ការអប់រំកម្រិតឧត្តមសិក្សា

ការអប់​រំ​កម្រិត​ឧត្តម​សិក្សា​ជា​ទូទៅ​សំដៅលើ​ការ​អប់រំ​លើស​ពី​កម្រិត​មធ្យមសិក្សា​។​ គ្រឹះស្ថានឧត្តមសិក្សា​នៅ​កម្ពុជា​អាច​បែងចែក​ជា​បី​ប្រភេទ​គឺ​៖​ រាជបណ្ឌិត្យសភា​ សាកលវិទ្យាល័យ​ និង​មហាវិទ្យាល័យ​។​ ​ការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​​នៅ​កម្ពុជា​ ​រួម​​មាន​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ​ ៤​ ឆ្នាំ​ ថ្នាក់អនុបណ្ឌិត​ ២​ ឆ្នាំ​ និង​បណ្ឌិត​ ៣​ ឆ្នាំ​ដល់​ ៦​ ឆ្នាំ​។​1

មុន​ពេល​មានការ​អភិវឌ្ឍដូច​​ពេល​បច្ចុប្បន្ន​​នេះ​ ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​កម្ទេច​ចោល​ក្នុង​របប​ខ្មែរក្រហម​ (១៩៧៥-១៩៧៩)​ ហើយ​ទើបតែ​អាច​កសាង​ឡើង​វិញ​បាន​បន្ទាប់​ពី​សម័យកាល​បាន​បញ្ចប់​។​ សម័យនេះ​ឃើញ​មានការ​បើក​ឡើង​វិញ​នូវ​សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​បាន​សាងសង់​មុន​សម័យ​ខ្មែរក្រហម​ ដូច​ជា​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ជាដើម​។​2​ ចាប់តាំងពី​ពេល​នោះ​មក​ ព្រះរាជាណាចក្រ​បាន​ចាប់ផ្តើម​ពង្រីក​ និង​រៀបចំ​រចនាសម្ព័ន្ធ​ឧត្តម​សិក្សា​ឡើង​វិញ​ដោយ​បង្កើត​គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​ និង​ណែនាំ​កម្មវិធី​បង់ថ្លៃ​សម្រាប់​គ្រឹះស្ថានសាធារណៈ​ និង​ឯកជន​។​ នៅ​ឆ្នាំ​ ១៩៩៧​ គ្រឹះស្ថានឧត្តមសិក្សា​ឯកជន​ដំបូង​គេ​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​គោលនយោបាយ​នេះ​។​3 ក្រោយមក​ ឧត្តម​សិក្សា​ទាំង​សាធារណៈ​ និង​ឯកជន​បាន​ចាប់ផ្តើម​កើនឡើង​ពី​ ៨​ ក្នុង​ឆ្នាំ​ ១៩៩៧​ ដល់​ ៧០​ ក្នុង​ឆ្នាំ​ ២០០៩​ ដល់​ ១២៨​ ក្នុង​ឆ្នាំ​ ២០២០​ ដែល​មាននៅ​ក្នុង​ខេត្ត​ និង​រាជធានី​ចំនួន​ ២០​។​4 ជាង​នេះ​ទៅ​ទៀត​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ត្រួតពិនិត្យ​គ្រឹះស្ថានឧត្តមសិក្សា​ចំនួន​ ៨០​ ក្នុង​ចំណោម​គ្រឹះស្ថានឧត្តមសិក្សា​ទាំង​ ១២៨​។​5

ការ​ចុះ​ឈ្មោះ​ចូល​រៀន​​

ការ​ចុះ​ឈ្នោះ​ចូល​រៀន​របស់​សិស្ស​នៅ​ថ្នាក់ឧត្តម​សិក្សា​បាន​កើនឡើង​ពី​ ២៨,០៨០​ នាក់​ក្នុង​ឆ្នាំ​ ២០០០​ ដល់​ ២២៣,២២១​ នាក់​ក្នុង​ឆ្នាំ​២០១០​6​ និង​ ២០១,៩០០​ រួម​ទាំង​និស្សិត​អន្តរជាតិ​ចំនួន​ ១៥៥​ នាក់​ក្នុង​ឆ្នាំ​ ២០២០-២១​។​ ប៉ុន្តែ​ដោយសារ​តែ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ មានការ​ធ្លាក់​ចុះ​នៃ​ការ​ចុះ​ឈ្មោះ​សិស្ស​ក្នុង​ថ្នាក់​បរិញ្ញាបត្រ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០​ ប៉ុន្តែ​មានការ​កើនឡើង​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ថ្នាក់បណ្ឌិត​។​7​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​សរុប​ (​អាយុ​ពី​ ១៨​ ទៅ​ ២២​ ឆ្នាំ​)​ ក៏​បាន​កើនឡើង​​ពី​ ៦%​ ក្នុង​ឆ្នាំ​ ២០០៦​ ដល់​ ១០%​ ក្នុង​ឆ្នាំ​ ២០១៨​។​8 ទោះជា​យ៉ាងណា​ក៏​ដោយ​ អត្រា​នេះ​នៅ​មាន​កម្រិត​ទាប​នៅឡើយ​ដោយសារ​មិន​ទាន់​ឈាន​ដល់​គោលដៅ​ ២៣%​ ដែល​កំណត់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​។​9​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​ទាប​អាច​បណ្តាល​មក​ពី​កង្វះ​សាកលវិទ្យាល័យ​នៅ​តាម​ខេត្ត​ដែល​បង្ក​ការ​លំបាក​ដល់​សិស្ស​ក្នុង​ការ​ធ្វើ​ចំណាកស្រុក​ទៅ​រាជធានី​។​ ជាង​នេះ​ទៅ​ទៀត​ ឧបសគ្គ​ភាសា​ក៏​គឺជា​កត្តា​មួយ​ក្នុង​ចំនោម​បញ្ហា​ដែល​រារាំង​ដល់​ទឹកចិត្ត​របស់​សិស្ស​នៅ​ជនបទ​ក្នុង​ការ​បន្ត​ការ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ដោយសារ​សិស្ស​នៅ​តាម​បណ្តា​ខេត្ត​យល់​ថា​វា​ពិបាក​ក្នុង​ការ​ចូល​រៀន​វគ្គ​សិក្សា​ជា​ភាសាបរទេស​។​10 ហេតុផល​មួយទៀត​គឺ​ សិស្ស​មួយ​ចំនួន​មិន​បាន​ប្រឡង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ​ដោយសារ​កំណែទម្រង់​ប្រឡង​តឹងរ៉ឹង​ ដូច្នេះ​ហើយ​សិស្ស​មិន​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ឆ្នាំ​មូលដ្ឋាន​គ្រឹះ​នៃ​ថ្នាក់ឧត្តម​សិក្សា​។​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​មួយ​ចំនួន​ជ្រើសរើស​សិក្សា​សញ្ញាបត្រ​បរិញ្ញាបត្រ​រង​។​ យ៉ាងណា​ក្តី​ គេ​រំពឹង​ថា​ចំនួន​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​ឧត្តម​សិក្សា​នៅ​ឆ្នាំ​ ២០៣០​ នឹង​កើនឡើង​ទ្វេ​ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៨​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កំណត់​គោលដៅ​នៃ​ការ​ចុះ​ឈ្មោះ​ត្រឹម​ ២២,៧%​ ក្នុង​ឆ្នាំ​ ២០២៤​ ដល់​ឆ្នាំ​ ២០២៨​ និង​ ២៥%​ នៅ​ឆ្នាំ​ ២០៣០​។11

ទាក់ទង​នឹង​ការ​រើស​ជំនាញ​សិក្សា​នៅ​ថ្នាក់ឧត្តម​សិក្សា​ និស្សិត​ភាគច្រើន​ជ្រើសរើស​ជំនាញ​វិទ្យាសាស្ត្រ​សង្គម​ ហើយ​មាន​តែ​ប្រហែល​ ៣០%​ ប៉ុណ្ណោះ​ដែល​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​ស្ទែ​ម​ (​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ព័ត៌មាន​ វិស្វកម្ម​ សិល្បៈ​ គណិត​វិទ្យា​)​។​12 ដោយសារ​ចំនួន​សិស្ស​ដែល​សិក្សា​ជំនាញ​ស្ទែ​ម​មាន​តិចតួច​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ធ្វើការ​លើកកម្ពស់​ និង​បង្កើន​លទ្ធភាព​ចូល​រៀន​ជំនាញ​ស្ទែ​ម​របស់​និស្សិត​ក្នុង​កម្រិត​ឧត្តម​សិក្សា​ដោយ​បង្កើត​វគ្គ​បណ្តុះបណ្តាល​ និង​កម្មវិធី​ថ្មីៗ​ផ្តោត​លើ​ជំនាញ​នេះ​។​ ជាង​នេះ​ទៅ​ទៀត​ កម្ពុជា​ក៏​ប្រឈម​មុខ​នឹង​បញ្ហា​គម្លាត​នៅ​ថ្នាក់អនុបណ្ឌិត​ដែល​ទាមទារ​ការ​វិនិយោគ​បន្ថែម​លើ​មុខ​ជំនាញ​ទាក់ទង​នឹង​ស្ទែ​ម​។​13

អាហារូបករណ៍​នៅ​ឧត្តម​សិក្សា​

​គ្រឹះស្ថានឧត្តមសិក្សា​សា​ធារ​ណះ​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​ដល់​សិស្ស​ក្នុង​ទម្រង់​នៃ​ការ​ពុំ​បាច់​បង់ថ្លៃ​សិក្សា​។​ អាហារូបករណ៍​រដ្ឋាភិបាល​គ្របដណ្តប់​ប្រហែល​ ១៥%​ នៃ​ការ​ចុះ​ឈ្មោះ​របស់​សិស្ស​សរុប​។​14​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បង្កើត​កម្មវិធី​ដែល​ផ្តល់​អាហារូបករណ៍​ពេញលេញ​ដល់​និស្សិត​ប​ឆ្នាំ​ទី​ ១​ នៅ​ថ្នាក់ឧត្តម​សិក្សា​។​ លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​ជ្រើសរើស​គឺ​ផ្អែក​លើ​ភេទ​ ទីតាំង​តំបន់​ និង​សមិទ្ធផល​របស់​សិស្ស​ ដែល​ផ្អែក​លើ​ការ​រួម​បញ្ចូល​គ្នា​ដូច​ជា​៖​ សិស្ស​ក្រីក្រ​ (២០%)​ សិស្ស​ស្រី​ (១៥%)​ តំបន់​ជួប​ការ​លំបាក​ (៥%)​ សិស្ស​ពូកែ​ (៦០%)​ និង​ការ​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញ​អាទិភាព​។​15 ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​ ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​បញ្ជូន​និស្សិត​អាហារូបករណ៍​កម្ពុជា​ចំនួន​ ៤៣៧​ នាក់​ (​ស្រី​ ១៤៣​នាក់​)​ ទៅ​ក្រៅប្រទេស​ដែល​ចាប់ពី​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រហូត​ដល់​ថ្នាក់បណ្ឌិត​។​16​ ផែនការ​អនាគត​ក៏​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ផង​ដែរ​ ដើម្បី​ជួយ​ដល់​និស្សិត​អាហារូបករណ៍​ ខណៈ​ដែល​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​នឹង​រៀបចំ​គោលនយោបាយ​ស្តី​ពី​ការ​ផ្តល់​អាហារូបករណ៍​ និង​ក្រេ​ឌី​ត​សម្រាប់​សិស្សានុសិស្ស​ក្នុង​កម្រិត​ឧត្តម​សិក្សា​ជាមួយនឹង​ការ​បង្កើន​ទីស្នាក់អាស្រ័យ​សម្រាប់​និស្សិត​ស្រី​ផង​ដែរ​។​17

កំណែទម្រង់​ឧត្តម​សិក្សា​

​កម្ពុជា​មិន​ទាន់​ក្លាយជា​សង្គម​ដែល​ផ្អែក​លើ​ចំណេះដឹង​នៅឡើយ​ទេ​ ប៉ុន្តែ​ប្រទេស​នេះ​សង្ឃឹមថានឹង​ផ្លាស់​ប្តូរ​ពី​សង្គម​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​ទៅ​ជា​សង្គម​ផ្អែក​លើ​ចំណេះដឹង​។​ ដោយ​មើលឃើញ​ថា​ឧត្តម​សិក្សា​នៅ​កម្ពុជា​កំពុង​មានការ​វិវឌ្ឍន៍​ ប្រទេស​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៧៥​ ក្នុង​ចំណោម​ប្រទេស​ ១០០​ ទាក់ទង​នឹង​គុណភាព​ឧត្តម​សិក្សា​ បើ​យោង​តាម​របាយការណ៍​ត្រៀមខ្លួន​សម្រាប់​អនាគត​នៃ​ផលិតកម្ម​ឆ្នាំ​ ២០១៨​ ដោយ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ ចំណែកឯ​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ ដូច​ជា​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ជាប់​ចំណាត់ថ្នាក់​ទី​ ២៣​ ប្រទេស​ហ្វី​លី​ពី​នទី​ ២៧​ និង​ប្រទេស​ថៃ​ទី​ ២៨​។​18​ ក្រៅពី​គុណភាព​ និង​លទ្ធផល​នៃ​សាកលវិទ្យាល័យ​ កម្ពុជា​ក៏​នៅ​ខ្វះខាត​សមត្ថភាព​ស្រាវជ្រាវ​ក្នុង​វិស័យ​ឧត្តម​សិក្សា​ផង​ដែរ​។​ ប្រទេស​កម្ពុជា​បាន​ជាប់​ចំណាត់ថ្នាក់​ទី​ ៨​ ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​ ១០​ ទាក់ទង​នឹង​លទ្ធផល​នៃ​ការ​បោះពុម្ពផ្សាយ​ស្រាវជ្រាវ​នៅ​ក្នុង​ឧត្តម​សិក្សា​រវាង​ឆ្នាំ​ ២០១០​ ដល់​ ២០១៩​។​19​ ហេតុ​ដូច្នេះ​ហើយ​ កំណែទម្រង់​គឺ​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី​ជួយ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​នេះ​។​20​ កំណែទម្រង់​ឧត្តម​សិក្សា​ភាគច្រើន​ក៏​ផ្តោត​ និង​ឆ្លុះ​បញ្ចាំង​លើ​ការ​លើកកម្ពស់​គុណភាព​អប់រំ​ និង​ប្រសិទ្ធភាព​នៃ​អភិបាលកិច្ច​ និង​ការ​គ្រប់គ្រង​ក្នុង​ឧត្តម​សិក្សា​។​ ដោយ​ទទួលស្គាល់​សារៈសំខាន់​នៃ​ការ​អប់រំ​ឧត្តម​សិក្សា​ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​ ក៏​ដូច​ជា​តម្រូវការ​សម្រាប់​សមាហរណកម្ម​ក្នុង​តំបន់​ និង​អន្តរជាតិ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បាន​ណែនាំ​គោលនយោបាយ​ និង​កំណែទម្រង់​សំខាន់ៗ​មួយ​ចំនួន​ដូចជា ​គោលនយោបាយ​ស្តី​ពី​ចក្ខុវិស័យ​ឧត្តម​សិក្សា​ឆ្នាំ ​២០៣០​ ​គោលនយោបាយ​ស្តី​ពី​អភិបាលកិច្ច​ និង​ហិរញ្ញវត្ថុ​នៃ​ឧត្តម​សិក្សា​សម្រាប់​កម្ពុជា​ និងផែនទី​បង្ហាញ​ផ្លូវនៅឧត្តមសិក្សាកម្ពុជាឆ្នាំ២០៣០ និងក្រោយឆ្នាំ២០៣០។​21​ ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​ដែល​បាន​រាយ​នៅ​ក្នុង​គោលនយោបាយ​ទាំងនេះ​ កម្រិត​រចនាសម្ព័ន្ធ​ចំនួន​បី​ត្រូវ​បាន​ជំរុញ​​ឱ្យធ្វើ​ការ​រួម​គ្នា​ រួម​មាន​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​អប់រំ​ គណៈកម្មាធិការ​ក្រុមការងារ​បច្ចេកទេស​ឧត្តម​សិក្សា​ និង​ការ​អនុវត្ត​ក្រសួង​/​ស្ថាប័ន​/​វិទ្យាស្ថាន​/​មាតាបិតា​និង​សិស្ស​/​ដៃគូ​អភិវឌ្ឍន៍​។​22

នៅ​ឆ្នាំ​ ២០០៣​ រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ទទួលស្គាល់​គុណភាព​អប់រំ​កម្ពុជា​ (​គ​ទក​)​ ដែល​ជា​អង្គភាព​ឯករាជ្យ​មាន​ភារកិច្ច​ត្រួតពិនិត្យ​ និង​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​គុណភាព​សិក្សា​របស់​ស្ថាប័ន​ដែល​មាន​បំណង​ចង់​ផ្តល់​ជំនួយ​ថ្នាក់​បរិញ្ញាបត្រ​ អនុ​បណ្ឌិត​ និង​បណ្ឌិត​នៅ​កម្ពុជា​។​ គណៈកម្មាធិការ​នេះ​ក៏​បង្កើត​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ទទួលស្គាល់​ដើម្បី​បង្កើន​គុណភាព​នៃ​គ្រឹះស្ថាន​អប់រំ​ទាំងអស់​នៅ​ក្នុង​ប្រទេស​។​23

​បន្ទាប់​ពី​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ពាក់កណ្តាល​អាណត្តិ​ក្នុង​ឆ្នាំ​ ២០១៦​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កែសម្រួល​គោលនយោបាយ​អប់រំ​ និង​ពង្រឹងគុណភាព​នៃ​ឧត្តម​សិក្សា​នៅ​កម្ពុជា​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​កាត់​បន្ថយ​ចំនួន​គោលនយោបាយ​អប់រំ​ពី​ ៣​​ ទៅ​ត្រឹម​ ២​ ដើម្បី​ឱ្យ​ស្រប​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​៤​។​ គោលនយោបាយ​ទាំង​ពីរ​នោះ​គឺ​ (១)​ ធានា​ការ​អប់រំ​ប្រកបដោយ​គុណភាព​បរិ​យា​បន្ន​ និង​សមធម៌​ និង​លើកកម្ពស់​កាលានុវត្តភាព​សិក្សា​ពេញ​មួយ​ជីវិត​សម្រាប់​ប្រជាជន​គ្រប់​រូប​ និង​ (២)​ ធានា​ភាព​ស័ក្តិសិទ្ធិ​នៃ​ភាព​ជា​អ្នកដឹកនាំ​ និង​គ្រប់គ្រង​របស់​មន្ត្រី​អប់រំ​គ្រប់​លំ​ដាក់​ថ្នាក់​។​24 លទ្ធផល​ពី​វឌ្ឍនភាព​នៃ​អនុ​វិស័យ​បាន​កត់​សម្គាល់ថា​ការ​អប់រំ​ឧត្តម​សិក្សា​ក្រោម​គោលនយោបាយ​ទាំង​ពីរ​នេះ​សម្រេច​បាន​លទ្ធផល​ជាក់លាក់​មួយ​ចំនួន​ ដូច​ជា​ភាគរយ​អាយុ​នៃ​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​កម្មវិធី​ស្ទែ​ម​ ចំនួន​មជ្ឈមណ្ឌល​ឧត្តមភាព​ ចំនួន​គ្រឹះស្ថានឧត្តមសិក្សា​ដែល​អនុវត្ត​ប្រព័ន្ធ​ធានា​គុណភាព​ផ្ទៃក្នុង​ និង​ចំនួន​គ្រឹះស្ថានឧត្តមសិក្សា​ដែល​ផ្តល់​ទិន្នន័យ​បញ្ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​គ្រប់គ្រង​ទិន្នន័យ​ឧត្តម​សិក្សា​ រីឯ​វត្ថុបំណង​ដែល​នៅ​សល់​ផ្សេងៗ​ទៀត​ទំនងជា​ត្រូវ​បាន​សម្រេច​។​ របាយការណ៍​វឌ្ឍនភាព​នេះ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដើម្បី​ធ្វើការ​ណែនាំ​ និង​រៀបចំ​ផែនការ​ថវិកា​អនាគត​សម្រាប់​ការ​អប់រំ​ឧត្តម​សិក្សា​។​25

​ក្រៅពី​កំណែទម្រង់​ និង​ការ​កែ​លម្អ​ប្រព័ន្ធ​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក៏​បាន​ផ្តោត​ទៅ​លើ​ការ​កសាង​សមត្ថភាព​មន្ត្រី​ឧត្តម​សិក្សា​ដើម្បី​ធានា​ថា​ការ​ទទួលខុសត្រូវ​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​តាម​រយៈ​ការ​បណ្តុះបណ្តាល​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ និង​បទ​ពិសោធន៍​។​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​បញ្ជូន​បុគ្គលិក​ទៅ​ចូលរួម​កិច្ចប្រជុំ​ សន្និសីទ​ និង​សិក្ខាសាលា​ក្រៅប្រទេស​ផ្សេងៗ​ ដូច​ជា​ការ​អភិវឌ្ឍកម្មវិធី​សិក្សា​ និង​ការ​វាយតម្លៃ​នៅ​ប្រទេស​រូ​ម៉ា​នី​ អ៊ី​តា​លី​ និង​ម៉ា​ឡេ​ស៊ី​ កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​បណ្តាញ​ធានា​គុណភាព​អាស៊ាន​ និង​តុមូល​វិសាមញ្ញ​នៃ​បណ្តាញ​ធានា​គុណភាព​អាស៊ាន​ឆ្នាំ​ ២០២០​ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ កិច្ចប្រជុំ​បច្ចេកទេស​សមាហរណកម្ម​ និង​ទទួលស្គាល់​ឧត្តម​សិក្សា​នៅ​ប្រទេស​វៀតណាម​។​ល​។​26

ការ​ផ្តល់​ហិរញ្ញវត្ថុ​នៅ​ឧត្តម​សិក្សា​

ការ​ផ្តល់​មូលនិធិ​សម្រាប់​ការ​អប់​រំ​ឧត្តម​សិក្សា​មាន​តិចតួច​នៅ​ក្នុង​ប្រទេស​កម្ពុជា​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​។​27​ គ្រឹះស្ថានឧត្តមសិក្សា​ធំៗ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ទទួល​បានការ​គាំទ្រ​ពី​រដ្ឋាភិបាល​ប្រមាណ​ពី​ ១០%​ ទៅ​ ៣០%​ ដែល​បន្សល់​ទុក​ខ្លះ​សម្រាប់​ថ្លៃ​សិក្សា​។​28​ គ្រឹះស្ថានឧត្តមសិក្សា​នៅ​ក្នុង​ប្រទេស​អាស៊ាន​មួយ​ចំនួន​ដូច​ជា​ ម៉ា​ឡេ​ស៊ី​ និង​ថៃ​ ពឹងផ្អែកទៅ​លើ​រដ្ឋាភិបាល​​ប្រហែល​ ៨០%​ ទៅ​ ៩0%​ នៃ​ការ​ចំណាយ​លើ​ការ​អប់រំ​កម្រិត​ខ្ពស់​របស់​ពួក​គេ​​។​29 ផែនទី​បង្ហាញផ្លូវ​នៃ​ការ​អប់រំ​ឆ្នាំ​កម្ពុជា​ ២០៣០៖​ គោលដៅអភិវឌ្ឍន៍​​ប្រកបដោយ​ចីរភាព​ទី​៤​ ក៏​និយាយ​អំពី​គម្លាត​ថវិកា​ក្នុង​ការ​អប់រំ​ឧត្តម​សិក្សា​ផង​ដែរ​ ហើយ​បាន​កត់​សម្គាល់ថា​ការ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា​មិន​ទាន់​រួចរាល់​ក្នុង​ការ​ទទួល​បានការ​វិនិយោគ​សំខាន់ៗ​នៅឡើយ​ទេ​។​​ ទោះជា​យ៉ាងណា​ក៏​ដោយ​ គ្រឹះស្ថានឧត្តមសិក្សា​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ស្វែងរក​មូលនិធិ​ផ្ទាល់ខ្លួន​របស់​ពួក​គេ​ពី​ដៃគូ​ ឬ​មូលនិធិ​ឯកជន​។​​30

ដៃគូ​អភិវឌ្ឍន៍​ក៏​ផ្តល់​ការ​រួមចំណែក​តិចតួច​ ប៉ុន្តែផ្តោត​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ឧត្តម​សិក្សា​។​ ​យ៉ាង​ណាមិញ​​ វា​​ស្ថិត​នៅ​​​កម្រិត​​អប្បបរមា​នៅឡើយ​ ​​ដោយសារ​​​រដ្ឋាភិបាល​ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​​លើ​ការ​អប់រំ​កម្រិត​បឋម​​​ និង​មូលដ្ឋាន​ (EFA,​ SDG​ 4)​។​​31​ លំហូរ​នៃ​មូលនិធិ​ពី​ដៃគូ​អភិវឌ្ឍន៍​ជា​ធម្មតា​ត្រូវ​បាន​បែងចែក​សម្រាប់​ការ​អប់​រំជា​មូលដ្ឋាន​។​32​ ធនាគារពិភពលោក​គឺជា​ដៃគូ​អភិវឌ្ឍន៍​សកម្ម​មួយ​របស់​កម្ពុជា​ក្នុង​វិស័យ​អប់រំ​។​ គម្រោង​កែ​លម្អ​ការ​អប់រំ​ឧត្តម​សិក្សា​ (HEIP)​ (២០១៨-២០២៤)​ ធ្វើ​ឡើង​ដោយ​ធនាគារពិភពលោក​ និង​រដ្ឋាភិបាល​កម្ពុជា​ ដោយ​មាន​ថវិកា​ ៩០​ លាន​ដុល្លារ​ពី​ធនាគារពិភពលោក​ និង​ ២,៥​ លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា​។​ គោលដៅ​នៃ​គម្រោង​គឺ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សិក្សា​ និង​ការ​បង្រៀន​ ធ្វើការ​ស្រាវជ្រាវ​ស្ទែ​ម​ និង​កសិកម្ម​ និង​ពង្រឹង​ក្រប​ខណ្ឌ​អភិបាលកិច្ច​នៃ​ប្រព័ន្ធ​អប់រំ​ឧត្តម​សិក្សា​។​33

​បញ្ហា​ប្រឈម

ទោះបីជា​មានការ​រីក​ចម្រើន​ និង​សមិទ្ធផល​ក៏​ដោយ​ ការ​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា​នៅ​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​មួយ​ចំនួន​រួម​មាន​ លទ្ធភាព​ទទួល​បាន​ គុណភាព​ សមធម៌​ ភាព​ពាក់ព័ន្ធ​ ការ​ផ្តល់​មូលនិធិ​ ការ​គ្រប់គ្រង​ និង​រដ្ឋបាល​។​ ក្រសួង​ និង​ស្ថាប័ន​ជា​ច្រើន​ចូលរួម​ពាក់ព័ន្ធ​នឹង​ការ​អប់រំ​ឧត្តម​សិក្សា​ ដែល​ធ្វើ​ឱ្យ​ការ​សម្របសម្រួល​មាន​បញ្ហា​ដោយសារ​ការ​ត្រួតពិនិត្យ​គុណភាព​ ការ​ងារ​ស្ទួនគ្នា​ផ្នែក​រដ្ឋបាល​ និង​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​។​​34 នៅ​ក្នុង​គ្រឹះស្ថានឧត្តមសិក្សា​មួយ​ចំនួន​ ការ​គ្រប់គ្រង​ការ​បង្រៀន​ និង​ឧបករណ៍​នៅ​​ខ្វះខាត​នៅ​ឡើយ​​។​ មាន​គ្រូបង្រៀន​កម្រិត​ឧត្តម​សិក្សា​ប្រមាណ​ ១,៦៦២​ នាក់​នៅ​គ្រឹះស្ថានឧត្តមសិក្សា​សាធារណៈ​ ប៉ុន្តែ​ពួក​គេ​ខ្វះ​ប្រវត្តិ​សិក្សា​គ្រប់គ្រាន់​។​ លើស​ពី​នេះ​ទៀត​ គ្រឹះស្ថានឧត្តមសិក្សា​មួយ​ចំនួន​ខ្វះ​ធនធាន​ចាំបាច់​សម្រាប់​ការ​ស្រាវជ្រាវ​ដែល​រារាំង​សមាជិក​មហាវិទ្យាល័យ​ពី​ការ​ស្រាវជ្រាវ​សម្រាប់​ការ​បោះពុម្ពផ្សាយ​។​35

​ជា​លទ្ធផល​ ការ​វិនិយោគ​សំខាន់​គឺ​ត្រូវ​បាន​ទាមទារ​ដើម្បី​បង្កើន​ចំនួន​សាស្ត្រាចារ្យ​ពេញ​ម៉ោង​ដែល​មាន​សញ្ញាប័ត្រ​បណ្ឌិត​នៅ​ក្នុង​គ្រឹះស្ថានឧត្តមសិក្សា​។​ នេះ​នឹង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ពេលវេលា​គ្រប់គ្រាន់​ និង​សមត្ថភាព​កម្រិត​ខ្ពស់​ក្នុង​ការ​បង្កើត​និស្សិត​បញ្ចប់​ការ​សិក្សា​ដែល​មានគុណ​ភាព​ខ្ពស់​ដែល​បំពេញតម្រូវការ​ទីផ្សារ​ការងារ​ និង​ស្តង់ដារ​អន្តរជាតិ​។​ ទន្ទឹម​នឹង​នោះ​ ដំណើរការ​ផ្តល់​ស្វ័យភាព​គ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​ធនធានមនុស្ស​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​ដូច​ការ​រំពឹង​ទុក​នោះ​ទេ​។​ ការ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​នេះ​គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ និង​ធនធានមនុស្ស​ និង​ការ​ធានា​ស្ថិរភាព​ហិរញ្ញវត្ថុ​ និរន្ត​ភាព​ និង​កម្លាំង​ធនធាន​របស់​គ្រឹះស្ថានឧត្តមសិក្សា​។​36

​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ការ​រាតត្បាត​ក៏​បាន​រារាំង​ដល់​ការ​សិក្សា​របស់​សិស្ស​គ្រប់​កម្រិត​រួម​ទាំង​សិស្ស​ថ្នាក់ឧត្តម​សិក្សា​ផង​ដែរ​។​ ជា​ការ​ឆ្លើយ​តប​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​សម្របសម្រួល​ដំណើរការ​ផ្តល់​សេវា​សិក្សា​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដូច​ជា​ Microsoft​ Office​ 365,​ Google​ Meet,​ Google​ Classroom,​ ZOOM​ និង​ឧបករណ៍​ផ្សេង​ទៀត​ដើម្បី​ជួយ​សិស្ស​ក្នុង​ការ​រៀនសូត្រ​របស់​ពួក​គេ​។​37

ទាក់ទងនឹងការ​អប់រំ​កម្រិត​ឧត្តម​សិក្សា​

ឯកសារយោង

ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

vH7Jt
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!