ផ្សារមូលបត្រ (ផ្សារភាគហ៊ុន)

ចាប់ផ្ដើម​ពី​ឆ្នាំ​ ២០០១​ មក​ កិច្ច​ដំណើរការ​បាន​ចាប់ផ្តើម​លើ​ការ​ជំរុញ​ការ​បង្កើត​ផ្សារភាគហ៊ុន​កម្ពុជា​ (CSE​ ឬ​ ​CSX)​ ដើម្បី​ជា​មធ្យោបាយ​គាំទ្រ​ទៅ​ដល់​ប្រព័ន្ធ​សេដ្ឋកិច្ច​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​ប្រទេស​កម្ពុជា​។​ ទីផ្សារ​ភាគហ៊ុន​បាន​ជួយ​សម្រួល​ទៅ​ដល់​ដំណើរការ​ទិញ​ និង​លក់​ភាគហ៊ុន​ក្នុង​ចំណោម​វិនិយោគិន​នានា​។​ លោក​បណ្ឌិត​ ប៊ិ​ត​ ស៊ា​ង​លី​ម​ ជា​ប្រធាន​ក្រុមការងារ​បទ​ប្បញ្ញត្តិ​នៃ​ទីផ្សារ​មូល​ប​ត្រ​ និង​ភាគហ៊ុន​បាន​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ជូន​ចំពោះ​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើការ​អនុវត្ត​ក្របខ័ណ្ឌ​ច្បាប់​ដែល​ចាំបាច់​សម្រាប់​ការ​បើក​ដំណើរការ​ផ្សារភាគហ៊ុន​កម្ពុជា​ប្រកបដោយ​ជោគជ័យ​។​12

​ផល​ចំណេញ​ដ៏​មាន​សក្តានុពល​នៃ​ទីផ្សារ​មូល​ប​ត្រ​ត្រូវ​បាន​គេ​មើលឃើញ​កាលពីមុន​រួច​បន្តិច​មក​ហើយ​ ដូចដែល​អ្នកកាសែត​លោក​ Phelim​ Kyne​ បាន​កត់​សម្គាល់ថា​ “​នៅ​ដំណាក់កាល​ដំបូង​បង្អស់​នូវ​អ្វី​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​១៩៩៥​ ការ​បង្កើត​ផ្សារភាគហ៊ុន​ត្រូវ​បាន​គេ​កោតសរសើរ​ថា​ជា​កូនសោរ​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​ការ​ណែនាំ​អំពី​ការ​អនុវត្ត​អាជីវកម្ម​ និង​គណនេយ្យ​ភាព​ជា​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។3

អាគារនៃផ្សារមូលបត្រកម្ពុជា. រូបភាពដោយ: Ashley, ថតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥. អាជ្ញាប័ណ្ណ CC BY-NC-ND 2.0.

​ការ​អភិវឌ្ឍ​ផ្សារភាគហ៊ុន​បាន​កើតឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​ពង្រឹង​យ៉ាង​ទូលំទូលាយ​នៃ​ការ​គ្រប់គ្រង​សាធារណៈ​ គួប​ផ្សំ​នឹង​បទ​ប្បញ្ញត្តិ​ហិរញ្ញវត្ថុ​ និង​វិមជ្ឈការ​ថ្មីៗ​ជា​ច្រើន​ សំដៅ​ដល់​ការ​គ្រប់គ្រង​អភិបាលកិច្ច​ល្អ​នៅ​ក្នុង​វិស័យ​សាធារណៈ​។​ មានគំនិត​ផ្តួចផ្តើម​មួយ​ដើម្បី​លើកទឹកចិត្ត​ដល់​វិធីសាស្ត្រ​គ្រប់គ្រង​សាធារណៈ​ថ្មី​ ដែល​នាំ​ឱ្យ​មាន​តម្លាភាព​ គណនេយ្យ​ភាព​រដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ និង​ប្រសិទ្ធភាព​នៅ​ក្នុង​ឆាក​អាជីវកម្ម​។​ ផលវិបាក​មួយ​នៃ​ការ​ធ្វើ​កំណែទម្រង់​ទាំងនេះ​ គឺ​ការ​បង្កើត​ឱកាស​ថ្មី​សម្រាប់​វិនិយោគិន​ក្នុង​ការ​ចូល​ក្នុង​អាជីវកម្ម​មូល​ប​ត្រ​នៅ​កម្ពុជា​។​

​នៅ​ក្នុង​ឆ្នាំ​ ២០១១​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ (CSX)​ ត្រូវ​បាន​បង្កើត​ឡើងជា​ផ្សារភាគហ៊ុន​ជាតិ​របស់​ប្រទេស​។​ វា​ផ្តោត​សំខាន់​លើ​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ ដោយ​ជួយ​សម្រួល​ដល់​ការ​វិនិយោគ​ ការ​គាំទ្រ​ដល់​ដំណើរការ​ពង្រីក​វិស័យ​ឯកជន​ និង​ជំរុញ​លំហូរ​ចូល​នូវ​មូលធន​។​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ គឺជា​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ផ្សារភាគហ៊ុន​កូរ៉េ​ (KRX)​ ដើម្បី​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​។​ រាជរដ្ឋាភិបាល​កម្ពុជា​បាន​កាន់កាប់​ភាគហ៊ុន​ ៥៥%​ និង​មាន​សមតុល្យ​ភាព​ជាមួយ​ KRX​។​ ផ្សារភាគហ៊ុន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​រដ្ឋាភិបាល​កម្ពុជា​ នោះ​គឺ​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​កម្ពុជា​ (SECC)​។​ ប្រទេស​កម្ពុជា​អនុញ្ញាត​ឱ្យ​ចេញផ្សាយ​មូល​ប​ត្រ​តាម​រយៈ​ការ​ដាក់​ជា​ឯកជន​ ឬ​ IPO​ (​សំណើ​លក់​ដំបូង​ជា​សាធារណៈ​)​។​4

​គិត​ត្រឹម​ខែមីនា​ ឆ្នាំ​២០២១​ ផ្សា​រមូល​ប​ត្រ​កម្ពុជា​ មាន​ក្រុមហ៊ុន​មូល​ប​ត្រ​កម្មសិទ្ធិ​ចុះបញ្ជី​ចំនួន​ ៧​ និង​ក្រុមហ៊ុន​មូល​ប​ត្រ​បំណុល​ចុះបញ្ជី​ចំនួន​ ៨​។​5 យោង​តាម​ទិន្នន័យ​របស់​ CSX​ គិត​ត្រឹម​ត្រីមាស​ទី​ ៤​ ក្នុង​ឆ្នាំ​ ២០២០​ ទីផ្សារ​មូលធននីយកម្ម​ (​តម្លៃ​របស់​ក្រុមហ៊ុន​ដែល​បាន​ជួញដូរ​)​ បាន​កើនឡើង​ ២៥០%​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។​ ​មូល​ប​ត្រ​ គឺជា​ទ្រព្យសម្បត្តិ​ហិរញ្ញវត្ថុ​ដែល​អាច​ជួញដូរ​បាន​។​ បើ​និយាយ​ឱ្យ​ទូលំទូលាយ​ទៅ​ គឺ​មាន​មូល​ប​ត្រ​ចំនួន​ ៣​ ប្រភេទ​សំខាន់ៗ​៖

  • ​មូល​ប​ត្រ​ភាគហ៊ុន​ (​មូល​ប​ត្រ​កម្មសិទ្ធិ​)​ គឺជា​ភាគហ៊ុន​នៅ​ក្នុង​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ ហើយ​វិនិយោគិន​ដែល​ជា​ម្ចាស់​ហ៊ុន​ត្រូវ​បាន​គេ​ហៅ​ថា​ម្ចាស់​ភាគហ៊ុន​។​ មូល​ប​ត្រ​ភាគហ៊ុន​អាច​ឡើង​ និង​ធ្លាក់​ចុះ​នៅ​ក្នុង​តម្លៃ​មួយ​អាស្រ័យ​ទៅ​តាម​តម្លៃ​លើ​ទីផ្សារ​ និង​អាច​បង្កើត​ប្រាក់​ចំណូល​សម្រាប់​ម្ចាស់​ភាគហ៊ុន​ជា​ភាគលាភ​ (​ទូទាត់​ជា​សាច់ប្រាក់​)។
  • ​មូល​ប​ត្រ​បំណុល​តំណាង​អោយប្រាក់​កម្ចី​។​ ជា​ធម្មតា​ មូល​ប​ត្រ​ប្រភេទ​នេះ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​ ឬ​ក៏​រដ្ឋាភិបាល​ ហើយ​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ភាគី​ផ្សេង​ទៀត​ក្នុង​ចំនួន​ទឹកប្រាក់​ជាក់លាក់​ណាមួយ​ ជាមួយនឹង​ការ​សន្យា​សង​មក​វិញ​ដោយ​មាន​បូក​រួម​នឹង​ការ​ប្រាក់​។​ វា​មាន​ចំនួន​ថេរ​មួយ​ (​ដែល​ត្រូវ​សង​)​ អត្រា​ការ​ប្រាក់​ និង​កាលបរិច្ឆេទ​កំណត់​ណាមួយ​ (​នៅ​ពេល​ដែល​ម្ចាស់​មូល​ប​ត្រ​បំណុល​ត្រូវ​ទទួល​បាន​បង់​ត្រឡប់​មក​វិញ​នៃ​ការ​វិនិយោគ​របស់​ពួក​គេ​)​ ។​
  • ​ឧបករណ៍​និ​ស្ស​ន្ទ​ន៍​ (​ដូច​ជា​ជម្រើស​ ឬ​កិច្ចសន្យា​សម្រាប់​អនាគត​)​ មាន​តម្លៃ​ដោយ​ផ្អែក​លើ​ទ្រព្យ​ជា​មូលដ្ឋាន​ (​ដែល​អាច​ជា​ភាគហ៊ុន​ ឬ​ក៏​រូបិយប័ណ្ណ​ ។​ល​។​)​។​ តម្លៃ​និង​កាលបរិច្ឆេទ​កំណត់​ ត្រូវ​បាន​បញ្ជាក់​តាំងពី​ពេល​ប្រតិបត្តិការ​ដំបូង​។​6

​មានច្បាប់​ជា​ច្រើន​ ដែល​កំណត់​ថា​ទីផ្សារ​មូល​ប​ត្រ​បាន​គ្របដណ្ដប់​ទាំងមូល​ប​ត្រ​របស់​រដ្ឋាភិបាល​ និង​មូល​ប​ត្រ​មិនមែន​របស់​រដ្ឋាភិបាល​។7​ ម្យ៉ាងវិញទៀត​ “​មូល​ប​ត្រ​មិនមែន​របស់​រដ្ឋាភិបាល​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន​សាធារណៈ​មាន​កំណត់​ ឬ​ជា​នីតិបុគ្គល​ផ្សេង​ទៀត​រួម​មាន​មូល​ប​ត្រ​កម្មសិទ្ធិ​ សញ្ញាប័ណ្ណ​ ការ​ប្រាក់​ដែល​ទទួល​បាន​ពី​គ្រោងការ​វិនិយោគ​ ឧបករណ៍​និ​ស្ស​ន្ទ​ន៍​ផ្សេង​ទៀត​។8​ ខណៈ​ពេល​ដែល​ “​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​វិញ​រួម​មាន​ប័ណ្ណ​រតនាគារ​ មូល​ប​ត្រ​រដ្ឋ​ និង​ឧបករណ៍​ផ្សេង​ទៀត​ បង្កើត​ឡើង​ ឬ​ទទួលស្គាល់​បំណុល​ដែល​ចេញ​ដោយ​ ឬ​ក្នុង​នាម​រដ្ឋាភិបាល​”​។9ច្បាប់​ស្តី​ពី​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​ និង​ច្បាប់​ស្តី​ពី​ការ​ចេញផ្សាយ​ និង​ការ​ជួញដូរ​នូវ​មូល​ប​ត្រ​មហាជន​ គឺជា​ធាតុ​គន្លឹះ​ដ៏​សំខាន់​នៅ​ក្នុង​ក្របខ័ណ្ឌ​បទ​ប្បញ្ញត្តិ​នៃ​ទីផ្សារ​មូល​ប​ត្រ​ ស្រប​ពេល​ដែល​គោលបំណង​រយៈពេល​វែង​ គឺ​ដើម្បី​ពង្រឹង​វា​ដែល​កំពុង​តែ​ត្រូវ​បាន​អនុវត្ត​តាម​ការ​គាំទ្រ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ និង​អាស៊ាន​ (ASEAN)​។​10

​មានការ​វិវឌ្ឍន៍​ថ្មីៗ​ចំនួន​ពីរ​នៅ​ក្នុង​ផ្នែក​នេះ​។​ នៅ​ថ្ងៃ​ទី​ ២៦​ ខែធ្នូ​ ឆ្នាំ​២០២០​ ច្បាប់​ថ្មី​ស្តី​ពី​មូល​ប​ត្រ​របស់​​រដ្ឋាភិបាល​ បាន​ចូល​ជា​ធរមាន​។11​ ដូចដែល​បាន​វិភាគ​ដោយ​ក្រុមហ៊ុន​ Rajah​ &​ Tann​ Asia​ (​ជា​ក្រុមហ៊ុន​ច្បាប់​)​ ច្បាប់​ថ្មី​ស្តី​ពី​មូល​ប​ត្រ​នឹង​ “​ផ្តល់​នូវ​ក្របខ័ណ្ឌ​ទូទៅ​មួយ​ គឺ​គ្រប់គ្រង​ការ​ចេញផ្សាយ​ និង​ការ​ជួញដូរ​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​,​ ផ្តល់​នូវ​តម្លាភាព​ គណនេយ្យ​ភាព​ ប្រសិទ្ធភាព​ និង​ស័​ក្ដ​សិទ្ធិ​ភាព​នៃ​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​,​ និង​ធានា​បាន​នូវ​ការ​គ្រប់គ្រង​បំណុល​សាធារណៈ​ប្រកបដោយ​និរន្តរភាព​។​ ច្បាប់​ថ្មី​គ្របដណ្តប់​លើ​ការ​ចេញផ្សាយ​ ការ​ជួញដូរ​ និង​ការ​គ្រប់គ្រង​នូវ​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​ទាំង​ក្នុង​ និង​ក្រៅប្រទេស​កម្ពុជា​”​។​12

​ច្បាប់​ថ្មី​នេះ​អនុម័ត​ឱ្យ​មាន​សិទ្ធិ​ថ្មីៗ​ទៅ​ដល់​ក្រសួង​ ដូច​ជា​ការ​ផ្តល់​សិទ្ធិ​អំណាច​ដល់​នាយក​រដ្ឋមន្ត្រី​ និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ដើម្បី​ចេញផ្សាយ​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​ ដោយ​យោង​ទៅ​តាម​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សាធារណៈ​ ឬ​ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​ពាក់ព័ន្ធ​នានា​។​ ពួក​គេ​អាច​សង​ប្រាក់​ត្រឡប់​មក​វិញ​ និង​ប្ដូរ​មក​វិញ​នូវ​មូល​ប​ត្រ​របស់​រដ្ឋាភិបាល​ ដរាបណា​ពួក​គេ​បាន​ប្រតិបត្តិការ​តាម​រយៈ​ប្រកាស​របស់​រដ្ឋមន្ត្រី​។​

​ច្បាប់​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ចេញផ្សាយ​សញ្ញាប័ណ្ណ​ ជា​រូបិយប័ណ្ណ​ជាតិ​ ឬ​បរទេស​ និង​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​កម្ពុជា​ទៅ​លើ​បំណុល​បរទេស​ និង​កម្មវិធី​ជំនួយ​របស់​អន្តរជាតិ​ផ្សេងៗ​ ដើម្បី​បង្កើន​មូលធន​ ឬ​ដើមទុន​។​ នៅ​ក្នុង​កម្រិត​ការទូត​វិញ​ “​គេ​សង្ឃឹមថា​ច្បាប់​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក្សា​បាន​នូវ​អធិបតេយ្យភាព​របស់​ខ្លួន​ ពីព្រោះ​សម្ពាធ​ពី​អន្តរជាតិ​កំពុង​តែ​ចង​ភ្ជាប់​កាន់តែ​ខ្លាំង​ឡើង​ទៅ​នឹង​ជំនួយ​សេដ្ឋកិច្ច​”​ ដូចដែល​បានឃើញ​ជាមួយនឹង​ការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ “​អ្វីៗ​ទាំងអស់​លើកលែងតែ​អាវុធ​”​ របស់​សហភាព​អឺរ៉ុប​នា​ពេល​ថ្មីៗ​នេះ​។​13

​ការ​អភិវឌ្ឍ​នៅ​លើក​ទី​ ២​ ប្រកាស​លេខ​ ៤៧១​ ដែល​ចេញ​នៅ​ថ្ងៃ​ទី​ ៥​ ខែឧសភា​ ឆ្នាំ​២០២០​ ដោយ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​កែប្រែ​ការ​អនុវត្ត​លើ​ការ​លើកទឹកចិត្ត​ពន្ធ​កាត់​ទុក​សម្រាប់​មូល​ប​ត្រ​របស់​វិនិយោគិន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ ដើម្បី​ទាក់ទាញ​វិនិយោគិន​ឱ្យ​កាន់តែ​ច្រើន​ឡើង​។​ ការ​លើកទឹកចិត្ត​នេះ​ត្រូវ​ឆ្លើយ​តប​នឹង​ “​ការ​កាត់​បន្ថយពន្ធ​កាត់​ទុក​ ៥០%​ លើ​ការ​ប្រាក់​ និង​ភាគលាភ​ដែល​ទទួល​បាន​ ដែល​ទាក់ទង​នឹង​ការ​កាន់កាប់​ ការ​ទិញ​ និង​ការ​លក់​សញ្ញាប័ណ្ណ​របស់​រដ្ឋាភិបាល​ មូល​ប​ត្រ​កម្មសិទ្ធិ​ និង​មូល​ប​ត្រ​បំណុល​ សម្រាប់​រយៈពេល​ ៣​ ឆ្នាំ​គិត​ចាប់ពី​ថ្ងៃ​ទី​ ០១​ ខែមករា​ ឆ្នាំ​២០១៩​ ដល់​ថ្ងៃ​ទី​ ៣១​ ខែធ្នូ​ ឆ្នាំ​២០២១”​។​14

​រដ្ឋាភិបាល​បាន​ចាត់​ទុក​ថា​វា​ជា​អាទិភាព​ក្នុង​ការ​ទាក់ទាញ​វិនិយោគ​ពី​បរទេស​។​ ដូចដែល​របាយការណ៍​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​លើក​ឡើង​ថា​ “​ការ​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ (​អេ​ហ្វ​ឌី​អាយ​)​ ដែល​អាច​រកបាន​សម្រាប់​វិនិយោគិន​រួម​មាន​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​របស់​បរទេស​នៅ​លើ​ក្រុមហ៊ុន​ ១០០%​ ការ​សម្រាល​ពន្ធ​សម្រាប់​ក្រុមហ៊ុន​រហូត​ដល់​ ៨​ឆ្នាំ​ អត្រាពន្ធ​ក្រុមហ៊ុន​ ២០%​ បន្ទាប់​ពី​រយៈពេល​លើកទឹកចិត្ត​ត្រូវ​បាន​បញ្ចប់​ កាតព្វកិច្ច​នាំ​ចូល​ទំនិញ​មូលធន​ដោយ​សេរី​ និង​មិន​មានការ​រឹតត្បិត​លើ​មូលធន​ដែល​ត្រឡប់​មក​ប្រទេស​វិញ​”​។​15

​ប្រទេស​កម្ពុជា​មានការ​លំបាក​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​ពី​សហរដ្ឋអាមេរិក​ ដោយសារ​តែ​កត្តា​ដែល​រាំងស្ទះ​មួយ​ចំនួន​ដូច​ជា​អំពើ​ពុក​រលួយ​ ភាព​មាន​កម្រិត​នៃ​ការ​ផ្គត់ផ្គង់​កម្មករ​ជំនាញ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ទាន់​សម្បូរ​បែប​ (​រួម​ទាំង​ថ្លៃ​ថាមពលអគ្គីសនី​នៅ​ខ្ពស់​)​។​16 រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក៏​បាន​រាយការណ៍​ផង​ដែរ​ថា​ “​កា​រខក​ខានមិនបាន​ពិគ្រោះ​ជាមួយ​សហគមន៍​ធុរកិច្ច​លើ​គោលនយោបាយ​ និង​បទ​ប្បញ្ញត្តិ​សេដ្ឋកិច្ច​ថ្មីៗ​ បាន​បង្ក​ការ​លំបាក​ដល់​វិនិយោគិន​ទាំង​ក្នុងស្រុក​ និង​បរទេស​ដូច​គ្នា​”​។​17

​ការ​វិនិយោគ​របស់​ប្រទេស​ចិន​កាន់តែ​មាន​សារៈសំខាន់​ខ្លាំង​ឡើង​។​ ធនាគារពិភពលោក​បាន​ប៉ាន់​ស្មានថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ប្រទេស​ចិន​មានការ​កើនឡើង​រហូត​ដល់​ “៦០%​ នៃ​គម្រោងការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​សរុប​របស់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០១៧​ ដែល​ចំណែក​នេះ​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ឆ្នាំ​ ២០១៨​។​ ក្នុង​ឆ្នាំ​ ២០១៩​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​ឈាន​ដល់​ ៣,៦​ ពាន់​លាន​ដុល្លារ​ ដែល​ក្នុង​នោះ​ប្រមាញ​ ៤៣%​ ជា​របស់​ប្រទេស​ចិន​”​។18​ លោក​ ស៊ូ​ សុ​ជាតិ​ ជា​អគ្គនាយក​ទូទៅ​នៃ​គណៈ​ក​ម្មា​ការ​មូល​ប​ត្រ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ ដោយ​ពិចារណា​លើ​ការ​វិវឌ្ឍន៍​ក្នុង​កំលុង​ពេល​មាន​ជំងឺ​រាតត្បាត​នៅ​ប្រទេស​កម្ពុជា​ ទីផ្សារ​ភាគហ៊ុន​មានការ​រីក​ចម្រើន​ “​ទាក់ទង​នឹង​ក្រុមហ៊ុន​ចុះបញ្ជី​ និង​វិនិយោគិន​”​។​19

​ការ​ចាប់ផ្ដើម​នៃ​បច្ចេកវិទ្យា​ថ្មី​នឹង​បន្ត​ជះ​ឥទ្ធិពល​ទៅ​លើ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជា​។​ គេហទំព័រ​ phsarhun.com​ និង​កម្មវិធី​ PhsarHun​ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​កំលុង​ពេល​ពិព័រណ៍​ក្នុង​ឆ្នាំ​ ២០១៨​ “My​ First​ Stock​ Exhibition”​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​។​ កម្មវិធី​ទូរស័ព្ទ​នេះ​ នឹង​ផ្តល់​ព័ត៌មាន​ទីផ្សារ​ភាគហ៊ុន​ទៅ​ដល់​ទូរស័ព្ទ​ចល័ត​ដទៃ​ទៀត​។​ លោក​ ហុង​ សុខ​ហួ​ ជានា​យក​ប្រតិបត្តិ​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ “​គេហទំព័រ​ និង​កម្មវិធី​ផ្សារភាគហ៊ុន​រួម​បញ្ចូល​ព័ត៌មាន​ដែល​ចាំបាច់​អំពី​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ ការ​ដកស្រង់​ភាគហ៊ុន​ និង​ហេតុការណ៍​ថ្មី​ សៀវភៅ​អេ​ឡិច​ត្រូ​និក​ ព័ត៌មាន​ និង​អត្ថបទ​ថ្មីៗ​ ក៏​ដូច​ជា​បន្ទប់​ ឬ​ក្រុម​ជជែក​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ទាក់ទង​នឹង​ផ្សារភាគហ៊ុន​”​។​ លោក​ ហ៊ាន​ សា​ហ៊ី​ប​ ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ធ្វើការ​សម្តែង​នូវ​ការ​គាំទ្រ​ចំពោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថ្មី​នេះ​ ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​អំពី​មូល​ប​ត្រ​ក្នុង​ចំណោម​វិនិយោគិន​នានា​ដែល​មាន​សក្តានុពល​។​20

​ទាក់ទងនឹងផ្សារមូលបត្រ (ផ្សារភាគហ៊ុន)​

ឯកសារយោង

  1. 1. Phelim Kyne, «ផ្សារភាគហ៊ុនកម្ពុជាទទួលបានការគិតឡើងវិញជាសាធារណៈ» ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០០១។ បានចូលអាននៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១។
  2. 2. វិទ្យាស្ថានហិរញ្ញវត្ថុសាជីវកម្ម (CFI), «តើអ្វីជាផ្សារមូលបត្រ?» មិនមានថ្ងៃបរិច្ឆេទ។ បានចូលអាននៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២១។
  3. 3. Phelim Kyne, «ផ្សារភាគហ៊ុនកម្ពុជាទទួលបានការគិតឡើងវិញជាសាធារណៈ» ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០០១។ បានចូលអាននៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១។
  4. 4. អង្គការទិន្នន័យអំពីការអភិវឌ្ឍ (អូឌីស៊ី), «គោលនយោបាយ និងបទប្បញ្ញត្តិស្តីពីផ្សារមូលបត្រ» ថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១។
  5. 5. ផ្សារភាគហ៊ុនកម្ពុជា, «ទីផ្សារភាគហ៊ុនកម្ពុជា» ថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១។ បានចូលអាននៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១។
  6. 6. ដូចឯកសារយោងខាងលើ។
  7. 7. DFDL, «មគ្គុទេសនៃការវិនិយោគនៅកម្ពុជា៖ ទីផ្សារមូលបត្រ» ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០១៧។ បានចូលអាននៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១។
  8. 8. ដូចឯកសារយោងខាងលើ។
  9. 9. ដូចឯកសារយោងខាងលើ។
  10. 10. ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), «មគ្គុទេសលើទីផ្សារមូលប័ត្រអាស៊ានបូក ៣៖ ផ្សារមូលប័ត្រនៅកម្ពុជា» ឆ្នាំ ២០១៨។ បានចូលអាននៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១។
  11. 11. Rajah និង Tan Asia, «កម្ពុជា៖ ច្បាប់ថ្មីស្តីពីមូលបត្ររដ្ឋាភិបាលឆ្នាំ ២០២០» ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២១។ បានចូលអាននៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២១។
  12. 12. ដូចឯកសារយោងខាងលើ។
  13. 13. Harrison White, «សេចក្តីព្រាងច្បាប់ស្តីពីសញ្ញាប័ណ្ណរបស់រដ្ឋាភិបាល» ថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១។
  14. 14. ក្រុមហ៊ុន KPMG, «ការធ្វើបច្ចុប្បន្នភាពបច្ចេកទេស៖ ការដកពន្ធ (WHT) ការលើកទឹកចិត្តសម្រាប់វិនិយោគិនមូលបត្រ» ខែឧសភា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
  15. 15. ក្រសួងការបរទេសសហរដ្ឋអាមេរិក «របាយការណ៍ស្តីពីបរិយាកាសវិនិយោគឆ្នាំ ២០២០ នៅកម្ពុជា» ឆ្នាំ ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
  16. 16. ធនាគារពិភពលោក «ចំណាត់ថ្នាក់ការបើកអាជីវកម្ម៖ ប្រទេសកម្ពុជាស្ថិតនៅលំដាប់ទី ១៤៤» ខែឧសភា ឆ្នាំ២០១៩។ បានចូលអាននៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
  17. 17. ដូចឯកសារយោងខាងលើ។
  18. 18. ដូចឯកសារយោងខាងលើ។
  19. 19. សុខ ចាន់, «ផ្សារមូលធននឹងប្រឈមមុខនឹងការរាតត្បាតមេរោគកូរ៉ូណា» ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២០។ បានចូលអាននៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
  20. 20. សុខ ចាន់, «CSX បើកដំណើរការកម្មវិធីអេប និងគេហទំព័រដើម្បីបង្រៀនសាធារណជនអំពីការវិនិយោគលើផ្សារមូលបត្រ» ថ្ងៃទី ០៥ ខែមីនា ឆ្នាំ២០១៨។ បានចូលអាននៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២១។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

R9zdM
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!