កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ត្រូវបានគ្រប់គ្រងដោយស្ថាប័នរដ្ឋាភិបាលផ្សេងៗគ្នា ដែលបង្កើតគោលនយោបាយដើម្បីសម្រេចដល់គោលដៅសម្រាប់ការទទួលបានជាសកលចំពោះផលិតផលនៃការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យ ដូចជាទឹកស្អាត អនាម័យមូលដ្ឋាន និងសាប៊ូលាងដៃជាដើម។
ទីភ្នាក់ងាររដ្ឋបាល
គោលនយោបាយទឹក និងអនាម័យត្រូវបានគ្រប់គ្រងដោយស្ថាប័នផ្សេងៗគ្នាជាច្រើននៅក្នុងរាជរដ្ឋាភិបាលកម្ពុជា។ គ្រឿងបរិក្ខារទឹកស្អាតស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ វាត្រូវបានធ្វើតាមរយៈអាជ្ញាបណ្ណ វិញ្ញាបនបត្រអាជីវកម្ម និងការតាក់តែងច្បាប់ទូទៅស្តីពីទឹកស្អាត។1 នៅក្រោមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានអគ្គនាយកដ្ឋានទឹកស្អាតដែលជាអគ្គនាយកដ្ឋានអនុវត្តការងារទឹកស្អាតរបស់ក្រសួង។ ទំនួលខុសត្រូវចម្បងរបស់អគ្គនាយកដ្ឋានគឺកសាង តាក់តែង និងត្រួតពិនិត្យការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ អគ្គនាយកដ្ឋានក៏រៀបចំស្តង់ដារបច្ចេកទេសប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងចាត់តាំងអនុវត្តផែនការសុវត្ថិភាពទឹកធន់នឹងអាកាសធាតុ និងការត្រួតពិនិត្យគុណភាពទឹក។ អគ្គនាយកដ្ឋានទឹកស្អាតក៏ដឹកនាំកសាងផែនការអភិវឌ្ឍសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតផងដែរ។ នៅក្រោមអគ្គនាយកដ្ឋានទឹកស្អាតមាននាយកដ្ឋានចំនួន ៥ គឺ៖
១. នាយកដ្ឋានសរុបនិងព័ត៌មាន
២. នាយកដ្ឋានផែនការនិងគ្រប់គ្រងទិន្នន័យ
៣. នាយកដ្ឋានគោលនយោបាយទឹកស្អាត
៤. នាយកដ្ឋានបច្ចេកទេសនិងគ្រប់គ្រងគម្រោង
៥. នាយកដ្ឋានបញ្ញត្តកម្មទឹកស្អាត
នៅក្រោមអគ្គនាយកដ្ឋានទឹកស្អាតមានប្រតិបត្តិករផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតចំនួន ៤១៨ ផ្សេងគ្នា ដែលក្នុងនោះមានរដ្ឋាករទឹកសាធារណៈមានចំនួន ១១។2 រដ្ឋាករទឹកដែលជោគជ័យជាងគេ គឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានទទួលជោគជ័យក្នុងការផ្គត់ផ្គង់ទឹកមួយផ្នែកធំនៃរាជធានីភ្នំពេញ និងទទួលបានប្រាក់ចំនេញផងដែរ។3 ក្រុមហ៊ុនទឹកស្អាតឯកជនក៏បានរៀបចំខ្លួនក្រោមសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាដែលធ្វើការតស៊ូមតិសម្រាប់សមាជិកសរុបចំនួន ២៥២ ក្នុងគោលនយោបាយទឹក និងសម្របសម្រួលគ្នាទៅវិញទៅមកលើបញ្ហាទាក់ទងនឹងទឹកស្អាតផ្សេងទៀត។4
ប្រជាជនភាគច្រើននៅក្នុងប្រទេសកម្ពុជារស់នៅក្នុងតំបន់ជនបទ ហើយក្រសួងអភិវឌ្ឍន៍ជនបទមានទំនួលខុសត្រូវក្នុងការគាំទ្រការអភិវឌ្ឍន៍ទឹក និងអនាម័យនៅតំបន់ជនបទទាំងនេះ ព្រមទាំងត្រូវប្រាកដថាអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួនអនុវត្តតាមបទប្បញ្ញត្តិ។ វាត្រូវបានធ្វើស្របតាមយុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១១-២០២៥ ដែលបង្ហាញយ៉ាងទូលាយអំពីអាទិភាព និងនីតិវិធីដែលធ្វើឡើងដោយឃុំ និងអ្នកផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតក្នុងស្រុក និងត្រូវបានសម្របសម្រួលដោយក្រសួងអភិវឌ្ឍជនបទ។ សកម្មភាពភាគច្រើនគ្រប់គ្រងដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ ដែលនៅក្រោមអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងក្រុមប្រឹក្សាឃុំ។5
ក្រសួងធនធានទឹក និងឧតុនិយម មានទំនួលខុសត្រូវក្នុងការរៀបចំផែនការទឹក និងការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។6 ស្រដៀងគ្នាទៅនឹងក្រសួងបរិស្ថាន ដែលក្រសួងគ្រប់គ្រង និងតាមដានការបំពុលទឹក និងធ្វើឱ្យប្រាកដថា ទឹកត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាព។7 សម្រាប់សំណល់រាវ និងអនាម័យទូទៅនៅតាមទីក្រុង ក្រសួងទទួលខុសត្រូវគឺក្រសួងសាធារណការ និងដឹកជញ្ជូន។8
ច្បាប់ និងបទប្បញ្ញត្តិ
ច្បាប់ និងបទប្បញ្ញត្តិដែលគ្រប់គ្រងគោលនយោបាយ និងការគ្រប់គ្រងទឹកនិងអនាម័យ គ្រប់គ្រងលើការផ្តល់អាជ្ញាប័ណ្ណ គុណភាពទឹក និងការគ្រប់គ្រងកាកសំណល់។ ច្បាប់សំខាន់នោះគឺ “ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត” ឆ្នាំ២០២៣។9
ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតឆ្នាំ២០២៣ គ្រប់គ្រងការផ្តល់អាជ្ញាបណ្ណដល់អ្នកផ្គត់ផ្គង់ទឹកស្អាតដោយយោងតាមបទប្បញ្ញត្តិពីមុនដែលមានរយៈពេល ២០ឆ្នាំ ជំនួសឱ្យច្បាប់មុនឆ្នាំ២០១៥ ដែលមានត្រឹមតែ ៣ឆ្នាំប៉ុណ្ណោះ។10 វាអាចត្រូវបានផ្លាស់ប្តូរដោយប្រកាសពីក្រសួងពាក់ព័ន្ធ (មិនត្រូវបានបញ្ជាក់នៅក្នុងច្បាប់) ដែលនៅពេលសរសេរគឺ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ អ្នកផ្គត់ផ្គង់ទឹកស្អាតអាចមានទាំងរដ្ឋាភិបាល និងឯកជន ហើយគោលបំណងមួយនៃច្បាប់នេះគឺដើម្បីប្រមូលថវិកាសម្រាប់គម្រោងទឹកស្អាត។ ច្បាប់តម្រូវឱ្យមានសកម្មភាព ៣ ផ្សេងគ្នាត្រូវអនុម័តដោយរដ្ឋាភិបាលមុននឹងចាប់ផ្តើមដំណើរការ និងសាងសង់គម្រោងទឹកស្អាត។
- ទទួលបានលិខិតអនុញ្ញាតផ្តល់សិទ្ធិសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
- ទទួលបានអាជ្ញាបណ្ណធ្វើអាជីវកម្មផ្គត់ផ្គង់ទឹកស្អាត
- ទទួលបានវិញ្ញាបនបត្រអនុញ្ញាតដំណើរការផ្គត់ផ្គង់ទឹកស្អាត។11
ច្បាប់ដូចគ្នានេះក៏គ្រប់គ្រងពន្ធទឹកដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់ ប៉ុន្តែត្រូវតែគ្រប់គ្រងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ រៀងរាល់ ៥ឆ្នាំម្តង ដោយគិតគូរពីតំបន់ភូមិសាស្ត្រ ប្រភពទឹក ប្រព័ន្ធប្រព្រឹត្តិកម្មទឹក បច្ចេកវិទ្យា ចំនួនប្រជាជន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងតម្លៃផលិតកម្ម។ ការពង្រីកទៅកាន់តំបន់ផ្សេងទៀតក៏ត្រូវបានអនុញ្ញាតផងដែរបន្ទាប់ពីការគ្របដណ្តប់ ៨០ភាគរយ នៃតំបន់ដែលបានកំណត់សម្រាប់អ្នកផ្គត់ផ្គង់នៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន និងដោយការយល់ព្រមពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ អ្នកផ្គត់ផ្គង់ទឹកនៅក្នុងតំបន់ក៏មានការការពារផ្លូវច្បាប់ ដើម្បីប្រតិបត្តិការតែម្នាក់ឯងនៅក្នុងតំបន់ដែលបានកំណត់របស់ខ្លួន និងដើម្បីទទួលបានការវិនិយោគ និងគ្រប់គ្រងប្រតិបត្តិការដោយខ្លួនឯង ប្រសិនបើអនុវត្តតាមបទប្បញ្ញត្តិផ្សេងទៀត។ អ្នកផ្គត់ផ្គង់ទឹកក៏អាចផ្ទេរប្រតិបត្តិការរបស់ពួកគេទៅឱ្យតួអង្គផ្សេងទៀតបានដែរ បន្ទាប់ពីមានការយល់ព្រមជាមុនពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍។ ការថែរក្សា និងអភិវឌ្ឍទឹកស្អាតក៏អាចធ្វើឡើងបានដែរ ដោយមានជំនួយពីមូលនិធិអភិវឌ្ឍន៍ទឹកស្អាត ដែលបម្រើដល់តំបន់ជនបទដាច់ស្រយាលជាចម្បង។12
ច្បាប់ចាស់ស្តីពីការគ្រប់គ្រងធនធានទឹកឆ្នាំ២០០៧ គឺជាបទប្បញ្ញត្តិសម្រាប់ធនធានទឹកជាទូទៅ ដែលក្រសួងធនធានទឹក និងឧតុនិយមជាអ្នកគ្រប់គ្រង។ ច្បាប់នេះគឺសម្រាប់បទប្បញ្ញត្តិទូទៅបន្ថែមទៀត និងមិនបញ្ជាក់ពីការគ្រប់គ្រងទឹកស្អាតដូចនៅក្នុងច្បាប់ដែលបានលើកឡើងខាងលើ ដែលភាគច្រើនបន្ថែមបទប្បញ្ញត្តិថ្មីៗនោះទេ។13 សំណល់ទឹកកខ្វក់ពីឧស្សាហកម្ម ប៉ុន្តែក៏មានការបញ្ចេញតាមផ្ទះ ត្រូវបានកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ឆ្នាំ២០២៤ ដែលច្បាប់នេះមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ធនធានទឹករបស់ប្រទេសកម្ពុជា ទាំងការប្រើប្រាស់ដោយផ្ទាល់ និងតាមរយៈអនាម័យ។14 ការបំពុលទឹកក៏ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក ដែលតម្រូវឱ្យមានការជូនដំណឹងអំពីការបំពុលទឹកនៅក្នុងទឹកសាធារណៈ និងការគ្រប់គ្រងការបំពុលដែលអាចកើតមាន។15
គោលនយោបាយ និងផែនការរបស់រដ្ឋាភិបាល
គោលនយោបាយទឹក និងអនាម័យ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របញ្ចកកោណដំណាក់កាលទី១ ដោយទឹកជាអាទិភាពមួយក្នុងចំណោមអាទិភាពសំខាន់ៗជាមួយនឹងគោលដៅ ១០០ភាគរយ នៃអត្រាទទួលបានការផ្គត់ផ្គង់ទឹកស្អាតតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិដែលរាជរដ្ឋាភិបាលគាំទ្រ។ យុទ្ធសាស្ត្របញ្ចកោណដាក់ចេញនូវតម្រូវការសម្រាប់កំណែទម្រង់ច្បាប់ បង្កើតនិយតករផ្គត់ផ្គង់ទឹកស្អាត និងបង្កើតការលើកទឹកចិត្តដើម្បីជួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកដោយស្វ័យប្រវត្តិកម្ម និងផ្គត់ផ្គង់ទឹកសម្រាប់សហគ្រាសធុនតូច និងធំបន្ថែមទៀត។16
ក្រសួងអភិវឌ្ឍន៍ជនបទបានផ្សព្វផ្សាយផែនការរបស់ខ្លួនក្នុងការស្តារ និងអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជាជាមួយនឹងយុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ២០១១-២០២៥ ផែនការយុទ្ធសាស្ត្រជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥ និងផែនការសកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យឆ្នាំ២០១៩-២០២៣។17
ផែនការទាំងនេះរួមគ្នាដាក់ចេញក្នុងការសម្រេចគោលដៅនៃការគ្របដណ្តប់ការផ្គត់ផ្គង់ទឹកស្អាត ១០០ភាគរយ នៅត្រឹមឆ្នាំ២០៣០ ដោយកំណត់គោលដៅដែលអាចសង្ខេបបានដូចជា៖
- កែលម្អសេវាផ្គត់ផ្គង់ទឹកស្អាត
- កែលម្អអនាម័យ
- ការផ្លាស់ប្តូរអាកប្បកិរិយាអនាម័យ
- ការរៀបចំស្ថាប័ន និង
- ហិរញ្ញប្បទាន។
ទាក់ទងនឹងគោលនយោបាយ និងការគ្រប់គ្រងទឹក និងអនាម័យ
ឯកសារយោង
- 1. ខេម វណ្ណសុខ, “កម្ពុជា៖ ច្បាប់ស្តីពីការគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត,” ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
- 2. ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, “អគ្គនាយកដ្ឋានទឹកស្អាត,” បានចូលមើលនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
- 3. UN-Water, “គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៦៖ ករណីសិក្សាការបង្កើនល្បឿនប្រទេសឆ្នាំ២០២៤៖ កម្ពុជា,” ឆ្នាំ២០២៤, បានចូលមើលនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
- 4. សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា, បានចូលមើលនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៤។
- 5. ក្រសួងអភិវឌ្ឍជនបទ, “យុទ្ធសាស្ត្រជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ ២០១១-២០២៥,” ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១១។
- 6. ក្រសួងធនធានទឹក និងឧតុនិយម, “គេហទំព័រក្រសួង៖ អំពីក្រសួង,” បានចូលមើលនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។
- 7. រាជរដ្ឋាភិបាលកម្ពុជា, “អនុក្រឹត្យលេខ ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក,” ថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩៩។
- 8. ធនាគារអភិវឌ្ឍន៍អាស៊ី, “ការវាយតម្លៃលើវិស័យផ្គត់ផ្គង់ទឹក និងអនាម័យនៅកម្ពុជា យុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ,” ខែមករា ឆ្នាំ២០១២។
- 9. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត,” ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
- 10. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត,” ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣។
- 11. UN-Water, “គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៦៖ ករណីសិក្សាការបង្កើនល្បឿនប្រទេសឆ្នាំ២០២៤៖ កម្ពុជា,” បានចូលមើលនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
- 12. UN-Water, “គោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៦៖ ករណីសិក្សាការបង្កើនល្បឿនប្រទេសឆ្នាំ២០២៤៖ កម្ពុជា,” បានចូលមើលនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
- 13. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅព្រះរាជាណាចក្រកម្ពុជា,” ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០០៧។
- 14. រាជរដ្ឋាភិបាលកម្ពុជា, “ច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់,” ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
- 15. រាជរដ្ឋាភិបាលកម្ពុជា, “អនុក្រឹត្យលេខ ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក,” ថ្ងៃទី០៦ ខែមេសា ឆ្នាំ១៩៩៩។
- 16. រាជរដ្ឋាភិបាលកម្ពុជា, “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព៖ កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០,” ឆ្នាំ២០២៣។
- 17. រាជរដ្ឋាភិបាលកម្ពុជា, “ផែនការសកម្មភាពជាតិសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតជនបទ និងអនាម័យ ២០១៩-២០២៣,” ខែមករា ឆ្នាំ២០១៩។