ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​បាន​បែក​ចែក​ទៅ​ជា​រូបមន្ត​ ៦​+​៣​+​៣ សិស្ស​ចំណាយពេល​ ៦​ ឆ្នាំ​ដំបូង​នៅ​បឋម​សិក្សា​ (​ថ្នាក់​ទី​ ១​ ដល់ទី​ ៦)​ បន្ទាប់​មកត្រូវចំណាយពេល​ ៣​ ឆ្នាំ​នៅ​អនុ​វិទ្យាល័យ​ (​ថ្នាក់​ទី​ ៧-៩)​ និង​ ៣​ ឆ្នាំ​នៅ​វិទ្យាល័យ​ (​ថ្នាក់​ទី​ ១០-១២)​ មុន​ពេល​មាន​សិទ្ធិ​ប្រឡង​យក​សញ្ញាប័ត្រ​ទុ​តិយ​ភូមិ​។​1 ដូច្នេះ​ហើយ​ សិស្សានុសិស្ស​កម្ពុជា​ត្រូវ​ចំណាយពេល​ ១២​ ឆ្នាំ​រៀន​នៅ​សាលា​ មុន​ពេល​ពួក​គេ​អាច​បញ្ចប់​ការ​សិក្សា​ កម្រិត​ថ្នាក​ទុ​តិយ​ភូមិបាន។​ អនុលោម​តាម​មាត្រា​ ៦៨​ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ សម្រាប់​រយៈពេល​ ៩​ ឆ្នាំ​ដំបូង​នៃ​ការ​សិក្សា​ ការ​អប់រំ​គឺ​មិន​ត្រូវ​បាន​គិតថ្លៃ​សម្រាប់​ទាំងអស់​គ្នា​។2​ សិស្ស​កម្ពុជា​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​តាម​សាលា​រដ្ឋ​ទូ​ទាំង​ប្រទេស​ ដោយ​មិន​ត្រូវការ​បង់ថ្លៃ​សិក្សា​ណាមួយ​ឡើយ​។​ ការ​ចំណាយ​ទាំងស្រុង​ត្រូវ​បាន​រ៉ាប់រង​ដោយ​រដ្ឋាភិបាល​ តាម​រយៈ​ថវិកាជាតិ​សម្រាប់​វិស័យ​អប់រំ​។3

សិស្សតូចៗកំពុងញញឹម អំឡុងពេលរៀនក្នុងថ្នាក់។ រូបថតដោយ Global Partnership For Education ថតនៅខែធ្នូ ឆ្នាំ២០១១។ អាជ្ញាប័ណ្ណ CC BY-NC-ND 2.0

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គឺ​ជា​ស្ថាប័ន​សំខាន់​មួយ​ដែល​ត្រួតពិនិត្យ​រាល់​សកម្មភាព​ទាក់ទង​នឹង​ការ​អប់រំ​នៅ​ក្នុង​ប្រទេស​។​ ថវិកា​សំរាប់​រិ​ស័​យ​អប់រំ​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ២០១៩​ មានការ​កើនឡើង​ ៩​ ភាគរយ​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ដែលគិតជាប្រាក់មានចំនួន ៩៣៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​ ២០១៩​ បើ​ប្រៀបធៀប​នឹង​ ៨១៨​ លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​ ២០១៨​។4​ ទោះ​យ៉ាងណា​ក៏​ដោយ​ មានការ​រាយការណ៍​មួយ​នៅ​ចុងឆ្នាំ​ ២០២០​ ថា​ឲ្យ​ដឹង​ថា​ សេចក្តី​ព្រាង​ថវិកាជាតិ​របស់​រដ្ឋាភិបាល​សម្រាប់​ចំណាយ​កុ្ន​ង​ឆ្នាំ​ ២០២១​ បាន​បែងចែក​ថវិកា​ចំនួន​ ៨២៥​ លាន​ដុល្លារ​សម្រាប់​វិស័យ​អប់រំ​ ដែល​នេះ​ជា​ការ​ថយ​ចុះ​មួយ​ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ​-១៩​ ។5​ មួយ​ភាគ​ធំ​នៃ​ថវិកា​នេះ​ ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​ការ​លើកកម្ពស់​គុណភាព​ និង​លទ្ធភាព​នៃ​ការ​អប់រំ​កម្រិតបឋម​សិក្សា​។6

​ការ​អប់រំ​បឋម​ គឺ​មាន​សារៈសំខាន់​សម្រាប់​ការ​អភិវឌ្ឍ​បុគ្គល​ និង​ប្រទេស​ទាំងមូល​ ជា​ពិសេស​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច​ជា​ប្រទេស​កម្ពុជា​។7​ វា​អនុញ្ញាត​ឱ្យ​បុគ្គល​ម្នាក់ៗ​ បង្កើន​នូវ​ជំនាញ​អក្ខរកម្ម​ដូច​ជា​ការ​អាន​ និង​ការ​សរសេរ​ ផ្តល់​ឱ្យ​ពួក​គេ​នូវ​ឱកាស​រក​ការងារ​កាន់តែ​ប្រសើរ​ និង​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ចំណេះដឹង​ទូទៅ​។​8 កត្តា​ទាំងនេះ​ នឹង​ធ្វើ​អោយ​ធនធានមនុស្ស​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កាន់តែ​ប្រសើរ​ឡើង​។​ ដោយ​ទទួលស្គាល់​ពី​សារៈសំខាន់​របស់​វា​ ក្នុង​ទស​វត្ស​ចុង​ក្រោយ​នេះ​ វិស័យ​អប់​រំជា​រួម​មាន​ភាព​រីក​ចំរើន​គួរឲ្យកត់សម្គាល់តាម​រយៈ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​។​ យោង​តាម​ក្រសួង​អប់រំ​ អត្រា​ចុះ​ឈ្មោះ​ចូល​រៀន​បឋម​សិក្សា​មាន​ កើនឡើង​គួរ​ឲ្យ​កត់សំគាល់​ គឺ​ប្រមាណ​ ៩៧%​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៧-២០១៨​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​សិក្សា​ ១៩៩៧​ ដែល​មាន​តែ​កុមារ​ ៨២%​ ប៉ុណ្ណោះ​ដែល​បាន​ចុះ​ឈ្មោះ​ចូល​រៀន​។​9 អត្រា​បោះបង់​ការ​សិក្សា​បាន​ថយ​ចុះ​ពី​ ១០.៥%​ ក្នុង​ឆ្នាំ​ ២០១៣​ មក​ ត្រឹមតែ​ ៤,១%​ ក្នុង​ឆ្នាំ​សិក្សា​ ២០១៧​ ។​ អនុ​បាត​សិស្ស​-​គ្រូ​នៅ​ថ្នាក់បឋមសិក្សា​មាន​ចំនួន​ ៤៤.៥​ នាក់​ក្នុង​គ្រូ​ម្នាក់​ ខណៈ​អនុ​បាត​សិស្ស​-​ថ្នាក់រៀន​មាន​ចំនួន​ ៤៦​ នាក់​ក្នុង​មួយ​ថ្នាក់​។​10

ស្ថិតិស្តីពីសាលាបឋមសិក្សាកម្ពុជាក្នុងឆ្នាំ ២០១៨-២០១៩

ប្រភព៖ ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩(ក្រសួងអប់រំ)។ ទាញចេញពី ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩
ឈ្មោះខេត្តចំនួនសាលាបឋមសិក្សាចំនួនសាលាដែលខ្វះខាតចំនួនថ្នាក់សិក្សាចំនួនបន្ទប់សិក្សាបុគ្គលិកបង្រៀន
ទូទាំងប្រទេស7,2285562,20844,38545,836
តំបន់ទីប្រជុំជន67509,1686,5039,565
តំបន់ជនបទ6,5535553,04037,89236,271
បន្ទាយមានជ័យ41043,2132,2752,911
បាត់ដំបង64445,5433,7623,627
កំពង់ចាម40823,8672,8552,601
កំពង់ឆ្នាំង27802,2371,5111,779
កំពង់ស្ពឺ31312,9032,1302,225
កំពង់ធំ48723,3092,3962,425
កំពត31102,4511,9442,305
កណ្តាល37414,2933,0992,452
កែប220171142202
កោះកុង1214798512615
ក្រចេះ27472,1791,3721,454
មណ្ឌលគិរី894650428563
ឧត្តរមានជ័យ21801,5041,007957
ប៉ៃលិន480357251293
ភ្នំពេញ16403,3602,2413,648
ព្រះសីហនុ724822558833
ព្រះវិហារ22871,5391,0671,203
ព្រៃវែង54424,5313,4412,765
ពោធិ៍សាត់30502,3151,5531,572
រតនគិរី22051,393877776
សៀមរាប50314,5273,1803,111
ស្ទឹងត្រែង15211,140695742
ស្វាយរៀង26202,2271,7791,685
តាកែវ38103,5743,0502,894
ត្បូងឃ្មុំ39963,3052,2702,192

យោងទៅតាមស្ថិតិ និងសូចនាករអប់រំសាធារណៈ ២០១៨-២០១៩ ​ក្នុង​ឆ្នាំ​សិក្សា​ ២០១៨-២០១៩​ សាលា​បឋម​សិក្សា​ចំនួន​ ៧.២២៨​ ស្ថិត​នៅ​ ២៤​ ខេត្ត​ក្រុង​ ទូ​ទាំង​ប្រទេស​។​11​ ក្នុង​ចំណោម​សាលា​ទាំងនោះ​ មាន​ ៦.៥៥៣​ មា​នទី​តាំងនៅ​តាម​ទី​ជនបទ​ ចំណែក​ ៦៧៥​ ទៀត​នៅ​ក្ន​ង​ តំបន់​ទីក្រុង​។​12​ សាលា​ទាំងនោះ​បាន​ផ្តល់​ឲ្យ​មាន​ថ្នាក់​សិក្សា​ ៦២.២០៨​ថ្នាក់​ ដែល​ ៥៣.០៤០​ ថ្នាក់​ស្ថិត​ នៅ​តាម​ទី​ជនបទ​ និង​ ៩.១៦៨​ ថ្នាក់​នៅ​តាម​តំបន់​ទីក្រុង​ ដែល​មាន​សិស្ស​ប្រមាណ​ ២​ លាន​នាក់​កំពុងតែ​សិក្សា​។​13​ បុគ្គលិក​បង្រៀន​មានប្រមាណ​ ៤៥.៨៣៦​ នាក់​ដែល​ក្នុង​នោះ​ជាង​ ៥០%​ ជា​ស្ត្រី​ (២៦.១២០​នាក់​)​។​14 សាលា​បឋម​សិក្សា​ដែល​ជួប​ប្រទះ​ការ​ខ្វះខាត​នៅ​តែ​មាននៅ​តាម​ផ្នែក​ខ្លះ​នៃ​ប្រទេស​ -​ មាន​សាលា​ចំនួន​ ៥៥​ បាន​ធ្លាក់​ចូល​ក្នុង​ប្រភេទ​នេះ​។​​15 សាលារៀន​ប្រភេទ​នេះ​ជា​រឿយៗ​ ខ្វះខាត​សម្ភារៈ​បង្រៀន​ដែល​មានគុណ​ភាព​ មាន​បរិយាកាស​សិក្សា​មិន​អំណោយផល​ និង​មាន​ឧបករណ៍​សិក្សា​មិនល្អ​ ហើយ​សាលារៀន​ទាំងអស់​ស្ថិត​នៅ​តាម​តំបន់​ជនបទ​។​​16

ផែនទី​អន្តរ​កម្ម​ទី​តាំង​សាលា​បឋម​សិក្សាទូ​ទាំងប្រទេស​​ជាមួយបណ្តាញ​ផ្លូវ​​​​ឆ្នាំ​២០២០​​ រួម​នឹង​ទីតាំង​សាលា​រៀន​ដែល​ស្ថិត​ក្នុង​តំបន់​រង​គ្រោះ​ទឹក​ជំនន់​​ឆ្នាំ​២០១៣​

​ប្រហែល​ ៧៣​ ភាគរយ​នៃ​សាលា​បឋម​សិក្សា​ត្រូវ​បាន​អនុវត្ត​ គោលការណ៍​សាលា​កុមារ​មេត្រី​ ដែល​អនុញ្ញាត​ឱ្យ​មាន​បរិយាកាស​រៀនសូត្រ​ល្អ​ប្រសើរ​ និង​គុណភាព​រៀន​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​កុមារ​។​ 17 ដើម្បី​ធានា​បាន​នូវ​ការ​ផ្តល់​សេវា​សាធារណៈ​ល្អ​ប្រសើរ​ និង​ការ​អប់រំ​ប្រកបដោយ​បរិ​យា​ប័ន្ន​ ក្រសួង​អបរំ​ក៏​បាន​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ​អប់រំ​ពហុ​ភាសា​ ដើម្បី​បញ្ចូល​ការ​អប់រំ​ពហុ​ភាសា​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា​រដ្ឋ​។​18​ ក្រសួង​ ក៏​បាន​បន្ថែម​ការ​សិក្សា​ភាសា​ជនជាតិ​ដើម​ទៅ​តាម​សាលា​មួយ​ចំនួន​ផង​ដែរ​ ដើម្បី​អាច​រាប់​បញ្ចូល​ក្រុម​ជនជាតិភាគតិច​ចូល​ក្នុង​វិស័យ​អប់រំ​បាន​។​19គរុកោសល្យ​បង្រៀន​ថ្មី​ ដូច​ជា​វិធីសាស្ត្រ​ដែល​ផ្តោត​លើ​សិស្ស​ និង​ការ​រួម​បញ្ចូល​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ទៅ​ក្នុង​កម្មវិធី​សិក្សា​បឋម​សិក្សា​ ដើម្បី​ជា​ជំនួយ​ដល់​ការ​រៀនសូត្រ​ និង​ការ​បង្រៀន​ក៏​ត្រូវ​បាន​បង្ហាញ​ចេញ​ជា​រូបរាង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ផង​ដែរ​។​20​ ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាលដាល​ជំងឺ​រាតត្បាត​សកល​កូ​វី​ដ​-១៩​ ការ​រៀន​ពី​ចម្ងាយ​ និង​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​ គឺជា​វិធីសាស្ត្រ​បង្រៀន​ជំនួស​ការ​សិក្សា​ធម្មតា​ដែល​ក្រសួង​អប់រំ​បាន​ជ្រើសរើស​ នៅ​ពេល​សាលារៀន​ត្រូវ​បាន​បិទ​។​​21

សាលាបឋម​សិក្សា​ជីផាត ខេត្ត​កោះកុង។ រូបភាព​ដោយ​ ក្រុមការងារអូឌីស៊ី ថតនៅថ្ងៃទី២៨ ខែវិច្ឆិកា​ ឆ្នាំ២០១៧។ ក្រោមអាជ្ញាប័ណ្ណ CC BY-SA 4.0.

​ទោះបីជា​វឌ្ឍនភាព​អាច​មើលឃើញ​ជាក់ស្តែង​ក៏​ដោយ​ ការ​ផ្តល់​ការ​អប់រំ​មូលដ្ឋាន​ដែល​ប្រកបដោយ​ គុណភាព​ និង​បរិ​យា​ប័ន្ន​សម្រាប់​ទាំងអស់​គ្នា​នៅ​តែ​ជា​បញ្ហា​ប្រឈម​ ជា​ពិសេស​សម្រាប់​កុមារ​ដែល​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ និង​មាន​ទីលំនៅ​នៅ​ជនបទ​។​22​ សិស្ស​ដែល​មាន​ពិការ​ភាព​ ក៏​ជួប​ប្រទះ​បញ្ហា​ក្ន​ង​ការ​ស្វែងរក​បរិយាកាស​អំណោយផល​ដល់​ការ​សិក្សា​របស់​ពួក​គេ​ ព្រោះថា​ ជា​ទូទៅ​សាលារៀន​មិន​មាន​ឧបករណ៍​សម្រាប់​ទ្រទ្រង់​ការ​សិក្សា​សំរាប់​កុមារ​ដែល​មាន​ពិការ​ភាព​នោះ​ទេ​។​​23 ធ្វើការ​លើ​បញ្ហា​ទាំងនេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ធ្វើ​កំណែទម្រង់​លើ​វិស័យ​នេះ​ ហើយ​បាន​ដាក់​ចេញ​នូវ​គោលដៅ​ ដើម្បី​សម្រេច​ឲ្យ​បាន​ តាម​រយៈ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ផ្សេងៗ​ និង​គោលនយោបាយ​មួយ​ចំនួន​ដូច​ជា​ ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​ ២០១៩-២០២៣​ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​កម្ពុជា​ គោលដៅ​ទី​៤​ ​ស្តី​ពី​ផែនទី​បង្ហាញផ្លូវ​ ការ​អប់រំ​កម្ពុជា​ គោលនយោបាយ​ស្តី​ពី​គ្រូបង្រៀន​ ផែនការ​សកម្មភាព​ និង​គោលនយោបាយ​សុខភាព​សាលារៀន​។​

ក្រសួង​អប់រំ​បាន​ផ្តោត​សំខាន់​ខ្លាំង​ទៅ​លើ​ការ​លើកកម្ពស់​ស្តង់ដារ​បង្រៀន​ និង​គុណភាព​ ដោយ​ផ្តល់​វគ្គ​បណ្តុះបណ្តាល​ដល់​គ្រូបង្រៀន​យ៉ាងច្រើន​ដូច​ជា​ វគ្គ​បណ្តុះបណ្តាល​កម្រិត​ដំបូង​ កម្មវិធី​អភិវឌ្ឍន៍​វិជ្ជាជីវៈ​រយៈពេល​វែង​ និង​ខ្លី​ ផ្តល់​ឯកសារ​គាំទ្រ​សម្រាប់​ការ​បង្រៀន​ ការ​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​គ្រូ​។​ល​។​24 យន្តការ​ និង​សូចនាករ​ដើម្បី​វាស់​ស្ទង់​ការ​អនុវត្ត​របស់​គ្រូ​ ក៏​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ស្តង់ដា​ និង​គុណភាព​ខ្ពស់​នៃ​ការ​បង្រៀន​។​​25 ការ​ខិតខំ​ប្រឹងប្រែង​របស់​ ក្រសួង​អប់រំ​ក្នុង​ការ​ជួយ​ដល់​ក្រុម​កុមារ​ដែល​ជួប​ការ​លំបាក​ដើម្បី​អាច​ឲ្យ​ពួក​គេ​បញ្ចប់​ការ​សិក្សា​បឋម​របស់​ពួក​គេ​ ត្រូវ​បាន​គេ​មើលឃើញ​តាម​រយៈ​ការ​បញ្ចូល​កម្មវិធី​អាហារូបករណ៍​សម្រាប់​សិស្ស​មក​ពី​គ្រួសារ​ក្រីក្រ​ និង​សិស្ស​ពិការ​ អនុវត្ត​កម្មវិធី​សម្រាប់​អ្នក​សិក្សា​យឺត​ អនុវត្ត​កម្មវិធី​សិក្សា​ដែល​គាំទ្រ​សិស្ស​មាន​ពិការ​ភាព​ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ធានា​ឱ្យ​មាន​បរិយាកាស​រៀនសូត្រ​ស្អាត​ និង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​រាល់គ្នា​។​​26

ទាក់ទងនឹងការអប់​រំបឋម​

ឯកសារយោង

  1. 1. ឃុត សុខន, “ប្រព័ន្ធអប់រំនៅកម្ពុជា,” BOOKBRIDGE, ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០១៩ ចូលអានថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២០។
  2. 2. Charlerne Tan,“កំណែទម្រង់វិស័យអប់រំនៅកម្ពុជា៖ បញ្ហា និងក្តីបារម្ភ,” ការស្រាវជ្រាវស្រាវជ្រាវសម្រាប់គោលនយោបាយនិងការអនុវត្ត ៦, លេខ១ (២០០៧): ទំព័រ ១៥-២៤, ចូលអានថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០។
  3. 3. ដូច​ឯកសារ​យោង​ខាង​ដើម​។
  4. 4. គង់ មេត្តា, “នាយករដ្ឋមន្រ្តីបានអនុម័តថវិកាឆ្នាំ ២០១៩,” កាសែតភ្នំពេញប៉ុស្តិ៍, ថ្ងៃទី ២៩ ខែតុលាឆ្នាំ ២០១៨, ចូលអានថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០។
  5. 5. Harrison White, “សេចក្តីព្រាងថវិកាឆ្នាំ ២០២១ ត្រូវបានកាត់បន្ថយចំនួនកន្លះលាន,” ខ្មែរថាមស៍, ថ្ងៃទី ២៥ ខែតុលាឆ្នាំ ២០២០, ចូលអានថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០។
  6. 6. ​ក្រសួងអប់រំ យុវជន និងកីឡា, “ការអប់រំថ្នាក់បឋមសិក្សា,” បានចូលអានថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០។
  7. 7. Amartya Sen, “សារៈសំខាន់នៃការអប់រំមូលដ្ឋាន,” (វេទិកាគោលនយោបាយសកល), ចូលអានថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០។
  8. 8. ដូច​ឯកសារ​យោង​ខាង​ដើម​។
  9. 9. ​ក្រសួងអប់រំ យុវជន និងកីឡា, “ការអប់រំថ្នាក់បឋមសិក្សា,” បានចូលអានថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០។​
  10. 10. ក្រសួងអប់រំ យុវជន និងកីឡា, “ស្ថិតិ និងសូចនាករអប់រំសាធារណៈឆ្នាំ ២០១៨-២០១៩,” បានចូលអានថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២០។
  11. 11. ដូច​ឯកសារ​យោង​ខាង​ដើម​។
  12. 12. ដូច​ឯកសារ​យោង​ខាង​ដើម​។
  13. 13. ដូច​ឯកសារ​យោង​ខាង​ដើម​។
  14. 14. ដូច​ឯកសារ​យោង​ខាង​ដើម​។
  15. 15. ដូច​ឯកសារ​យោង​ខាង​ដើម​។
  16. 16. Steven Prigent, “ការលើកកម្ពស់គុណភាពនៃការអប់រំគ្រូនៅកម្ពុជា,” អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា, ខែសីហា ឆ្នាំ ២០១៦, ចូលអានថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០។
  17. 17. ក្រសួងអប់រំ យុវជន និងកីឡា, “គោលការណ៍​សាលា​កុមារ​មេត្រី,” ២០០៧, បានចូលអាននៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២០។
  18. 18. ក្រសួង អប់រំ យុវជន និងកីឡា,“ ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​ ២០១៩-២០២៣,” ឆ្នាំ ២០១៩, ចូលអានថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០។
  19. 19. ដូច​ឯកសារ​យោង​ខាង​ដើម​។
  20. 20. ដូច​ឯកសារ​យោង​ខាង​ដើម​។
  21. 21. ច័ន្ទ កញ្ញា, “ការរៀនឥតឈប់ឈរក្នុងអំឡុងពេលកូវីដ-១៩,” យូនីសេហ្វកម្ពុជា, ថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២០។
  22. 22. Todd Brown“ វីស័យអប់រំ,” អង្គការយូនីសេហ្វកម្ពុជា, បានចូលអានថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០
  23. 23. Steven Prigent, “ការលើកកម្ពស់គុណភាពនៃការអប់រំគ្រូនៅកម្ពុជា,” អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា, ខែសីហា ឆ្នាំ ២០១៦,ចូលអានថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០
  24. 24. ក្រសួង អប់រំ យុវជន និងកីឡា,“ ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​ ២០១៩-២០២៣,” ឆ្នាំ ២០១៩, ចូលអានថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០។
  25. 25. ដូច​ឯកសារ​យោង​ខាង​ដើម​។
  26. 26. ដូច​ឯកសារ​យោង​ខាង​ដើម​។
ទំនាក់ទំនងយើងខ្ញុំ

ទំនាក់ទំនងយើងខ្ញុំ

បើលោកអ្នកមានសំនួរទាក់ទងនឹងខ្លឹមសារផ្សាយនៅលើគេហទំព័រ Open Development Cambodia (ODC)? យើងខ្ញុំ​នឹង​ឆ្លើយ​តប​​ដោយ​ក្តី​រីក​រាយ។

តើអ្នកបានឃើញបញ្ហាបច្ចេកទេសណាមួយនៅលើគេហទំព័រOpen Development Cambodia (ODC) ដែរឬទេ?

តើលោកអ្នកយល់យ៉ាងដូចម្តេចដែរចំពោះការងាររបស់អូឌីស៊ី?

តើលោកអ្នកមានឯកសារដែលអាចជួយពង្រីក​គេហទំព័រOpen Development Cambodia (ODC) ដែរ​ឬទេ​?​ យើងខ្ញុំ​នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ទិន្នន័យ​អំពី​ផែនទី​ ច្បាប់​ អត្ថបទ​ និង​ ឯកសារ​ដែល​ពុំ​មាននៅ​លើ​គេហទំព័រ​នេះ​ ហើយ​ពិចារណា​បោះផ្សាយ​ទិន្នន័យ​ទាំងនោះ​។​ សូម​មេត្តា​ផ្ញើ​តែ​ឯកសារ​ណា​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative Commons

ឯកសារត្រូវបានលុប
មានបញ្ហា!

កំណត់សម្គាល់៖ Open Development Cambodia (ODC) នឹង​ធ្វើការ​ត្រួតពិនិត្យ​រាល់​ឯកសារ​ដែល​បាន​បញ្ជូន​មក​យ៉ាង​ហ្មត់ចត់​ ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ​ និង​ពាក់ព័ន្ធ​ មុន​ពេលធ្វើការ​បង្ហោះ​ផ្សាយ​។​ រាល់​ឯកសារ​ដែល​បាន​បង្ហោះ​ផ្សាយ​នឹង​ជា​ឯកសារ​ដែល​មាន​ជា​សាធារណៈ​ ឬ​ស្ថិត​នៅ​ក្រោម​អាជ្ញាប័ណ្ណ​ Creative​ Commons​។​ យើងខ្ញុំ​សូម​អគុណ​សំរាប់​ការ​គាំទ្រ​របស់​លោក​អ្នក​។​

PF9Cb
* ប្រអប់មតិមិនអាចទទេ! មិនអាចបញ្ចូនបាន សូមធ្វើការបញ្ចូនម្តងទៀត! Please add the code correctly​ first.

សូម​អរគុណ​សំរាប់​ការ​ចំនាយ​ពេល​ក្នុង​ការ​ចែក​រំលែក​មក​កាន់​យើងខ្ញុំ!