ដីធ្លី

Aerial view of Cambodia paddy rice field. Photo by Sai Kwong.

ទិដ្ឋភាពពីលើអាកាសនៃវាលស្រែនៅប្រទេសកម្ពុជា. រូបថត Sai Kwong, ថត ២៣ តុលា ២០១០. អាជ្ញាប័ណ្ណ CC BY-NC 2.0.

ដី គឺជាប្រធានបទដ៏សំខាន់នៅក្នុងការជជែកពិភាក្សាអំពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។ សម្រាប់ប្រជាកសិកររស់នៅតំបន់ដីទំនាបសំបូរជីរជាតិនេះ សិទ្ធិកម្មសិទ្ធិឯកជនលើដី បានធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេល្អប្រសើរឡើង បន្ទាប់ពីសង្គ្រាមអស់ជាច្រើនទសវត្សរ៍។ ទន្ទឹមនឹងនេះដែរ ដីខ្ពង់រាបសំបូរទៅដោយធនធាន និងតំបន់ព្រំដែន បាននិងកំពុងក្លាយជាទីកន្លែងសម្រាប់ការកាន់កាប់ដីទ្រង់ទ្រាយធំ សម្រាប់ផលិតកម្មដំណាំរកប្រាក់ និងឧស្សាហកម្មនិស្សារណកម្ម។1 បញ្ហាផ្លាស់ទីលំនៅ និងវិវាទដីធ្លី បានរីករាលដាលដល់តំបន់ទីប្រជំុជន និងតំបន់ទំនាប ដែលធ្វើឲ្យប្រទេសនេះ ស្ថិតក្នុងបណ្តាប្រទេសដែលមានលំដាប់ខ្ពស់បំផុតខាងវិសមភាពដីធ្លី នៅតំបន់អាស៊ី។2

នៅមុនពេលកម្ពុជាស្ថិតក្រោមអាណានិគមបារាំង នៅឆ្នាំ១៨៦៣ ដីធ្លីទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជារបស់ព្រះមហាក្សត្រ។3 សញ្ញាណនៃកម្មសិទ្ធិដីធ្លី ត្រូវបាននាំយកមកប្រទេសកម្ពុជា នៅសម័យអាណាព្យាបាលបារាំង និងនៅបន្តយកមកអនុវត្តនៅសម័យក្រោយឯករាជ្យ4 រហូតមកដល់ការលុបបំបាត់ទ្រព្យសម្បត្តិឯកជនដោយរបបខ្មែរក្រហម។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ បានបញ្ចប់ការកាន់កាប់របស់វៀតណាមមកលើកម្ពុជា និងបានបង្កើតឲ្យមានរបបសេដ្ឋកិច្ចទីផ្សារ ដែលនាំឱ្យមានការស្តាររបបកម្មសិទ្ធិឯកជនលើដីឡើងវិញ នៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ។5

កសិកម្ម គឺជាមុខរបរចម្បងមួយសម្រាប់ប្រជាជនកម្ពុជាប្រមាណ ៤០% ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​គេ​រស់​ក្នុង​តំបន់​ទី​ជនបទ​ និង​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​តែ​មួយ​មុខ​ ឬ​ផ្សេង​ទៀត​។6ផលិតកម្មដំណាំស្រូវ គឺពឹងផ្អែកលើលទ្ធភាពនៃដីបង្កបង្កើនផល និងប្រព័ន្ធស្រោចស្រព។7

គោលនយោបាយ និងចំណាត់ថ្នាក់ដី

ចាប់តាំងពីឆ្នាំ២០០១មក នៅពេលដែលច្បាប់ភូមិបាលត្រូវបានអនុម័ត រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យមានការរីកចម្រើនក្នុងការអភិវឌ្ឍគោលនយោបាយ បទប្បញ្ញាត្តិ និងការគ្រប់គ្រងក្របខណ្ឌគតិយុត្តិសម្រាប់ការរៀបចំដែនដី។ ច្បាប់ភូមិបាលបានណែនាំពីការបែងចែកកម្មសិទ្ធិដីជាបីប្រភេទធំៗ៖

  • កម្មសិទ្ធិរដ្ឋ ចែកចេញជាពីរអនុប្រភេទគឺ៖8
    • កម្មសិទ្ធិសាធារណៈរបស់រដ្ឋ មានតម្លៃជាប្រយោជន៍សាធារណៈ រួមមានបឹង ភ្នំ ផែ អាកាសយានដ្ឋាន ផ្លូវ សួនច្បារសាធារណៈ សាលារៀន មន្ទីរពេទ្យ តំបន់ការពារ ស្ថានីយ៍ប្រវត្តិសាស្ត្រ និងកម្មសិទ្ធិជាផ្លូវការរបស់ព្រះរាជវង្សានុវង្ស។9 ដីសាធារណៈរបស់រដ្ឋ មិនអាចទិញដូរ ឬធ្វើសម្បទានដីសេដ្ឋកិច្ច នោះទ ទោះជាកម្មសិទ្ធិទាំងនោះអាចចុះកិច្ចសន្យាជួលបានរហូតដល់១៥ឆ្នាំក៏ដោយ។10
    • កម្មសិទ្ធិឯកជនរបស់រដ្ឋ ពុំមានតម្លៃជាប្រយោជន៍សាធារណៈដូចបានបរិយាយនៅចំណុចខាងលើឡើយ។11 កម្មសិទ្ធិនេះអាច លក់ដូរនិងជួល សម្រាប់ពាណិជ្ជកម្មកសិឧស្សាហកម្មខ្នាតធំបាន ដោយរាប់ទាំងការជួលរយៈពេលវែង និងសម្បទានដី ផងដែរ។12
  • កម្មសិទ្ធិសមូហភាព ចែកចេញជាពីរអនុប្រភេទគឺ៖13
    • កម្មសិទ្ធិវត្តអារាមព្រះពុទ្ធសាសនា៖ ដី និងសំណង់នៅក្នុង និងក្រៅបរិវេណវត្តអារាមព្រះពុទ្ធសាសនា។14
    • កម្មសិទ្ធិសហគមជនជាតិដើមភាគតិច៖ កម្មសិទ្ធិប្រភេទនេះត្រូវបានប្រើប្រាស់សម្រាប់ ការតាំងទីលំនៅ និងការធ្វើកសិកម្មបែបប្រពៃណីដោយសហគមជនជាតិដើមភាគតិច។15
  • កម្មសិទ្ធិឯកជន កាន់កាន់ដោយ ឬមានម្ចាស់កម្មសិទ្ធិដោយស្របច្បាប់ជាបុគ្គល ឬក្រុមហ៊ុន។16

ច្បាប់ភូមិបាលផ្តល់ការចេញប័ណ្ណសម្រាប់ការជួលដីទ្រទ្រាយធំឱ្យទៅទាំងវិនិយោគិនក្នុងស្រុក និងបរទេស។ ខណៈពេលដែលមានបទប្បញ្ញាត្តិរដ្ឋធម្មនុញ្ញនានាសម្រាប់កម្មសិទ្ធិឯកជននៅកម្ពុជាតាមរយៈការផ្ទេរប័ណ្ណកម្មសិទ្ធិយ៉ាងពេញលេញ ភាគច្រើននៃដីដែលមិនទាន់មានការវាស់វែង និងចុះបញ្ជី គឺនៅតែចាត់ទុកថាជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលនឹងចាត់ចែងរៀបចំសម្រាប់ការផ្តល់សម្បទាននៅលើដីទាំងនោះ។17 ការចុះបញ្ជីដីសមូហភាពត្រូវបានទទួលស្គាល់ ប៉ុន្តែច្បាប់នេះបានដាក់ចេញនូវការលំបាកជាច្រើនដែលធ្វើឱ្យដំណើរការសម្រាប់ការទទួលស្គាល់លើការកាន់កាប់ដីសមូហភាពត្រូវបានពន្យារពេល។ អ្នកដាក់ពាក្យស្នើរសុំប័ណ្ណកម្មសិទ្ធិ ចាំបាច់ត្រូវជ្រើសរើសកម្មសិទ្ធិឯកជន ឬសមូហភាពសម្រាប់ជនជាតិដើមភាគតិច។ ទម្រង់ទាំងពីរនេះមិនអាចរួមបញ្ជូលគ្នាបានទេ។

សិទ្ធិកាន់កាប់ដីធ្លី

នៅដើមឆ្នាំ ២០០២ ដោយមានការគាំទ្រពីម្ចាស់ជំនួយផងនោះ រាជរដ្ឋាភិបាលបានចាប់ផ្តើមធ្វើចំណាត់ថ្នាក់ និងចុះបញ្ជីក្បាលដីទាំងអស់ជាលក្ខណៈប្រព័ន្ធ យោងតាមប្រភេទដែលមានចែងនៅក្នុងច្បាប់ភូមិបាលឆ្នាំ២០០១។ ដំណើរការចុះបញ្ជីដីនេះ មានគោលបំណងបំបាត់ភាពមិនប្រាកដប្រជានៃភាពជាម្ចាស់កម្មសិទ្ធិលើដីធ្លី ដែលបានបង្កឲ្យមានទំនាស់ និងអសន្តិសុខនៃការកាន់កាប់។ គណៈកម្មការសុរិយោដី ត្រូវបានបង្កើតឡើង ដើម្បីជួយដោះស្រាយបញ្ហាជម្លោះនានាដែលកើតឡើងអំឡុងពេលនៃការចុះបញ្ជីដីធ្លី។ យុទ្ធសាស្ត្រចតុកោណ សម្រាប់កំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព នៅក្នុងប្រទេសកម្ពុជាត្រូវបានរួម បញ្ជូលទាំងការប្តេជ្ញាចិត្ត ដើម្បីបង្កើនការបែងចែកដីសម្រាប់ប្រជាជនក្រីក្រ និងផ្តល់ការចុះបញ្ជីក្បាលដីដើម្បីធានាភាពជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដល់ពួកគេ។18

ជា​លទ្ធផល​គិត​ត្រឹម​ដំណាច់​ខែមេសា​ ឆ្នាំ​២០១៩​ នេះ​ ក្រសួង​បាន​ចុះបញ្ជី​ដី​នៅ​ទូ​ទាំង​ប្រទេស​សម្រេច​បាន​ប្រមាណ​ ៥,២​លាន​ក្បាលដី​ ស្មើនឹង​ ៧៤%​នៃ​ចំនួន​ក្បាលដី​ប៉ាន់ស្មាន​សរុប​ ៧​លាន​ក្បាលដី​។​ តាម​ផែនការ​ ការ​ចុះបញ្ជី​ដី​ទូ​ទាំង​ប្រទេស​រួម​ទាំង​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នឹង​ឈាន​ទៅ​សម្រេច​បាន​១០០​ ភាគរយ​ នៅ​ត្រឹម​ឆ្នាំ​២០២១​។​19

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនៃការចុះបញ្ជីដីកាលពីពេលកន្លងទៅ មានសហគមជាច្រើនប្រហែលជាបានដកចេញទៅតាមអំពើចិត្ត20 ជាពិសេសក្រុមគ្រួសារដែលមានប្រាក់ចំណូលទាបរស់នៅក្នុងតំបន់ទីក្រុងដែលមានតម្លៃដីខ្ពស់ ឬក្នុងកន្លែងដែលដីសម្បទានសេដ្ឋកិច្ចកំពុងដំណើរការ។ ការសិក្សានានាបញ្ជាក់ថា គណៈកម្មាការសុរិយោដីបានទទួលខុសត្រូវសម្រាប់ការត្រួតពិនិត្យការចុះបញ្ជីដីធ្លី ប៉ុន្តែការចុះបញ្ជីនេះកំពុងប្រឈមនឹងបញ្ហាការិយាធិបតេយ្យ និងអំពើពុករលួយ ហើយដំណើរការនៃការចុះបញ្ជីនេះមានភាពយឺតយ៉ាវ។21 បញ្ហាទាំងនេះ ត្រូវបានគេមើលឃើញថាជាភាពមានដែនកំណត់ក្នុងការអនុវត្តច្បាប់ និងភាពមិនប្រក្រតីនានានៅក្នុងការអនុវត្តច្បាប់ជាធរមាន ច្រើនជាងអវត្តមានគោលនយោបាយ។22

អសន្តិសុខនៃការកាន់កាប់ដីធ្លីត្រូវបានផ្សារភ្ជាប់ទៅនឹងជម្លោះនៅលើកម្មសិទ្ធិ។23 គ្រួសារដែលមានចំណូលទាបជាច្រើនរស់នៅលើដីដែលមិនមានការកត់ត្រាកម្មសិទ្ធិកាន់កាប់នៅក្នុងប្រព័ន្ធចុះបញ្ជីដីថ្នាក់ជាតិនោះទេ។ នៅក្នុងករណីនេះ គ្រួសារទាំងនេះត្រូវបានការពារនៅក្រោមក្របខណ្ឌនៃសិទ្ធិកាន់កាប់ (ភោគៈ) ជៀសជាងសិទ្ធិកម្មសិទ្ធិ ដែលមានកិច្ចការពារស្របច្បាប់ខ្លាំងជាង។ យោងតាមច្បាប់ មានតែអ្នកកាន់កាប់ស្របច្បាប់ប៉ុណ្ណោះដែលមានសិទ្ធិក្លាយជាម្ចាស់កម្មសិទ្ធិ ខណៈគ្រួសារជាច្រើនដែលកាន់កាប់ដីដោយខុសច្បាប់មិនទទួលបាននោះទេ។24 ឧទាហរណ៍ រាល់ការកាន់កាប់ដីកម្មសិទ្ធិឯកជន របស់រដ្ឋ ត្រូវបានចាត់ទុកជាមោឃៈ និងមិនមានសុពលភាព។25 នៅក្នុងការអនុវត្ត អង្គការក្រៅរដ្ឋាភិបាលនានាសង្កេតឃើញថាការកាន់កាប់នេះអាចនឹងស្របច្បាប់ ប៉ុន្តែអ្នកតាំងទីលំនៅតែងតែត្រូវបានគេបណ្តេញចេញ។26

ក្រុមគ្រួសារដែលមានដីស្រែតិចជាងមួយហិកតា

ប្រភពទិន្នន័យ៖ គណៈកម្មាធិកាជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១១)។ សំណុំទិន្នន័យរៀបចំឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ខែធ្នូ ឆ្នាំ២០១៥។ ក្រោមអាជ្ញាបណ្ណ CC-BY-SA 4.0។ ចូលទៅកាន់សំណុំទិន្នន័យ។ ចូលទៅកាន់ទំព័រផែនទី

តាមរយៈការចុះស្រង់មតិពីលំនាំកាន់កាប់ដីក្នុង ៤៣៣ភូមិ អង្គការ Oxfam បានរកឃើញថា “ម្ចាស់កម្មសិទ្ធិដែលកាន់កាប់ដីច្រើនជាង ៣ហិកតាមាន ១២ភាគរយស្មើនឹង ៧២ ភាគរយនៃផ្ទៃដីសរុប”។27 អង្គការ GIZ បានរាយការណ៍ថា ប្រជាជនរស់នៅជាអចិន្ត្រៃយ៍នៅទីជនបទប្រមាណជាង ៨០ភាគរយ  មាន ២០ភាគរយជាជនគ្មានដីធ្លី និង ៤០ភាគរយទៀតជាប្រជាជនដែលមានដីដាំដុះតិចជាងកន្លះហិកតា។28 ក្រៅពីបញ្ហាកម្មសិទ្ធិ និងការចុះបញ្ជីក្បាលដីនេះ សុវត្ថិភាពនៅតែជាកង្វល់នៅក្នុងតំបន់ខ្លះ ដោយសារគ្រាប់មីន និងសកម្មភាពដោះមីននៅតែបន្ត។

ការផ្ទេរដី និងការជួលដីសាធារណៈ

ប្រហែល ១២ភាគរយនៃផ្ទៃដីប្រទេស29ឬប្រហែល ២លានហិកតា ត្រូវបានផ្តល់ឱ្យក្រុមអ្នកវិនិយោគក្រោមលក្ខខណ្ឌជាដីសម្បទានសេដ្ឋកិច្ច។ លើសពីនេះទៅទៀត ដី ៧០៤, ៥៩២ ហិកតាបានផ្តល់សម្រាប់ក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណរុករករ៉ែ និង ៣០៥,៤០៥ ហិកតាទៀតត្រូវបានផ្តល់សម្រាប់គម្រោងវារីអគ្គិសនីចំនួន៧២។30 តាមរយៈការសម្បទាននេះ ដីត្រូវបានជួលទៅឱ្យវិនិយោគិនក្នុងស្រុក និងបរទេសសម្រាប់ពាណិជ្ជកម្មកសិឧស្សាហកម្ម ការផលិតថាមពល និងសម្រាប់ឧស្សាហកម្មនិស្សារណកម្ម។ ជាសរុប ការសិក្សាមួយក្នុងឆ្នាំ ២០១៣ បានរកឃើញថា “ដី ៣.៩ លានហិកតា ឬស្មើនឹង ២២ភាគរយនៃផ្ទៃដីប្រទេស បច្ចុប្បន្ននេះត្រូវបានគ្រប់គ្រងដោយវិស័យឯកជន និងជាពិសេសឥស្សរជននានាក្នុងស្រុក”។31 ផ្ទុយពីទំហំផ្ទៃដីដ៏ធំ សម្បទានដីសេដ្ឋកិច្ចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចបានតិចតួចបំផុត ដែលចំណូលថវិកាជាតិមកពីវិស័យនេះ បានត្រឹមតែ ៥ លានដុល្លារប៉ុណ្ណោះនៅក្នុងឆ្នាំ ២០១៥។32 

អាជ្ញាប័ណ្ណរុករករ៉ែ

ប្រភពទិន្នន័យ៖ ក្រសួងរ៉ែ និងថាមពល និងប្រភពផ្សេងៗទៀតដូចជា ព័ត៌មាន ទិន្នន័យអំពីក្រុមហ៊ុន របាយការណ៍របស់អង្គមិនមែនរដ្ឋាភិបាល និងឯកសារបោះពុម្ភផ្សាយនានា (១៩៩៥-២០១៤)។ សំណុំទិន្នន័យរៀបចំឡើងដោយ អង្គការទិន្នន័យអំពីការអភិវឌ្ឍ ខែធ្នូ ឆ្នាំ២០១៥។ ក្រោមអាជ្ញាបណ្ណ CC-BY-SA 4.0។ ចូលទៅកាន់សំណុំទិន្នន័យ។ ចូលទៅកាន់ទំព័រផែនទី

នាខែឧសភា ឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញបទបញ្ជា លេខ ០១/បប ស្តីពីវិធានការណ៍ពង្រឹង និងការបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដើម្បីផ្អាកសម្បទានដីសេដ្ឋកិច្ចថ្មី និងបញ្ជាអោយមានការពិនិត្យឡើងវិញនូវសម្បទានដែលមានស្រាប់។ តាំងពីពេលនោះមក ដីជាង ១លានហិកតានៃដីព្រៃជួលដោយក្រុមហ៊ុនឯកជនត្រូវបានដាក់ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលវិញ។ តាមរយៈសេចក្តីថ្លែងការណ៍ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា យ៉ាងហោចណាស់ “ដី ៣៧០,០០០ ហិកតាត្រូវបានកាត់ចេញពីដីសម្បទានសេដ្ឋកិច្ច ពី ១៣៤ ក្រុមហ៊ុន និងជាង ២៥០,០០០ ហិកតាត្រូវបានកាត់ចេញពីដីកម្មសិទ្ធិរដ្ឋ និងដីព្រៃរឹបអូស”។33

ការដោះស្រាយវិវាទដីធ្លី

អស់រយៈពេលជាងម្ភៃឆ្នាំមកនេះ និន្នាការនៃការអភិវឌ្ឍនៅកម្ពុជាត្រូវបានកត់សំគាល់ដោយការរីករាលដាលនៃវិវាទដីធ្លី និងការរំលោភបំពានសិទ្ធិកាន់កាប់ដី។ បញ្ហានានាជុំវិញដីសម្បទានសេដ្ឋកិច្ច និងការពង្រីកការរុករករ៉ែ និងកសិពាណិជ្ជកម្ម គឺកើតចេញពីដើមហេតុចម្បងនៃការរំលោភបំពានលើទ្រព្យសម្បត្តិឯកជន និងការរំលោភសិទ្ធិមនុស្សនានា។ វិវាទដីធ្លីកើតមានឡើងច្រើន ជាពិសេសនៅតំបន់ខ្ពង់រាប ដែលតំបន់មានគម្រោងរុករកធនធានជាច្រើនបានតាំងមូលដ្ឋាននៅទីនោះ ហើយជនចំណាកស្រុកមកពីខេត្តផ្សេងបានផ្លាស់ទីលំនៅចូលទៅរស់នៅដីដែលបានប្រើប្រាស់ដោយប្រជាជនក្នុងតំបន់។34 តំបន់ដែលជាឆាកសំខាន់ទីពីរ សម្រាប់វិវាទដីធ្លី គឺតំបន់ទីក្រុង ជាពិសេសរាជធានីភ្នំពេញ និងបណ្តាខេត្តជិតៗ ហើយរួមទាំងតំបន់សង្ខាងបឹងទន្លេសាប។

ក្រៅពីការកែទម្រង់ច្បាប់ និងសេចក្តីណែនាំនាពេលថ្មីៗនេះស្តីពីការគ្រប់គ្រងតំបន់សម្បទានដីសេដ្ឋកិច្ច និងតំបន់ការពារ វិវាទដីធ្លីបានបន្តរាលដាលទូទាំងប្រទេស ហាក់គ្មានសញ្ញាណនៃការធូរស្រាលសោះ។35 នៅក្នុងឆ្នាំ ២០១៥ អង្គការលីកាដូ បានរាយការណ៍ថា បញ្ហាវិវាទដីធ្លីជាច្រើនបានកើនឡើង ៣ដងធៀបទៅនឹងឆ្នាំកន្លងទៅ។36 ​នៅ​ឆ្នាំ​ ២០១៦​ ស្ថិតិ​នៃ​ជម្លោះ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ធ្លាក់​ចុះ​។​ ជា​ឧទាហរណ៍​ អង្គការ​អា​ដ​ហុ​ក​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​ បាន​ទទួល​ពាក្យបណ្តឹង​ដីធ្លី​ចំនួន​ ១១២​ ករណី​ គ្រួសារ​ដែល​ប៉ះពាល់​មាន​ចំនួន​ ៨.៩៧៣​ ដែល​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ពី​ចំនួន​ ១៨២​ ករណី​ នៅ​ឆ្នាំ​ ២០១៥​ ដែល​ក្នុង​នោះ​មានគ្រួសារ​ចំនួន​ ១៦.៦៧៩​គ្រួសារ​ដែល​បាន​ប៉ះពាល់​។​37​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ បាន​មាន​ប្រសាសន៍​ថា​ ការ​ចុះបញ្ជី​ដីធ្លី​ និង​ដំណោះស្រាយ​វិវាទ​ដីធ្លី​បាន​កាត់​បន្ថយ​ ចំនួន​នៃ​វិវាទ​ និង​ការ​តវ៉ា​។​ 38

តាមរយៈការកើនឡើងនេះ ប្រជាជនប្រមាណជាង ៥០០,០០០នាក់ ត្រូវបានរាយការណ៍ថា បានទទួលរងផលប៉ះពាល់។39 ទោះជាយ៉ាងណា លោក សរ សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ទិន្នន័យផ្ទាល់របស់រដ្ឋាភិបាលមានភាពសុក្រឹត្យជាង។ យោងតាមទិន្នន័យដែលត្រូវបានប្រមូលដោយក្រសួង “ក្នុងចំណោម ១,០០០ ប័ណ្ណកម្មសិទ្ធិដែលបានចេញដោយក្រសួង មានតែ បីឬបួនប៉ុណ្ណោះដែលមានបញ្ហាវិវាទដីធ្លី”។ លោក សុវណ្ណ បានបន្ថែមទៀតថា នៅក្នុង ៣៥៧ឃុំ នៅទូទាំងប្រទេស ដែលមានការចុះធ្វើប័ណ្ណកម្មសិទ្ធិនៅទីនោះ ឃើញថា បញ្ហាវិវាទដីធ្លីមិនមែនជាបញ្ហាធំនោះទេ។ លោកបានមានប្រសាសន៍ទៀតថា “ជាមធ្យម ក្មុងមួយភូមិមានអ្នករងគ្រោះដោយសារបញ្ហាវិវាទដីធ្លីមិនដល់ម្នាក់ផង”។40 បន្ថែមពីនេះទៅទៀត ក្រសួងបានដោះស្រាយបញ្ហាវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការបាន ៣,៣៣៥ ករណីទៀតផង។41

វិវាទដីធ្លីជាញឹកញាប់ត្រូវបានបញ្ចប់ដោយការបណ្តេញចេញ។ មានអង្គការក្រៅរដ្ឋាភិបាលនានា រាយការណ៍ថា ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ42 នៅក្នុងរាជធានីភ្នំពេញតែមួយ មានប្រជាជនប្រមាណជិត ៣០,០០០គ្រួសារត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេ។ តាមរយៈរបាយការណ៍ក្នុងខែកក្កដា ឆ្នាំ២០១៥ អង្គការសិទ្ធិមនុស្សក្នុងស្រុក អាដហុក បាននិយាយថា នៅក្នុងឆមាសដំបូងនៃឆ្នាំ២០១៥ ពួកគេទទួលបានពាក្យបណ្តឹងដីធ្លី ៦៦ករណី ដែលប៉ះពាល់ជាង ៣,៥០០គ្រួសារនៅលើផ្ទៃដីជាង ៨,៦០០ ហិកតា។43

នាពេលអនាគត សម្បទានដីសេដ្ឋកិច្ចទំនងលែងជាកត្តាតែមួយគត់ និងលេចធ្លោរ ដែលនាំឱ្យមានបញ្ហាជម្លោះដីធ្លីទៀតហើយ ពីព្រោះរាជរដ្ឋាភិបាលគឺកំពុងតែបង្កើនល្បឿននៃការចុះបញ្ជីកម្មសិទ្ធិកាន់កាប់ដី និងសារពើភណ្ឌនៃដីសម្បត្តិរដ្ឋ រួមទាំងតំបន់ការពារ ដែលជាកិច្ចខិតខំប្រឹងប្រែងរួមរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទោះជាយ៉ាងណា កំណើននៃវិសមភាពនៃការប្រើប្រាស់ដី ការគ្រប់គ្រងដីធ្លីគ្មានប្រសិទ្ធិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរទីតាំងភូមិសាស្រ្តនៃជម្លោះដីធ្លី នឹងក្លាយទៅជាបញ្ហាស្នូល។ ការកាន់កាប់ដីទ្រង់ទ្រាយធំសម្រាប់ការធ្វើកសិពាណិជ្ជកម្ម44 និងការធ្វើកសិកម្មតាមកិច្ចសន្យា45 នឹងទំនងជាកម្លាំងរុញច្រានឱ្យមានការកើនឡើងនូវវិសមភាពនៅក្នុងប្រើប្រាស់ដី ហើយប្រហែលជានឹងនាំឱ្យមានការគំរាមកំហែងថ្មីលើការកាន់កាប់ដីដោយសុវត្ថិភាព។

ធ្វើបច្ចុប្បន្នភាពចុងក្រោយ៖ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩

ឯកសារយោង

  1. 1. Üllenberg, A. ការវិនិយោគដោយផ្ទាល់របស់បរទេសនៅកម្ពុជា (ភ្នំពេញ: GIZ, ២០០៩), ១១។
  2. 2. ធនាគារពិភពលោក. ការចែករំលែកកំណើន: សមធម៌ និងការអភិវឌ្ឍនៅកម្ពុជា. របាយការណ៍លេខ ៣៩៨០៩KH (ភ្នំពេញ, ២០០៧), ៥៤។
  3. 3. Diepart, J-C.“រចនាសម្ព័ន្ធនៃប្រព័ន្ធកាន់កាប់ដីធ្លីនៅកម្ពុជា៖ កសិករ និងការទទួលស្គាល់សិទ្ធិដីធ្លី។” ពត៌មានអំពីប្រទេស លេខ ៦: កម្ពុជា, គណៈកម្មាធិកាផ្នែកបច្ចេកទេសស្តីពីការកាន់កាប់ដីធ្លី និងការអភិវឌ្ឍ។ https://orbi.ulg.ac.be/bitstream/2268/183306/1/DIEPART_2015_Fragmentation-Land-Tenure-Systems-Cambodia.pdf
  4. 4. ដូចឯកសារយោងខាងលើ, ២៣.
  5. 5. Grimsditch, M.,កុល លក្ខិណា និង Sherchan, D., សិទ្ធិទទួលបានកម្មសិទ្ធិដីធ្លីនៅកម្ពុជា: ការសិក្សាស្តីពីការចុះបញ្ជីដីជាប្រព័ន្ធនៅក្នុងខេត្តចំនួនបីនៅកម្ពុជា និងក្នុងរាជធានី (ភ្នំពេញ: វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា, ២០១២), ១។ https://data.opendevelopmentmekong.net/en/dataset/access-to-land-title-in-cambodia-a-study-of-systematic-land-registration-in-three-cambodian-provinc
  6. 6. សុខ ចាន់. “របាយការណ៍និយាយថាកម្លាំងពលកម្មក្នុងវិស័យកសិកម្មបានធ្លាក់ចុះ”។ កាសែតខ្មែរថាមស៍, ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៧។ ចូលអានថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ​២០១៧។ http://www.khmertimeskh.com/news/39336// 
  7. 7. ហ៊ុល រស្មី, “លោក ហ៊ុន សែន បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតពីការចាំបាច់អភិវឌ្ឍន៍ប្រព័ន្ធស្រោចស្រព.” កាសែតឌឹខេមបូឌាដេលី, ១៩ សីហា ២០១៤។ https://www.cambodiadaily.com/archives/hun-sen-again-stresses-need-to-develop-irrigation-systems-66810/
  8. 8. អនុក្រឹត្យលេខ ១២៩ ស្តីពីវិធានការ និងនីតិវិធីលើការធ្វើអនុបយោគដីសម្បត្តិសាធារណៈរបស់រដ្ និងរបស់នីតិបុគ្គលសាធារណៈ, ២៧ វិច្ឆិកា ២០០៦, មាត្រា ៣។
  9. 9. ច្បាប់ភូមិបាល ឆ្នាំ២០០១, មាត្រា ១៥; អនុក្រឹត្យលេខ ១១៨ស្តីពីការគ្រប់គ្រងដីសម្បត្តិរបស់រដ្ឋ, ០៧ តុលា ២០០៥, មាត្រា ៤។
  10. 10. អនុក្រឹត្យលេខ ១២៩, មាត្រា ១៨ និង ១៦។
  11. 11. អនក្រឹត្យលេខ ១១៨, មាត្រា ៥។
  12. 12. ច្បាប់ភូមិបាល, មាត្រា ១៧។
  13. 13. ដូចឯកសារយោងខាងដើម, មាត្រា ២០-២៨។
  14. 14. ដូចឯកសារយោងខាងលើ, មាត្រា ២០។
  15. 15. ដូចឯកសារយោងខាងលើ, មាត្រា ២៥។
  16. 16. ដូចឯកសារយោងខាងលើ, មាត្រា ១០។
  17. 17. Dwyer, M., “ការអនុម័តត្រូវកែសម្រួល? ការចុះបញ្ជីដី, សម្បទានដី និងនយោបាយនៃតម្លាភាពដែនដីនៅកម្ពុជា” ទិនានុប្បវត្តិនៃការសិក្សាពីកសិករ ៤២:៥ (២០១៥): ៩១៦-៩១៧។
  18. 18. លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន. លើកឡើងពីកិច្ចប្រជុំ គណៈរដ្ឋមន្រ្តី ដំបូងនៃ នីតិកាល ទីបី នៃរដ្ឋសភា ជាតិនៅ ទីស្តីការគណៈរដ្ឋ មន្រ្តី, ភ្នំពេញ, កក្កដា ២០០៤។
  19. 19. អង្គ​ការទិន្នន័យ​អំពី​ការអភិវឌ្ឍ​ (អូឌីស៊ី)​. “សេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី​ យន្តការ​នៃ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ”, ចុះថ្ងៃទី​ ០៦​ ខែ​ឧសភា ឆ្នាំ ២០១៩។ ចូលអានថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៩។ https://opendevelopmentcambodia.net/km/pdf-viewer/?pdf=files_mf/1557124643convertjpgtopdf.net_20190506_083643.pdf
  20. 20. Grimsditch, Kol and Sherchan, ដំណើរការបណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា។
  21. 21. ANGOC, “ការធានាសុវត្ថិភាពសិទ្ធិកាន់កាប់ដី: ការមើលជារួមលើដំណើរការបណ្ណកម្មសិទ្ធិ” (Manila, ២០១២), ៣៩, ៨៥. http://www.angoc.org/wp-content/uploads/2012/09/06/securing-the-right-to-land-an-overview-on-access-to-land-in-asia/SRL2.pdf
  22. 22. Colchester, M. and Chao, S., eds. ការទីញដីសម្រាប់កសិពាណិជ្ជកម្មទ្រង់ទ្រាយធំ និងបញ្ហាសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍ (ទីក្រុងឡុងដុង: Forest Peoples’ Programme, ២០១៣), ៧.
  23. 23. Subedi, S., របាយការណ៍នៃអ្នករាយការណ៍ពិសេសស្តីពិស្ថានភាពនៃសិទ្ធិមនុស្សនៅកម្ពុជា, សេចក្តីបន្ថែមខ្លី: ការវិភាគសិទ្ធិមនុស្សនៃសម្បទានដីសេដ្ឋកិច្ច និងការជួលដីផ្សេងៗនៅកម្ពុជា (គណៈកម្មាធិការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស, សម័យប្រជុំទី ២១, ១១ តុលា ២០១២), ៩។
  24. 24. ច្បាប់ភូមិបាល ២០០១, មាត្រា ៦។
  25. 25. ច្បាប់ភូមិបាល ២០០១, មាត្រា ១៨។
  26. 26. Grimsditch, M., and Henderson, N. “គ្មានចំណងជើង: អសន្តិសុខនៃការកាន់កាប់ដី និងវិសមភាពនៅក្នុងវិស័យដីធ្លីនៅកម្ពុជា” (ភ្នំពេញ: Bridges Across Borders, ២០០៩)។ https://data.opendevelopmentmekong.net/library_record/untitled-tenure-insecurity-and-inequality-in-the-cambodian-land-sector
  27. 27. ធនាគារពិភពលោក. ការចូលរួមកំណើន: សមធម៌ និងការអភិវឌ្ឍនៅកម្ពុជា, ៥៥។
  28. 28. Üllenberg, ការវិនិយោគផ្ទាល់របស់បរទេសលើវិស័យដីធ្លីនៅកម្ពុជា, ១១។
  29. 29. Colchester and Chao, eds. ការទិញដីសម្រាប់កសិពាណិជ្ជកម្មទ្រង់ទ្រាយធំ និងសិទ្ធមនុស្សនៅអាស៊ីអាគ្នេយ៍, ១០។
  30. 30. ទិន្នន័យអំពីការជួលដីសម្រាប់ការរុករករ៉ែ និងគម្រោងវារីអគ្គិសនី យោងតាមបណ្តុំទិន្នន័យនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
  31. 31. Colchester and Chao, eds. ការទិញដីសម្រាប់កសិពាណិជ្ជកម្មទ្រង់ទ្រាយធំ និងសិទ្ធមនុស្សនៅអាស៊ីអាគ្នេយ៍, ៣។
  32. 32. Baliga, A., and វង្ស សុខហេង, “សម្បទានដីសេដ្ឋកិច្ចរកចំណូលដល់រដ្ឋាភិបាលបានត្រឹមតែ ៥លានដុល្លារប៉ុណ្ណោះ,” កាសែតភ្នំពេញប៉ុស្តិ៍, ១៨ មេសា ២០១៦។ http://www.phnompenhpost.com/national/elcs-earn-just-5m-govt
  33. 33. ម៉ៃ ទិត្យថារ៉ា, “រាជរដ្ឋាភិបាលនិយាយថា៖ ដី ១លានហិកតាត្រូវបានធ្វើអនុបយោគ” កាសែតភ្នំពេញប៉ុស្តិ៍, ២៧ តុលា ២០១៤។ http://www.phnompenhpost.com/national/one-million-hectares-reclassified-gov%E2%80%99t-says
  34. 34. Diepart, “ការរៀបចំសណ្តាប់ធ្នាប់ប្រព័ន្ធកាន់កាប់ដីឡើងវិញនោកម្ពុជា”, ១៩២០។
  35. 35. សម្ព័ន្ធខ្មែរសម្រាប់ការលើកម្ពស់ជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ). “អ្នកភូមិជាច្រើនរយនាក់ដាក់ញាត្តិប្តឹងមេឃុំលើរឿងវិវាទដីធ្លីអស់ជាច្រើនទស្សវត្សជាមួយក្រុមហ៊ុនស្ករ,” ២០ មករា ២០១៦។ http://www.licadho-cambodia.org/flashnews.php?perm=154
  36. 36. លីកាដូ, “ការកើនឡើងជាថ្មីនៃវិវាទដីធ្លីចាំបាច់គួរតែត្រូវបានដោះស្រាយជាបន្ទាន់”, ១៩ កុម្ភៈ ២០១៥។ http://www.licadho-cambodia.org/pressrelease.php?perm=374
  37. 37. ​ប៉ិច​ សុធា​រី​,​ ២០១៧​។​
  38. 38. ​ដូច​ឯកសារយោង​ខាង​ដើម​។​
  39. 39. លីកាដូ. “សេចក្តីថ្លែងការណ៍: ២០១៤ នាំមកនូវរលកថ្មីនៃបញ្ហាវិវាទដីធ្លីនៅកម្ពុជា” ០១ មេសា ២០១៤។ ចូលមើលនៅខែ មេសា ២០១៤។ http://www.licadho-cambodia.org/pressrelease.php?perm=342
  40. 40. ម៉ៃ ទិត្យថារ៉ា and Cuddy, A. “រដ្ឋាភិបាល៖ ទិន្នន័យរបស់លីកាដូមិនពិត”, កាសែតភ្នំពេញប៉ុស្តិ៍, ០៤ មេសា ២០១៤។ http://www.phnompenhpost.com/national/licadho-data-%E2%80%98not-real%E2%80%99-gov%E2%80%99t
  41. 41. នៀម ឆេង. “រដ្ឋាភិបាលបដិសេធបញ្ហាវិវាទដីធ្លី”។
  42. 42. Sahmakum Teang Tnaut, “ប្រវត្តិនៃការផ្លាស់ទីលំនៅនៅក្នុងរាជធានីភ្នំពេញ– សហគមដែលត្រូវបានបណ្តេញចេញពីឆ្នាំ ១៩៩០-២០១៤” (ភ្នំពេញ, ២០១៤)។ http://teangtnaut.org/wp-content/uploads/2014/12/FactFigures23_Evicted-Communities-PP-1990-2014_VsFinal.pdf
  43. 43. Sen, “រដ្ឋាភិបាលសន្យានឹងបង្កើតល្បឿនការផ្តល់បណ្ណកម្មសិទ្ធិកាន់កាប់ដី”។
  44. 44. Colchester and Chao, eds. ការទិញដីសម្រាប់កសិពាណិជ្ជកម្មទ្រង់ទ្រាយធំ និងសិទ្ធមនុស្សនៅអាស៊ីអាគ្នេយ៍។
  45. 45. ស៊ុំ ស្រីមុំ និងខៀវ ភិរម្យ, “កសិកម្មកិច្ចសន្យានៅកម្ពុជា: គំរូខុសៗគ្នា, គោលនយោបាយ និងការអនុវត្ត”, ឯកសារពិភាក្សាលេខ ១០៤ (ភ្នំពេញ: វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍, ២០១៥). http://www.cdri.org.kh/webdata/download/wp/wp104e.pdf
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

rA2x6
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!