ទិន្នន័យមូលនិធិអំពីជំនួយ និងការអភិវឌ្ឍលើបញ្ហាកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិ បង្ហាញពីរូបភាពមិនពេញ និងមិនស៊ីគ្នា។ បើទោះជាមានប្រភពជាច្រើនតាមដានពីមូលនិធិផ្តល់ជំនួយ ជារឿយៗ ប្រភពទាំងនោះ បង្ហាញព័ត៌មានមិនពេញលេញ ដោយសារហេតុផលពេលវេលាមិនគ្រប់គ្រាន់ ឬ ដែនវិសាលភាពរបស់គម្រោង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា បានរួមគ្នាបោះពុម្ពផ្សាយមូលដ្ឋានទិន្នន័យស្តីពីព័ត៌មានមូលនិធិដៃគូរអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលត្រូវបានគេស្គាល់ថាជា មូលដ្ឋានទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់កម្ពុជា។ បើទោះជាមូលដ្ឋានទិន្នន័យនេះហ្មត់ចត់ វាមិនបានគ្របដណ្តប់ទៅលើបណ្តាគម្រោងទាំងមូលដែលបានបញ្ចប់ នៅមុនពាក់កណ្តាលទសវត្សរ៍ចុងក្រោយនេះទេ។ លើសពីនេះ មូលដ្ឋានទិន្នន័យមិនមានព័ត៌មានស៊ីគ្នាជាមួយនឹងរបាយការណ៍ របស់ម្ចាស់ជំនួយផងដែរ។។ ឧទាហរណ៍ បញ្ជីជំនួយអភិវឌ្ឍន៍ផ្លូវការតាមវិស័យ និងស្ថានការណ៍ នៃគម្រោង រាយការណ៍ថា ធនាគារពិភពលោក បានផ្តល់មូលនិធិ ចំនួន ១៤,៣៧៨,០៨៨ ដុល្លារអាមេរិក ទៅឱ្យគម្រោងស្តីពីការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច។1 យ៉ាងនេះក្តី ទំព័រព័ត៌មាន របស់ធនាគារពិភពលោក សម្រាប់គម្រោងស្តីពីការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច រាយការណ៍ថា ស្ថាប័ននេះ បានសន្យាផ្តល់ជំនួយទៅគម្រោងនេះជាមួយនឹងទឹកប្រាក់ចំនួន ១១,៥០០,០០០ ដុល្លារអាមេរិក ខណៈដែលប្រទេសអាឡឺម៉ង់ផ្តល់ជាជំនួយផ្សេងទៀត លើទឹកប្រាក់ចំនួន ១,២០០,០០០ ដុល្លារអាមេរិក។2
ព័ត៌មានមិនស៊ីគ្នាលើកំណត់ត្រានៃការផ្តល់មូលនិធិ៖ ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច
គម្រោងជាច្រើនផ្សេងទៀត ប៉ុនប៉ងប្រមូលទិន្នន័យស្តីពីការផ្តល់ជំនួយរបស់ដៃគូរអភិវឌ្ឍន៍ និងអង្គការមិន មែនរដ្ឋាភិបាល។ អង្គការ កិច្ចផ្តួចផ្តើមតម្លាភាពជំនួយអន្តរជាតិ បោះពុម្ពផ្សាយទិន្នន័យស្តីពីជំនួយ មកពី ម្ចាស់ជំនួយទ្វេរភាគី និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ បើទោះជាទិន្នន័យផ្សាយលើគេហទំព័រនេះ គឺ ជាការធ្វើសេចក្តីរាយការណ៍ខ្លួនឯង។3 បន្ថែមពីលើនេះ ក្រុមការងារម្ចាស់ជំនួយសកលលើបញ្ហាដីធ្លី និង ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្តរជាតិ បានបោះពុម្ពផ្សាយផែនទី ដែលបង្ហាញពីការផ្តល់ ជំនួយនៅក្នុងកម្មវិធីអភិបាលកិច្ចដីធ្លី ដោយម្ចាស់ជំនួយទ្វេរភាគី ម្ចាស់ជំនួយពហុភាគី និងទីភ្នាក់ងារ អភិវឌ្ឍន៍។4 យ៉ាងនេះក្តី ផែនទីនេះ នៅមានសមត្ថភាពកំណត់នៅឡើយ។ គម្រោង ដែលមានក្នុងកំណត់ត្រាដំបូងបំផុត គឺទាក់ទងនឹងការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច ដែលបានចាប់ផ្តើម នៅក្នុងឆ្នាំ២០០៨ ហើយមិនមានព័ត៌មានជំនួយសម្រាប់គម្រោងត្រូវបានផ្តល់ឱ្យទេ។5 ខណៈដែលប្រភពផ្សេងៗបង្ហាញថា មូលនិធិក្នុងចំនួនដ៏ច្រើន កំពុងហូរចាក់ចូលទៅក្នុងប្រទេសកម្ពុជា មូលនិធិអន្តរជាតិ មិនត្រូវបានតាមដានកត់ត្រាឱ្យបានពេញលេញ និងជាក់លាក់ នៅមួយកន្លែងទេ។
ទាក់ទងនឹងមូលនិធិសម្រាប់ការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
- គោលនយោបាយ និងការគ្រប់គ្រងដីធ្លី
- អង្គការមិនមែនរដ្ឋាភិបាលទទួលបន្ទុកផ្នែកការកាន់កាប់ដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធិដីធ្លី
- អស្សាមិករណ៍
- ការទិញលក់ និងការធ្វើពាណិជ្ជកម្មដីធ្លី
បច្ចុប្បន្នភាពចុងក្រោយ៖ ១ វិច្ឆិកា ២០១៥
ឯកសារយោង
- 1. ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា (ឆ្នាំ២០១៥). “បញ្ជីគម្រោងទៅតាមវិស័យ និងស្ថានការណ៍.” គេហទំព័រដៃគូរអភិវឌ្ឍន៍. មូលដ្ឋានទិន្នន័យជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់កម្ពុជា. http://cdc.khmer.biz ។
- 2. ធនាគារពិភពលោក (ឆ្នាំ២០១៥). “ការបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គមកិច្ច និងសេដ្ឋកិច្ច.” ចូលអាន កក្កដា ២០១៥. http://www.worldbank.org/projects/P084787/land-allocation-social-economic-development?lang=en ។
- 3. អង្គការ កិច្ចផ្តួចផ្តើមតម្លាភាពជំនួយអន្តរជាតិ. “ទិន្នន័យកិច្ចផ្តួចផ្តើមតម្លាភាពសម្រាប់ជំនួយអន្តរជាតិ.” ចូលអាន កក្កដា ២០១៥. http://www.iatiregistry.org ។
- 4. ម្ចាស់ជំនួយសកលសម្រាប់ការអភិវឌ្ឍជនបទ (ឆ្នាំ២០១៥). “ផែនទីកម្មវិធីអភិបាលកិច្ចដីធ្លី.” ចូលអាន កក្កដា ២០១៥. https://landgov.donorplatform.org។
- 5. ដូចយោងខាងលើ។