គោលដៅទី១៤ ជីវិតក្រោមទឹក

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៤​ គឺ​សំដៅលើ​អន្តរ​​អំពើ​​រវាង​មនុស្ស​ ជាមួយនឹង​មហាសមុទ្រ​។​ ជា​ពិសេស​ វា​មាន​គោលបំណង​​ដើម្បី​អភិរក្ស​ និង​គ្រប់​គ្រង​​​ការ​ប្រើ​ប្រាស់​​នៃ​​មហាសមុទ្រ​ សមុទ្រ​ និង​ធនធានសមុទ្រ​​​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព។1​ មហាសន្និបាត​អង្គការសហប្រជាជាតិ​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​នូវ​គោលបំណង​ និង​ហេតុផល​សម្រាប់​គោលដៅ​នេះ​។2​ មហាសមុទ្រ​គ្របដណ្តប់​ប្រហែល​ ៧១​ ភាគរយ​ នៃ​ផ្ទៃផែនដី​ ​និង​រក្សា​ប្រតិបត្តិការ​នៃ​​​​ប្រព័ន្ធ​ធាតុអាកាស​ និង​អាកាសធាតុ​សកល។ ហេតុដូច​នេះ​ហើយ​ បាន​ជា​ការ​រស់នៅរបស់​ភាវៈ​ទាំង​អស់​ មិនថា​សូម្បីតែ​​ពួក​គេ​រស់នៅលើដីគោក​នោះ​ទេ​ ក៏ត្រូវបានរងផលប៉ះពាល់ដោយសារ​ការផ្លាស់ប្តូរ​នៃ​លំនាំទឹកភ្លៀង និងសីតុណ្ហភាព​ដែរ​។​​ គោលដៅ​នេះ​ទទួលស្គាល់​ថា​ មហាសមុទ្រ​មាន​អត្ថប្រយោជន៍​ដល់​​ផ្នែក​បរិស្ថាន​ សេដ្ឋកិច្ច​ និង​សង្គម​​ ​ហួស​ពី​ព្រំដែន​ជាតិ​ និង​តំបន់ឆ្នេរទៅ​ទៀត​​។​3




គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​១៤​ មាន​ចំណុច​ដៅចំនួន​ ១០​ និង​សូចនាករ​ចំនួន ១០​។​ ​ក្នុង​ចំណោម​ចំណុចដៅ​ទាំង​នោះ​ មាន​ចំណុច​ដៅ​ចំនួនប្រាំពីរ ​ជា​ចំណុចដៅ​ធម្មតា​ និង​រួម​បញ្ចូល​ទាំង​៖​

  • កាត់បន្ថយការបំពុលនៅក្នុងសមុទ្រ​ (១៤.១)​​
  • ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ និង​ឆ្នេរសមុទ្រ​ (១៤.២)​
  • ដោះស្រាយ​ផល​ប៉ះពាល់​នៃ​អាស៊ីតកម្មសមុទ្រ​ (១៤.៣)​
  • គ្រប់គ្រង​ការ​ប្រមូល​ផល​ពី​មហាសមុទ្រ​ និង​បញ្ចប់​ការ​នេសាទ​ត្រី​ហួស​កម្រិត​ (១៤.៤)​
  • អភិរក្ស​យ៉ាង​ហោច​ណាស់​ ១០​ ភាគរយ​ នៃ​តំបន់ឆ្នេរ​សមុទ្រ​ និង​សមុទ្រ​ (១៤.៥)​
  • ហាមឃាត់​ការ​ឧបត្ថម្ភ​ធន​លើ​ការ​នេសាទ​មួយ​ចំនួន​ (១៤.៦)​
  • ​បង្កើន​អត្ថ​ប្រយោជន៍​នានា​ដល់​​រដ្ឋដែនកោះតូចៗ​​ ដែល​កំពុង​អភិវឌ្ឍន៍​ និង​បណ្តា​ប្រទេស​​​​​អភិវឌ្ឍ​ន៍​​តិច​តួច​ (១៤.៧)។

​នៅ​មាន​ចំណុច​ដៅចំនួន ​៣ ​ផ្សេង​ទៀត​នៃ​ “មធ្យោបាយ​នៃ​ការ​អភិវឌ្ឍ​”​ ដែល​មាន​គោលបំណង​ផ្តល់​លទ្ធភាព​ឱ្យ​ប្រទេស​ទាំងអស់​មាន​ធនធាន​ ដើម្បី​បំពេញ​តាម​គោលដៅ​ដែល​ត្រូវ​បាន​ពិពណ៌នា​ដូច​ខាងក្រោម​។4

ការ​ផ្លាស់​ប្តូរ​ពី​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ទៅ​កាន់​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី​១៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា

ក្នុងអំឡុងពេល​នៃ​របៀបវារៈ​គោលដៅអភិវឌ្ឍន៍​សហស្ស​វត្សរ៍​ ចំណុច​ដៅ​តែ​មួយ​គត់​ដែល​ទាក់ទង​ទៅ​នឹង​អន្តរ​​អំពើរ​របស់​មនុស្ស​ជាមួយ​មហាសមុទ្រ ​គឺ​ចំណុច​ដៅ​ ៧B​ ដែល​ទាក់ទង​ទៅ​នឹង​ការ​កាត់​បន្ថយ​នៃ​ការ​បាត់បង់​ជីវចម្រុះ។​ ​អ្វីដែលជាប់ពាក់ព័ន្ធជាក់លាក់​ជាង​នេះ​ទៅ​ទៀត​គឺ​ សូចនាករ​ ៧.៤​ ដែលវាស់ស្ទង់​សមាមាត្រ​នៃស្តុក​ត្រី​ នៅ​ក្នុង​ដែន​កំណត់​ជីវសាស្ត្រ​សុវត្ថិភាព​ និង​សូចនាករ​ ៧.៦​ ដែលវាស់ស្ទង់​សមាមាត្រ​នៃ​តំបន់​សមុទ្រ​ (​និង​នៅ​លើ​ដី​)​ បានការ​ពារ​នៅក្នុង​ប្រទេស​។​5 ចំពោះ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ (​គ​.​អ​.​ស​.​ក​)​ សូចនាករ​ ៧.៤​ ​ជា​សូចនាករ​សកល​ដែល​ផ្តោត​តែ​ទៅ​លើ​វិស័យ​ជលផល​សមុទ្រនោះ​ មិនត្រូវ​បាន​យកមកត្រួតពិនិត្យ​នៅ​កម្រិត​ប្រទេស​​នោះ​ទេ​។6 វា​ក៏​មាន​​ភាព​​ខ្វះ​ចន្លោះ​ផ្នែក​​សមត្ថភាព​សំខាន់ៗ​ ដែល​កំណត់​ពី​ការ​អភិវឌ្ឍ​តំបន់​ការពារ​សមុទ្រ​ផង​ដែរ​​។7

ជា​លទ្ធផល​ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​ត្រូវ​បាន​កែប្រែ​។​ ប្រទេស​កម្ពុជា ​ជា​ប្រទេស​មួយ​ដែល​មាន​កម្រិត​ទាប​បំផុត​ (២៤​ ភាគរយ​)​ នៃ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ចម្ងាយ​ ១០០​ គីឡូម៉ែត្រ​​ពី​​ឆ្នេរសមុទ្រ​នៅ​ក្នុង​តំបន់​មេគង្គ​ លើកលែងតែ​ប្រទេស​ឡាវ​ដែល​​ជា​ប្រទេស​មិន​ស្ថិត​នៅ​​ជាប់​នឹង​សមុទ្រ​។​8 ដោយសារ​ទន្លេសាប​ បឹងទន្លេសាប ទន្លេ និង​តំបន់​លិច​ទឹក​ដ៏​ធំ​ទូលាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជលផល​ទឹកសាប​មាន​ផលិតកម្ម​សំខាន់​ជាង​ធនធាន​មហាសមុទ្រ​។9

យ៉ាងណាមិញ ​ផលិតកម្ម​នៃ​ជលផល​ទឹកសាប​បាន​កំពុង​ថយ​ចុះ​ដោយសារ​តែ​​ការ​នេសាទ​ហួសប្រមាណ​ ដូច្នេះទើបយើង​​ចាំ​បាច់​ត្រូវ​​មាន​​ការ​ធ្វើ​កំណែទម្រង់​។​ ហេតុដូច​នេះ​ហើយ​ ទើប​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​ដ្ឋា​ន​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា​ មាន​គោលបំណង​ដើម្បី​៖

  • បង្កើន​ចំនួន​ឡូតិ៍នេសាទ​ (​​ដែន​ទឹកសមុទ្រ​ និង​​ដែន​ទឹកសាប​)​ ដល់​សហគមន៍​មូលដ្ឋាន​ (​ពី​ ៥៦​ ភាគរយ​ ដល់​ ៦០​ ភាគរយ​ – នៅ​ក្នុង ​គ​.​អ​.​ស​.​ក​ ៧.៦)​
  • ​ធ្វើ​ឱ្យ​​កើន​ឡើង​ច្រើន​ជាង​ពីរ​ដង​នៃ​ចំនួន​ជលផល​​សហគមន៍​ (​ពី​ ២៦៤​ ដល់​ ៥៨៩ – ​គ​.​អ​.​ស​.​ក​ ៧.៧)​​
  • ​​ធ្វើ​ឱ្យ​កើន​ឡើង​ច្រើន​ជាង​ពីរ​ដង​នៃ​តំបន់​ផ្ទៃ​ទឹកដែលជា​ជម្រក​ត្រី​ (​ពី​ ២៦៤.៥០០​ ហិ​កតា​ ទៅ​ ៥៨០.៨០០​ ហិ​កតា​ – ​គ​.​អ​.​ស​.​ក​ ៧.៨)​។10

ដ្យា​ក្រាម​បង្ហាញ​ពី​ការ​ប្រៀប​ធៀប​ផលិត​កម្ម​ជល​ផល​​ក្នុង​ដែន​ដី​គោក​ និង​​ដែន​សមុទ្រ​ ​11

ឡូតិ៍​នេសាទ​ឯកជន​ត្រូវ​បាន​លុប​បំបាត់​ចោល​នៅ​ទន្លេសាប​ក្នុង​ឆ្នាំ​ ២០១២12​ សហគមន៍​នេសាទ​ចំនួន​ ៥១៦​ ត្រូវ​បាន​បង្កើត​ឡើង​ (៤៧៥​ ជលផល​ទឹកសាប​ និង ​៤១​ ជលផល​ទឹកសមុទ្រ​)13​ ហើយ​ក្នុង​ឆ្នាំ​ ២០១០​ មាន​ទំហំ​ផ្ទៃដី​ចំនួន​ ៤៦៦.០០០​ ហិ​កតា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះទៅ​រក​ការ​សម្រេច​តំបន់​​ដែន​ជម្រក​ដែល​គ្រោងទុក​​។14

ចំណុចផ្តោត​របស់​ចំណុច​ដៅ​ SDGs​ គឺហួស​ពី​ការ​យកចិត្តទុកដាក់​លើ​ជីវៈចម្រុះ​ ដើម្បី​ពិចារណា​ពី​របៀប​ផ្សេងៗដែល​មនុស្ស​មាន​ទំនាក់ទំនង​ជាមួយនឹង​មហាសមុទ្រ​។​ នេះ​រាប់​បញ្ចូល​ទាំង​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ពី​ធនធាន​តំបន់ឆ្នេរ​ និង​សមុទ្រ​ដោយការ​បំផ្លាញ​ទីជម្រក​ ឬ​ការ​នេសាទ​ហួសប្រមាណ​ និង​ផល​ប៉ះពាល់​ដោយ​ប្រយោល​ ដូច​ជា​ការ​បំពុល​ដោយ​ផ្លា​ស្ទិ​ក​ពី​ខ្សែទឹកទន្លេខាងលើ​ និង​កម្រិតខ្ពស់​នៃការបំភាយឧស្ម័ន​កាបូ​និច​ដែល​នាំ​ឱ្យ​មាន​អាស៊ី​តកម្មមហា​សមុទ្រ​។​ វា​ក៏​មាន​គោលបំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​បែងចែក​ប្រកបដោយ​សមធម៌​នៃ​ធនធាន​តំបន់​សមុទ្រ​ និង​​តំបន់​ឆ្នេរ​។15 

ខណៈ​ដែល​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ (CSDGs)​ មិន​ត្រូវ​បាន​រំពឹង​ថា​ នឹង​ត្រូវ​បាន​ចេញផ្សាយ​រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​ ២០១៨16​ មានការចង្អុលបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជានឹងពង្រីកការយកចិត្តទុកដាក់របស់ខ្លួនដើម្បីរួមបញ្ចូលគោលដៅទាំងនោះ។​ ឧទាហរណ៍​ នៅក្នុង​ឆ្នាំ​ ២០១៦​ ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ចុះហត្ថលេខា​លើ​ប្រកាស​ស្ដីពីតំបន់គ្រប់គ្រង​​ជលផល​សមុទ្រ​ (MFMA)​ ដែល​មាន​ទំហំ​ ៤០៥​ គម​ នៅ​ជុំវិញ​កោះ​រ៉ុ​ង​ និង​កោះ​រ៉ុ​ង​សន្លឹម​ជិត​ខេត្ត​ព្រះ​សីហ​នុ​។17  

រូបភាពប៉ាណូរ៉ាមិចនៃឆ្នេរខាងលិចរបស់កោះរ៉ុងសន្លឹម ថតពីប៉មបង្គោលភ្លើងហ្វា នៅភាគខាងត្បូងនៃកោះក្នុងប្រទេសកម្ពុជា។ រូប​ភាព​ ថត​ដោយ​​ Wikirictor ឆ្នាំ២០១៤​។​ អាជ្ញាប័ណ្ណ CC BY-SA 4.0

ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​នៃ​គោលដៅ​អភិវឌ្ឍប្រកបដោយ​ចីរភាព​ទី១៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា

ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​យ៉ាង​ឆាប់រហ័ស​ត្រូវ​បានពិនិត្យលើ​ឯកសារ​គោលនយោបាយ​ថ្នាក់​ជាតិ​ជា​ច្រើន​របស់​កម្ពុជា​ ដើម្បី​វាយតម្លៃ​ពី​កម្រិត​ដែល​ប្រទេស​នេះ​បាន​ត្រៀមខ្លួន​អនុវត្ត​ន៍​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។​ ទាក់ទង​ទៅ​នឹង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ឯកសារ​រួម​មាន​៖

  • ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ (​ផ​.​យ​.​អ​.​ជ​.)​ ២០១៤-២០១៨​18
  • ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​ជីវចម្រុះ​ជាតិ​ ឆ្នាំ​២០១៦​ ដែល​មាន​ប្រធានបទ​ជាក់លាក់​មួយ​ (​ប្រធានបទ​ទី​ ១០)​ ទាក់ទង​នឹង​ការ​តាមដាន​ និង​ការ​ការពារ​ តាម​បណ្តោយ​ឆ្នេរសមុទ្រកម្ពុជា​ចំនួន​ ៤៣៥​ គីឡូម៉ែត្រ​ និង​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​សមុទ្រ​ចំនួន​ ៥០០.០០០​ គីឡូម៉ែត្រការ៉េ19
  • ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​កំណើន​បៃតង​ (២០១៣-២០២០)​ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ខៀវ​ និង​ចីរភាព​20
  • ក៏​ដូច​ជា​ផែនការ​តាម​វិស័យ​ដែល​ពាក់ព័ន្ធ​ផ្សេង​ទៀត​។21

នៅ​ក្នុង​ការ​វាយតម្លៃ​ ចំណុច​ដៅ​របស់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ទាំងអស់​ត្រូវ​បាន​ដោះស្រាយតាម​រយៈ​ឯកសារ​គោលនយោបាយ​ជាតិ​នានា​ លើកលែងតែ​​ ចំណុច​ដៅ​ ១៤.៦។​ នៅ​ក្នុង​ផ​.​យ​.​អ​.​ជ​.​ (២០១៤-២០១៨)​ មាន​សេចក្តីថ្លែងការណ៍​ទូលំទូលាយ​តែ​មួយ​ប៉ុណ្ណោះ​ ដែល​ទាក់ទង​ទៅ​នឹង​ការ​លុប​បំបាត់​ ឬ​កំណែទម្រង់​នៃ​ការ​ឧបត្ថម្ភ​ធន​ សម្រាប់​ការ​ប្រើប្រាស់​ទឹក​នៅ​ក្នុង​វិស័យ​កសិកម្ម​ តែ​មិន​មានការ​លើក​ឡើង​ច្បាស់លាស់​អំពី​ការ​លុប​បំបាត់​ការ​ឧបត្ថម្ភ​ធន​ ដែល​រួមចំណែក​ដល់​ការ​នេសាទ​ហួស​កម្រិត​។​ ការ​វាយតម្លៃ​នេះ​បានណែនាំថា​ ដោយសារ​តែ​មូលហេតុ​​ទាំង​នេះ​ហើយ​​​​ ទើប​ចំណុច​ដៅ​ ១៤.៦​ ត្រូវ​បាន​ដោះស្រាយ​តែ​ផ្នែក​ខ្លះ​នៅ​ក្នុង​ផែនការ​របស់​ប្រទេស​កម្ពុជា​។22​ នៅ​ពេល​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ ផ​.​យ​.​អ​.​ជ​.​ ឆ្នាំ​ ២០១៩-២០២៣​ ចំណុច​ដៅ​ ១៤.៦​ គួរតែ​ត្រូវ​បាន​ដោះស្រាយ​។​ យើង​ប្រហែល​អាច​នឹង​ឃើញ​​ ការ​នេសាទ​ទឹកសាប​ត្រូវ​បាន​ត្រួតពិនិត្យ​ម្តងទៀត​ ដែល​ជា​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​ដ៏​សំខាន់​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព។​

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ត្រូវ​បាន​គេ​ពណ៌នា​ថា ​មាន​តួនាទី​ជាច្រើនសម្រាប់​ការ​អនុវត្ត​របៀបវារៈ​អភិវឌ្ឍន៍​ចីរភាព​ទាំងមូល​។​ ការ​ចាត់វិធានការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹងចំណុចដៅរបស់គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ទាំងអស់ ទំនងជា​នឹង​ជួយ​អោយ​សម្រេច​ដល់គោលដៅ​ផ្សេងទៀត​ ជាពិសេស​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដូច​ជា​ប្រទេស​កម្ពុជា​ និង​រដ្ឋដែនកោះតូចៗ​កំពុង​អភិវឌ្ឍន៍​។23ការ​សិក្សា​របស់​អង្គការសហប្រជាជាតិ​មួយ​បាន​ផ្តល់​អនុសាសន៍​ថា​ ប្រទេស​នីមួយៗ​គួរតែ​ពិចារណា​ពី​របៀប​ដែល​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​​ ១,២,​ ៣,​ ៨,​ ៩,​ ១២,​ ១៣,​ ១៥​ និង​ ១៦​ ជា​ពិសេស​ នៅ​ពេល​ដែល​ការ​ផ្សារ​ភ្ជាប់​គ្នា​រវាង​គោលដៅ​ទាំងនេះ​ ត្រូវ​បានជឿជាក់ថា​មាន​ភាពរឹងមាំ​។​24

​មធ្យោបាយ​នៃ​ការ​អនុវត្ត​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី១៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា

សូចនាករ​ទាំង​ ៣​ នៃ​ “មធ្យោបាយ​នៃ​ការ​អភិវឌ្ឍ​”​ សម្រាប់គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ផ្តល់​ឱ្យ​កម្ពុជា​នូវ​ឱកាស​ ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​ជាមួយនឹង​ធនធាន​សមុទ្រ​ និង​ឆ្នេរសមុទ្រ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៃ​ទ្រព្យសម្បត្តិ​ជាតិ​ទាំងនេះ​។

​ឧទាហរណ៍៖

  • ចំណុច​ដៅ​ ១៤.A​ នៃគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ផ្តោត​លើ​ការ​បង្កើន​សមត្ថភាព​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ និងរបៀបដែល​ការ​ផ្ទេរ​បច្ចេកវិទ្យា​មាន​សក្តានុពល​ធ្វើ​អោយ​ប្រសើរ​ឡើង​នូវ​អត្ថប្រយោជន៍​របស់​ប្រទេស​កម្ពុជា​ពី​ធនធាន​សមុទ្រ​របស់​ខ្លួន​។​ ខណៈ​ពេល​ដែល​មាន​ភាព​ច្បាស់លាស់​ថា​ ទំហំ​នៃ​ការ​នេសាទ​ត្រី​បាន​បន្ត​កើនឡើង​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០​ មាន​ទិន្នន័យ​តិចតួច​ណាស់​អំពី​បរិមាណ​ផលិតកម្ម​ជាក់ស្តែង​សម្រាប់​ការ​នេសាទ​ត្រី​ និង​ចំនួន​បរិមាណ​ដែល​ពួក​គេ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​។​ មានការ​អះអាង​ថា​ ផលិតកម្ម​ត្រី​សមុទ្រ​រហូត​ដល់​ ២៥ភាគ​រយ​ នៅ​ក្នុង​ដែនទឹក​កម្ពុជា​មិន​បានហែល​ទៅ​ដល់​ច្រាំង​សមុទ្ររបស់​ប្រទេសកម្ពុជាឡើយ​។25​ ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ធំ​ ​នៅ​តំបន់​ឈូង​សមុទ្រ​ថៃ​ (LME)​ ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​ម៉ា​ឡេ​ស៊ី​ ថៃ​ កម្ពុជា​ និង​វៀតណាម​ត្រូវ​បាន​ចាត់​ចំណាត់ថ្នាក់​ ដោយ​កម្មវិធី​វាយតម្លៃ​ពី​ទឹកសមុទ្រ​ឆ្លង​ដែន​ដែល​ហៅ​កាត់​ថា​ (TWAP)​ ស្ថិត​នៅ​ក្រោម​កម្រិតខ្ពស់បំផុតនៃហានិភ័យរួម និងទទួលបាន​ពិន្ទុ​ទាបចំពោះ​ស​ន្ទ​ស្សន៍​សុខភាព​មហាសមុទ្រ​ (OHI)​។26​ គំនិត​ផ្តួចផ្តើម​សេដ្ឋកិច្ច​ពណ៌​ខៀវ​ ដូចដែល​បាន​រៀបរាប់​នៅ​ក្នុង​របាយការណ៍​ “មហាសមុទ្រ​ និង​តំបន់ឆ្នេររបស់រដ្ឋ”​ ថ្នាក់​តំបន់​ និង​ថ្នាក់​ជាតិ​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ជំនួយ​បច្ចេកទេស​ នឹង​ត្រូវ​បាន​ទាមទារ​ដោយ​ប្រទេស​កម្ពុជា​ ដែលជា​​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ ដើម្បី​សម្រេចគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ ក្នុងការឆ្លើយ​តប​ទៅនឹង​ហានិភ័យ​ទាំងនេះ​ និង​អភិវឌ្ឍ​សេដ្ឋកិច្ចរបស់ជាតិ​។​27  

ផែន​ទីបង្ហាញអំពី​តំបន់​ឆ្នេ​រ និង​ដែន​សមុទ្រ​របស់​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ឈូង​សមុទ្រ​ថៃ​

  • ចំណុច​ដៅ​ ១៤.B​ នៃគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព មាន​គោលបំណង​ផ្តល់​លទ្ធភាព​ដល់​អ្នកនេសាទ​ខ្នាត​តូច​ ក្នុង​ការ​ប្រើប្រាស់​ធនធាន​សមុទ្រ​ និង​ទីផ្សារ​ និង​ជាប់ពាក់ព័ន្ធខ្លាំងជាមួយនឹង​កម្ពុជា​ ដែល​ភាគច្រើន​នៃ​អ្នកនេសាទ​ខ្នាត​តូចៗ​នៅតាម​តំបន់ឆ្នេរ​សមុទ្រ​ ក៏​ដូច​ជា​អ្នកនេសាទ​នៅ​តាម​ដង​ទន្លេ​ គឺជា​អ្នកក្រ​ ហើយអាជីវកម្មរបស់​ពួក​គាត់​មិន​ទទួល​បាន​ផល​ចំណេញ​ច្រើនឡើយ​។​ ចំនែកឯអ្នកនេសាទ​នៅ​តាម​តំបន់ឆ្នេរ​វិញ សកម្មភាព​របស់​ពួក​គាត់​ភាគច្រើន​មិនត្រូវ​បាន​ត្រួតពិនិត្យទេ​ ហើយ​មាន​ទិន្នន័យ​តិចតួច​ណាស់​ ដើម្បី​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​នានា​ ក្នុង​ការ​បង្កើន​ចីរភាព​របស់​មុខរបរ​ពួក​គាត់​។​ អ្នកនេសាទ​ខ្នាត​តូច​ជា​ច្រើន ​ខ្វះ​សមត្ថភាព​ក្នុង​ការ​នេសាទផលសមុទ្រ​ដែល​ត្រូវការ ហើយ​អាស្រ័យ​លើ​ផល​សមុទ្រ​ប្រភេទ​ផ្សេងៗទៀត​ ដែល​បង្កើត​ប្រាក់​ចំណូល​ទាប​ និង​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​។​28
  • ចំណុច​ដៅ​ ១៤.C​ នៃគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ដែល​មាន​គោលបំណង​លើកកម្ពស់​ការ​អភិរក្ស​ និង​ការ​ប្រើប្រាស់​​សមុទ្រ​ និង​ធនធាន​សមុទ្រ​​ប្រកបដោយ​ចីរភាព តាម​រយៈ​ច្បាប់​អន្តរជាតិ​ អាច​នឹង​ជម្រុញ​កម្ពុជា​ឱ្យធ្វើ​សច្ចាប័ន​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ​ (UNCLOS)​ ដែល​បាន​ចុះហត្ថលេខា​រួច​ហើយ​។​ នេះ​អាច​ឱ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​ទទួល​បាន​យន្តការ​ច្បាប់​ផ្លូវការ​ ដើម្បី​ដោះស្រាយ​បញ្ហា​ដូច​ជា​ ការ​នេសាទ​ខុសច្បាប់​ដែល​មិន​បាន​រាយការណ៍​ និង​មិន​បាន​ចុះ​ត្រួតពិនិត្យ​ (IUU)​ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន​ ដោយ​មិន​ប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ​។29

​ការ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​​គោលដៅ​​អភិវឌ្ឍប្រកប​ដោយ​ចីរភាព​ទី​​១៤​ នៅ​ក្នុង​ប្រទេស​កម្ពុជា

នៅ​ពេល​អង្គការសហប្រជាជាតិ​កំពុង​បាន​បង្កើត​ចំណុច​ដៅ​ និង​សូចនាករ​សម្រាប់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី​១៤​ ពួកគេ​បាន​ធ្វើការ​សម្រេចចិត្ត​ថា ​មិន​យកចិត្តទុកដាក់​ខ្លាំង​លើ​ទិន្នន័យ​ ដែលមានស្រាប់ និង​ជំនួស​ដោយផ្តោត​លើ​អ្វី​ដែល​ពួក​គាត់​ចង់​សម្រេច​បាន​ពី​គោលដៅ​នេះ​ ទោះបីជា​ព័ត៌មាននេះមិន​ទាន់​ចេញផ្សាយក៏ដោយ​។​ នេះ​មាន​ន័យ​ថា​ ៨០ ភាគ​រយ​​នៃ​សូចនាករ​សម្រាប់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី១៤​ ដែលមិន​ទាន់ចេញផ្សាយនៅ​ឆ្នាំ​២០១៧​ បើ​ប្រៀបធៀប​ទៅ​នឹង​ ៥៨ ភាគ​រយ​ សម្រាប់​សូចនាករ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ រួម​បញ្ចូល​គ្នា​ទាំងអស់​។​30

ជាមួយ​គ្នា​នេះ​ដែរ​ ដំណើរការ​ដែល​រដ្ឋាភិបាល​កំពុង​ប្រើប្រាស់​ ដើម្បី​សម្រេច​ថា​ តើ​ប្រទេស​កម្ពុជា​នឹង​សម្រប​ខ្លួន​ទៅ​នឹង​របៀបវារៈ​អភិវឌ្ឍន៍​ចីរភាព​ ក្នុង​ការ​អភិវឌ្ឍ​ CSDG​ ដែលនៅ​មិន​ទាន់​ត្រូវ​បាន​បញ្ចប់​។​ ការ​ធ្វើ​បែប​នេះ​នឹង​រួម​បញ្ចូល​ទាំងមូល​ដ្ឋា​នី​យ​កម្ម​លើ​ចំណុច​ដៅ​ និង​សូចនាករ​ ក្នុងលក្ខខណ្ឌ​ណាមួយ​ ដែល​នៅ​តែ​អាច​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​អាចប្រកួតប្រជែងបាននៅ​ក្នុង​តំបន់​ និង​ទូ​ទាំង​ពិភពលោក។31 បន្ទាប់​មក​ CSDGs​ នឹង​ត្រូវ​ដាក់​បញ្ចូល​ឱ្យ​ស្រប​ជាមួយនឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិថ្មី​ (២០១៩-២០២៣)​ នៅ​ពេលដែល​ចេញផ្សាយ​នៅ​ឆ្នាំបន្ទាប់។​32

ក្នុងពាក់កណ្តាល​ឆ្នាំ​២០១៦​ នៅ​កម្រិត​សកលលោក​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី១៤​ គឺជា​គោលដៅ​តែ​មួយ​គត់​ ដែល​មិន​មាន​ទិន្នន័យ​ចេញផ្សាយ​ជា​សាធារណៈ​ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងអាចរកបាននូវ​ទិន្នន័យរបស់សូចនាករ​ ១៤.៥​ (​ការ​គ្របដណ្តប់​លើ​តំបន់​ការពារ​ ដែល​មាន​ទំនាក់ទំនង​ទៅ​នឹង​តំបន់​សមុទ្រ​)​។​ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ ការ​កែលម្អ​នៅ​តែបន្ត​មាន​ ចំពោះការ​ដែល​សូចនាករ​នេះ​ត្រូវ​បាន​ត្រួតពិនិត្យ​។33

សូចនាករ​ ១៤.៤​ ទិន្នន័យទាក់ទង​នឹង​សមាមាត្រ​នៃ​ផលស្តុក​ត្រី​ នៅ​ក្នុង​ដែន​កំណត់​ជីវសាស្ត្រ​សុវត្ថិភាព​ អាច​រក​បាន​តែ​នៅ​កម្រិត​សកលលោក​​ប៉ុណ្ណោះ​ ហើយ​ខណៈ​ពេល​ដែល​វា​អាច​រក​បាន34​ ទិន្នន័យ​ទំនងជា​ស្ថិត​នៅ​ក្នុង​កម្រិតដដែល​នេះ​ រហូត​ទាល់តែ​បញ្ហា​ទាក់ទង​នឹង​កា​រប​ម្លា​ស់​ទី​ត្រី​ សមត្ថភាព​បច្ចេកទេស​ និង​ភាព​រសើប​ផ្នែក​នយោបាយ​ដែល​ទាក់ទង​នឹង​ព្រំដែន​មហាសមុទ្រ​ ត្រូវ​បាន​ដោះស្រាយ​។35

នេះ​មាន​ន័យ​ថា​ ប្រទេស​កម្ពុជា​ទំនងជា​នឹង​ត្រូវ​សហការ​គ្នា​ជាមួយ​ប្រទេសនៅ​ក្នុង​តំបន់​ ដើម្បី​ដោះស្រាយ​ការ​នេសាទ​សមុទ្រ​ ហួសប្រមាណ​ និង​មានសហប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​ផ្ទាល់​ និង​ជាមួយ​បណ្ដា​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​ ដើម្បី​ដោះស្រាយ​បញ្ហា​ការ​នេសាទ​ទឹកសាប​ ហួសប្រមាណ​។​ សូចនាករ​សកល​មួយទៀត​គឺ​ សូចនាករ​ ១៤.៣​ ស្តី​ពី​ការ​ធ្វើ​អាស៊ី​ដ​កម្ម​សមុទ្រ​ ដែល​ប​ណា្ត​លម​ក​ពី​ការ​សាយភាយ​ឧស្ម័ន​កាបូ​និ​ច​ ដែល​មិន​អាច​ស្ថិត​នៅ​ក្នុង​ព្រំដែន​ជាតិ​។​ សូចនាករ​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​កម្ពុជា​ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពទី១៤​ ត្រូវការ​ ការ​បញ្ជាក់​បន្ថែម​ មុន​នឹង​អាច​ចែករំលែក​ទិន្នន័យ​ សម្រាប់​ការ​ត្រួតពិនិត្យ​ជា​សាធារណៈ​លើ​ដំណើរការ​របស់​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ ការណ៍​នេះ​នឹង​កើត​មាន​ឡើង​ពេល​ណាមួយ​ នៅ​ពេល​ដែល​ការងារ​លើ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ នៅ​គ្រប់​កម្រិត​កំពុង​រីក​ចម្រើន​។​36

ប្រធាន​​បទ​ពាក់​ព័ន្ធ​

ឯកសារយោង

  1. 1. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​,​ «HLPF ឆ្នាំ​២០១៧​​ ការ​ពិនិត្យ​ឡើង​វិញ​តាម​ប្រធានបទ​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៤៖​ អភិរក្ស​ និង​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​មហាសមុទ្រ​ សមុទ្រ​ និង​ធនធាន​សមុទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​ ចូល​អាន​ថ្ងៃទី ១១ ខែមិថុនា​ ឆ្នាំ​២០១៨​។
  2. 2. មហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ២០១៧, «មហាសមុទ្ររបស់យើង អនាគតរបស់យើង៖ អំពាវនាវឱ្យមានសកម្មភាព»។ ចូលអានថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៨។
  3. 3. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ,​ «HLPF ឆ្នាំ​២០១៧​​ ការ​ពិនិត្យ​ឡើង​វិញ​តាម​ប្រធានបទ​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៤៖​ អភិរក្ស​ និង​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​មហាសមុទ្រ​ សមុទ្រ​ និង​ធនធាន​សមុទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​ ចូល​អាន​ថ្ងៃទី ១១ ខែមិថុនា​ ឆ្នាំ​២០១៨​។
  4. 4. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ «គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ១៤៖ អភិរក្ស និងប្រើប្រាស់ប្រកបដោយចីរភាពនូវមហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ចូល​អាន​ថ្ងៃទី ១១ ខែមិថុនា​ ឆ្នាំ​២០១៨​។
  5. 5. អង្គការមូលនិធិសង្គ្រោះបន្ទាន់សម្រាប់កុមារអន្តរជាតិ​ (Unicef) ឆ្នាំ​២០១០​។ «​ចំណុច​ដៅ​ និង​សូចនាករ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​»​។​ ចូល​អាន​ថ្ងៃទី​ ១១ ខែមិថុនា​ ឆ្នាំ​២០១៨​។​
  6. 6. Luara Recuero Virto,​ «​របាយការណ៍​៖​ ការ​វាយតម្លៃ​បឋមនៃ​សូចនាករ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៤​ ស្តី​ពី​ “​មហាសមុទ្រ​”,» អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​,​​ ចូល​អានថ្ងៃទី ១១ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  7. 7. Boon P.Y., Mulligan, B., Benbow, S.L.P., Thorne, B.V., Leng P. & Longhurst, K.«​ការ​បែងចែក​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ជា​លើក​ដំបូង​នៅ​កម្ពុជា​,» ទិនានុប្បវត្តិកម្ពុជានៃប្រវត្តិសាស្រ្តធម្មជាតិ (២០១៤),​​ ៥៥-៦៥។​ ចូល​អានថ្ងៃទី ១១​ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  8. 8. ភាព​ជា​ដៃគូ​ក្នុង​ការ​គ្រប់គ្រង​បរិស្ថាន​សម្រាប់​សមុទ្រ​អាស៊ី​ខាងកើត (PEMSEA), «​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សម្រាប់​សមុទ្រ​អាស៊ី​ខាងកើត​,» (ទីក្រុង Quezon,​ ប្រទេសហ្វីលីពិន,​ PEMSEA,​ ២០១៥)។ ​ចូល​អានថ្ងៃទី ១១ ​ខែ មិថុនា​ ឆ្នាំ​២០១៨​។​
  9. 9. Baran, E. និង G. Gallego, «វិស័យជលផលប្រទេសកម្ពុជា៖ ទសវត្សរ៍នៃការផ្លាស់ប្តូរ និងវិវត្តន៍,»​  Catch and Culture (២០១៥), ២១ (៣): ៣០-៣៣។ ចូល​អានថ្ងៃទី ១១ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  10. 10. ក្រសួងផែនការ​,​ «​របាយការណ៍​វឌ្ឍនភាព​ប្រចាំឆ្នាំ​៖​ ការ​សម្រេច​​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​,» ភ្នំពេញ, ខែធ្នូ ឆ្នាំ២០១៣។​​ ចូល​អានថ្ងៃទី ១១ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​
  11. 11. ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​«របាយការណ៍​ស្តីពី​សភាព​ការណ៍​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​​ប្រចាំ​ឆ្នាំ​ ២០១៧​ និង​ទិស​ដៅ​អនុវត្ត​បន្ត,»​ ភ្នំពេញ, ខែមករា ឆ្នាំ២០១៨។​ ចូល​អាន​ថ្ងៃទី​​១១ ខែ​មិថុនា ឆ្នាំ ២០១៨។
  12. 12. អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​អភិរក្ស​ធម្មជាតិ​​, «​ការ​អភិរក្ស​ជលផល​ និង​អភិបាលកិច្ច​នៅ​ទន្លេសាប​»​។​ ចូល​អាន​ថ្ងៃទី ១១ខែមិថុនា​ ឆ្នាំ​២០១៨​។​
  13. 13. ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​,​ «​របាយការណ៍​បូក​សរុប​ ការងារ​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​ ប្រចាំឆ្នាំ​ ២០១៦-២០១៧​ និង​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​ ២០១៧-២០១៨,» សន្និសីទក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ខែមេសា ឆ្នាំ២០១៧​។​ ចូល​អាន​ថ្ងៃទី ១២ ខែមិថុនា ឆ្នាំ​២០១៨​។
  14. 14. រាជរដ្ឋាភិបាល​កម្ពុជា​,​ «​របាយការណ៍​ថ្នាក់​ជាតិ​លើ​អនុសញ្ញា​ស្តី​ពី​ជីវៈចម្រុះ​លើក​ទី​៥,»​ ឆ្នាំ​២០១៤​។ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  15. 15. វេទិកា​ចំណេះដឹង​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​, «​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៤៖​ អភិរក្ស​ និង​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​មហាសមុទ្រ​ សមុទ្រ​ និង​ធនធាន​សមុទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  16. 16. ប៉ូច​ សុវណ្ណ​ឌី​, «​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​បរិបទ​កម្ពុជា​៖​ វឌ្ឍនភាព​ ក្របខ័ណ្ឌ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ និង​ជំហាន​បន្ទាប់,»​ បទបង្ហាញរៀបចំសម្រាប់កិច្ចប្រជុំឆ្លុះបញ្ចាំងក្រុមការងារបច្ចេកទេសឆ្នាំ ២០១៧, (រាជធានីភ្នំពេញ, ខែកុម្ភៈ ឆ្នាំ ២០១៧)។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​​ ឆ្នាំ​២០១៨​។​
  17. 17. អង្គការ​សត្វ​ព្រៃ​និង​រុក្ខជាតិ​អន្តរជាតិ​, «សេចក្តីប្រកាសរួម៖ ​តំបន់​អភិរក្ស​សមុទ្រ​ធំ​ទី​១​ នៅ​កម្ពុជា​បាន​ប្រកាស​ឱ្យទៅ​ប្រជុំ​កោះ​រ៉ុ​ង,​» ២០១៦​។ ចូល​អាន​ថ្ងៃទី ១២ ខែមិថុនា​ ឆ្នាំ​២០១៨​។
  18. 18. រាជរដ្ឋាភិបាល​កម្ពុជា​, «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ ២០១៤​ -​ ២០១៨,» ភ្នំពេញ, ខែកក្កដា ឆ្នាំ​២០១៤​។​ ​ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  19. 19. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព,​ «​ផែនការ​សកម្មភាព​ និង​យុទ្ធសាស្ត្រ​ជីវចម្រុះ​ជាតិ​ ឆ្នាំ​២០១៦,» ខែកុម្ភៈ ឆ្នាំ២០១៦​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​
  20. 20. ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍បៃតង,​ «​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការអភិវឌ្ឍ​បៃតង ​២០១៣​ -​ ២០២០,​» ខែកុម្ភៈ ឆ្នាំ២០១៦​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  21. 21. កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP), «​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​,» (អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា).  ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​​ ឆ្នាំ​២០១៨​។
  22. 22. ​កម្មវិធីអភិវឌ្ឍនៃអង្គការសហប្រជាជាតិ (UNDP).​ “​ការ​វាយតម្លៃ​រួម​បញ្ចូល​គ្នា​ឆាប់រហ័ស​ -​ ប័ណ្ណ​ពិន្ទុ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​,” (អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា)​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​​ ឆ្នាំ​២០១៨​។
  23. 23. វេទិកាចំណេះដឹងនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​,​ «HLPF ឆ្នាំ​២០១៧​​ ការ​ពិនិត្យ​ឡើង​វិញ​តាម​ប្រធានបទ​នៃ​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៤៖​ អភិរក្ស​ និង​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នូវ​មហាសមុទ្រ​ សមុទ្រ​ និង​ធនធាន​សមុទ្រ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​ ចូល​អាន​ថ្ងៃទី ១២ ខែមិថុនា​ ឆ្នាំ​២០១៨​។
  24. 24. Le​ Blanc,​ D.,​ C.​ Friere​ និង M.​ Vierros​, «ការ​គូស​​ពី​​ទំនាក់​ទំនង​រវាង​មហា​សមុទ្រ​ និង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផ្សេងៗ​៖​ ការ​រុក​រក​បឋម,» ឯកសារពិភាក្សានៃនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ​លេខ ១៤៩, ខែកុម្ភៈ ឆ្នាំ២០១៧។ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  25. 25. UNIDO, FiA & MAFF,​ «​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ជលផល​សមុទ្រ​នៅ​កម្ពុជា​,» របាយការណ៍រៀបចំឡើងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា, ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៥​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  26. 26. បណ្តុំ​ទិន្នន័យ​នៃកម្មវិធីសិក្សាវាយតម្លៃទឹកឆ្លងព្រំប្រទល់ (TWAP), «​ប្រព័ន្ធ​អេកូឡូស៊ី​សមុទ្រ​ធំ​ ៣៥ –​ ឈូង​សមុទ្រ​ថៃ​,» គេហទំព័រ​ One Shared Ocean, ២០១៥។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  27. 27. Corazon,​ M.​ និង​ M.​ Ebarvia​,​ «​របាយការណ៍​ថ្នាក់​តំបន់​ និង​ថ្នាក់​ជាតិ​នៃ​មហាសមុទ្រ​ និង​តំបន់ឆ្នេរ​,» បទបង្ហាញរៀបចំឡើងសម្រាប់វេទិកាសេដ្ឋកិច្ចពណ៌ខៀវ ២០១៧​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​
  28. 28. ​UNIDO, FiA & MAFF,​ «​ការ​វាយតម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ជលផល​សមុទ្រ​នៅ​កម្ពុជា​,» របាយការណ៍រៀបចំឡើងសម្រាប់រាជរដ្ឋាភិបាលកម្ពុជា, ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០១៥​។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  29. 29. ចាប​ សុ​ធា​រិទ្ធ​, «សន្តិ​សុខ​ដែន​សមុទ្រ​នៅ​កម្ពុជា​៖ ការ​វាយ​តម្លៃ​សំខាន់​,» ឯកសារពិភាក្សានៃវិទ្យាស្ថានខ្មែរ សំរាប់សហប្រតិបត្តិការ និងសន្តិភាពលេខ ២១, ខែវិច្ឆិកា ឆ្នាំ២០០៧។ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  30. 30. អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​២០១៧​។​ «​របាយការណ៍​៖​ ការ​វាយតម្លៃ​បឋម​សូចនាករ​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី​ ១៤​ ស្តី​ពី​ “​មហាសមុទ្រ​”»​។​ ចូល​អាន​ខែមេសា​ ឆ្នាំ​២០១៨​។
  31. 31. ប៉ូច​ សុវណ្ណ​ឌី​, «​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​បរិបទ​កម្ពុជា​៖​ វឌ្ឍនភាព​ ក្របខ័ណ្ឌ​ត្រួតពិនិត្យ​ និង​វាយតម្លៃ​ និង​ជំហាន​បន្ទាប់,»​ បទបង្ហាញរៀបចំសម្រាប់កិច្ចប្រជុំឆ្លុះបញ្ចាំងក្រុមការងារបច្ចេកទេសឆ្នាំ ២០១៧, (រាជធានីភ្នំពេញ, ខែកុម្ភៈ ឆ្នាំ ២០១៧)។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​​ ឆ្នាំ​២០១៨​។​
  32. 32. ប៉ូច​ សុវណ្ណ​ឌី​, «​ការ​ធ្វើ​មូល​ដ្ឋា​នី​យ​កម្ម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​បរិបទ​កម្ពុជា​ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ការ​អនុវត្ត,» ទីក្រុង Incheon, សាធារណៈរដ្ឋកូរ៉េ, ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧។​ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។
  33. 33. អង្គ​ការ​សហ​ប្រជា​ជាតិ​,​ «ឃ្លាំង​ទិន្ន​ន័យ​មេ​នៃគោល​ដៅ​អភិវឌ្ឍន៍​​ប្រកប​ដោយ​ចីរភាព​»។ ចូល​អាន​ថ្ងៃទី ១២ ខែមិថុនា​ ឆ្នាំ​២០១៨​។​​
  34. 34. ដូច​ឯកសារយោង​ខាងលើ​។​
  35. 35. Le​ Blanc,​ D.,​ C.​ Friere​ និង M.​ Vierros​, «ការ​គូស​​ពី​​ទំនាក់​ទំនង​រវាង​មហា​សមុទ្រ​ និង​គោលដៅ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ផ្សេងៗ​៖​ ការ​រុក​រក​បឋម,» ឯកសារពិភាក្សានៃនាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមរបស់អង្គការសហប្រជាជាតិ​លេខ ១៤៩, ខែកុម្ភៈ ឆ្នាំ២០១៧។ ចូល​អានថ្ងៃទី ១២ ​ខែមិថុនា​ ឆ្នាំ​២០១៨​។​
  36. 36. ដូច​ឯកសារយោង​ខាងលើ​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

Y64pL
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!