ប្រព័ន្ធតុលាការ គឺជាអំណាចមួយក្នុងចំណោមអំណាចទាំងបី ”រួមទាំងអង្គនីតិប្រតិបត្តិ (រដ្ឋាភិបាល) និងអង្គនីតិប្បញ្ញត្តិ (រដ្ឋសភា និងព្រឹទ្ធសភា)” ដែលអាចបង្កើតរដ្ឋ។ ស្ថាប័ននេះមានតួនាទីតាមដានការអនុវត្តច្បាប់ និងការដាក់ទណ្ឌកម្មចំពោះការរំលោភច្បាប់។1 អំណាចនេះត្រូវបានប្រគល់ឱ្យចៅក្រម និងរាជអាជ្ញា (ពេលខ្លះនៅក្នុងកម្រិតទាបជាងមុននៅក្នុងគណៈវិនិច្ឆ័យ) ដែលពឹងផ្អែកលើអត្ថបទច្បាប់ (ដែលត្រូវបានរៀបចំឡើងដោយស្ថាប័ននីតិប្បញ្ញត្តិ) ដើម្បីធ្វើការសម្រេចចិត្ត។2
ពាក្យថាអំណាចតុលាការអាចមានអត្ថន័យពីរផ្សេងគ្នា។ វាអាចត្រូវបានប្រើនៅពេលនិយាយដល់តុលាការ និងសាលាក្តី ឬសំដៅលើអំណាចដែលពួកគេមានដើម្បីសម្រេចជម្លោះ។

តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា។ រូបភាព ដោយ ព្រំ ពន់វឌ្ឍន៍ ថតនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៩។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 2.0.
រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានអនុម័តគោលការណ៍នៃការបែងចែកអំណាច3 និងឯករាជ្យភាពនៃប្រព័ន្ធតុលាការពីស្ថាប័នផ្សេងទៀត។ ឯករាជ្យភាព និងភាពមិនលំអៀងនៃប្រព័ន្ធតុលាការ គឺជាលក្ខខណ្ឌចាំបាច់សម្រាប់អត្ថិភាព នៃនីតិរដ្ឋនៅក្នុងប្រទេសនីមួយៗ ហើយក៏ត្រូវបានបញ្ចូលជាផ្នែកមួយ នៃរដ្ឋធម្មនុញ្ញកម្ពុជាផងដែរ។4 នីតិរដ្ឋ គឺជាមូលដ្ឋានសម្រាប់គោលការណ៍សមភាពរបស់មនុស្សគ្រប់គ្នានៅចំពោះមុខច្បាប់ រួមទាំងរដ្ឋដែលត្រូវទទួលខុសត្រូវនៅចំពោះមុខប្រព័ន្ធតុលាការរាល់ការរំលោភច្បាប់។5 ចៅក្រមមានសិទ្ធិអំណាចដែលផ្ដល់ដោយរដ្ឋធម្មនុញ្ញ ក្នុងការវិនិច្ឆ័យសេចក្តីសម្រេចតាមបទបញ្ញត្តិ នៃច្បាប់ប្រកបដោយមនសិការ និងភាពស្មោះត្រង់។6 យោងតាមមាត្រា ១២៨ នៃរដ្ឋធម្មនុញ្ញ ប្រព័ន្ធតុលាការ គឺជាស្ថាប័នឯករាជ្យដែលធានា និងលើកស្ទួយអព្យាក្រឹតភាព និងការពារសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។ យោងតាមមាត្រា ១៣២ ព្រះមហាក្សត្រគឺជាអ្នកធានាឯករាជ្យភាព នៃប្រព័ន្ធតុលាការ។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមជួយព្រះមហាក្សត្រក្នុងការបំពេញកាតព្វកិច្ចនេះ។7 ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដើរតួនាទីដោយឯករាជ្យពីអំណាចនីតិប្រតិបត្តិ និងត្រួតពិនិត្យបញ្ហាវិន័យពាក់ព័ន្ធនឹងចៅក្រម និងព្រះរាជអាជ្ញា។ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក៏អាចដាក់សំណើទៅព្រះមហាក្សត្រដើម្បីតែងតាំងចៅក្រមផងដែរ។8
សិទ្ធិជាមូលដ្ឋាននៃការជំនុំជម្រះក្ដីដោយយុត្តិធម៌ និងស្មើភាពគ្នា ត្រូវបានពិពណ៌នានៅក្នុងច្បាប់ និងក្រម ដូចជាក្រមនីតិវិធីរដ្ឋប្បវេណី9 និងក្រមនីតិវិធីព្រហ្មទណ្ឌ10 ដែលគ្រប់គ្រងលើវិធាននៃភស្តុតាង ការប្រព្រឹត្ត និងមិនលំអៀងនៃការជំនុំជម្រះ។
ទោះយ៉ាងណាក្ដី នីតិរដ្ឋមានវត្តមានតែនៅពេលដែលប្រព័ន្ធតុលាការមានឯករាជ្យភាពពិតប្រាកដ ហើយមានការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព។11 អង្គការជាតិ និងអន្តរជាតិជាច្រើន បាននិយាយថាគ្មានឯករាជ្យភាពរបស់តុលាការនៅកម្ពុជាទេ ដូច្នេះគ្មាននីតិរដ្ឋនោះទេ។12 ផ្ទុយពីគោលការណ៍នៃសមភាពនៅចំពោះមុខច្បាប់ អ្នកអត្ថាធិប្បាយមួយចំនួនបានលើកឡើងថា មានការអនុគ្រោះក្ដីកើតឡើងតាមរយៈវត្តមាននៃទំនាក់ទំនងជាមួយនឹងអំណាចនយោបាយ ឬសេដ្ឋកិច្ច។13 ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១២៥ ក្នុងចំណោម ១២៦ នៅក្នុងសន្ទស្សន៍នៃនីតិរដ្ឋ ដែលបោះពុម្ពផ្សាយដោយអង្គការគម្រោងយុត្តិធម៌ពិភពលោកនៅឆ្នាំ ២០១៩ និងមានចំណាត់ថ្នាក់ក្រោមគេ ផ្នែកយុត្តិធម៌ស៊ីវិល និងអំពើពុករលួយក្នុងតំបន់អាស៊ី។14 ជាលទ្ធផល ទំនុកចិត្តរបស់ពលរដ្ឋ និងអាជីវកម្មនៅក្នុងប្រព័ន្ធតុលាការមានកម្រិតទាប។ មនុស្សជាច្រើនចូលចិត្តងាកទៅរកវិធីដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាព និងមានយុត្តិធម៌ជាង។15
ប្រព័ន្ធតុលាការត្រូវបានរៀបចំឡើងយោងតាមប្រព័ន្ធបីកម្រិត16៖
- កម្រិតទីមួយ គឺជាសាលាដំបូងដែលមានយុត្តាធិការលើវិវាទទាំងអស់ លើកលែងតែរឿងរ៉ាវពាក់ព័ន្ធនឹងយោធា17 និងតុលាការយោធា។ សាលាដំបូងមានភូមិសាស្ត្រនៅថ្នាក់ខេត្ត និងរាជធានី (នៅក្នុងរាជធានីភ្នំពេញ)។18 សាលាដំបូងមានតុលាការដោះស្រាយជម្លោះប្រភេទផ្សេងៗគ្នាដូចជា៖ តុលាការព្រហ្មទណ្ឌ តុលាការស៊ីវិល តុលាការពាណិជ្ជកម្ម តុលាការការងារ និងការិយាល័យអយ្យការ។19 គិតត្រឹមដើមឆ្នាំ ២០២១ តុលាការជំនាញផ្នែកពាណិជ្ជកម្ម និងការងារមិនទាន់ត្រូវបានបង្កើតឡើងនៅឡើយទេ ហើយការអនុវត្តបច្ចុប្បន្ននៅលើតុលាការដែលមានស្រាប់សម្រាប់គ្រប់ករណីទាំងអស់។
- កម្រិតទីពីរ គឺជាសាលាឧទ្ធរណ៍ ដែលនឹងបើកសវនាការជំនុំជម្រះលើរឿងក្ដី ដែលត្រូវបានជំទាស់បដិសេធមិនទទួលយកការសម្រេចចិត្តចេញពីសាលាដំបូងដោយភាគីម្ខាងណាមួយ ដោយសម្រេចសាជាថ្មីផ្អែកលើច្បាប់ និងអង្គហេតុ។20 សាលាឧទ្ធរណ៍រួមមាន៖ អង្គជំនុំជម្រះព្រហ្មទណ្ឌ អង្គជំនុំជម្រះរដ្ឋប្បវេណី អង្គជំនុំជម្រះពាណិជ្ជកម្ម អង្គជំនុំជម្រះការងារ អង្គជំនុំជម្រះរបស់ព្រះរាជអាជ្ញា និងអង្គជំនុំជម្រះរួម សម្រាប់វិវាទពាក់ព័ន្ធនឹងអង្គជំនុំជម្រះច្រើន។21
- កម្រិតទីបី គឺជាតុលាការកំពូល ដែលនឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍ដែលជំទាស់ដោយភាគីម្ខាងណាមួយ ហើយផ្ទៀងផ្ទាត់ការអនុវត្តជាក់ស្តែងនៃច្បាប់។ តុលាការនេះមានការរៀបចំនៃអង្គជំនុំជម្រះដូចគ្នាទៅនឹងអង្គជំនុំជម្រះនៃសាលាឧទ្ធរណ៍ដែរ។22
ក្រៅពីកម្រិតទាំងបីនេះ ក្រុមប្រឹក្សាធម្មនុញ្ញទទួលខុសត្រូវ ក្នុងការផ្ទៀងផ្ទាត់ការអនុលោមច្បាប់ ជាមួយរដ្ឋធម្មនុញ្ញ ហើយអាចស្តាប់បញ្ហាធម្មនុញ្ញភាព ដែលអាចកើតឡើងក្នុងពេលជំនុំជម្រះក្តី។23 អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ទទួលខុសត្រូវក្នុងការស៊ើបអង្កេត និងកាត់ទោសមេដឹកនាំខ្មែរក្រហមសំខាន់ៗ ដោយមានជំនួយពីសហគមន៍អន្តរជាតិ និងស្របតាមស្តង់ដារយុត្តិធម៌អន្តរជាតិ។24
ទាក់ទងនឹងប្រព័ន្ធតុលាការ និងតុលាការ
- ការឃ្លាំងមើលតុលាការ
- ប្រព័ន្ធរដ្ឋាភិបាល
- អង្គនីតិប្រតិបត្តិ
- រដ្ឋសភា
- គោលដៅទី១៦ សន្តិភាព យុត្តិធម៌ និងស្ថាប័នរឹងមាំ
ឯកសារយោង
- 1. Montesquieu, “វិញ្ញាណនៃច្បាប់,” ឆ្នាំ១៧៧៧។
- 2. Peng, Hor, Kong Phallack និង Jorg Menzel, “ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា,” Konrad-Adenauer-Stiftung ឆ្នាំ២០១៦, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 3. “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” ឆ្នាំ២០១៨, មាត្រា ៥១, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 4. ដូចឯកសារយោងខាងលើ។
- 5. Konrad-Adenauer-Stiftung, “និតិរដ្ឋ,” ខែមករា ឆ្នាំ២០០៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 6. “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” ឆ្នាំ២០១៨, មាត្រា ១២៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 7. “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” ឆ្នាំ២០១៨, មាត្រា ១៣២, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 8. “រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា,” ឆ្នាំ២០១៨, មាត្រា ១៣៤, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 9. “ក្រមនីតិវិធីរដ្ឋប្បវេណី,” ឆ្នាំ២០០៦, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 10. “ក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា,” ខែមិថុនា ឆ្នាំ២០០៧, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 11. Konrad-Adenauer-Stiftung, “និតិរដ្ឋ,” ខែមករា ឆ្នាំ២០០៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 12. វិទ្យាស្ថានសិទ្ធិមនុស្សនៃសមាគមមេធាវីអន្តរជាតិ, “យុត្តិធម៌ទល់នឹងអំពើពុករលួយ៖ បញ្ហាប្រឈមចំពោះឯករាជ្យភាពរបស់ប្រព័ន្ធតុលាការនៅកម្ពុជា,” ខែកញ្ញា ឆ្នាំ២០១៥, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 13. គណៈកម្មការអ្នកច្បាប់អន្តរជាតិ, “ការស្វែងរកយុត្តិធម៌សម្រាប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា,” ការសិក្សាមូលដ្ឋាន, ខែតុលា ឆ្នាំ២០១៧, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 14. គម្រោងយុត្តិធម៌ពិភពលោក, “សន្ទស្សន៍នីតិរដ្ឋ,” ឆ្នាំ២០១៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 15. Gan Integrity, “របាយការណ៍អំពើពុករលួយនៅកម្ពុជា,” ខែសីហា ឆ្នាំ២០១៧, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 16. វិទ្យាស្ថានសភាកម្ពុជា, “កំណែទម្រង់ច្បាប់និងតុលាការនៅកម្ពុជា,” ខែកុម្ភៈ ឆ្នាំ២០១៦, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 17. “ច្បាប់ស្តីពីការរៀបចំតុលាការ,” ឆ្នាំ២០១៤, មាត្រា ១២, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 18. “ច្បាប់ស្តីពីការរៀបចំតុលាការ,” ឆ្នាំ២០១៤, មាត្រា ១៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 19. “ច្បាប់ស្តីពីការរៀបចំតុលាការ,” ឆ្នាំ២០១៤, មាត្រា ១៤ និង ២៩, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 20. “ច្បាប់ស្តីពីការរៀបចំតុលាការ,” ឆ្នាំ២០១៤, មាត្រា ៤១ និង ៤២, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 21. “ច្បាប់ស្តីពីការរៀបចំតុលាការ,” ឆ្នាំ២០១៤, មាត្រា ៤៣ ទៅ៤៨, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 22. “ច្បាប់ស្តីពីការរៀបចំតុលាការ,” ឆ្នាំ២០១៤, មាត្រា ៥៥ ទៅ ៦៧, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 23. Hor Peng, Kong Phallack, Jorg Menzel, “សេចក្តីណែនាំអំពីច្បាប់កម្ពុជា,” Konrad-Adenauer-Stiftung, ឆ្នាំ២០១២, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។
- 24. Peng, Hor, Kong Phallack និង Jorg Menzel, “ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា,” Konrad-Adenauer-Stiftung ឆ្នាំ២០១៦, បានចូលអាននៅខែសីហា ឆ្នាំ២០១៩។