ថាមពល

 

ខ្សែភ្លើងនៅក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ រូបថត​ ដោយ judithbluepool បានថតនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១១។ ក្រោមអាជ្ញាបណ្ណ CC BY-NC 2.0.

ថាមពល គឺមានអត្ថន័យលើសពីអគ្គិសនី។ ថាមពល គឺជាមធ្យោបាយទាំងឡាយណាដែលប្រើប្រាស់ ដើម្បីផ្ដល់ថាមពលសម្រាប់ឧស្សាហកម្ម និងប្រើប្រាស់ក្នុងស្រុក ចាប់ពីអុសដុតសម្រាប់ចំអិនអាហារ រហូតដល់ការផលិតថាមពលអគ្គិសនីថ្នាក់ជាតិ។

ផ្នែកនេះផ្តោតសំខាន់ទៅលើការផលិត ការចែកចាយ និងការប្រើប្រាស់ថាមពល។ សកម្មភាពនានាដែលពាក់ព័ន្ធនឹងការរុករករ៉ែ ការទាញយករ៉ែ និងការចម្រាញ់យក ប្រេង និងឧស្ម័ន គឺត្រូវបានពិពណ៌នានៅក្នុងផ្នែកឧស្សាហកម្មនិស្សារណកម្ម

ប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ប្រទេសកម្ពុជា បានចាប់ផ្តើមអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងលឿន។ យ៉ាងនេះក្តី ប្រទេសនេះ នៅតែខ្វះហេដ្ឋារចនាសម្ព័ន្ធដែលចាំបាច់ ដើម្បីឱ្យវិស័យថាមពលឆ្លើយតបទៅនឹងល្បឿននៃការអភិវឌ្ឍ។ សន្តិសុខផ្នែកថាមពល បានសម្រួលដល់កំណើន និងនិរន្តរភាពសេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជា ។ ការផ្គត់ផ្គង់ថាមពល និងការទទួលបាននូវថាមពលប្រើប្រាស់ គឺជាមូលដ្ឋានគ្រឹះក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍។1 ដោយសារកំណើនរបស់ប្រជាជន និងការពង្រីកវិស័យឧស្សាហកម្ម ការប្រើប្រាស់អគ្គិសនីរបស់ប្រទេសកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើង ៩,៤ ភាគរយ រៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២០។2

នៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលបានប្តេជ្ញានឹងធ្វើឱ្យមាន”អគ្គិសនីប្រើប្រាស់ចូលទៅដល់គ្រប់ភូមិទាំងអស់ នៅត្រឹមឆ្នាំ២០២០” ដែលនេះជាវិស័យអាទិភាព នៅក្នុងអាណត្តិទី៥ នេះ។3 ដើម្បីសម្រេចបានគោលដៅទាំងនេះ ច្បាប់ និងគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យថាមពល ត្រូវបានអនុម័ត ខណៈកិច្ចសហប្រតិបត្តិការ និងការចូលរួមពីភាគីពាក់ព័ន្ធនានា រួមមាន ក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិនិយោគិនឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីដើមឆ្នាំ២០១៨ បានឱ្យដឹងថា ៩៧,៦ ភាគរយនៃគ្រួសារទាំងអស់នៅកម្ពុជាមានលទ្ធភាពប្រើប្រាស់អគ្គិសនីយ៉ាងហោចណាស់មួយប្រភព គឺ ៧១,៥ ភាគរយពីប្រភពដែលតភ្ជាប់ទៅបណ្ដាញជាតិ និង២៦,១ ភាគរយពីប្រភពដែលមិនតភ្ជាប់ជាមួយបណ្តាញជាតិ ដូចជាប្រព័ន្ធពន្លឺព្រះអាទិត្យតាមផ្ទះ និងអាគុយសាកថ្ម។4

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរអគ្គិសនីកម្ពុជា បាននឹងកំពុងផ្គត់ផ្គង់អគ្គិសនីដល់ភូមិចំនួន ១២៣០៥ (ស្មើនឹង ៨៧ ភាគរយនៃភូមិទាំងអស់នៅក្នុងប្រទេសកម្ពុជា) ដោយមានបណ្តាញចែកចាយដែលនឹងត្រូវសាងសង់ឆាប់ៗសម្រាប់ភូមិចំនួន ១៧៦៧ បន្ថែមទៀត (១២,៥ ភាគរយ)។5

បញ្ហាប្រឈមចម្បងៗចំពោះវិស័យថាមពលរបស់ប្រទេសកម្ពុជា មានដូចជា៖

  • ការពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈ និងអគ្គិសនីនាំចូល
  • កង្វះអគ្គិសនី និងការដាច់ភ្លើង ជាបញ្ហាដែលកើតមានញឹកញាប់
  • ជម្រើសជាច្រើនសម្រាប់ការផលិតថាមពល ដូចជាទំនប់វារីអគ្គិសនី និងស្ថានីយ៍ដើរដោយធ្យូងថ្ម អាចនាំមកនូវផលប៉ះពាល់ខ្ពស់ដល់បរិស្ថាន។

កម្ពុជា ពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន បើទោះជាមានការរកឃើញប្រេងនៅក្នុងដែនសមុទ្រក៏ដោយ។ អាជ្ញាប័ណ្ណជាច្រើន ត្រូវបានផ្តល់សម្រាប់ការរុករកនៅប្លុកប្រេង និងឧស្ម័ន។ នៅឆ្នាំ២០១៦ កម្ពុជា បានប្រើប្រាស់ប្រេងអស់ចំនួន ៤៨,០០០បារ៉ែល ក្នុងមួយថ្ងៃ។6 ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើប្រេងនាំចូល និងប្រព័ន្ធផ្គត់ផ្គង់ថាមពលដែលមានភាពរអាក់រអួល តម្លៃអគ្គិសនីនៅកម្ពុជា គឺជាតម្លៃខ្ពស់បំផុតមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក។7

អគ្គិសនី

ប្រភពនៃការផលិតថាមពលអគ្គិសនីរបស់ប្រទេសកម្ពុជា

ថាមពលអគ្គិសនីភាគច្រើន ដែលបានបង្កើតនៅក្នុងប្រទេសកម្ពុជា បានមកពីប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូតធន់ធ្ងន់ រហូតមកដល់ខែមីនា ឆ្នាំ២០១១ ថាមពលអគ្គិសនីចំនួន ៩០ ភាគរយ ត្រូវបានផលិតតាមវិធីនេះ។8 សព្វថ្ងៃនេះ ទំនប់វារីអគ្គិសនី និងស្ថានីយ៍ដើរដោយធ្យូងថ្ម ផលិតអគ្គិសនីបានច្រើនជាងគេ។

ទោះជាយ៉ាងណា បើគិតត្រឹមខែធ្នូ ឆ្នាំ២០១៨ មាន ៤៨,៥ ភាគរយនៃអគ្គិសនីដែលផលិតក្នុងស្រុកបានមកពីទំនប់វារីអគ្គិសនី ហើយ ៣៤,៥ ភាគរយ បានមកពីស្ថានីយ៍ដើរដោយធ្យូងថ្ម និង១,៩ ភាគរយប៉ុណ្ណោះ ដែលផលិតពីប្រេងឥន្ធនៈ។9 កម្ពុជា បាននាំចូលអគ្គិសនីចំនួន ១៥ ភាគរយ ដែលភាគច្រើនមានប្រភពពីប្រទេសវៀតណាម (១១ ភាគរយ នៃអគ្គិសនីដែលកម្ពុជាប្រើប្រាស់ទាំងអស់) ប្រទេសថៃ (២,៨ ភាគរយ) និងប្រទេសឡាវ (០,៧ ភាគរយ)។10

 

តារាងខាងលើ បង្ហាញពីភាពខុសគ្នារវាងការប៉ាន់ប្រមាណដោយផ្អែកលើទិន្នន័យរបស់ធនាគារពិភពលោកពីឆ្នាំ២០១២ អំពីថាតើអគ្គិសនីរបស់ប្រទេសកម្ពុជានឹងត្រូវបានផលិតដោយរបៀបណានៅក្នុងឆ្នាំ២០១៤ និងទិន្នន័យដែលបានរាយការណ៍ដោយអាជ្ញាធរអគ្គិសនីកម្ពុជា ស្តីពីការផលិតថាមពលអគ្គិសនីនៅក្នុងឆ្នាំ២០១៤។

ធនាគារអភិវឌ្ឍន៍អាស៊ីបានព្យាករថា តម្រូវការអគ្គិសនីកម្រិតខ្ពស់បំផុតរបស់ប្រទេសកម្ពុជា នឹងកើនឡើងទ្វេដង ដល់ទៅ ២,៤០១ មេហ្គាវ៉ាត់ នៅរវាងឆ្នាំ២០១៥ និងឆ្នាំ២០២៥។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនេះ ប្រទេសកម្ពុជា អាចទទួលបានថាមពលដែលមានតម្លៃសមរម្យ តាមរយៈការនាំចូលពីប្រទេសជិតខាង ជាជាងការផលិតថាមពលអគ្គិសនីដោយខ្លួនឯងផ្ទាល់។11

ជាទូទៅ ក្រសួងរ៉ែ និងថាមពល ព្យាករថា តម្រូវការថាមពលដ៏ចម្បងរបស់កម្ពុជា ដែលបានមកពីប្រេងឥន្ធនៈទាំងអស់នឹងកើនឡើង ៥,៤ ភាគរយ ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០៣៥។ មកត្រឹមខែមីនា ឆ្នាំ២០១៩ មានរោងចក្រថាមពលធ្យូងថ្មចំនួន ២ នៅខេត្តព្រះសីហនុ។ រោងចក្រទីមួយ គ្រប់គ្រងដោយក្រុមហ៊ុន Cambodia International Investment Development Group (CIIDG) និងរោងចក្រមួយទៀត ជារបស់ក្រុមហ៊ុនម៉ាឡេស៊ី Leader Universal Holdings ហើយរោងចក្រទីបី គ្រោងនឹងដាក់ឱ្យដំណើរការមុនដំណាច់ឆ្នាំ២០១៩។12 ការកើនឡើងនៃការប្រើប្រាស់ធ្យូងថ្ម ត្រូវបានព្យាករថា នឹងធ្វើឲ្យមានការកើនឡើងការបញ្ចេញឧស្ម័នកាបូនិកចំនួន ៦ ភាគរយ ក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០៣៥។13 នៅចុងឆ្នាំ២០១៨ មានវារីអគ្គិសនីចំនួន ៩ កន្លែងកំពុងប្រតិបត្តិការ ដោយ ៧ កន្លែងផ្ដល់ថាមពលអគ្គិសនីទៅបណ្ដាញជាតិ។ ទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលមានទំហំ ៤០០ មេហ្គាវ៉ាត់ បានដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី។14

រាជធានីភ្នំពេញ ប្រើប្រាស់ថាមពលអគ្គិសនីអស់ចំនួន ៩០ ភាគរយ15 ខណៈពេលដែលចំនួនប្រជាជនសរុបដែលអាចប្រើប្រាស់អគ្គិសនី បានកើនឡើងទ្វេដងនៅចន្លោះឆ្នាំ២០០២ និង២០១១។16

ការចែកចាយអគ្គិសនី ការសាងសង់ទំនប់វារីអគ្គិសនី និងបញ្ហាផ្សេងទៀត នៅក្នុងវិស័យ ថាមពល មានផលវិបាកទាំងក្នុងតំបន់ និងឆ្លងកាត់ព្រំដែន និងមានស្ថាប័ន និងកិច្ចព្រមព្រៀងជាផ្លូវការដទៃទៀតដែលលើកឡើងពីបញ្ហាអស់ទាំងនេះ ដូចជាគណៈកម្មការទន្លេមេគង្គ ជាដើម។

បច្ចុប្បន្នភាពចុងក្រោយ៖ ០៦ មិថុនា ២០១៩

ទាក់ទងនឹងថាមពល

ឯកសារយោង

  1. 1. អង្គការ Practical Action. “ថាមពលអគ្គិសនី និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍.” ចូលអាន ២០ សីហា ២០១៤. https://practicalaction.org/blog/programmes/energy/energy-and-the-millennium-development-goals/
  2. 2. ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល. ២០១៣. “គោលនយោបាយជាតិ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ស្តីពីប្រសិទ្ធភាពក្នុងការគ្រប់គ្រងថាមពល នៅក្នុងប្រទេសកម្ពុជា.” ចូលអាន ១៣ តុលា ២០១៥. https://data.opendevelopmentcambodia.net/laws_record/national-policy-strategy-and-action-plan-on-energy-efficiency-in-cambodia​
  3. 3. កាសែត ឌឹខេមបូឌា ហឹរ៉ល. “លោក ហ៊ុន សែន មានប្រសាសន៍ថា ភូមិទាំងអស់នឹងមានអគ្គិសនីប្រើប្រាស់ នៅឆ្នាំ២០២០.” ចុះផ្សាយថ្ងៃទី២០ កុម្ភៈ ២០១៣. ចូលអាន ២៥ វិច្ឆិកា ២០១៤. http://www.thecambodiaherald.com/cambodia/hun-sen-says-all-villages-to-have-electricity-by-2020-3449
  4. 4. ធនាគារពិភពលោក, ថ្ងៃទី១៥ មីនា ២០១៨. កម្ពុជា លើសពីការតភ្ជាប់បណ្តាញ៖ ការវិនិច្ឆ័យតាមអភិក្រមក្របខណ្ឌពហុលំដាប់លើលទ្ធភាពទទួលបានថាមពល. វ៉ាស៊ីនតោន ឌីស៊ី. http://documents.worldbank.org/curated/en/141011521693254478/Cambodia-Beyond-connections-energy-access-diagnostic-report-based-on-the-multi-tier-framework
  5. 5. អាជ្ញាធរអគ្គិសនីកម្ពុជា ២០១៨. វឌ្ឍនភាពសំខាន់ៗរបស់វិស័យអគ្គិសនីនៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ខែធ្នូ ឆ្នាំ២០១៨. របាយការណ៍សង្ខេបបូកសរុបបញ្ចប់ឆ្នាំ២០១៨. https://eac.gov.kh/uploads/salient_feature/khmer/salient_feature_2018_kh.pdf
  6. 6. រដ្ឋបាលព័ត៌មានថាមពលសហរដ្ឋអាមេរិក ២០១៩. ចំនួនការប្រើប្រាស់ប្រេងសរុប (តាមប្រទេស). https://www.eia.gov/beta/international/data/browser ចូលអាន ២១ មេសា ២០១៩
  7. 7. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា. “តម្លៃធ្វើជំនួញ៖ តម្លៃឧបករណ៍ប្រើប្រាស់.” ចូលអាន ៣០ មករា ២០១៥. http://www.cambodiainvestment.gov.kh/why-invest-in-cambodia/investment-enviroment/cost-of-doing-business/utility-cost.html
  8. 8. វ៉ិចទ័រ ចូណា. ២០១២. “គោលនយោបាយ ច្បាប់ និងបទបញ្ញត្តិ ស្ដីពីការទទួលបានថាមពលអគ្គិសនីប្រើប្រាស់សម្រាប់ទាំងអស់គ្នា” (បទបង្ហាញធ្វើឡើងនៅថ្ងៃទី៤-៥ ខែមិថុនា ឆ្នាំ២០១២).
  9. 9. អាជ្ញាធរអគ្គិសនីកម្ពុជា ២០១៨.
  10. 10. ដូចឯកសារយោងខាងលើ
  11. 11. Anthony Jude​,​ ធនាគារអភិវឌ្ឍន៍អាស៊ី​.​ “​ការ​សម្របសម្រួល​ទីផ្សារ​មហា​អនុ​តំបន់​ទន្លេមេគង្គ​.”​ ចូល​អាន​ ៥​ តុលា​ ២០១៥.​ https://www.iea.org/reports/southeast-asia-energy-outlook-2013
  12. 12. សមាគម​អ្នក​សាងសង់​កម្ពុជា​ ២០១៩.​ “រោងចក្រ​អគ្គិសនី​ដែល​ដើរ​ដោយ​ធ្យូងថ្ម​ ទំហំ​១៥០​ មេ​ហ្គា​វ៉ា​ត់​ នៅ​ខេត្ត​ព្រះ​សីហ​នុ​ជិត​ដាក់​ឲ្យ​ដំណើរការ​” ចុះ​ផ្សាយ​ថ្ងៃ​ទី​ ១៩​ មីនា ២០១៩. https://www.construction-property.com/read-news-1709​ ចូល​អាន​ ៣០​ មីនា​ ២០១៩.
  13. 13. លាង​ វុ​ទ្ធី​.​ ២០១៣.​ របាយការណ៍​នៃ​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ Kimura,​ S.​ (ed)​ “​ការ​វិភាគ​លើ​សក្តានុពល​នៃ​ការ​សំចៃ​ថាមពល​ នៅ​អាស៊ី​ខាងកើត​,​ របាយការណ៍​សិក្សា​ស្រាវជ្រាវ​ គម្រោង​ ERIA​ ឆ្នាំ​២០១២-២០១៩”,​ ទំព័រ​ ៩៩-១១៣.​ ERIA.​ ចូល​អាន​ ៥​ តុលា​ ២០១៥.​ http://www.eria.org/RPR_FY2012_No.19_chapter_4.pdf
  14. 14. សមាគម​អ្នក​សាងសង់​កម្ពុជា​ ២០១៨.​ “​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​”​ ចុះ​ផ្សាយ​ថ្ងៃ​ទី​១៧​ ធ្នូ​ ២០១៨​។​ https://www.construction-property.com/khread-news-1549/​ ចូល​អាន​ ២៨​ មក​រា​ ២០១៩.
  15. 15. លោក​ Mark​ Grimsditch.​ “​ទន្លេសេសាន​ ស្រែ​ពក​ សេ​កុង​ ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​៖​ ការ​យល់​ដឹង​អំពី​ការ​គំរាមកំហែង​ និង​បញ្ហា​ប្រឈម​ថ្មីៗ​ ពី​ការ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ទៅ​លើ​ជីវ​ជម្រុះ​ និង​សិទ្ធិ​របស់​សហគមន៍​ រស់នៅ​ក្នុង​អាង​ទន្លេសេសាន​ ស្រែ​ពក​ សេ​កុង​.”​ ចេញផ្សាយ​រួម​គ្នា​ដោយ​អង្គការ​បណ្តាញ​ការពារ​ទន្លេសេសាន​ ស្រែ​ពក​ សេ​កុង​ (៣​ស​)​ និង​អង្គការ​ទន្លេ​អន្តរជាតិ​,​ ឆ្នាំ​២០១២.​ ចូល​អាន​ ៣០​ មក​រា​ ២០១៥. https://data.opendevelopmentcambodia.net/en/library_record/8a2792e5-c94d-5d7d-a5b2-bb7b5fcc3582
  16. 16. ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ (IEA).​ ទស្សនៈវិស័យ​ថាមពល​អាស៊ី​អាគ្នេយ៍​.​ ប្រទេស​បារាំង​៖​ ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​/​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​,​ ខែកញ្ញា​ ឆ្នាំ​២០១៣.​ ចូល​អាន​ ៣០​ មក​រា​ ២០១៥.​ http://www.iea.org/publications/freepublications/publication/southeastasiaenergyoutlook_weo2013specialreport.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

yWUfL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!