គោលនយោបាយ និងការគ្រប់គ្រងទឹក និងអនាម័យ

កម្មវិធី​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​លើកកម្ពស់​អនាម័យ​ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្ថាប័ន​រដ្ឋាភិបាល​ផ្សេងៗ​គ្នា​ ដែល​បង្កើត​គោលនយោបាយ​ដើម្បី​សម្រេច​ដល់​គោលដៅ​សម្រាប់​ការ​ទទួល​បានជា​សកល​ចំពោះ​ផលិតផល​នៃ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​លើកកម្ពស់​អនាម័យ​ ដូច​ជា​ទឹក​ស្អាត​ អនាម័យ​មូលដ្ឋាន​ និង​សាប៊ូ​លាងដៃ​ជាដើម​។​

ទីភ្នាក់ងាររដ្ឋបាល​

គោលនយោបាយ​ទឹក​ និង​អនាម័យ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ស្ថាប័ន​ផ្សេងៗ​គ្នា​ជា​ច្រើន​នៅ​ក្នុង​រាជរដ្ឋាភិបាល​កម្ពុជា​។​ គ្រឿង​បរិក្ខារ​ទឹក​ស្អាត​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ វា​ត្រូវ​បាន​ធ្វើ​តាម​រយៈ​អាជ្ញា​បណ្ណ​ វិញ្ញាបនបត្រ​អាជីវកម្ម​ និង​ការ​តាក់តែង​ច្បាប់​ទូទៅ​ស្តី​ពី​ទឹក​ស្អាត​។​1​ នៅ​ក្រោម​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ មាន​អគ្គនាយកដ្ឋាន​ទឹក​ស្អាត​ដែល​ជា​អគ្គនាយកដ្ឋាន​អនុវត្ត​ការងារ​ទឹក​ស្អាត​របស់​ក្រសួង​។​ ទំនួល​ខុស​ត្រូវ​ចម្បង​របស់​អគ្គនាយកដ្ឋាន​គឺ​កសាង​ តាក់តែង​ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ផ្សេង​ទៀត​។​ អគ្គនាយកដ្ឋាន​ក៏​រៀបចំ​ស្តង់ដារ​បច្ចេកទេស​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ចាត់តាំង​អនុវត្ត​ផែនការ​សុវត្ថិភាព​ទឹក​ធន់​នឹង​អាកាសធាតុ​ និង​ការ​ត្រួតពិនិត្យ​គុណភាព​ទឹក​។​ អគ្គនាយកដ្ឋាន​ទឹក​ស្អាត​ក៏​ដឹកនាំ​កសាង​ផែនការ​អភិវឌ្ឍ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ផង​ដែរ​។​ នៅ​ក្រោម​អគ្គនាយកដ្ឋាន​ទឹក​ស្អា​​ត​មាន​នាយកដ្ឋាន​ចំនួន​ ៥​ គឺ​៖

១.​ នាយកដ្ឋាន​សរុប​និង​ព័ត៌មាន​

២.​ នាយកដ្ឋាន​ផែនការ​និង​គ្រប់គ្រង​ទិន្នន័យ​

៣.​ នាយកដ្ឋាន​គោលនយោបាយ​ទឹក​ស្អាត​

៤.​ នាយកដ្ឋាន​បច្ចេកទេស​និង​គ្រប់គ្រង​គម្រោង​

៥.​ នាយកដ្ឋាន​បញ្ញត្ត​កម្ម​ទឹក​ស្អាត​

នៅ​ក្រោម​អគ្គនាយកដ្ឋាន​ទឹក​ស្អាត​មាន​ប្រតិបត្តិ​ករ​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ចំនួន​ ៤១៨​ ផ្សេង​គ្នា​ ដែល​ក្នុង​នោះ​មាន​រដ្ឋាករទឹក​សាធារណៈ​មាន​ចំនួន​ ១១​។​2​ រដ្ឋាករទឹក​ដែល​ជោគជ័យ​ជាងគេ​ គឺ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ ដែល​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្គត់ផ្គង់​ទឹក​មួយ​ផ្នែក​ធំ​នៃ​រាជធានី​ភ្នំពេញ​ និង​ទទួល​បាន​ប្រាក់​ចំនេញ​ផង​ដែរ​។​3​ ក្រុមហ៊ុន​ទឹក​ស្អាត​ឯកជន​ក៏​បាន​រៀបចំ​ខ្លួន​ក្រោម​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​ដែល​ធ្វើការ​តស៊ូ​មតិ​សម្រាប់​សមាជិក​សរុប​ចំនួន​ ២៥២​ ក្នុង​គោលនយោបាយ​ទឹក​ និង​សម្របសម្រួល​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ទាក់ទង​នឹង​ទឹក​ស្អាត​ផ្សេង​ទៀត​។​4

​ប្រជាជន​ភាគច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​រស់នៅ​ក្នុង​តំបន់​ជនបទ​ ហើយ​ក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​គាំទ្រ​ការ​អភិវឌ្ឍន៍​ទឹក​ និង​អនាម័យ​នៅ​តំបន់​ជនបទ​ទាំងនេះ​ ព្រមទាំង​ត្រូវ​ប្រាកដ​ថា​អ្នក​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​ខ្លួន​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​។​ វា​ត្រូវ​បាន​ធ្វើ​ស្រប​តាម​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ឆ្នាំ​២០១១-២០២៥​ ដែល​បង្ហាញ​យ៉ាង​ទូលាយ​អំពី​អាទិភាព​ និង​នីតិវិធី​ដែល​ធ្វើ​ឡើង​ដោយ​ឃុំ​ និង​អ្នក​ផ្តល់​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​ក្នុងស្រុក​ និង​ត្រូវ​បាន​សម្របសម្រួល​ដោយ​ក្រសួង​អភិវឌ្ឍ​ជនបទ​។​ សកម្មភាព​ភាគច្រើន​គ្រប់គ្រង​ដោយ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​ និង​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​ ដែល​នៅ​ក្រោម​អគ្គនាយកដ្ឋាន​កិច្ចការ​បច្ចេកទេស​ និង​អនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ និង​ក្រុមប្រឹក្សា​ឃុំ​។​5

ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​រៀបចំ​ផែនការ​ទឹក​ និង​ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរភាព​។​6​ ស្រ​ដៀង​គ្នា​ទៅ​នឹង​ក្រសួងបរិស្ថាន​ ដែល​ក្រសួង​គ្រប់គ្រង​ និង​តាមដាន​ការ​បំពុល​ទឹក​ និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ទឹក​ត្រូវ​បាន​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​។​7​ សម្រាប់​សំណល់​រាវ​ និង​អនាម័យ​ទូទៅ​នៅ​តាម​ទីក្រុង​ ក្រសួង​ទទួលខុសត្រូវ​គឺ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​8

ច្បាប់​ និង​បទ​ប្បញ្ញត្តិ​

ច្បាប់​ និង​បទ​ប្បញ្ញត្តិ​ដែល​គ្រប់គ្រង​គោលនយោបាយ​ និង​ការ​គ្រប់គ្រង​ទឹក​និង​អនាម័យ​ គ្រប់គ្រង​លើ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ គុណភាព​ទឹក​ និង​ការ​គ្រប់គ្រង​កាក​សំណល់​។​ ច្បាប់​សំខាន់​នោះ​គឺ​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​”​ ឆ្នាំ​២០២៣​។​9

​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​ឆ្នាំ​២០២៣​ គ្រប់គ្រង​ការ​ផ្តល់​អាជ្ញា​បណ្ណ​ដល់​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​ដោយ​យោង​តាម​បទ​ប្បញ្ញត្តិ​ពី​មុន​ដែល​មាន​រយៈពេល​ ២០​ឆ្នាំ​ ជំនួស​ឱ្យ​ច្បាប់​មុន​ឆ្នាំ​២០១៥​ ដែល​មាន​ត្រឹមតែ​ ៣​ឆ្នាំ​ប៉ុណ្ណោះ​។​10​ វា​អាច​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ប្រកាស​ពី​ក្រសួង​ពាក់ព័ន្ធ​ (​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ច្បាប់​)​ ដែល​នៅ​ពេល​សរសេរ​គឺ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​អាច​មាន​ទាំង​រដ្ឋាភិបាល​ និង​ឯកជន​ ហើយ​គោលបំណង​មួយ​នៃ​ច្បាប់​នេះ​គឺ​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​គម្រោង​ទឹក​ស្អាត​។​ ច្បាប់​តម្រូវ​ឱ្យ​មាន​សកម្មភាព​ ៣​ ផ្សេង​គ្នា​ត្រូវ​អនុម័ត​ដោយ​រដ្ឋាភិបាល​មុន​នឹង​ចាប់ផ្តើម​ដំណើរការ​ និង​សាងសង់​គម្រោង​ទឹក​ស្អាត​។​

  • ទទួល​បាន​លិខិតអនុញ្ញាត​ផ្តល់​សិទ្ធិ​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​
  • ទទួល​បាន​អាជ្ញា​បណ្ណ​ធ្វើ​អាជីវកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​
  • ទទួល​បាន​វិញ្ញាបនបត្រ​អនុញ្ញាត​ដំណើរការ​ផ្គត់ផ្គង់​ទឹក​ស្អាត​។​11

ច្បាប់​ដូច​គ្នា​នេះ​ក៏​គ្រប់គ្រង​ពន្ធ​ទឹក​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផ្គត់ផ្គង់​ ប៉ុន្តែ​ត្រូវ​តែ​គ្រប់គ្រង​ដោយ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ រៀង​រាល់​ ៥​ឆ្នាំ​ម្តង​ ដោយ​គិតគូរ​ពី​តំបន់​ភូមិសាស្ត្រ​ ប្រភព​ទឹក​ ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​ បច្ចេកវិទ្យា​ ចំនួន​ប្រជាជន​ ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ និង​តម្លៃ​ផលិតកម្ម​។​ ការ​ពង្រីក​ទៅ​កាន់​តំបន់​ផ្សេង​ទៀត​ក៏​ត្រូវ​បាន​អនុញ្ញាត​ផង​ដែរ​បន្ទាប់​ពី​ការ​គ្របដណ្តប់​ ៨០​ភាគរយ​ នៃ​តំបន់​ដែល​បាន​កំណត់​សម្រាប់​អ្នក​ផ្គត់ផ្គង់​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន​ និង​ដោយ​ការ​យល់ព្រម​ពី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ អ្នក​ផ្គត់ផ្គង់​ទឹក​នៅ​ក្នុង​តំបន់​ក៏​មានការ​ការពារ​ផ្លូវច្បាប់​ ដើម្បី​ប្រតិបត្តិការ​តែ​ម្នាក់ឯង​នៅ​ក្នុង​តំបន់​ដែល​បាន​កំណត់​របស់​ខ្លួន​ និង​ដើម្បី​ទទួល​បានការ​វិនិយោគ​ និង​គ្រប់គ្រង​ប្រតិបត្តិការ​ដោយ​ខ្លួនឯង​ ប្រសិនបើ​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​ផ្សេង​ទៀត​។​ អ្នក​ផ្គត់ផ្គង់​ទឹក​ក៏​អាច​ផ្ទេរ​ប្រតិបត្តិការ​របស់​ពួក​គេ​ទៅ​ឱ្យ​តួអង្គ​ផ្សេង​ទៀត​បាន​ដែរ​ បន្ទាប់​ពី​មានការ​យល់ព្រម​ជា​មុន​ពី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។​ ការ​ថែរក្សា​ និង​អភិវឌ្ឍ​ទឹក​ស្អាត​ក៏​អាច​ធ្វើ​ឡើង​បាន​ដែរ​ ដោយ​មាន​ជំនួយ​ពី​មូលនិធិ​អភិវឌ្ឍន៍​ទឹក​ស្អាត​ ដែល​បម្រើ​ដល់​តំបន់​ជនបទ​ដាច់​ស្រយាល​ជា​ចម្បង​។​12

ច្បាប់​ចាស់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​ឆ្នាំ​២០០៧​ គឺជា​បទ​ប្បញ្ញត្តិ​សម្រាប់​ធនធាន​ទឹកជា​ទូទៅ​ ដែល​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ជា​អ្នកគ្រប់គ្រង​។​ ច្បាប់​នេះ​គឺ​សម្រាប់​បទ​ប្បញ្ញត្តិ​ទូទៅ​បន្ថែម​ទៀត​ និង​មិន​បញ្ជាក់​ពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​ដូច​នៅ​ក្នុង​ច្បាប់​ដែល​បាន​លើក​ឡើង​ខាងលើ​ ដែល​ភាគច្រើន​បន្ថែម​បទ​ប្បញ្ញត្តិ​ថ្មីៗ​នោះ​ទេ​។​13​ សំណល់​ទឹក​កខ្វក់​ពី​ឧស្សាហកម្ម​ ប៉ុន្តែ​ក៏​មានការ​បញ្ចេញ​តាម​ផ្ទះ​ ត្រូវ​បាន​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ប្រព័ន្ធ​ទឹក​កខ្វក់​ឆ្នាំ​២០២៤​ ដែល​ច្បាប់​នេះ​មាន​សារៈសំខាន់​សម្រាប់​ការ​ប្រើប្រាស់​ធនធានទឹក​របស់​ប្រទេស​កម្ពុជា​ ទាំង​ការ​ប្រើប្រាស់​ដោយ​ផ្ទាល់​ និង​តាម​រយៈ​អនាម័យ​។​14​ ការ​បំពុល​ទឹក​ក៏​ត្រូវ​បាន​គ្រប់គ្រង​ដោយ​អនុក្រឹត្យ​លេខ​២៧​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​ ដែល​តម្រូវ​ឱ្យ​មានការ​ជូនដំណឹង​អំពី​ការ​បំពុល​ទឹក​នៅ​ក្នុង​ទឹក​សាធារណៈ​ និង​ការ​គ្រប់គ្រង​ការ​បំពុល​ដែល​អាច​កើត​មាន​។​15

​គោលនយោបាយ​ និង​ផែនការ​របស់​រដ្ឋាភិបាល​

គោលនយោបាយ​ទឹក​ និង​អនាម័យ​ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បញ្ច​ក​កោណ​ដំណាក់កាល​ទី​១​ ដោយ​ទឹកជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​សំខាន់ៗ​ជាមួយនឹង​គោលដៅ​ ១០០​ភាគរយ​ នៃ​អត្រា​ទទួល​បានការ​ផ្គត់ផ្គង់​ទឹក​ស្អាត​តាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ដែល​រាជរដ្ឋាភិបាល​គាំទ្រ​។​ យុទ្ធសាស្ត្រ​បញ្ច​កោណ​ដាក់​ចេញ​នូវ​តម្រូវការ​សម្រាប់​កំណែទម្រង់​ច្បាប់​ បង្កើត​និយតករ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​បង្កើត​ការ​លើកទឹកចិត្ត​ដើម្បី​ជួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​ដោយ​ស្វ័យប្រវត្តិកម្ម​ និង​ផ្គត់ផ្គង់​ទឹក​សម្រាប់​សហគ្រាស​ធុន​តូច​ និង​ធំ​បន្ថែម​ទៀត​។​16

ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ផ្សព្វផ្សាយ​ផែនការ​របស់​ខ្លួន​ក្នុង​ការ​ស្តារ​ និង​អភិវឌ្ឍ​វិស័យ​ទឹក​ស្អាត​នៅ​កម្ពុជា​ជាមួយនឹង​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ឆ្នាំ​២០១១-២០២៥​ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​ការ​លើកកម្ពស់​អនាម័យ​នៅ​ជនបទ​ឆ្នាំ​២០១៤-២០២៥​ និង​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​ និង​អនាម័យ​ឆ្នាំ​២០១៩-២០២៣​។​17

ផែនការ​ទាំងនេះ​រួម​គ្នា​ដាក់​ចេញ​ក្នុង​ការ​សម្រេច​គោលដៅ​នៃ​ការ​គ្របដណ្តប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ ១០០​ភាគរយ​ នៅ​ត្រឹម​ឆ្នាំ​២០៣០​ ដោយ​កំណត់​គោលដៅ​ដែល​អាច​សង្ខេប​បាន​ដូច​ជា​៖

  • ​កែ​លម្អ​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត​
  • កែ​លម្អ​អនាម័យ​
  • ការ​ផ្លាស់​ប្តូរ​អាកប្បកិរិយា​អនាម័យ​
  • ​ការ​រៀបចំ​ស្ថាប័ន​ និង​
  • ​ហិរញ្ញប្បទាន​។​

ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងទឹក និងអនាម័យ

ឯកសារយោង

  1. 1. ​ខេ​ម​ វណ្ណ​សុខ​,​ “​កម្ពុជា​៖​ ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​,”​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០២៣​។​
  2. 2. ​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​,​ “​អគ្គនាយកដ្ឋាន​ទឹក​ស្អាត​,”​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៤​។​
  3. 3. UN-Water,​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៦៖​ ករណី​សិក្សាការ​បង្កើន​ល្បឿន​ប្រទេស​ឆ្នាំ​២០២៤៖​ កម្ពុជា​,”​ ឆ្នាំ​២០២៤,​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​។​
  4. 4. ​សមាគម​អ្នក​ផ្គត់ផ្គង់​ទឹក​ស្អាត​កម្ពុជា​,​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​ ២៨​ ខែកក្កដា​ ឆ្នាំ​២០២៤​។​
  5. 5. ​ក្រសួង​អភិវឌ្ឍ​ជនបទ​,​ “​យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ឆ្នាំ​ ២០១១-២០២៥,”​ ថ្ងៃ​ទី​២១​ ខែមេសា​ ឆ្នាំ​២០១១​។​
  6. 6. ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​,​ “​គេហទំព័រ​ក្រសួង​៖​ អំពី​ក្រសួង​,”​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​១១​ ខែធ្នូ​ ឆ្នាំ​២០២៤​។​
  7. 7. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ២៧​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​,”​ ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​១៩៩៩​។​
  8. 8. ​ធនាគារអភិវឌ្ឍន៍អាស៊ី​,​ “​ការ​វាយតម្លៃ​លើ​វិស័យ​ផ្គត់ផ្គង់​ទឹក​ និង​អនាម័យ​នៅ​កម្ពុជា​ យុទ្ធសាស្ត្រ​ និង​ផែនទី​បង្ហាញផ្លូវ​,”​ ខែមករា​ ឆ្នាំ​២០១២​។​
  9. 9. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​,”​ ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៣​។​
  10. 10. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ទឹក​ស្អាត​,”​ ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០២៣​។​
  11. 11. UN-Water,​ “​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៦៖​ ករណី​សិក្សាការ​បង្កើន​ល្បឿន​ប្រទេស​ឆ្នាំ​២០២៤៖​ កម្ពុជា​,”​ បាន​ចូល​មើល​នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​។​
  12. 12. UN-Water, “គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ទី​៦៖ ករណីសិក្សាការបង្កើនល្បឿនប្រទេសឆ្នាំ២០២៤៖ កម្ពុជា,” បានចូលមើលនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
  13. 13. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ធនធានទឹក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​,”​ ថ្ងៃ​ទី​២៩​ ខែមិថុនា​ ឆ្នាំ​២០០៧​។​
  14. 14. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ច្បាប់​ស្ដី​ពី​ប្រព័ន្ធ​ទឹក​កខ្វក់​,”​ ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​។​
  15. 15. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​អនុក្រឹត្យ​លេខ​ ២៧​ ស្តី​ពី​ការ​ត្រួតពិនិត្យ​ការ​បំពុល​ទឹក​,”​ ថ្ងៃ​ទី​០៦​ ខែមេសា​ ឆ្នាំ​១៩៩៩​។​
  16. 16. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១​ ដើម្បី​កំណើន​ ការងារ​ សមធម៌​ ប្រសិទ្ធភាព​ និង​ ចីរភាព​៖​ កសាង​មូលដ្ឋាន​គ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០,”​ ឆ្នាំ​២០២៣​។​
  17. 17. ​រាជរដ្ឋាភិបាល​កម្ពុជា​,​ “​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​ និង​អនាម័យ​ ២០១៩-២០២៣,”​ ខែមករា​ ឆ្នាំ​២០១៩​។​
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

mjbb3
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!