បើតាមនិយមន័យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សំដៅលើកម្មវិធីសិក្សាដែលអាចឱ្យមនុស្សទទួលបាននូវជំនាញដែលអាចផ្ទេរបាន និងអភិវឌ្ឍន៍ខ្ពស់។ កម្មវិធីនេះថែមទាំងផ្តល់ឱ្យមនុស្សនូវជំនាញបច្ចេកទេសចាំបាច់សម្រាប់អាជីពដែលពួកគេចង់បានផងដែរ។1 ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងកំឡុងពេលនៃដំណើរផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ប្រទេស និងសមាហរណកម្មក្នុងតំបន់អាស៊ាន។2 ក្នុងដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចឧស្សាហកម្ម និងសេវាកម្ម គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នឹងរួមចំណែកដល់ការធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងសេដ្ឋកិច្ច ការធ្វើពិពិធកម្ម និងបង្កើនជំនាញកម្លាំងពលកម្មដែលមានស្រាប់។3
ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាត្រូវបានផ្តល់អាទិភាព និងផ្តោតសំខាន់នៅក្នុងកម្រិតឧត្តមសិក្សា។4 ដើម្បីធានាឲ្យបាននូវភាពប្រសើរឡើងក្នុងវិស័យនេះ ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិថ្មីមួយត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំក្នុងឆ្នាំ ១៩៩៦។5 ក្រុមប្រឹក្សាភិបាលរួមមានមន្ត្រីរដ្ឋាភិបាល គ្រូបណ្តុះបណ្តាលបច្ចេកទេស និងនិយោជក។6 មុខងារចម្បងរបស់ក្រុមប្រឹក្សាភិបាលគឺ បង្កើតយុទ្ធសាស្ត្រ និងកម្មវិធីសិក្សា ដើម្បីកែលម្អគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងត្រួតពិនិត្យការវិវត្តរបស់ពួកគេ។7 គិតត្រឹមឆ្នាំសិក្សា ២០១៨-២០១៩ មានស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈ សាធារណៈចំនួន ៣៨ និងឯកជនចំនួន ៤៤ កំពុងដំណើរការនៅទូទាំងប្រទេស។8 គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ របស់រដ្ឋសំខាន់ៗមួយចំនួនរួមមាន វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTII) វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសមៈ (PPI) និងវិទ្យាស្ថានពហុបច្ចេកទេសខេត្តបាត់ដំបង (PIB)។ សិស្សប្រមាណ ៤៣១៧១ នាក់បានចុះឈ្មោះចូលរៀននៅគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសាធារណៈ និង ៦១៤១ នៅគ្រឹះស្ថានឯកជនក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ។ 9
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្លូវការ និងក្រៅប្រពន្ធ័
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាផ្តល់ការអប់រំពីរប្រភេទគឺ ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្លូវការ និងក្រៅប្រព័ន្ធ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។10កម្មវិធីសិក្សាចំនួនបីត្រូវបានផ្តល់ជូនក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈផ្លូវការ ដូចជាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ បរិញ្ញាបត្រវិជ្ជាជីវៈ និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្រិតឧត្តមសិក្សា។11 វគ្គសិក្សាទាំងនោះមានរយៈពេលវែង (២-៤ ឆ្នាំ) ដែលតម្រូវឲ្យសិស្សមានកំវិតសិក្សាផ្សេងៗគ្នា។ សម្រាប់កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សិស្សត្រូវការយ៉ាងហោចណាស់ការបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ។ ផ្នែក និងមុខវិជ្ជាជាច្រើនមានសម្រាប់សិក្សាគឺ យន្តការទូទៅ យន្តការកសិកម្ម បច្ចេកវិទ្យាកុំព្យូទ័រ អគ្គិសនី អេឡិចត្រូនិក និងវិស្វកម្មសំណង់ស៊ីវិល។12
ខណៈដែលតម្រូវការសម្រាប់ថ្នាក់បរិញ្ញាបត្រវិជ្ជាជីវៈ គឺការបញ្ចប់ត្រឹមថ្នាក់មធ្យមសិក្សាទុតិយភូមិទូទៅ ឬ មធ្យមសិក្សាទុតិយភូមិផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ 13 បរិញ្ញាបត្រវិជ្ជាជីវៈផ្តល់នូវកម្មវិធីសិក្សាដូចគ្នាទៅនឹងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែរ ហើយបូករួមទាំងមុខវិជ្ជានៅក្នុងផ្នែកអាជីវកម្មដូចជាការលក់ និងគណនេយ្យ។ បន្ទាប់ពីបញ្ចប់កម្មវិធីសិក្សានេះ និស្សិតអាចចូលរៀនកម្មវិធីបរិញ្ញាបត្រវិជ្ជាជីវៈ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីបរិញ្ញាបត្រដែលផ្តោតលើបច្ចេកវិទ្យា។ ជាចុងក្រោយ កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្រិតឧត្តមសិក្សាតម្រូវឲ្យសិស្សយ៉ាងហើចណាស់មានសញ្ញាប័ត្រវិជ្ជាជីវៈ និងមធ្យមសិក្សាទុតិយភូមិទូទៅ។14 ជំនាញដែលពាក់ព័ន្ធទៅនឹងវិស័យឧស្សាហកម្មជាចំណុចសំខាន់នៅកម្រិតអប់រំនេះ។ វិស្វកម្ម វិទ្យាសាស្ត្រអនុវត្ត វិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យា គឺជាមុខវិជ្ជា និងជំនាញដែលទំនប់បម្រុងសិស្សសម្រាប់អាជីពនាពេលអនាគតនៅក្នុងទីផ្សារការងារ។
ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រៅប្រពន្ធ័ត្រូវបានផ្តល់ និងគ្រប់គ្រងជាចម្បងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលខេត្ត (PTCs) និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ (VICs)។15 ស្ថាប័នផ្សេងទៀតដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅប្រពន្ធ័ គឺ អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈមណ្ឌលសិក្សាសហគមន៍ (CLCs)។ វគ្គសិក្សាប្រភេទនេះមានរយៈពេលខ្លី ហើយជារឿយៗមានរយៈពេលប្រហែល ១ទៅ ៤ ខែ។ ភាគច្រើន វគ្គបណ្តុះបណ្តាលនេះផ្តល់ការបណ្តុះបណ្តាលលើវិស័យកសិកម្ម សំណង់ ជួសជុលម៉ូតូ កសិកម្ម ជំនាញវិជ្ជាជីវៈមូលដ្ឋាន និងផ្នែកកែច្នៃចំណីអាហារជាមូលដ្ឋាន។ ការបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅប្រពន្ធ័មិនមានគោលការណ៍ណែនាំ ឬរចនាសម្ព័ន្ធត្រឹមត្រូវ និងច្បាស់លាស់ទេ។ គិតត្រឹមឆ្នាំ ២០២០ មជ្ឈមណ្ឌលសិក្សាសហគមន៍មានចំនួន ១៥៧ កំពុងធ្វើការ ដើម្បីជួយផលិតធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅប្រពន្ធ័។ 16 កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈក្រៅប្រពន្ធ័ចំនួនបួនដែលដំណើរការក្រោមមូលនិធិបណ្តុះបណ្តាល (២០០៩-២០១៩)។ កម្មវិធីទាំងនោះមានដូចជា មូលនិធិបណ្តុះបណ្តាលជាតិ កម្មវិធីបណ្តុះបណ្តាលជំនាញប័ណ្ណ (VSTP) មូលនិធិពិសេសរបស់នាយករដ្ឋមន្ត្រី៖ មូលនិធិពិសេសរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងកម្មវិធីបច្ចេកវិទ្យាក្រោយការប្រមូលផល និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញបន្ថែម។17
ចំនួនចុះឈ្មោះចូលរៀនតាមមុខវិជ្ជាផ្សេងៗក្នុងកម្រិតបរិញ្ញាបត្រ
ប្រភព: ស្ថិតិអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៧-២០១៨, យកចេញពីស្តិតិ TVET ២០១៧-២០១៨.ឈ្មោះមុខវិជ្ជា | ចំនួនវគ្គសិក្សា | ចំនួនចុះឈ្មោះ (សរុប) | ចំនួនចុះឈ្មោះ (ភេទស្រី) | |
---|---|---|---|---|
អគ្គិសនី | ៤១ | ២១៤៧ | ១៦៩ | |
វិស្វកម្មសំណង់ស៊ីវិល | ៣០ | ១៦៩៦ | ១៥៤ | |
គណនេយ្យ និងហិរញ្ញវត្ថុ | ២៧ | ១១០៧ | ១០០៦ | |
ការគ្រប់គ្រងពាណិជ្ជកម្ម | ១៩ | ៥៧៩ | ២៩៦ | |
ធនាគារ និងហិរញ្ញវត្ថុ | ១៧ | ៥៤៧ | ៣៤៧ | |
ពត៌មានវិទ្យា | ២៣ | ៥១១ | ១២០ | |
អេឡិចត្រូនិក | ១១ | ៤៨៧ | ៧៣ | |
អូតូម៉ូបែល | ១៧ | ៤៤៥ | ៧ | |
មេកានិក | ១០ | ២៤០ | ៧ | |
គណនេយ្យ | ១០ | ២២២ | ១៩៥ | |
ទីផ្សារ | ៩ | ១៩៤ | ៩៥ | |
ស្ថាបត្យកម្ម | ៦ | ១៩២ | ៦៩ | |
ភាសាអង់គ្លេស | ១២ | ១៦៦ | ១០៥ | |
ទេសចរណ៍ និងបដិសណ្ឋារកិច្ច | ៩ | ១០១ | ៦៧ | |
បច្ចេកវិទ្យាព័ត៌មានអាជីវកម្ម | ៤ | ៩២ | ១៩ | |
ការផ្សារដែក | ២ | ៤៥ | ៣៦ | |
ម៉ាស៊ីនត្រជាក់ | ១ | ២០ | ១ | |
សរុប | ២៤៨ | ៨៧៩១ | ២៧៦៥ |
គោលនយោបាយ និងបទប្បញ្ញត្តិរបស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគោលនយោបាយ និងបទប្បញ្ញត្តិផ្សេងៗជាច្រើន ដើម្បីដោះស្រាយបញ្ហាទីផ្សារការងារដែលកម្ពុជាកំពុងជួបប្រទះនាពេលបច្ចុប្បន្ន រួមមានគម្លាតជំនាញ និងភាពមិនស៊ីគ្នានៃជំនាញ។18 ធនធានមនុស្សដែលមានជំនាញដូចគ្នាត្រូវបានបង្កើតជារៀងរាល់ឆ្នាំដោយមិនគិតពីតម្រូវការទីផ្សារការងារ ដែលធ្វើឲ្យកម្លាំងពលកម្មមានភាពមិនស៊ីសង្វាក់គ្នារវាងផ្នែកផ្គត់ផ្គង់ និងតម្រូវការ។ គោលនយោបាយទាំងនោះមានដូចជា គោលនយោបាយជាតិអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកម្ពុជា (TVET) ២០១៧-២០២៥ គោលនយោបាយជាតិមុខរបរ និងការងារ(២០១៥-២០២៥) គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា (២០១៥-២០២៥)។
អនុវត្តក្នុងឆ្នាំ ២០១៧ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាក្របខណ្ឌគោលនយោបាយចម្បងរបស់រដ្ឋាភិបាលដើម្បីដឹកនាំយុទ្ធសាស្ត្រអភិវឌ្ឍន៍ជំនាញ និងសម្របសម្រួលគ្រប់ភាគីពាក់ព័ន្ធ។ ដោយធ្វើការជាមួយដៃគូអភិវឌ្ឍន៍ដូចជាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គោលនយោបាយនេះត្រូវបានរៀបចំឡើងតាមរយៈដំណើរការពិគ្រោះយោបល់ជាមួយនឹងគោលដៅនៃការផ្លាស់ប្តូរ និងធ្វើទំនើបកម្មប្រព័ន្ធអភិវឌ្ឍន៍ជំនាញរបស់កម្ពុជា ដើម្បីបម្រើឲ្យកាន់តែប្រសើរឡើងនូវការអភិវឌ្ឍន៍នាពេលអនាគតរបស់កម្ពុជា ពង្រឹងជំនាញកម្មករដែលមានស្រាប់ និងកម្លាំងពលកម្មថ្មី។19 យុទ្ធសាស្ត្រ និងគោលដៅសំខាន់ៗត្រូវបានកំណត់ និងអនុវត្ត ដើម្បីធានាថាគោលដៅអាចសម្រេចបានទាន់ពេលវេលា។ ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិនឹងដើរតួរជាលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យការវិវត្តនៃក្របខ័ណ្ឌគោលនយោបាយ។ លេខាធិការដ្ឋាននឹងបំពេញមុខងារជាអ្នកសម្របសម្រួលការអនុវត្ត។20
គោលដៅសំខាន់នៃគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺ21៖
- កែលម្អគុណភាពការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការទីផ្សារជាតិ និងអន្តរជាតិ
- បង្កើនលទ្ធភាពចូលរៀនក្នុងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយសមធម៌
- លើកកម្ពស់ភាពជាដៃគូសាធារណៈ និងឯកជន (PPPs) និងធនធានរបស់ភាគីពាក់ព័ន្ធសរុប ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
- កែលម្អអភិបាលកិច្ចនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកសារសំខាន់ពីរផ្សេងទៀតដែលគាំទ្រដល់ការអភិវឌ្ឍន៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានដាក់ចេញក្នុងឆ្នាំ ២០១៥។ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ (២០១៥-២០២៥) មានមុខងារឆ្លើយតបទៅនឹងបញ្ហាគម្លាតជំនាញ និងបញ្ហាមិនស៊ីសង្វាក់គ្នានៃជំនាញ។ គោលនយោបាយនេះធានាឲ្យបានថាធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រនឹងអាចបំពេញតម្រូវការទីផ្សារការងារបាន។ យុទ្ធសាស្ត្រនៃគោលនយោបាយជាតិមុខរបរ និងការងារ (២០១៥-២០២៥) រួមមានការពង្រឹងទំនាក់ទំនងរវាងវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងវិស័យឯកជន ដើម្បីកាត់បន្ថយគម្លាតជំនាញ និងភាពមិនស៊ីសង្វាក់គ្នា ការលើកទឹកចិត្តដល់វិស័យឯកជនក្នុងការផ្តល់នូវការអភិវឌ្ឍន៍ជំនាញចាំបាច់សម្រាប់កម្លាំងពលកម្ម ការបង្កើតថ្មី និងការអភិវឌ្ឍយន្តការដែលមានស្រាប់សម្រាប់ការសន្ទនាកាន់តែប្រសើរឡើងក្នុងចំណោមភាគីពាក់ព័ន្ធ និងត្រួតពិនិត្យទីផ្សារការងារក្នុងតំបន់។22 ដូចគ្នានេះដែរ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្លាំងពលកម្មជំនាញ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ ទន្ទឹមនឹងនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកស្ទួយកម្លាំងពលកម្មជំនាញ និងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេស។ គោលនយោបាយនេះ គឺជាផែនទីបង្ហាញផ្លូវថ្នាក់ជាតិដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាឲ្យទៅជាប្រទេសដែលមានសេដ្ឋកិច្ចមូលដ្ឋានលើឧស្សាហកម្ម។ ជំនាញ និងការអភិវឌ្ឍន៍ធនធានមនុស្សត្រូវបានបញ្ចូលក្នុងវិធានការគោលនយោបាយ និងផែនការសកម្មភាពរបស់គោលនយោបាយនេះ។ តាមរយៈការលើកកម្ពស់ការអប់រំគ្រប់កម្រិត និងពង្រឹងសមត្ថភាពបណ្តុះបណ្តាលបច្ចេកទេស គោលនយោបាយនេះមានគោលបំណងផ្លាស់ប្តូរព្រះរាជាណាចក្រទៅជាសង្គមផ្អែកលើចំណេះដឹង។
បញ្ហាប្រឈម និងឱកាស
បើទោះបីជាការវិវត្តន៍មានភាពជាក់ស្តែងក៏ដោយ ក៏បញ្ហាប្រឈមនៅក្នុងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់កម្ពុជានៅតែជាកង្វល់ចម្បង។23 ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ប្រជាជនកម្ពុជាទាមទារការចំណាយដ៏ច្រើន ដោយសារកម្លាំងពលកម្មដែលមានស្រាប់ស្ថិតនៅកម្រិតមូលដ្ឋានទាបនៅឡើយ។24 កង្វះភាពជាដៃគូសាធារណៈ និងឯកជន (PPP) រួមផ្សំជាមួយហិរញ្ញវត្ថុនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋាភិបាលនៅមានកម្រិត ដូច្នេះធ្វើឲ្យការចូលរួមចំណែកពីវិស័យឯកជន និងអ្នកពាក់ព័ន្ធក្លាយជាដំណោះស្រាយដ៏សំខាន់ចំពោះបញ្ហានេះ។25 បញ្ហាប្រឈមមួយទៀតគឺអវត្តមាននៃយន្តការ និងភាពអសមត្ថភាពក្នុងការទាក់ទាញអ្នកដែលត្រូវការការបណ្តុះបណ្តាលជំនាញជាងគេឲ្យបានចំនួនគ្រប់គ្រាន់ ដែលក្នុងនោះរួមមានអ្នកអត់ការងារធ្វើ អ្នកខ្វះការងារធ្វើ ជនក្រីក្រ និងអ្នកដែលបានបោះបង់ការសិក្សាចោល។ គរុកោសល្យបណ្តុះបណ្តាល និងឧបករណ៍សិក្សាក៏ហួសសម័យដែរ។26 មិនតែបុណ្ណោះ ហេដ្ឋារចនាសម្ព័ន្ធការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក៏នៅមានកម្រិត ហើយបុគ្គលិកដែលមានសមត្ថភាពមានចំនួនមិនគ្រប់គ្រាន់។ យោងតាមរបាយការណ៍របស់ ADB បញ្ហាក៏ស្ថិតនៅជុំវិញទស្សនៈអវិជ្ជមានចំពោះការអប់រំវិជ្ជាជីវៈផងដែរ។27 យុវជនជំនាន់ក្រោយនៅតែមានផ្នត់គំនិតថា ការអប់រំទូទៅ គឺជាជម្រើសទីមួយ ខណៈដែលការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈគឺជាជម្រើសទីពីរ និងសម្រាប់តែជនក្រីក្រ ក្រុមងាយរងគ្រោះ និងអ្នកបោះបង់ការសិក្សាតែបុណ្ណោះ។ បញ្ហាផ្សេងៗទៀតដែលពាក់ពន្ធ័នឹងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជារួមមានកង្វះជំនាញទន់ និងមូលដ្ឋាន (ការអាន ការសរសេរ ការទំនាក់ទំនង ការដោះស្រាយបញ្ហា) នៅក្នុងកម្លាំងពលកម្ម ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងខ្សោយ ការទំនាក់ទំនង និងការធ្វើទីផ្សារមិនល្អ។28
បើយើងគិតពីចំនុចវិជ្ជមានវិញ អាហារូបករណ៍ផ្នែកអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈត្រូវបានផ្តល់ជូន ជារៀងរាល់ឆ្នាំដល់ប្រជាពលរដ្ឋកម្ពុជាដែលបានមកពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ ក្នុងឆ្នាំសិក្សា ២០២០-២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់អាហារូបករណ៍ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ១៩១៧៩ កន្លែងលើផ្នែកវិស្វកម្ម និងបច្ចេកវិទ្យា។29 អាហារូបករណ៍សិក្សាត្រូវបានផ្តល់ជូនទាំងនៅក្នុងស្ថាប័នអប់រំរដ្ឋ និងឯកជនទូទាំងប្រទេស ហើយមានទាំងវគ្គសិក្សារយៈពេលខ្លី និងរយៈពេលវែង។ លើសពីនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដាក់ឲ្យដំនើរការកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVETSDP) ក្នុងឆ្នាំ ២០១៥។30 កម្មវិធីនេះផ្តល់ការគាំទ្រផ្នែកថវិកាទាក់ទងនឹងសិទ្ធិគូរពិសេស (SDR) ដែលមានទំហំទឹកប្រាក់់ប្រមាណ ៣០ លានដុល្លារអាមេរិក។31 កម្មវិធីនេះក៏រួមបញ្ចូលផងដែរនូវជម្រើសនៃប្រាក់កម្ចីផ្អែកលើគោលនយោបាយ និងប្រាក់កម្ចីគម្រោងដែលមានតម្លៃប្រហែល ៣០ លានដុល្លារ។ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនឹងលើកកម្ពស់សមធម៌ និងសមភាព ដើម្បីធានាបាននូវការទទួលបានការអប់រំវិជ្ជាជីវៈរីកលូតលាស់ប្រកបដោយជោគជ័យ ជាពិសេសសម្រាប់ស្ត្រី និងជនក្រីក្រ។ កម្មវិធីនេះក៏បានផ្តោតទៅលើការរក្សាកម្លាំងពលកម្មដែលជំរុញដោយតម្រូវការទីផ្សារ និងការលើកកម្ពស់ធនធានមនុស្សផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ ប្រកបដោយគុណភាព ដើម្បីបំពេញតាមស្តង់ដារក្នុងតំបន់។32
ទាក់ទងនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកសារយោង
- 1. គណៈកម្មការអឺរ៉ុប, “តើការបណ្តុះបណ្តាលវិជ្ជាជីវៈជាអ្វី?,” សប្តាហ៍ជំនាញវិជ្ជាជីវៈអឺរ៉ុប, ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។
- 2. ចន័្ទរិទ្ធ ងីន, “តួនាទីរបស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច,” វេទិកាស្រាវជ្រាវអភិវឌ្ឍន៍, របាយការណ៍សំយោគលេខ ១, ឆ្នាំ ២០១៣, បានចូលអាននៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១។
- 3. ដូចឯកសារយោងខាងដើម។
- 4. ដូចឯកសារយោងខាងដើម។
- 5. ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ, “ប្រវត្តិរូប និងប្រវត្តិ,” បានចូលអាននៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២១។
- 6. ដូចឯកសារយោងខាងដើម។
- 7. ចន័្ទរិទ្ធ ងីន, “តួនាទីរបស់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឧត្តមសិក្សាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច,” វេទិកាស្រាវជ្រាវអភិវឌ្ឍន៍, របាយការណ៍សំយោគលេខ ១, ឆ្នាំ ២០១៣, បានចូលអាននៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២១។
- 8. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, “ស្ថិតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ២០១៨-២០១៩ ពាក់កណ្តាលឆមាស,” ឆ្នាំ ២០១៩ បានចូលអាននៅថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២១។
- 9. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, “ប្រព័ន្ធព័ត៌មានគ្រប់គ្រងការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ,” បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
- 10. UNESCO-UNEVOC មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, “ប្រវត្តិរូបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ កម្ពុជា,” ២០២០, បានចូលអាននៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១។
- 11. ដូចឯកសារយោងខាងដើម។
- 12. ដូចឯកសារយោងខាងដើម។
- 13. UNESCO-UNEVOC មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, “មូលដ្ឋានទិន្នន័យការអប់រំបណ្តុះបណ្តាលបច្ចេកទេសពិភពលោក: កម្ពុជា,” ឆ្នាំ ២០១៤, បានចូលអាននៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១។
- 14. ដូចឯកសារយោងខាងដើម។
- 15. UNESCO-UNEVOC មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, “ប្រវត្តិរូបនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ៖ កម្ពុជា,” ២០២០, បានចូលអាននៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១។
- 16. ដូចឯកសារយោងខាងដើម។
- 17. ក្រុមប្រឹក្សាបណ្តុះបណ្តាលជាតិ, "គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ," បានចូលអាននៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១។
- 18. លឹម សុវណ្ណារ៉ា, វ៉ាន់ ណារី, Win Moh Moh Htay, “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស៖ សមិទ្ធិផល និងបញ្ហាប្រឈម,” វិទ្យាស្ថានសភាកម្ពុជា, ឆ្នាំ ២០១៦, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
- 19. ធនាគារអភិវឌ្ឍន៍អាស៊ី, “គោលនយោបាយអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្មីរបស់កម្ពុជា,” សេចក្តីសង្ខេបលេខ ៨៩ ,ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
- 20. ដូចឯកសារយោងខាងដើម។
- 21. ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, "គោលនយោបាយជាតិនៃការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០១៧-២០២៥," ឆ្នាំ ២០១៧ បានចូលអាននៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២១។
- 22. រាជរដ្ឋាភិបាលកម្ពុជា, "គោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ ២០១៥-២០២៥," ឆ្នាំ ២០១៥, បានចូលអាននៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២១។
- 23. ធនាគារអភិវឌ្ឍន៍អាស៊ី, “គោលនយោបាយអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្មីរបស់កម្ពុជា,” សេចក្តីសង្ខេបលេខ ៨៩ ,ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
- 24. ដូចឯកសារយោងខាងដើម។
- 25. លឹម សុវណ្ណារ៉ា, វ៉ាន់ ណារី, Win Moh Moh Htay, “ការអប់រំបណ្តុះបណ្តាលបច្ចេកទេស៖ សមិទ្ធិផល និងបញ្ហាប្រឈម,” វិទ្យាស្ថានសភាកម្ពុជា, ឆ្នាំ ២០១៦, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១។
- 26. SEAMEO VOCTECH, "ការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា," ឆ្នាំ ២០១៥, បានចូលអាននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២១។
- 27. ធនាគារអភិវឌ្ឍន៍អាស៊ី, “គោលនយោបាយអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្មីរបស់កម្ពុជា,” សេចក្តីសង្ខេបលេខ ៨៩ ,ឆ្នាំ ២០១៨, បានចូលអាននៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២១
- 28. ដូចឯកសារយោងខាងដើម។
- 29. សុទ្ធ គឹមសឿន,"ក្រសួងការងារគ្រោងផ្តល់អាហារូបករណ៍វិជ្ជាជីវៈជាង ១៩ពាន់កន្លែង," កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១, បានចូលអាននៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២។
- 30. កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ, "ការពិពណ៌នាគម្រោង," បានចូលអាននៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២២។
- 31. ដូចឯកសារយោងខាងដើម។
- 32. E-gens Consultants, "របាយការណ៍ TVETSDP ប្រចាំត្រីមាស", ថ្ងៃទី១០ ខែមករា ឆ្នាំ ២០១៧, បានចូលអាននៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២២។