាព​ជា​តំណាង​របស់​ស្ត្រី​ នៅ​ក្នុង​វិស័យ​នយោបាយ​ និង​ស្នើ​ឱ្យ​មាន​ស្ត្រី​ ៣០​ ភាគរយ​ យ៉ាងតិច​ នៅ​ក្នុង​បញ្ជី​បេក្ខជន​របស់​គណបក្ស​នយោបាយ​។​24

ដំណើរការបោះឆ្នោត

ជា​ធម្មតា​ ដំណាក់កាល​នៃ​ដ​ណើ​រកា​របោះ​ឆ្នោត​ត្រូវ​បាន​ចែក​ចេញ​ជា​ច្រើន​ដំណាក់កាល​ ចាប់ពី​ការ​ចុះបញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ រហូត​ទៅ​ដល់​ការ​ប្រកាស​លទ្ធផល​ផ្លូវការ​ នៃ​ការ​បោះ​ឆ្នោត​ ហើយ​បណ្តឹង​បោះ​ឆ្នោត​ក៏​អាច​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់កាល​ នៃ​ការ​បោះ​ឆ្នោត​ផង​ដែរ​។​ ទាំងនេះ​ មិនមែន​មាន​ន័យ​ថា​ អង្គ​បោះ​ឆ្នោត​ អាច​ធ្វើ​បណ្តឹង​ នៅ​គ្រប់​ដំណាក់​កាលនោះ​ទេ​។​

​ការ​បោះ​ឆ្នោតជាតិ​ អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើការ​ជ្រើសតាំង​តំណាង​របស់​ខ្លួន​ សម្រាប់​សភា​ និង​រាជរដ្ឋាភិបាល​ ជា​អង្គ​នីតិប្រតិបត្តិ។​ ការ​បោះ​ឆ្នោត​សម្រាប់​រដ្ឋសភា​ កើតឡើង​ នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ខណៈ​ដែល​ការ​បោះ​ឆ្នោត​សម្រាប់ព្រឹទ្ធសភា​ នឹង​ត្រូវ​រៀបចំ​នៅ​រៀង​រាល់​ ៦​ឆ្នាំ​ម្តង​។25​   នៅ​ក្នុង​ករណី​អាសនៈ​នៅ​ទំនេរ​ ក្នុង​អំឡុង​នីតិកាល​នីមួយៗ​ ដោយសារ​មរណៈភាព​ លាលែង​ ឬ​បាត់បង់​សមាជិកភាព​ គណបក្ស​ឈ្នះ​ឆ្នោត​នីមួយៗ​ ត្រូវ​ជ្រើសរើស​តំណាងរាស្ត្រ​ថ្មី​ពី​បញ្ជី​បេក្ខជន​របស់​ពួក​គេ​ មក​ជំនួស​ ។​26 

​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ ប្រជាពលរដ្ឋ​ជ្រើសរើស​តំណាង​នៅ​តាម​មូលដ្ឋាន​របស់​ពួក​គេ​។​ ខណៈ​ដែល​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​ រើស​ សម្រាប់​រយៈពេល​៥​ឆ្នាំ​ សមា​ជិ​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ មាន​ អាណត្តិ​ ៦​ឆ្នាំ​។​27  ស​ជិ​ក​ក្រុមប្រឹក្សា​ជាប់​ឆ្នោត​នៅ​តាម​ឃុំ​-​សង្កាត់​ ត្រូវ​ទៅ​ជ្រើសតាំង​ សមាជិក​ព្រឹទ្ធសភា​ និង​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ក្នុង​ន័យ​ថា​ ការ​បោះ​ឆ្នោត​ទាំងនេះ​ គឺ​អ​សកល​ និង​មិន​ផ្ទាល់​។28​   ខុស​ពី​ការ​បោះ​ឆ្នោតជាតិ​ ការ​បោះ​ ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​ អាច​ត្រូវ​បាន​រៀបចំ​ សម្រាប់​ក្រុមប្រឹក្សា​នីមួយៗ​បាន​ ក្នុង​ករណី​ អាសនៈ​របស់​ក្រុមប្រឹក្សា​ទាំងមូល​នៅ​ទំនេរ​ និង​ករណី​ផ្សេង​ទៀត​ ដូច​មាន​ប្បញ្ញត្តិ​ នៅ​ក្នុង​ច្បាប់​។​29 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ គឺជា​ស្ថាប័ន​ជាតិ​ ទទួល​បន្ទុក​លើ​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​។30​   នៅ​រៀង​រាល់​ឆ្នាំ​ គ​.​ជ​.​ប​ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ និង​កំណត់​ឯកសារ​ ដែល​ត្រូវការ​ចាំបាច់​ដើម្បី​បង្ហាញ​ពី​អត្តសញ្ញាណ​អ្នកបោះឆ្នោត​ ដោយ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​អាច​ចូលរួម​នៅ​ក្នុង​ការ​បោះ​ឆ្នោត​។​ លើស​ពី​នេះ​ នៅ​ក្នុង​អំឡុង​ឆ្នាំ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ មើល​ខុស​ត្រូវ​លើ​ដំណើរការ​បោះ​ឆ្នោត​ នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​ និង​ដោះស្រាយ​បណ្តឹង​បោះ​ឆ្នោត​។​ ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​ នៃ​ គ​.​ជ​.​ប​ ត្រូវ​បាន​កំណត់​ នៅ​ក្នុង​http://www.national-assembly.org.kh/tv/kh/ViewLawFile.aspx?LawDID=462 និង​ច្បាប់បោះឆ្នោត​។​

ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក​ រាល់​ការ​បោះ​ឆ្នោត​ទាំងអស់​ ត្រូវ​បាន​មើល​ខុស​ត្រូវ​ដោយ​ គ​.​ជ​.​ប​។​31 ស្ថាប័ន​បោះ​ឆ្នោត​នេះ​ ក៏​ទទួល​រង​ការ​រិះគន់​ជា​ច្រើន​ពី​គណបក្សប្រឆាំង​ អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​32 និង​អង្គការ​អន្តរជាតិ​ រាប់​បញ្ចូល​ទាំង​ សភា​សហភាព​ អឺរ៉ុប33​ និង​ ការិយាល័យ​ឧត្តមស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិ​ទិ្ធ​មនុស្ស​34ផង​ដែរ​ នៅ​ពេល​ថ្មីៗ​នេះ​។​ ការ​រិះគន់​ទាំងនោះ​ រួម​មាន​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ ខ្វះ​ ឯករាជ្យ​ភាព​ លំអៀង​ទៅ​រក​គណបក្សកាន់អំណាច​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ទន់ខ្សោយ​ មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ ដែល​អនុគ្រោះ​គណបក្សកាន់អំណាច​។​ ជា​លទ្ធផល​នៃ​កិច្ច​ព្រម​ ព្រៀង​នយោបាយ​ ខែកក្កដា​ ឆ្នាំ​២០១៤​ រវាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ប្រជាជន​កម្ពុជា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ត្រូវ​បាន​រៀបចំ​សារ​ជា​ថ្មី​ ដោយ​មាន​សមាសភាព​សមាជិក​របស់​ខ្លួន​ ៤​រូប​ជ្រើសរើស​ដោយ​គណបក្ស​នីមួយៗ​ និង​ សមាជិក​ទី​៩​ ត្រូវ​ជ្រើសរើស​រួម​គ្នា​ ដោយ​គណបក្ស​ទាំង​សងខាង​។​35  

ក្រុមប្រឹក្សាធម្មនុញ្ញ​ (​ក​.​ប​.​ធ​)

​ក្រុមប្រឹក្សាធម្មនុញ្ញ​ នៃ​ប្រទេស​កម្ពុជា​ គឺជា​ស្ថាប័ន​កំពូល​របស់​ជាតិ​ ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។​ ក្រុមប្រឹក្សា​នេះ​ ទើបតែ​ចាប់​ដំណើរការ​សកម្មភាព​របស់​ខ្លួន​ នៅ​ឆ្នាំ​១៩៩៨​ ដំណាលគ្នា​ជាមួយនឹង​ព្រឹទ្ធសភា​ ហើយ​ចាប់ពី​ពេល​នោះ​មក​ ក៏​បាន​ ក្លាយជា​សមាជិក​ នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​ប្រើប្រាស់​ភាសា​បារាំង​។​36  ស្ថាប័ន​កំពូល​នេះ​ មាន​សមាជិក​ ៩​រូប​ ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ ព្រះមហាក្សត្រ​ (​ប្រមុខរដ្ឋ​)​ រដ្ឋសភា​ និង​ ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ សម្រាប់​សម្រាប់​អាណត្តិ​ ៩​ឆ្នាំ​។​37  ការ​រៀបចំ​ និង​ ប្រព្រឹត្ត​ទៅ​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ត្រូវ​បាន​កណ​ត់​នៅ​ក្នុង​ច្បាប់​ រីឯ​នីតិវិធី​ដំណើរការ​របស់​ក្រុមប្រឹក្សា​ មាន​ចែង​នៅ​ក្នុង​បទបញ្ជាផ្ទៃក្នុង​។38​ 

​ក្នុង​ការ​ដោះស្រាយ​បណ្តឹង​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ និង​ ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ ក្រុមប្រឹក្សា​ដើរតួ​នាទី​ដូច​ជា​តុលាការ​។​ ប្រសិនបើ​សំណើសុំ​ចុះបញ្ជី​ន​គណបក្ស​នយោបាយ​ត្រូវ​បាន​បដិសេធ​ដោយ​ក្រសួងមហាផ្ទៃ​ គណបក្ស​នយោបាយ​ អាច​ដាក់​បណ្តឹង​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រសួង​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាធម្មនុញ្ញ​ ដែល​នឹង​ត្រូវ​សម្រេចសេចក្តី​លើ​សំណុំរឿង​នេះ​ ក្នុង​រយៈពេល​ ៣០​ថ្ងៃ​ យ៉ាង​យូរ​។​39  នៅ​ក្នុង​រយៈពេល​ ៧​ថ្ងៃ​ បន្ទាប់​ពី​ថ្ងៃ​បាន​ទទួល​ដំណឹង​ ការ​បដិសេធ​ការ​ចុះបញ្ជី​បេ្ខ​ភាព​គណបក្ស​ ឬ​បេក្ខជន​គណបក្ស​ ដោយ​ គ​.​ជ​.​ប​ អាច​នឹង​ប្តឹង​ឧទ្ធរណ៍​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ផង​ដែរ​។​40  ក្រៅពី​នេះ​ បណ្តឹង​បោះ​ឆ្នោត​អាច​ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សា​ផង​ដែរ​ បើ​មានកម្ម​វត្ថុ​ទាក់ទង​នឹង​បញ្ជី​ដំបូង​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ យុទ្ធនាការ​បោះ​ឆ្នោត​ និង​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​។41​  នៅ​គ្រប់​ករណី​ទាំងអស់​ ក្រុមប្រឹក្សា​សម្រេចសេចក្តី​បិទផ្លូវ​តវ៉ា​ ហើយ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​មាន​អានុភាព​ចាប់បង្ខំ​ ទៅ​លើ​គ្រប់​អំណាច​រដ្ឋ​ទាំងអស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។42

ការ​ឃ្លាំមើល​ និង​ការ​វាយតម្លៃ​ការ​បោះ​ឆ្នោត​

ការ​សង្កេត​ការ​ និង​ការ​វាយតម្លៃ​ការ​បោះ​ឆ្នោត​ កើត​មាន​ឡើង​ទាំង​នៅ​ក្នុង​ និង​រវាង​ឆ្នាំ​បោះ​ឆ្នោត​។​ គណបក្ស​នយោបាយ​ និង​អង្គការ​មួយ​ចំនួន​ ចូលរួម​យ៉ាង​សកម្ម​ នៅ​ក្នុង​ការ​ជម្រុញ​ឱ្យ​មាន​តម្លាភាព​ អ​ព្យា​ក្រឹត្យ​ភាព​ និង​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត​ រីឯ​ស្ថាប័ន​ផ្សេង​ទៀត​ តាមដាន​ពី​ការ​បំពេញ​កិច្ចការ​របស់​គណបក្ស​នយោបាយ​ឈ្នះ​ឆ្នោត​ និង​បេក្ខជន​តំណាងរាស្ត្រ​របស់​ពួក​គេ​ នៅ​ក្នុង​សភា​ និង​រាជរដ្ឋាភិបាល​ នៅ​ក្នុងអំឡុងពេល​ក្រោយ​ការ​បោះ​ឆ្នោត​។​ ទោះបីជា​យ៉ាងណា​ ឆ្នាំ​បោះ​ឆ្នោត​ទំនងជា​ឆ្នាំ​មមាញឹក​បំផុត​របស់​ពួក​គេ​។​

តាម​ច្បាប់​ គណបក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ និង​អង្គការ​អន្តរជាតិ​ អាច​ចូលរួម​តាម​ឃ្លាំមើល​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​ និង​ជាតិ​។​ ខណៈ​ដែល​គណបក្ស​នយោបាយ​អាច​ចាត់តាំង​ភ្នាក់ងារ​របស់​ខ្លួន​ ទៅ​សង្កេតការណ៍​បោះ​ឆ្នោត​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ ត្រូវ​អញ្ជើញ​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​អន្តរជាតិ​ មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ មក​សង្កេតការណ៍​ដំណើរការ​ និង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។43​  គ​.​ជ​.​ប​ អាច​អនុម័ត​បទបញ្ជារ​សម្រាប់​ភ្នាក់ងារ​គណបក្ស​នយោបាយ​ និង​អ្នក​សង្កេតការណ៍​ ស្រប​តាម​ច្បាប់​។​44

​គណបក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ និង​អង្គការ​អន្តរជាតិ​ខ្លះ​ ដែល​ចូលរួម​តាម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​  ត្រូវ​បាន​ស្រង់​ដាក់​ក្នុង​បញ្ជី​ខាងក្រោម​។​ បញ្ជី​នេះ​ មិនមែន​ជា​បញ្ជី​ពេញលេញ​ស្តី​ពី​គណបក្ស​នយោបាយ​ អង្គការ​មិនមែន​រដ្ឋាភិបាល​ សមាគម​ និង​អង្គការ​អន្តរជាតិ​ ដែល​ចូលរួម​តាម​ឃ្លាំមើល​ការ​បោះ​ឆ្នោត​នៅ​ប្រទេស​កម្ពុជា​ទេ​។​  

គណបក្សនយោបាយ 

  • គណបក្សប្រជាជនកម្ពុជា
  • គណបក្សសង្រ្គោះជាតិ
  • គណបក្សហ៊្វុនស៊ិនប៉ិច
  • គណបក្ស សម រង្ស៊ី
  • គណបក្សសិទ្ធិមនុស្ស
  • គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ
  • គណបក្សអំណាចខ្មែរ
  • គណបក្សប្រជាធិបតេយ្យថ្នាក់មូលដ្ឋាន
  • គណបក្សយុវជនខ្មែរ

អង្គការមិនមែនរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគម

ទាក់ទងនឹងការបោះឆ្នោត

បច្ចុប្បន្នភាពចុងក្រោយ​ ២២ខែធ្នូ ឆ្នាំ២០១៥

ឯកសារយោង

  1. 1. សហភាពអន្តរសភា. “សភាកម្ពុជា៖ សភាធម្មនុញ្ញ.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.ipu.org/parline-e/reports/arc/2051_93.htm
  2. 2. បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា, មាត្រា ៦ថ្មី។ រដ្ឋសភា. “បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៥.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.nac.org.kh/group-article/29
  3. 3. មាស សុខជា. “ស ខេង នឹងក្លាយជាមេដឹកនាំមតិភាគច្រើននៅក្នុងរដ្ឋសភា.” ភ្នំពេញប៉ុស្តិ៍ ថ្ងៃទី ២២ ខែ មករា ឆ្នាំ២០១៥. ចូលអាននៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៥។
  4. 4. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត (ឆ្នាំ២០១៥), មាត្រា ១៣៨។
  5. 5. ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា ៧៦ និងគ្រប់មាត្រានៃជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ (ឆ្នាំ២០១៤)។ ក្រុមប្រឹក្សាធម្មនុញ្ញ. “ឯកសារច្បាប់.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.national-assembly.org.kh/tv/kh/ViewLawFile.aspx?LawDID=462
  6. 6. ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (ឆ្នាំ២០១៥)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត. “ច្បាប់បោះឆ្នោត.” ចូលអាននៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៥។ http://www.necelect.org.kh/nec_khmer/index.php?option=com_content&view=article&id=1506&Itemid=438
  7. 7. រដ្ឋធម្មនុញ្ញ, មាត្រា៣៤ថ្មី។
  8. 8. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា៥។
  9. 9. ដូចខាងដើម មាត្រា២៣។
  10. 10. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា៥។
  11. 11. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា៩។
  12. 12. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (២០០១), មាត្រា២។
  13. 13. រដ្ឋធម្មនុញ្ញ, មាត្រា៧៦ថ្មី និងមាត្រា ៩៩ថ្មី។
  14. 14. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា៦។
  15. 15. ច្បាប់ស្តីពីគណបក្សនយោបាយ (១៩៩៧), មាត្រា ៩ និងមាត្រា១៩-២០។
  16. 16. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា២៣-៣៧។
  17. 17. សហភាពអន្តរសភា. “សភាកម្ពុជា៖ សភាធម្មនុញ្ញ.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.ipu.org/parline-e/reports/arc/2051_93.htm
  18. 18. ខុមហ្រ្វែល. របាយការណ៍ចុងក្រោយ៖ ការបោះឆ្នោតជាតិឆ្នាំ១៩៩៨ នៅប្រទេសកម្ពុជា. រាជធានីភ្នំពេញ: ខែកុម្ភៈ ឆ្នាំ១៩៩៩ ទំព័រទី ១៥។ ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ https://comfrel.org/english/final-report-on-1998-national-assembly-election-in-cambodia/
  19. 19. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត. “ឈ្មោះ និងអាសយដ្ឋានគណបក្សនយោបាយ នៅក្នុងការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា នីតិកាលទី៥ ឆ្នាំ២០១៣”។ ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.necelect.org.kh/nec_khmer/index.php?option=com_content&view=article&id=1091&Itemid=348
  20. 20. សហភាពអន្តរសភា. “សភាកម្ពុជា៖ សភាធម្មនុញ្ញ.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.ipu.org/parline-e/reports/arc/2051_93.htm
  21. 21. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប). “បញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្ត នីតិកាលទី៥នៃរដ្ឋសភា ពីចាស់ ទៅក្មេង.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.necelect.org.kh/nec_khmer/images/stories/Results/2013/05-The%20official%20results%20of%20the%20elections.pdf
  22. 22. រដ្ឋធម្មនុញ្ញ, មាត្រា៥១ថ្មី។
  23. 23. ខុមហ្រ្វែល. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣៖ ការវាយតំលៃនិងរបាយការណ៍ចុងក្រោយ. រាជធានីភ្នំពេញ: ខែធ្នូ ឆ្នាំ២០១៣ ទំព័រ១០១-១០៥។ ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ https://comfrel.org/english/2013-national-assembly-elections-final-assessment-and-report/
  24. 24. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក). “សេចក្តីកំណត់សង្ខេប របស់ ម.ស.ម.ក៖ កំណែទម្រង់នយោបាយ និងការបោះឆ្នោតនៅកម្ពុជា ខែកុម្ភៈ ឆ្នាំ២០១៣.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.cchrcambodia.org/admin/media/analysis/analysis/english/2013_02_11_CCHR%20Briefing%20Note%20Electoral%20and%20Political%20Reform_Eng_u.pdf
  25. 25. រដ្ឋធម្មនុញ្ញ, មាត្រា៧៨ និងមាត្រា ១០២ថ្មី ។
  26. 26. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា ១៣៩។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា៣១។
  27. 27. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (២០០១), មាត្រា៣។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨), មាត្រា២។
  28. 28. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា១១។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨), មាត្រា២៧។
  29. 29. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា (២០០៥), មាត្រា១១។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ (២០០៨), មាត្រា៥ និងមាត្រា៧២។ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ (២០០១), មាត្រា១៧៣។
  30. 30. ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (២០១៥)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប). “ឯកសារច្បាប់: ច្បាប់បោះឆ្នោត.” ចូលអាននៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៥។
  31. 31. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក). “សេចក្តីកំណត់សង្ខេប របស់ ម.ស.ម.ក៖ កំណែទម្រង់នយោបាយ និងការបោះឆ្នោតនៅកម្ពុជា ខែកុម្ភៈ ឆ្នាំ២០១៣.” ចូលអាននៅថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៥។ http://www.cchrcambodia.org/admin/media/analysis/analysis/english/2013_02_11_CCHR%20Briefing%20Note%20Electoral%20and%20Political%20Reform_Eng_u.pdf
  32. 32. ឃួន ណារឹម. “អង្គការមិនមែនរដ្ឋាភិបាលស្នើឱ្យមានកំណែទម្រង់បញ្ជីឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ.” ឌឺខេមបូឌាដេលី ចុះថ្ងៃទី ៤ ខែមករា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.cambodiadaily.com/news/ngos-call-for-vote-reform-new-election-50066/
  33. 33. គង់ សុធារិទ្ធិ. “សភាអឺរុបស្នើឱ្យការស៊ើបអង្កើតលើការបោះឆ្នោតកាលពីខែកក្កដា.” វីអូអេ ខ្មែរ. ចុះថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៤ ។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.voacambodia.com/content/eu-parliament-calls-for-investigation-of-cambodia-july-election/1833952.html.
  34. 34. ឡូរែន ក្លូឌឺ. “តំណាងសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ស៊ូប៊ែឌីនិយាយថា កំណែទម្រង់ការបោះ ឆ្នោតមិនគ្រប់គ្រាន់.” ឌឺខេមបូឌាដេលី ចុះថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៣។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.cambodiadaily.com/elections/un-rights-envoy-subedi-says-electoral-reform-inadequate-40195/
  35. 35. ចូស៊ូ លីប. “តំណាងរាស្ត្រគណបក្សប្រឆាំងនៃប្រទេសកម្ពុជា ធ្វើសម្បថមុនកាន់តំណែង.” វិទ្យុអាស៊ីសេរី ចុះថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០១៤។ ចូលអាននៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៥។ http://www.rfa.org/english/news/cambodia/oath-08052014172933.html
  36. 36. ក្រុមប្រឹក្សាធម្មនុញ្ញ. “អ្វីទៅជា ក្រុមប្រឹក្សាធម្មនុញ្ញ?” ចូលអាននៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៥។ http://www.ccc.gov.kh/whatisccc_en.php
  37. 37. ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ (២០០៧), មាត្រា៣ថ្មី។
  38. 38. ដូចខាងដើម, មាត្រា ១២ថ្មី។
  39. 39. ច្បាប់ស្តីពីគណបក្សនយោបាយ (១៩៩៧), មាត្រា២៥។
  40. 40. ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ (១៩៩៨), មាត្រា២៦។
  41. 41. ដូចខាងដើម។ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ (២០០៧), មាត្រា២៥ថ្មី និង មាត្រា២៧ថ្មី។
  42. 42. ដូចខាងដើម, មាត្រា៣៤ថ្មី។ ។
  43. 43. ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា (២០១៥), មាត្រា ៧, មាត្រា ១០ និង មាត្រា ២១។
  44. 44. ដូចខាងដើម, មាត្រា២២។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

TYeTs
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!